Jump to content

ល្បែងឳបត្រឡាច

ពីវិគីភីឌា

ល្បែង​ឱប​ត្រឡាច ឬ​ល្បែង​បេះ​ឪឡឹក ជា​ល្បែង​មួយ​របស់​ក្មេងប្រុស​-​ស្រី ដែល​តែង​ស្រុះស្រួល បបួល​គ្នីគ្នា​លេង​នាពេល​យប់​ខែភ្លឺ និង​មិនចាំបាច់​មានកម្ម​វិធី​បុណ្យទាន​អ្វី ក៏​អាច​លេង​បានដែរ​។ []

ល្បែង​នេះ គឺ​គេ​ត្រូវ​ចាត់​មនុស្ស​ពីរ​នាក់ ម្នាក់​ឲ្យ​ធ្វើជា​តំណាង​ម្ចាស់​ត្រឡាច ឬ​ឪឡឹក ឯ​ម្នាក់ទៀត​ឲ្យ​ធ្វើជា​តំណាង​អ្នកទិញ​។ ចំណែកឯ​អ្នកចូលរួម​លេង​ទាំង​ប៉ុន្មាន គឺ​តម្រូវ​ឲ្យ​ធ្វើជា​ត្រឡាច ឬ​ជា​ឪឡឹក​ទាំងអស់ ដោយ​ប្តូរ​វេន​គ្នា ធ្វើជា​អ្នកលក់ អ្នកទិញ និង​ជា​ត្រឡាច​ម្នាក់​ម្តង​។ អ្នកលេង​ទាំងនោះ ត្រូវ​សំដៅ​ទៅរក​គល់ឈើ សសរផ្ទះ ឬ​វត្ថុ​អ្វីមួយ​រឹងមាំ មាន​ទំហំ​ល្មម​អាច​ឱប​បាន​។

កាលបើ​រក​កន្លែង​បានល្អ​ហើយ ក្មេង​ម្នាក់ ក្នុងចំណោម​ក្មេង​តំណាង​ឲ្យ​ត្រឡាច ឬ​ឪឡឹក​នោះ ត្រូវ​អង្គុយ​ឱប​គល់ឈើ ឬ​សសរ​នោះ ទាំង​ដៃ និង​ជើង ឯ​ក្មេង​ម្នាក់ទៀត​ជា​ក្មេង​ជាទី​២ គឺ​ត្រូវ​អង្គុយ​ចុះ​យកដៃ​ឱប​ចង្កេះ ព្រមទាំង​យក​ជើង​ទាំងពីរ ដាក់​លើ​ភ្លៅ​ក្មេង​ទី​១ ។ ក្មេង​ទី​៣ និង​ក្មេង​ដទៃទៀត ត្រូវ​យកដៃ និង​ជើង​ឱប​ក្មេង​ទី​២ ឲ្យ​ដូច​ក្មេង​ទី​២​ឱប​ក្មេង​ទី​១ អ៊ីចឹង​ដែរ រហូតដល់​អស់​គ្នា​។

​បន្ទាប់ពី​ឱប​បន្ត​គ្នា​អស់ហើយ ក្មេង​ម្នាក់​ដែលជា​តំណាង​ម្ចាស់​ត្រឡាច​នោះ ធ្វើ​ព្រងើយ ដើរ​ជុំវិញ​នៅក្បែ​ង​ក្មេងៗ​ជា​ត្រឡាច​នោះ ហើយ​ក្មេង​ម្នាក់ទៀត​ដែល​តំណាង​ជា​អ្នកទិញ​ត្រឡាច ដើរ​ចូលមក​សួរ​តថ្លៃ​អ្នកលក់ ដូចជា​ទំនិញ​ក្នុង​ផ្សារ​អ៊ីចឹង​។

​កាលណា​អ្នកលក់ និង​អ្នកទិញ​ត្រូវ​គ្នា​ក្នុងតម្លៃ​ណាមួយ​ហើយ អ្នកលក់ ឲ្យ​អ្នកទិញ បេះ​ត្រឡាច​តាមចិត្ត ហើយ​អ្នកទិញ​ក៏​ដើរ​ចូលមក​យកដៃ​គោះ គោះ​ខ្នង​ក្មេងៗ​ដែល​អង្គុយ​ឱប​គល់ឈើ ឬ​សសរ ជាប់​គ្នា​នោះ​តិចៗ​។ គោះ​បណ្តើរ សួរ​បណ្តើ​រថា «​ខ្ចី​» ឬ​«​ទុំ​»? អ្នកទិញ​គោះ​បន្ត​គ្នា ពី​ម្នាក់​ទៅ​ម្នាក់ ហើយ​ក្មេង​ដែល​ត្រូវ​អ្នកទិញ​គោះ​មុន ត្រូវ​ឆ្លើយថា​«​ខ្ចីៗ​»​រហូត ទាល់តែ​ដល់​អ្នក​ចុងក្រោយ​បំផុត ទើប​ឆ្លើយថា «​ទុំ​» ។

​បន្ទាប់ពី​ឮ​ពាក្យ​នេះហើយ អ្នកទិញ ក៏​បេះយក​អ្នក​ចុង​គេ​បំផុត​នោះ ដោយ​ប្រើ​កម្លាំង​ខ្លាំង ដើម្បី​ទាញ ព្រោះ​អ្នក​អង្គុយ​ទាំងនោះ ព្យាយាម​រឹប​ឱប​គា្ន​ជាប់​ចំកោង​ខ្នង​រៀងៗ​ខ្លួន រេ​ចុះ រេ​ឡើង ប្រៀបដូចជា​ទងត្រឡាច​។ អ្នកទិញ​ត្រូវ​ប្រលេះ​ម្តង​មួយៗ ប្រលេះ​បាន​ហើយ​ត្រូវ​ទុក​មួយ​ដុំ​។ បើសិនជា​ប្រលេះ​មិន​បានទេ ពួកគេ​ត្រូវ​លេង​សារជាថ្មី​៕

ដកស្រង់​ចេញពី​សៀវភៅ​៖ «​ល្បែង​ប្រជាប្រិយ​ខ្មែរ​» ដែល​រៀបរៀង​ដោយ​៖ លោក ចាប ពិន អ្នកស្រី ពេ​ជ្យ សល់​, លោក លី ធា​ម​តេង និង ស្តើង ឆូ​រ នៃ​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ​(​ឆ្នាំ​១៩៦៤)[១]

  1. "ល្បែង​ឱប​ត្រឡាច ឬ​ល្បែង​បេះ​ឪឡឹក ជា​លំ​ហាត់​ដៃជើង​ឲ្យ​មាំមួន និង​សុខ​ភាពល្អ​". thmeythmey.com (in អង់គ្លេស). Retrieved 2025-04-08. {{cite web}}: zero width space character in |title= at position 6 (help)