វិសាខា

ដោយវិគីភីឌា
ស្តូបរបស់មហាឧបាសិកាវិសាខា


មាតិកា

កុមារភាព[កែប្រែ]

នៅ​ថ្ងៃមួយ ពេលមេណ្ឌកសេដ្ឋីបានឮដំណឹងថាព្រះបរមសាស្តាចារ្យមួយអន្លើដោយភិក្ខុសង្ឃកំពុងធ្វើដំណើរមក កាន់ក្រុងភទ្ទិយៈ ទើប​ចាត់​ឲ្យ​កុមារី វិសាខា និង បរិវាររបស់ខ្លួន ចេញទៅទទួលព្រះពុទ្ធជាម្ចាស់នៅខាងក្រៅក្រុង ខណៈពេល ដែល​ព្រះអង្គ​កំពុង​សម្រាក​ព្រះឥរិយាបថ​នៅទីនោះកុមារី វិសាខា និង បរិវារចូលទៅក្រាបបង្គំ គាល់ ហើយអង្គុយក្នុងទីដ៏សមគួរមួយ ។ ព្រះពុទ្ធ​ទ្រង់​សម្តែង​ព្រះធម៌ទេសនា​ឲ្យពួកនាងស្តាប់ ពេលចប់ព្រះធម៌ទេសនាភ្លាម កុមារី វិសាខា ដែលមានអាយុ ៧ ឆ្នាំ​ព្រមទាំង​បរិវារ​បាន​សម្រេច​សោតាបត្តិផល​ទាំងអស់គ្នា ។ ឯមេណ្ឌកសេដ្ឋី កាល​បើ​ព្រះសាស្តា​និមន្ត​មក​ដល់​ហើយ​ទើប​ប្រញាប់​ចូល​ទៅ​គាល់​ហើយ​បាន​ស្តាប់​ព្រះធម៌ទេសនា ក៏បានសម្រេចសោតាបត្តិផលដូចគ្នា ហើយបានក្រាបអារាធនានិមន្តព្រះសាស្តាមួយអន្លើដោយព្រះភិក្ខុសង្ឃ ឲ្យ​ទទួល​អាហារ​បិណ្ឌបាតនៅផ្ទះរបស់ខ្លួនអស់រយៈពេល ១៥ ថ្ងៃចាប់តាំងពីព្រះសាស្តាទ្រង់ប្រថាប់នៅក្នុងភទ្ទិយ នគរនោះ។

ថ្លែងពីព្រះបាទបសេនទិកោសលក្រុងសាវត្ថី និង ព្រះបាទពិម្ពិសារក្រុងរាជគ្រឹះមានសម្ព័ន្ធភាពគ្នាជិតដិតដោយ សារបានព្រះរាជភគិនី (ប្អូនស្រី) នៃគ្នា និងគ្នាជាមហេសី ហើយដោយក្នុងក្រុងសាវត្ថីនៃព្រះបាទបសេនទិកោសល នោះ មិន​មាន​ត្រកូល​សេដ្ឋី​ណាៗ​មាន​ទ្រព្យសម្បត្តិ​ច្រើនឡើយថែមទាំងបានដឹងថាក្នុងក្រុងរាជគ្រឹះនៃព្រះបាទ ពិម្ពិសារនោះ មាន​សេដ្ឋី​អ្នក​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​រាប់​មិន​អស់​ដល់ទៅ ៥ ត្រកូលឯណោះ ។ ដូច្នេះទើបព្រះបាទ​បសេនទិកោសល​ស្តេច​យាង​មក​កាន់​ក្រុង​រាជគ្រឹះ​ចូល​បង្គំ​គាល់​ព្រះបាទ​ពិម្ពិសារ​ដើម្បី​ទូលចែងសូមព្រះរាជានុញ្ញាតព្រះរាជទានត្រកូលសេដ្ឋីមួយដើម្បីឲ្យប្តូរទៅនៅក្នុងក្រុងសាវត្ថី ឮ ។ ព្រះបាទ​ពិម្ពិសារ​ទ្រង់​ព្រះ​សណ្តាប់​ហើយ ក៏ទ្រង់តបថាការផ្លាស់ប្តូរត្រកូលធំៗត្រឹមត្រកូលមួយក៏ដូចជាផែនដីទ្រុឌទៅហើយប៉ុន្តែដើម្បីរក្សាសម្ព័ន្ធមេត្រីភាព ព្រះអង្គ​បាន​ប្រឹក្សា​ជាមួយនឹងមហាអាមាត្យទាំងឡាយហើយ ក៏យល់ឃើញត្រូវគ្នាថាគួរតែប្តូរត្រកូលធនញ្ជ័យសេដ្ឋី ឲ្យ​ទៅ​នៅ​ក្នុង​ក្រុង​សាវត្ថី​ជាមួយ​នឹង​ព្រះបាទ​បសេនទិកោសល។ ធនញ្ជ័យសេដ្ឋីបានដឹកជញ្ជូនទ្រព្យសម្បត្តិមួយ អន្លើដោយបរិវារ និង សត្វ​ចិញ្ចឹម​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​សាវត្ថីជាមួយនឹងព្រះបាទបសេនទិកោសល។ ក្នុងរវាង ការ​ធ្វើដំណើរ​ចូល​ដល់​ខេត្ត​ដែន​របស់​ព្រះបាទ​បសេនទិ​កោសល និង ឈប់​សម្រាក​ពាក់​កណ្តាលផ្លូវពេលយប់ មុនចូលទីក្រុងនោះ កន្លែងបរិវេណ ភូមិប្រទេស ដែល​ស្នាក់​អាស្រ័យ​នោះ​ជា​ជ័យភូមិ​ល្អ​ណាស់ ទាំង​ខ្លួន​ឯង​ក៏ មានបរិវារមកជាមួយច្រើន បើទៅកសាងផ្ទះសម្បែងក្នុងទីក្រុងនោះវានឹងចង្អៀត ទើប​បង្គំ​ទូល​សូម​ព្រះរាជានុញ្ញាត​សាងស្រុក និង ទីក្រុងនៅទីនោះតែម្តងដោយដាក់ឈ្មោះថ្មីថា ក្រុងសាកេត ដែលនៅមិនឆ្ងាយពីក្រុងសាវត្ថី ប្រមាណ ៧ យោជន៍ ។

អាពាហ៍ពិពាហ៍[កែប្រែ]

ក្នុង​ក្រុង​សាវត្ថីនោះ មានត្រកូលសេដ្ឋីមួយ ដែលគេធ្លាប់ស្គាល់ថា មិគារសេដ្ឋី ។ សេដ្ឋីនេះមានកូនប្រុសមួយឈ្មោះ បុណ្ណវឌ្ឍនកុមារ លុះ​ចម្រើន​វ័យធំឡើងល្មមរៀបការបានហើយ មាតាបិតាក៏អង្វរឲ្យកូនរៀបការដើម្បីបន្តវង្សត្រកូល តែបុណ្ណវឌ្ឍនមាណព មិនប្រាថ្នាសោះ ។ លុះដល់មាតាបិតាទទូចខ្លាំងពេក ទើបគេរកឧបាយដើម្បីគេចវេះ ដោយប្រាប់ឳពុកម្តាយថា បើសិន​បាន​ស្រ្តី​មាន​លម្អ ៥ យ៉ាង ដែលហៅថា បញ្ចពិធកល្យាណី នោះគេនឹងព្រមរៀបការភ្លាម ។

ស្រ្តីមានលម្អ ៥ យ៉ាង[កែប្រែ]


១-កេសកល្យាណ ស្រ្តី ដែលមានសក់ល្អវែងដល់ចង្កេះ និង ចុងសក់បះឡើងដោយធម្មជាតិ
២-មំសកល្យាណ ស្រ្តី ដែលសាច់ល្អ គឺមានបបូរមាត់ក្រហមដូចកុលាបក្រហម និង សាច់រាបស្និទ្ធជិតល្អ
៣-អដ្ឋិកល្យាណ ឆ្អឹងល្អ គឺស្រ្តី ដែលមានធ្មេញព័ណ៌សដូចស័ង្ខ និង រាបស្មើល្អ
៤-ឆវិកល្យាណ សម្បុរល្អគឺស្រ្តី ដែលមានសម្បុរម៉ដ្ឋខៃ បើខ្មៅក៏ខ្មៅដូចផ្កាឧប្បលខៀវ បើសក៏សដូចផ្កាកណ្ណិកា
៥-វយកល្យាណ វ័យល្អគឺស្រ្តីសូម្បីតែធ្លាប់សម្រាលកូន ១០ ដងហើយ ក៏គង់សភាពនៅដូចស្រ្តីទើបតែ សម្រាលកូនម្តង ។

ដំណើរ​ស្វែង​រក​​ បញ្ចពិធកល្យាណី​ ស្ត្រី​គ្រប់​លក្ខណ៍[កែប្រែ]

មាតាបិតាកាលបើបានស្តាប់កូនថាដូច្នេះហើយ ក៏ឲ្យអញ្ជើញព្រាហ្មណ៍អ្នកជំនាញលក្ខណៈមកសួរថាចុះស្រ្តីមាន លម្អគ្រប់ ៥ យ៉ាងដូច ដែលថាហ្នឹងមានឬទេ ? ពួកព្រាហ្មណ៍ក៏ឆ្លើយថាមានហើយក៏បញ្ជូនព្រាហ្មណ៍ទាំងនោះទៅស្វែងរកក្នុងនគរតូចធំដោយផ្តល់កម្រងផ្កា និង គ្រឿងមាសទៅជាមួយដែរ ។

ពួកព្រាហ្មណ៍ទាំងឡាយបានធ្វើដំណើរស្វះស្វែងរកតាមខេត្តក្រុងតូចធំផ្សេងៗរហូតទៅដល់ទីក្រុងសាកេត ក៏បានជួបនាង វិសាខា មានលក្ខណៈខាងក្រៅត្រឹមត្រូវតាមតម្រាស្រ្តីគ្រប់ប្រការ ខណៈពេលនាង និង ស្រ្តីបរិវារចេញមកលេងទឹកនាកំពង់ទឹកមួយ ជួនជាចៃដន្យពេលនោះភ្លៀងធ្លាក់យ៉ាងខ្លាំង ស្រ្តីជាបរិវារទាំងឡាយនាំគ្នារត់ជ្រកទឹក ភ្លៀងចូលទៅក្នុងសាលា ចំណែកឯនាង វិសាខា នៅដើរព្រងើយតាមប្រក្រតីធ្វើឲ្យពួកព្រាហ្មណ៍ទាំងនោះចម្លែកក្នុង ចិត្តថែមទាំងចង់ឃើញលក្ខណៈធ្មេញរបស់នាងផងទើបសួរទៅនាងថា ហេតុអ្វីនាងមិនរត់ដូចអ្នកផ្សេងដែរ ?

នាង វិសាខា ឆ្លើយតបថា បុគ្គល ៤ ពួកនៅពេលរត់ មើលទៅមិនល្អភ្នែក[កែប្រែ]


១-ព្រះរាជា ព្រះអង្គទ្រង់ប្រដាប់គ្រឿងអាភរណៈ (គ្រឿងប្រដាប់កាយ) គ្រប់យ៉ាង
២-បព្វជិត អ្នកគ្រងសំពត់កាសាវពស្តុ
៣-ស្រ្តី បើរត់មិនត្រឹមតែមិនល្អមើលទេ ប៉ុន្តែថែមទាំងអាចកើតអន្តរាយនាំឲ្យដួលរបួស ឬពិការខូចសម្ផស្ស ដែលនាំឲ្យបាត់បង់តម្លៃស្រ្តី
៤-ដំរីមង្គល មានខ្លួនប្រដាប់ដោយគ្រឿងអាភរណៈសម្រាប់ដំរីគ្រប់យ៉ាង ។

ព្រាហ្មណ៍ទាំងឡាយបានឃើញបញ្ញាដ៏ឆ្លៀវឆ្លាត និង គុណសម្បត្តិបញ្ចពិធកល្យាណីគ្រប់ប្រការរបស់នាងវិសាខាហើយក៏សូមឲ្យនាងនាំទៅផ្ទះរបស់ខ្នាងដើម្បីធ្វើការស្តីដណ្តឹងនាងតាមប្រពៃណី ។ពេលបានសួរដឹងពីជាតិត្រកូល និង ទ្រព្យសម្បត្តិឃើញថាស្មើគ្នាហើយ ទើបព្រាហ្មណ៍បំពាក់កម្រងផ្កាឲ្យនាង វិសាខា ហើយកំណត់យកថ្ងៃវិវាហមង្គល ។ ឯធនញ្ជ័យសេដ្ឋីបានប្រើឲ្យជាងមាសធ្វើគ្រឿងប្រដាប់ឈ្មោះមហាលតាបសាធនៈ ដើម្បីប្រគល់ឲ្យកូនស្រី ដែល ជាគ្រឿងប្រដាប់ប្រភេទពិសេស មានប្រវែងតាំងពីក្បាលដល់ចុងជើង សម្រេចដោយមាស និង រតនៈ ផ្សេងៗមាន តម្លៃ ៩ កោដិកហាបណៈ និង ថ្លៃឈ្នួល ១ សែនកហាបណៈទៀត ។ គ្រឿងប្រដាប់នេះ ស្រ្តីដទៃៗមិនអាចពាក់បាន ទេព្រោះធ្ងន់ណាស់ ក្រៅពីនេះធនញ្ជ័យសេដ្ឋីនៅប្រគល់មាសប្រាក់របស់ប្រើប្រាស់ព្រមទាំងស្រ្តីបរិវារ និង គោដ៏ច្រើនអនេករាប់មិនអស់ជាមួយនឹងកុដុម្ពីអ្នកជំនាញការផ្នែកផ្សេងៗជាទីប្រឹក្សាជួយមើលថែនាង ៨ នាក់ទៀតផង មុននឹងបញ្ជូនកូនស្រីទៅខាងត្រកូលប្តី ។

ធនញ្ជ័យសេដ្ឋី បានអប់រំមារយាទសម្បត្តិកុលស្រ្តី ដល់កូនស្រី ១០ ប្រការ[កែប្រែ]


១-ឱវាទថា កុំនាំភ្លើងចេញក្រៅផ្ទះ គឺថាកុំយកសេចក្តីមិនល្អរបស់ឪពុកក្មេកម្តាយក្មេក ឬស្វាមីចេញទៅនិយាយ ឲ្យ អ្នកក្រៅស្តាប់ (កុំបរិហារកេរ្តិ៍ត្រកូលខាងស្វាមី)។
២-ឱវាទថា កុំយកភ្លើងខាងក្រៅចូលផ្ទះ គឺថាបើមានអ្នកស្តីនិន្ទាឪពុកក្មេកម្តាយក្មេក ឬស្វាមីយ៉ាងណាៗ កុំឲ្យនាំ រឿងទាំងនោះមកនិយាយឲ្យអ្នកផ្ទះស្តាប់ ។
៣-ឱវាទថា ត្រូវឲ្យវត្ថុដល់អ្នកដែលគួរឲ្យប៉ុណ្ណោះ គឺថាគួរឲ្យរបស់ដល់អ្នកខ្ចីណា ដែលចេះយកមកសងវិញ ។
៤-ឱវាទថា កុំឲ្យវត្ថុដល់អ្នក ដែលមិនគួរឲ្យ គឺថា មិនគួរឲ្យរបស់កម្ចីដល់អ្នក ដែលមិនសងវិញ ។
៥-ឱវាទថា ឲ្យដល់អ្នក ដែលគួរ និង មិនឲ្យដល់អ្នក ដែលមិនគួរឲ្យ គឺថាពេលមានញាតិមិត្តក្រកម្សត់មក សូមឲ្យជួយ សូមពំនាក់អាស្រ័យ ពេលឲ្យទៅហើយ គេសងក្តីមិនសងក្តីក៏គួរឲ្យ ។
៦-ឱវាទថា ឲ្យចេះអង្គុយជាសុខ គឺថាឲ្យចេះអង្គុយក្នុងកម្រិតរវាងឪក្មេក ម៉ែក្មេក និង ស្វាមី ។
៧-ឱវាទថា ឲ្យចេះដេកជាសុខ គឺថា គួរតែដេកក្រោយឪពុកក្មេកម្តាយក្មេក និង ស្វាមី ។
៨-ឱវាទថា ឲ្យចេះញ៉ាំជាសុខ គឺថាគួរចេះចាត់អាហារឲ្យឪពុកក្មេកម្តាយក្មេកបរិភោគហើយ ខ្លួនទើបហូបជា ក្រោយ ។
៩-ឱវាទថា ត្រូវចេះបម្រើភ្លើង គឺថាត្រូវដឹងខ្លួនជានិច្ចថា ឪពុកក្មេកម្តាយក្មេក និង ស្វាមីប្រៀបដូចជាភ្នក់ភ្លើង ឬ នាគរាជ ដែលខ្លួនត្រូវបម្រើ ។
១០-ឱវាទថា ត្រូវចេះគោរពទេវតាខាងក្នុង គឺថាត្រូវដឹងខ្លួនជានិច្ចថា ឪពុកក្មេក ម្តាយក្មេក និង ស្វាមីប្រៀបដូច ទេវតា ដែលខ្លួនត្រូវតែគោរព ។

រៀបចំ​គ្រឿងប្រដាប់ និង មហាលតាបសាធនៈ[កែប្រែ]

ធនញ្ជ័យ​សេដ្ឋី​បាន​កំណត់​ឲ្យ​ពេល ៤ ខែ​ក្នុង​ការ​ចាត់​ការ​ត្រៀម​ទ្រព្យ​សម្បត្តិ​ដើម្បី​ឲ្យ​នាង វិសាខា ប្រើ​ប្រាស់​ពេល ដែល​នាង​ទៅ​នៅ​ខាង​ត្រកូល​ស្វាមី ។ គ្រាន់​តែ​គ្រឿង​ប្រដាប់មហាលតាបសាធនៈតែ​ម្យ៉ាង​ក៏​ត្រូវ​ចំណាយ​ពេល​ដល់​ទៅ ៤ ខែ ទើប​ធ្វើរួច ។ លុះ​ដល់​ពេល​កំណត់​ហើយ​ នាង វិសាខា ក៏​បាន​ចេញ​ដំណើរ​ទៅ​កាន់​ត្រកូល​ស្វាមី មួយ​អន្លើ​ដោយ​ពួក​បរិវារ និង មាស​ប្រាក់​ច្រើន​អនេក​អនន្ត​ព្រម​ទាំង​មាន​គោ ក្របី យ៉ាង​ច្រើន ដែល​បិតា​នាង​ចាត់​ឲ្យ ។ ទោះ​ជា​ដូច្នោះ​ក៏​ដោយ​គោ ក្របី មួយ​ចំនួន​ទៀត​នៅ​ទំលាយ​ក្រោល​រត់​ទៅ​តាម​ដង្ហែ​នាង ។ ទាំង​នេះ​ក៏​ព្រោះ​អានិសង្ស ដែល​នាង​បាន​សាង​ក្នុង​អតីតជាតិ គឺ​ក្នុង​កាល ដែល​នាង​សោយជាតិ​ជា​រាជធីតា​នៃ​ព្រះបាទ​កិកិ ក្នុង​សម័យ​នៃ​ព្រះពុទ្ធ​ព្រះ​នាម កស្សបៈ ។ នាង​បាន​ប្រគេន​ចង្ហាន់ និង បង្អែម​ដល់​ភិក្ខុ​ និង សាមណេរ​ឆាន់​ជា​ប្រចាំ​នៅ​ខណៈ​ពេល ដែល​ភិក្ខុ និង សាមណេរ ទាំង​នោះ​ពោល​ថា ល្មម​ហើយៗ ក៏​ដោយ​ ក៏​នាង​នៅ​តែ​មាន​បន្ទូល​ថា "លោក​ម្ចាស់​ របស់​នេះ​ឆ្ងាញ់ របស់​នេះ​គួរ​ឆាន់ ហើយ​ក៏​ប្រគេន​ថែម​ពី​លើ​ទៀត ។ ដោយ​អានិសង្ស នៃ​ការ​ប្រគេន​ថែម​នេះទើប​បណ្តាល​ឲ្យ​គោ ក្របី ទាំង​នោះ​ សូម្បី​តែ​គេ​បិទ​ទ្វារ​ក្រោលហើ​យ​ក៏​ដោយ ក៏​ពួក​វា​នៅ​តែ​ទម្លាយ​ក្រោល​ ចេញ​ទៅ​តាម​នាង​ដែរ ។

ជីវភាព​ជា​ភរិយា, កូន​ប្រសារ​ស្រី, និង ឧបដ្ឋាក​នៃ​ពុទ្ធសាសនា[កែប្រែ]

ទំនាស់​ជាមួយ​បិតា​ក្មេក និង អ្នក​បួស​និកាយ​អចេលកៈ[កែប្រែ]

ពេល​​នាង​បាន​មក​នៅ ក្នុង​ត្រកូល​ខាង​ស្វាមី​ហើយ ដោយ​អាស្រ័យ​នាង​ជា​ស្រ្តី​ធ្លាប់​បាន​ទទួល​ការ​អប់រំ​យ៉ាង​ល្អ​តាំង​តែ​ពី​ក្មេង និង ជា​ស្រ្តី​មាន​សតិ​បញ្ញា​ឆ្លៀវឆ្លាត មាន​ទឹកចិត្ត​ល្អ ចរចា​ពីរោះ ចេះ​គោរពចាស់ទុំ ទើប​នាង​បាន​ជា​ទីស្រឡាញ់ ពេញចិត្ត​របស់​មនុស្ស​ទូទៅ លើកលែង​តែ​មិគារ​សេដ្ឋី​ជា​បិតា​ក្មេក​ម្នាក់​ប៉ុណ្ណោះ ដែល​មាន​ចិត្ត​បែង​ចែក​ចំពោះ​អ្នក​បួស​ ព្រោះ​គាត់​គោរព​អចេលក៍ អាក្រាត​កាយ ។ សេដ្ឋី​ចាត់​ពួក​គេ​ថា​ជា ព្រះអរហន្ត ហើយ​ថ្ងៃ​មួយ​បាន​និមន្ត​ពួក​អចេលក៍​ទាំង​នោះ មក​ឆាន់​នៅផ្ទះ​របស់​គាត់​ ទាំង​បាន​បញ្ជា​ឲ្យ​នាង​មក​ថ្វាយ​បង្គំ​ព្រះ​អរហន្ត និង ជួយ​ចាត់​ចែង​អាហារ​បរិភោគ​ដល់​ពួក​អចេលក៍​ទាំង​នោះផង ។ ឯ​នាង វិសាខា ជា​អរិយសាវិកា​សោតាបន្ន​បុគ្គល​ម្នាក់ ត្រឹមតែ​ឮ​ពាក្យ​ថា​ព្រះ​អរហន្ត​ប៉ុណ្ណោះ នាង​ក៏​មាន​បីតិសោមនស្ស រីករាយ​ទៅ​កាន់​ផ្ទះ​បិតា​ក្មេក​ជាប្រញាប់ ។ ប៉ុន្តែ នៅ​ពេល​ឃើញ​ពួក​អចេលក៍​អាក្រាត​កាយ​ភ្លាម នាង​ក៏​តក់​ស្លុត ទើប​ពោល​ថា ពួក​ដែល​គ្មាន​សេចក្តី​អៀនខ្មាស​ទាំង​នេះ តើ​ជា​ព្រះអរហន្ត​បាន​យ៉ាង​ម៉េច​កើត! ហើយ​ក៏​បាន​ពោល តិះដៀល​សេដ្ឋី រួច​ត្រឡប់​មក​ផ្ទះ​របស់​ខ្លួន​វិញ ។

ក្រោយ​មក​ ខណៈ​ពេល ដែល​សេដ្ឋី​​ជា​បិតា​ក្មេក​កំពុង​​បរិភោគ​អាហារ និង មាន​នាង វិសាខា នៅ​បម្រើ​ប្រណិប័តន៍​ផ្ទាល់ មាន​ព្រះ​ថេរៈ​មួយ​អង្គ​ត្រាច់​បិណ្ឌបាត​ឆ្លងកាត់​មក​ឈរ​មុខ​ផ្ទះ​មិគារ​សេដ្ឋី ។ នាង វិសាខា ដឹង​ច្បាស់​ថា សេដ្ឋី​ទោះ​ជា​ឃើញ​ព្រះថេរៈ​ហើយ​ក៏​ធ្វើ​ពុត​ដូច​ជា​មិន​ឃើញ ទើប​នាង​ពោល​ទៅ​កាន់​ព្រះថេរៈ​ថា "និមន្ត​ព្រះ​គុណ​ម្ចាស់​ទៅ​ផ្ទះ​ខាង​មុខ​ទៀត​ចុះ លោក​សេដ្ឋី​កំពុង​បរិភោគ​របស់​ចាស់!" មិគារ​សេដ្ឋី​គ្រាន់តែ​ឮ​ពាក្យ​នេះ​ភ្លាម ក៏​ខឹង​ច្រឡោត​ខ្លាំង ឈប់​បរិភោគ​អាហារ រួច​បញ្ជា​ឲ្យ​អ្នក​បម្រើ​ចាប់​បណ្តេញនាង វិសាខា ចេញ​​ពី​ផ្ទះ ប៉ុន្តែ​មិន​មាន​អ្នក​ណា​ហ៊ាន​ចូល​មក​ចាប់​នាង វិសាខា ។ នាង វិសាខា ក៏បាន​ជូន​ដំណឹង​នេះ​ដល់​កុដុម្ពី​ទាំង ៨ នាក់ ដែល​ឪពុក​បញ្ជូន​មក​ជួយ​មើល​ថែ​នាង ឲ្យ​បាន​ដឹង​មុន ។ ​នៅ​ពេល ដែល​មិគារ​សេដ្ឋី​ឲ្យ​អញ្ជើញ​កុដុម្ពី​ទាំង ៨ នាក់​នោះ​មក​ដើម្បី​ប្រាប់​អំពី​ទោស​របស់​នាង វិសាខា ។ នាង វិសាខា ​ក៏​បាន​បង្ហាញ​សេចក្តី​នោះ​ថា ការ​ដែល​នាង​​និយាយ​​ថា​​ មិគារ​​សេដ្ឋី កំពុង​​បរិភោគ​​របស់​​ចាស់​​នោះ គឺមាន​ន័យ​ថា សេដ្ឋី​កំពុង​បរិភោគ​បុណ្យ​ចាស់ មិនមែន​​បរិភោគ​អាហារ​​សេស​សល់ ឬ ផ្អូម​រលួយ​ចាស់ៗ នោះទេ ។ កុដុម្ពីទាំង ៨ នាក់​ទើប​ពោល​នឹង​មិគារ​សេដ្ឋី​ថា រឿង​នេះ​នាង វិសាខា មិន​មាន​ទោសទេ ។ ពេល​សេដ្ឋី​បាន​ឮ​ពាក្យ​របស់​កូន​ប្រសា​ស្រីហើយ ក៏​បាត់​ខឹង​បាត់​គំនុំ ទាំង​ពោល​សុំទោស​នាង ហើយ​អនុញ្ញាត​ឲ្យ​នាង វិសាខា ទៅ​និមន្ត​ព្រះ​សាស្តា​មួយ​អន្លើ​ដោយ​ភិក្ខុ​សង្ឃ​មក​ទទួល​អាហារ​បិណ្ឌបាត​ក្នុង​ផ្ទះ​របស់​ខ្លួន​ទៀត ។

បាន​ឈ្មោះ​​ថា មិគារមាតា[កែប្រែ]

ក្នុង​ខណៈ ដែលនាងកំពុងចាត់ចែងភត្តាហារដើម្បីព្រះសាស្តា និង ភិក្ខុសង្ឃនោះ នាងបានឲ្យមនុស្សទៅអញ្ជើញមិគារសេដ្ឋី មកថ្វាយភត្តាហារផងដែរ ប៉ុន្តែ​ នៅ​ពេល​គាត់​​មក​ដល់ គាត់​មិនហ៊ាន​ចេញ​ទៅ​ចំពោះ​ព្រះភក្ត្រ​ព្រះ​បរម​សាស្តា ព្រោះ​មិន​មាន​សទ្ធា​ជ្រះថ្លា ទើប​សម្ងំ​អែប​នៅក្រោយផ្ទាំងវាំងនន ។ ក្រោយពី​ព្រះ​បរមសាស្តា​បាន​សម្រេច​ភត្តកិច្ច ព្រះ​អង្គ​បាន​សម្តែង​ព្រះ​ធម៌ទេសនា ។ ចំណែក​មិគារ​សេដ្ឋី ទោះ​ជា​នៅ​ខាង​ក្រោយ​វាំងនន​មែន ប៉ុន្តែ​​គាត់​​មាន​ ឱកាស​ស្តាប់​ព្រះធម៌​រហូត​ចប់​ថែម​ទាំង​បាន​សម្រេច​សោតាបត្តិផល​ប្រកប​ដោយ​សម្មាទិដ្ឋិ ទៀត​ផង ។ រំពេច​នោះ មិគារសេដ្ឋី​ បាន​ចេញ​ពី​វាំងនន​សំដៅ​ទៅ​រក​នាង វិសាខា ហើយ​យក​មាត់​ខ្លួន​ទៅ​បឺត​ដោះ​នាង វិសាខា ជា​កូន​ប្រសា​ខ្លួន ហើយ​ប្រកាស​ប្រាប់​គេ​ឯង​ឲ្យ​ដឹង​ឮ​ថា តាំង​តែ​ពី​ពេល​នេះ​ទៅ សូម​នាង​ចូរ​ជា​មាតា​របស់​ខ្ញុំ ។ ហើយ​តាំង តែ​ពី​ពេល​នោះ​មក​នាង វិសាខា ក៏​បាន​ឈ្មោះ​ថា មិគារមាតា ។ មនុស្ស​ទូទៅ​ហៅ​នាង​ថា វិសាខា មិគារមាតា ។

គុណសម្បត្តិ​ដ៏​ប្រពៃ និង កម្លាំង​ដ៏​អស្ចារ្យ[កែប្រែ]

បណ្តា​ឧបាសិកា​ទាំងឡាយ នាង​ វិសាខា រាប់​ថា​ជា​អ្នក​មាន​បុណ្យ​សន្សំ​មក​តាំង​ពី​អតីតជាតិ​យ៉ាង​ពិសេស​ក្រៃលែង ជាង​ឧបាសិកា​នានា ច្រើន​ប្រការ​ដូចជា ៖

១-ជាស្រ្តីមានវ័យល្អ គឺទោះជានាងមានអាយុច្រើន មានកូនប្រុសស្រីដល់ទៅ ២០ នាក់ ។ កូនទាំងនោះបានរៀប ការមានកូនម្នាក់ៗ ២០ ៗ នាង វិសាខា មានចៅទាំងអស់ ៤០០ នាក់ ។ ចៅទាំងនោះរៀបការមានកូនទៀតម្នាក់ៗ ២០ៗ នាងមានចៅទាំងអស់ ៨០០០ នាក់ ។ រួមទាំងអស់បាន ៨៤២០ នាក់ ដែលមានដើមកំណើតមកពីនាង វិសាខា តែម្នាក់ ។ នាងមានអាយុវែងបានឃើញកូន និង ចៅ និង ចៅទួតគ្រប់គ្នា ។ នាង វិសាខា មានអាយុវែងដល់ ១២០ ឆ្នាំ តែខណៈពេល ដែលនាងអង្គុយក្នុងចំណោមកូន, ចៅ និង ចៅ​ទួត​ទាំង​នោះ នាងក៏មានលក្ខណៈវ័យ ប្រហាក់ប្រហែលនឹងពួកគេនឹងដែរ ។ មនុស្សដទៃនឹងមិនដឹងថានរណាជានាង វិសាខា ទេ តែ​នៅ​នាង​ក្រោក​ឡើង ទើបគេដឹងបាន ព្រោះមនុស្សកម្លោះក្រមុំនៅពេល ដែលក្រោកឡើង គេក៏ក្រោកភ្លាម តែសម្រាប់នាងជាមនុស្ស ចាស់វិញ ត្រូវ​យក​ដៃ​ច្រត​ដី​រុញ​ឡើងជំនួយផង និង ត្រូវលើកគូថឡើងមុនផង នោះហើយគឺនាង វិសាខា គេដឹង ដោយអាការៈដូច្នេះ ។

២-នាងមានកម្លាំងស្មើនឹងកម្លាំងដំរី ៥ ក្បាលរួមគ្នាសម័យមួយព្រះរាជាមានព្រះរាជប្រាថ្នាដើម្បីសាកល្បងកម្លាំង របស់នាង ទើប​ចេញ​រាជ​បញ្ជា​ឲ្យលែងដំរីច្រើនក្បាលដើម្បីឲ្យរត់ជល់នាង ។ នាង វិសាខា ឃើញដំរីរត់តម្រង់មករក នាងទើបគិតថា បើ​អញ​ទទួល​ដំរី​នេះ​ដោយ​ដៃ​ម្ខាង​ហើយរុញទៅ ដំរីនឹងមានក្តីអន្តរាយដល់ជីវិត អញក៏បាបអញ គួររក្សាជីវិតដំរីចុះ ទើប​នាង​ចាប់​ដំរី​ត្រង់​ប្រមោយ​តែ​ម្រាម​ពីរ​ប៉ុណ្ណោះ​ហើយច្រានដំរីទៅ ដំរីនោះក៏ដួលខ្ពោកតែម្តង តែមិនងាប់ ។

ដោយគុណសម្បត្តិនេះជនទាំងឡាយនៅពេលចាត់ពិធីមង្គលផ្សេងៗក្នុងផ្ទះរបស់ខ្លួនតែងតែអញ្ជើញ នាង​មក​ជា​ប្រធាន​ក្នុង​ការ​ចាត់​ការ​ពិធី​នោះៗ សូម្បីតែអាហារក៏អញ្ជើញឲ្យនាងបរិភោគមុនដែរដើម្បីជាសិរី មង្គល ។ ដោយហេតុនេះហើយ នាង​ទើប​មិន​សូវ​មាន​ពេល​មើល​ថែប្រណិប័តន៍ព្រះភិក្ខុសង្ឃ ដែលនិមន្តមកឆាន់ ក្នុងផ្ទះរបស់ខ្លួនត្រូវប្រគល់ភារៈនេះដល់កូនៗ និង ចៅៗធ្វើជំនួសវិញ ។

ទុក្ខសោក​កើត​ពី​ការ​បាត់បង់​ចៅ​សម្លាញ់[កែប្រែ]

សម័យមួយ ព្រះមានព្រះភាគប្រថាប់គង់នៅក្នុងវត្តបុព្វារាម ដែលនាងសាងថ្វាយព្រះពុទ្ធជាម្ចាស់ក្នុងក្រុងសាវត្ថី ។ ខណៈនោះ ចៅ​សម្លាញ់​បំផុត​របស់ នាង វិសាខា ម្នាក់ឈ្មោះ សុទត្តី បានមរណភាព ដែលធ្វើឲ្យនាង វិសាខា យំ​សោក​ស្តាយ​គ្រាំគ្រា​ចិត្ត​ជា​ខ្លាំង​ព្រោះ​នឹក ដល់ចៅសម្លាញ់ នាងបានចូលទៅគាល់ព្រះដ៏មានព្រះភាគទាំងនៅយំបណ្តើរ ។ ព្រះពុទ្ធជាម្ចាស់ទោះជាព្រះអង្គ ជ្រាប​សព្វ​គ្រប់​ប្រការ​ហើយក៏ទ្រង់នៅសាកសួរហេតុ ដែលនាងយំថា ម្នាល វិសាខា ក្នុងក្រុងសាវត្ថីនេះនាងត្រូវការ កូនចៅប៉ុន្មាននាក់ ? បពិត្រ​ព្រះអង្គ​ដ៏ចម្រើន! នាងខ្ញុំត្រូវការកូនចៅក្នុងនគរសាវត្ថីនេះទាំងអស់ព្រះពរម្វាស់! ។ ម្នាល វិសាខា ចុះក្នុងក្រុងសាវត្ថីនេះ មាន​មនុស្ស​ស្លាប់​មួយ​ថ្ងៃ​ប៉ុន្មាននាក់ ? បពិត្រព្រះអង្គដ៏ចម្រើន! ក្នុងក្រុងនេះ មានមនុស្សស្លាប់ក្នុងមួយថ្ងៃម្នាក់ខ្លះ ពីរនាក់ខ្លះ មានថ្ងៃខ្លះក៏ ១០ នាក់ ព្រះពរម្ចាស់ ! ។ ម្នាល វិសាខា តថាគតសូមប្រាប់នាងថា សេចក្តីទុក្ខ ការសោកសៅទង្គឹះខ្សឹកខ្សួល ដែល​មនុស្ស​ទាំងឡាយ​ជួបប្រទះ​នៅក្នុងលោកនេះ ព្រោះអាស្រ័យសត្វ និង សង្ខារជាទីស្រឡាញ់ពេញចិត្ត បើមិនមានសត្វ និង សង្ខារជាទីស្រឡាញ់ហើយ សេចក្តី​ទុក្ខ ការសោកសៅទង្គឹះខ្សឹកខ្សួលទាំងនោះក៏មិនមានដែរ ពួកគេក៏នឹងមានតែសេចក្តីសុខ ដូច្នេះអ្នកប្រាថ្នាចង់បានសេចក្តីសុខ ក៏​មិន​គួរ​ប្រកាន់​យកសត្វ និង សង្ខារឲ្យជាទីស្រឡាញ់ពេញចិត្ត ។ នាង វិសាខា នៅពេលបានស្តាប់ព្រះតម្រាស់របស់ព្រះអង្គចប់ហើយ ក៏​រំសាយ​សេចក្តី​សោកសៅទៅតែដោយសារនាងមានកូន និង ចៅច្រើននាក់ពេក ក្រោយមកមិនយូរប៉ុន្មាន ចៅម្នាក់ទៀត ដែល​នាង​ប្រគល់​ភារៈ​នាទីឲ្យចាត់ការប្រណិប័តន៍ព្រះភិក្ខុសង្ឃ ដែលមក ឆាន់ឯផ្ទះនាង ក៏ដល់នូវមរណភាព នាង​ក៏​នៅ​តែ​ខូចចិត្ត​យំសោក​ស្តាយ​អាឡោះ​អាល័យចៅជាលើកទីពីរ ហើយ ព្រះពុទ្ធជាម្ចាស់ក៏ទ្រង់ទេសនាឲ្យនាងស្តាប់ដូចគ្រាមុនទៀត ។

ការ​សាង​វត្ត​បុព្វារាម​ថ្វាយ​ដល់​ព្រះ​ពុទ្ធ[កែប្រែ]

និយាយដល់វត្តបុព្វារាម ក៏មានហេតុ ដែលធ្វើឲ្យ នាង វិសាខា សាងថ្វាយដល់ព្រះពុទ្ធជាម្ចាស់ ។ ជាធម្មតា នាង​តែង​ទៅ​វត្ត​ពីរ​ពេល​ក្នុង​មួយ​ថ្ងៃ ។ នៅពេលទៅវត្តនាង តែងតែមិនទៅដោយដៃទទេ ។ បើវេលាព្រឹក នាងតែងមានអាហារខាទនីយៈ និង ភោជនីយៈ​ទៅ​ប្រគេន​ដល់​ភិក្ខុ សង្ឃ ។ បើវេលាល្ងាច នាងតែងមានភេសជ្ជៈអដ្ឋបាន ទៅ​ប្រគេន​ដែរ​ព្រោះ​នាង​មាន​ទម្លាប់​ដូច្នេះ​ជា​ប្រចាំ​ទើប​ជា​ហេតុ ដែល​ធ្វើ​ឲ្យ​ភិក្ខុ សាមណេរ និង ឧបាសកឧបាសិកាដឹងគ្រប់ៗគ្នា។ សូម្បីតែនាងផ្ទាល់ បើ​ថ្ងៃ​ណា​មិន​មាន​របស់​អ្វី​ទេ​ក៏​នាង​មិន​ហ៊ាន​ទៅ​​វត្ត​​ដែរ ព្រោះ​ខ្មាស​ភិក្ខុសាមណេរ ដែលតែងតែរំពៃមើលដៃនាងថាតើថ្ងៃនេះនាងបានស្អីមកវត្ត ? ហើយមុនពេលនាងត្រឡប់ទៅវិញ នាង​​តែង​​តែ​​​ដើរ​​សាកសួរសុខទុក្ខភិក្ខុសាមណេរ និង បំណងប្រាថ្នា របស់លោកផង និង សួរសុខ​ទុក្ខ​ភិក្ខុ​សាមណេរ​អាពាធ​ផង​គ្រប់ៗ​ព្រះអង្គ​​ទើប​​ត្រឡប់​​ទៅ ។ ថ្ងៃមួយនាងបានដោះ គ្រឿងប្រដាប់ មហាលតាបសាធនៈឲ្យស្រ្តីបម្រើម្នាក់កាន់ ។ ក្រោយ​ពេល​ចប់​កិច្ច​ស្តាប់​ព្រះធម៌​ទេសនា និង ដើរសួរសុខទុក្ខភិក្ខុសាមណេររួចហើយ ខណៈ​ដែល​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​នាង​បាន​ប្រើ​ឲ្យស្រ្តី​បម្រើ​យក​គ្រឿង​ប្រដាប់​មក​ពាក់ តែ​​ស្រ្តី​​បម្រើ​បាន​ភ្លេចទុកនៅសាលាស្តាប់ធម៌ ទើបនាងឲ្យស្រ្តីបម្រើត្រឡប់ទៅយកមកដោយប្រាប់ថាបើសិន ព្រះអានន្ទរើសទុក មិន​​បាច់​យក​​មក​​ទេ ឲ្យប្រគេនលោកតែម្តងទៅ ព្រោះនាងគិតថានឹងមិនប្រដាប់គ្រឿងប្រដាប់ ណា ដែលភិក្ខុសាមណេរប៉ះពាល់ហើយ ព្រោះ​ធម្មតា​ព្រះអានន្ទ​តែងតែរើសរបស់ ដែលញាតិញោមភ្លេចចោលក្នុង វត្តជានិច្ច ហើយវាក៏ដូចនឹងអ្វីដែលនាងបានគិតទុកមែន តែ​នាង​ក៏​គិត​ឃើញ​ម្យ៉ាងទៀត​ថា គ្រឿងប្រដាប់នេះនឹង មានប្រយោជន៍ដល់ព្រះថេរៈទាំងឡាយផង ដូច្នេះ​ហើយ​ទើប​នាង​សូម​ទទួល​មក​វិញ​ទៅ​លក់​ក្នុង​តម្លៃ ៩ កោដិ និង ១ សែនកហាបណៈតាមតម្លៃដើម ប៉ុន្តែ​មិន​មាន​នរណា​មាន​ទ្រព្យសម្បត្តិ​ដើម្បី​ទិញ​របស់​នេះ​សោះ​នាង​ក៏ ចេញ​លុយ​កាក់​ទិញគ្រឿងប្រដាប់នេះដោយខ្លួនឯង ហើយនាំមកទិញទីដី និង គ្រឿង​ប្រដាប់​ប្រដារ​កសាង​វត្ត​អារាម​ដើម្បី​ជា​ទី​ប្រថាប់​​គង់​នៅ​នៃ​ព្រះសាស្តា និង ជាទីនៅចាំព្រះវស្សារបស់ភិក្ខុសង្ឃសាមណេរផង ។ ព្រះពុទ្ធជា ទ្រង់​ចាត់​ឲ្យ​ព្រះមោគ្គល្លាន​មើល​ខុស​ត្រូវ​​លើ​ការ​កសាង ដែលមានលក្ខណៈជាប្រាសាទពីរជាន់ និង មានបន្ទប់ សម្រាប់ភិក្ខុសាមណេរគង់នៅ ៥០០ បន្ទប់ ប្រើ​ពេល​វេលា​កសាង​អស់ ៩ ខែ ទើបសម្រេចហើយបានដាក់នាមថា វត្តបុព្វារាម ។

នាង​ វិសាខា ទូលសូម​ពរ​ប្រគេន សំពត់​សាដក ដល់​ភិក្ខុ[កែប្រែ]

មហាឧបាសិកា វិសាខា ជាធម្មតានាងតែងតែក្រាបទូលអារាធនាព្រះពុទ្ធជាម្ចាស់ និង ភិក្ខុសង្ឃមក ឆាន់​ភត្តាហារ​នៅ​ផ្ទះ​នាង​ជា​ប្រចាំ ។ ថ្ងៃ​មួយ នៅ​ពេល ដែល​នាង​បាន​ត្រៀម​ភត្តាហារ​ស្រេច​បាច់​ហើយ​ក៏​ប្រើ​ឲ្យ​ស្រ្តី​បម្រើ​ទៅ​និមន្ត​ព្រះ​មាន​ព្រះ​ភាគ និង ភិក្ខុ​សង្ឃ​មក​​ឆាន់ ។ ស្រី​បម្រើ​តែងតែ​មក​តាម​ប្រក្រតី​ដូច​សព្វ​ដង តែ​ថ្ងៃ​នោះ​មាន​ភ្លៀងធ្លាក់​ ព្រះ​ភិក្ខុ​សង្ឃ​ក៏​នាំ​គ្នា​ស្រង់​ទឹក​អាក្រាត​កាយ​ ពេល​នាង​ស្រី​បម្រើ​មក​ឃើញ ក៏​ភ័យ​តក់​ស្លុត​ព្រោះ ជា​ស្រី​មាន​បញ្ញា​តិច​គិត​ថា​ជា​ពួក​អចេលក៍​អាក្រាត​កាយ ទើប​នាង​ប្រញាប់​ត្រឡប់​ទៅ​ប្រាប់​នាង វិសាខា ថាបពិត្រ ព្រះនាងម្ចាស់! ថ្ងៃនេះនៅឯវត្តមិនមានភិក្ខុសង្ឃនៅទេ ខ្ញុំឃើញតែពួកអចេលក៍កំពុងអាក្រាតកាយនាំគ្នាងូតទឹក នាង វិសាខា បានស្តាប់សម្តីស្រីបម្រើហើយ ក៏ដោយអាស្រ័យនាងជាព្រះអរិយបុគ្គលថ្នាក់សោតាមានបញ្ញា និង មាន​ភាព​ស្និទ្ធស្នាល​នឹង​ភិក្ខុ​សង្ឃ​ផង ទើបនាងយល់ហេតុការណ៍ថា ព្រះបរមសាស្តាទ្រង់អនុញ្ញាតឲ្យភិក្ខុសង្ឃមានសំពត់ប្រើប្រាស់តែ ៣ សំរាប់ប៉ុណ្ណោះ គឺចីវរ សម្រាប់​ឃ្លុំ​មួយ, សង្ឃាដិ សម្រាប់បន្ថែមមួយ និង ស្បង់មួយ ដូច្នេះពេល ដែល​ព្រះភិក្ខុ​សង្ឃ​ស្រង់​ទឹក​គឺ​មិន​មាន​សំពត់​សម្រាប់​ផ្លាស់​ប្តូរ​ទេ ក៏​ចាំបាច់ត្រូវតែអាក្រាតកាយហើយ។ ដោយ​ហេតុនេះ ក្រោយពេលភត្តកិច្ចរួចរាល់ហើយនាង វិសាខា ក៏​បាន​ក្រាប​បង្គំ​ទូល​សូម​ពរ​ដើម្បីប្រគេនសំពត់​ស្រង់ទឹក(សំពត់សាដក)ដល់ព្រះភិក្ខុសង្ឃ ព្រះបរមសាស្តាក៏ទ្រង់អនុញ្ញាតឲ្យតាមសំណូមពររបស់នាង ។ ប្រការ​នេះហើយ នាង វិសាខា ទើបក្លាយជាមនុស្សមុនដំបូងបង្អស់ ដែលបានប្រគេនសំពត់សាដកដល់ព្រះភិក្ខុសង្ឃ ។

នាង វិសាខា បានទទួលឈ្មោះថា មហាឧបាសិកា ជាកំពូលជាងឧបដ្ឋាយិកាទាំងឡាយ ដែលទំនុកបម្រុងព្រះពុទ្ធ សាសនា​ដោយ​ចតុប្បច្ច័យ ទេយ្យទានផ្សេងៗ ទាំង ដែលបានប្រគេនដល់សង្ឃជារបស់រួម និង ប្រគេនជារបស់ឯក ជនផង ។ ការ​ធ្វើ​បុណ្យ​របស់​នាង​រាប់​ថា​គ្រប់​លក្ខណៈ​ជាបុញ្ញកិរិយាវត្ថុ ដូចពាក្យ ដែលនាងបានបន្លឺក្នុងថ្ងៃ ដែល សម្ពោធឆ្លងព្រះវិហារបុព្វារាម ដែល​នាង​សាង​ថ្វាយ​នោះ​ថា “ សេចក្តីប្រាថ្នាយ៉ាងណាៗ ដែលយើងតាំងទុកហើយ ក្នុង​កាល​មុន​សេចក្តី​ប្រាថ្នា​នោះៗ​ទាំង​អស់​យើង​បាន​សម្រេច​គ្រប់​ប្រការ​ហើយ” ។

សេចក្តីប្រាថ្នាទាំងឡាយ​របស់​នាង វិសាខា[កែប្រែ]


១-សេចក្តីប្រាថ្នានឹងសាងប្រាសាទ (វិហារ) ដោយឥដ្ឋថ្វាយជាវិហារទាន
២-សេចក្តីប្រាថ្នានឹងប្រគេនគ្រែ តាំង ពូក ខ្នើយ និង សេនាសនភណ្ឌ
៣-សេចក្តីប្រាថ្នានឹងប្រគេនសលាកភត្តជាភោជនាទាន
៤-សេចក្តីប្រាថ្នានឹងប្រគេនសំពត់កាសាវព័ស្ត សំពត់សម្បកឈើ ជាចីវរទាន
៥-សេចក្តីប្រាថ្នានឹងប្រគេនទឹកដោះស្រស់ ទឹកដោះខាប់ ប្រេង ទឹកអំពៅ ទឹកឃ្មុំជាភេសជ្ជទាន។

សេចក្តី​ប្រាថ្នា​ទាំងឡាយ​របស់​នាង​សម្រេច​គ្រប់​ប្រការ ដែល​ធ្វើ​ឲ្យ​នាង​ឆ្អែត​កាយ​ ឆ្អែត​ចិត្ត ក្រៃពេក ក៏​ដើរ​ព័ទ្ធ​ជុំវិញ​ប្រាសាទ​​ដែល​​ជា​​វិហារ​ទាន​ ​ព្រម​ទាំង​បាន​បន្លឺ​សម្លេង​ជា​ឧទាន​សព្ទ​ដូច​បាន​ពោល​ខាង​លើ ។ ចំណែក​ឯ​ព្រះភិក្ខុ​សង្ឃ​ទាំងឡាយ​ ពេល​​បាន​​ឃើញ​​អាកប្បកិរិយា​​របស់​​នាង​ដូច្នោះ ក៏​ចម្លែក​ចិត្ត មិន​ដឹង​ជា​នាង​កើត​អ្វី ក៏​បបួល​គ្នា​ចូល​គាល់​ព្រះ​សម្មាសម្ពុទ្ធ ដោយ​ទូល​សួរ​ថា បពិត្រ​​ព្រះអង្គ​ដ៏​​ចម្រើន! តាំង​​​ពី​យើង​ខ្ញុំ​ព្រះ​អង្គ បាន​ជួប​ និង ស្គាល់​នាង វិសាខា មក​​ជា​យូរ យើង​ខ្ញុំ​មិន​ដែល​​បាន​​ឃើញ​​នាង​​ច្រៀង​​ សម្តែង​​អាការៈ បែប​​នេះ​ពី​មុន​​ឡើយ ។ ថ្ងៃ​នេះ​ នៅ​កណ្តាល​ជំនុំ​កូន និង ចៅ, នាង​ វិសាខា បាន​ដើរ​ព័ទ្ធ​ប្រាសាទ ​ហើយ​បន្លឺ​សម្លេង​រហ៊ឹម ​ដូច​ជា​​កំពុង​ច្រៀង ។ នាង​ វិសាខា ​ប្រហែល​​ជា​មាន​ចិត្តកំរើប ឬ ក៏​នាង​វិកលចរិត ឬ យ៉ាង​ម៉េច​ទេ ព្រះអង្គ ? ព្រះពុទ្ធ​​ទ្រង់​​ត្រាស់​​ទៅ​​ភិក្ខុ​​ទាំងឡាយ​​ថា ម្នាល​ភិក្ខុ​​ទាំងឡាយ ធីតា​របស់​តថាគត​មិន​បាន​ច្រៀង ឬ វិកលចរិត ដូច​ដែល​អ្នក​ទាំងឡាយ​យល់​នោះ​ទេ តែ​​ដែល​​នាង​​មាន​​សភាព​ដូច្នោះ គឺ​​ព្រោះ​​នាង​​មាន​​បីតិសោមនស្ស ព្រោះសេចក្តី​ប្រាថ្នា​របស់​នាង ដែល​បាន​តាំង​ចិត្ត​ទុក​ហើយ បាន​សម្រេច​គ្រប់​ប្រការ នាង​​ទើប​ដើរ​​បន្លឺ​​ឧទាន​​ចេញ មក​ដោយ​ការ​ឆ្អែត​កាយ ឆ្អែតចិត្ត​ដូច្នោះ ។ ទីបំផុត ព្រះពុទ្ធ​​ក៏​ទ្រង់​ប្រកាស​លើក​សរសើរ​នាង វិសាខា ក្នុង​​តំណែង​​ជាឯតទគ្គៈប្រសើរ​ជាង​ឧបាសិកា​ទាំងឡាយ ថា​ជា​កំពូល​ទាយិកា​ក្នុង​ព្រះពុទ្ធសាសនា ៕

គតិរបស់​នាង វិសាខា[កែប្រែ]

ព្រះនាង​វិសាខា ជាស្រ្តីមានធម៌ ដឹងច្បាស់ បានឲ្យទានហើយ បានឲ្យជាងធ្វើមហាវិហារដើម្បីសង្ឃ មានអាយុ១២០ឆ្នាំ លុះច្យុតពី​មនុស្សលោកទៅ បានទៅកើតនៅ​ក្នុង​ទេវលោក ជាន់​និម្មានរតី បានជាបជាបតី (ភរិយា) នៃទេវរាជ​ឈ្មោះ​សុនិម្មិត។

ឯកសារ​យោង[កែប្រែ]

  1. នាង​ វិសាខា (អង់គ្លេស)
  2. នាង វិសាខា ជា​ឧបាសិកា​ដ៏​អស្ចារ្យ​ម្នាក់ (អង់គ្លេស)
  3. នាង​ វិសាខា ស្ត្រី​ក្នុង​ពុទ្ធសាសនា (អង់គ្លេស)​
  4. វិសាខា​សូត្រ (អង់គ្លេស)
  5. សុត្តន្តបិដក ខុទ្ទកនិកាយ វិមានវត្ថុ