Jump to content

សង្គ្រាមត្រជាក់

ពីវិគីភីឌា
សង្គ្រាមត្រជាក់
១២ មីនា ១៩៤៧២៦ ធ្នូ ១៩៩១
(៤៤ ឆ្នាំ, និង ៩ ខែ)
  រដ្ឋសមាជិកអង្គការណាតូ និង  សមាជិកកតិកាសញ្ញាវ៉ាសូរីក្នុងអំឡុងសង្គ្រាមត្រជាក់
"លោកទាំងបី"នៃសម័យសង្គ្រាមត្រជាក់, មេសា – សីហា ១៩៧៥
  លោកទីមួយប្លុកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តខ្លួន
  លោកទីពីរប្លុកខាងកើតដែលដឹកនាំដោយសហភាពសូវៀត ចិន (ឯករាជ្យ) និងសម្ព័ន្ធមិត្តខ្លួន

សង្គ្រាមត្រជាក់ (ភាសាអង់គ្លេស​៖ Cold War និងភាសាបារាំង៖ Guerre froide) គឺជា​ជម្លោះភូមិសាស្ត្រនយោបាយដែល​កើតឡើង​ដោយ​ភាពតានតឹង និង​ការប្រកួតប្រជែង​រវាង​សហរដ្ឋអាមេរិក និងសហភាព​សូវៀត ព្រមទាំង​សម្ព័ន្ធមិត្ត​រៀងៗខ្លួន​ចាប់តាំងពី​ពាក់កណ្ដាល​ទសវត្សរ៍​ឆ្នាំ​១៩៤០ ដល់​ដើម​ទសវត្ស​រ៍ឆ្នាំ​១៩៩០​។ ក្នុងកំឡុង​ពេលនេះ ភាគី​នៃ​កំពូល​មហាអំណាចទាំងពីរ​បាន​ស្ដែងឡើង​នូវ​បក្សសម្ព័ន្ធ​យោធា មធ្យោបាយ​ឃោសនា ការធ្វើចារកម្ម ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ ឧស្សាហកម្ម​កម្រិតខ្ពស់ និង ការប្រកួតប្រជែង​ផ្នែក​បច្ចេកវិជ្ជា (ដូចជា ការប្រកួតប្រជែង​ផ្នែក​អវកាស ជាដើម)។ កំពូល​មហាអំណាច​ទាំងពីរ បាន​ចំណាយ​ថវិកា​យ៉ាងច្រើន​ក្នុង​ការការពារ ការរត់ប្រណាំង​សព្វាវុធ និង​សង្គ្រាម​ដោយប្រយោល​ជាច្រើន​ទៀត​។

ទោះបីជា​សហរដ្ឋអាមេរិក និងសហភាព​សូវៀត បាន​រួមគ្នា​ប្រឆាំង​មហាអំណាចអ័ក្សក្នុងកំឡុង​សង្គ្រាមលោកលើកទី២​ក្តី ប្រទេស​ទាំងពីរនូវតែបាន​ខ្វែងគំនិត​គ្នា​យ៉ាង​ស្រួចស្រាល់លើ​ប្រធានបទ​ជាច្រើនទាំង​ក្នុងពេល និង​ក្រោយពេល​សង្គ្រាម ជាពិសេស​ក្រោយពេល​ចប់​សង្គ្រាមលោកលើកទី២​។ សង្គ្រាម​បាន​បំផ្លិចបំផ្លាញ និង​ធ្វើឱ្យ​មហាអំណាច​ខ្លះ​បាន​ធ្លាក់ចុះ លើកលែងតែ​សហរដ្ឋអាមេរិក និងសហភាព​សូវៀតប៉ុណ្ណោះ​ដែល​បាន​ក្លាយទៅជា​កំពូល​មហាអំណាច​ទាំង​វិស័យយោធា សេដ្ឋកិច្ច បច្ចេកវិទ្យា និងនយោបាយ​។ នៅក្នុង​ការបែកបាក់​នៃ​ពិភពលោក​នេះ ប្រទេស​ជាច្រើន​បាន​ងាកទៅរក​ប្លុក​មួយ​ក្នុងចំណោម​កំពូល​មហាអំណាច​ទាំងពីរ (ក្រោយមក ចលនា​មិន​ចូលបក្សសម្ព័ន្ធ​ត្រូវ​បាន​បង្កើតឡើង​នៅ​កំឡុង​ទសវត្ស​រ៍ឆ្នាំ​១៩៦០)​។

ការប្រកួតប្រជែងក្នុងកំឡុងង​ពេល​នៃ​សង្គ្រាម​បាន​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​ដំបូង​នៅ​ទ្វីបអឺរ៉ុប ក្រោយមក​នៅ​គ្រាប់​តំបន់​ទាំងអស់​នៃ​ពិភពលោក ដូច​ដែល​សហរដ្ឋអាមេរិកបាន​ខិតខំ​ទប់ស្កាត់​ការរីករាលដាល និង​កាត់បន្ថយ​ឥទ្ធិពល​នៃ​លទ្ធិកុម្មុយនីស្ត និងដឹកនាំ​សម្ព័ន្ធមិត្ត​ជាច្រើន ជាពិសេស​នៅ​អឺរ៉ុបខាងលិច និង​មជ្ឈិមបូព៌ា​។ នៅគ្រានោះដែល សហភាពសូវៀត​បាន​ផ្គត់ផ្គង់និងគាំទ្រ​ដល់​ចលនា​បដិវត្តន៍​កុម្មុយនីស្តនៅ​ទូទាំង​ពិភពលោក ជាពិសេស​នៅ​អឺរ៉ុបខាងកើត អាមេរិកឡាទីន និង​អាស៊ីអាគ្នេយ៍​។

ក្នុងកំឡុង​ពេល​នៃ​សង្គ្រាមត្រជាក់ មាន​ទាំង​កំឡុងពេល​នៃ​ភាពតានតឹង​ខ្លាំង និង ភាព​ស្ងប់ស្ងាត់​ដែល​មិន​ទៀងទាត់​។ នៅ​ម្ខាង វិបត្តិ​អន្តរជាតិ ដូចជា​ការបិទគមនាគមន៍​ក្រុងប៊ែរឡាំង (១៩៤៨-១៩៤៩), សង្គ្រាមឧបទ្វីបកូរ៉េ (១៩៥០-១៩៥៣), វិបត្តិក្រុងប៊ែរឡាំងឆ្នាំ១៩៦១, សង្គ្រាមវៀតណាម (១៩៦៤-១៩៧៥), សង្គ្រាមសូវៀតនៅអាហ្វហ្កានីស្ថាន (១៩៧៩-១៩៨៩) និង ជាពិសេស​វិបត្តិមីស៊ីសគុយបាឆ្នាំ១៩៦២ ហៀប​តែ​នឹង​ផ្ទុះ​សង្គ្រាមលោកលើកទី៣ ​ទៅ​ហើយ​។ ជាចុងក្រោយ​មាន​ដូចជា​វិបត្តិ​មួយរយៈពេល​ខ្លី​ក្នុងកំឡុងងពេល​សមយុទ្ធ​ណាតូ​នា​ខែ​វិច្ឆិកា ឆ្នាំ១៩៨៣​។

សង្គ្រាមត្រជាក់ បាន​ឈានទៅរក​ទីបញ្ចប់​នៅ​ក្រោយ​ទសវត្ស​រ៍ឆ្នាំ​១៩៨០ និង​ដើម​ទសវត្ស​រ៍ឆ្នាំ​១៩៩០​។ តាមរយៈ​ការ​ឡើង​កាន់អំណាច​របស់​លោក​ប្រធានាធិបតី​អាមេរិក លោករ៉ូណាល់ រីហ្កេន សហរដ្ឋអាមេរិក​បាន​បង្កើន​ការគាបសង្កត់​ផ្នែក​ការទូត យោធា និង​សេដ្ឋកិច្ច​លើ​សហភាព​សូវៀត ដែល​កំពុងតែ​រង​នូវ​វិបត្តិ​កំណើនសេដ្ឋកិច្ច​មិន​រីកចម្រើន​រួចទៅហើយ​។ នៅ​ពាក់កណ្ដាលទី២ នៃ​ទសវត្ស​រ៍ឆ្នាំ​១៩៨០ មេដឹកនាំ​សូវៀត​ដែល​ទើប​ត្រូវ​បាន​តែងតាំង​ថ្មីគឺលោកមីខាអែល ហ្គូបាឆូវ បាន​ដាក់​បង្ហាញ​នូវ​កម្មវិធី​កំណែទម្រង់​ប្រព័ន្ធ​សេដ្ឋកិច្ច (perestroika) និង នយោបាយ​ដឹកនាំ​រដ្ឋាភិបាល​ទន់ភ្លន់​ជាងមុន ជាមួយ​ការបើកឲ្យមាន​សេរីភាព​សារព័ត៌មាន (glasnost) ។ ការរលំរលាយ​សហភាព​សូវៀត​នៅ​ឆ្នាំ​១៩៩១ បាន​បន្សល់​ឱ្យ​សហរដ្ឋអាមេរិក​ស្ថិតនៅ​ជា​កំពូល​មហាអំណាច​តែមួយគត់​នៅ​លើ​ពិភពលោក​។

ប្រភពដើម នៃ​ពាក្យ​សង្គ្រាមត្រជាក់

[កែប្រែ]

ពាក្យ "សង្គ្រាមត្រជាក់" ត្រូវ​បាន​ប្រើ​ជាលើកដំបូង ដើម្បី​អធិប្បាយ​អំពី​ភាពតានតឹង​ផ្នែក​ភូមិសាស្ត្រនយោបាយ រវាង​សហរដ្ឋអាមេរិក និង សហភាព​សូវៀត ដែល​ត្រូវ​បាន​សន្មត​ដោយ​លោក ប៊ែរណារដ៍ បារុច (Bernard Baruch) ហិរញ្ញាធិការី​អាមេរិក និង​ជា​ទីប្រឹក្សា​ប្រធានាធិបតី​។ នា​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​១៩៤៧ លោក បារុច​បាន​ផ្លែង​នៅ​រដ្ឋការ៉ូលីណា​ខាងត្បូង (South Carolina) ថា​៖ "យើង​មិន​អនុញ្ញាត​ឲ្យ​គេ​បំភាន់​យើង​បាន​ទេ​៖ យើង​សព្វថ្ងៃនេះ​កំពុងតែ​ស្ថិតនៅ​ចំកណ្ដាល​នៃ​សង្គ្រាមត្រជាក់" ។ ជនកុម្មុយនិស្ត វ៉លធ័រ លីបម៉ាន់ (Walter Lippmann) ក៏​បាន​ប្រើ​ពាក្យ​នេះ​ផងដែរ ជាមួយ​ការបោះពុម្ព​ផ្សាយ​នូវ​សៀវភៅ​របស់​គាត់​នៅ​ឆ្នាំ​១៩៤៧ មាន​ចំណងជើង​ថា "សង្គ្រាមត្រជាក់" ។

ប្រវត្តិដើម

[កែប្រែ]

ពុំ​មាន​មតិ​ឯកភាព​គ្នា​ឡើយ ក្នុង​ចំណោម​អ្នកប្រវត្តិសាស្ត្រ​ជាច្រើន​ចំពោះ​ចំណុច​ចាប់ផ្ដើម​នៃ​"សង្គ្រាមត្រជាក់"​។ ខណៈដែល អ្នកប្រវត្តិសាស្ត្រ​ភាគច្រើន​កំណត់​ថា​វា​បាន​ចាប់ផ្ដើម​ឡើង​ក្រោយពី​ការបញ្ចាប់​សង្គ្រាមលោកលើកទី២​ភ្លាម ចំណែក​អ្នកប្រវត្តិសាស្ត្រ​ខ្លះ​ទៀត បាន​ប្រកែក​ថា​វា​បាន​ចាប់ផ្ដើម​ឡើង​មុន​សង្គ្រាមលោកលើកទី១ ហៀប​នឹង​បញ្ចប់​មក​ម្ល៉េះ ថ្វីបើ​ភាពតានតឹង​រវាង​ចក្រភពរុស្ស៊ី និង ចក្រភពអង់គ្លេស និង​សហរដ្ឋអាមេរិក តាំងតែពី​ពាក់កណ្ដាល​សតវត្ស​ទី​១៩​។ ភាព​មិន​ចុះសម្រុងគ្នា​នៃ​មនោគមវិជ្ជា​រវាង​កុម្មុយនិស្តនិយម និង មូលធននិយម បាន​ចាប់ផ្ដើម​នៅ​ឆ្នាំ​១៩១៧ នៅពេល​ដែល​សហភាព​សូវៀត បាន​ចាប់បដិសន្ធិ​ឡើង​ពី​បដិវត្តន៍​នៅ​រុស្ស៊ី ជា​រដ្ឋកុម្មុយនិស្ត​ទី១ លើ​ពិភពលោក​។ លទ្ធផល​នេះ បាន​បណ្ដាលឲ្យ​ទំនាក់ទំនង​រវាង​រុស្ស៊ី-អាមេរិក នូវ​កង្វល់​រយៈពេល​វែង សម្រាប់​មេដឹកនាំ​ប្រទេស​ទាំងពីរ​។

ព្រឹត្តិការណ៍​ជាច្រើន បាន​ផ្ដល់​នូវ​ភាពមន្ទិលសង្ស័យ និង​ភាព​មិន​ទុកចិត្ត​គ្នា​ទៅវិញទៅមក រវាង​សហរដ្ឋអាមេរិក និង សហភាព​សូវៀត ដូចជា​៖ ការប្រឆាំង​របស់​ពួកបុលសេវិក​ចំពោះ​មូលធននិយម, ការដកខ្លួន​របស់​រុស្ស៊ី​ចេញពី​សង្គ្រាមលោកលើកទី១ តាមរយៈ​សន្ធិសញ្ញា​ប្រេស្ត-លីតូវស្ក​ជាមួយ​អាល្លឺម៉ង់, សហរដ្ឋអាមេរិក​បាន​ធ្វើអន្តរាគមន៍​ក្នុង​សង្គ្រាមស៊ីវិល​នៅ​រុស្ស៊ី ដោយ​ផ្ដល់​ការគាំទ្រ​ដល់​កងទ័ពស ហើយនិង សហរដ្ឋអាមេរិក​បាន​បដិសេធ​មិន​ទទួលស្គាល់​សហភាព​សូវៀត​រហូតដល់​ឆ្នាំ​១៩៣៣​។ ព្រឹត្តិការណ៍​ផ្សេងទៀត​នៅក្នុង​កំលុងពេល​អន្តរសង្គ្រាម អាស្រ័យ​ទៅ​នឹង​បរិយាកាស​នៃ​ភាព​មិន​ទុកចិត្ត​គ្នា​ទៅវិញទៅមក​នេះ​ឯង​។ សន្ធិសញ្ញា​រ៉ាប៉ាឡូ (Treaty of Rapallo) និង កតិកាសញ្ញា​ម៉ូឡូតូវ-រីបេនត្រុប (Molotov–Ribbentrop Pact) ជា​ឧទាហរណ៍​ពីរ​គួរឲ្យ​កត់សម្គាល់​។ ----- នៅមានត -----

មើលផងដែរ

[កែប្រែ]

ឯកសារយោង

[កែប្រែ]