សទ្ទានុក្រម​វាក្យស័ព្ទ​សារព័ត៌មាន

ពីវិគីភីឌា

សិទ្ធិទទួលព័ត៌មាន (Access to information): ជាសិទ្ធិរបស់សាធារណជន ក្នុងនោះរួមមានអ្នក កាសែតផងដែរ ក្នុងការស្វែងរក និងទទួលឯកសារសាធារណៈ ឬ សួរដេញដោលមន្ត្រីសាធារណៈអំពីសេចក្តី សម្រេច និងសកម្មភាពរបស់គេ ។

ភាពត្រឹមត្រូវ (Accuracy): ជាភាពត្រឹមត្រូវនៃព័ត៌មាន បរិបទ និងការបកស្រាយ ព័ត៌មាន ។ ដើម្បី ធានានូវភាពត្រឹមត្រូវ អ្នកយកព័ត៌មានចាំបាច់ត្រូវផ្ទៀងផ្ទាត់ព័ត៌មានសំខាន់ៗ ទាំងអស់ជាមួយប្រភពដែលគួរឱ្យទុកចិត្តបាន។

មុំ ឬ ជ្រុង (Angle): ជាចំណុចផ្តោតនៃរឿង ដែលអ្នកយកព័ត៌មានកំណត់យកធ្វើជា ប្រធានបទនៃដំណឹងមួយ ។

ប្រភពអនាមិក (Anonymous source): ជាប្រភពព័ត៌មានដែលយល់ព្រមផ្តល់ ព័ត៌មានដល់អ្នកកាសែត ក្នុងលក្ខខ័ណ្ឌមិនប្រាប់ឈ្មោះ ឬ បង្ហាញអត្តសញ្ញាណរបស់ខ្លួន ។ អ្នកកាសែតត្រូវប្រុងប្រយ័ត្នចំពោះការយល់ព្រមធ្វើកិច្ចសន្យាបែបនេះ ពីព្រោះអត្តសញ្ញាណ របស់ប្រភពជាព័ត៌មានសំខាន់ ដែលសាធារណៈត្រូវការ ដើម្បីវាយតម្លៃថាតើព័ត៌មានដែលគេ ផ្តល់ឱ្យនោះគួរឱ្យទុកចិត្តបានដែរ ឬក៏អត់។ អ្នកយកព័ត៌មានគួរតែយល់ព្រមរក្សា ការសម្ងាត់ របស់ប្រភពតែក្នុងករណីដែលប្រភពនឹងទទួលផលប៉ះពាល់ធ្ងន់ធ្ងរ ប្រសិនបើគេស្គាល់ អត្តសញ្ញាណខ្លួន ហើយអ្នកយកព័ត៌មានប្រាកដក្នុងចិត្តថាព័ត៌មានដែលគេផ្តល់ឱ្យនោះគួរឱ្យ ទុកចិត្តបានតែប៉ុណ្ណោះ។ ព័ត៌មានដែល បានមកពីប្រភពអនាមិក ត្រូវផ្ទៀងផ្ទាត់ជាមួយប្រភព ដទៃទៀត។

ការបញ្ជាក់បភព (Attribution): ការបង្ហាញប្រភពដែលបានប្រាប់ព័ត៌មាន ឬប្រភព ដទៃទៀត ដែល អ្នកកាសែតបានស្រង់ពត៌មានមក ដើម្បីឱ្យដឹងថាតើនរណាជាអ្នកនិយាយ ឬថាតើអ្នកយកព័ត៌មានបានព័ត៍មាននោះពីណាមក ។

សាវតា ឬ ប្រវត្តិ (Background): ជាព័ត៌មានដែលបញ្ចូលក្នុងរឿង ដើម្បីពន្យល់ បន្ថែមពីបរិការណ៍រឿង ទាំងប្រវត្តិហេតុការណ៍បច្ចុប្បន្ន និងអតីតកាល។ សូមអានពាក្យ បរិការណ៍។ សាវតារឿង ក៏សំដៅចំពោះ ព័ត៌មានផ្តល់ដោយប្រភពមួយ ដែលគេអាចយកទៅ ចុះផ្សាយដោយមិនបញ្ជាក់ប្រភពព័ត៌មាននោះ។

តុល្យភាព (Balance): ជាការផ្តល់ឱកាសឱ្យភាគីដែលពាក់ព័ទ្ធទាំងអស់ក្នុងរឿង ចម្រូងចម្រាស់មួយ និយាយអំពីបញ្ហារបស់គេ ហើយចុះផ្សាយព័ត៌មានពីគ្រប់ភាគីទាំងអស់ ដោយអព្យាក្រិត និងមិនលម្អៀងទៅរកភាគីណាមួយ ។

ប្លក់ (Blog): ជាការរាយការណ៍ព័ត៌មាន ឬបទអត្ថាធិប្បាយតាមរយៈអ៊ីនថឺណិត ដែលសរសេរដោយអ្នកកាសែត ឬបុគ្គលផ្សេងៗ អំពីបញ្ហា និងហេតុការណ៍នានា ឬអំពី ចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ឬប្រធានបទដែលគេ មានចំណាប់អារម្មណ៍ខ្លាំង។ ប្លក់បាន ក្លាយជាប្រភពដំណឹងដ៏សំខាន់មួយ និងជាវេទិកាអន្តរជាតិសម្រាប់ការពិភាក្សា ផ្សេងៗ។ ជួនកាល គេហៅថាវ៉ិបប្លក់ (Weblog) ។

នាមអ្នកនិពន្ធ (Byline): ជាឈ្មោះអ្នកសរសេរព័ត៌មានដែលគេដាក់នៅចន្លោះចំណងជើង និងអត្ថបទ។

ការចាប់ពិរុទ្ធ ( Censorship): ការដាក់កំហិតលើការចុះផ្សាយព័ត៌មាន ឬទស្សនៈ ដោយ រដ្ឋាភិបាល ឬ បុគ្គលដែលមានអំណាចដទៃទៀត ក្នុងនោះរួមមានការត្រួតពិនិត្យខ្លឹមសារ សារព័ត៌មានមួយមុននឹងចេញផ្សាយ ដោយរដ្ឋាភិបាល ។ ប្រសិនបើមានច្បាប់បែបនេះ រដ្ឋាភិបាលអាចហាមប្រាមសារព័ត៌មានមិនឱ្យចុះផ្សាយព័ត៌មាន រូបភាព ឬទស្សនៈណាមួយ ដែលគេមិនពេញចិត្ត ។ នៅក្នុងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យសេរី ជាគោលការណ៍ មិន មានការចាប់ពិរុទ្ធបែបនេះទេ លើកលែងតែក្នុងករណីកំពូលដែលផលប៉ះពាល់ និងគ្រោះថ្នាក់ នៃការចុះផ្សាយ មានទម្ងន់ធ្ងន់ជាងការគំរាមកំហែងលើសេរីភាពសារព័ត៌មាន ដូចជាការចុះ ផ្សាយរឿងអណាចារលើក៉ីមារជាដើម ។ ទោះបីជាយ៉ាងណា នៅក្នុងប្រទេសដែលលទ្ធិប្រជា ធិបតេយ្យមិនទាន់ពេញលក្ខណៈ អ្នកាសែតខ្លះធ្វើការចាប់ពិរុទ្ធ ខ្លួនឯង (self-censorship) ដោយចៀសវាងមិនផ្សាយព័ត៌មានដែលធ្វើឱ្យរដ្ឋាភិបាលមិនពេញចិត្ត និងបង្ក គ្រោះថ្នាក់ដល់ ខ្លួន ។

សំណួរបិទមុខ (Close-ended question)​​: ជាសំណួរដើម្បីស្វែងរកព័ត៌មានឱ្យ ជាក់លាក់។

ការសម្ងាត់ (Confidentiality): ជាការការពារភាពអនាមិករបស់ប្រភពដែលអ្នក កាសែតបានសន្យា ជាថ្នូរនឹងការផ្តល់ព័ត៌មានឱ្យ ។

ទំនាស់ផលប្រយោជន៍ (Conflict of interest): ជាភាពចម្រូងចម្រាស់ដែលកើត ឡើងនៅពេលដែលអ្នកកាសែតបណ្តោយឱ្យផលប្រយោជន៍ផ្ទាល់ខ្លួន ដូចជាមិត្តភាព ចំណងគ្រួសារ ជំនួញ ៘ មានឥទ្ធិពលទៅលើ ការយកព័ត៌មានរបស់ខ្លួន ។

ការមាក់ងាយតុលាការ (Contempt of court): បទល្មើសព្រហ្មទណ្ឌដែលកើតឡើង ដោយសារការល្មើសនឹងបទបញ្ញាតិ ឬបទបញ្ជារបស់តុលាការ។

បរិការណ៍ (Context): ជួនកាលហៅថា បរិបទ - ជាប្រវត្តិ​ ហេតុការណ៍ ស្ថានភាព ឬព័ត៌មានដទៃទៀត ដែលអ្នកអាន អ្នកស្តាប់ ឬទូរទស្សនិកជនចាំបាច់ត្រូវដឹង ដើម្បីជួយគេ ឱ្យយល់ហេតុការណ៍ និងការវិវត្តទៅមុខកាន់តែច្បាស់ ។

អ្នកឆ្លើយឆ្លងព័ត៌មាន (Correspondent): ជាអ្នករាយការណ៍ព័ត៌មាន ជាទូទៅប្រចាំនៅ តំបន់ឬប្រចាំប្រទេសណាមួយ ។

ជំនឿទុកចិត្ត (Credibility): ភាពដែលអាចទុកចិត្តបាននៃអ្នកកាសែត ឬ សារ ព័ត៌មានមួយ ។

ពេលកំណត់ (Deadline): ជាពេល ឬ ម៉ោងចុងក្រោយដែលសារព័ត៌មាននីមួយៗ កំណត់ឱ្យអ្នកយកព័ត៌មានបញ្ចប់រឿងរបស់ខ្លួនមុនពេលបណ្ណាធិការយកទៅកែសម្រួលដាក់ ចូលទៅក្នុងកាសែត និង បញ្ជូនទៅរោងពុម្ព។

ការបរិហារកេរ្ត៍ (Defamation): ព័ត៌មានដែលបានចុះផ្សាយ ហើយធ្វើឱ្យខូចដល់កេរ្ត៍ឈ្មោះ របស់មនុស្ស ម្នាក់ទៀត ។ ទោះបីជាយ៉ាងណា នៅក្នុងសង្គមសេរី មានតែព័ត៌មានមិនពិត ប៉ុណ្ណោះដែលគេអាចប្តឹងបាន។ គេមិន អាចផ្តន្ទាទោសចំពោះការពិតនោះទេ ទោះបីជាវាធ្វើ ឱ្យខូចកេរ្តិ៍ឈ្មោះក្តី។

សេចក្តីផ្តើមដំអក់ (Delayed lead): ឬសេចក្តីផ្តើមលាក់ - ជាបច្ចេកទេសក្នុងការ សរសេររឿងមួយ ដោយចាប់ផ្តើមដោយកូនរឿងតូចមួយ ការពណ៌នាដ៏រស់រវើក ការលើកជា ប្រវត្តិ ឬការបកស្រាយ មុននឹងចូលដល់កថាខ័ណ្ឌសាច់រឿង ដែលសង្ខេបខ្លឹមសារសំខាន់ នៃរឿង។

បណ្ណាធិការ (Editor): ជាអ្នកកាសែតដែលធ្វើសេចក្តីសម្រេចនូវអ្វីដែលត្រូវចុះផ្សាយ។ បណ្ណាធិការ ជាន់ខ្ពស់ ឬអគ្គនិពន្ធនាយក ជាអ្នកកំណត់គោលនយោបាយ ឬយុទ្ធសាស្ត្ររបស់ អង្គភាពសារព័ត៌មានមួយ។ បណ្ណាធិការខ្លះទៀត ជាអ្នកជ្រើសរើសប្រធានបទ ហើយចាត់តាំង អ្នកយកព័ត៌មានឱ្យទៅប្រមូល និងសរសេរព័ត៌មាន។ ចំណែកបណ្ណាធិការខ្លះ ជាអ្នកកែសម្រួល អត្ថបទកែវេយ្យាករណ៍ និងអក្ខរាវិរុទ្ធ។

វិចារណកថា (Editorial): ជាអត្ថបទទស្សនៈបង្ហាញនូវគោលជំហរដែលសារព័ត៌មាន មួយប្រកាន់យក ចំពោះបញ្ហាណាមួយ ។

ក្រមសីលធម៌សារព័ត៌មាន (Ethics in Journalism): ជាក្រមសីលធម៌ និងគោល ការណ៍វិជ្ជាជីវៈដែលអ្នកកាសែតត្រូវគោរពតាម។ គោលការណ៍ទាំងនេះ រួមមានការតាំងចិត្ត ប្រាប់ការពិត ដោយភាពសត្យានុម័ត និង ចៀសវាងទទួលឥទ្ធិពលពីផលប្រយោជន៍ផ្ទាល់ខ្លួន ការរក្សាការសម្ងាត់របស់ប្រភពព័ត៌មាន និងការបញ្ជាក់ប្រភព ដែលបាននិយាយ។

ភស្តុតាង (Evidence): ជាការពិត ឬព័ត៌មានផ្តល់ដោយអ្នកកាសែត ដែលមានបំណង បញ្ជាក់ថាសម្មតិកម្មដែលលើកឡើងនៅក្នុងរឿងស៊ើបអង្កេតមួយពិតជាត្រឹមត្រូវ។

ការពិត (Fact): ហេតុការណ៍ដែលបានកើតឡើង ឬធាតុផ្សេងៗនៃព័ត៌មានដែល បានបញ្ជាក់ថាត្រឹមត្រូវ។

យុត្តិធម៌ (Fair): ក្នុងសារព័ត៌មាន ភាពយុត្តិធម៌មានន័យចង្អៀតផង និងន័យទូលាយ ផង។ ក្នុងន័យចង្អៀត ភាពយុត្តិធម៌សំដៅចំពោះភាពស្មើគ្នានៃឱកាសផ្តល់ដល់ប្រភពសំខាន់ៗ ដែលពាក់ព័ន្ធនៅក្នុងរឿង ដើម្បីឱ្យ គេសម្តែងមតិរបស់គេ ឬពន្យល់អំពីគោលជំហររបស់គេ ឱ្យអស់សេចក្តី។ ក្នុងន័យទូលាយ ភាពយុត្តិធម៌មានន័យថា ភាពសត្យានុម័ត ភាពអព្យាក្រិត និងគំនិតបើកទូលាយ ក្នុងការធ្វើរឿងមួយ ដោយមានការតាំងចិត្តស្វែងរក សច្ចភាពផង និងកាត់បន្ថយនូវគ្រោះថ្នាក់ដែលអាចបង្កដោយសច្ចភាពផង។

អត្ថបទពណ៌នា (Feature): ជា រ៉ឿងបែបដំណឹងស្រទន់ ៉ ផ្ទុយពីរឿងកើតឡើងថ្មី។ វាជារឿងដែលគេសរសេរឱ្យអ្នកអានចាប់អារម្មណ៍ផង និងផ្តល់ព័ត៌មានផង ជាញឹកញាប់ មានប្រវែងវែង និង ស៊ីជម្រៅ ហើយរបៀបសរសេរមានលក្ខណៈដូចជាអក្សរសីល្ប៍ ដូចជាការ ប្រើការសន្ទនា និងការពណ៌នា។ រឿងពណ៌នា ជាធម្មតា ផ្តោតទៅលើស្ថានភាពមនុស្ស ។ រឿងពណ៌នាជាច្រើនទៀត និយាយអំពីជីវប្រវត្តិរបស់មនុស្ស ដែល គួរឱ្យចាប់អារម្មណ៍ ទាំងមនុស្សសំខាន់ ឬមនុស្សសាមញ្ញ។ រឿងពណ៌នាដទៃទៀត ធ្វើការពន្យល់ បកស្រាយ ពណ៌នា ឬអាចគ្រាន់តែរៀបរាប់រឿងដែលល្អមួយ។

សំណួរ “5Ws + H”: ជាសំណួរមូលដ្ឋានដែលអត្ថបទដំណឹងមួយត្រូវឆ្លើយ ក្នុងនោះ រួមមាន នរណា (Who?) អ្វី (What?) ពេលណា (When?) ឯណា (Where?) ហេតុអ្វី (Why?) និងដូចម្តេច (How?)។

រឿងបន្ត (Follow-up): ជារឿងបែបដំណឹង រាយការណ៍អំពីកីរាវិវត្តថ្មីៗ ឬផ្តល់ព័ត៌មានដែល មិនអាចរក បានទាក់ទងនឹងហេតុការណ៍ដែលរាយការណ៍នៅក្នុងរឿងមុន។

ដំណឹងក្តៅ (Hard news story): ជាដំណឹងសំខាន់ដែលទើបតែកើតឡើងថ្មីៗ ហើយជាទូទៅត្រូវបាន គេយកទៅចុះផ្សាយក្នុងទំព័រសារព័ត៌មាន ។

ចំណងជើង (Headline): ជាចំណងជើងរឿងនៅក្នុងកាសែត ឬទស្សនាវដ្តី។

រឿងអំពីចំណាប់អារម្មណ៍មនុស្ស (Human interest story): ជារឿងបែបពណ៌នា មួយដែលផ្តោតទៅ លើស្ថានភាពរបស់មនុស្ស និងធ្វើឱ្យរំជួលចិត្តចំពោះអ្នកអាន ។

សម្មតិកម្ម (Hypothesis): ការសន្និដ្ឋាន ឬ ការសន្មត ដើម្បីធ្វើជាមូលដ្ឋាននៃការ លើកហេតុផលចំពោះ ការចោទប្រកាន់សម្រាប់រឿងបែបស៊ើបអង្កេតមួយ ។

ពីរ៉ាមីតផ្ងារ (Inverted pyramid): អ្នកកាសែតខ្លះហៅថាពីរ៉ាមីតផ្កាប់ ឬសាជីផ្ងារ ។ វាគឺជារចនា សម្ព័ន្ធនៃដំណឹងមួយដែលយកព័ត៌មានសំខាន់ជាងគេដាក់នៅខាងលើ ហើយ ព័ត៌មាន និងសេចក្តីពិស្តារដែលមិនសូវ សំខាន់ដាក់នៅខាងក្រោម ។ ទម្រង់នេះអាចឱ្យអ្នក អានដឹងនូវខ្លឹមសារសំខាន់នៃដំណឹងបានឆាប់ ហើយបណ្ណាធិការ អាចកាត់អត្ថបទពីក្រោម ទៅលើ ដើម្បីតម្រូវចន្លោះដែលនៅសល់លើទំព័រ។

វិជ្ជាជីវៈសារព័ត៌មានបែបស៊ើបអង្កេត (Investigative journalism): ឬការយក ព័ត៌មានបែប ស៊ើបអង្កេត (Investigative Reporting) ។ វាជាវិជ្ជាជីវៈសារព័ត៌មាន ឬ ការយកព័ត៌មានមួយប្រភេទដែល តម្រូវឱ្យមានការស្រាវជ្រាវ និងការងារយ៉ាងច្រើន ដើម្បីជីក រកព័ត៌មានដែលកប់បាត់ ឬបិទបាំងដោយមនុស្សដែលទទួលប្រយោជន៍ពីការលាក់បាំងរឿង នោះមិនឱ្យគេចុះផ្សាយ។ រឿងស៊ើបអង្កេតជាច្រើន ជាញឹកញាប់ លាតត្រដាងនូវកំហុសឆ្គង ចំណែកឯរឿងផ្សេងទៀតផ្តល់ការពន្យល់យ៉ាងស៊ីជម្រៅថាតើហេតុការណ៍ស្មុគស្មាញ មួយបានកើតឡើងរបៀបណា។

ពាក្យបច្ចេកទេស (Jargon): ជាពាក្យឯកទេសដែលប្រើដោយអ្នកជំនាញ ឬក្នុង ការងារការិយាធិបតេយ្យ ដែលគេមិនប្រើប្រាស់ជាភាសាប្រចាំថ្ងៃ។

វិជ្ជាជីវៈសារព័ត៌មាន (Journalism): ការងារក្នុងការប្រមូល សរសេរ កែសមម្រួល និងបោះពុម្ពផ្សាយ ព័ត៌មាន តាម​រយៈកាសែត ទស្សនាវដ្តី វិទ្យុ ទូរទស្សន៍ និងអ៊ីនថឺណិត។

អ្នកកាសែត (Journalist): ជួនកាលគេហៅថាអ្នកសារព័ត៌មាន ដែលសំដៅចំពោះ អ្នក​ប្រកប​អាជីព​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ទាំងអ្នកយកព័ត៌មាន បណ្ណាធិការ អ្នកថតរូប និង អ្នកធ្វើការនៅក្នុងការិយាល័យនិពន្ធ ទាំងអស់ ។

សេចក្តីបញ្ចប់ពញ្ញាក់ (Kicker): ជាសេចក្តីបញ្ចប់ដោយរឿងគួរឱ្យភ្ញាក់ផ្អើល ឬឃ្លាពញាក់ស្មារតី។

សេចក្តីផ្តើម (Lead): ជាប្រយោគទីមួយ ឬប្រយោគពីរបីនៅខាងដើមរឿងមួយ។

អត្ថបទបង្ខូចកេរ្តិ៍ឈ្មោះ (Libel): ការចុះផ្សាយព័ត៌មានមិនពិតដែលបង្ហាញអត្តសញ្ញាណ និងបង្ហូចកេរ្តិ៍ ឈ្មោះបុគ្គលម្នាក់។

ប្រព័ន្ធផ្សព្វផ្សាយ (Media): សំដៅទៅលើប្រព័ន្ធផ្សព្វផ្សាយទាំងពីរប្រភេទ ក្នុងនោះ រួមមានប្រព័ន្ធ ផ្សព្វផ្សាយផ្នែកបោះពុម្ព មានកាសែត ទស្សនាវដ្តី និងសៀវភៅ និង ប្រព័ន្ធ ផ្សព្វផ្សាយអេឡិចត្រូនិច មានវិទ្យុ ទូរទស្សន៍ និងអ៊ិនថឺណិត ដែលផ្តល់ព័ត៌មានដល់ សាធារណៈ។

តម្រុយលុយ (Money trail): ជាការតាមដានលំហូរនៃលុយពុករលួយ ដើម្បីស្វែងរក និងរាយការណ៍ អំពីប្រភពនៃលុយ របៀប​ចំណាយ ឬការចំណាយមិនត្រឹមត្រូវ និងមូលហេតុដែលបណ្តាលឱ្យអំពើបែបខុសឆ្គងបែប នេះអាចកើតឡើងបាន ។

ការិយាល័យនិពន្ធ (Newsroom): ជាការិយាល័យដែលអ្នកកាសែតធ្វើការ។

ដែលមានតម្លៃជាដំណឹង (Newsworthy): ជាលក្ខណៈដែលព័ត៌មានគួរឱ្យចាប់ អារម្មណ៍ ឬសំខាន់ សម្រាប់អ្នកអាន អ្នក​ស្តាប់ និងអ្នកទស្សនា។ វាជាលក្ខណៈវិនិច្ឆ័យចំពោះ ហេតុការណ៍មួយ ថាតើវាមានធាតុសំខាន់ៗ ដែល​គេ​អាច​កំណត់​វា​ថា​ជា​ដំណឹង​ដែរ​ឬ​ទេ ។

កថាខ័ណ្ឌសាច់រឿង (Nuth graph): ជាកថាខ័ណ្ឌដែលសង្ខេបព័ត៌មានដែលសំខាន់ ជាងគេ ហើយបង្ហាញនូវមុំ ឬ ចំណុចផ្តោតនៃរឿង ជាពិសេសនៅក្នុងអត្ថបទដែលចាប់ផ្តើម ដោយសេចក្តីផ្តើមដំអក់ ។

ភាពសត្យានុម័ត (Objectivity): ជាលក្ខណៈសម្បត្តិនៃអត្ថបទព័ត៌មានមួយដែល គ្មានលម្អៀង ឬ បុរេនិច្ឆ័យ។ ការងារ​របស់​អ្នកកាសែត គឺត្រូវរាយការណ៍ការពិត ដោយមិន បញ្ចូលទស្សនៈផ្ទាល់ខ្លួន លើកលែងតែ នៅក្នុងអត្ថបទទស្សនៈ ឬ​វិចារណកថា ។

ក្រៅកំណត់ត្រា (Off the record): ជាព័ត៌មានដែលប្រភពនិយាយប្រាប់អ្នកកាសែត ប៉ុន្តែសុំមិនឱ្យ យកទៅចុះផ្សាយ ។ វា​ជា​កិច្ច​ព្រមព្រាង​មួយ​រវាងអ្នកយកព័ត៌មាន និងប្រភព ដែលថាព័ត៌មានដែលប្រភពផ្តល់ឱ្យ មិនត្រូវបានយកទៅចុះផ្សាយឡើយ ដោយ​គ្រាន់​តែ សម្រាប់ជួយអ្នកយកព័ត៌មានយល់ហេតុការណ៍នោះប៉ុណ្ណោះ។

ក្នុងកំណត់ត្រា (On the record): ជាព័ត៌មានដែលប្រភពនិយាយប្រាប់អ្នកកាសែត ហើយគេអាចឱ្យ យក​ទៅ​ចុះផ្សាយ​បាន ។

សំណួរបើកមុខ (Open-ended question): ជាសំណួរដែលតម្រូវឱ្យប្រភពព័ត៌មាន ឆ្លើយ ដោយធ្វើការបកស្រាយ និង ពន្យល់នូវចម្លើយរបស់ខ្លួន ។

ទស្សនៈ (Opinion): ជាជំនឿ ឬគំនិតផ្ទាល់ខ្លួនរបស់មនុស្សម្នាក់អំពីប្រធានបទ ឬបញ្ហាមួយ។

តម្រុយឯកសារ (Paper trail): ជាការដេញតាមរកឯកសារសំខាន់ៗ ដែលជាទូទៅ ត្រូវគេលាក់ ដើម្បី​ធ្វើ​ជា​ភស្តុតាង​គាំទ្រ​សម្មតិកម្ម​ណាមួយ​ដែល​កំណត់ដោយអ្នកធ្វើរឿង បែបស៊ើបអង្កេត ។

តម្រុយមនុស្ស (People trail): ជាខ្សែបណ្តាញនៃប្រភពព័ត៌មានសំខាន់ៗ ក្នុងនោះ រួមមានប្រភព អនាមិក ដែល​អ្នក​ធ្វើ​រឿង​បែប​ស៊ើប​អង្កេត​ចាំបាច់ត្រូវសម្ភាសន៍ ដើម្បីប្រមូល ភស្តុតាងការពារសម្មតិកម្ម និង ការចោទប្រកាន់របស់ខ្លួន ។

សព្ទចោរនិយម (Plagiarism): ការលួចចម្លងស្នាដៃអ្នកដទៃ ទាំងសំណេរ និងទ្រព្យ ជាកម្មសិទ្ធិបញ្ញាដទៃទៀត ហើយអះអាងថាជាស្នាដៃរបស់ខ្លួន ។

សព្ទចោរ (Plagiarist): អ្នកលួចចម្លងស្នាដៃអ្នកដទៃ ។

តឹកតាង (Proof): ការពិត ព័ត៌មាន ឯកសារ៘ ដែលបញ្ជាក់ឱ្យអ្នកអាន អ្នកស្តាប់ និងអ្នកទស្សនា ជឿ​ថា​រឿង​មួយ​ជា​រឿង​ពិត ។

រង្វាន់ភុលីតហ្សឺរ៍ (Pulitzer Prize): រង្វាន់ភុលីតហ្សឺរ៍ គឺជារង្វាន់ប្រចាំឆ្នាំសម្រាប់ សមិទ្ធផលផ្នែក សារព័ត៌មាន អក្សរសិល្ប៍ វិនាដកម្ម និងតន្ត្រីអាមេរិកាំង។ រង្វាន់នេះត្រូវបាន ផ្តល់ដោយសាកលវិទ្យាល័យខូឡុំបៀ នៅ​ទីក្រុង​ញូយ៉ក​តាំង​ពី​ឆ្នាំ ១៩១៧ ផ្អែកលើអនុសាសន៍ របស់គណកម្មការរង្វាន់ភុលីតហ្សឺរ៍។ មានរង្វាន់ចំនួន១៤ ដែលគេផ្តល់ឱ្យសម្រាប់សារព័ត៌មាន។ រង្វាន់​នេះ បង្កើតឡើងដោយយកឈ្មោះលោក ចូសិហ្វ ភុលីតហ្សឺរ៍ ដែលជា ចាងហ្វាងកាសែត អាមេរិកាំង ដែល​បាន​ឧបត្ថម្ភ​ដល់​សាលា​សារព័ត៌មាន និងរង្វាន់នេះផ្ទាល់។

ចាងហ្វាងការផ្សាយ (Publisher): អ្នកចេញដើមទុនដើម្បីបោះពុម្ពផ្សាយសារព័ត៌មានមួយ រួចហើយធ្វើ សេចក្តី​សម្រេច​លើ​កិច្ចការ​អាជីវកម្ម ដែលចាំបាច់ជួយឱ្យសារព័ត៌មាននោះដំណើរ ការទៅដោយចំណេញ។ នៅ កាសែតធំៗ ចាងហ្វាង​ការផ្សាយ​ខុស​ពី​អគ្គនិពន្ធ​នាយក ដែលជា អ្នកធ្វើសេចក្តីសម្រេចលើកីរាងារនិពន្ធដោយឯករាជ្យ អំពីអ្វីដែលត្រូវចុះផ្សាយ និង​ការបោះពុម្ពផ្សាយ​ទាំងមូល ។

សម្រង់សម្តី (Quote): កំណត់ត្រានៃសម្តីដែលប្រភពព័ត៌មានបាននិយាយ ។

អ្នកយកព័ត៌មាន (Reporters): អាចហៅថាអ្នករាយការណ៍ព័ត៌មាន។ ជាអ្នកកាសែតដែល ត្រូវ​បាន​គេ​ចាត់តាំង​ឱ្យ​ទៅ​ប្រមូល​ព័ត៌មាន​មកសរសេរជារឿងដើម្បីចុះផ្សាយ ។

អត្ថបទអម (Sidebar): ជារឿងបន្ទាប់បន្សំ ដែលពន្យល់ បកស្រាយ ឬរាយការណ៍ព័ត៌មាន លើជ្រុងណាមួយនៃរឿង ជា​ញឹក​ញាប់ ដោយប្រើខ្ទង់ទំព័រមួយ និងឬក៏គំនូរក្រាហ្វិក នៅលើទំព័រទស្សនាវដ្តី ឬកាសែត ដែលផ្តល់ព័ត៌មានអំពីរឿងធំ ឬ​មាតិកា​រឿង ។

សម្តីបង្ខូចកេរ្តិ៍ (Slander): ស្រដៀងគ្នានឹងអត្ថបទបង្ខូចកេរ្តិ៍ឈ្មោះ គ្រាន់តែវាជាសម្តី ជាជាងជា លាយលក្ខណអក្សរ។

ប្រភព (Source): ជាមនុស្សដែលផ្តល់ព័ត៌មានដែលមានតម្លៃជាដំណឹងដល់អ្នកយកព័ត៌មាន ទោះបីជា លក្ខណៈក្នុង ឬ​ក្រៅ​កំណត់​ត្រាក្តី ឬគ្រាន់តែទុកជា ស៉ាវតារឿង ដ៉ោយមិនអាចបញ្ជាក់ប្រភពក្តី។

អ្នកឆ្លើយឆ្លងព័ត៌មានឯករាជ្យ (Stringer): ជាអ្នករាយការណ៍ព័ត៌មានឯករាជ្យប្រចាំនៅតំបន់ ឬ ប្រទេសណាមួយ ។

រចនាបទ (Style): ការកំណត់ភាសា និងរបៀបសរសេរ ដែលកាសែតមួយឯកភាពយកមក ប្រើប្រាស់ ។ ឧទាៈ កាសែត​រស្មី​កម្ពុជា​បាន​ជ្រើសរើសសរសេរអក្សរខ្មែរ ដោយប្រើព្យាង្គតម្រួត ជាជាងព្យាង្គរាយ ដើម្បី សរសេររឿងទាំងអស់។

ភាពអត្តនោម័ត (Subjectivity): ស្ថានភាពនៃការសរសេរព័ត៌មានដោយផ្អែកលើជំនឿ ឬទស្សនៈផ្ទាល់ ខ្លួន​របស់​អ្នកកាសែត ជាជាងផ្អែកលើការពិត ។

សេចក្តីផ្តើមសង្ខេបខ្លឹមសារ (Summary lead): ជាសេចក្តីផ្តើមប្រពៃណីដែលគេប្រើប្រាស់ សម្រាប់ ចាប់ផ្តើម​ដំណឹង​ក្តៅ​ភាគ​ច្រើន។ វាជាប្រយោគពីរបីខាងដើមនៃដំណឹងមួយ ដែល ជាទូទៅសង្ខេបនូវហេតុការណ៍ ហើយឆ្លើយនឹងសំណួរខ្លះ ឬ​សំណួរ​ទាំងអស់​នៃ សំណួរ “5Ws + H” ។

កាសែតខ្នាតមធ្យម (Tabloid): ជាលក្ខណៈបច្ចេកទេស វាជាកាសែតដែលមានទំហំតូច ជាងកាសែតខ្នាតធំ ។ ប៉ុន្តែ ជាទូទៅ វាជាកាសែតទាំងឡាយណាដែលសរសេរខ្ជះខ្ជាយ ហើយមានរូបភាពច្រើនលើសលប់ ផ្តោត លើរឿងឧក្រិដ្ឋកម្ម មនុស្ស​ល្បីល្បាញ កីឡា និងដំណឹងដទៃទៀតដែលមានចំណាប់អារម្មណ៍មនុស្សខ្លាំង។

ឃ្លាភ្ជាប់សេចក្តី (Transition): ជាពាក្យគន្លឺះ ឃ្លា ប្រយោគ ឬកថាខ័ណ្ឌប្រើសម្រាប់ តភ្ជាប់សាច់រឿង ពី​ខ្លឹមសារ​មួយ​ទៅ​ខ្លឹមសារ​មួយ និង ពីកថាខ័ណ្ឌមួយទៅកថាខ័ណ្ឌមួយ ទៀតឱ្យហូរតាមលំដាប់លំដោយសមស្រប ពីដើមរហូតដល់ចប់ ។

ការផ្ទៀងផ្ទាត់ (Verification ): ជាការត្រួតពិនិត្យព័ត៌មានដែលមិនច្បាស់លាស់ ឬចម្រូង ចម្រាស់ឡើងវិញ ជាមួយ​ប្រភព​ដទៃ​ទៀត ឬជាមួយឯកសារ និង ដោយការអង្កេតផ្ទាល់ខ្លួន ដើម្បីធ្វើឱ្យប្រាកដថាព័ត៌មានដែល ទទួលបានពិតជាត្រឹមត្រូវ ។

ផែនការការងារ (Work plan): ជាផែនការធ្វើព័ត៌មានដែលស្មុគស្មាញ ដូចជាព័ត៌មាន បែបស៊ើបអង្កេត សម្រាប់បង្ហាញផ្លូវដល់អ្នកកាសែតក្នុងការប្រមូលព័ត៌មាន កំណត់មនុស្ស ដែលត្រូវសម្ភាសន៍ ព័ត៌មាន និងឯកសារ ដែលត្រូវការ កន្លែងដែលត្រូវទៅ ពេលវេលា និង ថវិកាដែលត្រូវចំណាយ។

សារព័ត៌មានពណ៌លឿង (Yellow Journalism): ជាការប្រើវិធីមិនសមស្រប និង ខុសក្រមសីលធម៌ វិជ្ជាជីវៈ ក្នុង​ការសរសេរ​ព័ត៌មាន​ដើម្បី​ទាក់ទាញ​អ្នកអាន ។ ពាក្យនេះ កើតឡើងនៅអំឡុងទសវត្សឆ្នាំ១៨៩០ នៅ​ពេល​ដែល​កាសែត​មួយ​នៅ​សហរដ្ឋ​អាមេរិក បោះពុម្ពកាសែតទំព័រលឿង ហើយចុះផ្សាយព័ត៌មានមិនពិត ដើម្បី លក់កាសែតឱ្យដាច់ ។

ឯកសារ​យោង[កែប្រែ]

  1. សន្ទានុក្រមវាក្យស័ព្ទសារព័ត៌មាន (Glossary of Journalistic Terms)