សហគមន៍អេកូទេសចរណ៍ព្រែកត្នោត

ពីវិគីភីឌា

ទីតាំងភូមិសាស្រ្តនៃសហគមន៍អេកូទេសចរណ៍ព្រែកត្នោត[កែប្រែ]

ខេត្តកំពតមានសហគមន៍ទេសចរណ៍ចំនួន ៤កន្លែង ដែលកំពុងដំណើរការនាពេលបច្ចុប្បន្ន មានដូចជា សហគមន៍ទេសចរណ៍ព្រែកត្នោត ( អន្លង់ធំ ) សហគមន៍ទេសចរណ៍ត្រពាំងសង្កែ សហគមន៍ទេសចរណ៍      កំពង់សាមគ្គី និងសហគមន៍ទេសចរណ៍បឹងអន្លង់ព្រីង ។ សហគមន៍ទេសចរណ៍ ដែលមានលក្ខណៈលេចធ្លោជាងគេក្នុងចំណោមហគមន៍ទេសចរណ៍ទាំងបួនមានចំនួន ២សហគមន៍គឺ សហគមន៍ទេសចរណ៍ត្រពាំសង្កែ និងសហគមន៍ទេសចរណ៍ព្រែកត្នោត ( អន្លង់ធំ ) ។ សហគមន៍អេកូទេសចរណ៍ព្រែកត្នោត មានទីតាំងស្ថិតនៅភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ។ សហគមន៍អេកូទេសចរណ៍ព្រែកត្នោត ( អន្លង់ធំ ) មានចម្ងាយផ្លូវ ១៧៨ គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៣ ដែលស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ ១៧៧ និង ១៧៨ ពីភ្នំពេញមកដល់ច្រកចូលសហគមន៍រួចបត់ស្តាំបន្តដំណើរតាមផ្លូវកា្រលគ្រួសក្រហមប្រមាណ ១៦០០ម៉ែត្រ ទើបដល់សហគមន៍អេកូទេសចរណ៍ព្រែកត្នោត ដែលមានទីតាំងស្ថិតនៅចន្លោះខេត្តព្រះសីហនុ និងទីរួមខេត្តកំពត ។ ភ្ញៀវទេសចរអាចទៅដល់បានដោយឡានទេសចរណ៍ធំតូច តាក់ស៊ីក៏បាន ។ សហគមន៍អេកូទេសចរណ៍ព្រែកត្នោតមានចម្ងាយ ៣០គីឡូម៉ែត្រពីទីរួមខេត្តកំពត ភ្ញៀវទេសចរត្រូវធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៣ ភាគខាងលិច និង៧៥គីឡូម៉ែត្រពីខេត្តព្រះសីហនុ តាមបណ្តោយផ្លូវជាតិលេខ៤ កាត់តាមផ្លូវជាតិលេខ ៣ ត្រង់ចំណុចផ្លូវបំបែកវាលរេញ ។

ប្រវត្តិនៃការបង្កើតសហគមន៍[កែប្រែ]

ប្រជាជនដែលរស់នៅក្នុងឃុំព្រែកត្នោតភាគច្រើនប្រកបរបរនេសាទនៅតាមមាត់សមុទ្រ ធ្វើស្រែចំការ និងអាស្រ័យ ផលធនធានធម្មជាតិព្រៃឈើ ដូចជាបរបាញ់សត្វ កាប់អុស កាប់ឈើធ្វើផ្ទះ និងមុខរបរផ្សេងៗទៀតជាច្រើន ។ ក្រោយមកឆ្នាំ ២០០២ រដ្ឋាភិបាលមានគម្រោងប្រគល់ ដីនៅតាមតំបន់ព្រៃឈើនៅជើងភ្នំ នៅក្នុងឃុំ ដើម្បីធ្វើសម្បទាអោយក្រុមហ៊ុនធ្វើការអភិវឌ្ឍនៅតំបន់នោះ ប៉ុន្តែប្រជាជននៅក្នុងឃុំព្រែកត្នោតដែលធ្លាប់អាស្រ័យផលនៅនិងដី ព្រៃ ទឹកជាដើម ក៏នាំគ្នាដាក់សេចក្តីស្នើរសុំកុំអោយយកទៅសម្បទា ការស្នើសុំមិនបានសម្រេចប្រជាជនបាននាំគ្នាតវ៉ារហូតដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដល់ឆ្នាំ២០០៣ រាជរដ្ឋាភិបាលបានប្រគល់ដីព្រៃដែលធ្វើសម្បទាអោយទៅប្រជាជនវិញ ។ ប៉ុន្តែដោយសារការកើតមានបញ្ហាបទល្មើសកាប់ព្រៃឈើ និងបរបាញ់សត្វច្រើនពេក បានធ្វើឱ្យខាងក្រសួងបរិស្ថានបានរៀបចំដាក់ឃុំព្រែកត្នោតទៅជាសហគមន៍តំបន់ការពារ នៅពេលបង្កើតដំបូងមានឈ្មោះថា "សហគមន៍តំបន់ការពារធម្មជាតិឃុំព្រែកត្នោត" ដែលមានការចូលរួមដោយស្ម័គ្រចិត្តពីប្រជាជន អាជ្ញាធរដែនដី និងមានការសម្របសម្រួលពីអង្គការសង្គ្រោះសត្វព្រៃកម្ពុជា ដែលហៅកាត់ថា SCW បានជួយរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិនេះឡើង ។ រហូតដល់ចុងខែវិច្ឆិកា ឆ្នាំ ២០០៧ ក្រោមការសម្របសម្រួលពីអង្គការសង្គ្រោះសត្វព្រៃកម្ពុជា ប្រជាជន អាជ្ញាធរឃុំ និងតំណាងឧទ្យានជាតិមុនីវង្សបូកគោបានបង្កើតនូវតំបន់អេកូទេសចរណ៍ធម្មជាតិមួយ ដែលមានឈ្មោះថា តំបន់ទេសចរណ៍ធម្មជាតិព្រែកត្នោត ដែលភាសាតំបន់ហៅថា អន្លង់ធំ ដើម្បីជាកន្លែងសម្រាប់ភ្ញៀវទេសចរទៅលេងកម្សាន្តងូតទឹកជ្រោះ ដាំដើមកោងកាង សិក្សាពីប្រពៃណីសហគមន៍ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗទៀតដែលធ្វើអំពីផ្តៅ[១]

ទេសចរណ៍ធម្មជាតិ គឺជាវិធីសាស្រ្តសម្រាប់ឱ្យប្រជាជនរកប្រាក់ចំណូល ដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគេផ្សារភ្ជាប់ជាមួយសកម្មភាពការអភិរក្សដោយ មិនពឹងផ្អែកទាំងស្រុងទៅលើធនធានធម្មជាតិហើយ និងដើម្បីបញ្ឈប់ការបំផ្លិចបំផ្លាញធនធានធម្មជាតិ ។ សហគមន៍អេកូទេសចរណ៍មានផ្ទៃដីចំនួន ១៧៧ ហិចតា           ( ១៧៦.៩១២ ហិចតា ) ស្ថិតនៅក្នុងភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត និងស្ថិតនៅក្នុងតំបន់ការពារនៃ ឧទ្យានជាតិព្រះមុនីវង្ស " បូកគោ " ។  ក្រោមការសម្របសម្រួលដោយអង្គការសង្គ្រោះសត្វព្រៃកម្ពុជា រួមជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាជនទាំងអស់ក្នុងឃុំបានសហការ និងឯកភាពគ្នាបង្កើតនូវតំបន់អេកូទេសចរណ៍ធម្មជាតិមួយមានឈ្មោះថា តំបន់ទេសចរណ៍ធម្មជាតិព្រែកត្នោត នៅចុងខែ វិច្ឆិកា ឆ្នាំ ២០០៧ ដែលគ្របដណ្តប់នៅលើផ្ទៃដី ១៧៦.៩១២ ហិចតា ជាដីព្រៃដែលគ្រប់ដណ្តប់ដោយសហគមន៍មូលដ្ឋាន[២]

គោលបំណងនៃការបង្កើតសហគមន៍[កែប្រែ]

សហគមន៍អេកូទេសចរណ៍ព្រែកត្នោត បង្កើតឡើងក្នុងគោលបំណងដូចជា ដើម្បីការពារធនធានធម្មជាតិនិងសត្វព្រៃ ថែរក្សា ការពារវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីនៅក្នុងសហគមន៍ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជនឱ្យបានប្រសើរឡើងជាងមុន ផ្លាស់ប្ដូរបទពិសោធន៍ ចំណេះដឹង គ្នាទៅវិញទៅមកជាមួយទេសចរ      និងប្រជាជន ធ្វើការអភិវឌ្ឍសហគមន៍ឱ្យមានភាពរីកចម្រើននាពេលអនាគត រួមចំណែកកាត់បន្ថយភាពក្រីក្រក្នុងតំបន់ បណ្តុះបណ្តាលអប់រំដល់ប្រជាជន បង្កើនការយកចិត្តទុកដាក់លើសន្តិសុខ សុវត្តិភាព ក្នុងតំបន់ បានធ្វើឱ្យភ្ញៀវជាតិ និងអន្តរជាតិបានស្គាល់ពីសក្តានុពលទេសចរណ៍នៅក្នុងសហគមន៍ ។ លើសពីនេះទៀត សហគមន៍ អេកូទេសចរណ៍ព្រែកត្នោតបង្កើតឡើង ក្នុងគោលបំណងដូចខាងក្រោម[៣]

  1. ចូលរួមថែរក្សាការពារធនធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីធានាបាននូវការផ្គត់ផ្គង់ផលអនុផលព្រៃឈើដល់សហគមន៍មូលដ្ឋាន​ក្នុងការប្រើប្រាស់ឱ្យនិរន្តរភាពដល់កូនចៅជំនាន់ក្រោយ។
  2. ចូលរួមជួយការពារធនធានធម្មជាតិខាងក្នុង និងខាងក្រៅព្រៃសហគមន៍ ដែលស្ថិតនៅក្នុងតំបន់ការពារ ឧទ្យានជាតិមុនីវង្សបូកគោ ។
  3. ចូលរួមអនុវត្តន៍គោលនយោបាយរបស់រដ្ឋាភិបាលលើកិច្ចការពារ និងថែរក្សាធនធានធម្មជាតិឱ្យមាននិរន្តរភាព តាមរយៈការចូលរួមរបស់សហគមន៍មូលដ្ឋាន ។
  4. ដើម្បីប្រកបមុខរបរចិញ្ចឹមជីវិតសម្រាប់សហគមន៍មូលដ្ឋានដោយផ្សារភ្ជាប់នូវនិរន្តរភាពបរិស្ថាន សេដ្ឋកិច្ច និងសង្គម ។
  5. ដើម្បីកែលំអរលក្ខខណ្ឌរស់នៅរបស់សមាជិកនៅក្នុងសហគមន៍មូលដ្ឋាន ។
  6. ដើម្បីរៀបចំនូវគុណភាពសេវាកម្មមួយចំនួនសម្រាប់បម្រើទៅដល់ភ្ញៀវទេសចរ ។
  7. ដើម្បីការពារធនធានធម្មជាតិ និងការអប់រំបរិស្ថានក្នុងចំណោមសហគមន៍ និងភ្ញៀវទេសចរ ។

ប្រកាសស្ដីអំពីការបង្កើត និងការគ្រប់គ្រងតំបន់ព្រៃសហគមន៍ក្នុងខេត្តកំពតរបស់ក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ក្នុងសេចក្តីសម្រេចប្រការ២បានកំណត់ថា ការបង្កើតតំបន់ការពារសហគមន៍នេះមានគោលបំណងដូចជា[៤]

  1. គ្រប់គ្រង ប្រើប្រាស់ ការពារ ថែរក្សា អភិរក្សជីវៈចម្រុះនិងអភិវឌ្ឍន៍ព្រៃសហគមន៍ឱ្យមាននិរន្តរភាព ។
  2. ប្រើប្រាស់ផលអនុផលព្រៃឈើជាលក្ខណៈប្រពៃណីសម្រាប់ការរស់នៅទំនៀមទម្លាប់ និងសាសនា ។
  3. ទាញយកផល អនុផលព្រៃឈើស្របតាមលទ្ធភាពធនធាននិងសក្តានុពលព្រៃឈើសហគមន៍ ។
  4. គាំទ្រដល់គោលនបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ ។

ឯកសារយោង[កែប្រែ]

  1. តាមរយៈការសម្ភាសដោយផ្ទាល់ជាមួយលោក ឆោម ឈុំ ដែលជាប្រធានគណៈកម្មការសហគមន៍អេកូទេសចរណ៍ព្រែកត្នោត នៅ      ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុងសហគមន៍។
  2. លក្ខន្តិកៈរបស់គណៈកម្មការគ្រប់គ្រងទេសចរណ៍ធម្មជាតិព្រែកត្នោតនៃសហគមន៍ការពារធម្មជាតិឃុំព្រែកត្នោតទំព័រទី១ ។
  3. លក្ខន្ដិកៈសហគមន៍ការពារធម្មជាតិឃុំព្រែកត្នោតនៃឧទ្យានជាតិព្រះមុនីវង្សបូកគោ ទំព័រទី១។
  4. ប្រកាសស្ដីអំពី ការបង្កើតនិងការគ្រប់គ្រងតំបន់ព្រៃសហគមន៍ក្នុងខេត្តកំពតរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឆ្នាំទី១២     លេខ០១ សប្តាហ៍ទី១ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១២ រាជកិច្ចទំព័រទី៤២។