សារប្រយោជន៍នៃការអាន

ពីវិគីភីឌា
Jump to navigation Jump to search

សារៈប្រយោជន៍នៃការអាន

ដោយលោក នភ ហង្សផលា ខែកក្កដា២០១០


សៀវភៅជាឃ្លាំងប្រាជ្ញា ដែលអ្នកប្រាជ្ញនានាបានចងក្រងឡើង ដើម្បីណែនាំមនុស្ស អោយ បណ្តុះសតិប្រាជ្ញានិងការចេះដឹងរបស់ខ្លួន អោយកាន់តែភ្លឺថ្លាពណ្ណរាយ ថ្កុំថ្កើងជាងមុនជានិច្ច។ ការអាន ច្រើន អាចធ្វើអោយមនុស្សទាំងឡាយក្នុងសង្គម មានឱកាសបានទទួល នូវគំនិតល្អៗជាច្រើន សម្រាប់ ស្រង់ យកមកគិតពិចារណា ហើយយកមកប្រើប្រាស់ជាប្រយោជន៍ ដល់ការរស់នៅរបស់យើង គ្រប់ៗគ្នា ឆ្ពោះទៅរកសេចក្ដីចម្រើន ភាពដុះដាល ថ្កើងថ្កាន ភ្លឺស្វាងក្នុងជីវិត។ ដូច្នេះ យើងគប្បី ប្រឹងព្យាយាមជ្រើសរើសសៀវភៅល្អៗ អោយបានច្រើន ដើម្បីបណ្ដុះប្រាជ្ញារបស់យើងម្នាក់ៗ ទៅរក ឧត្ដមភាព ជាមនុស្សដែលមានកត្តិនាមថ្លៃថ្នូរក្រៃលែង នៅក្នុងសង្គម។

យើងនាំគ្នាអានដើម្បី៖

- កំសាន្តសប្បាយពេលទំនេរ - លំហែអាម្មណ៍ បន្លប់ទុក្ខកង្វល់ដែលកំពុងរំខាននៅក្នុងចិត្ត - បង្កើនចំណេះដឹង ទូលំទូលាយក្នុងជីវិត ដើម្បីបណ្តុះវិជ្ជាជីវៈ មុខរបរនិងបង្កើនជីវភាព រស់នៅ អោយបានកាន់តែប្រសើរឡើងជាងមុន។ - ចម្រើនសតិ និង ប្រាជ្ញា អោយដឹងច្បាស់ អំពី អ្វីល្អី អ្វីអាក្រក់ ភាពទទួលខុសត្រូវ វិន័យ គុណធម៌ និង សីលធម៌ - បង្កើនចំណេះដឹង ផ្នែកអក្សរសាស្រ្តស្គាល់ពាក្យកាន់តែច្រើន ពាក្យចាស់ពាក្យថ្មី ពាក្យពិរោះ ពាក្យប្រសើរៗ ដើម្បីយកមកប្រើប្រាស់ ក្នុងការនិយាយ និង ការសរសេរ អោយបាន កាន់តែល្អពណ្ណរាយឡើង។

សៀវភៅល្អៗសម្រាប់យើងជ្រើសរើសយកមកអានមានដូចជា៖

- សៀវភៅអត្ថបទសិក្សា ដែលមានចងក្រងជាកំណាព្យ ប្រលោមលោក រឿងព្រេង រឿងនិទានខ្លីៗ ច្បាប់ក្រមច្បាប់អប់រំនានាសៀវភៅវប្បធម៌ - សៀវភៅបង្រៀនពីវិជ្ជាជីវៈ វិជ្ជាធ្វើម្ហូប របៀបតុបតែងលំនៅឋាន ប្រវត្តិសាស្រ ភូមិសាស្ត្រ វិទ្យាសាស្ត្រ - សៀវភៅអំរប់សតិស្មារតីមាន សៀវភៅធម៌ ជំនួយសតិ សៀវភៅរៀនសមាធិ - កាសែតពត៌មានដើម្បីស្តាប់ដំណឹងទូទៅ ប្រចាំថ្ងៃនៅក្នុងសង្គម

ជំនួយគំនិតខាងការអាន៖

- ម្ហូបអាហារជាចំណីបំប៉នរាងកាយ។ ដូចគ្នានេះដែរ គំនិតប្រសើរទាំងឡាយ ជាចំណីបំប៉ន សតិប្រាជ្ញារបស់មនុស្ស។ - ការអានជាកូនសោរ បើកទ្វារឆ្ពោះទៅរកចំណេះដឹងទូលំទូលាយទាំងឡាយ... - សៀវភៅល្អជាគ្រូអាចារ្យដែលបង្រៀនយើងមួយនឹងមួយយ៉ាងស្ងៀមស្ងាត់ - សៀវភៅល្អគឺជាមិត្តល្អរបស់យើងនៅពេលយើងគ្មាននរណាទាំងអស់នៅក្នុងជីវិត - សៀវភៅល្អគឺជាអ្នកដឹកនាំឬជាចង្កៀងបំភ្លឺផ្លូវជីវិតឆ្ពោះទៅរកជីវិតក្សេមក្សាន្តរុងរឿង។

សំណូមពរ៖

បើអ្នកអានប្រាថ្នាស្វែងរក ភាពរីករាយកំសាន្ដ ពីការអានសៀវភៅវិញនោះ យើងគួរគប្បី ជ្រើសរើស រកសៀវភៅណា ដែលមានលក្ខណៈសមរម្យ ក្នុងន័យកំសាន្ត កុំអោយរំលងឃ្លាឃ្លាត ពីវិន័យ សីលធម៌ សុជីវធម៌ និងគុណធម៌ ព្រោះថាការអានសៀវភៅ បែបកំប្លុកកំប្លែង អាសអាភាស ពាសវាលពាសកាល នឹងនាំអោយខ្លួនយើង ទទួលនូវឥទ្ធិពលជីវិតដែលខ្វះភាពថ្លៃថ្នូរប្រពៃ ជាទីបំផុត ប្រៀបស្មើបានដូចជា យើងសេពគប់មិត្តទាំងឡាយ ដែលប្រព្រឹត្តមិនប្រពៃក្នុងជីវិត ដូចគ្នាដែរ។ ធម្មតា រសជាតិនៃការស្រង់គំនិត និងចំណេះវិជ្ជា ពីការអានសៀវភៅប្រសើរៗ គឺជាចំណី បំប៉នអារម្មណ៍របស់យើង អោយកាន់តែមានសុខុមាលភាពល្អ បំប៉នសតិយើង អោយកាន់តែភ្លឺស្វាង ក្នុងផ្លូវប្រពៃសុចរិត គុណធម៌និងសុវត្ថិភាពនិងអោយកាន់តែមាន ប្រាជ្ញាចេះដឹងទូលំទូលាយ មិនខុសឡើយ ពីម្ហូបចំណីអាហារ ដែលយើងទទួលទាន សម្រាប់ទ្រទ្រង់រាងកាយរបស់យើង ដូច្នោះ ដែរ។ បើបានទទួលចំណីល្អ (មានន័យថាសៀវភៅ ដែលមានរសជាតិ បណ្តុះសុខភាព និងសតិប្រាជ្ញា ល្អ) សុខភាពយើង ក៏បានលូតលាស់ដុះដាល ល្អប្រសើរ គ្មានជំងឺ គ្មានការរំខានក្នុងជីវិតឡើយ។ តែបើយើងទទួលឥទ្ធិពល ពីចំណីពិសពុល ប្រកបដោយមេរោគរំខានជីវិតវិញនោះ យើងក៏នឹងត្រូវរង នូវវិបត្តិក្នុងជីវិតរបស់ខ្លួន មិនខានដែរ។ ដូច្នេះ ក្នុងឋានៈជាមនុស្ស ដែលត្រេកការចេះដឹង ត្រេកការកំសាន្តសប្បាយ ត្រេកសុខុមាលភាពនៃចិត្តនិងសតិប្រាជ្ញា យើងគប្បីរៀនជ្រើសរើស សៀវភៅ សម្រាប់យកមកសេពជាគ្នា នៅក្នុងជីវិត។


ចម្រៀង៖ យើងនាំគ្នាអាន

និពន្ធបទភ្លេងនិងទំនុកច្រៀង ដោយលោក នភ ហង្សផលា ខែកក្កដា២០១០


១. ឱ! មិត្រកល្យាណ ម៉ោះ! យើងនាំគ្នាអាន បង្កបង្កើនប្រាជ្ញា

បណ្ដុះចំណេះចេះដឹង អោយបានភ្លឺថ្លា

ដើម្បីនាំអាត្មា អោយភ្លឺស្វាងរុងរឿង នៅក្នុងជីវិត។

២. ឱ! មិត្រកល្យាណ ម៉ោះ! យើងនាំគ្នាអានសៀវភៅដ៏ល្អវិចិត្រ

អានកាព្យ អានបទចម្រៀង ច្រៀងលេងនឹងមិត្ត

ពិរោះប្រសិទ្ធ អោយធូរស្រាលអារម្មណ៍ ដួងចិត្តសុខា។

៣.ឱ! មិត្រកល្យាណ ម៉ោះ! យើងនាំគ្នាអាន រឿងក្នុងសាស្រ្តា

អានសារពត៌មាន សៀវភៅធម៌អាឋ៌

សៀវភៅសិក្សា បង្កើនសតិប្រាជ្ញា អោយបានទូលាយ។

៤.ឱ! មិត្រកល្យាណ ម៉ោះ! យើងនាំគ្នាអាន ទាំងចិត្តរីករាយ

ស្វែងរក​ ប្រយោជន៍ចម្រើន ចំណេះវេចស្ពាយ

សាងជីវិតពណ្ណរាយ សប្បាយរីករាយ រុងរឿងរៀងទៅ។