សាស្ត្រា​ជុច

ពីវិគីភីឌា

លំនាំដើម[កែប្រែ]

ដើម្បីបានជាពន្លឺសម្រាប់អ្នកអាន អ្នកសិក្សាស្រាវជ្រាវស្នាដៃអត្ថបទសាស្ត្រាជុចនេះ យើងសុំល្បងធ្វើការពិនិត្យសង្កេតជាមុនដូចតទៅ ៖

ប្រភព[កែប្រែ]

សេចក្ដីផ្ដើមក្ដី សេចក្ដីបញ្ចប់ក្ដី នៃសាស្ត្រានេះ ឥតមានបញ្ជាក់ប្រាប់ថា រឿងនេះ មានប្រភពដើមដកស្រង់ ឬ ប្រតិស្ឋយកពីក្នុងទីណា គម្ពីរណាឡើយ ។ ហេតុនេះ នាំឲ្យអ្នកសិក្សាសម្គាល់ទុកជាសេចក្ដីសន្មតិមួយទៅតាមប្រភេទអត្ថបទ តាមលក្ខណៈអក្សរសាស្ត្រទៅវិញ ។
អត្ថបទនេះ ជាប្រភេទរឿងល្បើក (Fable) ដែលមានលក្ខណៈសម្គាល់ត្រង់ :
- សរសេរជាពាក្យកាព្យ សម្ដូខ្លី ៗ តែច្បាស់មិនអណ្ដែតអណ្ដូង
- ដំណើររឿងខ្លី ៗ គ្រាន់តែឲ្យជាគតិដំបូន្មាន
- យកតួអង្គជាសត្វ ជាធម្មជាតិ (ជុច និង ត្រី)
ដូច្នេះ រួមសេចក្ដីទៅ គឺសាស្ត្រាជុច មានប្រភពជារឿងល្បើកដែលកវីនឹងឃើញ ប្រដូចប្រចមគំនិតទៅនឹងដំណើររឿងយ៉ាងខ្លី ។

កាលបរិច្ឆេទ[កែប្រែ]

ក្នុងអត្ថបទសាស្ត្រានេះ គ្មានចុះកាលបរិច្ឆេទនៃការតែងរឿងទេ នាំឲ្យមានការលំបាករាវរកឲ្យបានច្បាស់ ។ បើប្រសិនជាយកសម្ផស្សកាព្យ សំនួរវោហារ ពាក្យសម្ដីដែលប្រើក្នុងនេះ មកធ្វើជាគ្រឿងឆ្លុះមើលពេលវេលា យើងសម្គាល់បានថា អត្ថបទនេះមិនឆ្ងាយហួសពីសតវត្សទី ១៨ ឬ ១៧ ទេ ។ ព្រោះថា បើអត្ថបទសរសេរពីសតវត្សទី ១៦ – ១៥ ឡើងទៅនោះ មានពាក្យសម្ដីប្លែកច្រើនពីភាសាយើងសព្វថ្ងៃ ដូចមានពាក្យខ្មែរបុរាណសុទ្ធ, ពាក្យក្លាយមកពីបាលី – សំស្ក្រឹតច្រើន….. ។

អ្នកនិពន្ធ[កែប្រែ]

នាមអ្នកនិពន្ធក៏មិនបានកំណត់ក្នុងសាស្ត្រានេះដែរ ដូច្នេះ យើងពុំអាចដឹងថាជាស្នាដៃលោកណាតែងឡើយ ។
តាមចាស់ ៗ និយាយត ៗ គ្នា : ខ្លះថា លោកតា សុគន្ធមានបុណ្យ ដែលជានាយកសង្ឃក្នុងសតវត្សទី ១៧ ជាអ្នកតែង ព្រោះលោកធ្លាប់បានតែងសាស្ត្រាច្បាប់ឯទៀតដែរ ដូចជាច្បាប់ក្រមជាដើម ។ មិនតែប៉ុណ្ណោះ គេនិយាយថា លោតតា សុគន្ធមានបុណ្យ ចង់ប្រដៅមនុស្ស ពិសេសគឺសិស្សគណផ្ទាល់របស់លោក ឲ្យស្គាល់នូវកម្លាំងនៃ “ទុក្ខសំសារវដ្ដ” ដោយលោកលើកយកធម្មជាតិមាន ជុច និងត្រីមកធ្វើជាតំណាង គឺត្រីជាសត្វលោក ឯជុចជាសំសារទុក្ខ ។ រាល់ថ្ងៃសំសារទុក្ខរមែងនៅរង់ចាំសត្វលោកជានិច្ច ឲ្យតែរុលត្បុលចូលហើយ កាន់តែតឹងណែនខ្លាំងឡើង ៗ គ្មានចេះធូរថយ ។ ឯសត្វលោកវិញ បើទោះជាដឹងថាកងទុក្ខក្នុងសំសារវដ្ដនៅពីមុខយ៉ាងណា ក៏នៅតែខំសសុលត្បុល មិនគិតងាកបែររកផ្លូវគេចដែរ លុះដឹងថាខ្លួនជាប់ហើយវាខកពេលស្រេច នឹងរាថយក៏មិនរួច ម៉្លោះហើយមានតែរុលទៅមុខឲ្យទាល់តែអស់កម្លាំងត្រឹមណា ស្លាប់ត្រឹមនោះទៅ ។ នេះហើយជាទស្សនៈសំខាន់នៃល្បើក ជុច និង ត្រី ។
តាមពាក្យចាស់ ៗ និយាយត ៗ គ្នានេះ គួរជឿបានដែរ ព្រោះលោកតា សុគន្ធមានបុណ្យ លោកមានបញ្ញាជ្រៅ ចង់បង្ហាញទស្សនវិជ្ជា ដែលពិបាកយល់ ឲ្យមានជារូបរាងស្រួលយល់ឡើង ដោយប្រើឧបមានវិធី ធៀបទៅនឹងរូបធម្មជាតិដូច្នេះ ។
បើតាមការស្រាវជ្រាវរបស់លោក ឈឹម – ស៊ុម ពីប្រវត្តិ លោក វិសេសដូង ចុះក្នុងកម្ពុជសុរិយាលេខ ២ ឆ្នាំ ១៩៦៨ រាប់ក្នុងតារាងស្នាដៃរបស់វិសេសថា រឿងល្បើកជុច ជាស្នាដៃរបស់លោក វិសេសដូង ដែរ ។ ប៉ុន្តែលោកឥតមានបញ្ជាក់ពីហេតុផល ឬ មានសេចក្ដីវែងឆ្ងាយទៅទៀតឡើយ ។
ការណ៍ទាំងនេះ ទុកនៅជាបទស្រាវជ្រាវតទៅទៀត ៖

ឧត្តមគតិ[កែប្រែ]

ដូចបានរៀបរាប់ក្នុងវគ្គស្ដីពីអ្នកនិពន្ធរួចហើយ រឿងនេះ មានន័យក្នុងការអប់រំមនុស្ស ពិសេសគឺអប់រំខាងផ្លូវចិត្តឲ្យមនុស្សបានយល់ច្បាស់នូវទស្សនវិជ្ជាព្រះពុទ្ធសាសនាផង ។ បើគេទាញយកយោបល់នេះ ពីក្នុងសាស្ត្រា ជុច មកធ្វើជាដំបូន្មានទួទៅ គេនឹងស្រង់បានន័យថា :
មនុស្សដែលកើតឡើង តែងមានទុក្ខសំសារវដ្ដរង់ចាំជានិច្ចហើយទោះជាមនុស្សមិនហៅរកក៏ដោយ ។ ប៉ន្តែបើគេយល់ច្បាស់លាស់ហើយ រកគៀចជៀសវាងបានខ្លះ ៗ ដែរ ដោយរំងាប់ចិត្តលោភៈ ទោសៈ មោហៈ ហើយតាំងខ្លួនឲ្យមានចិត្តស្មោះស្មើ គ្មានផ្អើលភ្ញាក់ផ្ដេសផ្ដាស់ ។

បទបន្ទោលកាក [1][កែប្រែ]

ថ្លែងដោយទំនង-----ដំណើរត្រីផងយាត្រា
ពើបនឹងជុចណា----- ត្រីស្រែកថាវើយជៀសចេញ ។
ជុចថាអើះអើ----- បទអ្នកនេះតើម្ដេចមិញ
ហ៊ានមកប្រើអញ-----ជៀសចេញឲ្យអ្នកជាល្បែង ។
ត្រីថាបើច្នោះ-----អញនឹងទម្លុះចៅឯង
ឲ្យយល់ជាក់ស្ដែង----- ត្បិតឯងមកនៅរាំងផ្លូវ ។
ជុចថាអើះហោង----- បើឯងចង់លងឥឡូវ ។
សមត្រូវនឹងម្ជូរ----- ប្រហើញាំភ្លាសាអាំង ។
ត្រីថាអើះអើ----- ប៉ើងរើងទេតើម្ដេចខ្លាំង
អួតមានកម្លាំង----- ក៏ស្មានជាអញខ្លាចហោង ។
ជុចថាបើច្នោះ-----អញ្ជើញមកចុះចង់លង
ឲ្យយល់នេះម្ដង-----ឫទ្ធីតេជៈតេជដៃ ។
ត្រីស្ទុះភ្លាមចូល-----ក្នុងជុចរមួលហើយនៃ
ជំពាក់ក្រក្រៃ-----នឹងថយក៏ពុំរួចឡើយ ។
ជុចថាអើចៅ-----ឥឡូវម្ដេចនៅព្រងើយ
ស្ងៀមស្ងាត់កន្តើយ-----សម្រឹងសម្រាន្តធ្វើអ្វី ។
ត្រីឮជុចថា-----ខំស្ទុះបំពារទៅខ្មី
រឹងអស់ឥន្ទ្រិយ----- ដួចគេរឹតរួតអាត្មា ។
ជុចថាអើច្នេះ----- កម្លាំងប៉ុណ្ណេះទេណា
អួតឯងបំពារ-----ទម្លុះទម្លាយមិញតើ ។
ត្រីថាម្ចាស់ថ្លៃ----- ពាក្យខ្ញុំនេះនៃបញ្ចើ
ឥឡូវនេះតើ----- អ្នកម្ចាស់មានឫទ្ធីក្រៃ ។
ជុចថាឫទ្ធី-----តេជៈបារមីអ្វីនៃ
ឯងកុំចេះស្ដី----- ចំអកចំអន់ឲ្យគ្នា ។
ត្រីថាម្ចាស់ថ្លៃ----- អស់ពាក្យនេះនៃខ្ញុំថា
ជាល្បែងទេណា----- អ្នកម្ចាស់កុំយកទោសខ្ញុំ ។
ជុចថាអើល្បែង-----ឯងអួតគគ្រេងស្រេចហើយ
ពិតពុំលង់ឡើយ----- ខំស្ទុះបំពារមកហោង ។
ត្រីថាម្ចាស់ខ្ញុំ-----សេចក្ដីពុំសមមែននៃ
អ្នកជុចម្ចាស់ថ្លៃ-----ម្ចាស់អើយលែងខ្ញុំទៅរ៉ា ។
ជុចថាអើលែង-----មារយាទអ្នកឯងទេណា
អញឃាត់អញថា----- ប្រែជាដៀលអញបំផាង ។
ត្រីថាឱអញ----- ម្ដងនេះឯងមិញក្រក្រៃ
អ្នកជុចម្ចាស់ថ្លៃ-----អ្នកអើយយកតែបុណ្យហោង ។
ជុចថាបុណ្យ ៗ----- អំនួតពីមុនរំពង
បុណ្យអ្វីនោះហោង----- ឲ្យដឹងឫទ្ធីតេជដៃ ។
ត្រីថាម្ចាស់ខ្ញុំ-----សេចក្ដីពុំសមមែននៃ
អ្នកជុចម្ចាស់ថ្លៃ-----ប្រោសយកសម្បត្តិសួគ៌ា ។
ជុចថាឯងចេះ-----ឯងមានចំណេះចេះថា
សម្បត្តិសួគ៌ា----- សាច់ឯងពិសាណាស់នៃ ។
ត្រីថាអញក្រ-----ណាស់ពេកកម្រក្រក្រៃ
អ្នកជុចម្ចាស់ថ្លៃ-----អ្នកអើយយកតែផលា ។
ជុចឆ្លាស់ឆ្លើយថ្វាត់----- ថាឯសម្បត្តិផលា
សាច់ឯងពិសា-----គេស៊ីឯងបានបុណ្យថ្កើង ។
ត្រីថាបើច្នោះ-----អ្នកហារមាត់ចុះខ្ពស់ឡើង
ខ្ញុំក្រាបបាតជើង----- សំពះសូមចុះសូមចាញ់ ។
ជុចថាអញឆោត----- ឯងមកបំពោតលើអញ
ឯងនឹងស្ទុះចេញ-----បានអ្វីជាម្ដងឆីបាយ ។
ត្រីថាឱអញ----- ម្ដងនេះឯងមិញអន្តរាយ
មិនសមរូបកាយ----- ខ្លួនអើយអសារទេណា ។
ជុចថាមិនស្លាប់-----ឯងកុំមកប្រាប់លើគ្នា
សាច់ឯងពិសា-----ឆ្ងាញ់ហើយវាសើមមាត់ផង ។
ត្រីថាម្ចាស់ខ្ញុំ-----អញប្រោសប្រាណកុំច្នោះហោង
កាញ់កួចចិត្តចង----- ក្រែងមានវេរាបាបពៀរ ។
ជុចថាបើបាប----- សឹងស្អុយឆ្អេះឆ្អាបអញវៀរ
ចៀសអស់ពំនៀរ-----តែសាច់ឯងអត់មិនបាន ។
ត្រីថាអ្នកថ្លៃ----- ថាម្ដេចច្នោះនៃពុំមាន
ធម៌ថាបាបគ្មាន-----ដូចអ្នកឯងស្ដីឡើយណា ។
ជុចថាអ្នកត្រី-----ចែងចេះសម្ដីណាស់ណា ។
អណ្ដើកជាក់ជា-----ល្អហើយទៅក្ដក់ហៅឆ្កែ ។
ត្រីថាតាយហោង-----គ្នានិយាយផងប្រែខ្វែរ
ទំនឹមឯឆ្កែ-----វាដាច់ឆីអាចម៍គេនៅ ។
ជុចថាអើយអញ----- ពុំដឹងបានមិញណានូវ
ឯងថាមិញត្រូវ----- ល្បងជុចខួរហើយស៊ីសាច់ ។
ត្រីថាអ្នកជុច-----អ្នកមិនថយធុចពាក្យពេចន៍
អ្នកអើយបំណាច់----- ខ្ញុំលោមអ្នកកុំច្នោះឡើយ ។
ជុចពុំស្ដាប់ហោង-----រឹតរឹងកន្លងពុំស្បើយ
ពុំមានធូរស្បើយ----- តឹងឡើងស្ទើរដាច់ខ្យល់ខ្មី ។
មានស្មារតីជាក់-----ឈាមជុចថាអ្នកខ្ញុំឥ-
ឡូវពុំដឹងអ្វី-----ត្រង់រស់ត្រង់ស្លាប់នោះឡើយ ។
បើម៉្ងៃនឹងស្លាប់-----ឲ្យខ្ញុំបានប្រាប់កូនហើយ
បណ្ដាំទុកក្រោយ-----ឲ្យអញឯងម្ដាំឲ្យឆាប់ ។

បទព្រហ្មគីតិ[កែប្រែ]

ក្សិណនោះឯបច្ឆា----- ហៅបុត្រភ្ងាមកឆាប់ ៗ
កូនមកហើយទួញប្រាប់----- ថាឱកូនពន្លកម្ដាយ ។
ខ្លួនម្ដាយនឹងស្លាប់ហើយ-----កុំកូនអើយនៅព្រៃអាយ
ទៅរកស៊ីឲ្យឆ្ងាយ-----ពីព្រៃនេះផុតមនុស្សម្នា ។
ខ្លួនម្ដាយនេះតឹងណាស់-----នឹងបម្រះពុំរួចណា
ឈឺអស់អង្គអាត្មា-----ម្ដាយខំតែផ្ដាំមាសស្ងួន ។
មាសអើយម្ដាយស្លាប់ទៅ-----ចូរមាសនៅប្រយ័ត្នខ្លួន
រកស៊ីឆាប់ជ្រកពួន-----ដោយព្រៃស្ងាត់កុំប្រហែស ។
ឃើញមនុស្សកុំទ្រមឹង-----ឈប់សម្លឹងមើលក្រអេះ
ឃើញឆាប់រត់កុំធ្វេស----- ក្រែងវាចាក់នឹងច្បូកណា ។
បើមាសស៊ីកូនចក----- ឆាប់មុជជ្រកឲ្យបាត់ខ្លួន
ក្រែងមនុស្សអុំទូកជួន-----ឃើញកូនស្ងួនវាលោចាក់ ។
មាសអើយមួយវិញទៀត-----ច្រកចង្អៀតដែលមនុស្សដាក់
ជុចនោះកុំបីអ្នក-----ដើរត្រង់នោះជៀសឲ្យឆ្ងាយ ។
ខ្លួនអញខូចទាំងម៉្លេះ----- ហេតុប្រហែសគិតសប្បាយ
ចូរមាសមើលខ្លួនម្ដាយ-----ហេតុតែឆោតទាល់ស្លាប់ខ្លួន ។
ហេតុនោះកូនព្រលឹង----- ចូររំពឹងឲ្យមាំមួន
ម្ដាយស្លាប់ ៗ ហើយស្ងួន-----កុំកូនឆោតដូចម្ដាយឡើយ ។
ឯមច្ឆានោះនៃ----- សោកកូនក្រៃរតន៍ពុំងា
រន្ធតអស់អង្គា----- លុះសន្លប់បាត់ស្មារតី ។
ទៀងទួញទាល់សន្លប់-----ញ័រចម្រប់អស់ឥន្ទ្រិយ
លុះដល់មានស្មារតី----- ទួញរៀបរាប់សព្វដោយព្រៃ ។
ឱអញគិតទៅហើយ-----កូនមាសអើយចង់តែក្ស័យ
ខ្លួនអើយស្លាប់ឆាប់វៃ----- អញនឹងនៅអ្វីឡើយណា ។
រស់ហើយវាលំបាក-----ខ្លួនតោកយ៉ាករងវេទនា
មិនចង់រស់ឡើយណា-----ឃើញកូនវានឹងខ្លោចផ្សា ។
រីត្រីទួញនេះនៃ----- ទាល់តែក្ស័យជីវិតណា
រីឯកូនមច្ឆា-----រកស៊ីតែឯកអង្គឯង ។
រីនិទាននេះនៃ-----ជុចនិងត្រីនោះវាតែង
ដើរទៅរកស្វះស្វែង----- ក៏ជួបជួននោះឯងហោង ។

បទបន្ទោលកាក[កែប្រែ]

នេះនឹងសម្ដែង----- និទានថ្លាថ្លែងទំនង
ពីម្ចាស់ជុចហោង-----ឲ្យអ្នកផងដឹងដំណើរ ។
ម្ចាស់ជុចលុះព្រឹក----- ប្រហាមរលឹកទៅមើល៍
បេះម្ទេសទុកទើរ----- មើលទៅថ្ងៃរះភ្លឺជាក់ ។
ស្រេចគាត់ស្ទុះផាង----- ទៅយកសៀនខាងប្របភ្នាក់-
ដៃដែលគាត់ដាក់-----ប្របនៅខាងក្អមនោះនៃ ។
ហើយឈោងទៅសិត-----ទឹកមកខ្ពុរមាត់ហើយនៃ
យកកន្សែង ស្លាវៃ----- មកវេចម្លូស្លាហើយណា ។
លុះវេចស្រេចហោង-----ស្ទុះទៅចាប់ដងប្រវា
នឹងកាំបិតព្រា----- នឹងផ្ដៅមួយដើមទៅផង ។
គាត់ចុះទៅទូក----- អង្គុយលូកខ្សែដែលចង
មកស្រាយចំណង-----ដែលចង់ទូកគាត់សព្វថ្ងៃ ។
ស្រាយរួចច្រានទូក-----គាត់អុំគគ្រូកទៅព្រៃ
ដែលដាក់ជុចនៃ----- ភ្នែកតែងរំពៃឆ្វេងស្ដាំ ។
អុំបានតិចទៅ----- បាយាបទំនៅលើចាំ
លាន់ភឹបឆ្វេងស្ដាំ-----ហើរទៅហើយមកជាក់ស្ដែង ។
ម្ចាស់ជុចថាឱ----- បាយាបវើយចោរឥតក្រែង
ស្ទើរឆាបអំបែង-----ក្បាលអញពុំដឹងមនុស្សម្នា ។
ថ្ងៃនេះទីទៃ-----មានលាភមានជ័យឬជា
ឥតលាភទេណា----- បាយាបតឿនអង្គឺក្ដី ។
អុំទៅទៀបដល់----- ជុចនោះមិនយល់ត្រូវត្រី
ដល់មួយឥតបី----- សង្ឃឹមមិនបានទៅស្ល ។
ខាងជុចបីបួន----- នោះសោតជាក់ជួនច្រកល្អ
នឹងបានទៅស្ល-----តែជុចបីបួននោះឯង ។
គាត់អុំទូកដល់-----ជុចចំណេរយល់ជាក់ស្ដែង
ជៀងជាក់អរឯង----- កខិបកខុបងេកងោក ។
វាតទូកឈោងចាប់-----កន្ទុយជុចជាប់ទាញមក
ក្រពើវាយក----- ត្រីជុចនោះទៅស៊ីបាត់ ។
ម្ចាស់ជុចចុកទ្រូង-----ជេរម្ដាយរលូងពេកក្ដាត់
ទៅជុចមួយថ្វាត់----- តាចាស់ខំឆ្លៀតរលេញ ។
ធ្វើជាមាត់ករ-----ញញឹមញញែមឡើងវិញ
ធ្លាប់ពីមុនមិញ----- ក្រពើស៊ីអស់គ្មានសល់ ។
តែឥឡូវឯង----- ឃើញមួយកណ្ដែងនឹងថ្កល់
លងមួយចេះយល់-----ក្រញោញភ្នែកសចង្គ្រាង ។
រីជុចយល់ម្ចាស់-----សរសើរខ្លួនណាស់ហើយអរ
ឆ្លើយប្រាប់ម្ចាស់មក៍-----ពីក្នុងទឹកនោះអន្ទាក់ ។
តាអើយអ្នកតា-----ស្ដាប់ខ្ញុំសច្ចាប្រាប់អ្នក
តាឲ្យដឹងជាក់----- កាលត្រីវាមកនោះណា ។
ហែលមកដល់ខ្ញុំ-----វាមិនបារម្ភសោះសា
ជាចៅអ្នកតា-----ប៉ងចង់លងលលលើ ។
ស្ដីថាអាឃ្នាង----- ម្ដេចអាចង្គ្រាងនេះតើ
ផ្លូវដែលអញដើរ----- ជៀសចេញអញនឹងដើរទៅ ។
ខ្ញុំថាផ្លូវអា-----ពីដូនពីតាមកនៅ
ក្នុងព្រៃនេះកូវ-----អង្កាលអញមិនដឹងផង ។
ត្រីថាអាខូច----- កាលអានៅតូចណាស់ហោង
ផ្លូវច្រកជ្រលង----- បឹងបួរនោះសឹងអញត្រាច់ ។
ខ្ញុំថាបើច្នោះ----- ចិត្តអើយធ្វើម្ដេចលងគាត់
ខ្ញុំចូលមកកាត់-----ទំលាយលងមើលឥឡូវ ។
ត្រីថាអើអញ-----លងឯងមិញចេញនោះកូវ
អញបោលឥឡូវ----- ទំលាយឲ្យបាក់ឆ្អឹងឆ្អែង ។
ខ្ញុំថាបើច្នោះ----- អញ្ជើញមកចុះកុំក្រែង
ឆ្អឹងអញនេះឯង----- តែងជាសម្រាប់ឲ្យអា ។
ត្រីស្ទុះភ្លាមចូល-----ក្នុងជុចរមួលទទា
ប្រដូចនូវជា----- ប្រមាញ់ដំរីសោះសា ។
ជុចដណ្ដឹងត្រី-----ថាឯងធ្វើអ្វីច្នោះណា
អួតឯងបំពារ-----ទំលុះទំលាយណាចៅ ។
ខ្មាសពាក្យជុចខ្ញុំ----- ប្រឹងឡើងពិតពុំរួចទៅ
មកនៅខាងផ្លូវ-----ទ្រមឹងក្នុងជុចព្រងើយ ។
ត្រីថាឱអ្នក----- ជុចថ្លៃកុំអាក់ចិន្តា
ខ្ញុំម្ចាស់បានជា-----អួតអាងនឹងអ្នកជុចថ្លៃ ។
អាសូរខ្ញុំទៅ-----ឲ្យខ្ញុំរស់នៅផងនៃ
ខ្ញុំចូលប្រស្រ័យ----- ជាខ្ញុំបម្រើអ្នកហោង ។
ខ្ញុំថាអញឆោត-----ឯងមកបំពោតលើលង
ម្ចាស់អញបំណង----- ចង់ជ្រក់តែខួរសព្វថ្ងៃ ។
ត្រីឮពាក្យជុច----- ភិតញ័ររន្ធត់ពេកក្រៃ
ឱអ្នកម្ចាស់ថ្លៃ----- អ្នកប្រោសយកតែបុណ្យផង ។
ខ្ញុំថាកុសល-----អញមើលមិនយល់ទេហោង
ឆ្ងាយក្រៃកន្លង-----អញមកពុំបានឡើយណា ។
ជុចដំណាលប្រាប់----- ឲ្យម្ចាស់ស្ដែងស្ដាប់ហើយរ៉ា
ដំណើរអាត្មា-----កាលត្រឹមក៏ត្រូវនោះនៃ ។
ម្ចាស់ស្ដាប់ហើយណា-----ផ្ដែផ្ដាំជុចថាកុំធ្លោយ
ថ្ងៃនេះថ្ងៃក្រោយ----- អ្នកលេងឲ្យបួនពីដៃ ។
ផ្ដាំស្រេចហើយណា-----ដាក់ជុចម្នីម្នាវៃ ៗ
រួចស្រេចហើយនៃ----- គាត់អុំទូកវិលវិញខ្មី ។
អុំមកក្នុងបឹង-----ហើយគាត់រសម្លឹងរំពៃ
ថាឱអញឥ------ឡូវនេះវាថ្លៃខ្ពស់ធួន ។
រកឧសបានតិច-----ហើយអញនឹងក្ដិចត្រកួន
ត្រកៀតត្រាវសួង-----អន្លក់ម្ជូរសណ្ដាន់ ។
បេះបានសព្វគ្រប់----- គាត់អុំគ្មានឈប់រួសរាន់
ដល់ហើយរន្ថាន់----- ចងទូកហើយឡើងម្នីម្នា ។
បានដងច្រវា-----នឹងកាំបិតព្រាហើយណា
ពុនទាំងត្រីប្រា-----និងឧសបន្លែម្ជូរជា ។
ដល់ទៅមុខផ្ទះ----- ហើយទើបតាច្រាសឧសណា
រីឯភរិយា----- ភ្ញាក់ឡើងឃើញប្ដីត្រីផង ។
ឯប្ដីនោះណា-----កាប់ត្រីម្នីម្នាហើយហោង
លាងដៃហ្មត់ហ្មង-----គាត់ចូលទៅដេកលក់ក្រៃ ។
រីឯភរិយា----- ស្លហើយម្នីម្នាវៃ ៗ
ដស់ដួសហើយនៃ----- ចូលទៅដាស់ប្ដីនោះណា ។
អ្នកអើយអ្នកឆាប់-----អញ្ជើញប្រញាប់ពិសា
ក្រែងត្រជាក់ណា-----ហើយអ្នកពិសាមិនបាន ។
ប្ដីក្រោកម្នីម្នា-----ចរចេញទៅឯក្រៅឋាន ។
ហើយហៅថាភាណ----- យកទឹកមកទន់ឆាប់ខ្មី ។
ទន់ស្រេចហើយណា----- រីឯភរិយានោះនៃ
លើកបាយលើកត្រី-----អស់នូវសម្លហាមុខ ។
មានអាំងសាបប្រៃ----- អាំងសាបនោះនៃគ្រាន់ជ្រក់
ទឹកគ្រឿងជ្រលក់-----អន្លក់សណ្ដែកត្រកួនខ្ចី ។
ហូបស្រេចហើយណា-----រីឯភរិយានោះនៃ
គាត់មូរបារី----- ហើយគាត់បៀកស្លាឲ្យប្ដី ។
រីយើងនិទាន-----ដំណើរដោយដានជុចត្រី
សូរេចហើយនៃ----- បរិបូណ៌ចែងចប់ម៉្លេះហោង ។

[1]ឈ្មោះបទនេះ បើសរសេរឲ្យត្រឹមត្រូវគឺ “មណ្ឌុកគតិ” ប្រែថាដំណើរកង្កែប ឬ កង្កែបលោត ព្រោះសំនៀងបទនេះ មានចង្វាក់យារវែងម្ដង ហើយញាប់ញឹក ២ ម្ដង ដូចកង្កែបលោតផ្លោតទៅហើយ ដើរញាប់ ៗ ៤ – ៥ ជំហានរួចលោតផ្លោតទភទៀត ។


អំពីអ្នកនិពន្ធ[កែប្រែ]

សាស្ត្រាជុច ជាស្នាដៃសិក្សាស្រាវជ្រាវ និង អត្ថាធិប្បាយ របស់លោក លី ធាមតេង ។ ល្បើកជុច
ចម្លងចេញពីសាស្ត្រាស្លឹករឹត

ស្នាដៃនិពន្ធផ្សេងទៀតរបស់លោក លី ធាមតេង[កែប្រែ]

ឯកសារយោង[កែប្រែ]