សិន្ធពអមរិន្ទ

ពីវិគីភីឌា
Jump to navigation Jump to search
ព្រហ្មកិល រឺ ពញាក្រែក
ព្រះបាទ
រជ្ជកាលគ.ស ១០០៨-១០២៨
រាជ្យមុនព្រះបាទគោត្តមអមរទេវរាជ
រាជ្យបន្តព្រះបាទបក្សីចាំក្រុង
ព្រះនាមពេញ
​​ព្រះបាទ​សន្ធិព​អម្រិន្ទបរម​ព្រហ្មកិលអង្គម្ចាស់អនុរាជ (ពង្សាវតារវត្តកោកកាក)
សន្តតិវង្សព្រះទេវង្សអស្ចារ្យ
បិតាព្រះបាទចក្រព័ត្រ
ប្រសូតគ.ស ៩៩៧?
មហានគរ
សុគតគ.ស ១០២៨
មហានគរ

ព្រះបាទសិន្ធពអមរិន្ទ រឺ ព្រហ្មកិល រឺ ពញាក្រែក (សំស្ក្រឹត:សៃន្ធវអមរេន្ទ្រ) (គ.ស ៩៩៧?-១០២៨) រជ្ជកាល (គ.ស ១០០៨-១០២៨) ព្រះបាទ​ចក្រព័ត្រមាន​ព្រះរាជបុត្រ​ពីរ​ព្រះ​អង្គ។​ ​បុត្រ​ច្បង​ព្រះ​នាម​បទុមកុមារ​ ​ប្រសូត​នៅ​ឆ្នាំឆ្លូវ។​ ​ព្រះរាជបុត្រ​បន្ទាប់​ព្រះ​នាម​សិរីកុមារ​ ​ប្រសូត​នៅ​ឆ្នាំរកា​ ​ច.ស​ ៣៥៩។ ជាមួយ​គ្នា​នោះ​ អ្នកម្នាងកែវ ​មហេសី​មួយទៀត​របស់​ព្រះ​ចក្រព័ត្រ​ក៏​មានគភ៌​ដែរ​ ​គឺ​នៅ​ក្នុង​ឆ្នាំជូត​ ​ព.ស​ ១៥៤៤ ត្រូវជា​គ.ស ​១០០០។ ​ពញាក្រែក​ ​ឬ​ព្រហ្មកិល​វិញ​ ​ព្រះ​អង្គ​បាន​ទទួល​អភិសេក​នៅ​ថ្ងៃ​ ១ ​កើត​ ​ខែ​មិគសិរ​ ឆ្នាំវក​ ​ព.ស​ ១៥៥២ ត្រូវ​ជា​ ម.ស​ ៩៣០​ ​ច.ស ៣៧០​ ​និង​ត្រូវជា ​គ.ស​ ១០០៨។ ព្រះ​អង្គ​បាន​ទទួល​ព្រះ​បរម​នាម ព្រះបាទ​សិន្ធព​អមរិន្ទ បរម​ព្រហ្មកិល អង្គម្ចាស់អនុរាជ។ ព្រះបាទ​សិន្ធព​អមរិន្ទ​ ​ឬ ​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​ជា​មហាក្សត្រ​ខ្មែរ​ទី​១៨​ ​ដែល​បាន​សោយរាជសម្បត្ដិ​បន្ទាប់​ពី​ស្ដេច​ដំបងគ្រញូង​ ​ឬ​ព្រះបាទ​គោត្ដម​ ​អមរ​ទេវរាជ​ ​កាលនោះ​ ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​១២​វស្សា។​ ​ព្រះ​អង្គ​ទ្រង់​គង់នៅ​ព្រះ​បរមរាជវាំង​មហានគរ។​

ព្រះរាជជីវប្រវត្តិ[កែប្រែ]

ព្រះនាម[កែប្រែ]

បើតាមវចនានុក្រមជួនណាត សិន្ធព​អមរិន្ទ សិន-ធប់-អៈ មៈរិន បា. ( ន. ) (សិន្ធវ “សេះ​សិន្ធព” + អមរទេវតា” + ឥន្ទ “ជា​ធំ; ព្រះ​ឥន្ទ”) ព្រះ​នាម​ក្សត្រិយ៍​អង្គ​មួយ ជាតិ​រាស្រ្ត​សុទ្ធ​បាន​សោយ​រាជ្យ​ក្នុង​កម្ពុជ​រដ្ឋ ពី​ក្នុង​ព្រះ​ជន្ម ៧ ឆ្នាំ ក្នុង​ខាង​ចុង​សតវត្ស៍រ​ទី ១២ នៃ​ពុទ្ធ​សករាជ (ព.ស ១១៨១; ឆ្នាំ​រកា​ នព្វស័ក គ.ស ៦៣៧) : ក្នុង​ព្រះ​រាជ​ពង្សាវតារ​ខ្មែរ​ហៅ ព្រះ​បាទ​សិន្ធព​អមរិន្ទ​បរម​ព្រហ្មកិល (ពញាក្រែក) ជា​ក្សត្រិយ៍​មាន​បុណ្យ​អស្ចារ្យ​មួយ​អង្គ​ក្នុង​ពួក​ក្សត្រិយ៍​ខ្មែរ

ពញាក្រែក [ពញា-ក្រែក ] (ន.) ឈ្មោះ​មនុស្ស​ម្នាក់​ជាតិ​ជា​ខ្មែរ​សុទ្ធ ជា​បុរស​មាន​បុណ្យ​អស្ចារ្យ បាន​សោយ​រាជ្យ​ជា​ក្សត្រិយ៍​ក្នុង​កម្ពុជ​រដ្ឋ (មើល​ពង្សាវតារ​ខ្មែរ)។ មូលហេតុដែលហៅស្ដេចអង្គនេះថា ពញាក្រែក ព្រោះនៅពេលដែលសេនារបស់ព្រះបាទដំបងគ្រញូងបានឃើញអាណិតពេលដែលទ្រង់ឆេះក្នុងភ្នក់ភ្លើង ហើយក៏ចាប់ទាញបោះចូលក្នុងគុម្ពដើមក្រែកទើបរួចជីវិត។ ក្រោយមកក៏មានព្រះសង្ឃនិមន្តកាត់ឃើញសង្វេគពេកទើបព្រះអង្គយកទៅចិញ្ចឹមហើយដាក់ឈ្មោះអោយថា ពញាក្រែក។

អតីតជាតិ[កែប្រែ]

កុសល ​បុណ្យ​បារមី​របស់​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​បើ​តាម​ពង្សាវតារ​រៀបចំ​ដោយ​ព្រះ​ព្រះ​អង្គ​ម្ចាស់​នព្វរតន៍​ ​បាន​មក​ពី​ការ​កសាង​ក្នុង​អតីតជាតិ។​ ​កាលនោះ​ ​ជា​យូរអង្វែង​មក​ហើយ​ ​ក្រោយ​ដែល​បាន​យាង​មក​ប្រោសសត្វ​នៅ​កោះ​គោកធ្លក​ ​ព្រះសម្មាសម្ពុទ្ធ​ព្រះ​បរមគ្រូ​ ​បាន​ត្រាច់រង្គត់​និមន្ដ​ទៅ​ជួប​ស្មូម​យាចក​ម្នាក់​មាន​រូបរាង​អាក្រក់​ ​មាន​ដំបៅ​រឡេះរលួយ​ពាសពេញ​ខ្លួនប្រាណ​ដៃជើង។​ ​ស្មូម​នោះ​កាលបើ​បានឃើញ​បាន​ជួប​ព្រះពុទ្ធ​អង្គ​ហើយ​ ​ក៏​កើត​មានចិត្ដ​ជ្រះថ្លា​ ​យក​បាយ​ដែល​ទើបនឹង​សុំទាន​គេ​បាន​ ​ទៅ​ប្រគេន​ដាក់​ថ្វាយ​ជា​ចង្ហាន់។​ ​នៅ​ពេល​លូកដៃ​ដាក់​បាយ​ស្រាប់តែ​ម្រាម​មួយ​ដែល​មាន​ដំបៅ​រឡេះរលួយ​ខ្លាំង​ ជាងគេ​ ​របេះ​ធ្លាក់​ចូល​ទៅ​ក្នុង​បាត្រ។​

រីឯ ​ព្រះពុទ្ធ​វិញ​ ​នៅ​ពេល​ព្រះ​អង្គ​យក​ចង្ហាន់​មក​សោយ​ ​កាលបើ​ព្រះ​អង្គ​ទត​ឃើញ​ម្រាមដៃ​ ​ព្រះ​អង្គ​ក៏​មាន​ព្រះពុទ្ធ​ដិកា​ទាយ​ទុក​ថា​ ​«តទៅ​អនាគត​ ​កាលណា​ចែក​ស្ថាន​ទៅ​ ​ហើយ​បាន​ចាប់កំណើត​នៅ​ជាតិ​ក្រោយ​ស្មូម​នេះ​នឹង​មាន​រូប​កាយ​ខ្វិន​ពិកា​ ​តែ​ត្រូវ​បាន​សោយរាជ្យ​នៅ​នគរ​ឥន្ទបត្ដិ​ ​ដែល​ជា​នគរ​ខ្មែរ។​

រាជសាវតារ[កែប្រែ]

កាលនោះ ​ព្រះ​បទុមកុមារ​ ​បុត្រ​ច្បង​ព្រះបាទចក្រព័ត្រ​ ​ដែល​ទើបតែ​បាន​អាយុ​​ ១៣​ វស្សា​ភ័យភិត​ឥត​ឧបមា ហើយ​បាន​គេច​លួច​រត់​ផុត​ពី​កណ្ដាប់ដៃ​ពួក​ស្ដេច​ដំបងគ្រញូង​ ​ព្រះ​អង្គ​បាន​ទៅ​សាង​ផ្នួស​ជា​សង្ឃ​ក្នុង​ព្រៃ​ភ្នំ​ក្រម​ថ្ម ​ចាប់តាំងពី​ថ្ងៃ​នោះ​មក។ ​គេ​បានដឹង​ថា​ព្រះ​អង្គ​មិន​ដែល​ទាក់ទង​ ​ឬ​និមន្ដ​ចេញចូល​ស្រុកភូមិ​អ្នកស្រុក​ឡើយ។​ ​គេ​បានដឹង​ទៀត​ថា​ ​ព្រះ​អង្គ​បាន​រៀន​ចេះ​ចង​ចាំ​គ្រប់​សិល្ប៍សាស្ដ្រ​វេទមន្ដវិជ្ជាការ​ខ្លាំងពូកែ​អស្ចារ្យ ។​

ចំណែក ​ព្រះរាជបុត្រ​ទី​២​ ​ព្រះ​សិរិកុមារ​ ​ដែល​ទើបតែ​បាន​ព្រះ​ជន្ម​ ៥​ វស្សា​ ​ជាមួយនិង ​មេដោះ​ខំ​រត់​ពួន​គេច​វាស​វាង​យករួចខ្លួន​ដែរ​ ​តែ​រត់​មិន​ផុត​ ​ត្រូវ​ក្រុម​សេនា​ដំបងគ្រញូង​ចាប់​បាន។ ​ព្រះ​សិរីកុមារ​ត្រូវ​ពល​សេនា​ទាំងនោះ​ចាប់​ក្រវាត់​បោះ​ចូល​ទៅ​ក្នុង​ ភ្នក់ភ្លើង​ដុត​សម្លាប់។​ ​នាកាល​នោះ​ពេល​ល្ងាច​ព្រលប់​យប់​បន្តិច​ទៅ​ហើយ​ ​ហេតុតែ​សំណាង​បុណ្យ​បារមី​មក​ជួយ​ទាន់​ ​ស្រាប់តែ​ពល​ទាហាន​មួយ​ក្រុម​មក​ដល់​ ​មើលឃើញ​ប្រទះ​នឹង​ភ្នែក​ ​ក៏​កើត​មានចិត្ដ​សង្វេគ​អាណិតអាសូរ​ ​នាំ​គ្នា​លួច​ទាញ​អូស​ព្រះ​សិរីកុមារ​ចេញពី​ភ្លើង​យក​មក​លាក់​ទុក​ក្នុង​ គុម្ពោត​ព្រៃ​ ​ហើយ​ក៏​នាំ​គ្នា​រត់​បាត់ទៅ។​ ​ព្រះ​អង្គ​មិន​សុគត​ទេ​ ​គ្រាន់តែ​ត្រូវ​ភ្លើង​ឆាបឆេះ​ ​រលេះរលួយ​ ​មាន​ដំបៅ​ស្លាកស្នាម​ពាសពេញ​រាង​កាយ​តែ​ប៉ុណ្ណោះ។​

បន្ទាប់ ​មក​ចៃដន្យ​អ្វី​ ​មាន​ព្រះសង្ឃ​មួយ​ក្រុម​និមន្ដ​កាត់​មក​តាម​នោះ​ទៀត​ ​បាន​យល់​បានឃើញ​ព្រះ​សិរីកុមារ​ក្នុង​សភាព​ដ៏​សែន​ខ្លោចផ្សារ​ដូច្នេះ​ ​ព្រះសង្ឃ​ក៏​កើត​មានចិត្ដ​មេត្ដាករុណា​ ​រើស​យក​ទៅ​ចិញ្ចឹម​បីបាច់​ថែរក្សា។​ ​អស់​កាល​យូរ​បន្ដិច​មក​ ​ដំបៅ​រាជកុមារ​ក៏​បានជា​សះស្បើយ។​ ​តែ ដៃជើង​របស់​ព្រះ​អង្គ​ត្រូវ​ឡើង​ក្រញីង​ក្រញង់​ ​រួញ​ជាប់​គ្នា​រក​ងើប​ដើរ​មិនកើត​ ​ដើម្បី​នឹង​ធ្វើ​ចលនា​ទៅ​មុខ​ទៅ​ក្រោយ​ ​ទៅ​ឆ្វេង​ទៅ​ស្ដាំ​ ​ព្រះ​អង្គ​ត្រូវ​តែ​ខំប្រឹង​រំកិល​ដោយ​គូទ​ ​ហេតុ​នោះ​ហើយ​បានជា​អ្នកផង​ទាំងពួង​ដាក់​ឈ្មោះ​ឲ្យ​ថា​ ​ព្រហ្មកិល​ ​អ្នកខ្លះ​ទៀត​និយម​ហៅ​ថា​ ​ពញាក្រែក ដោយសារគេរកឃើញទ្រង់នៅគុម្ពក្រែក។​

អធិប្បាយ​និយាយ​ពី​ស្ដេច​ដំបងគ្រញូង​ ​ក្សត្រ​ខ្មែរ​ទី​១៧​វិញ​ ​ព្រះ​អង្គ​សោយរាជ្យ​បាន​ ៧ ឆ្នាំ​ ​៧​ ខែ​ហើយ។ ថ្ងៃមួយ ព្រះ​អង្គ​កោះហៅ​ព្រះរាជ​ហោរា​មក​ទស្សន៍​ទាយ​មើល​ជតារាសី​របស់​ព្រះ​អង្គ។​ ​ព្រះ​អង្គ​ចង់​ដឹង​ ​តើ​មាន​អ្នក​មានបុណ្យ​ណាមួយ​អាច​មក​ដណ្ដើម​រាជ្យ​ពី​ព្រះ​អង្គ​ឬទេ? ហោរា​វាយ​លេខ​អត្ដ​គន់គូរ​បូក​សង​ចែក​ចុះឡើង​ ​មើលទៅ​ឃើញ​ថា​ ​ព្រះ​អង្គ​ដំបងគ្រញូង​ ​សោយរាជសម្បត្ដិ​ប្រទេស​កម្ពុជា​បាន​តែ​ ៧ ​ឆ្នាំ​ ​៧​ ខែ និង ​៧​ថ្ងៃ​ប៉ុណ្ណោះ។​ ​ដូច្នេះ​នៅ​៧​ថ្ងៃ​ទៀត​ព្រះអង្គ​នឹង​ត្រូវ​អស់បុណ្យ។ ពេល​នោះ​ ​អ្នកមាន​បុណ្យ​នឹង​ចេញ​មក​ដណ្ដើម​យក​រាជសម្បត្ដិ​ជា​មិន​ខាន។​

ឮ ​សូរ​ហោរា​ទស្សន៍​ទាយ​ដូច្នេះ​ ​ស្ដេច​ដំបងគ្រញូង​នឹកគិត​ថា​ ​បើ​អ្នកមាន​បុណ្យ​នោះ​ចេញ​មក​មែន​ ​យើង​នឹង​យក​ដំបងគ្រញូង​យើង​គប់​វាយ​ឲ្យ​ខ្ទេច​ហ្មត់​តែ​ម្ដង។​ ​បើ​យើង​វាយ​កម្ទេច​យកជ័យ​ជំនះ​មិន​បាន​ទេ​ ​នោះ​យើង​នឹង​សុំ​ចុះចាញ់​ ហើយ​យើង​នឹង​លើក​រាជបល្ល័ង្ក​ថ្វាយ​ភ្លាម​ ​ដើម្បី​ជៀសវាង​កុំឲ្យ​កើត​មាន​សង្គ្រាម​ ​កាប់​ចាក់​បង្ហូរឈាម​គ្នា​ ​ដូច្នេះ​ប្រទេស​ខ្មែរ​ក៏​មិន​រង​ទុក្ខទោស​វេទនា​ព្រាត់ប្រាស​ ​មានកម្ម​ពៀរ​វេរារ​ដោយសារ​រូបយើង​ដែរ​ ​ឯ​រូបយើង​សោត​ក៏​គ្មាន​ជាប់ជំពាក់​កម្ម​ពៀរ​វេរារ​នឹង​បណ្ដាជន​ខ្មែរ​ ​ហើយ​យើង​ក៏​គ្មាន​អ្នក​ណា​ដាក់​កំហុស​ផ្ដន្ទាទោស​ ​ជេរប្រទេច​ផ្ដាសា​តកូន​តចៅ​រៀង​រហូត​ទៅ​ដែរ។​

ដំណឹង ​ទស្សន៍​ទាយ​បាន​លេចឮ​ជ្រួតជ្រាប​ទៅ​ដល់​ប្រជានុរាស្ដ្រ​គ្រប់​ទិស​ទី។ ​ថ្ងៃ​ទី​៧​មក​ដល់​កាលណា​ ​មនុស្ស​ម្នា​អ្នកស្រុក​អ្នក​ភូមិ​ពី​គ្រប់​តំបន់​ជិត​ឆ្ងាយ​ ​នាំ​គ្នា​មក​មហានគរ​ ​ជួបជុំ​កុះករ​ ​កកកុញ​ទ្រហឹងអឺងកង​ ​រង់ចាំ​មើល​អ្នក​មានបុណ្យ។​ ​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​ចង់ទៅ​ទីក្រុង​ដែរ​ ​ហើយ​ក៏​សុំ​សេចក្ដី​អនុញ្ញាត​ពី​ព្រះសង្ឃ​ ​ដើម្បី​ទៅ​រង់ចាំ​មើល​អ្នក​មានបុណ្យ​នឹង​គេ​ដែរ។​ ​កាលនោះ​ ​ព្រហ្មកិល​អាយុ​បាន ​១៧​ ​ឆ្នាំ​ (នេះ​បើ​តាម​ពង្សាវតារ​វត្ត​កោកកាក) នាយ​ខំប្រឹង​រំកិល​ចែវ​គាស់​លើ​ដី​អូស​គូទ​ ​ធ្វើ​ដំណើរ​យ៉ាង​សែន​ត្រដាបត្រដួស​តាម​ផ្លូវ​ឆ្ពោះទៅ​មហានគរ។​ ​ព្រហ្មកិល​មាន​ជំនឿ​ ​និង​សង្ឃឹមថា​ ​បើ​មាន​អ្នកមាន​បុណ្យ​ចេញ​មក​មែន​អ្នក​ដែល​មានជំងឺរោគាព្យាធិ​មនុស្ស​ខ្វាក់​ ​មនុស្ស​ខ្វិន​មុខជា​ជា​សះស្បើយ​ ​មើលឃើញ​ ​ដើរ​រួច​ដូច​ដើម​ជា​មិន​ខាន។​

ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​បាន​រំកិល​គូទ​ទៅ​ដល់​ខាងជើង​មហានគរ​ ​ហើយ​ក៏​ឈប់​សម្រាក​ក្រោម​ដើម​ពោធិធំ​មួយ​ក្បែរ​មាត់​ស្រះ​ជិត​នោះ​ ​រង់ចាំ​ទទួល​អ្នក​មានបុណ្យ​ ​ក្នុង​គ្រានោះ​ ​ស្រាប់តែ​មាន​ព្រាហ្មណ៍​ចាស់​ម្នាក់​ ​ស្ពាយ​បង្វិច​មួយ​ធំ​ ​មាន​កញ្ចប់​បាយ​សំណុំ​ ​និង​បំពង់​ទឹក​ផង​ ​ដឹកសេះ​ដើរ​តម្រង់​ទៅ​រក​ព្រហ្មកិល​ ​តា​ព្រាហ្មណ៍​ក៏​សុំ​ផ្ញើ​សេះ​ ​និង​ឥវ៉ាន់​ផ្សេងៗ​ ​ជាមួយ​ព្រហ្មកិល​ពីព្រោះ​គាត់​ត្រូវ​ទៅ​មើល​អ្នក​មានបុណ្យ​ ​គាត់​និយាយ​ថា​ ​«ព្រហ្មកិល​ដែល​ដើរ​មិន​រួច​ ​បើ​ទៅ​មើល​អ្នក​មានបុណ្យ​ក៏​មើល​មិនឃើញ​ដែរ​ ​ហើយ​អាច​មាន​គ្រោះថ្នាក់​ត្រូវ​គេ​ដើរ​ជាន់​ស្លាប់​ទៀត» គាត់​សន្យា​ថា​ ​«បើ​ឃ្លានបាយ​ ឬ​ស្រេកទឹក​ ​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​អាច​យក​បាយ​សំណុំ​ ​និង​ទឹក​បំពង់​របស់​គាត់​ស្រស់ស្រូប​ចម្អែត​កាយ​បាន» ។

ពញាក្រែក ​ពោល​តប​ទៅ​វិញ​ថា​ ​«ខ្លួន​ខ្វិនខ្វង់​ផង​ ​ធ្វើ​ដូច​ម្ដេច​នឹង​អាច​មើល​សេះ​កើត​ ​សេះ​នោះ​វា​អាច​នឹង​រត់​បាត់»។ តែ​ព្រាហ្មណ៍​ចាស់​មាន​ប្រសាសន៍​ឆ្លើយ​ថា​ ​«មិន​អី​ទេ​! គាត់​ទៅ​តែ​មួយ​ភ្លែត​ទេ​! គាត់​នឹង​វិល​មក​វិញ​ឥឡូវ​ហើយ​!»។ និយាយ​ចប់​កាលណា​ ​លោកតា​ព្រាហ្មណ៍​ចាស់​នោះ​ក៏​យក​បង្ហៀរ​សេះ​ទៅ​ដាក់​លើ​ដៃ​ ព្រហ្មកិល។​ ​ឯ​បង្វេច​ធំ​គាត់​យក​ទៅ​ដាក់​ជិត​ព្រហ្មកិល។​ ​បន្ទាប់​មក​តា​ព្រាហ្មណ៍​ចាស់​ក៏​ដើរ​ចេញ​បាត់​ទៅ។ ​ពង្សាវតារ​ផ្សេងៗ​បាន​បញ្ជាក់​ថា​ ​តា​ព្រាហ្មណ៍​នេះ​ ​គ្មាន​នរណា​ក្រៅ​អំពី​ព្រះ​ឥន្ទ្រាធិរាជ​ឡើយ​ ​ពីព្រោះ​ព្រះឥន្ទ្រ​ក្ដៅ​ក្រហល់ក្រហាយ​អន្ទះអន្ទែង​ ​គង់​លើ​បល្ល័ង្ក​មិន​សុខ​មិន​សាប់​ ​ទ្រាំ​មិន​បាន​ ​ក៏​រៀបចំ​គ្រប់គ្រឿង​អលង្ការ​សម្រាប់​ព្រះមហាក្សត្រ​ដាក់​ចង​ក្នុង​មួយ​ បង្វេច​ ​ព្រមទាំង​មាន​បាយ​សំណុំ​ ​និង​ទឹក​បំពង់​ផង​ ​ជិះសេះ​ចុះ​មក​ជួប​នឹង​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ថ្ងៃ​នោះ​ ​គឺ​ថ្ងៃ ​ព្រហស្បតិ៍​ ​៥​កើត ឆ្នាំម្សាញ់​ ​ម.ស ​៥៦៧ ជា​ថ្ងៃ​ដល់​កាលកំណត់​ដែល​អ្នក​មានបុណ្យ​ ​ត្រូវ​ឡើង​សោយរាជ្យ​ប្រទេស​កម្ពុជា​តាម​ទំនាយ។​

ក្រោយ ​ដែល​ព្រាហ្មណ៍​ចេញ​ផុត​ទៅ​ ​ស្រាប់តែ​សេះ​នោះ​ងើបឈរ​ទាញ​កន្ត្រាក់ដៃ​ពញាក្រែក​ឲ្យ​ត្រង់​ដូច​ ធម្មតា។​ ឃើញ​ដូច្នេះ​ ​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​ក៏​លើកយក​បង្ហៀរ​សេះ​ទៅ​ដាក់​លើកដៃ​ម្ខាង​ទៀត​ ​សេះ​ទាញ​កន្ត្រាក់​ដូច​មុន​ ​ហើយ​ដៃ​នោះ​ក៏​ឡើង​ត្រង់​ភ្លឹង​កម្រើក​បានជា​ធម្មតា​ដែរ។​ ​ពញាក្រែក​ ​ឬ​ព្រហ្មកិល​សប្បាយចិត្ដ​ត្រេកអរ​ឥតឧបមា​ ​ខំ​ចាប់​យក​បង្ហៀរ​សេះ​មក​ដាក់​លើ​ជើង​ទាំង​ពីរ​ឲ្យ​សេះ​ទាញ​កន្ត្រាក់​ថែមទៀត។​ ​ដូច​សេចក្ដី​ប្រាថ្នា​មែន​ ​ជើង​ទាំង​គូ​ក៏​ត្រង់​ ​មាន​សភាព​ល្អ​ប្រក្រតី។​ ​ឥឡូវ​ ​ព្រហ្មកិល​មាន​អវយវៈ​ដូច​មនុស្ស​ធម្មតា​ ​អាច​ប្រើ​ការ​បាន​ដូច​គេឯង។​ ​ពេល​នោះ​ព្រហ្មកិល​ក៏​ចាប់ផ្ដើម​ស្រេកឃ្លាន​ ​នឹកឃើញ​ទៅ​ដល់​ពាក្យ​បណ្ដាំ​តា​ព្រាហ្មណ៍​ចាស់​ ​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​ក៏​លូកដៃ​ចាប់​យក​ទឹក​បំពង់​មក​ផឹក​ ​លុបលាង​រាង​កាយ​ ​និង​មុខមាត់។​ ​ភ្លាម​នោះ​ស្រាប់តែ​ស្លាកស្នាម​ទាំង​ប៉ុន្មាន​ដែល​មាន​លើ​ខ្លួន​ក៏​ រលុបរលាយ​បាត់​អស់យ៉ាង​អស្ចារ្យ​ ​រូបរាង​មុខមាត់​ព្រហ្មកិល​ក៏​ក្លាយទៅជា​ល្អ​ស្រស់​ប្រិមប្រិយ​លើស​អស់​ មនុស្ស​ធម្មតា​ ​ដែល​គេ​ពុំ​អាច​សំគាល់ ​ឬ​ចំណាំ​បាន​ឡើយ។​ ​បន្ទាប់​មក​ ​ពញាក្រែក​ក៏​លា​កញ្ចប់​បាយ​បើក​យក​មក​បរិភោគ។​ ​រំពេច​នោះ​ដែរ​ កម្លាំង​ក៏​កើន​ក៏ ​ចម្រើន​ក្នុង​ខ្លួន​ខ្លាំងក្លា​មហិមា។​ ​ជួប​ប្រទះ​ឃើញ​ភាព​អច្ឆរិយៈ​កើត​ឡើងជា​បន្ដបន្ទាប់​គ្នា​ដូច្នេះ​ ​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ក៏​ឆ្ងល់​ពិចារណា​ ​ហើយ​បើក​លា​បង្វេច​តា​ចាស់​ព្រាហ្មណ៍​នោះ​ទៀត​ ​ស្រាប់តែ​ឃើញ​មានសុទ្ធតែ​សម្លៀកបំពាក់​ ​និង​គ្រឿង​អលង្ការ​ល្អល្អះ​រក​អ្វី​មក​ប្រៀបផ្ទឹម​ពុំ​បាន។​ ​ពញាក្រែក​ក៏​យក​សម្លៀក​បំពាក់​ ​និង​គ្រឿងអលង្ការ​ទាំងនោះ​មក​ពាក់​សាកល្បង​ល​មើល​ ​ហើយ​ឃើញ​ថា​សក្ដិ​សម​ត្រូវ​នឹង​ខ្លួន​ល្អ​ឥត​ខ្ចោះ។​ ​គឺ​នៅ​ក្នុង​ឱកាស​នេះ​ហើយ​ដែល​ពញាក្រែក​ ​ឬ​ព្រហ្មកិល​យល់​ដឹង​ ​និង​មាន​ជំនឿ​ថា​ខ្លួន​ពិតជា​អ្នកមាន​បុណ្យ។​ ​បន្ទាប់​មក​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ឡើង​ជិះសេះ​ ​សេះ​នោះ​ក៏​ហោះ​ឡើង​វឹងស្លេវ​ទៅ​ ​ពី​ទិស​ខាងជើង​ឆៀង​ខាងកើត​ ​សំដៅ​ទៅ​បរមរាជវាំង​ឯ​មហានគរ។​

កាលបើ ​ឃើញ​អ្នកមាន​បុណ្យ​ ​ជិះសេះ​ហោះ​មក​ដល់​ដូចដែល​ហោរា​បាន​ទស្សន៍​ទាយ​ ​ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​មក​ចាំ​មើល​កក​កុំ​ក្នុង​មហានគរ​ ​ស្រែក​ហ៊ោកញ្ជ្រៀវ​ទ្រហឹង​អឺងកង​ពពាក់ពពូន​តាម​មើល​ព្រឹត្ដិការណ៍។​ ​ចំណែក​ស្ដេច​ដំបងគ្រញូង​ ​ដែល​រង់ចាំ​អ្នកមាន​បុណ្យ​ជា​យូរយា​ណាស់​មក​ហើយ​ ​កាលបើ​បានឃើញ​ជាក់​នឹង​ភ្នែក​ ​កើត​មាន​ក្ដី​មួហ្មង​ក្ដៅក្រហាយ​ខឹងសម្បា​រជា​ខ្លាំង​ ​ចាប់​ទាញ​យក​ដំបងគ្រញូង​ ​មក​គប់​ចោល​តម្រង់​ទៅ​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​ដើម្បី​ប្រហារជីវិត​ឲ្យ​ក្សិណក្ស័យ​តែ​ម្ដង។​ ​ប៉ុន្ដែ​ ​ដំបង​របស់​ស្ដេច​ដំបងគ្រញូង​បែរជា​អស់​ឫទ្ធិ​ ​មិន​បាន​ប៉ះចំ​អ្នក​មានបុណ្យ​ទេ​ ​ហើយ​ក៏​ធ្លាក់​បាត់​ទៅ។​ ​កន្លែង​ដែល​ដំបង​ធ្លាក់​ ​ក៏​ក្លាយទៅជា​អូរ​ដែល​មាន​ឈ្មោះ​ជាប់​មក​ថា​ ​អូរ​ដំបង​ ​ហើយ​តំបន់​នោះ​សោត​ក៏​មានឈ្មោះ​ថា​ ​បាត់ដំបង​ដែរ។​

ឃើញ ​ហេតុភេទ​ដ៏​អស្ចារ្យ​ដូច្នោះ ប្រជានុរាស្ត្រ​ខ្មែរ​គ្រប់​ទិសទី ព្រមទាំង​ពលសេនា​មុខ​មន្ត្រី​ក៏​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​សំពះ​ទទួល​ ព្រហ្មកិល។ ស្ដេច​ដំបងគ្រញូង​វិញ ដែល​យល់​ដឹង​ថា ខ្លួន​អស់​មាន​បុណ្យបារមី អស់​មាន​សមត្ថភាព ក៏​សុខចិត្ត​ដាក់​ខ្លួន ក្រាបថ្វាយ​បង្គំ​ពញាក្រែក ឬ​ព្រហ្មកិល សុំ​ចំណុះ​ចុះចាញ់ ហើយ​លើក​រាជសម្បត្តិ​ប្រគល់​ថ្វាយ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ទៅ​ហោង។

រីឯ ​ពញាក្រែក​ ​ឬ​ព្រហ្មកិល​វិញ​ ​ព្រះ​អង្គ​បាន​ទទួល​អភិសេក​នៅ​ថ្ងៃ ​១​កើត​ ​ខែ​មិគសិរ​ ឆ្នាំវក​ ​ព.ស​ ១៥៥២ ត្រូវ​ជា​ម.ស ​៩៣០​ ​ច.ល ​៣៧០​ ​និង​ត្រូវជា​គ.ស​ ១០០៨។ ព្រះ​អង្គ​បាន​ទទួល​ព្រះ​បរម​នាម​ ព្រះបាទ​សម្ដេច​សន្ធព​អម្រែក​ ​ព្រះ​បរម​ព្រហ្មកិល​អង្គម្ចាស់ ​(នេះ​បើ​តាម​ពង្សាវតារ​របស់​ព្រះ​អង្គ​ ម្ចាស់​នព្វរតន៍។​ ​តែ​ពង្សាវតារ​វត្ដ​កោកកាក​បាន​សរសេរ​ថា​ ​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​ព្រះ​អង្គ​មានបរម​នាម ​ព្រះបាទ​សន្ធព​អម្រិន្ទ។​ ​ចំពោះ​ពង្សាវតារ​ផ្សេងៗ​ទៀត​ ​ដូច​ជា​ពង្សាវតារ​របស់​សម្ដេច​វាំង​ជួន​ ឬ​វត្ដ​ទឹកវិល​ ​ព្រះ​អង្គ​ឈ្មោះ​ថា​ ​ព្រះបាទ​សន្ធព​អនុរាជ)។ ព្រះបាទ​សន្ធព​អនុរាជ​ ​ឬ​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​ជា​មហាក្សត្រ​ខ្មែរ​ទី​១៨​ ​ដែល​បាន​សោយរាជសម្បត្ដិ​បន្ទាប់​ពី​ស្ដេច​ដំបងគ្រញូង​ ​ឬ​ព្រះបាទ​គោត្ដម​ ​អមរ​ទេវរាជ​ ​កាលនោះ​ ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​១២​វស្សា ។​ ​ព្រះ​អង្គ​ទ្រង់​គង់នៅ​ព្រះ​បរមរាជវាំង​មហានគរ។​

យូរ ​ខែ​ឆ្នាំ​កន្លង​មក​ ​បើ​តាម​ពង្សាវតារ​វត្ដ​ទឹកវិល​ ​សេះ​របស់​ព្រះ​សិន្ធព​អមរិន្ទ ​ឬ​ព្រហ្មកិល​ដែល​តា​ព្រាហ្មណ៍​ចាស់​ ​បាន​យក​ប្រគល់​ឲ្យ​ ​បាន​អស់​ជីវិត​ក្លាយទៅជា​ថ្ម​នៅ​ក្នុង​ឆ្នាំមមែ​ ​បញ្ច​ក្សត្រ​ទាំង​ប៉ុន្មាន​ប្រែ​ក្លាយទៅជា​ផ្លែ​ឈើ​បី​ ​ផ្ដុំ​ផ្គុំ​ជាប់​គ្នា។​ ចំណែកឯ​ព្រះខ័នរាជ​និង​រំពាត់​ក៏​ត្រលប់​ចូល​ទៅ​ក្នុង​ស្រោម​ ​ធ្វើ​អំពី​សំពត់​ហូល​វិញ​ដែរ។​ ​នៅ​ចំពោះ​មុខ​បាតុភូត​ខុស​ប្លែក​អំពី​ធម្មតា​នេះ​ ​ព្រះ​សិន្ធព​អមរិន្ទ​ ​យល់​ច្បាស់​ណាស់​ថា​ ​ព្រះ​អង្គ​ដល់​ថ្ងៃ​អវសាន​អស់បុណ្យ​ហើយ។​ ​ព្រះ​អង្គ​រឹង​រឹត​តែ​ភ័យ​ព្រួយបារម្ភ​ ​រន្ធត់​តក់ស្លុត​ខ្លាំង​ឡើង​ ​រហូត​ដល់​ធ្លាក់ខ្លួន​មាន​ជំងឺ​ឈឺ​រ៉ាំរ៉ៃ​មើល​មិនជា។​

ព្រះបាទ ​សិន្ធព​អម្រិន្ទ​ ​ឬ​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​១៨​ ​បាន​ចូល​ទិវង្គត​ក្នុង​ឆ្នាំមមែ​ ​ក្នុង​ព្រះ​ជន្ម ​៣១ ​វស្សា​ ​ក្រោយ​ដែល​បាន​សោយរាជសម្បត្ដិ​ ​អស់​ចំនួន​២០​ឆ្នាំ (ព្រះ​ជន្ម​របស់​ព្រះបាទ​សន្ធព​អនុរាជ​ ​ឬ​ស្ដេច​ព្រហ្មកិល​ ​ត្រូវ​បាន​ពង្សាវតារ​ផ្សេងៗ​កត់ត្រា​ខុស​គ្នា​ទាំងអស់) នេះ​បើ​តាម​ពង្សាវតារ​របស់​សម្ដេច​វាំង​ជួន។​ ​ព្រះ​អង្គ​មិន​បាន​ទុក​នូវ​ស្នាដៃ​ ​ឬ​កេរ្ដិ៍​ដំណែល​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​បាន​ឡើយ។​ ​ពង្សាវតា​វត្ដ​ទឹកវិល​ ​បាន​បញ្ជាក់​ថា​ព្រះ​អង្គ​មានគំនិត​​ចង់​ផ្លាស់​ប្ដូរ​សករាជ​ថ្មី​ ​តែ​គម្រោង​នេះ​មិន​ត្រូវ​បាន​យក​មក​អនុវត្ដ​ទេ។​

ក្នុងរាជសម្បត្តិ[កែប្រែ]

ថ្ងៃមួយ ​ស្ដេច​ព្រហ្មកិល​ ​ឬ​ពញាក្រែក​ (ត្រង់កន្លែងនេះមានន័យថាទ្រង់មិនមែនជាក្សត្រទេ ទ្រង់គឺជារាស្ត្រសាមញ្ញ) កើត​មានជំងឺ​ឈឺក្បាល​យ៉ាង​ខ្លាំង​រក​ទ្រាំ​មិន​បាន​ ​ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ព្រះ​អង្គ​កោះហៅ​ហោរា​ ​មក​ទស្សន៍​ទាយ​រក​ហេតុផល​ពិតប្រាកដ។​ ​ហោរា​នោះ​បាន​គន់គូរ​មើល​តាម​ជើង​លេខ​ ​ថ្ងៃខែ​ឆ្នាំ​ និង​តាម​ទំនាយ​នគរ​ទៅ​ ​ស្រាប់តែ​ឃើញ​ថា​អ្នកមាន​បុណ្យ​ដែល​មានត្រកូល​ជា​ក្សត្រ​បាន​មក​ចាប់ជាតិ​ ​ទ្រង់​គភ៌​ហើយ។​ អ្នកមាន​បុណ្យ​នេះ​ ​ដែល​មាន​ឈាមជ័រ​ ​ចុះ​មក​អំពី​ព្រះបាទ​ទេវង្សអស្ចារ្យ (នេះ​ជា​សេចក្ដី​កំណត់​ក្នុង​ពង្សាវតារ​ព្រះអង្គម្ចាស់​នព្វរតន៍)​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​៦​ ​និង​ត្រូវ​មក​សោយរាជសម្បត្តិនៅ​ប្រទេស​កម្ពុជា។

ពង្សាវតារសម្ដេច​វាំង​ជួន​ ​បាន​ត្រឹមតែ​បញ្ជាក់​ថា​ស្ដេច​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​ឬ​ព្រះបាទ​សិន្ធព​អមរិន្ទ​ ​បាន​កោះហៅ​ហោរា​ឲ្យ​ទស្សន៍​ទាយ។​ ​ព្រះ​អង្គ​ចង់​ដឹង​ថា​ ​តើ​មាន​អ្នកមាន​បុណ្យ​ណាមួយ​អាច​នឹង​មក​ដណ្ដើម​រាជ្យ​ព្រះ​អង្គ​ឬទេ?

ក្រោយ ​ដែល​បាន​គន់គូ ​គូសវាស​យ៉ាង​ល្អិតល្អន់​មក​ ​ហោរា​បាន​ទាយ​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ថា​ ​«អ្នកមាន​បុណ្យ​បាន​កើត​ក្នុង​ត្រកូល​ក្សត្រ​ហើយ។​ ​ឥឡូវ​នេះ​អ្នកមាន​បុណ្យ​អាយុ​បាន ​៧ ​ឆ្នាំ ហើយ​បន្លំ​ខ្លួន​រស់នៅ​ធ្វើ​ជា​រាស្ដ្រ​សាមញ្ញ​ធម្មតា​នៅ​តំបន់​មួយ​ឆ្ងាយ​ អំពី​មហានគរ។​ ​អ្នកមាន​បុណ្យ​នេះ​ ​អាច​នឹង​មក​ដណ្ដើម​យក​ព្រះរាជ​បល្លង្ក​ ​អ្នកមាន​បុណ្យ​នេះ​មាន​សញ្ញា​កងចក្រ​ប្រចាំ​ខ្លួន​នៅ​លើ​បាត​ដៃ​ ​និង​បាត​ជើង​ជា​សញ្ញា​សំគាល់។»​

គ្រាន់តែ​ បានឮ​ហោរា​ទស្សន៍​ទាយ​ដូច្នេះ​ ​ស្ដេច​ព្រហ្មកិល​ ​ឬ​ព្រះបាទ​សិន្ធព​អមរិន្ទ​ ​កើត​មាន​ក្ដី​ភ័យ​ព្រួយបារម្ភ​ ​រន្ធត់​ក្នុង​ឱរា​ខ្លាច​របូត​បាត់​រាជសម្បត្ដិ​ពី​ដៃ​ ​ព្រះ​អង្គ​ក៏​ចាត់ចែង​ចេញ​បញ្ជា​ឲ្យ​អស់​នាម៉ឺន​មុខមន្ដ្រី​ ​ពល​សេនា​បរិវារ​ទាំងឡាយ​ ​ធ្វើការ​ស៊ើប​អង្កេត​គ្រប់​ច្រកល្ហក​ ​ដើម្បី​រុករក​អ្នកមាន​បុណ្យ។​ ​តែ​គ្មាន​នរណា​មួយ​អាច​ដឹង​បាន​ថា​ ​តើ​អ្នកមាន​បុណ្យ​នៅ​ទីណា​ឡើយ។​ ​

ស្ដេច​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​ឬ​ព្រះបាទ​សិន្ធពអមរិន្ទ​​ ​ម្ដងនេះ​​បង្គាប់បញ្ជា​ឲ្យ​កេណ្ឌ​ប្រមូល​បង្ខំ​យក​ក្មេងក្មាង​ទាំងអស់​ ​ពី​គ្រប់​ទិស​ទី​ខេត្ដ​ខណ្ឌ​ក្នុង​ព្រះ​នគរ​ ​ដែល​មាន​អាយុ​៧ឆ្នាំ មក​ធ្វើការ​ពិសោធ​ ​សាកល្បង​ដាក់​បាត​ដៃ​បាត​ជើង​លើ​ម្សៅ​ដែល​គេ​ដាក់​ទុក​ក្នុង​ចង្អេរ។ ​ ​ក្មេង​ណា​ ​ដែល​គ្មាន​បញ្ចេញ​ស្នាម​កងចក្រ​លើ​ចង្អេរ​ម្សៅ​ទេ​ ​ក្មេង​នោះ​ត្រូវ​រួចខ្លួន​ ​ហើយ​គេ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ត្រលប់​ទៅ​ផ្ទះសម្បែង​វិញ។​

ដូចដែល ​យើង​រៀបរាប់​នៅ​ផ្នែក​ដើម​ ​ព្រះបាទ​ចក្រព័ត្រ​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​១៦​ ​មាន​មហេសី​មួយ​ឈ្មោះ​អ្នក​ម្នាង​កែវ។​ ​ព្រះ​នាង​ទ្រង់​មានគភ៌​នៅ​ក្នុង​ឆ្នាំជូត​ ​ព.ស ​១៥៤៤ ដែល​ត្រូវជា​ ​គ.ស ​១០០០ គឺ​នៅ​ក្នុង​សម័យ​កាលដែល​ដំបងគ្រញូង​បាន​បះបោរ​ ​លើក​កងទ័ព​មក​វាយប្រហារ​ដណ្ដើម​យក​រាជ្យ។​ ​ក្នុង​ឱកាស​នោះ ព្រះ​នាង​បាន​បន្លំ​ធ្វើ​ជា​អ្នកស្រុក​អ្នក​ភូមិ​សាមញ្ញ​ ​លួច​រត់គេច​ភៀសខ្លួន​ ​ចេញ​ផុត​ពី​មហានគរ​ ​ទៅ​រស់នៅ​តាម​ជាយ​ជនបទ​ ​ឆ្ងាយ​ដាច់​ស្រយាល​ពី​គេឯង។​ ​ព្រះ​នាង​បាន​តា​យាយ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ ​តា​គហេ​យាយ​លក្ខណ៍​ ​ទទួលយក​ទៅ​ចិញ្ចឹម​បីបាច់​ថែរក្សា​ ​ជួយ​លាក់​បំពួន​បំបិទ​បំបាំង​ ​ឆ្ងាយ​ពី​ភ្នែក​ច្រមុះ​ ​ពួក​ក្រុម​ស្ដេច​ដំបងគ្រញូង។​ ​ខែមាឃ​ ​ឆ្នាំឆ្លូវ​ ​ព.ស​ ១៥៤៥ ត្រូវជា​ ម.ស​.៩២៣ ច.ស​ ៣៦៣ និង​គ.ស​ ១០០១​ ​ព្រះ​នាង​ប្រសូត​បាន​បុត្រ​មួយ​ព្រះ​អង្គ​ ​មាន​សម្បុរ​ភ្លឺ​ស្រស់បំព្រង​ ​ហើយ​មាន​សញ្ញា​កងចក្រ​លើ​បាត​ដៃ​ ​និង​បាត​ជើង​ ដែល​បញ្ជាក់​លក្ខណៈ​ជា​អ្នក​មានបុណ្យ។​

តា​គហេ ​យាយ​លក្ខណ៍​ ​បាន​ស្រឡាញ់​ថ្នាក់ថ្នម​ទំនុកបម្រុង​ព្រះ​នាង​កែវ​ ​និង​ទារក​ដូច​ជា​កូន​ ​និង​ចៅ​បង្កើត។​ ​សម័យ​ថ្ងៃមួយ​ ប្ដី​ប្រពន្ធ​តា​គហេ​ ​យាយ​លក្ខណ៍​ ​និង​ព្រះ​នាង​កែវ​បាន​នាំ​ព្រះរាជបុត្រ​ទៅ​ច្រូតស្រូវ​ជាមួយ។​ ​ទៅ​ដល់​កន្លែងធ្វើការ​ ​គេ​បាន​យក​ព្រះរាជបុត្រ​ទៅ​ដាក់​ឲ្យ​ផ្ទុំ​ក្រោម​ម្លប់ឈើ។​ ​ដោយ​រវល់​ជាប់​ជក់​នឹង​ការងារ​ពេក​ ​ម្នាក់ៗ​មិន​បាន​នឹកភ្នក​ចាប់​អារម្មណ៍​ដល់​ទារក​ដែល​កំពុង​តែ​ត្រូវ​ស្ថិត ​នៅ​ក្រោមកំដៅកាំរស្មីព្រះអាទិត្យ​ឡើយ។​ ​ពេល​នោះ​ ​ទិដ្ឋភាព​ដ៏​សែន​អស្ចារ្យ​ដែល​គេ​មិន​ធ្លាប់​ឃើញ​ ​ហើយ​ដែល​មិន​ធ្លាប់​កើត​មាន​នោះ​ ​បាន​កើតឡើង​ ​គឺ​ទេព​ឥន្ទ្រី​ ​និង​បក្សាបក្សី​ជា​ច្រើន​ទាំង​ហ្វូង​បាន​ហោះ​ចុះ​មក​ ​កក​កុំ​ ​ក្រុង​ព័ទ្ធ​ជិតជុំ​ ​ការពារ​ទារក​មិន​ឲ្យ​ត្រូវ​កម្ដៅ​ថ្ងៃ។​ ​តា​គហេ​ឃើញ​ដូច្នេះ​ ​ភ័យ​លោះ​ព្រលឹង​ ​ខំ​រត់​យ៉ាង​លឿន​ស្លេវ​ទៅ​ដេញ​បង្អើល​ហ្វូង​សត្វ​បក្សាបក្សី ។​ ​ទៅ​ដល់​ ​តា​គហេ​ខំ​ពិនិត្យ​មើល​ខ្លាចក្រែង​ទារក​រងគ្រោះថ្នាក់​ ​ឬ​មាន​របួស​ស្លាក​ស្នាម​ ​តែ​គាត់​មើល​មិនឃើញ​មាន​អ្វី​ដែល​ជា​ការ​គួរ​ឲ្យ​ភ័យ​ព្រួយបារម្ភ​ ឡើយ ។​ ​ផ្ទុយ​ទៅ​វិញ​ទារក​ហាក់បីដូចជា​បាន​ទទួល​នូវ​សេចក្ដីសុខ​ ​និង​ការ​ថ្នាក់ថ្នម​ឥត​ហ្មង​ពី​ហ្វូង​បក្សាបក្សី។​ ​បាតុភូត​ដ៏​សែន​អស្ចារ្យ​នេះ​ បាន​បណ្ដាល​ឲ្យ​ព្រះ​នាង​កែវ​ ​តា​គហេ​ ​និង​យាយ​លក្ខណ៍​ដាក់​ឈ្មោះ​ទារក​នោះ​ថា​ បក្សីចាំក្រុង។​

តែបើ ​យោង​ទៅ​តាម​ពង្សាវតារ​វត្ដ​កោកកាក​វិញ​ ​គេ​អាច​ដឹង​ថា​ ​មហេសី​របស់​ព្រះបាទ​ចក្រព័ត្រ​ទ្រង់​មានគភ៌​ ​នៅ​ពេល​ដែល​ដំបងគ្រញូង​លើកទ័ព​មក​វាយប្រហារ​ដណ្ដើម​រាជ្យ។​ ​ព្រះ​នាង​បាន​រត់​រួច​ទៅ​លាក់ខ្លួន​ពួន​អាត្មា​ ​នៅ​តាម​ភូមិស្ថាន​តំបន់​ឆ្ងាយ​ដាច់​ស្រយាល។​ ​បន្ទាប់​មក​ ​ព្រះ​នាង​ប្រសូត​បាន​បុត្រ​មួយ​ព្រះ​អង្គ។​ ​តែ គេ​មិន​បាន​ស្គាល់ឈ្មោះ​ព្រះរាជបុត្រ​អង្គ​នេះ​ទេ​ ​ធំ​ឡើង​ពេញវ័យ​កាលណា​ព្រះរាជបុត្រ​បាន​មាន​មហេសី។​ ​ព្រះ​មហេសី​ទ្រង់​គភ៌​​បាន​១០​ខែ ​កាល​ក្នុង​រាជ្យ​ ​និង​សម័យ​ដែល​ស្ដេច​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​ឬ​ព្រះបាទ​សិន្ធពអមរិន្ទ​​ ​កោះហៅ​ហោរា​ឲ្យមក​ទស្សន៍​ទាយ​មើល​រក​អ្នកមាន​បុណ្យ។​ ​គ្រានោះ​ព្រះរាជបុត្រ​ក៏​បាន​សុគត​ដែរ​ ​តែ​គេ​មិន​បានដឹង​ដោយ​ប្រការ​ណាមួយ​ឡើយ​ទេ។​ ​ព្រះរាជបុត្រ​អង្គ​នេះ​ ​បើ​តាម​ពង្សាវតារ​វត្ដ​ទឹកវិល​ ​មានឈ្មោះ​ថា​ ពញាពេជ្រ។​ ​ព្រះ​មាតា​ ​ដែល​ជា​មហេសី​ព្រះបាទ​ចក្រព័ត្រ​ ​មានឈ្មោះ​ថា​ អ្នកម្នាងទង។​ ​ឯ​មហេសី​របស់​ពញាពេជ្រ​ឈ្មោះ​ អ្នកម្នាងទេព។​

ស្ដេច​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​ឬ​សិន្ធព​អមរិន្ទ ​កាលបើ​បាន​ព្យាករ​ទាយ​ថា​ ​អ្នកមាន​បុណ្យ​ ​បាន​មក​ចាប់កំណើត​បាន​ ​១០​ខែ ក្នុង​ត្រកូល​ក្សត្រ​ហើយ​ ​ក៏​ចេញ​បញ្ជា​ឲ្យ​នាម៉ឺន​ពល​ទ័ព​សេនា​គ្រប់​ទិស​ទី​ ​ចាប់​ប្រមូល​ស្ដ្រី​ទាំងអស់​ក្នុង​នគរ​ ​ដែល​មាន​ផ្ទៃពោះ​ចំនួន ​១០ ​ខែ យក​ទៅ​ប្រហារ​ជីវិត​កុំឲ្យ​មាន​សល់។​ ​ពេជ្ឈឃាដ​ត្រូវ​កាប់​ស្ដ្រី​ទាំងនោះ​ជា​បី​កង់​ ​គឺ​ត្រង់​ក​ ​និង​ពោះ។​

អ្នក​ម្នាង​ទេព​ ​ដែល​កាលនោះ​ ​បាន​មក​លាក់ខ្លួន​រស់នៅ​ក្នុងស្រុក​ស្ទោង​ ​មិន​បាន​គេច​ផុត​ពី​គ្រោះ​កំណាច​នោះ​ទេ។​ ​ព្រះ​នាង​ត្រូវ​ស្ដេច​ចាមសេន្ទ្រា​ ​ជា​ស្ដេច​ចាម​ចំណុះ​ខ្មែរ​ ​តាំង​តែ​ពី​សម័យ​រាជ្យ​ ​ព្រះថោង​នាងនាគ​ ​ឬ​ស្ដេច​កុម៉ែរាជ​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​១​ ​នៅ​ស្រុក​ស្ទោង​ ​ចាប់​យក​ទៅ​ថ្វាយ​ព្រះរាជា។​ ​ព្រះ​សិន្ធព​អមរិន្ទក៏​បង្គាប់​ឲ្យ​ក្រុម​ពេជ្ឈឃាដ​ស្ដេច​ចាម​យក​ទៅ​ប្រហារជីវិត​ដោយ​គ្មាន​ស្រណោះ​ប្រោសប្រណី។​ ​កន្លែង​ពិឃាត​អ្នក​ម្នាង​ទេព​ស្ថិត​នៅ​ខាងត្បូង​កំពង់ព្រះ​ជិន​ (ប្រហែលជា​ កំពង់ចិន​ ​ក្នុងស្រុក​ស្ទោង​ ​ខេត្ដកំពង់ធំ) ហើយ​នៅ​ខាងលិច​វាំង​ស្ដេច​ចាម​សេន្ទ្រា។​ ​នៅ​ពេល​ដែល​ពួក​ពេជ្ឈឃាដ​ ​កាប់​ប្រហារ​ត្រង់​ពោះ​ ​ព្រះ​នាង​ទេព​ទារក​នោះ​រត់ឡើង​ទៅ​នៅ​ទ្រូង​ម្ដាយ​ ​ហើយ​ដល់​ពួក​ពេជ្ឈឃាដ​ចេញ​ទៅ​បាត់​ទារក​ក៏​ធ្លាក់​ចេញ​មក​ក្រៅ ។​ ​គឺ​នៅ​ពេល​នោះ​ហើយ​ដែល​ទេពឥន្ទ្រី​ ​និង​ហ្វូង​បក្សាបក្សី​ជា​ច្រើន​បាន​ហោះ​កុះករ​ ​កក​កុំ​ចុះ​មក​រោម​ក្រុង​ការពារ​ ​ព័ទ្ធ​ជុំវិញ ។​ ​សត្វ​ខ្លះ​ទៀត​ត្រដាងស្លាប​ដាក់​ក្រោម​ទារក​ ​ការពារ​កុំឲ្យ​ប៉ះ​ប្រឡាក់​នឹង​ដី ។​ ​តា​គហេ​ដែល​ឃ្វាលគោ​នៅ​ជិត​នោះ​ ​ឃើញ​ហ្វូង​សត្វ​បក្សាបក្សី​ជា​ច្រើន​ហោះ​ក្រវែល​ ​ក្រឡឹង​ចុះ​ក្រឡឹង​ឡើង​ ​ឆ្វាត់ឆ្វែង​ច្រើន​ពេក​ក្នុង​មេឃ​ ​កើតក្ដី​ឆ្ងល់​សង្ស័យ​ ហើយ​ក៏​ដើរ​តម្រង់​ទៅ​មើល​ដល់​កន្លែង ។​ ​ស្រាប់តែ​គាត់​ភ្ញាក់​ព្រើត​ ​នឹកគិត​ទៅ​អស្ចារ្យ​ខ្លាំង​ពេក​ ​កាលបើ​ឃើញ​ទារក​មួយ​ ​ត្រូវ​បាន​ហ្វូង​បក្សាបក្សី​ចោមរោម​ ​ក្រុង​ការពារ​ ​គាត់​ក៏​លើក​បី​ទារក​យក​មក​ចិញ្ចឹម​បីបាច់​ថែរក្សា​ ​ថ្នាក់ថ្នម​យ៉ាង​ប្រុង​ប្រយ័ត្ន​ ​និង​ស្រឡាញ់​ជាទី​បំផុត ។​ ​តា​គហេ​បាន​ដាក់​ឈ្មោះ​ ​បក្សីចាំក្រុង​ ​ឲ្យ​ទារក​នោះ​ជាប់​រៀង​រហូត​មក ។​

យូរ​ឆ្នាំ​ កន្លង​មក​ ​ស្ដេច​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​សុបិន​ឃើញ​សត្វ​គ្រុឌ​ហោះ​ចេញពី​ទិស​ខាងត្បូង​មក​ខ្វះ​យក​ភ្នែក​ព្រះ​អង្គ​ ទាំង​គូ ។​ ​ព្រះ​អង្គ​ភ័យរន្ធត់​ញាប់​ញ័រ​ ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ​ហើយ​កោះហៅ​ហោរា​ ​បង្គាប់​ឲ្យ​ទស្សន៍​ទាយ​មើល​ជតារាសី។​ ​ហោរា​ទាយ​ថា​ ​អ្នកមាន​បុណ្យ​ ​នឹង​យាង​មក​យក​រាជបល្ល័ង្ក​ ​ឥឡូវ​នេះ​អ្នកមាន​បុណ្យ​អាយុ​បាន​ ​៧ ​ឆ្នាំ​ហើយ ហើយ​មាន​សញ្ញា​កងចក្រ​លើ​បាត​ដៃ​ ​និង​បាតជើង។​ ​រូប​កងចក្រ​នេះ​ ​បើ​មើល​នឹង​ភ្នែក​ ​មើល​មិនឃើញ​ លុះត្រាតែ​យក​បាត​ដៃ​បាត​ជើង​ទៅ​ដាក់​លើ​ម្សៅ។​ ​ដូច្នេះ​ហើយ​ទើប​បានជា​ព្រះមហាក្សត្រ​បង្គាប់បញ្ជា​ឲ្យ​នាម៉ឺន​ពល​រេហ៍​ កេណ្ឌ​កៀរ​ក្មេង​អាយុ​ ​៧​ ឆ្នាំ​ពី​គ្រប់​ទិស​ទីតំបន់​ក្នុង​នគរ យក​មក​ពិសោធន៍​ដាក់​បាត​ដៃ​បាតជើង​លើ​ចង្អេរ​ម្សៅ។​

តាគហេ​ត្រូវ​នាំ​បក្សីចាំក្រុង​ទៅ​មហានគរ​ធ្វើការ​ពិសោធនឹង​គេ​ដែរ។ ​បក្សីចាំក្រុង​ដាក់​ដៃ​ដាក់​ជើង​ទៅ​លើ​ម្សៅ​ ​ហើយ​ដក​មក​វិញ​កាលណា​ ​ស្រាប់តែ​រូប​កងចក្រ​ដាម​ដិត​ជាប់​ក្រឡៅ​ ​ធ្វើ​ឲ្យ​មនុស្ស​ម្នា​នាម៉ឺន​ពល​រេហ៍​ទាំងឡាយ​ភ្ញាក់ផ្អើល​ឆោឡោ​ ​ឈូឆរ​ ​ច្របូកច្របល់​ទ្រហឹង​អឺងកង។​ ​មើលឃើញ​មិន​ស្រួល​ ​យល់​ថា​ស្ថានការណ៍​មិនល្អ​ ​អាច​នាំ​មក​នូវ​គ្រោះថ្នាក់​ ​តា​គហេ​ក៏​ចាប់​កញ្ឆក់​ដៃ​ ​លើក​បក្សីចាំក្រុង​ដាក់​អៀវ​លើក​ ​រត់​យ៉ាង​លឿន​ហើយ​គេចខ្លួន​យ៉ាង​រហ័ស​ចេញ​ផុត​ពី​ទីប្រជុំជន​ដែល​មាន​ មនុស្ស​អ៊ូអរ។​ ​គ្រានោះ​មាន​សត្វ​ម្រឹគីម្រឹគា​បក្សាបក្សី​ទាំង​ហ្វូងៗ​ ​រត់​ស្រុះ​ស្រ​ដង្ហែ​អម​តាម​ផ្លូវ​ចាំ​ការពារ​​បក្សីចាំក្រុង​ ពីក្រោយ។​ ​ព្រះ​មហាក្សត្រ​ព្រះ​សិន្ធព​អមរិន្ទ​ ​ឬ​ស្ដេច​ព្រហ្មកិល​ ​គ្រាន់តែ​បាន​ទទួល​ដំណឹង​ ​ដឹង​អស់​គ្រប់​ហេតុការណ៍​ច្បាស់លាស់​ភ្លាម​កាលណា​ ​ក៏​បញ្ជា​ឲ្យ​កងទ័ព​ដេញ​តាម​ចាប់​បក្សីចាំក្រុង​ ​និង​តា​គហេ។​

តាគហេ​អៀវ​បក្សីចាំក្រុង​បណ្ដើរ​ ​រត់​បណ្ដើរ​ ​ងាកឆ្វេង​ស្ដាំ​មើល​ក្រោយ​បណ្ដើរ។​ ​គាត់​ភ័យ​តក្កមា​ ​នៅ​ពេល​ដែល​ងាក​មើលទៅ​ឃើញ​ទ័ព​ស្ដេច​ដេញ​តាម​ប្រកិត​ពីក្រោយ។​ ​រត់​ចូល​ទៅ​ដល់​ព្រៃ​មួយ​ ​គាត់​យក​បក្សីចាំក្រុង​ទៅ​ដាក់​លាក់​ហើយ​មាន​ប្រសាសន៍​ថា​ ​«បាពួន​នៅ​ឲ្យ​ស្ងៀម​កុំ​មាត់ក​អ្វី​ទាំងអស់​!»។ បន្ទាប់​មក​គាត់​ចេញ​ទៅ​ស៊ើប​លប​លួច​មើល​ចលនា​ទ័ព​ស្ដេច។​ ​ហេតុតែ​បក្សីចាំក្រុង​ជា​អ្នកមាន​បុណ្យ​បារមី​ទ័ព​ពញាក្រែក​ដេញ​តាម​មិន​ទាន់​ ​រក​មិនឃើញ​ឡើយ​ ​ហើយ​ចេះ​តែ​ទៅ​ផុត​ ​មក​ផុត​ ​ដើរ​ហួស​ទៅ​ហួស​មក។​ ​កាលបើ​ស្ថានភាព​បាន​ធូរស្រាល​បន្ដិច​ហើយ​ ​តា​គហេ​លើក​បក្សីចាំក្រុង​ដាក់​លើ​ក​ ​ហើយ​អៀវ​រត់​កាត់​វាល​ចូល​ព្រៃតូច​ ​ចូល​ព្រៃធំ​មាន​ព្រៃ​ក្រាស់​ មានព្រៃ​ស្ដើង​ ​វិល​ត្រលប់​តម្រង់​ទៅ​គេហដ្ឋាន​វិញ។​ ​មក​ដល់​ជិត​ផ្ទះ​ ​តា​គហេ​យក​បក្សីចាំក្រុង​ទៅ​លាក់​ក្នុង​គម្ពោត​ព្រៃ​ដោយ​ពោល​ថា​ ​«បា​រង់ចាំ​នៅ​ទី​នេះ​សិន​ហើយ​!»។

គាត់​បាន​ រៀបរាប់​គ្រប់​ហេតុការណ៍​ពី​ដើម​ដល់​ចប់​ប្រាប់​ប្រពន្ធ​ ​និង​ទូល​ថ្វាយ​អ្នក​ម្នាង​កែវ​ ​ហើយ​គាត់​ក៏​ឲ្យ​ភរិយា​ចាត់ចែង​រៀបចំ​បាយ​ទឹក​ស្បៀងអាហារ​ ​និង​បង្វេច​សម្រាប់​រត់​ភៀសខ្លួន​ចាក​ចេញពី​ទីប្រជុំជន​ ​ទៅ​នៅ​ឲ្យ​ឆ្ងាយ​ដាច់​ស្រយាល​ ​ក្នុង​គោលបំណង​សង្ឃឹមថា​ ​នឹង​បាន​សន្ដិសុខ​ដល់​រូប​បក្សីចាំក្រុង។​ ​រួច​ស្រេច​ហើយ​កាលណា​ ​តា​គហេ​ត្រលប់​ទៅ​យក​បក្សីចាំក្រុង​លើក​អៀវ​ដាក់​លើ​ក​ ​ហើយ​ធ្វើ​ដំណើរ​ផ្សងព្រេង​ ​កាត់​វាល​ចូល​ព្រៃ​ដោយ​គ្មាន​ទិស​ដៅ​អ្វី​ជា​ពិតប្រាកដ ។​ ​ទៅ​ដល់​ទួល​មួយ​ ​មាន​ដើម​រលួស​ដុះ​ជា​ច្រើន​ ​យល់​ឃើញ​ថា​ ​ជា​កន្លែង​ល្អ​សមរម្យ​តា​គហេ​ ​និង​បក្សីចាំក្រុង​ក៏​នាំ​គ្នា​ឈប់​សម្រាក​និទ្រា។​ ​ទីកន្លែង​ដើម​រលួស​នេះ​ ​ថ្ងៃក្រោយ​ក្លាយជា​ខេត្ដ​រលួស​ ​ហើយ​មាន​វត្ដ​មួយ​ឈ្មោះ​វត្ដ​រលួស ​(ក្នុង​ស្រុក​និគម​ ​ខេត្ដ​សៀមរាប) ជាប់​រហូត​ដល់​សព្វថ្ងៃ។​

តា​គហេ​ ​និង​បក្សីចាំក្រុង​ ​ទាំង​តា​ទាំង​ចៅ​ ​នាំ​គ្នា​រត់គេច​បន្ដ​ជា​និច្ច​ ​ឆ្លងកាត់​ព្រែក​ស្ទឹង​ទន្លេ​ធ្លាក់​ទៅ​ដល់​ខេត្ដ​ជើងព្រៃ។​ ពេល​នោះ​ ​កងទ័ព​ពល​រេហ៍​របស់​ស្ដេច​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​ឬ​សិន្ធព​អមរិន្ទ​ ​ក៏​បាន​ដេញ​តាម​ប្រកិត​ផិត​មក​ដល់​ដែរ។ ​អ្នក​ទាំង​ពីរ​ខំ​ពួន​ លាក់ខ្លួន​ក្នុង​ព្រៃ​យ៉ាង​សែន​វេទនា​ជាទី​បំផុត។​ ​យប់​ឡើង​គេ​យក​ផែន​ពសុធា​ធ្វើ​ជា​គ្រែ​ យក​មេឃ​ធ្វើ​មុង​ យក​សូរ​ស័ព្ទ​សព្វ​សត្វ​ ​ក្នុង​ព្រៃ​ស្ងាត់​ជ្រៅ​ជ្រងំ​ ​ធ្វើ​ជា​វង់​ដូរតន្ដ្រី​ប្រគំ​បទ​ភ្លេង​ ​បំពេរ​លួងលោម​ក្ដី​ទុក្ខ​ព្រួយ។​ ​ទៅ​ដល់​កន្លែង​មួយ​ឈ្មោះ​ ​ត្រពាំង​កងមាស​ ​ជួន​ចំ​ជា​ពេក​យប់​​តា​ ​និង​ចៅ​នាំ​គ្នា​ឈប់​សម្រាក​និទ្រា​យក​កម្លាំង។​ ទីនោះ​ ​មាន​មូស​ច្រើន​ណាស់​ ​ដែល​រំខាន​ធ្វើ​ឲ្យ​សម្រាក​មិន​បាន​ ​បក្សីចាំក្រុង​ ​ក៏​បន់ស្រន់​សំបូងសង្រូង​ ​សុំ​កុំឲ្យ​មាន​មូស។​ ​រំពេច​នោះ​មូស​យ៉ាងច្រើន​ខ្មៅ​ងងឹត​ ​ក៏​បាត់​អស់​ដូច​តាម​មាត់​មែន។​ ​កន្លែង​នោះ​ ​បើ​តាម​ពង្សាវតារ​វត្ដ​ទឹកវិល​ ​មានឈ្មោះ​ថា​ ​មុងមាស​អ្នកតា​គហេ​ ​តែ​ពង្សាវតារ​របស់​សម្ដេច​វាំ​ជួន​ ​បញ្ជាក់​ថា​ ​កន្លែង​ដែល​បក្សីចាំក្រុង​សំពះ​បន់​កុំឲ្យ​មាន​មូស​មាន​ឈ្មោះ​ថា​ ​ទូលតាគហេ​ ​ដែល​ស្ថិត​នៅ​ក្នុងស្រុក​មុខកំពូល​ខេត្ដកណ្ដាល​សព្វថ្ងៃ។​

តា​គហេ​ ​និង​បក្សីចាំក្រុង​ ​ចេះ​តែ​ខំប្រឹង​រត់​តទៅ​ទៀត​ ​ទាំង​យប់​ទាំង​ថ្ងៃ​ ​ឥត​មាន​ហ៊ាន​ឈប់​ឈរ។​ ​យូរថ្ងៃ​មក​ ​គេ​បាន​រត់ទៅ​ដល់​មាត់​ទន្លេធំ​ ​ដែល​សព្វថ្ងៃ​ខ្មែរ​យើង​បាន​ដាក់​ឈ្មោះ​ថា​ទន្លេមេគង្គ។​ ​ចំណែក​ខាង​កងទ័ព​របស់​ស្ដេច​ព្រហ្មកិល​វិញ​ក៏​ដេញ​កិត​ជាប់​ពីក្រោយ​ ដែរ។​ ​តា​ ​និង​ចៅ​ទាំង​ពីរ​នាក់​ ​ស្ថិត​ក្នុង​ស្ថានភាព​ទាល់ច្រក​ ​ចង់​ឆ្លង​ទឹក​ក៏​មិន​រួច​ ​ព្រោះ​គ្មាន​ទូក ចង់​ថយក្រោយ​រក​ផ្លូវ​ផ្សេង​ទៀត​រត់​ក៏​មិន​រួច។​ ​គ្រានោះ​បក្សីចាំក្រុង​ក្រឡេក​មើលទៅ​មាត់ទន្លេ​ ​ឃើញ​ដើម​រកា​ ​និង​ដើម​ល្វា​ ​ហើយ​នឹកគិត​ថា​ ​បើ​ដើម​រកា​កោង​ទៅ​ ​ហើយ​ដើម​ល្វា​ទេរ​មក​ ​នោះ​យើង​ច្បាស់​ជា​អាច​ឆ្លង​រត់​រួច​ជា​មិន​ខាន។​ ​ទាល់​ចំណេះ​ ​អស់​មធ្យោបាយ​ ​បក្សីចាំក្រុង​ក៏​លុតជង្គង់​ទៅ​នឹង​ដី ​លើក​ដៃ​ប្រទូល​ដាក់​លើ​ក្បាល​ ​ឧទ្ទិស​បួងសួង​ថា​ ​បើ​ទូលព្រះបង្គំជាខ្ញុំ​ពិតជា​អ្នកមាន​បុណ្យ​មែន​ ​ហើយ​ត្រូវ​ឡើង​គ្រង​នគរ​នោះ​ ​សូម​ឲ្យ​រកា​កោង​ទៅ​ ​ល្វា​ទេរ​មក​!។ ភ្លាម​នោះ​ដោយ​អំណាច​គុណ​បុណ្យ​តេជ​បារមី​ ​និង​មាត់ទិព្វ​របស់​បក្សីចាំក្រុង​ ​ដើម​រកា​ក៏​កោង​ទៅ​មែន​ ​ហើយ​ដើម​ល្វា​ក៏​ទេរ​មក​ជួប​គ្នា​ ​ក្លាយជា​ស្ពាន​ដូច​ក្ដី​ប្រាថ្នា។​ ​បក្សីចាំក្រុង​ ​និង​តា​គហេ​ក៏​នាំ​គ្នា​ដើរ​សួ​លើ​ដើមឈើ​ទាំង​ពីរ​ឆ្លងកាត់​ទៅ​ ត្រើយម្ខាង។​ ​កងទ័ព​ស្ដេច​ពញាក្រែក​ ​ក៏​មក​ដល់​ដែរ​ ​តែ​រក​ឆ្លង​ដេញចាប់​មិន​បាន​ ​ពីព្រោះ​ដើម​រកា​ ​និង​ល្វា​បាន​ងើបឡើង​ត្រង់​វិញ​ដូច​ដើម។​ ​ដោយសារ​ភាព​អច្ឆរិយៈ​ដ៏​អស្ចារ្យ​នេះ​ ​ទើបបាន​ជាទី​កន្លែង​នោះ​ ​មានឈ្មោះ​ជាប់​មក​ថា​ ​រកាកោង និង​ល្វាទេរ ហើយ​ថ្ងៃ​ក្រោយមក​ក៏​កើត​មាន​ជា​លំនៅ​ស្ថាន​ភូមិ​ស្រុក​ រកាកោង​ ​ល្វាទេរ រៀង​រហូត​មក​ដល់​បច្ចុប្បន្ន។​ ចំណែក​សេះ​ពណ៌​ខៀវ​វិញ​ ​មក​ដល់​កន្លែង​រកាកោង​ ​ល្វាទេរ​នេះ​ ​ក៏​បាត់​រូបរាង​ក្នុង​ភាព​យ៉ាង​អស្ចារ្យ​ដែរ។​ ​ពី​ពេល​នោះ​មក​បក្សីចាំក្រុង​ចាប់ផ្ដើម​មាន​ជំនឿ​ថា​ខ្លួន​ពិតជា​អ្នកមាន​បុណ្យ​ ​មាន​ឫទ្ធិ​អំណាច​តេជៈ​បារមី​ខ្លាំងពូកែ​មែន។​

រីឯ​កងទ័ព​ពល​ រេហ៍​របស់​ស្ដេច​ព្រហ្មកិល​ ​នៅ​តែ​បន្ដ​បេសកកម្ម​រុករក​ដេញ​តាម​ចាប់​បក្សីចាំក្រុង​ឥត​សំចៃ​ដៃ។​ ​បក្សីចាំក្រុង​ ​និង​តា​គហេ​នៅ​តែ​ខំ​រត់គេច​ដដែល​ ​ហើយ​បាន​ធ្វើ​ដំណើរ​ចុះ​ទៅ​ទិស​ខាងត្បូង។​ ​ទៅ​ជិត​ដល់​មាត់ទន្លេ​ ​ប្រះ​ទះ​ឃើញ​មាន​ផ្លែ​ល្វា​ល្អល្អះ​គួរ​ឲ្យ​ឆ្ងាញ់​ ​បក្សីចាំក្រុង​ក៏​បេះ​ផ្លែ​ល្វា​យក​មក​សោយ​ចម្អែត​កាយ។​ ​ផ្លែ​ល្វា​មាន​រស់ជាតិ​ផ្អែម​ឆ្ងាញ់​ពិសា​ ​ធ្វើ​ឲ្យ​បក្សីចាំក្រុង​កើន​កម្លាំង​ខ្លាំងក្លា។​ ​ទឹកដី​ម្ដុំ​ដើម​ល្វា​ ​ក៏​ជាប់​ឈ្មោះ​ថា​ ​ល្វាផ្អែម ហើយ​ក្លាយទៅជា​ល្វាឯម​រហូត​មក​ដល់​សព្វថ្ងៃ​ ​គឺ​នៅ​ក្នុង​ខេត្ដកណ្ដាល។​

កងទ័ព​ស្ដេច​ ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​ឬ​សិន្ធព​អមរិន្ទ​ ​ដែល​ដឹកនាំ​ដោយ​មេទ័ព​ពីរ​នាក់​គឺ​ ​ចៅពញាចក្រី​ ​និង​ចៅពញារាជាសេដ្ឋា​ ​បាន​តាមដាន​ដេញ​រក​ចាប់​បក្សីចាំក្រុង​អស់​រយៈពេល​បី​ឆ្នាំ​ ​តែ​នៅ​តែ​រក​ចាប់​មិន​បាន។​ ​មិនតែប៉ុណ្ណោះ​ ​មេទ័ព​ស្ដេច​ទាំង​ពីរ​នាក់​ត្រូវ​បាត់បង់​ជីវិត​នៅ​ភ្នំ​អាសន្នទុក្ខ​ ​ដោយ​ចាញ់​បុណ្យ​បារមី​របស់​បក្សីចាំក្រុង។​ ​ព្រះមហាក្សត្រ​ខ្មែរ​ខឹង​ច្រឡោត​ខ្លាំង​ណាស់​ ​ដោយ​មេទ័ព​របស់​ខ្លួន​ទាំង​ប៉ុន្មាន​គ្មាន​សមត្ថភាព​ ​ទទួល​បរាជ័យ​ ​រក​ចាប់ចង​ ​និង​កម្ទេច​សម្លាប់​បក្សីចាំក្រុង​មិន​បាន​ដូច​បំណង។​ ​ព្រះ​អង្គ​រឹងរឹតតែ​ភ័យ​ព្រួយបារម្ភ​ខ្លាំង​ឡើងៗ​ រក​បិទ​ភ្នែក​មិន​ជិត​ ​ពីព្រោះ​ព្រះ​អង្គ​ភ័យ​ខ្លាច​អស់បុណ្យ​ ​អស់អំណាច​ ​អស់​រាជសម្បត្ដិ​ ​អស់​បាន​ធ្វើ​ជា​ស្ដេច។​ ​ព្រះ​អង្គ​ក៏​សម្រេចចិត្ដ​លើក​កងទ័ព​ពល​សេនា​ទៅ​ដោយ​ខ្លួនឯង​ ​ដើម្បី​ដេញ​តាម​រុករក​ចាប់​សម្លាប់​បក្សីចាំក្រុង​ ​អ្នកមាន​បុណ្យ​ឲ្យ​ទាល់តែ​បាន​ ​នេះ​បើ​តាម​ពង្សាវតារ​វត្ដ​ទឹកវិល។​

នៅតាម​ផ្លូវ​ ​ទៅ​ដល់​ទួល​មួយ​ ​តា​ ​និង​ចៅ​ ​ដោយ​ស្រេកឃ្លាន​ខ្លាំង​ពេក​ ​បាន​បេះ​ផ្លែ​ឈើ​ឪជ្រឹង​ ​យក​មក​បរិភោគ​ចម្អែត​កាយ។​ ​ទីនោះ​ជាប់​ឈ្មោះ​ថា​ ​ទ្រនំជ្រឹង ជា​រៀង​រហូត​ត​មក។​ ​ដើរ​ហួស​កន្លែង​នោះ​ឆ្ងាយ​បន្ដិច​ ​ស្រាប់តែ​បក្សីចាំក្រុង​ និង​តា​គហេ​ត្រូវ​កងពល​ទាហាន​ស្ដេច​ឡោម​ចោម​ចាំ​ចាប់។​ ​កន្លែង​ចោមចាប់​ទី​១​ ​បាន​ក្លាយទៅជា​ ​ភូមិ​ចោមចាប់។​ ​កន្លែង​ចោមចាប់​ទី​ពីរ​ ​នៅ​ម្ដុំ​ជិត​គ្នា​នោះ​ដែរ​ ​បាន​ក្លាយទៅជា​ភូមិ​ចោមចៅ។​

ដើម្បី​រត់​ដោះដៃ ​រក​រួចខ្លួន​ ​ម្ដងនេះ​ដូច​លើក​មុន​ដែរ​ ​តា​គហេ​ ​នាំ​បក្សីចាំក្រុង​ចុះ​ពួន​ក្នុង​បឹង​ទៀត។​ ​ពួក​ពល​រេហ៍​ស្ដេច​ក៏​នាំ​យក​ ដំរី ​គោ ក្របី​ ​ប្រើ​ឲ្យ​ជាន់​ដី​ជាន់ឈ្លី​បញ្ជាន់​បឹង​ដូច​លើក​មុន​ ​តែ​នៅ​តែ​មិន​បាន​សម្រេច។​ ​បក្សីចាំក្រុង​ និង​តា​គហេ​នៅ​តែ​រត់​រួច​ពី​កណ្ដាប់ដៃ​ស្ដេច​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​ឬ​សិន្ធព​អមរិន្ទ។​ ​បឹង​នោះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​ ​បឹងបុកបែន ដែល​ថ្ងៃ​ក្រោយមក​ ​ក្លាយជា​បឹង​ ​បឹង​ក្បែន

រត់ ​រួច​ចេញពី​បឹង​កាលណា​ ​ចៅ​ ​និង​តា​ ​នាំ​គ្នា​រត់​ទៅ​លាក់ខ្លួន​ពួន​អាត្មា​ក្នុង​ព្រៃ​ក្រាស់​ជិត​នោះ។​ ​ព្រៃ​នោះ​មានឈ្មោះ​ថា​ ព្រៃពួន ដែល​ឥឡូវ​ក្លាយទៅជា​ ព្រៃពួច (ឈ្មោះ​ទីកន្លែង​ ​ភូមិស្ថាន​ ​ដែល​យើង​បាន​រៀបរាប់​ជា​ហូរហែ​ ​ក្រោយ​ពេល​ដែល​បក្សីចាំក្រុង​រត់​មក​ដល់​កោះ​ឫស្សីកែវ សុទ្ធតែ​ស្ថិត​នៅ​ក្នុង​ខេត្តកណ្ដាល ខាងលិច និង​ទិស​ខាងជើង​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃ)។ កងទ័ព​ស្ដេច​នៅ​តែ​ដេញ​តាម​ប្រកិត​ពីក្រោយ​ជា​និច្ច។​ ​តា​គហេ​ ​និង​បក្សីចាំក្រុង​ចេះ​តែ​ខំ​រត់​ពួន​គេចវេះ​ ​ខំ​ដើរ​ ​ខំ​រត់​កាត់​វាល​ចូល​ព្រៃ​ទៅ​ដល់​ជើងភ្នំ​រូង​ (គឺ​ភ្នំ​បាសិទ្ធ​ ​សព្វថ្ងៃ​ ​ដែល​ស្ថិត​នៅ​ប្រវែង​ប្រមាណ​ជា​ជាង ​​២០ ​គ.ម​ ខាងជើង​ក្រុងភ្នំពេញ។​ ​ភ្នំ​បាសិទ្ធ​មាន​កំពូល​ទាំងអស់​ពីរ​ ​មួយ​ក្នុង​ឃុំ​ម្កាក់​ស្រុក​ភ្នំពេញ​ ​ខេត្ដកណ្ដាល​ ​និង​កំពូល​មួយទៀត​ ​ស្ថិត​ក្នុង​ខេត្ដកណ្ដាល​ដដែល​ ​តែ​ក្នុង​ឃុំ​ឈ្វាំង​ ​ស្រុក​ពញាឮ)។ នៅ​ក្នុង​ភ្នំ​នេះ​មាន​រូង​មួយ​យ៉ាង​ធំ​ ​របស់​ស្ដេច​កណ្ដុរស។​ ​ស្ដេច​កណ្ដុរស​ក៏​បាន​ជួយ​សង្គ្រោះ​យកអាសា​បក្សីចាំក្រុង​ ​នាំ​យក​ទៅ​លាក់​ទុក​ក្នុង​រូង​របស់​ខ្លួន។ ​រំពេច​នោះ​ដែរ​ ​ពីងពាង​ជា​ច្រើន​ក៏​នាំ​គ្នា​បញ្ចេញ​កម្លាំង​ធ្វើ​មង​ ​ចាក់​ស្រះ​ព័ទ្ធព័ន្ធ​បិទ​បាំង​មាត់​រន្ធ​ស្ដេច​កណ្ដុរស។​ ​កង​ទាហាន​ស្ដេច​ព្រហ្មកិល​មក​ដល់ទី​នោះ​ដែរ​ ​តែ​រក​បក្សីចាំក្រុង​ ​និង​តា​គហេ​មិនឃើញ។​

មក​ដល់​រូងភ្នំ​ បក្សីចាំក្រុង​ ​និង​តា​គហេ​បាន​បុណ្យ​គុណ​បារមី​វត្ថុ​ស័ក្ដិ​សិទ្ធ​ ​និង​អ្នក​សច្ចំ​បំបាំង​បាត់​ ​ជួយ​ថែរក្សា​ទំនុកបម្រុង​ ឧបត្ថម្ភ ​ណែនាំ​ បង្ហាត់បង្រៀន​ អប់រំ​ ប្រដែប្រដៅ​ ​ផ្ដល់​នូវ​មុខ​វិជ្ជា​សិល្ប៍សាស្ដ្រ​គ្រប់​បែបបទ​ ​និង​ជួយ​ចម្លង​ឲ្យ​ផុត​ពី​គ្រោះកាច​ចង្រៃ​គ្រប់​បែប​យ៉ាង។​ ​តាំង​តែ​ពី​ពេល​នោះ​មក​ ​បក្សីចាំក្រុង​ ​និង​តា​គហេ​ ​រស់នៅ​ឯ​ភ្នំ​រូង​ដោយ​សុវត្ថិភាព​សុខ​សប្បាយ​ ​គ្មាន​សៅហ្មង​ ​គ្មាន​ភ័យ​ព្រួយបារម្ភ​ខ្លាច​ស្ដេច​សិន្ធព​អមរិន្ទឡើយ។​

ឯកសារយោង[កែប្រែ]

មុនដោយ
ព្រះបាទគោត្តមអមរទេវរាជ
មហានគរ តដោយ
ព្រះបាទបក្សីចាំក្រុង