សុខ ពិសី

ពីវិគីភីឌា
សុខ ពិសី
ឯកសារ:Sok pisey.jpg
ព័ត៌មានផ្ទៃខាងក្រោយ
ឈ្មោះកំណើតសុខ ពិសី
ដើមកំណើត កម្ពុជា
ប្រភេទចម្រៀងសម័យ
អាជីពអ្នកចម្រៀង
ឆ្នាំសកម្ម2004 - បច្ចុប្បន្ន

កញ្ញា សុខ ពិសី ​កើត​នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​១៩៩០ នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។ ​ម្ដាយ​ឈ្មោះ រស់ សុគន្ធារី។ ​មាន​បងប្អូន​បី​នាក់ (ប្រុស​២ ស្រី​១) ហើយ​នាង​ជា​កូន​ទី​ពីរ​។ ​សុខ ពិសី មាន​កម្ពស់​១៦៦​សង់ទីម៉ែត្រ និង​មាន​ទម្ងន់​ជា​មធ្យម៥០​គីឡូក្រាម។ សុខ ពិសី បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បាក់ឌុប​ក្នុង​ឆ្នាំ​២០០៨។[១]

ប្រវត្តិការងារ និងស្នាដៃសិល្បៈ[កែប្រែ]

សុខ ពិសី ​មានចំណូលចិត្តចម្រៀងតាំងតែពីកុមារ ហើយដោយសារ​តែ​ចង់​ក្លាយ​ជា​តារាចម្រៀង​នៅ​វ័យ១៧​ឆ្នាំ យុវតី​ សុខ ពិសី ក៏​បាន​ចូល​ខ្លួន​មក​ហាត់ច្រៀងនៅ​ក្នុង​ក្លិប​សិល្បៈមួយ​កន្លែងក្នុងក្រុងភ្នំពេញ។ ដោយ​មើល​ឃើញ​ថានាង​មាន​ទេពកោសល្យល្អលើវិស័យនេះ កញ្ញា ពិសី បានឈានជើងចូល​ផលិតកម្ម KH ដែលជាផលិតកម្មទី១របស់កញ្ញា​នៅ​ក្នុង​ឆ្នាំ​២០០៥។

លុះ​នៅ​ឆ្នាំ​២០០៧ តារាចម្រៀង​ដែល​មាន​ឈ្មោះ​ល្បី​រួច​ជាស្រេច​នៅ KH ក៏​បាន​ប្តូរ​ទ្រនំ​ទៅ​កាន់​ផលិតកម្ម ​Nice Star ទាំង​មិនទាន់បានបញ្ចប់កុងត្រាជាមួយផលិតកម្ម KH។ សុខ ពិសី បន្សល់នូវបទពិរោះៗជាច្រើនបទ​ក្នុងផលិតកម្មដំបូងនេះ។

ដោយការព្យាយាម និងខំប្រឹងប្រែងលើវិស័យមួយនេះមិនរាថយនៅឆ្នាំ២០០៨ តារាចម្រៀង​ សុខ ពិសី ក៏​បាន​ក្លាយ​ជា​តារាចម្រៀង​របស់​ផលិតកម្ម​សាន់ដេ រហូត​មក​ដល់​សព្វថ្ងៃ​នេះ​ហើយ​កំពុង​ក្រសោប​បាន​ភាព​ល្បីល្បាញ​យ៉ាង​ខ្លាំង​ផង​ដែរ។ ​ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ សុខ ពិសី បានបង្កើនទឹកដមសម្លេង​ និងធ្វើឲ្យតំលៃខ្លួនក្លាយជាគ្រាប់ពេជ្ររបស់ផលិតកម្ម សានដេ។

កញ្ញា សុខ ពិសី ជាតារាចម្រៀងមួយដួង ដែរបានឈរជើងលើផលិតកម្ម​ សាន់ដេនេះមិនដែល​ងាករេម្ដងណាឡើយ បានបន្សល់បទចម្រៀងពិរោះៗជាច្រើនបទ ដូចជា «សុខសប្បាយទេសង្សារចាស់»​ «លះបង់» «ស្នេហាខ្ញុំមានអ្នកទីបី» ជាពិសេស «យប់នេះខ្ញុំសេដ» «ផ្លូវកម្ម» «ខ្វេះភ្នែកអូនទៅ!» ជាដើម។ និងមានច្រៀងឆ្លើយឆ្លងជាមួយ នាយ​ចើម លោក ខេមរៈ លោក ឆៃ វីរៈយុទ្ធ ជាច្រើនបទទៀត។

តាមការសង្គេត កញ្ញា​ សុខ ពីសី មិនមែនមានកេរ្តិ៍ឈ្មោះតែក្នុងប្រទេសប៉ុណ្ណោះទេ យើងនៅចាំបានថាកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ កន្លងទៅកញ្ញា​ សុខ ពិសី បានទៅកាន់ប្រទេសជប៉ុន។ ការទៅកាន់ប្រទេសជប៉ុនជាង១០ថ្ងៃនោះ ជាការចេញទៅច្រៀងជូនសមាគមមួយនៅទីនោះ ដើម្បីប្រមូលយកថវិកាជូនមន្ទីរពេទ្យគន្ធបុប្ជា។ នេះបញ្ជាក់ថា​កញ្ញាមានការទាក់ទាញនៅក្រៅប្រទេស និងមានការនិយមគាំទ្រលើតារាចម្រៀងរូបនេះជាខ្លាំងមិនអាចខ្វះបានដែរ។ ហើយជាទឹកចិត្តដ៏មានតំលៃមួយដែលរួមចំណែកក្នុងការលើកំពស់វិស័យមនុស្សធម៌។

ភាពជាក់ស្តែងនិងមិនអាចខ្វះបានខាងលើនេះហើយ ដែលមាន​ក្រុមហ៊ុនផលិតផលលំដាប់ពិភពលោកនានា បានអញ្ជើញកញ្ញាជាតំណាងទូតសុច្ឆន្ទៈនៃផលិតផលរបស់គេ ដូចជាក្រុមហ៊ុនទូរស័ព្ទ Vivo, Lux, Fairly lovely, Kongfulong, Zorus Cambodia, Hanna body lotion ​។ល។

ជំនួញក្រៅពីសិល្បៈ និងប្រាក់ចំណូល[កែប្រែ]

ចំពោះរឿងជំនួញក្រៅពីវិស័យសិល្បៈ កញ្ញា សុខ ពិសី មានអាជីវកម្មលក់ផលិតផល​តាម​អនឡាញ Gimmick Collagen ដែលមានការចាប់អារម្មណ៍ខ្លាំងពី អ្នកនិយមផលិតផលនេះ និងទទួលបានការជាវយ៉ាងច្រើនពីអតិថិជន។ តាមការឲ្យដឹងវាជាផលិតផល​ដ៏ពេញនិយមរបស់តារានៅថៃ ហើយចំណែកនាងក៏ប្រើ​ផលិតផលនេះដែរ ទើបធ្វើឲ្យរូបកញ្ញាមានរូបសម្រស់ស្អាតគួរជាទីស្រឡាញ់ពីបុរសៗ។

ដោយភាពល្បីក្នុងវិស័យសិល្បៈក៏ដូចជាសម្រស់គ្មានផ្ទឹមរបស់កញ្ញា សុខ ពិសី ធ្វើឲ្យមានការចាប់អារម្មណ៏ពីម្ចាស់ផលិតផលមួយចំនួន​។ ក្នុងនោះ កញ្ញា សុខ ពិសី ត្រូវបានក្រុមហ៊ុនទូរស័ព្ទ Vivo, Lux, Fairly lovely, Kongfulong, Zorus Cambodia, Hanna body lotion អញ្ជើញជាទូតសុច្ឆន្ទៈ ​នៃក្រុមហ៊ុនប្រចាំប្រទេសកម្ពុជា ដែលមានតំលៃរាប់ម៉ឺនដុល្លារ។ ចំពោះការចេញសម្តែងក្នុងការប្រគំតន្ត្រីម្តង​ៗ មានពី៣០០០ដុល្លារទៅ ៤០០០ដុល្លារ​។ ចំណែកការចូលរួមច្រៀងជាកិតិ្តយសក្នុងពិធីមង្គលការ​មានពី៣០០០ដុល្លារ ទៅ ៤០០០ដុល្លារជាដើម។

ឯកសារយោង[កែប្រែ]

(1)https://m.freshnewsasia.com/index.php/en/freshnewsplus/166639-2020-07-29-12-06-20.html