សុជាតា

ពីវិគីភីឌា

និយមន័យ[កែប្រែ]

"សុជាតា"​ (Sujātā, Sujāthā) គឺ​ជា​ពាក្យ​សំស្ក្រឹតកម្លាយ ដែល​មាន​ន័យ​ថា​

"អ្នកកើតមកដោយប្រពៃ អ្នកកើតចេញពីត្រកូលគ្រួសារល្អ" 

ដោយ​ពាក្យ "សុ" មាន​ន័យ​ថា ល្អ រីឯ​ពាក្យ​ថា "ជាតា" > ជាតិ មាន​ន័យថា កំណើត ។ ម្យ៉ាងទៀត​ បើយោងតាមវចនានុក្រមខ្មែរ ស្នាព្រះហស្ត​សម្តេច​ព្រះ​សង្ឃ​រាជ​ ជួន​ណាត​ :

នាមសព្ទ​ ( បា.; សំ. ឝចី ឬ សចី ) នាមជាយាម្នាក់របស់ព្រះឥន្រ្ទ ( ម. ព. សុធម្មា ផង ) ។

ប្រវត្តិ​ទាក់ទង​នឹង​​ឈ្មោះ​ សុជាតា[កែប្រែ]

នៅ​ក្នុង​និទាន​មួយ​​ដែល​ពុទ្ធសាសនិក​ភាគ​ច្រើន​បាន​ដឹង​ឮ​ បន្ទាប់​ពី​ព្រះ​សិទ្ធត្ថ​កុមារ​បាន​បង្អត់​អាហារ​ខ្លួន​ឯង​ឲ្យ​ចុះ​ខ្សោយ​ស្ទើរ​មរណា ព្រះ​អង្គ​បាន​ទទួល​យក​ពំនូត​បាយ​លាយ​ទឹក​ដោះ​គោ (មធុបាយាស) ពី​នាង​សុជាតា (Sujata) ​ដែល​ជា​ក្មេង​ស្រី​ម្នាក់​នៅ​ក្នុង​ភូមិ​នោះ​ ។ រូបភាព​របស់​ព្រះ​សិទ្ធត្ថកុមារ​ដែល​មាន​រាងកាយ​ស្គមស្គាំង​សល់​តែ​ស្បែក​ដណ្តប់​ឆ្អឹង​នោះ​បាន​ធ្វើ​ឲ្យ​នាង​សុជាតា​យល់​ច្រឡំ​​ព្រះអង្គ​ថា​ជា​តួអង្គ​អ្នកតា (spirit) ដែល​បង្ហាញ​ខ្លួន​ដើម្បី​ជួយ​ប្រទាន​ពរ​មួយ​ដល់​នាង ។

អ្នក​ស្រាវជ្រាវ​ខាង​សាសនវិទូ​ច្រើន​នាក់​មាន​ទស្សនៈ​មិន​ត្រូវ​គ្នា​អំពី​ប្រវត្តិ​ពិត​របស់​តួ​អង្គ​ព្រះ​ពុទ្ធ ។ លោក​ វ៉ដឌ័រ (Warder) បាន​ថ្លែង​ថា "ព្រះ​ពុទ្ធ​ [...] បាន​ចាប់​កំណើត​នៅ​ក្នុង​សាធារណរដ្ឋ​សក្យ (Sakya Republic) ដែល​ជា​រដ្ឋ​ទីក្រុង​ (city state) នៃ​កពិលវស្តុ (Kapilavastu) ឬ​កបិលភស្តុ ពោល​គឺ វា​ជា​រដ្ឋ​តូច​មួយ​នៅ​ជាប់​ព្រំដែន​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​នេប៉ាល់ និង ព្រំដែន​ភាគ​ខាង​ជើង​នៃ​ប្រទេស​ឥណ្ឌា ។​ ចំណែក​លោក​ វ៉លស្ហ៍​(Walsh) វិញ​បាន​ថ្លែង​ថា "ព្រះ​ពុទ្ធ​គឺ​ជា​មនុស្ស​នៅ​ក្នុង​កុលសម្ព័ន្ធ​សក្យ (Sakya clan) ដែល​បោះទីតាំង​នៅ​ជាប់​ជើង​ជួរភ្នំ​ហិមាល័យ (Himalayas) ទីតាំង​កំណើត​ពិត​ប្រាកដ​របស់​ព្រះ​ពុទ្ធ​គឺ​នៅ​ប្រហែល​​ ៣ ឬ​ ៤​ គីឡូម៉ែត្រ​ភាគ​ខាង​ជើង​នៃ​ព្រំដែន​របស់​ប្រទេស​ឥណ្ឌា​បច្ចុប្បន្ន ពោល​គឺ​នៅ​ក្នុង​ប្រទេស​នេប៉ាល់ (Nepal) ។ តាមការពិត​ឪពុក​របស់​ព្រះពុទ្ធ​គឺ​ជា​មេកុលសម្ព័ន្ធ​ម្នាក់​ដែល​ត្រូវ​បាន​ជ្រើសរើស​ឡើង​តាមរយៈការបោះឆ្នោត ពោល​គឺ​គាត់​មិន​មែន​ជា​ស្តេច​មួយ​អង្គ​ដែល​មនុស្ស​ជំនាន់​ក្រោយ​បាន​លើក​អួតសរសើរ​ឬ​លើក​តម្កើង​​នោះ​ទេ ។ ទោះជាយ៉ាងនោះ​ក៏ដោយ គោរម្យងារ​របស់​ឪពុក​របស់​ព្រះពុទ្ធ​គឺ រាជា (raja) ដែល​ជា​ពាក្យ​បង្កប់​ន័យ​ខ្លះៗ​នៅ​សម័យ​បច្ចុប្បន្ន​នេះ​ថា "ស្តេច" ។ រដ្ឋ​មួយ​ចំនួន​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ឥណ្ឌា​នៅ​សម័យ​នោះ​គឺ​ជា​រាជាណាចក្រ (kingdoms) ដែល​មាន​ស្តេច​គ្រប់គ្រង​រាជ និង រដ្ឋ​ខ្លះ​ទៀត​គឺ​ជា​សាធារណរដ្ឋ (republics) ដែល​មាន​មេកុលសម្ព័ន្ធ​ជា​អ្នក​គ្រប់គ្រង ។ នៅ​សម័យ​នោះ​ សាធារណរដ្ឋ​ សក្យ (Sakyan republic) គឺ​ជា​រដ្ឋមួយ​នៅ​ក្រោម​ចំណុះ​របស់​ស្តេច​​​ដ៏​មាន​ឥទ្ធិពល​មួយ​អង្គ​នៃ​នគរ​ជិតខាង​ ពោល​គឺ នគរ​កោសល​ (Kosala) ដែល​មាន​ទីតាំង​នៅ​ភាគ​ខាង​ត្បួង​នៃ​សាធារណរដ្ឋ​សក្យ ។"

រាយនាម"​សុជាតា"​ ក្នុងព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនា[កែប្រែ]

សុជាតា​ គឺ​ជាឈ្មោះ​ស្រ្តី​ជាភិក្ខុនី/ទាយិកាមានកត្តិនាមដ៏ល្បីល្បាញនៅ​ក្នុង​ពុទ្ធសាសនា ដែលរួមមានដូចជា​ :

១). សុជាតាឃរសុណិសា ជាធីតានៃធនញ្ចយសេដ្ឋី និង​ជា​កូនប្រសារ​ដ៏កាចឆ្នាស​ មិនក្រោម​ឱវាទឪពុកក្មេក​​ដែលជាគហបតីគឺ អានាថបិណ្ឌិកសេដ្ឋី (Anathapindika)​ ក្រោយមកក្លាយ​ជា​ឧបាសិកា ។

២). សុជាតា​ភិក្ខុនី គឺ​ជាព្រះ​អរហន្ត​​នីនិង​ជា​សាវិកាមួយ​អង្គ​របស់​ព្រះសម្មាស​ម្ពុទ្ធផងដែរ ។

៣). សុជាតា​គឺ​ជា​ទាយិកា(ស្រ្តីអ្នកអោយទាន)​ ដែលបាន​ប្រគេន​បាយ​លាយ​ទឹក​ដោះគោ (មធុបាយាស) មួយ​ភាជន៍មាសថ្វាយដល់​ព្រះពុទ្ធ​មុន​ពេលដែល​ព្រះ​អង្គ​បាន​ត្រាស់ដឹងធម៌សម្រេចនូវ​អនុត្តរ​សម្មា​សម្ពោធិញ្ញាណ​ជាសព្វញ្ញុពុទ្ធ (ដែលជាមហាទានដំបូងគេក្នុងព្រះពុទ្ធសាសនា)​ ។

៤). នាងសុជាតាម្នាក់ទៀត គឺជាព្រះជាយានៃសក្កទេវរាជ​ (ព្រះឥន្ទ្រ)​ បច្ចុប្បន្ន ។

៥). សុជាតា​ក៏​ជា​ឈ្មោះ​របស់​ទេពធីតា​ ល័កស្មី (លក្ស្មី, Lakshmi) នៅ​ក្នុងព្រហ្មញ្ញសាសនា ដែរ ។

រឿងនាងសុជាតា និង ភរិយា ៧ ប្រភេទ​ នៅ​ក្នុង​ព្រះត្រៃបិដក[កែប្រែ]

សុជាតា (Sujata) គឺ​ជា​កូនប្រសារស្រី​របស់​គហបតី​ឈ្មោះ​អានាថបិណ្ឌិកសេដ្ឋី ដែល​ជាសាវិកា​​​ដ៏​ល្បី​មួយ​រូប​នៃព្រះសម្មាសម្ពុទ្ធ ។ នៅ​ក្នុង​គម្ពីរ​អង្គុត្តរនិកាយ (Anguttara Nikaya 7:59; IV 91-94)​ ​នៃ​គម្ពីរ​ព្រះត្រៃបិដក​ជា​ភាសា​បាលី (Pali Sutta) មាន​សេចក្តីបរិយាយយ៉ាងពិស្តារ ប៉ុន្តែសូមត្រឹមសង្ខេបយ៉ាងត្រឹមនេះថា÷ " សម័យមួយ​ ព្រះមានព្រះភាគ​ ទ្រង់គង់នៅវត្តជេតពនជាអារាមរបស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង​ មានស្រ្តីម្នាក់នាមសុជាតា ជាធនញ្ចយធីតា ហើយជាប្អូនស្រីនាងវិសាខា និងកូនប្រសារស្រីនៃអនាថបណ្ឌិកសេដ្ឋី​ ។ មានសេចក្តីពិពណ៌នាថា តាំងតែពីនាងសុជាតា​ បានរៀបការចូលទៅរស់នៅ​ ខាងផ្ទះស្វាមី គេហដ្ឋាននៃអាថបណ្ឌិកគហបតី​ (ឈ្មោះថា)នាងបានបំពេញយសដ៏ធំ ប៉ុន្តែ ដោយនាងជាបុត្រីនៃគ្រួសារមហាត្រកូល នាងមានកិរិយាចចេសរឹងត្អឹង ប្រកាន់មានះថាខ្លួនប្រសើរ មានសេចក្តីក្រេវក្រោធ ខឹងសម្បារ​ កាច​ឆ្នាស​ មានសម្តីអាក្រក់ មិនធ្វើវត្តប្រតិបត្តិគោរពមាតាបិតាក្មេក និងស្វាមី ហើយជេរប្រទេចគំហកកំហែង វាយដំច្រំធាក់ ជនក្នុងផ្ទះ ។ ពេលមួយនោះ ព្រះមានព្រះភាគ​ ​មានភិក្ខុសង្ឃ500អង្គជាបរិវារ​ ស្តេចយាងទៅកាន់ផ្ទះអនាថបណ្ឌិកសេដ្ឋី ។ លុះយាងទៅដល់ហើយ ក៏ប្រ​ថាប់​ រួចត្រាស់សម្តែងធម្មទេសនា​ដោយមាន​ អនាថបណ្ឌិកសេដ្ឋីជាអ្នកសណ្តាប់ ។ វេលានោះឯង នាងសុជាតា បានស្រែកឈ្លោះប្រកែកជាមួយពួកទាសាទាសី ។ ព្រះបរមសស្តាក៏បញ្ចប់ធម្មីកថា ហើយត្រាស់សួរថា ម្នាលគហបតី​ នោះជាសំឡេងអ្វី? លោកសេដ្ឋីទូលតបថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ នោះជាសំឡេងនាងសុជាតា ជាបុត្រប្រសាររបស់ត្រកូល នាង​មិនមានសេចក្តីគោរពកោតក្រែង​ មិនធ្វើវត្តប្រណិប័តមាតាបិតាក្មេកនិងស្វាមី ជាស្រ្តីគ្មានសទ្ធា ចេះតែឈ្លោះទាស់ទែងរាល់ព្រឹកល្ងាច ។ ព្រះសម្មាសម្ពុទ្ធ ព្រះអង្គត្រាស់បង្គាប់ដល់អនាថបណ្ឌិកសេដ្ឋី អោយគេហៅនាងសុជាតាចូលមក ។ លុះនាងសុជាតាចូលមកដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះអង្គ ហើយអង្គុយក្នុងទីសមគួរ ។ ព្រះមានព្រះភាគ​ ទ្រង់ត្រាស់ បទទេសនាទូន្មានដល់នាងសុជាតា

នៅ​ក្នុង​បទទេសនា​​ទូន្មាន​នាង​សុជាតា​នោះ ព្រះពុទ្ធ​​បាន​ប្រដៅនាង​សុជាតា​អំពី​ភរិយា​ ៧ ពួក ។

ភរិយា ៣ ពួក​ ខាង​ដើម​​នឹង​នាំ​មក​នូវ​អពមង្គល​ (នៅ​ក្នុង​ជាតិ​នេះ​និង​អនាគតជាតិ) ។ ភរិយា​ទាំង ៣​ ពួក​ នេះមាន ៖

(១) វធកៈ ឬ​ វធកាភរិយា : (ភរិយាទុកស្មើរពេជឃ្ឃាត)​ ភរិយាដែលស្វាមីលោះមកដោយទ្រព្យហើយ ជាស្ត្រីមានចិត្តប្រទូស្តនឹងស្វាមី មានសេចក្តីមិនអនុគ្រោះនូវប្រយោជន៍ ជាស្រីត្រេកត្រអាលនឹងបុរសដទៃ មើលងាយប្តី ខ្វល់ខ្វាយដើម្បីសម្លាប់(ប្តី)​ ។

(២) ចោរិសមៈ ឬ ចោរីភរិយា​ (ភរិយាជាចោរ)​ : ស្វាមីនៃស្ត្រីបាននូវទ្រព្យណាហើយតម្កល់ទុក​ ដើម្បីធ្វើនូវសិល្បៈក្តី នូវជំនួញក្តី នូវកសិកម្មក្តី ស្ត្រីនោះ ប្រាថ្នាលួចកិបកេង​យកនូវទ្រព្យ សូម្បីបន្តិចបន្តួចពីទ្រព្យនោះ ។

(៣) អយ្យសមៈ ឬ​ អយ្យាភរិយា​ (ភរិយាទុកស្មើ​ចៅហ្វាយនាយ)​ : ស្រ្តីមិនមានសេចក្តីប្រាថ្នានឹងធ្វើការងារ​ ជាអ្នកខ្ជិលច្រអូស ស៊ីច្រើន រឹងរូស​ ពោលនូវពាក្យអាក្រក់​ មាន​​ព្យាយាមប្រឹងប្រែងដើម្បីប្រព្រឹត្តិគ្រប់គាបសង្កត់​ស្វាមី ។

ព្រះ​ពុទ្ធ​ទ្រង់​បាន​បន្តសំដែង​ថា ភរិយា​ ៤ ពួក ​ខាងចុងនឹង​នាំ​មក​នូវ​សុភមង្គល (នៅ​ក្នុង​ជាតិ​នេះ​និង​អនាគតជាតិ)​ ។ ។ ភរិយា​ទាំង​ ៤ ពួក​នោះ​រួមមាន ៖

(១) មាតុសមៈ ឬ​ មាតុភរិយា​ (ភរិយាទុកស្មើម្តាយ) ​: ស្រ្តីណា អនុគ្រោះនូវប្រយោជន៍សព្វៗកាល ចេះរក្សាប្តី​ ដូចម្តាយរក្សាកូន ទាងរក្សានូវទ្រព្យរបស់ស្វាមីដែលរកបានអំពីទំនោះៗ(ទីផ្សេងៗ) ។

(២) ភគិនិសមៈ ឬ ភគិនីភរិយា(ភរិយាទុកស្មើប្អូនស្រី : ស្រ្តីមានសេចក្តីគោរពក្នុងស្វាមីរបស់ខ្លួន​ ដូចប្អូនគោរពបង​ មានសេចក្តីអៀនខ្មាស ប្រព្រឹត្តិទៅតាមអំណាចនៃភស្តា ។

(៣) ភរិយា​ជា​មិត្ត (friend-wife) ឬ​ សខិភរិយា (sakhibhariya) ។ ពាក្យ​ថា សខៈ មាន​ន័យ​ថា មិត្ត​ជិតស្និទ្ធ ដែល​ផ្ទុយ​ពី​ពាក្យ​ថា មិត្ត​ទើប​ស្គាល់​ថ្មីថ្មោង ។ ភរិយា​នៅ​ក្នុង​ក្រុម​នេះ​អាច​ហៅ​ម្យ៉ាង​ទៀត​ថា សខិភរិយា (sakhibhariya) ប្រែថា ភរិយា​ជា​មិត្ត​រួម​ជីវិត (companion-wife) ។ នាង​ស្រឡាញ់​ប្តី​នាង​ដូច​ជា​នាង​ស្រឡាញ់​មិត្ត​សម្លាញ់​របស់​នាង​ដែរ ។ នាង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​ជួយ​ស្វាមី​នាង ។

(៤) ទាសភរិយា (slave-wife) ឬ​ ទាសីសមៈ ឬ ទាសីភរិយា (dasisama or dasibhariya) ។ ពាក្យ​ថា ទាសី ជា​ពាក្យ​ក្នុង​ភាសា​បាលី ប្រែថា ស្ត្រី​ជា​អ្នក​បម្រើ ឬ ស្រីបម្រើ ។ ន័យ​ម្យ៉ាង​ទៀត​ ភរិយា​នៅ​ក្នុង​ក្រុមនេះ​អាច​​មាន​ន័យ​ថា​ ប្រពន្ធ​ដែល​បម្រើ​ប្តី​ដូច​ស្រី​បម្រើ (slave-like wife, handmaid-wife and maid-wife”) ។ ភរិយា​ប្រភេទ​នេះ​មាន​ចិត្ត​ខន្តី, គ្មាន​ចិត្ត​ក្រោធខឹង និង ចុះចូល​ចំពោះ​ប្តី​ទោះ​បី​ប្តី​ខឹង​សម្បា​យ៉ាង​ណា​ក៏​ដោយ ។ នាង​គឺ​ជា​មនុស្ស​ចុះញ៉ម​​​យល់​ព្រម​ទទួល​យក​ការ​វាយវាត់​ធ្វើបាប​លើ​រាងកាយ​ទោះ​បី​ប្តី​ចង់​ធ្វើ​យ៉ាង​ណា​ចំពោះ​ខ្លួន​ក៏​ដោយ ។ នាង​នឹង​ចុះញ៉ម​​ចំពោះ​ប្តី​ដោយ​គ្មាន​សួរ​នាំ​បន្តិច​សោះ​ឡើយ ។

បន្ទាប់​ពី​បទទេសនា​នេះ នាង​សុជាតា​មាន​ចិត្ត​រីករាយ​ចំពោះ​ពាក្យពេចន៍​របស់​ព្រះពុទ្ធ ។ នៅ​ពេលព្រះពុទ្ធ​ទ្រង់​សួរ​នាង​ថា តើ​នាង​ចង់​ក្លាយ​ជា​ភរិយា​ប្រភេទ​ណា​មួយ នាង​សុជាតា​បាន​ឆ្លើយ​តប​ថា ៖ "ខ្ញុំ​ព្រះ​ករុណា​នឹង​ក្លាយ​ជា​ភរិយា​ប្រភេទ​ចុង​ក្រោយ​បំផុត គឺ​ជា​ទាសភរិយា​របស់​ស្វាមី​ខ្ញុំ​ព្រះករុណា ។" គ្រួសារ​របស់​នាង​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ហើយ​ចាប់​ពី​ថ្ងៃ​នោះ​តទៅ នាង​គឺ​ជា​ស្រីបម្រើ​របស់​ប្តី​នាង ។

ឯកសារ​យោង[កែប្រែ]

  1. Bhikkhu Bodhi, In the Buddha’s Words, Wisdom, Boston, 2005
  2. Hammalawa Saddhatissa, Buddhist Ethics, Wisdom, Boston, 1997
  3. Piyadassi Thera, The Buddha’s Ancient Path, Buddhist Publication Society, Kandy, 1996
  4. External links[edit]
  5. Sujata and the Seven Types of Wives (buddhanet.net)