សុវណ្ណបទុម

ពីវិគីភីឌា
Jump to navigation Jump to search
សុវណ្ណបទុម
ព្រះបាទ
រជ្ជកាលម.គ.ស ៧៨-២១
រាជ្យមុនព្រះបាទឧទ័យ
រាជ្យបន្តព្រះបាទប្រទេសរាជ
សន្តតិវង្សព្រះកុម៉ែរាជ
បិតាព្រះបាទព្រះឧទ័យ
មាតាអ្នកម្នាងកេសរ
ប្រសូតម.គ.ស ១១០
នគរគោកធ្លក
សុគតម.គ.ស ២១
មហានគរធំ

ព្រះបាទសុវណ្ណបទុម (សំស្ក្រឹត:សុវណ៌បទ្ម) ( ម.គ.ស ១១០-២១) រជ្ជកាល ( ម.គ.ស ៧៨-២១) ថ្ងៃ​នក្ខត្ដឫក្ស​ ​ត្រូវជា​ថ្ងៃ​ ​១០​កើត ខែបុស្ស​ ​ឆ្នាំខាល​ព.ស​ ​៤៦៦ ត្រូវជា​ឆ្នាំ​៧៨​ ​មុន​គ.ស ព្រះ​សុវណ្ណបទុម​ ​ត្រូវ​អភិសេក​ឡើង​សោយរាជ​សម្បត្ដិ​បន្ដ​អំពី​បិតា​ព្រះបាទ​ឧទ័យ។​ ​ព្រះ​អង្គជា​ព្រះមហាក្សត្រ​ខ្មែរ​ទី​៤។​ ​កាលនោះ ព្រះ​បរមរាជវាំង​ស្ថិត​នៅ​មហា​នគរធំ​ដដែល។​ ព្រះបាទ​សុវណ្ណបទុម​ ​សោយរាជ​សម្បត្ដិ​បាន​ ​៥៨ ​ឆ្នាំ ព្រះ​អង្គ​គ្មាន​ព្រះរាជបុត្រ​សម្រាប់​សោយរាជសម្បត្ដិ​បន្ដ​ពី​អង្គ​ ទេ។​ ព្រះ​អង្គ​បាន​ចូល​ទិវង្គត​ ​នៅ​ឆ្នាំកុរ​ ​ក្នុង​ព្រះ​ជន្ម​ ៨៩ ​វស្សា​ ​ដោយជំងឺ​ចាស់ជរា។​

ព្រឹត្តិការណ៍ក្នុងរាជ្យ[កែប្រែ]

ព្រឹត្ដិការណ៍ ​សំខាន់​នៅ​ក្នុង​រាជ​ព្រះ​អង្គ ( ម.គ.ស ៧៦)​ ​គឺ​វិបត្ដិ​ដែល​បង្កបង្កើត​ដោយ​ប្អូនស្រី​ព្រះ​អង្គ​ ​ព្រះ​អង្គ​ម្ចាស់​ក្សត្រី​សុវណ្ណមាលា។​ ថ្ងៃមួយ ព្រះ​អង្គ​ម្ចាស់​សុវណ្ណមាលា​ ​ដែល​ទើបតែ​បាន​អាយុ​១៥​ ​ឆ្នាំ បាន​សុំ​ព្រះមហាក្សត្រ​ទៅ​ដើរ​លេង​កំសាន្ដ​តាម​ឆ្នេរសមុទ្រ។​ ​ដំណើរ​កំសាន្ដ​តាម​ទូក​បាន​ទៅ​ដល់​បឹង​ណងស្នោ​ ​នៅ​ទីនោះ​ម្ចាស់​ក្សត្រី​សុវណ្ណមាលា​ ​បាន​ឲ្យ​អស់​ពល​សេនា​បរិវារ​ឈប់​សម្រាក​ ​បោះជំរំ​តាំង​ពន្លាជ័យ។​ ​គ្រានោះ បុរស​ម្នាក់​ដែល​រកស៊ី​ដាក់​ធ្នស់​ចាប់​ត្រី​ ​ដោយ​បាន​ដឹង​ថា​ ​ប្អូនស្រី​ស្ដេច​មក​ដល់​ស្រុក​ភូមិ​ស្ថាន​របស់​ខ្លួន​ ​បាន​នាំ​គ្នីគ្នា​អ្នកស្រុក​ភូមិ​ចូល​មក​គាល់​ ​យក​តង្វាយ​សួយសារអាករ​មក​ថ្វាយ​តាម​ទំនៀម។​ ​បុរស​នោះ​មាន​កូនប្រុស​ម្នាក់​ដែល​ទើបតែ​បាន​អាយុ​ ​១៦​ឆ្នាំ។

គ្រាន់តែ ​បាន​យល់​ឃើញ​រូបរាង​យ៉ាង​ស្រស់​ស្អាត​ឆើតឆាយ​សង្ហា​របស់​កំលោះ​នោះ​ភ្លាម​ ​ម្ចាស់​ក្សត្រី​សុវណ្ណមាលា​ ​ក៏​កើត​មានចិត្ដ​រំភើប​ ​កំរើក​រំជើ​ប​រំជួល​ញាប់​ញ័រ​ក្នុង​ដួងចិត្ដ​ដួង​អារម្មណ៍​ចាប់ចិត្ដ​ ប្រតិព័ទ្ធ​ស្នេហា ចង់បាន​មក​ធ្វើ​ជា​គូគាប់​កៀកកើយ​ឥត​បង្អង់​ការ។​ ​ដើម្បី​ឲ្យ​បាន​ឆាប់​ប្រញាប់​ទាន់ចិត្ដ​ ​ព្រះ​នាង​បាន​ស្នើ​ទៅ​បុរស​ជា​ឪពុក​ថា​ ​នឹង​យក​កូនប្រុស​គាត់​ទៅ​ថ្វាយ​ឲ្យ​ធ្វើ​ការ​បម្រើ​ព្រះមហាក្សត្រ។​ ​ដូច្នេះ កូន​គាត់​មុខជា​បាន​បុណ្យ​សក្ដិ​ កិត្ដិយស​នឹង​គេ​ជា​មិន​ខាន​ ព្រលប់​ទោរទន់​រាត្រី​ឈាន​ជើង​ចូល​មក​ដល់​កាលណា​ ​ព្រះ​នាង​ក៏​ប្រើ​ស្រីស្នំ​មី​នុំ​មី​នាង​ ​ទៅ​កោះហៅ​អ្នក​កំលោះ​ស្រស់​ស្អាត​នោះ​មក​រួម​រ័ក្ស​មេត្រី​ ​ដោយ​មហា​សែន​សុខ​ជាមួយ​គ្នា​ទៅ។​

ព្រោះតែ​ សុភមង្គល ព្រោះតែ​សេចក្ដីសុខ ព្រោះតែ​កាម​តម្រេក​ភ្លើងតណ្ហា ព្រះ​នាង​សុវណ្ណមាលា​ ​ភ្លេច​អស់​ឋានៈ​ខ្លួន​ជា​ប្អូន​ស្ដេច​ផែនដី។​ ​ព្រះ​នាង​ក៏​លែង​មានចិត្ដ​ចង់​វិល​ត្រលប់​ទៅ​ព្រះ​នគរ​វិញ​ដែរ។​ ​ព្រះ​នាង​ក៏​បែកគំនិត​បោក​បញ្ឆោត​ប្រើ​អស់​នាម៉ឺន​មុខមន្ដ្រី​ពល​សេនា​ ​ឲ្យ​សាងសង់​ដំណាក់​មួយ​សម្រាប់​ព្រះ​នាង។​ ​អស់​រយៈពេល​យូរ​ថ្ងៃខែ​កន្លង​មក ដោយ​យល់​ឃើញ​ថា​ ​ព្រះ​នាង​មិន​អាច​បិទ​បាំង​លាក់​រឿង​ស្នេហ៍​អាថ៌​កំបាំង​នេះ​តទៅ​ទៀត​បាន​ ​ព្រះ​នាង​សុវណ្ណមាលា​ក៏​កោះ​ប្រជុំ​គ្រប់​អស់​នាម៉ឺន​មុខមន្ដ្រី​ដែល​បាន​ ដង្ហែ​ព្រះ​នាង​ ​ដើម្បី​រៀបរាប់​អស់​បញ្ហា​តាម​ដំណើរ​ដើមទង។​

ក្នុង ​គ្រា​ជាមួយ​គ្នា​នោះ​ដែរ​ ​ម្ចាស់​ក្សត្រី​សុវណ្ណមាលា​ ​បាន​ប្រទាន​ងារ​ស្ដេចប្រទេសរាជ ​ដល់​គូ​កំណាន់​របស់​ខ្លួន។​ ​ដោយ​ភ័យ​ខ្លាច​ព្រះ​សុវណ្ណបទុម​ជា​បង​ខឹងសម្បារ​ ​ចាប់ទោស​អូស​ដំណើរ​លើកទ័ព​មក​ចាប់ចង​ ​ព្រះ​នាង​ក៏​ចាត់​ឲ្យ​គេ​កេណ្ឌ​ពល​ទាហាន​សេនា​ ​រៀបចំ​ធ្វើ​បន្ទាយ​ចាំ​ការពារ​យ៉ាង​ល្អិតល្អន់ ។​ ​នៅ​ចំពោះ​មុខ​ព្រឹត្ដិការណ៍​នេះ​ ​នាម៉ឺន​មុខមន្ដ្រី​ទាំងអស់​បាន​ពន្យល់​ ​អង្វរ​សុំ​ព្រះ​នាង​កុំ​ឲ្យ​ប្រព្រឹត្ដ​ធ្វើ​ដូច្នេះ។​ ​តែ​ព្រះ​នាង​ ​និង​គូ​ស្នេហា​មិន​បាន​ស្ដាប់​ទៅ​តាម​ពាក្យ​ទូន្មាន​ណែនាំ​ទាំងនោះ​ទេ។​

ដោយសារ​ហេតុការណ៍​បាន​វិវឌ្ឍ​ទៅ​ ដូច្នេះ​ ​នាម៉ឺន​ទាំងនោះ​បាន​នាំ​គ្នា​តាក់តែង​ធ្វើ​ចុត​ហ្មាយ​ផ្ញើ​ទៅ​ថ្វាយ​ ព្រះរាជា អធិប្បាយ​ហូរហែ​ទៅ​តាម​ហេតុការណ៍​ដែល​កើត​មាន​ជាក់ស្ដែង។​ ​គ្រាន់តែ​បាន​ទទួល​ដំណឹង​ ​ព្រះមហាក្សត្រ​ទ្រង់​ខឹង​ខ្ញាល់​ខ្លាំង​ណាស់​ ​ព្រះ​អង្គ​បញ្ជា​ឲ្យ​នាម៉ឺន​ ​និង​មេទ័ព​រៀបចំ​ពល​សេនា​ ​លើកទ័ព​ចេញ​ទៅ​ចាប់​ប្អូនស្រី​ ​និង​សហាយ​យក​មក​កាត់ទោស​ដាក់​ទណ្ឌកម្ម​ទៅ​តាម​ច្បាប់​ប្រពៃណី។​

ម្ចាស់ក្សត្រី​សុវណ្ណមាលា​ ​បានឮ​សូរ​ដំណឹង​ដូច្នោះ​មានការ​តក់ស្លុត​ភ័យ​តក្កមា។​ ​ព្រះ​នាង​បាន​ពិគ្រោះ​គិតគូរថា​ ​គួរ​ណាស់​ត្រូវ​តែ​នាំ​គ្នា​ទៅ​សុំ​ទោស​មហាក្សត្រ​ជា​បង​ទើបបាន​សម​ល្អ​ ប្រសើរ​ជាង។​ ​គិត​ដូច្នេះ​ហើយ​ ​ព្រះ​នាង​សុវណ្ណមាលា​ ​និង​សង្សារ​ ​ក៏​ធ្វើ​ចុត​ហ្មាយ​មួយ​ច្បាប់​ដោយ​មាន​ទាំង​សួយសារអាករ​ផង​ទៅ​ថ្វាយ​ ព្រះមហាក្សត្រ។​ ​ព្រះ​សុវណ្ណបទុម​ទន់​ចិត្ដទន់​ថ្លើម​ ​នឹកគិត​អាណិតអាសូរ​ដល់​ប្អូន​ ​ក៏​ប្រោសប្រណី​លើកលែងទោស​ទៅ។​ ​ព្រះ​អង្គ​ទ្រង់​ឈ្វេងយល់​ថា​ ​នេះ​ជា​កម្ម​ពៀរ​វេរា​ពី​ព្រេងនាយ​ ​ហើយ​ម្យ៉ាងទៀត​ ​អ្នក​ទាំង​ពីរ​ជា​គូ​នឹង​គ្នា​ពី​អតីត​ ​ព្រះ​អង្គ​បាន​តែងតាំង​ស្ដេច​ប្រទេសរាជ​ជា​ស្ដេច​ត្រាញ់​នៅ​ ​ស្រុក​ណងស្នោ​ ​ក្នុង​មួយ​ឆ្នាំ​ម្ដង​ស្ដេច​ប្រទេសរាជ​ត្រូវ​នាំ​សួយសារអាករ​មក​ថ្វាយ​ ព្រះមហាក្សត្រ។​


ឯកសារយោង[កែប្រែ]

មុនដោយ
ព្រះបាទឧទ័យ
នគរគោកធ្លក តដោយ
ព្រះបាទប្រទេសរាជ