សៀង វ៉ាន់ធី

ពីវិគីភីឌា
អ្នក​ស្រី​សៀង វ៉ាន់ធី
ឈ្មោះ​ពេញសៀង វ៉ាន់ធី
ថ្ងៃ​ខែ​ឆ្នាំ​កំណើតថ្ងៃទី០១ ខែមករា ឆ្នាំ១៩៤៨
ទី​កន្លែង​កំណើតខែត្រ​ព្រៃវែង
បិតា​នាមសូ ជិន
មាតា​នាមឯម សំរិទ្ធ
បង​ប្អូនបង្កើត៥ នាក់​​ (ប្រុស១នាក់ ស្រី៤នាក់)
ការ​ងារតារា​ចម្រៀង

ជីវប្រវត្តិសង្ខេប[កែប្រែ]

អ្នកស្រី​សៀង វ៉ាន់ធីជា​អតីត​តតារា​ចម្រៀង​ដែល​​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សម្លេ​ងបង្គួរ​​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​អំឡុង​ទសវត្សរ៍​ទី​៦០​និង​ដើម​ទសវត្សរ៍​ទី​៧០​។ ​អ្នកស្រី​កើត​នៅថ្ងៃ​ទី​០១ ខែមករា​ ឆ្នាំ​១៩៤៨​​ នៅ​ខេត្ត​ព្រៃវែង។​​​ ឪពុក​ឈ្មោះ​សូ ជិន​ ជា​អតីត​តារា​ភាព​យន្ត​កំប្លែង​ ម្តាយ​ឈ្មោះ​ឯម សំរិទ្ធ​ ជា​អតីត​សិល្បការិនី​ផ្នែក​ល្ខោន​បាសាក់​។ អ្នកស្រីជាកូនទី៤​​ ក្នុងចំណោមបងប្អូន៥​នាក់ គឺ​ប្រុស១នាក់​​ និង​ ស្រី​៤នាក់​។ ក្រោយ​ឆ្នាំ​១៩៧៩​ ក្នុង​ចំណោម​បង​ប្អូន​បង្កើត​ទាំង​៥​នាក់ ​​នៅ​រស់​តែ​ពីរ​នាក់​​គត់​គឺ អ្នកស្រី​ និង ​អ្នកម្នាង​សៀង​ឌី​ ដែល​ត្រូវ​ជា​បង​ស្រី​របស់​អ្នក​ស្រី​។​​អ្នកស្រី​សៀង​វ៉ាន់ធី​ បាន​រៀបការ​ជាមួយ​លោក​ពៅ​ សំអូន​​ ដែល​ជា​សិល្បករ​មួយរូប​ដែរ​នៅឆ្នាំ១៩៧០​ ហើយ​ទទួល​បុត្រាម្នាក់​គឺ​លោក​​ពៅ​ មុនីរ៉េត​ដែល​សព្វ​ថ្ងៃ​ជា​តន្រ្តីករ​។ ក្រោយ​មក​នៅឆ្នាំ​១៩៨០ ​ចំណង​ស្នេហា​នេះ​ក៏ត្រូវបាន​ប្រេះ​ឆាឈានទៅ​ដល់​ការ​ចែកផ្លូវគ្នា​ដោយសារ​ការ​ប្រច័ណ្ឌ។ លុះមក​ដល់​ឆ្នាំ​១៩៨៣​ អ្នកស្រី​បាន​រួមរស់ជា​ស្វាមី​ភរិយា​ជាមួយលោក​អ៊ុក​ ស៊ីណា​រ៉េត​ ដែល​ជាតន្រ្តី​ករ​ដ៏មាន​ឈ្មោះ​បោះសម្លេង​ប្រចាំ​វិទ្យុ​ជាតិ​នាអំឡុង​ទ.វទី៨០​ ដោយ​មិន​បាន​ឆ្លង​កាត់​ការ​​រៀប​អាពាហ៍​ពិពាហ៍តាម​ប្រពៃណី​​នោះទេ​។​​​ ជាអកុសល​មិន​យូរ​ប៉ុន្មាន​ស្វាមី​ក្រោយ​របស់​អ្នក​ស្រី​ក៏បាន​ទទួលអនិច្ចកម្មនៅ​ឆ្នាំ​១៩៩៥​ ដោយសារ​ជំងឺ​ថ្លើមដោយ​បន្សល់​នូវ​តំណក់​ឈាម​ពីរ​នាក់​គឺ​លោក​រ៉េត​​ធី​ដូណា​​ជា​តន្រ្តី​ករ​​ និង​ កញ្ញារ៉េត ធីតា​ហៅ​តាតា​​​ ជាតារា​ចម្រៀង​។​​ អតីត​តារា​ចម្រៀង​សៀង​ វ៉ាន់ធី​ បាន​ទទួលមរណភាព​នៅវេលា​ម៉ោង១៣និង​៤៥​នាទី​រសៀល​ ថ្ងៃទី​០៩​ ខែ​ធ្នូ​ ឆ្នាំ​២០០៩​ ក្នុង​ជន្មាយុ​៦១ឆ្នាំ​ ដោយ​រោគា​ពាធ នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​​​ សូវៀត​។​ ​សព​អ្នក​ស្រី​សៀង​ វ៉ាន់​ធី​ ត្រូវ​បាន​តម្កល់​និង​រៀប​ចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ទួល​សារវ័ន្ត​ ស្ថិត​ក្នុងសង្កាត់​ឬស្សី​កែវ​ ខណ្ឌប្ញស្សីកែវ​ រាជធានី​ភ្នំពេញ​។​

អ្នកស្រីសៀង​ វ៉ាន់ធី ថតក្នុងទ.វទី៨០
អ្នកស្រីសៀង​ វ៉ាន់ធី និង អ្នកស្រីឌី សាវ៉េត
លោក អ៊ុក ស៊ីណារ៉េត ស្វាមីអ្នកស្រីសៀង វ៉ាន់ធី

ជីវិតសិល្បៈ​ និង​ ស្នាដៃ[កែប្រែ]

អ្នក​ស្រី​បាន​ចូល​ប្រឡូក​វិស័យតាម​រយៈ​ការ​ប្រឡង​ចម្រៀង​សម័យ​នៅ​ទ.វទី​៦០ដែល​កាល​នោះ​អ្នក​ស្រី​បានលើក​យក​នូវ​បទខ្យល់​កំពូល​ភ្នំ​​​ របស់​អ្នក​ស្រីកែវ ​មន្ថា​​ មក​ប្រកួត​ហើយ​ទទួលបាន​ចំណាត់​ថ្នាក់​លេខ១​​ ​ក្រោយមក​អ្នក​ស្រី​ក៏បាន​ចូល​សិក្សា​នៅ​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ​រហូត​បញ្ចប់ការ​សិក្សា​នៅ​ឆ្នាំ​១៩៦៨​។ បន្ទាប់​មក​អ្នកស្រី​បានចូល​ច្រៀង​ជាមួយបងស្រីបង្កើត​គឺ​អ្នក​ម្នាង​​សៀង​ ឌី​ នៅ​ក្នុង​ក្រុម​ត​ន្រ្តី SKD នៅ​ប្ញស្សីកែវ​ ។​ លុះមក​ដល់​ឆ្នាំ​១៩៧២​ អ្នកស្រី​បាន​ចាក​ចេញ​ពី​ក្រុម​តន្រ្តី​ SKD មក​ចូល​ក្រុម​តន្រ្តី​កង​ពលតូច​ថ្មើរ​ជើង​លេខ​១៣​។​ អ្នកស្រី​ជា​តារា​ចម្រៀង​ស៊ិច​ស៊ី​និង​មាន​មន្តស្នេហ៍​ធ្វើឱ្យប្រុសៗជាច្រើន​​ឈ្លក់​វង្វេងនឹងរូប​សម្រស់​អ្នក​ស្រី​។​​​​ក្រោយ​ឆ្នាំ​១៩៧៩​ អ្ន​កស្រី​សៀង ​វ៉ាន់ធី​ ​បាន​វិល​ត្រឡប់​ចូល​មក​ទីក្រុង​ភ្នំពេញ​វិញ​ហើយ​បន្ត​អាជីព​ជា​តារា​ចម្រៀង។​ បន្ទាប់​ពី​ស្វាមី​អ្នក​ស្រី​គឺលោក​អ៊ុក​ ស៊ី​ណារ៉េត​ បាន​ស្លាប់​បាត់​បង់​ជីវិត​មក​ អ្នក​ស្រី​បាន​បញ្ចប់​អាជីព​ជាតារា​ចម្រៀង​ហើយ​ងាក​មក​រក​របរកាត់​ដេរ​និង​បន្ត​បំរើ​ការងារ​ជាមន្រ្តីរាជការ​​នៅ​អគ្គ​នាយក​ដ្ឋាន​វិទ្យុជាតិដើម្បី​ចិញ្ចឹម​កូនប្រុស​ស្រី​​ទាំង​បី​រហូត​ទាល់តែមាន​កេរ្តិ៍​ឈ្មោះ​ដល់​សព្វ​ថ្ងៃ។​ បទ​ចម្រៀ​ង​ល្បី​ៗ​របស់​អ្នក​ស្រី​ដែល​ទទួល​ការគាំទ្រ​មានជាអាទិ៍​ដូ​ចជា៖

  1. បទ​សារិកា​ក្នុង​ទ្រុងដែក​
  2. បទ​លួង​លោម​អូន​ផង​​
  3. បទ​សមទេបង​
  4. បទ​មើល​ពួក​កម្លោះ​ ច្រៀង​ជាមួយ​អ្នកស្រី​រស់ ​សេរី​សុទ្ធា​
  5. បទ​អផ្សុក​ណាស់​ប៉ា ​ច្រៀង​ជាមួយ​អ្នកស្រី​រស់ ​សេរី​សុទ្ធា​

ឯកសារយោង[កែប្រែ]

  1. [១][តំណភ្ជាប់ខូច]
  2. [២]
  3. កាសែតកោះសន្តិភាព​ ចុះផ្សាយថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០០៩