ស៊ីនសោប៊ូ

ពីវិគីភីឌា
ឝ៊ីនចៅពូ
မိစဴဗု
ရှင်စောပု
ម្កុដរាជិនាភិសេកត្រូវបានពាក់ដោយឝ៊ីនចៅពូ ឥឡូវតំកល់នៅសារមន្ទីរវិកថឺរៀ និង អាល់បឺត ឡុងដុង
ព្រះមហាក្សត្រីនៃហង្សាវត្តី
រជ្ជកាល១៤៥៤–១៤៧១
អង្គមុនឡេមន្ធ៏
អង្គក្រោយធម្មចេតិ
ព្រះមហាក្សត្រីប្រាសាទកណ្ដាលនៃអវៈ
រជ្ជកាល២០ ឧសភា ១៤២៦ – ១៤២៩
អង្គមុនព្រះនាងអង្គឯង
អង្គក្រោយធម្មទេវី
ព្រះមហាក្សត្រីប្រាសាទកណ្ដាលនៃអវៈ
រជ្ជកាលធ្នូ ១៤២៣ – សីហា ១៤២៥
អង្គមុនមីនប្យាន
អង្គក្រោយព្រះនាងអង្គឯង
ប្រសូត១១ កុម្ភៈ ១៣៩៤
ថ្ងៃពុធ ១២ កើត ខែតាបោង មី.ស. ៧៥៥
បារគូ
សុគត១៤៧១ (៧៧ វស្សា)
ដាហ្កុន
ព្រះសុសាន
ជាយាពញាប្វេ
សីហសុ
រាជបច្ឆាញាតិពញាហ្វារ្យូ
មីបាកាហ្ត៍
វង្សហង្សាវត្តី
បិតារាជាធិរាជ
មាតាសុធម្មមាយា
សាសនាពុទ្ធសាសនាថេរវាទ

ឝ៊ីនចៅពូ (ភូមា: ရှင်စောပု, បញ្ចេញសំឡេង [shɪ̀ɴ sɔ́ pṵ] [ឝ៊ីនស៊ពូ]; មន: မိစဴဗု; ១៣៩៤–១៤៧១) គឺជាក្សត្រទី១៥នៃនគរហង្សាវត្តីក្នុងប្រទេសភូមាកាលពីឆ្នាំ១៤៥៤ ដល់ ១៤៧១។ ព្រះមហាក្សត្រីឝ៊ីនចៅពូត្រូវបានគេស្គាល់ថាជា ពញាសៅ (ဗညားထောဝ်មន: ဨကရာဇ်ဗြဲဗညာထဴ) រឺ ព្រះមហាក្សត្រីចាស់ជាភាសាមន។ ព្រះមហាក្សត្រីឝ៊ីនចៅពូ និង ព្រះមហាក្សត្រីចាមទេវីនៃហរិបុញ្ជយ (ហរិភុញ្ជយ) ទាំងពីរអង្គគឺជាព្រះមហាក្សត្រីដែលប្រកបដោយព្រះកិត្តិនាមល្បីរន្ទឺបំផុតក្នុងចំណោមព្រះមហាក្សត្រីភាគតិចដែលបានគ្រងរាជ្យនៅអាស៊ីអាគ្នេយ៍ដីគោក[១]

សង្ខេប[កែប្រែ]

ពង្សាវតារភូមាផ្សេងៗមិនស្របគ្នានឹងកាលបរិច្ឆេទសំខាន់ៗនៃខ្សែជីវិតរបស់ព្រះមហាក្សត្រីអង្គនេះឡើយ។ ប្រាសាទកែវរាជវង្ស គឺជាពង្សាវតារចុងក្រោយក្នុងចំណោមពង្សាវតារជាច្រើន ដែលបានកែតំរូវកាលបរិច្ឆេទពីមុនៗចេញ។

ព្រឹត្តិការណ៍ ស្លាផាតរាជវង្ស មហារាជវង្ស ប្រាសាទកែវរាជវង្ស
ប្រសូត វិច្ឆិកា/ធ្នូ ១៣៩៥[កំណត់ ១] ២៣ កុម្ភៈ ១៣៩៦[២] ១១ កុម្ភៈ ១៣៩៤[៣]
អភិសេក មិនបានរាយការណ៍ ១៤០៩[២] ១៤១៣[៣]
ប្រសូតបុត្រា មិនបានរាយការណ៍ ១៤២០[២] ១៤១៨[៣]
ប៉ុន្មានឆ្នាំនៅអវៈ ១៤២២–១៤២៧[៤] ១៤២៤–១៤៣៤[២] ១៤២៣–១៤២៩[៣]
រជ្ជកាល ១៤៤៦–១៤៧០[៤] ១៤៤៩–១៤៧១[៥]
១៤៥៤–១៤៧១ (ផ្នែកសង្ខេប)[៦]
១៤៥៣–១៤៧១[៧]
១៤៥៤–១៤៧១ (ផ្នែកសង្ខេប)[៨]
ព្រះជន្មពេលសោយទិវង្គត ៧៥ ៧៥ ៧៧

ព្រះរាជជីវប្បវត្តិដំបូង[កែប្រែ]

ឝ៊ីនចៅពូគឺជាព្រះរាជធីតាតែមួយអង្គគត់នៃស្ដេចមនរាជាធិរាជ ដែលព្រះអង្គក៏មានព្រះរាជឱរសពីរអង្គទៀតដែរ។ ព្រះនាងបានប្រសូតនៅថ្ងៃ ១១ ខែកុម្ភៈ ឆ្នាំ១៣៩៤ (ថ្ងៃពុធ ១២ កើត ខែតាបោង មី.ស. ៧៥៥) ជាបុត្ររបស់ព្រះអគ្គមហេសីសុធម្មមាយា (သုဒ္ဓမာယာ)។ នៅពេលប្រសូតរួច ព្រះនាងត្រូវបានគេថ្វាយព្រះនាមថា វិហារទេវី។ ព្រះជន្មបាន ២០ វស្សា ព្រះនាងបានរៀបអភិសេកនឹងពញាប្វេ (ស្មេនចេសៅ) ដែលត្រូវជាព្រះភាគិនេយ្យរបស់រាជាធិរាជ ហើយមានបុត្រាមួយអង្គ ពញាហ្វារ្យូ និងបុត្រីពីរអង្គ នេតាកាត៏ និង នេតាកាធីន។ ព្រះស្វាមីព្រះនាងបានសុគត នៅពេលព្រះនាងទើបតែមានព្រះជន្មបាន ២៥ វស្សាតែប៉ុណ្ណោះ។

ការគង់នៅអវៈ[កែប្រែ]

ក្នុងឆ្នាំ១៤២១ បិតាព្រះនាងចៅពូព្រះបាទរាជាធិរាជបានសោយទិវង្គត។ បុត្រច្បងរបស់ព្រះអង្គ ពញាធម្មរាជាបានឡើងសោយរាជ្យ ប៉ុន្តែព្រះកនិដ្ឋភាតារបស់ទ្រង់ ពញារាម និង ពញាចាន់បានធ្វើឱ្យមានការបះបោរឡើង។ ដោយមានការអញ្ជើញពីពញាចាន់ ព្រះបាទសីហសុបានចុះមកភាគខាងក្រោមរួមជាមួយកងទ័ពមួយកងពលក្នុងខែវិច្ឆិកា ១៤២៣ (ខែណាតដ៏ មី.ស. ៧៨៥)។[កំណត់ ២] ពញាធម្មរាជាបានសំរន់ព្រះទ័យព្រះភាតារបស់ព្រះអង្គដោយតែងតាំងពញារាមជាព្រះអង្គម្ចាស់ស្នងរាជ្យ និងប្រទានតំណែងចៅហ្វាយស្រុកនៃដីសណ្ដឥរាវត្តីឱ្យ ហើយពញាចាន់ទទួលបានតំណែងជាចៅហ្វាយស្រុកខេត្តមុំហ៍។ ព្រះអង្គម្ចាស់ស្នងរាជ្យ ពញារាមក្នុងកាយវិការរក្សាសន្តិភាព ទ្រង់ក៏បានថ្វាយព្រះភគិនីរបស់ទ្រង់ ឝ៊ីនចៅពូឱ្យទៅព្រះបាទសីហសុ ដែលព្រះបាទសីហសុក៏បានថ្វាយព្រះនាងនៃនគរអវៈឱ្យរៀបអភិសេកនឹងព្រះអង្គវិញដែរ។ វាត្រូវនឹងខែធ្នូ ឆ្នាំ១៤២៣។[កំណត់ ៣]

ពេលដែលព្រះនាងយាងទៅអវៈ ព្រះនាងមានព្រះជន្ម ២៩ វស្សា ជាក្សត្រីមេម៉ាយ និង ជាព្រះមាតាមួយអង្គដែលមានបុត្រាមួយអង្គ និង បុត្រីពីរអង្គ។ ក្នុងរយៈពេលដែលព្រះនាងគង់ប្រថាប់នៅអវៈ ព្រះនាងមិនមានបុត្របន្ថែមទៀតឡើយ។[៩] ព្រះបាទសីហសុពេញព្រះរាជហឫទ័យនឹងព្រះនាងណាស់ ក៏ប៉ុន្តែព្រះអង្គបានសោយទិវង្គតកំឡុងពេលបេសនកម្មយោធានៅភាគខាងជើងក្នុងឆ្នាំ១៤២៥បាត់ទៅ។ ឝ៊ីនចៅពូនៅតែបន្តគង់នៅអវៈរយៈពេលបួនឆ្នាំទៀត។ កំឡុងពេលព្រះនាងគង់នៅអវៈ ឝ៊ីនចៅពូបានក្លាយជាឧបដ្ឋាកដល់ព្រះសង្ឃមនពីរអង្គ ធម្មញាណ និង បិតកហរៈ ដែលបានគង់នៅវត្តអរិយធជនៅហ្សឹហ្កេនក្បែរក្រុងអវៈ។ ក្នុងឆ្នាំ១៤២៩ ព្រះជន្មបាន ៣៥ វស្សា ព្រះមហាក្សត្រីបានភៀសព្រះកាយដោយមានជំនួយពីឧបជ្ឈារបស់ព្រះសង្ឃមនទាំងពីរអង្គ ហើយក៏បានយាងត្រឡប់ទៅបារគូរួមគ្នាជាមួយព្រះភិក្ខុសង្ឃទាំងពីរអង្គនោះទៅ។[១០]

សោយរាជ្យនៅបារគូ[កែប្រែ]

សមាជិករាជវង្សជាឱរសនៃនគរហង្សាវត្តី ដែលត្រូវឡើងសោយបន្តទាំងអស់បានដាច់ព្រះវង្សអស់ហើយ ឝ៊ីនចៅពូក៏បានឡើងសោយរាជ្យជាព្រះមហាក្សត្រីនៅដើមឆ្នាំ១៤៥៤ ទៅ។ ព្រះភាតាពីរអង្គរបស់ទ្រង់ ពញាធម្មរាជា និង ពញារាមទី១ ហើយនិងបុត្រាមួយអង្គចំណោមបុត្ររបស់ព្រះនាង ពញាហ្វារ្យូ ក្សត្រទាំងប៉ុន្មានអង្គនេះបានឡើងគ្រងរាជ្យជាព្រះមហាក្សត្រនៃបារគូរួចអស់ទៅហើយ។[១១]

ក្នុងឆ្នាំ១៤៥៧ រយៈពេលដ៏ខ្លីក្រោយពីការឡើងសោយរាជ្យមក ខាងពុទ្ធចក្របានប្រារព្ធបុណ្យខួបលើកទី ២០០០ រំលឹកដល់ការចូលព្រះបរិនិព្វាននៃព្រះពុទ្ធអង្គ ដែលនៅអាស៊ីអាគ្នេយ៍ត្រូវនឹងឆ្នាំម.គ. ៥៤៣។

បន្ទាប់ពីគ្រងរាជ្យនៅបារគូអស់រយៈកាលប្រហែល ៧ ឆ្នាំមក ក្នុងឆ្នាំ១៤៧០ ព្រះនាងបានសំរេចព្រះទ័យដាក់រាជ្យ ហើយបានរើរាជធានីពីបារគូទៅដាហ្កូនវិញ ជាទីដែលព្រះនាងអាចលះបង់កាយចិត្តដើម្បីបូជាទៅដល់សាសនានៅក្បែរព្រះចេតិយឝ្វេដាហ្កូន[១២]

ឝ៊ីនចៅពូបានជ្រើសរើសភិក្ខុុមួយអង្គឱ្យឡើងសោយរាជ្យបល្លង្កនៅបារគូ។ ព្រះភិក្ខុបិតកហរៈ ដែលបានជួយយកអសាព្រះនាងឱ្យភៀសព្រះកាយចាកចេញពីអវៈ ដោយបានលាចាកសិក្ខាបទទៅត្រូវបានទទួលគោរម្យងារថា បុញ្ញរាជ និង ធម្មចេតិ ហើយបានក្លាយជាព្រះរាជសុណិសារបស់ព្រះនាង ហើយក៏ជាអ្នកដែលសក្ដិសមជារជ្ជទាយាទដោយសារតែបានរៀបអភិសេកនឹងព្រះបុត្រីពៅរបស់ព្រះនាងមីប៉ាកាធិន។[១២]

សោយរាជ្យនៅដាហ្កូន[កែប្រែ]

ឝ៊ីនចៅពូបានគង់ប្រថាប់នៅដាហ្កូនក្បែរព្រះចេតិយឝ្វេដាហ្កូនរហូតដល់អវសានជីវិតរបស់ព្រះនាងក្នុងឆ្នាំ១៤៧១។[១០] ទោះបីយ៉ាងណាក្រោយពីព្រះនាងបានរើទៅគង់នៅដាហ្កូន ក៏ព្រះនាងត្រូវបានគេនិយាយថានៅតែគ្រងម្កុដរាជ្យដដែល។[១៣]

តាមជាក់ស្ដែង អំណាចបានផ្ទេរពីព្រះឝ៊ីនចៅពូទៅឱ្យព្រះធម្មចេតិ ដែលព្រះអង្គបានក្លាយជាព្រះមហាក្សត្រស្ថិតនៅក្រោមគោរម្យងារ រាមាធិបតីក្នុងឆ្នាំ១៤៥៧ ត្រូវបានគេរំលឹកក្នុងសិលាចារឹកមួយដែលសរសេរជាភាសាមន។[១៤]

នៅដាហ្កូន ព្រះមហាក្សត្រីអង្គនេះបានបូជាពេលវេលា និង ព្រះទ័យទុកដាក់របស់ទ្រង់ទៅលើចេតិយឝ្វេដាហ្កូន ដោយពង្រីកបរិវេណជុំវិញចេតិយនេះ ដោយក្រាលថ្ម និងដាក់បង្គោលថ្ម ហើយនិងចង្កៀងនៅខាងក្រៅជុំវិញចេតិយ។ ព្រះនាងបានពង្រីកដីធ្លីចំណុះជើងវត្តឧបត្ថម្ភវត្ត នៅដាណុក។[១] ស្ទើរតែអ្វីគ្រប់យ៉ាងទាំងអស់ដែលព្រះនាងឝ៊ីនចៅពូបានធ្វើ ព្រះនាងធ្វើមួយទ្វេជាបួន::

"មានឆត្របួន បាតមាសបួន ភាជន៍ដីបួន និង ទេយ្យទានបួនសំរាប់ធ្វើជារៀងរាល់ថ្ងៃ។ មានបុរសម្ភៃប្រាំពីរនាក់ ឱ្យចាំអុជចង្កៀងរាល់ថ្ងៃ។ មានបុរសម្ភៃនាក់ជាឆ្មាំយាមចេតិយភណ្ឌ។ មានរោងជាងទងបួន វង់ភ្លេងបួន ស្គរបួន រោងបួន ឆ្មាំទ្វារប្រាំបីនាក់ អ្នកបោសជ្រះបួននាក់ និង អ្នកអុជចង្កៀងម្ភៃនាក់។ ព្រះនាងបានសាងសង់កំពែងរាងមូលប្រាំពីរជាន់យ៉ាងរឹងមាំ។ ចន្លោះពីកំពែងនីមួយៗ ព្រះម្ចាស់ក្សត្រីយានីពញាសៅបានដាំដើមតាលព្រឹក្ស និងដើមដូង។"[១៥]

ព្រះនាងមានមាសទំងន់ ៤០,៧៥ សហាតិក្រាម បានផែឱ្យចេញជាសន្លឹកមាស និងយកទៅបិតលើចេតិយឝ្វេដាហ្កូនជាមួយសន្លឹកមាសទាំងនេះ។ អ្នករស់នៅដាហ្កូនបាន បរិច្ចាគសំរឹទ្ធិ ៨១៥០ សហាតិក្រាមថ្វាយព្រះចេតិយនេះ។[១៦]

សិលាចារឹក[កែប្រែ]

សិលាចារឹកបីផ្ទាំងត្រូវបានគេបង្កើតឡើងតាំងពីរជ្ជកាលរបស់ឝ៊ីនចៅពូ។

សិលាចារឹកដំបូងត្រូវបានគេស្គាល់ថា ក្យាំម្រំហ៍ទី១ រំលឹកដល់ការថ្វាយដីធ្លីមួយកន្លែង។ នៅថ្ងៃ ២៥ កញ្ញា ឆ្នាំ១៤៥៥ ព្រះម្ចាស់ក្សត្រីបានឧទ្ទិសដីថ្វាយចេតិយក្យាំម្រំហ៍ ដែលព្រះនាងបានកសាង។ សិលាចារឹកនេះកត់ត្រាថា គ្រឿងអលង្ការណ៍ វត្ថុមានតំលៃ និង បដិលាភនៃកន្លែងមួយ ឈ្មោះ "ត្កូ' ម្បុន" ត្រូវបានវេរទៅឱ្យព្រះចេតិយមោហស្មេន [ព្រះរាជជ្រោយខ្ពស់] នៅម្យ៉ាសេនដាន់ក្បែរមុំហ៍។ ផ្នែកទីពីរនៃសិលាចារឹកធ្វើដើម្បីប្រសិទ្ធិពរជ័យដល់ពួកអ្នកមកគោរពបូជាព្រះចេតិយ និង អ្នកធ្វើពុទ្ធបដិមាជាច្រើនអង្គ។ ផ្នែកទីបីនៃសិលាចារឹកគូសបញ្ជាក់ត្រង់ទារុណកម្មធ្លាក់ទៅនរក។ សិលាចារឹកនេះសំបូរដោយព័ត៌មានខាងភាសាសាស្ត្រ សាសនា និង ប្រវត្តិសាស្ត្ររួមជាមួយឥទ្ធិពលខាងភាសាវិទ្យាភូមា និង ពាក្យ "ចាវ" រឺ "ចៅ" ដែលមានន័យថា "បតី" រឺ​ "ម្ចាស់" យកមកពីភាសាទៃដែលបានប្រើប្រាស់ដោយសន្មត ព្រោះតែ គោរម្យងារនេះត្រូវបានថ្វាយដល់រាជវង្សហ្វារ្យូដោយព្រះមហាក្សត្រសៀម។"[១៧]

ប្រពៃណីអ្នកស្រុកមន[កែប្រែ]

នៅចុងនៃសតវត្សទីដប់ប្រាំបួន មានបណ្ដាជនមនមួយចំនួនត្រូវបានគេនិយាយថាបានចាត់ទុកព្រះមហាក្សត្រីវិកធរៀជាតួអង្គសជាតិនៃព្រះនាងឝ៊ីនចៅពូ។[១]

រឿងរ៉ាវនិយាយអំពីវិធីដែលព្រះមហាក្សត្រីជ្រើសរើសអ្នកស្នងរាជ្យបន្ត។ បន្ទាប់ពីគ្រងរាជ្យបានប្រាំពីរឆ្នាំ ព្រះនាងក៏សំរេចព្រះទ័យដាក់រាជ្យ។[១៣] ព្រះនាងបានព្រះតំរិះរកវិធីដើម្បីជ្រើសរើសព្រះថេរៈមួយអង្គក្នុងចំណោមពីរអង្គដែលបានរួមដំណើរជាមួយព្រះនាងកំឡុងពេលព្រះនាងគង់នៅអវៈ ថាតើអង្គណាគួរសោយរាជ្យបន្តពីព្រះនាង:

"ព្រឹកមួយ នៅពេលព្រះថេរៈទាំងពីរអង្គនិមន្តមកទទួលចង្ហាន់ ព្រះនាងបានលាក់សារុងដែលមានលក្ខណៈជាគ្រឿងបញ្ចក្សត្រទុកក្នុងបាតមួយក្នុងចំណោមបាតរបស់ព្រះសង្ឃទាំងពីរអង្គ (សំលៀកបំពាក់របស់ឧបាសក) បន្ទាប់មកបានបួងសួងផ្សងរកអ្នកដែលមានបុណ្យ ព្រះនាងក៏ទទួលយកបាតទាំងនោះត្រឡប់មកវិញ។[១៨] ត្រូវនឹងព្រះធម្មចេតិ។ ចំពោះនរណាដែលមានបាតផ្សងនិស្ស័យភ្ជាប់មក ក៏ត្រូវតាមរាជបញ្ជាពិសិដ្ឋ នឹងទទួលបានបុត្រីរបស់ព្រះនាងរៀបអភិសេកជាមួយ ហើយកាន់ការងាររាជការ។ ព្រះភិក្ខុអង្គផ្សេងដោយក្ដីមិនសមបំណងបានកើតក្ដីមន្ទិល ហើយក៏ត្រូវបានប្រហារជីវិតនៅផោងលីន ភាគខាងជើងដាហ្កូន។ ពួកលោកម្ចាស់ជាច្រើនក៏មិនបានពេញចិត្តនូវការជ្រើសរើសនេះតាំងពីដំបូងដែរ ប៉ុន្តែបានត្រូវផ្សះផ្សាមកវិញដោយសារតែឧត្តមលក្ខណៈរបស់ព្រះធម្មចេតិ នៅពេលនោះពួកលោកម្ចាស់ភាគខ្លះបានបន្តខ្សឹបខ្សៀវថា ព្រះអង្គមិនមែនជាពូជពង្សក្សត្រឡើយ ព្រះនាងឝ៊ីនចៅពូទ្រង់មានកាំជណ្ដើរមួយយកមកបង្ហាញដែលវាបានឆ្លាក់ជារូបព្រះពុទ្ធ ហើយបង្ហាញរូបនោះទៅកាន់ពួកអស់លោកទាំងនោះដោយ មានព្រះរាជសវនីយ៍ថា 'យេនិយាយថាទ្រង់មានឈាមជ័រជារាស្ត្រសាមញ្ញ ទ្រង់មិនអាចក្លាយជាព្រះមហាក្សត្ររបស់អស់លោកបានឡើយមែនទេ។ សូមមើលឈើធម្មតានេះ កាលពីម្សិលមិញវាត្រូវបានកន្លងដោយបាទារបស់អស់លោក ប៉ុន្តែពេលនេះ តើវាមិនមែនជារូបព្រះទេ រឺ យ៉ាងណា ហើយចុះយើងមិនបានថ្វាយបង្គំពីមុខឈើកាំជណ្ដើរនោះដែរ រឺ ក៏អត់ទេ?'។"[១៩]

អ្នកចំរៀងបានច្រៀងជាសាច់រឿងមួយខុសពីនេះដោយថាមានចៅហ្វាយស្រុកខែត្រកុសិមៈ ពញាអេនបានរៀបអភិសេកជាមួយបុត្រីច្បងព្រះនាងឝ៊ីនចៅពូ មីផាកាតោ លោកក៏បានធ្វើការបះបោរដោយសារតែលោកមិនបានត្រូវជ្រើសតាំងជាព្រះមហាក្សត្រជួសឱ្យធម្មចេតិ។ ការបះបោរនេះចប់នៅពេលលោកត្រូវបានគេដាក់ថ្នាំបំពុល។[១២]

ពញាសៅមានន័យថា "ពញាចាស់" ជាភាសាមន។ លោកហាវ៉េទាញរឿងរ៉ាវទាក់ទងនឹងព្រះនាមនេះថាកើតមានឡើងដោយយកតាមពង្សាវតារ "សុធម្មវេមុនរាជវង្ស"::

"កាលពីព្រេងនាយ គ្រាដែលគេកំពុងសែងគ្រែស្នែងដ៏ល្អល្អះសោភ័ណសោភាហែជុំវិញទីក្រុង ព្រះនាងទ្រង់ព្រះខឌ្ដក្នុងព្រះហស្ថ ហើយនិងមានព្រះម្កុដរាជ្យគ្រងលើព្រះសិរសា ព្រះនាងបានព្រះសណ្ដាប់លឺបុរសចាស់ឧទាន ខណៈពេលដែលរាជបរិពាររបស់ព្រះនាងបានច្រានគាត់ទៅម្ខាង "ខ្ញុំត្រូវចេញពីផ្លូវនេះ មែនទេ? ខ្ញុំគឺជាមនុស្សចាស់ភ្លីភ្លើ មែនទេ? ខ្ញុំមិនសូវចាស់ណាស់ណាទេ អញ្ជឹងខ្ញុំមិនអាចមានកូនបានមែនទេ ចាស់ជាងព្រះម្ចាស់ក្សត្រីចាស់របស់ពួកលោកឯងមែនទេ!" ដោយភ័ន្តភាំងស្ទើរតែមិនចង់ជឿ ព្រះនាងក៏បានទទួលយកដោយលំអោនថា ជាសញ្ញាមួយមកពីស្ថានសួគ៌ ហើយចាប់តាំងពីពេលនោះមកព្រះនាងឱ្យគេទូលហៅព្រះអង្គឯងថា 'ព្រះមហាក្សត្រីចាស់' (ព្រះមហាក្សត្រយានី)។[២០]

ប្រវត្តិជាភាសាមន និទានរាមាធិបតីកថាមានសាច់រឿងខុសប្លែកគ្នា ដោយថាពញាសៅបានគង់នៅអវៈជារៀងរហូត ហើយបានពោលថាព្រះនាងធ្លាប់បានសោយរាជ្យនៅបារគូ ជាព្រះមហាក្សត្រី នៅពេលនោះមកព្រះនាងត្រូវបានគេចាប់ព្រះកាយ និង នាំយកទៅអវៈ ហើយត្រូវបានតែងតាំងជាព្រះអគ្គមហេសី។[២១]

ជំលោះអំពីរយៈពេលនៃរជ្ជកាល[កែប្រែ]

អ្នកខ្លះប្រកាន់ថា ឝ៊ីនចៅពូបានគ្រងរាជ្យបានប្រាំពីរឆ្នាំ[១៦] អ្នកផ្សេងថាដប់ប្រាំពីរឆ្នាំ។[១] លោកឝថូដំបូងបានឱ្យសម្មតិកម្មថា ព្រះនាងប្រហែលគ្រងរាជ្យរួមគ្នាជាមួយព្រះធម្មចេតិ។[២២] លោកហ្គុយយ៉ុងលើកឡើងថាឝ៊ីនចៅពូ និងធម្មចេតិបានគ្រងរាជ្យរួមគ្នាដោយធម្មចេតិគ្រងរាជ្យនៅបារគូ និង ឝ៊ីនចៅពូគ្រងរាជ្យនៅដាហ្កូន។[២៣] ដាហ្កូនធ្លាប់ជាដីនៃព្រះមហាក្សត្រីមនតាំងពីបុរាណ។[២៤]

ទីតាំងព្រះរាជវាំង និង ព្រះសុសាន[កែប្រែ]

លោកផ្វឺនីវ៉លបានពោលថា "កំពែងនៃព្រះរាជដំណាក់របស់ព្រះនាងឝ៊ីនចៅពូនៅដាហ្កូន" គឺជា"ឧបសគ្គដីខ្សាច់នៃវាលវាយកូនគោល"សម័យអាណានិគមក្បែរវិថីប្រមុំម៍ ប៉ុន្តែអ្នកផ្សេងថាសំណល់បាក់បែកទាំងនេះតាមការពិតទៅ ជាកំពែងមួយខ្សែដែលកសាងក្នុងឆ្នាំ១៨៤១ទៅវិញទេ។[២៥]

ស្តូបដែលមានព្រះអដ្ឋិធាតុព្រះនាងត្រូវបានគេនិយាយថា ស្ថិតនៅវត្តមួយនៅទីប្រជុំជនភាពសាន់ចោននៅឯយ៉ាងហ្កូនសព្វថ្ងៃនេះ ក្បែរព្រះចេតិយឝ្វេដាហ្កូននៅលើដីធ្លានៃវត្តមួយដែលកាលណោះមានឈ្មោះថា វត្តព្រះធាតុឝ៊ីនចៅពូ ដែលស្ថិតនៅខាងលិចនៃវិថីប្រមុំម៍លើវិថីឝ៊ីនចៅពូ (វិថីវីនស៊)។[២៦]

កំណត់[កែប្រែ]

ឯកសារយោង[កែប្រែ]

  1. ១,០ ១,១ ១,២ ១,៣ Guillon 1999: 169
  2. ២,០ ២,១ ២,២ ២,៣ Maha Vol. 2 2006: 82
  3. ៣,០ ៣,១ ៣,២ ៣,៣ Hmannan Vol. 2 2003: 92
  4. ៤,០ ៤,១ Slapat 1922: 69
  5. Maha Vol. 2 2006: 82, 89
  6. Maha Vol. 2 2006: 140
  7. Hmannan Vol. 2 2003: 92, 101
  8. Hmannan Vol. 2 2003: 185
  9. Harvey 1925: 116
  10. ១០,០ ១០,១ Kala Vol. 2 2006: 58
  11. (Harvey, 1925, 368)
  12. ១២,០ ១២,១ ១២,២ (Singer, 1992, p. 81)
  13. ១៣,០ ១៣,១ (Halliday, 2000, 101)
  14. (Shorto, Mon Inscriptions, II, p. 61)
  15. (Halliday, 2000, p. 102)
  16. ១៦,០ ១៦,១ (Halliday, 2000, p. 101)
  17. (Guillon, p. 171-2; most of this information comes from Guillon, pp. 171–172; also see Shorto, 1958; Than Tun, 1985, Royal Orders of Burma, Part Two, p. x, also describes this inscription)
  18. (Sayadaw Athwa II. 131)
  19. (Harvey, 117-8)
  20. (Harvey, p. 117)
  21. (Shorto, no date, pp. 1–7)
  22. (Shorto, Dictionary of Mon Inscriptions, 317, Ramadhipati)
  23. (Guillon, 1999, 172)
  24. (Guillon, 1999, p. 170)
  25. (Harvey, 118 citing Furnivall, Syriam Gazetteer; Fraser "Old Rangoon" JBRS 1920)
  26. (JBRS 1912 Saya Thein "Rangoon in 1852"; Harvey, p. 118; also see Singer, 1992 for details)

គន្ថនិទ្ទេសន៍[កែប្រែ]

  • Forchammer Notes on the Early History and Geography of British Burma – I. The Shwedagon Pagoda, II. The First Buddhist Mission to Suvannabhumi, publ. Superintendent Government Printing, Rangoon 1884.
  • Fraser (1920) "Old Rangoon" Journal of the Burma Research Society, volume X, Part I, pp. 49–60.
  • Furnivall, Syriam Gazetteer.
  • Guillon, Emmanuel (tr. ed. James V. Di Crocco) (1999) The Mons: A civilization of Southeast Asia, Bangkok: The Siam Society.
  • Halliday, Robert (2000) (Christian Bauer ed.) The Mons of Burma and Thailand, Volume 2. Selected Articles, Bangkok: White Lotus.
  • Harvey, G.E. (1925) History of Burma: From the earliest times to 10 March 1824 the beginning of the English conquest, New York: Longmans, Green, and Co.
  • Sayadaw Athwa [The Monk of Athwa], Burmese translation of his Talaing History of Pegu used by Phayre, now in the British Museum, being manuscripts OR 3462-4.
  • Saya Thein (1910) "Shin Sawbu," Journal of the Burma Research Society

[Summarizing the "Thaton-hnwe-mun Yazawin" below, but also giving the slightly different chronology of the Burmese chronicle "Hmannan Yazawin"]

  • Saya Thein (1912) "Rangoon in 1852" Journal of the Burma Research Society.
  • Schmidt, P.W. (1906) Slapat ragawan datow smim ron. Buch des Ragawan, der Konigsgeschichte, publ. for Kais. Akademie der Wissenschaften by Holder, Vienna, pp. 133–135
  • Shorto, Harry Leonard (1958) "The Kyaikmaraw inscriptions," Bulletin of the School of Oriental and African Studies (BSOAS), 21(2): 361–367.
  • Shorto (1971) A dictionary of Mon inscriptions from the sixth to the sixteenth centuries. London: Oxford University Press.
  • Shorto (tr.) (no date) Unpublished typescript translation of pp. 34–44, 61–264 of Phra Candakanto (ed.) Nidana Ramadhipati-katha (or as on binding Rajawamsa Dhammaceti Mahapitakadhara), authorship attributed to Bannyadala (c. 1518–1572), Pak Lat, Siam, 1912.
  • Singer, Noel F. (1992) "The Golden Relics of Bana Thau," Arts of Asia, September–October, 1992. [Contains many interesting and original historical interpretations]
  • Thaton-hnwe-mun Yazawin, unpublished manuscript cited in Harvey, p. 117, the facts about Baña Thau in this chronicle are summarised in (Hmawbi Saya Thein, 1910)
  • Athwa, Sayadaw (1785) (ជាBurmese). Mon Yazawin (Slapat Rajawan) (1922 រ.រ.). Yangon: Burma Publishing Workers Association Press. 

តំណខាងក្រៅ[កែប្រែ]

ស៊ីនសោប៊ូ
ប្រសូត/កើត: ១១ កុម្ភៈ ១៣៩៤ សុគត/ស្លាប់: ១៤៧១
គោរម្យងារសំរាប់រាជ្យ
មុនដោយ
ឡេមន្ធ៍
ព្រះមហាក្សត្រីនៃហង្សាវត្តី
១៤៥៤–១៤៧១
តដោយ
ធម្មចេតិ
ព្រះរាជគោរម្យងារ
មុនដោយ
មីនប្យាន
ម្ចាស់ក្សត្រីដំណាក់កណ្ដាលនៃអវៈ
១៤២៣–១៤២៥
តដោយ
អង្គឯង
មុនដោយ
អង្គឯង
ម្ចាស់ក្សត្រីដំណាក់កណ្ដាលនៃអវៈ
១៤២៦–១៤២៩
តដោយ
ធម្មទេវី

ទំព័រគំរូ:Burmese monarchs


Cite error: <ref> tags exist for a group named "កំណត់", but no corresponding <references group="កំណត់"/> tag was found