Jump to content

ស្រែន្យសេនាឫទ្ធីជ័យ

ពីវិគីភីឌា
ស្រែន្យសេនាឫទ្ធីជ័យ
ចៅពញាស្រែន្យសេនានៃក្រុងស្រឡប់ដូនតីពិជ័យព្រៃនគរ
ក្នុងការិយាល័យ
សតវត្សទី១៦–?
ព្រះមហាក្សត្រស្រីជេដ្ឋា
មុនចៅពញាស្រែន្យសេនា (ឝ្រីឝៅគន្ធបទ)
បន្ទាប់ចៅពញាស្រែន្យសេនាទន់
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត
ឫទ្ធីជ័យ

ចៅពញាស្រែន្យសេនា​ឫទ្ធីជ័យ (ចៅពញា ជាស័ក្ដិ ស្រែន្យសេនា ជាយស ឫទ្ធីជ័យ ជាឈ្មោះ) ជាចៅហ្វាយស្រុកខែត្រលង្វែក កាលជំនាន់ព្រះបាទស្រីជេដ្ឋា

ប្រវត្តិ និង ការងារ

[កែប្រែ]

ចៅពញាលំពាំងធិបតី ក្រាបទូលពុំទាន់ផុតវាចាផង ព្រះរាជវរានុកូលក្រាបទូលថា: "សូមទ្រង់ព្រះមេត្តាប្រោស មានសំបុត្រចៅហ្វាយស្រុកខែត្រក្រគរប្ដឹងទូលព្រះបង្គំថា: នៅខែត្រពោធិ៍សាត់នោះ ចៅពញាសួគ៌ាលោកអនិច្ចកម្មក្នុងចំបាំងទៅហើយ ឥឡូវនេះចៅពញាចន្ទរាជាតាំងពញាមឿងមេស្មឹងឲ្យឡើងជាចៅពញាសួគ៌ាលោកហើយ ហើយឲ្យធ្វើជាមេទ័ព សំរេចរាជការទាំងពួងផងទៀត ចៅពញាចន្ទរាជាឲ្យកូនពញាមឿងទាំង៤ នាក់នោះធ្វើជាសេនាបតីសំរាប់ទ្រង់ហើយឲ្យធ្វើបាឡាត់ទ័ពមុខ ក្រោយ ឆ្វេង ស្ដាំ លើកមកវាយបន្ទាយខែត្រក្រគរទៀត ឥឡូវនេះ បន្ទាយខែត្រក្រគរបកហើយ"។ ព្រះស្រីជេដ្ឋា (ស្ដេចកន) ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់គ្រវីព្រះសិរសា ហើយមានព្រះបន្ទូលថា: បងចក្រី ចូរបងឯងចេញទៅជាមេទ័ពធំ កេណ្ឌបណ្ដារាស្ត្រខែត្រខាងលិច ហើយលើកយ៉ាងស្រូតរូតទៅទល់ទប់ទ័ពរបស់ចៅពញាចន្ទរាជា ឲ្យទាន់ការណ៍ សូមបងប្រឹងជួយខ្ញុំ ឲ្យអស់ពីកំលាំងចិត្តណា៎"។ ពញាចក្រីទទួលព្រះរាជបញ្ជា ហើយក្រាបទូលថា : "ទូលព្រះបង្គំ លើកទ័ពទៅម្ដងនេះ បើចាប់បានតួខ្លា ឬ មិនបាន ក៏គង់ខ្លាត្រូវរបួសបង់ជន្មឲ្យរាងចាលជាមិនខានដែរ"។ ព្រះស្រីជេដ្ឋា ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ត្រូវព្រះទ័យណាស់ ទ្រង់ព្រះទានលំពែងក្រំ (១) មាសមួយជាអាជ្ញាសឹក ហើយឲ្យលើកកងទ័ពទៅតាំងនៅក្នុងខែត្រលង្វែក។ ហើយទ្រង់ត្រាស់បង្គាប់សម្ដេចចៅហ៊្វាកៅជាមាឲ្យធ្វើមេទ័ពធំ។ ទ្រង់ប្រទានដាវគ្រឿងមាសមួយ ជាអាជ្ញាសឹក ហើយនឹងពានកន្ថោរទិតោមាសមួយសំរាប់ជាគ្រឿងសំរាប់យស និង ស្គរហែពីរសំរាប់ទូង តាមផ្លូវខែត្រកំពង់សៀម។ សម្ដេចចៅហ៊្វាកៅទទួលព្រះរាជបញ្ជាហើយក៏ថ្វាយបង្គំលា លើកទ័ពទៅដល់ខែត្រកំពង់សៀមហើយចេញសំបុត្រទៅកេណ្ឌរេហ៍ពលគ្រប់ខែត្រ។ លុះបានរេហ៍ពលគ្រប់ខែត្រមកជួបជុំហើយចៅហ៊្វាកៅ ក៏ចាត់ចៅពញាឧទ័យធិរាជជាចៅហ្វាយស្រុកខែត្រអាសន្នទុកឲ្យលើកទ័ពកាត់សំដៅទៅខែត្របាត់ដំបងឆ្លងមកវាយផ្ទប់ពីក្រោយកុំឲ្យចៅពញាចន្ទរាជារត់រួច។ ចំណែកឯសម្ដេចចៅហ៊្វាកៅខ្លួនឯង ជាមេទ័ពធំនោះ លើកទ័ពឆ្លងមកត្រើយខាងលិច។ ឯប៉ែកកងទ័ព នៃចៅពញាចក្រី កាលកេណ្ឌរេហ៍ពលបាន ៥៥០០ នាក់ ហើយក៏ឲ្យចៅពញាតេជោ ចៅហ្វាយស្រុកខែត្រសំរោងទង លើកទ័ព ១០០០០ នាក់ជាទ័ពមុខឲ្យចៅពញារាជាមេត្រី ចៅហ្វាយស្រុកភ្នំពេញកាន់ពល ១០០០០ នាក់ជាប៉ែកស្ដាំឲ្យចៅពញាវង្សាអនុជិត (២) ចៅហ្វាយស្រុកបាទីកាន់ពល ១០០០០ នាក់ជាប៉ែកឆ្វេងឲ្យព្រះរាជាវរានុកូលកាន់ពល ១០០០០ នាក់ជាទ័ពក្រោយ។ ឯខ្លួន ចៅពញាចក្រីឯង កាន់ពល ១៥០០០​ នាក់ជាទ័ពធំ។ ទ័ពចៅពញាចក្រីលើកដល់ខែត្រក្រគរក៏ប្រទះនឹងទ័ពនៃចៅពញាសួគ៌ាលោកមឿង។ ចៅពញសួគ៌ាលោកមឿងយល់ថា "ទ័ពខាងចៅពញាចក្រីលើកមកដល់ហើយព្រមទាំងមានពលលើសកងទ័ពខ្លួនច្រើនចំនួនណាស់ផង ក៏ចាត់ប្រើចៅពញាវង្សាអគ្គរាជកែវជាកូនច្បងឲ្យកាន់ពល ២០០០ នាក់ជាទ័ពមុខចាត់ចៅពញាបរទេសរាជអង់ជាកូនទី២ឲ្យកាន់ទ័ព ១០០០ នាក់ជាប៉ែកស្ដាំ ចាត់ចៅពញាវិបុលរាជទេព ជាកូនទី៣ឲ្យកាន់ទ័ព ១០០០ នាក់ ជាប៉ែកឆ្វេង ចាត់ចៅពញារាជតេជៈសុខ ជាកូនទី៤ ជាទ័ពក្រោយកាន់ពល ១០០០ នាក់។ ឯខ្លួនចៅពញាសួគ៌ាលោកឯង កាន់ពល ៤០០០ នាក់ជាមេទ័ពធំ ហើយចេញទៅតនឹងចៅពញាចក្រី។ ចៅពញាវង្សាអគ្គរាជកែវ កូនច្បងជាមេទ័ពមុខនោះដេញទ័ពឲ្យចូលវាយលុកកងទ័ពចៅពញាតេជោ។ រេហ៍ពលក្នុងកងទ័ពទាំង ២០០០ នាក់នោះកាលស្រែកហ៊ោយកជ័យយ៉ាងកងរំពងហើយក៏រត់សំដៅចូលទៅលុកកងទ័ពនៃចៅពញាតេជោវាយកាប់សំលាប់គ្នាពពាក់ពពួនស្លាប់ហូរឈាមដូចទឹកទរ ឬ ហូរដូចជាស្ទឹង តែទ័ពពញាតេជោពុំព្រមបែកសោះ។ ចៅពញាវង្សាអគ្គរាជកែវ ឃើញដូច្នោះហើយក៏ស្ទុះចូលទៅដេញកាប់ចៅពញាតេជោដែលនៅលើខ្នងសេះ។ សេះចៅពញាតេជោ ដោយឃើញគេស្ទុះចូលមកប្រញាប់ពេក ក៏ភ្ញាក់គេចខ្លួនទៅប៉ះនឹងដើមឈើ បណ្ដាលឲ្យធ្លាក់ពញាតេជោ ពីលើខ្នងសេះខ្ពោក។ ចៅពញាវង្សាអគ្គរាជ ឃើញបាចណាបហើយ ក៏កាប់ពញាតេជោស្លាប់មួយរំពេច រេហ៍ពលទាំងសងខាង ក៏ប្រកាប់ប្រចាក់គ្នាច្របូកច្របល់ទៅវិញទៅមកយ៉ាងសាហាវដូចម្រឹគពាឡមានរបឹងរឹងរូសមិនព្រមចាញ់គ្នាទៅវិញទៅមកសោះ។ ចៅពញវង្សាអគ្គរាជយល់ថា "ពលខ្លួនតិចណាស់ ហើយកងទ័ពខាងសត្រូវ ដែលមានចំនួនច្រើនស្រាប់ទៅហើយនោះ ក៏រឹងរឹតតែមកដល់ថែមហើយថែមទៀតផងនឹងយកជ័យតទៅទៀតពុំបានឡើយ" ទើបនាំរេហ៍ពលថយមកជំរាបបិតាតាមដំណើរ។ ឯចៅពញារាជាមេត្រី ចៅហ្វាយស្រុកខែត្រភ្នំពេញ និង ចៅពញាវង្សាអនុជិតចៅហ្វាយស្រុកខែត្របាទី ជាមេទ័ពឆ្វេងស្ដាំ ដែលលើកតាមទ័ពពញាតេជោនោះ ក៏បានប្រទះនឹងកងទ័ព ចៅពញាបរទេសរាជ និង ចៅពញាវិបុលរាជ ដែលបង្កប់តាមសងខាងផ្លូវនោះ។ កងទ័ពចៅពញាបរទេសរាជ និងចៅពញាវិបុលរាជ កាលបើបានប្រទះហើយ ក៏ដេញពលចូលច្បាំង កាប់ចាក់ពលនឹងពល ចៅហ្វាយនឹងចៅហ្វាយប្រកាប់ប្រចាក់គ្នាទៅវិញទៅមក។ ចៅពញាវង្សាអនុជិតជាចៅហ្វាយស្រុកខែត្របាទីក្នុងពេលដែលកំពុងប្រកាប់គ្នាទៅវិញទៅមកនោះសេះរបស់ខ្លួនផុងជើងក្នុងរណ្ដៅផង ច្រឡោតដោយស្នូរកាំភ្លើងផង ក៏បណ្ដាលឲ្យធ្លាក់ចៅពញានេះទៅដី។ មួយរំពេចនោះ ចៅពញាវិបុលរាជស្ទុះចូលទៅកាប់ត្រូវស្មាចៅហ្វាយស្រុកខែត្របាទីបណ្ដាលឲ្យគាត់ពិការជាទំងន់។ អស់សេនាទាហានខាងចៅពញាវង្សាអនុជិតនាំគ្នាជួយគ្រាហ៍ចៅហ្វាយរត់រួចខ្លួនទៅ។ ទ័ពស្ដាំរបស់ចៅពញាចក្រី កាលបើឃើញថា "នាយទ័ពរបស់ខ្លួនត្រូវរបួសជាទំងន់ហើយ" ក៏នាំគ្នាទៅរកទ័ពចៅពញាតេជោ។ មេកងខាងចៅពញាចក្រី កាលដឹងថា"ចៅពញាតេជោ ស្លាប់ក្នុងសង្គ្រាមហើយ" ក៏នាំសេនាទាហានទាំងពីរកង ទៅប្ដឹងចៅពញាចក្រី។ ចៅពញាចក្រីបានដឹងហើយក៏លើកទ័ពធំតាមមក។ ចៅពញាចក្រី លុះឃើញកងទ័ព ចៅពញារាជាមេត្រី ចៅហ្វាយស្រុកភ្នំពេញនិងទ័ពចៅពញាបរទេសរាជ និងវិបុលរាជ ជាកូនទី២ ទី៣របស់ចៅពញាសួគ៌ាលោកមឿងកំពុងច្បាំងប្រកាប់គ្នា យ៉ាងគឹកកងរំពងខ្លាំងណាស់ដូច្នោះ ព្រមទាំងបានក្រឡេកមើលពីលើដំរីទៅ ឃើញកូនតាមឿង ទាំងពីរនាក់នោះក្លាហានណាស់ ក៏នឹកថប់ក្រែងចៅពញារាជាមេត្រីថយថ្វីដៃរបស់កូនតាមឿងទាំងពីរនាក់ ទើបចៅពញាចក្រី ដេញរេហ៍ពលឲ្យចូលទៅជួយច្បាំងថែមទៀត។ ចំណែកឯ ចៅពញាសួគ៌ាលោកមឿង ចៅពញារាជតេជៈសុខ កូនទី៤ របស់តាមឿង កាលបានដឹងនូវកិច្ចការទ័ព ទាំងនោះហើយ ក៏លើកទ័ពទៅដែរ ហើយចូលជួយច្បាំងកូនទាំងពីរនោះទៀត។ ការប្រយុទ្ធរវាងកងទ័ព ខាងចៅពញាចក្រី និង ខាងចៅពញាសួគ៌ាលោកមឿង បានប្រព្រឹត្តទៅអស់ពេលដ៏យូរ តែមិនមានខាងណាអន់ជាងខាងណាឡើយ។ ទ័ពទាំងសងខាង សុទ្ធសឹងតែរបឹងរឹងរូសមោះមុត ដូចៗគ្នា។ ខណៈនោះ ពញាសួគ៌ាលោកមឿង យល់ថា កងទ័ពចៅពញាចក្រី មានពលច្រើនណាស់ សេនាទាហានទាំងនោះ ក៏មានថ្វីដៃខ្លាំងៗទៀត ឯពលខាងខ្លួន ក៏ស្លាប់ប្រមាណជា ៦០ នាក់ទៅហើយឃើញថានឹងតយកជ័យជំនះពុំបានទេ។ លុះវេលាព្រលប់ មកដល់ហើយ ចៅពញាសួគ៌ាលោកមឿង ក៏វាយស្គរ ជាសញ្ញាឲ្យដំណឹងដល់កងទ័ព ឲ្យឈប់ច្បាំង ទាំងសងខាង។ ចៅពញាសួគ៌ាលោកមឿង និង កូនទាំង៤នាក់ នាំសេនាទាហានរេហ៍ពល ថយទ័ពទៅក្រាបបង្គំគាល់ ព្រះចៅពញាចន្ទរាជានៅបន្ទាយពោធិ៍សាត់ ព្រមទាំងក្រាបបង្គំទូល តាមហេតុគ្រប់ប្រការ។ ចៅពញាចក្រី ឃើញថាចៅពញាសួគ៌ាលោកបន្ថយទ័ពទៅនោះ មិនហ៊ានដេញតាមទៅទេ ដោយខ្លាចចាញ់កលតាមឿងផង ដោយព្រះអាទិត្យអស្ដង្គតរលត់រស្មីទៅហើយផង។ លុះព្រឹកឡើង ចៅពញាចក្រីបំរុងនឹងលើកទ័ព តាមចៅពញាសួគ៌ាលោក តែទទួលពេលនោះសម្ដេចចៅហ៊្វាកៅនាំពល ៥០០០០ នាក់លើកឆ្លងមកដល់ដែរ ចៅពញាចក្រីក៏បញ្ឈប់ទ័ព រង់ចាំស្ដាប់ចៅហ៊្វាកៅដែលនឹងចាត់ទ័ពជាថ្មីវិញ។ វេលានោះចៅហ៊្វាកៅបានចាត់ទ័ពជា ៥ កងដូចតទៅនេះ៖

សម្ដេចចៅហ៊្វាកៅលើកទ័ពដេញតាមទ័ពចៅពញាសួគ៌ាលោកមឿង ដែលថយទ័ពមកក្រាបបង្គំទូលចៅពញាចន្ទរាជានោះ។ គ្រាដែលចៅហ៊្វាកៅលើកទ័ពដេញតាមមកនោះ កងទ័ពចៅពញាសួគ៌ាលោកមឿងបានចូលទៅក្នុងបន្ទាយអស់ទៅហើយ។ សម្ដេចចៅពញាចន្ទរាជាកាលទ្រង់បានជ្រាបថា: "កងទ័ពខាងគេលើកមកច្រើនណាស់ដូច្នេះហើយ"ទ្រង់ក៏ត្រាស់ឲ្យកេណ្ឌពលបាន ២០០០០ នាក់ឲ្យឡើងការពារបន្ទាយ។ លុះកងទ័ពខាងចៅហ៊្វាកៅមកចោមវាយបន្ទាយ ទ្រង់ក៏ឲ្យទ័ពក្នុងបន្ទាយបាញ់ព្រួញចោលដុំថ្មទៅត្រូវកងទ័ពសម្ដេចចៅហ៊្វាកៅស្លាប់អស់ជាច្រើន។ ចៅហ៊្វាកៅ ខំដេញពលពានកំពែងបន្ទាយណែនណាន់តាន់តាប់ដូចស្រមោចរោមស្ករ តែវាយមិនបាន។ កាលដឹងថាវាយយកបន្ទាយសម្ដេចចៅពញា ចន្ទរាជាពុំបានក៏ឲ្យចៅហ៊្វាកៅ បោះទ័ពព័ទ្ធចោមបន្ទាយនោះឲ្យជាប់ដើម្បីទប់ព័ទ្ធខាងក្នុងមិនឲ្យចេញរួចផងឲ្យអត់បាយបរិភោគដរាបត្រូវស្លាប់ ឬត្រូវដាច់ពោះគ្រប់ៗគ្នាផង។ សម្ដេចចៅហ៊្វាកៅ ចៅហ្វាពញាចក្រីកែវឲ្យពលចោមបន្ទាយរហូតដល់ ១២ ខែ។ កងទ័ពខាងសម្ដេចចៅពញាចន្ទរាជាចេញពីបន្ទាយពុំរួចមែនស្បៀងអាហារក្នុងបន្ទាយក៏ចេះតែហោចទៅៗគួរឲ្យបារម្ភណាស់ដោយបន្ទាយនោះមិនទាន់មានការប្រុងប្រៀបមាំមួន ប៉ុន្តែដោយហេតុព្រះបារមីរបស់ព្រះអង្គ ដែលបានសាងមកពីអតីតកាល បណ្ដាលឲ្យកងជញ្ជូនស្បៀងខាងសម្ដេចចៅហ៊្វាកៅបញ្ជូនទៅពុំទាន់។ ដូច្នេះ សម្ដេចចៅហ៊្វាកៅហើយក៏ឲ្យថយកងទ័ពមកតាំងបន្ទាយឆ្ងាយពីបន្ទាយព្រះចន្ទរាជា ចំងាយ ៣ សិនឲ្យទ័ពព័ទ្ធជុំវិញទៀត។ ការណ៍ដែលចៅហ៊្វាកៅឲ្យថយទ័ពនោះប្រយោជន៍ឲ្យកងទ័ពផ្លាស់ប្ដូរគ្នាចេញទៅរកស្បៀងអាហារក្នុងភូមិជិតខាង។ សម្ដេចចៅពញាចន្ទរាជា កាលទតឃើញថា "កងទ័ពសត្រូវថយឃ្លាតពីបន្ទាយព្រះអង្គហើយព្រះអង្គក៏ទ្រង់ត្រាស់ប្រឹក្សានឹងនាយកង នាយទ័ពថា: "ទ័ពសត្រូវរំលៀកចេញពីបន្ទាយយើងបន្តិចហើយ ការណ៍នេះល្អប្រពៃហើយជាឱកាសឲ្យយើងគិតដោះដៃចេញពីសត្រូវបានដោយស្រួល ចុះយើងនឹងគិតធ្វើយ៉ាងណាដើម្បីឲ្យចេញរួចពីចំណោមនេះ?"។ ចៅពញាសួគ៌ាលោកមឿងក្រាបទូលថា: "បើយើងនឹងគិតវាយទំលាយចេញនោះក៏ចេញរួចបានដែរ ពីព្រោះពលយើងមានតែ ២០០០០ នាក់ ឯពលខាងគេ មានដល់ទៅជាង ១០០០០០ នាក់ បើយើងចេញរួចទៅទ័ពទាំងសងខាងក៏គង់ស្លាប់ច្រើនជាមិនខាន បើយើងរឹងតែនៅក្នុងបន្ទាយនេះ មិនចេញទទួលច្បាំងសោះ ក៏មិនបានដែរ ពីព្រោះបន្ទាយរបស់យើងទើបនឹងតាំងថ្មី ឯស្បៀងអាហារ ក៏ពុំទាន់មានបរិបូរណ៍ដល់យូរទៅ ក្រែងលំបាកក្នុងការខ្វះខាតគ្រប់យ៉ាង ទូលព្រះបង្គំជាខ្ញុំគិតយកគំនិតមួយមកសូមទទួលអាសាគឺទៅកេណ្ឌកងទ័ពបិសាចឲ្យមកចោមវាយទ័ពចៅហ៊្វាកៅ បើទ្រង់ព្រះរាជាអនុញ្ញាតទូលព្រះបង្គំយល់ឃើញច្បាស់ថា មុខជានឹងឈ្នះសត្រូវដោយងាយ បើទ្រង់ព្រះករុណាពិសេសយល់ព្រមផងនោះ សូមឲ្យជីករណ្ដៅកណ្ដាលបន្ទាយនេះ ឲ្យបានជាប្រញាប់ដើម្បីទូលព្រះបង្គំនឹងបានគិតការថ្វាយឲ្យទាន់ពេលវេលា។ សម្ដេចចៅពញាចន្ទរាជា កាលទ្រង់ព្រះសណ្ដាប់ចៅពញាសួគ៌ាលោកទូលសុំយ៉ាងនេះទ្រង់ពុំជឿសោះទេ ទើបទ្រង់គ្រវីព្រះសិរសា ហើយត្រាប់ថា "ពីបុរាណរៀងមក យើងពុំដែលឮថា មានឈ្មោះណាទៅកេណ្ឌយកខ្មោចបិសាច មកជួយច្បាំងមនុស្សដល់ម្ដងឡើយណ្ហើយអ្នកចៅពញា លែងគិតគំនិតបែបនេះទៅចុះ ព្រោះជាគំនិតមិនដែលមានអ្នកណាគិតមកពីមុនផង និងជាកិច្ចការមួយដែលខ្ញុំមិនជឿថាមានប្រសិទ្ធិភាពទាល់តែសោះផង"។ ចៅពញាសួគ៌ាលោកមឿងក្រាបទូលថា បើទ្រង់មិនសព្វព្រះហឫទ័យឲ្យគិតធ្វើតាមចំណេះ និងតាមមន្តវិជ្ជាការទូលព្រះបង្គំទេ នោះទូលព្រះបង្គំនឹងអារកឲ្យស្លាប់នៅទីនេះក្នុងឥឡូវនេះហើយ ព្រោះបើនឹងរស់នៅតទៅ ក៏មិនបានជួយយកអាសាផែនដីថ្វាយព្រះអង្គដល់កំរិតដែរ"។ ថាហើយចៅពញាសួគ៌ាលោកមឿង ក៏ហូតដាវនឹងអារកតាមពាក្យដែលខ្លួនបានក្រាបទូល។ ខណៈនោះ សម្ដេចចៅពញាចន្ទរាជា ទ្រង់ក្រឡេកព្រះនេត្រាឃើញទាន់ក៏ទ្រង់ស្ទុះទៅចាប់ដាវនោះចេញពីដៃហើយទ្រង់ត្រាស់ថា: "កុំ! កុំ ចៅពញាកុំសំលាប់ខ្លួនខ្ញុំស្ដាយលោកណាស់ ខ្ញុំព្រមតាមចៅពញាហើយដូច្នេះ បើចៅពញាគិតឃើញដូចម្ដេច ស្រួលសូមចៅពញាធ្វើតាមគំនិតនោះចុះ"។ ចៅពញាសួគ៌ាលោក ឮហើយមានអំណរណាស់ ទើបថ្វាយបង្គំលាចេញមកក្រៅដំណាក់ ហើយក៏ចាត់កូនទាហានឲ្យជីករណ្ដៅធំមួយ ជំរៅហត្ថជ្រុងឲ្យធ្វើរានទេវតា ៧ ថ្នាក់ដាក់បាយសី ទឹកអប់ និង គ្រឿងបូជា ហើយឲ្យធ្វើរាជវីតិព័ទ្ធជុំវិញ។ លុះពួកពល ធ្វើតាមបង្គាប់សព្វគ្រប់ហើយ ចៅពញាសួគ៌ាលោកមឿង ក៏ស្លៀកសពាក់ស ហើយឲ្យរៀបភ្លេងចាំប្រគុំទាំង៨ទិស។ រឿងពញាមឿង នេះមានក្នុងព្រះរបាក្សត្រថា: ពញាមឿងនេះ ជាមេស្មឹង មានកូនប្រុស៤នាក់ គឺឈ្មោះកែវ ១ កែ ១(៣) ទេព ១ សុខ ១។ ពញាមឿង មានសំឡាញ់ម្នាក់ឈ្មោះចន្ទ ធ្វើជាជំទប់មេស្មឹងក្រវាញ។ ក្នុងគ្រានោះ សម្ដេចចៅពញាចន្ទរាជា ព្រះអង្គមានម្នាងម្នាក់ ឈ្មោះអ្នកម្នាងខៀវ។ អ្នកម្នាងខៀវនោះ ទ្រង់គភ៌៧ខែ ហើយអ្នកម្នាងមានបាវស្រីមួយ ឈ្មោះ នាងពេញ។ សាស្ត្រារបាក្សត្រនោះនិយាយទៀតថាក្នុងគ្រាដែលសម្ដេចចៅពញាចន្ទរាជា ស្ដេចលើកទ័ពពីក្រុងស្រីអយុធ្យាមកខែត្រពោធិ៍សាត់នោះ ពញាមឿងនាំដំរី សេះ ជាច្រើនទៅថ្វាយ ទុកធ្វើសង្គ្រាមប្រយុទ្ធនឹងព្រះស្រីជេដ្ឋា (ស្ដេចកន)។ សម្ដេចចៅពញាចន្ទរាជា ស្ដេចមកដល់ខែត្រក្រគរបានតយុទ្ធនឹងទ័ពព្រះស្រីជេដ្ឋា ប៉ុន្តែខាងទ័ពព្រះស្រីជេដ្ឋាឈ្នះ។ សម្ដេចចៅពញាចន្ទរាជាទ្រង់ឃើញទ័ពព្រះអង្គចាញ់ទ័ពព្រះស្រីជេដ្ឋាដូច្នេះ ព្រះអង្គក៏ថយទៅប្រថាប់ទ័ព នៅបន្ទាយមានជ័យ ខែត្រពោធិ៍សាត់ក្នុងឃុំបាក់នឹមវិញ។

យសស័ក្ដិខ្មែរ
មុនដោយ
ស្រែន្យសេនា (ឝ្រីឝៅគន្ធបទ)
ចៅពញាស្រែន្យសេនានៃក្រុងស្រឡប់ដូនតីពិជ័យព្រៃនគរ
សតវត្សទី១៦-?
តដោយ
ស្រែន្យសេនាទន់