ហ្មហវៀន

ពីវិគីភីឌា

ហ្មហវៀន ជាហ្មហ្លួងដែលជាប់ពាក់ព័ន្ធក្នុង ព្រឹត្ដិការណ៍ ​ចំបង​មួយទៀត​ ​ក្នុង​រជ្ជកាល​ព្រះបាទ​ធនញ្ជ័យគោរពរាជ្យ ​គឺ​ព្រះ​អង្គ​និយម​ទាក់ដំរី​ ​ព្រះ​អង្គ​ធ្លាប់​យាង​ទៅ​ដល់​ព្រៃ​ និង​ជើងភ្នំ​ដងរែក​ ​ព្រះ​អង្គ​មាន​ហ្មដំរី​ជាតិ​លាវ​ដ៏​ល្បីល្បាញ​ពីរ​នាក់​ ​មួយ​ឈ្មោះ​ហ្មហវៀន​ ​និង​មួយទៀត​ឈ្មោះ​ហ្មថាវ។​ ​ពង្សាវតារ​វត្ដ​ទឹកវិល​ ​ស្រុក​ស្អាង​ ​ខេត្ដកណ្ដាល​បាន​លើកយក​ព្រឹត្ដិការណ៍​សំខាន់​មួយ​ ​ស្ដីពី​ការ​ចាប់​ដំរី​ក្នុង​រជ្ជកាល​ព្រះ​អង្គ​មក​អធិប្បាយ​ដោយ​មាន​ទាំង​ រៀបរាប់​យ៉ាង​ល្អិតល្អន់​ដែរ​ ​អំពី​ពិធីសែនព្រេន​ដល់​ម្រេញកង្វាល​ ​មុន​នឹង​ទៅ​ទាក់ដំរី។​ ​កាលនោះ​ ​ព្រះ​អង្គ​ ​និង​ពល​សេនា​ទាក់​បាន​ដំរី​ស​មួយ​ ​និង​ខ្មៅ​មួយ​ ​ដែល​មាន​ភ្លុក​កោង​វែង​ ​ព្រះ​អង្គ​បាន​បញ្ជា​ឲ្យ​យក​ដំរី​ស​ខ្មៅ​ទាំង​ពីរ​ ​ជា​និមិត្ដរូប​នៃ​ការ​សម្បូរ​សប្បាយ​ប្រចាំ​នគរ។​ ​ពី​ថ្ងៃ​នោះ​មក​ ​គេ​មាន​ជំនឿ​និយម​ថា​ ​បើ​គ្មាន​ភ្លៀង​បង្អោរ​ធ្លាក់​មក​គ្រប់គ្រាន់​ទេ​ ​ហើយ​បើ​កើត​មាន​ជំងឺ​រោគា​ក្នុង​នគរ​ ​ព្រះមហាក្សត្រ​តែងតែ​បង្គាប់​ក្រុម​បុរោហិត​ និង​ហ្មថាវ​ ​ឲ្យ​នាំ​យក​ដំរី​ស​ខ្មៅ​ទាំង​ពីរ​ ​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​បួងសួង​បន់ស្រន់​ផ្សេងៗ។​ ​បន្ទាប់​មក​ទើប​ដំរី​ទាំង​ពីរ​យក​ប្រមោយ​បឺត​ទឹក​ ​ផ្លុំ​ព្រួស​ជះ​តម្រង់​ទៅ​គ្រប់​ទាំង​ប្រាំបី​ទិស។​ ​ឯកសារ​ដដែល​កត់​សំគាល់ថា​ ​ភ្លៀង​បាន​បង្អុរ​ធ្លាក់​ចុះ​មក​ដោយ​បរិបូណ៌​ ​ក្រោយ​ដែល​គេ​បាន​រៀបចំ​ពិធីបួងសួង​ ​ឯ​ភោគផល​វិញ​ក៏​បាន​ល្អ​ជាទី​ពេញចិត្ដ​ ​ហើយ​ជំងឺរោគាព្យាធិ​ក៏​សាបរលាប​វិនាស​បាត់​ទៅ​អស់​ដែរ​ ​នាម៉ឺន​មុខមន្ត្រី​ ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ស្រឡាញ់​ ​និង​មាន​ជំនឿ​ទៅ​លើ​ដំរី​ទាំង​ពីរ​នោះ​ណាស់​ ​គេ​ចាត់​ទុក​ដំរី​ទាំង​គូ​ជា​ដំរី​ពិសិដ្ឋ​ ​និង​ស័ក្ដិសិទ្ធិ​ជាទី​បំផុត។​