អគ្គញ្ញសូត្រ

ពីវិគីភីឌា
Jump to navigation Jump to search

អគ្គញ្ញសូត្រ ទី ៤

[៥១] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទ របស់​មិគារមាតា (នាងវិសាខា) ក្នុងវត្តបុព្វារាម ជិតក្រុងសាវត្ថី ។ សម័យនោះឯង វាសេដ្ឋសាមណេរ និងភារទ្វាជសាមណេរ[អដ្ឋកថា ថា សាមណេរទាំងពីររូបនេះ កើតក្នុងត្រកូលព្រាហ្មណមហាសាល មានទ្រព្យ ៤០ កោដិដូចគ្នា ជាអ្នកបានរៀនចេះចប់ត្រៃវេទ បានស្តាប់វាសេដ្ឋសូត្រហើយ ក៏ដល់​សរណគមន៍ លុះស្តាប់តេវិជ្ជសូត្រហើយ ក៏បួសជាសាមណេរ ដល់ពេលនេះ មានប្រាថ្នានឹងបួស​ជាភិក្ខុទៀត ទើបនៅតិត្ថិយបរិវាស ។] មានប្រាថ្នានឹងបួសជាភិក្ខុ ទើបធ្វើតិត្ថិយបរិវាស ក្នុងសំណាក់​ភិក្ខុទាំងឡាយ ។ លំដាប់នោះឯង វេលាថ្ងៃរសៀល ព្រះមានព្រះភាគ ទ្រង់ចេញចាកទីសម្ងំ ហើយចុះ​អំពីប្រាសាទ ទៅចង្ក្រមក្នុងទីវាល ត្រង់ម្លប់ប្រាសាទ ។ ឯវាសេដ្ឋសាមណេរ ក៏បានឃើញ​ព្រះមានព្រះភាគ ដែលទ្រង់ចេញចាកទីសម្ងំ ក្នុងវេលាថ្ងៃរសៀល ហើយចុះអំពីប្រាសាទ ទៅចង្ក្រម​ក្នុងទីវាល ត្រង់ម្លប់​ប្រាសាទ លុះឃើញហើយ ក៏ប្រាប់ភារទ្វាជសាមណេរថា ម្នាលអាវុសោភារទ្វាជៈ ព្រះមានព្រះភាគនេះ ទ្រង់ចេញចាកទីសម្ងំ ក្នុងវេលាថ្ងៃរសៀល ហើយចុះអំពីប្រាសាទ កំពុងចង្ក្រម​ក្នុងទីវាល ត្រង់ម្លប់​ប្រាសាទ ម្នាលអាវុសោភារទ្វាជៈ មក យើងនឹង​ចូលទៅគាល់ព្រះមានព្រះភាគ ក្រែងលោយើងនឹងបានស្តាប់ធម្មីកថា ចំពោះ​ព្រះភក្ត្រ នៃ​ព្រះមានព្រះភាគ ។ ភារទ្វាជសាមណេរ ក៏បានទទួលស្តាប់ពាក្យវាសេដ្ឋសាមណេរ ថា អើអាវុសោ ។ គ្រានោះឯង វាសេដ្ឋសាមណេរ និងភារទ្វាជសាមណេរ នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយក៏ដើរតាមព្រះមានព្រះភាគ ដែល​កំពុង​ចង្ក្រម ។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូល នឹងវាសេដ្ឋសាមណេរថា ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ អ្នកទាំងឡាយ ជាជាតិព្រាហ្មណ៍ ជាត្រកូលព្រាហ្មណ៍ បានលះបង់ត្រកូល​ព្រាហ្មណ៍ ចេញចាកផ្ទះ ចូលមកកាន់ផ្នួស ចុះពួកព្រាហ្មណ៍ដ៏ប្រសើរ មិនជេរ មិនប្រទេចអ្នកទាំងឡាយទេឬ ។ វាសេដ្ឋសាមណេរ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ពួក​ព្រាហ្មណ៍ ជេរប្រទេចយើងទាំងឡាយ ដោយពាក្យប្រទេច តាមចិត្តគេពេញទី មិនមែនខ្វះកន្លះទេ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ចុះពួកព្រាហ្មណ៍ ជេរប្រទេច​អ្នក​ទាំងឡាយ ដោយពាក្យប្រទេច តាមចិត្តគេពេញទី មិនមែនខ្វះកន្លះទេ​តើដូចម្តេច ។ វាសេដ្ឋសាមណេរ​ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ពួកព្រាហ្មណ៍និយាយយ៉ាងនេះថា មានតែ​ព្រាហ្មណ៍ ទើបជាវណ្ណៈ [ពាក្យថា វណ្ណៈនេះ តាមដំណើរដើម សំដៅយកពណ៌សំលៀកបំពាក់ ជាគ្រឿងសំគាល់ជាតិ ។]ប្រសើរបំផុត ពួកជនឯទៀត ជាវណ្ណៈថោកថយ មានតែព្រាហ្មណ៍ ទើបជាវណ្ណៈស ពួកជន​ឯទៀត ជាវណ្ណៈខ្មៅ មានតែពួកព្រាហ្មណ៍ ទើបបរិសុទ្ធ​ពួកជន​ដែល​មិនមែន​ព្រាហ្មណ៍ មិនបរិសុទ្ធទេ ពួកព្រាហ្មណ៍ ជាបុត្រ ជាឱរសរបស់ព្រហ្ម កើតអំពីព្រះឱស្ឋព្រហ្ម កើតមកអំពីព្រហ្ម ព្រហ្មបានតាក់តែងមក ជាទាយាទ [ញាតិអ្នកទទួល​កេរ្តិ៍សំបាច់ ។] របស់ព្រហ្ម ឯអ្នក​ទាំងឡាយនោះ លះចោលវណ្ណៈដ៏​ប្រសើរ​ចេញ ហើយត្រឡប់មកកាន់វណ្ណៈ​ថោកថយ​វិញ គឺ​ត្រឡប់ចូលទៅក្នុងសំណាក់​សមណៈ​ត្រងោល ជាគហបតី វណ្ណៈខ្មៅ ជាពួកនៃមារ កើតអំពី​ព្រះបាទ​ព្រហ្ម ក៏អ្នកទាំងឡាយលះចោល​វណ្ណៈ​ដ៏ប្រសើរចេញ ហើយត្រឡប់មកកាន់វណ្ណៈ​ថោកថយ​វិញ គឺ​ត្រឡប់ចូលទៅក្នុងសំណាក់​សមណៈត្រងោល ជាគហបតី វណ្ណៈខ្មៅ ជាពួកនៃមារ កើតអំពី​ព្រះបាទ​ព្រហ្ម ដោយហេតុណា ហេតុនោះ ពុំប្រពៃ ពុំសមគួរឡើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ពួកព្រាហ្មណ៍ ជេរ​ប្រទេច​យើង​ទាំង​ឡាយ ដោយពាក្យប្រទេច តាមចិត្តគេពេញទី មិនមែនខ្វះកន្លះទេ យ៉ាងនេះឯង ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា អើវាសេដ្ឋៈ និងភារទ្វាជៈ ពួកព្រាហ្មណ៍របស់អ្នក​ទាំងឡាយ មិនបានដឹង នូវការកើត​ឡើង នៃលោកអំពីដើមមកទេ ទើបបាន​ជានិយាយ​យ៉ាងនេះថា មានតែ​ព្រាហ្មណ៍ ទើបជា​វណ្ណៈ​ប្រសើរបំផុត ពួកជនឯទៀត ជាវណ្ណៈថោកថយ មានតែព្រាហ្មណ៍ ទើបជាវណ្ណៈស ពួកជន​ឯទៀត ជាវណ្ណៈខ្មៅ មានតែពួកព្រាហ្មណ៍ ទើបបរិសុទ្ធ​ពួកជន​ដែល​មិនមែន​ជាព្រាហ្មណ៍ មិនបរិសុទ្ធទេ ពួកព្រាហ្មណ៍ ជាបុត្រ ជាឱរសរបស់ព្រហ្ម កើតអំពីព្រះឱស្ឋព្រហ្ម កើតអំពីព្រហ្ម ព្រហ្ម​បាន​តាក់​តែង​មក ជាទាយាទរបស់ព្រហ្ម ។ ម្នាល​វាសេដ្ឋៈ និងភារទ្វាជៈ ឯពួកនាងព្រាហ្មណី ដែលមានរដូវក្តី មាន​គភ៌ក្តី កំពុងសម្រាលកូនក្តី កំពុងបំបៅកូនក្តី សឹងប្រាកដដល់ពួកព្រាហ្មណី ឯពួក​ព្រាហ្មណ៍​ទាំង​នោះ ក៏សុទ្ធតែកើតមកអំពីយោនី (នាង​ព្រាហ្មណី) តែត្រឡប់ជានិយាយយ៉ាងនេះវិញថា មានតែ​ព្រាហ្មណ៍ ទើបជាវណ្ណៈ​ប្រសើរបំផុត​ ។បេ។ ជាទាយាទរបស់ព្រហ្មដូច្នេះ ។ ឯព្រាហ្មណ៍ទាំងនោះ ឈ្មោះថា និយាយបង្កាច់ព្រហ្មផង និយាយកុហក​ផង រមែងទទួលនូវ​បាបច្រើន ។

[៥២] ម្នាលវាសេដ្ឋៈនិងភារទ្វាជៈ វណ្ណៈទាំងឡាយនេះមាន ៤ ពួក គឺខត្តិយៈ១ ព្រាហ្មណ៍១ វេស្សៈ១ សុទ្ទៈ១ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទោះខត្តិយៈពួកខ្លះ ក្នុងលោកនេះ ក៏ជាអ្នកសម្លាប់​សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ និយាយពាក្យកុហក និយាយពាក្យញុះញង់ និយាយពាក្យទ្រគោះ និយាយពាក្យឥតប្រយោជន៍ ជាអ្នកមានសេចក្តីលោភ មានចិត្តប្រកប​ដោយ​ព្យាបាទ មានសេចក្តីយល់ខុសដែរ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈព្រោះហេតុនេះឯង ធម៌ទាំង​ឡាយ​ណា ជាអកុសល ក៏រាប់ថា ជាអកុសល ដែលមានទោស ក៏រាប់ថា មានទោស ដែលមិនគួរ​សេព ក៏រាប់ថា មិនគួរសេព ដែល​មិនសមគួរ​ក្នុងអរិយភាវៈ ក៏រាប់ថា មិនសមគួរ ក្នុងអរិយភាវៈ ជាធម៌ខ្មៅ មានផលខ្មៅ ដែលវិញ្ញូជន តែងតិះដៀល ។ ធម៌ទាំងឡាយនោះ តែងប្រាកដក្នុងខត្តិយៈពួកខ្លះ ក្នុងលោកនេះឯង ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទោះព្រាហ្មណ៍ ។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទោះវេស្សៈ ។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទោះសុទ្ទពួកខ្លះ ក្នុងលោកនេះ ក៏ជាអ្នកសម្លាប់សត្វ លួច​ទ្រព្យគេ ។បេ។ មានសេចក្តីយល់ខុសដែរ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះហេតុនេះឯង ធម៌​ទាំងឡាយណា ជាអកុសល ក៏រាប់ថា ជាអកុសល ។បេ។ ជាធម៌ខ្មៅ មានផលខ្មៅ ដែលវិញ្ញូជន​តែង​តិះដៀល ។ ធម៌ទាំងឡាយនោះ តែងប្រាកដ ក្នុងសុទ្ទៈពួកខ្លះ ក្នុងលោកនេះឯង ។

[៥៣] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទោះខត្តិយៈពួកខ្លះ ក្នុងលោកនេះ ក៏ជាអ្នកវៀរ​ចាក​បាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុ មិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាក​ផរុសវាចា វៀរចាកសម្ផប្បលាបៈ ជាអ្នកមិនមានសេចក្តីលោភ មិនមានចិត្តព្យាបាទ មានសេចក្តី​​យល់ត្រូវដែរ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះហេតុនេះឯង ធម៌ទាំងឡាយណា​ជា​កុសល ក៏រាប់ថា ជាកុសល ដែលមិនមានទោស ក៏រាប់ថា មិនមានទោស ដែល​គួរសេព ក៏រាប់ថា គួរសេព ដែលសមគួរ ក្នុងអរិយភាវៈ ក៏រាប់ថា សមគួរក្នុងអរិយភាវៈ ជាធម៌ស មានផល​ស ដែល​វិញ្ញូជន​តែង​សរសើរ ។ ធម៌ទាំងឡាយនោះ តែងប្រាកដក្នុងខត្តិយៈ ពួកខ្លះ ក្នុង​លោកនេះឯង ។ ម្នាល​វាសេដ្ឋៈ និងភារទ្វាជៈ ទោះព្រាហ្មណ៍ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទោះ​វេស្សៈ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទោះសុទ្ទៈ ពួកខ្លះ ក្នុងលោកនេះ ក៏ជាអ្នកវៀរចាក​បាណាតិបាត ។បេ។ ជាអ្នកមិន​មាន​សេចក្តីលោភ មិនមានចិត្តព្យាបាទ មានសេចក្តីយល់ត្រូវដែរ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះ​ហេតុ​នេះឯង ធម៌ទាំងឡាយណាជាកុសល ក៏រាប់ថា ជាកុសល ដែលមិនមានទោស ក៏រាប់ថា មិនមានទោស ដែល​គួរសេព ក៏រាប់ថា គួរសេព ដែលសមគួរ​ក្នុង​អរិយភាវៈ ក៏រាប់ថា សមគួរក្នុង​អរិយភាវៈ ជាធម៌ស មានផល​ស ដែលវិញ្ញូជនតែង​សរសើរ ។ ធម៌ទាំងឡាយនោះ តែងប្រាកដ​ក្នុង​សុទ្ទៈ​ពួកខ្លះ ក្នុង​លោកនេះឯង ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ កាលបើវណ្ណៈ​ទាំង ៤ ពួកនេះឯង ប្រព្រឹត្ត​ច្រឡូកច្រឡំគ្នា ក្នុងធម៌ពីរពួក គឺធម៌ខ្មៅ និងធម៌ស ដែល​វិញ្ញូជនតែង​តិះដៀលខ្លះ សរសើរ​ខ្លះ បើពួកព្រាហ្មណ៍ (ដែល​កំពុងប្រព្រឹត្ត) ក្នុងធម៌ខ្មៅ និងធម៌​ស​នោះ និយាយយ៉ាងនេះថា មាន​តែ​ព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរបំផុត ពួកជនឯទៀត ជាវណ្ណៈ​ថោកទាប មានតែព្រាហ្មណ៍ ទើបជា​វណ្ណៈស ពួកជនឯទៀត ជាវណ្ណៈខ្មៅ មានតែពួកព្រាហ្មណ៍ ទើប​បរិសុទ្ធ ពួកជនដែល​មិន​មែនជា​ព្រាហ្មណ៍ មិនបរិសុទ្ធទេ ពួកព្រាហ្មណ៍ ជាបុត្រ ជាឱរសរបស់​ព្រហ្ម កើតអំពីព្រះឱស្ឋព្រហ្ម កើត​អំពី​ព្រហ្ម ព្រហ្មបានតាក់តែងមក ជាទាយាទរបស់ព្រហ្មដូច្នេះ ។ វិញ្ញូជន​ទាំងឡាយ មិនយល់ព្រមតាម គឺ​មិនសរសើរនូវពាក្យ របស់ពួកព្រាហ្មណ៍ទាំងនោះទេ ។ ដំណើរនោះ តើព្រោះហេតុអ្វី ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះថា បណ្តាវណ្ណៈទាំង ៤ ពួកនេះ វណ្ណៈណា ជាភិក្ខុឆ្ងាយចាកកិលេស អស់​អាសវៈ​ហើយ ប្រព្រឹត្តព្រហ្មចារ្យ រួចស្រេចហើយ បានធ្វើ​សោឡសកិច្ច​ស្រេចហើយ មានភារៈ គឺកិលេស និងខន្ធដាក់ចុះហើយ បានសម្រេចប្រយោជន៍របស់ខ្លួន​តាម​លំដាប់​ហើយ មានតណ្ហា ជាគ្រឿងចង ក្នុងភពអស់រលីងហើយ មានចិត្ត​ផុតស្រឡះហើយ ព្រោះ​បាន​ត្រាស់ដឹង​ដោយប្រពៃ វណ្ណៈនោះ ប្រាកដជាបុគ្គលប្រសើរលើស ជាងវណ្ណៈទាំងនោះ ដោយធម៌ពិត មិនមែន​ដោយអធម៌ទេ ។ ម្នាល​វាសេដ្ឋៈ និងភារទ្វាជៈ ព្រោះថា ធម៌ជាគុណដ៏ប្រសើរបំផុត ក្នុងប្រជុំជន ទាំងបច្ចុប្បន្ន និងបរលោក ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ បើដោយបរិយាយនេះឯង អ្នក​គប្បីដឹងយ៉ាងនេះថា ធម៌ជាគុណ​ដ៏​ប្រសើរ​បំផុត ក្នុងប្រជុំជន ទាំងបច្ចុប្បន្ន និងបរលោក ។

[៥៤] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រះបាទបសេនទិកោសល ទ្រង់ជ្រាបថា ព្រះសមណ​គោតម ជាបុគ្គលខ្ពង់ខ្ពស់ ចេញចាកសក្យត្រកូល មកទ្រង់ព្រះផ្នួស ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ប៉ុនអម្បាលពួកសក្យៈ គង់ជាចំណុះព្រះបាទបសេនទិកោសល មិនមានចន្លោះ[អដ្ឋកថា ថា ចុះចូលកោតខ្លាចព្រះបាទបសេនទិកោសល ដូចជាត្រកូលរបស់ខ្លួន] ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ពួកសក្យៈតែងធ្វើសេចក្តីគោរព ថ្វាយបង្គំ ក្រោកទទួល អញ្ជលិកម្ម និង​សាមីចិកម្ម ចំពោះ​ព្រះបាទ​បសេនទិកោសល ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ពួកសក្យៈ តែង​ធ្វើ​សេចក្តីគោរព ថ្វាយបង្គំ ក្រោក​ទទួល អញ្ជលិកម្ម និងសាមីចិកម្មណាៗ​ចំពោះព្រះបាទបសេនទិកោសល ឯព្រះបាទ​បសេន​ទិ​កោសល ក៏ទ្រង់ធ្វើសេចក្តីគោរព ថ្វាយបង្គំ ក្រោកទទួល អញ្ជលិកម្ម និងសាមីចិកម្មនោះៗ ចំពោះ​តថាគតដែរ ដោយទ្រង់ព្រះដំរិះថា ព្រះសមណគោតម ព្រះអង្គមានជាតិបរិសុទ្ធ អាត្មាអញ​ជា​មនុស្ស មានជាតិមិនបរិសុទ្ធ ព្រះសមណ​គោតម ព្រះអង្គមានកំឡាំង អាត្មាអញជាមនុស្ស មានកំឡាំង​​ថយ ព្រះសមណគោតម ព្រះអង្គមាន​សម្បុរជ្រះថ្លា អាត្មាអញជាមនុស្ស មាន​សម្បុរ​សៅហ្មង ព្រះសមណគោតម ព្រះអង្គមានសក្តានុភាព​ច្រើន អាត្មាអញជាមនុស្ស មានសក្តានុភាព​តិច ដូច្នេះ តពីនោះមក ទ្រង់ក៏ធ្វើសក្ការៈ ចំពោះធម៌នោះ ធ្វើសេចក្តីគោរពធម៌ រាប់អានធម៌ បូជាធម៌ កោតក្រែងធម៌ ដោយប្រការដូច្នេះឯង ។ ព្រះបាទបសេនទិ​កោសល ទ្រង់ធ្វើសេចក្តីគោរព ថ្វាយបង្គំ ក្រោកទទួល អញ្ជលិកម្ម និងសាមីចិកម្ម ចំពោះ​តថាគត យ៉ាងនេះឯង ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ បើដោយបរិយាយនេះឯង អ្នកគប្បីដឹងយ៉ាងនេះថា ធម៌​ជាគុណប្រសើរបំផុត ក្នុងប្រជុំជន ទាំងបច្ចុប្បន្ន និងបរលោក ។

[៥៥] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ អ្នកទាំងឡាយមានជាតិផ្សេងៗគ្នា មានឈ្មោះផ្សេងៗគ្នា មានគោត្រផ្សេងៗគ្នា មានត្រកូលផ្សេងៗគ្នា ចេញចាកផ្ទះ មកកាន់ផ្នួស បើមានគេសួរថា លោកទាំង​ឡាយជាអ្វី ដូច្នេះ ចូរប្រាប់ទៅគេវិញថា យើងជាសមណសក្យបុត្តិយ៍ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ បើជនណាមានសទ្ធា គឺការជឿស្លុងចុះស៊ប់ហើយ មានឫសដុះតាំងខ្ជាប់មំាមួន ក្នុងតថាគត ទោះបី​សមណព្រាហ្មណ៍ ទេវតា ព្រហ្ម ឬនរណាមួយ ក្នុងលោក ក៏មិនអាចនឹងបំបែរ ឲ្យត្រឡប់បានឡើយ ជននោះគួរនិយាយ យ៉ាងនេះថា ខ្ញុំជាបុត្រ ជាឱរស នៃ​ព្រះមានព្រះភាគ កើតមកអំពី​ព្រះឱស្ឋ របស់​ព្រះមានព្រះភាគ កើតមកអំពីធម៌ ធម៌តាក់តែងមក ជាទាយាទរបស់ធម៌ ។ ព្រោះហេតុអ្វី បានជា​តថាគត ថាដូច្នោះ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះពាក្យថា ធម្មកាយ ដូច្នេះក្តី ព្រហ្មកាយ ដូច្នេះក្តី ធម្មភូតដូច្នេះក្តី ព្រហ្មភូតដូច្នេះក្តី ជាឈ្មោះ​របស់តថាគត ។

[៥៦] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានសម័យដែលលោកនេះត្រូវវិនាសម្តងៗ ដោយ​ការ​កន្លង​កាល ជាយូរអង្វែង កាលដែលលោកកំពុងតែវិនាសទៅ មានពួកសត្វ​បានទៅកើត​ក្នុង​អាភស្សរព្រហ្ម ដោយច្រើន ពួកសត្វទាំងនោះ ជាអ្នកកើត ដោយឈានចិត្ត [អដ្ឋកថា ថា ក្នុងបឋម​កប្ប ពួកសត្វទាំងនោះ សូម្បីមកកើតក្នុងមនុស្សលោកនេះ ក៏គង់​កើតជាឱបបាតិកកំណើត គឺ​កើត​តាមចិត្តបាន ។] មានបីតិជាអាហារ [សត្វទាំងនោះ មានបីតិជាអាហារ ក្នុងមនុស្សលោកនេះ ដូច​ព្រហ្មក្នុងព្រហ្មលោកនោះដែរ ។] មានរស្មីភ្លឺចេញឯង ត្រាច់ទៅក្នុងអាកាសបាន ឋិតនៅក្នុងវិមានដ៏ល្អ នៅអស់កាល ជាយូរអង្វែង ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានសម័យ ដែលលោកនេះត្រូវចម្រើន​ឡើង​ម្តងៗ ដោយកាលកន្លង ជាយូរអង្វែងទៅ កាលដែលលោកកំពុងតែចម្រើនឡើង សត្វទាំងឡាយ​ច្យុត​ចាកអាភស្សរព្រហ្ម មកកាន់ភាពជាមនុស្សនេះ ឯសត្វទាំងនោះ ជាអ្នកកើត​ដោយឈានចិត្ត មាន​បីតិជាអាហារ មានពន្លឺភ្លឺចេញឯង ត្រាច់ទៅក្នុងអាកាសបាន ឋិតនៅក្នុងវិមានដ៏ល្អ នៅអស់​កាលជា​យូរអង្វែង ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សម័យនោះឯង ចក្រវាឡទាំងអស់ ក៏រលាយទៅ​ជា​ទឹក​ចូលគ្នា មានងងឹតអព្ទសូន្យសុង ព្រះចន្ទ្រ និងព្រះអាទិត្យ ក៏មិនប្រាកដ នក្ខត្តឬក្ស ដែលមានរូប ជាផ្កាយទាំង​ឡាយ ក៏មិនប្រាកដ យប់និងថ្ងៃ ក៏មិនប្រាកដ ខែមួយ និងកន្លះខែ​ក៏មិនប្រាកដ រដូវ​និងឆ្នាំ ក៏មិនប្រាកដ ស្រីនិងប្រុស ក៏មិនប្រាកដ ។ សត្វទាំងឡាយ ក៏គ្រាន់តែរាប់ថា ជាសត្វ​ប៉ុណ្ណោះ​ឯង ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ លុះកាលកន្លងទៅ​ជាយូរអង្វែងម្តងៗ ផែនដី មានរសអណ្តែត​ដាស​លើទឹក សំរាប់សត្វទាំងនោះ ប្រាកដដូចជាទឹកដោះក្តៅ រលាយអណ្តែតដាស នៅលើ​ទឹក​ដូច្នោះ ផែនដីមានរសនោះ មានសម្បុរល្អ មានក្លិនក្រអូប មានរសផ្អែម មានសម្បុរស ដូចទឹកដោះថ្លា ឬដូចទឹកដោះខាប់ ដែលមានរសផ្អែម ផែនដីនោះ មានរសឆ្ងាញ់ពិសា ដូចទឹកឃ្មុំតូច (ឃ្មុំផ្លិត) ដែល​ឥត​ទោស (គ្មានកូនឃ្មុំ) ។​ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង មានសត្វម្នាក់ មានជាតិជាអ្នក លេះលោះគិតថា យីអើ នេះជាអ្វីអេះ ក៏យកចង្អុលដៃ (ឆ្កឹះយក) ផែនដីមានរសមកលិទ្ធមើល កាល​សត្វ​នោះយកចង្អុលដៃ (ឆ្កឹះយក) ផែនដីមានរសមកលិទ្ធភ្លក្សមើល រសផែនដីក៏ជ្រួតជ្រាបទៅ សព្វ​សរសៃ​សម្រាប់ទទួលនូវរស ឯសេចក្តីប្រាថ្នា​ក្នុងរស ក៏កើតដល់សត្វនោះ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានពួកសត្វដទៃទៀត កាលយកតម្រាប់តាម​សត្វនោះ នាំគ្នាយកចង្អុលដៃ (ឆ្កឹះយក) ផែនដីមានរស មកលិទ្ធភ្លក្សមើល ។​កាលពួកសត្វទាំងនោះ លិទ្ធភ្លក្សរសផែនដីនឹងចង្អុលដៃ រស​ផែនដី ក៏ជ្រួតជ្រាបទៅ (សព្វសរសៃសម្រាប់ទទួលនូវរស) ឯសេចក្តីប្រាថ្នាក្នុងរស ក៏កើត​ឡើង ដល់​ពួកសត្វទាំងនោះ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ លំដាប់នោះ ក៏សត្វទាំងនោះនាំយកដៃ កកាយ​ផែនដី ដែលមានរស មកធ្វើជាពំនូត ហើយបរិភោគ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ កាលដែល​សត្វ​ទាំងឡាយ នាំគ្នាយកដៃកកាយផែនដី ដែលមានរស មកធ្វើជាពំនូត ហើយបរិភោគ ពន្លឺដែលភ្លឺ​ចេញឯង (អំពីកាយ) របស់សត្វទាំងនោះ ក៏សាប​សូន្យបាត់ទៅ ។ លុះពន្លឺដែលភ្លឺចេញឯង សាបសូន្យ​ទៅហើយ ព្រះចន្ទ្រ​និងព្រះអាទិត្យ ក៏កើតប្រាកដឡើង លុះព្រះចន្ទ្រ និង​ព្រះអាទិត្យកើត ប្រាកដ​ឡើងហើយ នក្ខត្តឫក្ស ដែលមានរូបជាផ្កាយទាំងឡាយ ក៏កើតប្រាកដឡើង លុះនក្ខត្តឫក្ស ដែល​មានរូបជាផ្កាយទាំងឡាយ កើតប្រាកដឡើងហើយ យប់និងថ្ងៃ ក៏កើតប្រាកដឡើង លុះយប់​និងថ្ងៃ កើតប្រាកដឡើងហើយ ខែ១ និងកន្លះខែ ក៏កើតប្រាកដ​ឡើង លុះខែ១ និងកន្លះខែ កើត​ប្រាកដ​ឡើង​ហើយ រដូវនិងឆ្នាំ ក៏កើត​ប្រាកដឡើង ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ លោកនេះចម្រើន​ឡើង​វិញ ដោយហេតុប៉ុណ្ណេះឯង ។

[៥៧] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រាកាលពួកសត្វទាំងនោះ នាំគ្នា​បរិភោគផែនដីមានរស យកផែនដី​នោះជាចំណី យកផែនដីនោះ​ជាអាហារ ហើយឋិតនៅ អស់កាលជាយូរអង្វែង​ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ កាលពួកសត្វ​ទាំងនោះ បរិភោគផែនដីមានរស យកផែនដីនោះ​ជា​ចំណី យកផែនដីនោះជាអាហារ ហើយឋិតនៅអស់កាលយូរអង្វែង​ដោយប្រការយ៉ាងណាៗ សេចក្តី​រឹងប៉ឹង ក្នុងរាងកាយរបស់សត្វទាំងនោះ ក៏កើតឡើងទាំងពណ៌​សម្បុរក៏ប្លែកៗគ្នា​ប្រាកដឡើង ដោយ​ប្រការ​យ៉ាង​នោះៗ ។ សត្វពួកខ្លះមានសម្បុរល្អ សត្វពួកខ្លះមានសម្បុរអាក្រក់ ។ បណ្តា​សត្វទាំងពីរពួកនោះ ពួកសត្វណា ដែលមាន​សម្បុរល្អ ពួកសត្វនោះ​តែងមើលងាយពួកសត្វ ដែលមានសម្បុរអាក្រក់ថា ពួកយើងមាន​សម្បុរល្អ លើសជាងពួកសត្វនោះ ពួកសត្វនោះ ​មានសម្បុរអាក្រក់ ​ជាងពួកយើង ។ កាល​សត្វទាំងនោះ មានសេចក្តីប្រកាន់ខ្លួន ​និងការមើលងាយកើតឡើង ព្រោះបច្ច័យ នៃ​សេចក្តី​មើល​ងាយ​នូវ​សម្បុរគ្នា ផែនដីដែលមានរស ក៏សាបសូន្យអស់ទៅ ។ លុះផែនដី​ដែលមានរស សាប​សូន្យ​ហើយ​សត្វទាំងឡាយក៏ប្រជុំគ្នា លុះមក​ប្រជុំគ្នាហើយ ក៏ត្អូញត្អែរថា ឱ រស (ឆ្ងាញ់របស់យើង) ឱ រស (ឆ្ងាញ់របស់យើង) ។ ហេតុនោះ ក៏ដូចគ្នា នឹងមនុស្សទាំងឡាយ ក្នុងកាលឥឡូវនេះដែរ ដែលបាន​វត្ថុ​អ្វី​មួយ មានរសឆ្ងាញ់ហើយ តែងនាំគ្នាលាន់មាត់ យ៉ាងនេះថា ឱ រស (ឆ្ងាញ់របស់យើង) ឱ រស (ឆ្ងាញ់របស់យើង) ។ សត្វទាំងឡាយ នាំគ្នានឹករកអក្ខរៈ ដែលជា​ច្បាប់ចាស់ [អដ្ឋកថា ថា បានដល់​សំដីជាវង្ស ដែលកើតឡើងសម្រាប់លោក ។] នោះឯង ប៉ុន្តែមិនអាចនឹងយល់សេចក្តី នៃអក្ខរៈ​នោះ​បានឡើយ ។

[៥៨] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ លុះផែនដីមានរសរបស់សត្វទាំងនោះ សាបសូន្យអស់ ទៅហើយ ក្រមរផែនដី ក៏កើតប្រាកដឡើង ។ ក្រមរផែនដីនោះ កើតប្រាកដឡើង ដូចជាផ្សិត ។ ក្រមរ​ផែន​ដីនោះ បរិបូណ៌ដោយសម្បុរ មានក្លិន(ក្រអូប) មានរស(ឆ្ងាញ់) មានពណ៌ ដូចជាសប្បិសុទ្ធ ឬដូចជា នវនីតសុទ្ធ មានរស(ឆ្ងាញ់ពិសា) ដូចទឹកឃ្មុំតូច (ឃ្មុំផ្លិត) ដែលឥតទោស (គ្មានកូនឃ្មុំ) ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង សត្វទាំងឡាយនោះ ក៏នាំគ្នាបរិភោគក្រមរផែនដី កាលសត្វ ទាំងនោះ នាំគ្នាបរិភោគក្រមរផែនដី យកក្រមរផែនដីនោះជាចំណី យកក្រមផែនដីនោះ ជាអាហារ ក៏ឋិតនៅអស់កាលជាយូរអង្វែង ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ កាលពួកសត្វទាំងនោះ នាំគ្នាបរិភោគ​ក្រមរ​ផែនដី យកក្រមរផែនដីនោះ ជាចំណី យកក្រមផែនដីនោះ ជាអាហារ ឋិតនៅអស់កាល ជា​យូរ​អង្វែង ដោយប្រការយ៉ាងណាៗ សេចក្តីរឹងប៉ឹង ​ក្នុងរាងកាយ​របស់សត្វទាំងនោះ ក៏កើតដោយ​ក្រៃលែង​លើសប្រមាណ ពណ៌សម្បុរ​ក៏ប្លែកៗគ្នាប្រាកដឡើង ដោយប្រការយ៉ាងនោះៗ ។ សត្វពួកខ្លះ​មានសម្បុរល្អ សត្វពួកខ្លះ មានសម្បុរអាក្រក់ ។ បណ្តា​សត្វទាំងពីរ​ពួកនោះ ពួកសត្វណា មាន​សម្បុរ​ល្អ សត្វពួកនោះ រមែងមើល​ងាយ ពួកសត្វដែលមានសម្បុរអាក្រក់ថា ពួកយើងមាន​​សម្បុរ​ល្អ ជាង​ពួក​សត្វនោះ ពួកសត្វទាំងនោះ ​មានសម្បុរអាក្រក់ជាង​ពួក​យើង ។ កាលសត្វទាំងឡាយនោះ មាន​សេចក្តី​ប្រកាន់ខ្លួន ​និងការមើល​ងាយកើតឡើង ព្រោះសេចក្តីមើលងាយ នូវសម្បុរគ្នា ជាបច្ច័យ ក្រមរផែនដី ក៏សាបសូន្យអស់ទៅ លុះក្រមរផែនដី​សាបសូន្យទៅហើយ បទាលតា [អដ្ឋកថា ថា ជាឈ្មោះវល្លិមួយយ៉ាង មានរសផ្អែម ។] ក៏កើតប្រាកដឡើង ។ បទាលតានោះ កើតប្រាកដឡើង ដូចជាវល្លិ៍ត្រកួន ។ បទាលតានោះ មានសម្បុរល្អ មានក្លិន (ក្រអូប) មានរស(ឆ្ងាញ់)​វល្លិ​នោះ​មាន​សម្បុរ​ដូចសប្បិសុទ្ធ ឬដូចនវនីតសុទ្ធ មានរស (ឆ្ងាញ់ពិសា) ដូចទឹកឃ្មុំតូច (ឃ្មុំផ្លិត) ដែល​ឥត​ទោស (គ្មានកូនឃ្មុំ) ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង​សត្វទាំងឡាយនោះ ក៏នាំគ្នា​បរិភោគ​បទាលតា កាលពួកសត្វទាំងនោះ បរិភោគបទាលតា យកវល្លិនោះជាចំណី យកវល្លិនោះជាអាហារ ក៏ឋិតនៅអស់កាលជាយូរអង្វែង ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ កាលសត្វទាំងនោះ បរិភោគ​បទាលតា យកវល្លិនោះជាចំណី យកវល្លិនោះជាអាហារ ក៏ឋិតនៅអស់កាលជាយូរអង្វែង ដោយ​ប្រការ​​យ៉ាងណាៗ សេចក្តីរឹងប៉ឹង ក្នុងរាងកាយ​របស់សត្វទាំងនោះ ក៏កើតឡើង ដោយក្រៃលែង​លើស​ប្រមាណ ទាំងពណ៌សម្បុរ ក៏ប្លែកៗគ្នា​ប្រាកដឡើង ដោយប្រការយ៉ាងនោះៗ ។ សត្វពួក​ខ្លះ មានសម្បុរល្អ សត្វពួកខ្លះ មានសម្បុរ​អាក្រក់ ។ បណ្តាសត្វទាំងពីរពួកនោះ ពួកសត្វណា ដែលមាន​សម្បុរល្អ ពួកសត្វនោះ តែងមើលងាយពួកសត្វ ដែលមានសម្បុរអាក្រក់ថា ពួកយើងមានសម្បុរល្អ លើស​ជាងពួកសត្វនោះ ពួកសត្វ​នោះ ​មានសម្បុរអាក្រក់ ជាងពួកយើង ។ កាលសត្វទាំងឡាយនោះ មានសេចក្តីប្រកាន់ខ្លួន ​និងការមើលងាយកើតឡើង ព្រោះសេចក្តី​មើលងាយ នូវសម្បុរគ្នាជាបច្ច័យ ឯបទាលតា ក៏សាបសូន្យទៅ ។ លុះបទាលតាសាបសូន្យហើយ សត្វទាំងឡាយ ក៏មកប្រជុំគ្នា​លុះមក​ប្រជុំគ្នាហើយ ក៏ត្អូញត្អែរថា ឱហ្ន៎ បទាលតា​របស់យើងធ្លាប់មានហើយ ឱហ្ន៎ បទាលតារបស់យើង បាត់​អស់ទៅ​ហើយ ។ ហេតុនោះ ក៏ដូច​គ្នានឹងមនុស្សទាំងឡាយ ក្នុងកាលឥឡូវ​នេះដែរ ដែលធម៌​ជាទុក្ខ​​ណាមួយប៉ះពាល់ ក៏និយាយគ្នាយ៉ាងនេះថា​ឱហ្ន៎ យើងធ្លាប់មាន ឱហ្ន៎ យើងសាបសូន្យអស់ ហើយ ។ សត្វទាំងឡាយ នាំគ្នានឹក​រកអក្សរ ដែលជាច្បាប់ចាស់នោះ​ឯង ប៉ុន្តែ មិនអាចនឹង​យល់​សេចក្តី នៃអក្សនោះបានឡើយ ។

[៥៩] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រាកាលបទាលតា របស់សត្វ​ទាំងនោះ សាបសូន្យ​ទៅ​ហើយ ស្រូវសាលីកើតឯង ជាស្រូវគ្មាន​កុណ្ឌក គ្មានអង្កាម សស្អាត មានក្លិនក្រអូប មានផ្លែចេញមក ជាអង្ករតែម្តង ក៏កើតប្រាកដឡើង ។ មនុស្សទាំងឡាយ នាំយកស្រូវ​សាលី ត្រង់ទីណា ក្នុងវេលាល្ងាច សម្រាប់បរិភោគ ក្នុងវេលាល្ងាច លុះព្រឹកឡើង ទីនោះ ក៏មានស្រូវសាលីដុះទ្រុបទ្រុល មានផ្លែទុំ​ឡើង​វិញ​មនុស្សទាំងឡាយ នាំយកស្រូវសាលី ត្រង់ទីណា ក្នុង​វេលាព្រឹក សម្រាប់បរិភោគ ក្នុងវេលាព្រឹក លុះវេលាល្ងាច ទីនោះ​ក៏មានស្រូវសាលីដុះទ្រុបទ្រុល មានផ្លែទុំឡើងវិញ ទីនោះក៏ប្រាកដ ហាក់ដូច​ជា​មិនបានច្រូតឡើយ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង សត្វទាំងឡាយ ក៏​បរិភោគស្រូវ​សាលី​កើតឯង យកស្រូវសាលីនោះជាចំណី យកស្រូវ​សាលីនោះ ជាអាហារ ក៏ឋិតនៅ​អស់​កាល​ជា​យូរ​អង្វែង ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ កាលសត្វ​ទាំងនោះ នាំគ្នាបរិភោគស្រូវសាលីកើតឯង យក​ស្រូវ​សាលីនោះ​ជាចំណី យកស្រូវសាលីនោះ ជាអាហារ ឋិតនៅអស់កាលជាយូរ​អង្វែង ដោយ​ប្រការ​យ៉ាង​ណាៗ សេចក្តីរឹងប៉ឹង ក្នុងរាងកាយរបស់​សត្វទាំងនោះ ក៏កើតឡើងលើសប្រមាណ ទាំង​ពណ៌​សម្បុរ ក៏ប្លែកៗគ្នាប្រាកដឡើង ដោយប្រការយ៉ាងនោះ ។ ភេទស្រី​ក៏ប្រាកដឡើង ដល់ស្រី ភេទប្រុស​ក៏ប្រាកដឡើង ដល់ប្រុស ។ បានឮថា ស្រីសំឡឹងមើលប្រុសទាល់តែហួសវេលា ចំណែកខាងប្រុស​ក៏​សំឡឹងមើលស្រី ទាល់តែហួសវេលា ។ កាលសត្វទាំងនោះ សំឡឹងមើលគ្នាទៅវិញទៅមក​ទាល់​តែ​ហួស​វេលា តម្រេកក៏កើត​ឡើង សេចក្តីក្តៅក្រហាយ ព្រោះតម្រេក ក៏ប្រជុំចុះក្នុងកាយ ។ សត្វទាំង​នោះ ក៏នាំគ្នាសេពមេថុនធម្ម ព្រោះសេចក្តីរោលរាលជា​បច្ច័យ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សម័យ​នោះ​ឯង ពួកសត្វណាបានឃើញនូវពួកសត្វ ដែលកំពុងសេពមេថុនធម្ម ពួកសត្វខ្លះ ក៏យកអាចម៍ដី​បោះ​ទៅ សត្វខ្លះយកផែះបាចដាក់ សត្វខ្លះយកអាចម៍គោបោះទៅ និយាយថា នែវសលិ [ជាពាក្យ​អាសគ្រាម សម្រាប់ជេរបញ្ចោរ ។] លាញទៅ នែ វសលិ លាញ​ទៅ ហងលាញទៅ ។ ចុះហេតុដូចម្តេច បានជាសត្វហ៊ានធ្វើអំពើដល់សត្វយ៉ាងនេះ ។ ហេតុនោះ ក៏ដូចគ្នានឹងពួកមនុស្ស ក្នុងកាល​ឥឡូវ​នេះ​ដែរ កាលបើស្រីក្នុងជនបទនីមួយ មានគេចាប់នាំយកទៅ ពួកខ្លះក៏យកអាចម៍ដីបោះទៅ ពួកខ្លះ​ក៏​យក​ផេះបាចដាក់ ពួកខ្លះ​ក៏យកអាចម៍​គោបោះទៅ ។ សត្វទាំងឡាយ នាំគ្នានឹករកអក្ខរៈ​ដែល​ជា​ច្បាប់ចាស់នោះឯង ប៉ុន្តែ​មិនអាចនឹងយល់សេចក្តី នៃអក្ខរៈ​នោះបាន​ឡើយ ។

[៦០] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សម័យនោះឯង អំពើមានការបោះអាចម៍ដីជាដើមនោះ គេ​សន្មតថា​​មិនមែនធ​ម៌ តែអំពើនោះ ក្នុងកាលឥឡូវនេះ គេត្រឡប់សន្មតថា​ជាធម៌វិញ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សម័យនោះ បើពួកសត្វណាសេពមេថុនធម្ម​សត្វ​ទាំងនោះ មិនហ៊ានចូលមក កាន់​ស្រុក​ឬនិគម អស់បីខែក៏មាន ពីរខែក៏មាន ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ កាលណាបើពួកសត្វ​ទាំង​នោះ ដល់ស៊ប់នូវភាព​ជាអ្នកសេព ចំពោះអសទ្ធធម្មនោះហួសវេលាហើយ ក៏នាំគ្នាផ្តើម​ធ្វើផ្ទះ ដើម្បីបិទបាំងអសទ្ធធម្មនោះឯង ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង មានសត្វ១នាក់ ប្រកប​ដោយ​ជាតិ ជាអ្នកខ្ជិលច្រអូស បានគិតយ៉ាងនេះថា យីអើ អាត្មាអញកាលដែលនាំយកស្រូវសាលី ក្នុងវេលាល្ងាច សម្រាប់បរិភោគក្នុងវេលាល្ងាច នាំយកស្រូវលាលី ក្នុងវេលាព្រឹក សម្រាប់​បរិភោគ​ក្នុង​វេលាព្រឹក ហៅពេញជាលំបាកខ្លួនអ្វីម្ល៉េះ ណ្ហើយចុះ អាតា្មអញ គួរតែនាំយកស្រូវសាលី ក្នុង​វេលា​ល្ងាចតែម្តង ហើយទុកបរិភោគ ក្នុងវេលាព្រឹកផង ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង សត្វនោះ​ក៏ទៅយកស្រូវសាលី ក្នុងវេលាលា្ងចតែម្តងប៉ុណ្ណោះ សម្រាប់​បរិភោគក្នុងវេលាព្រឹកផង ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង មានសត្វម្នាក់ ចូលទៅរក​សត្វនោះ លុះចូលទៅដល់ហើយ បាននិយាយបបួលសត្វនោះ ដូច្នេះថា នែសត្វដ៏ចម្រើន អ្នកចូរមក យើងនឹងទៅនាំយកស្រូវ​សាលីជា អាហារ ។ សត្វនោះ ឆ្លើយតបថា នែសត្វដ៏ចម្រើន ណ្ហើយកុំ ខ្ញុំបាននាំយកស្រូវសាលី ក្នុងវេលាល្ងាចតែម្តង ហើយទុកបរិភោគ ក្នុងវេលាព្រឹកផង ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទើបសត្វនោះ បានយកតម្រាប់តាមសត្វនោះ ក៏ទៅនាំយកស្រូវសាលីមក ដោយគិតថា យីអើ ការដែលនាំយកស្រូវសាលី មកតែម្តងប៉ុណ្ណោះ សម្រាប់បរិភោគ បានពីរថ្ងៃយ៉ាងនេះ ជាការ​ស្រួល​មែន ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង មានសត្វមា្នក់ទៀត ចូលទៅរកសត្វនោះ លុះចូល​ទៅ​ដល់ហើយ បាននិយាយបបួលសត្វនោះ ដូច្នេះថា នែសត្វដ៏ចម្រើន អ្នកចូរមក យើងនឹងទៅនាំ​យក​ស្រូវសាលី ជាអាហារ ។ សត្វនោះ ឆ្លើយតបថា នែសត្វដ៏ចម្រើន ណ្ហើយកុំ ខ្ញុំបាននាំយក ស្រូវសាលី​ក្នុង​វេលាល្ងាចតែម្តង ហើយទុកបរិភោគ​វេលាព្រឹកផង ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទើបសត្វនោះ យកតម្រាប់តាមសត្វនោះ ក៏នាំយកស្រូវសាលីមក ដោយគិតថា យីអើ ការដែលនាំយក​ស្រូវសាលី មកតែម្តងប៉ុណ្ណោះ សម្រាប់បរិភោគ បានបួនថ្ងៃយ៉ាង​នេះ ជាការស្រួលមែន ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង មានសត្វម្នាក់ទៀត​ចូលទៅ​រកសត្វនោះ លុះចូលទៅដល់ហើយ បាននិយាយបបួលសត្វនោះ ដូច្នេះថា ម្នាលសត្វដ៏ចម្រើន អ្នកចូរមក យើងនឹងទៅនាំយកស្រូវ​សាលី​ជាអាហារ ។ សត្វនោះឆ្លើយតបថា ម្នាលសត្វដ៏ចម្រើន ណ្ហើយកុំ ខ្ញុំបាននាំយកស្រូវសាលីមកតែម្តង ហើយ​ទុក​បរិភោគបានបួនថ្ងៃ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទើបសត្វនោះ យកតម្រាប់តាមសត្វនោះ ក៏នាំយកស្រូវសាលីមក ដោយគិតថា យីអើ កាលដែលនាំយក​ស្រូវសាលី មកតែម្តងប៉ុណ្ណោះ ទុកសម្រាប់បរិភោគបាន៨ថ្ងៃយ៉ាង​នេះ ជាការស្រួលមែន ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ លុះពួក​សត្វទាំងនោះ បាននាំគ្នាផ្តើមបរិភោគ​ស្រូវសាលី ដែលខ្លួនសន្សំទុក ក្នុងកាលណាហើយ ។ ម្នាល​វាសេដ្ឋៈ និងភារទ្វាជៈ កាលនោះឯង កុណ្ឌកក៏រុំព័ទ្ធអង្ករ ទាំងអង្កាមក៏រុំព័ទ្ធអង្ករ សូម្បីកន្លែង ដែលគេច្រូត​ហើយ ​ក៏លែងដុះឡើងវិញ ប្រាកដជាមិនពេញដូចដើម ស្រូវសាលីទាំងឡាយ ក៏​ដុះមួយ​គុម្ពៗ (ហាក់ដូចជាគេចងជាបាច់) ។

[៦១] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង​ពួកសត្វទាំងនោះ ​មកប្រជុំគ្នា លុះមកប្រជុំគ្នា ហើយ ត្អូញត្អែរថា ម្នាលអ្នកទាំងឡាយ​ដ៏ចម្រើន ឱហ្ន៎ ធម៌ដ៏លាមកទាំងឡាយ បានកើត​ប្រាកដ​ក្នុង​ពួក​​សត្វហើយ ព្រោះកាលពីដើម​ពួកយើងជាអ្នកកើតដោយឈានចិត្ត មានបីតិជាអាហារ មានពន្លឺ ភ្លឺចេញឯង អំពីកាយ ត្រាច់ទៅក្នុង​អាកាសបាន ឋិតនៅក្នុងទីដ៏ល្អ បានឋិតនៅ​អស់កាល​ជា​យូរ​អង្វែង លុះកាលកន្លងជាយូរអង្វែងទៅ ផែនដីមានរស ក៏អណ្តែតដាស​លើទឹក ដើម្បីពួកយើង​ទាំង​នោះ ឯផែនដីនោះ មានសម្បុរ(ល្អ) មានក្លិន(ក្រអូប) មានរស(ផ្អែម) ពួកយើងទាំងនោះ​បាននាំគ្នា​យក​ដៃ​កកាយផែនដី​​ដែលមានរស មកធ្វើជាពំនូត ហើយបរិភោគ​កាលពួកយើងទាំងនោះ នាំគ្នា​យកដៃកកាយផែនដី ដែលមានរសធ្វើជាពំនូត ហើយបរិភោគ ពន្លឺដែល​ភ្លឺចេញឯង​(អំពីកាយ)​​​ក៏​សាបសូន្យទៅ លុះពន្លឺដែលភ្លឺចេញឯង សាបសូន្យទៅហើយ ព្រះចន្រ្ទ​និងព្រះអាទិត្យ ក៏កើត​ប្រាកដ​​ឡើង​លុះព្រះចន្ទ្រ និងព្រះអាទិត្យ កើតប្រាកដឡើងហើយ នក្ខត្តឫក្ស ដែលមានរូប​ជា​ផ្កាយ​ទាំងឡាយ ក៏កើតប្រាដកឡើង​លុះនក្ខត្តឫក្ស ដែល​មានរូបជាផ្កាយទាំងឡាយ កើត​ប្រាកដឡើងហើយ យប់និងថែ្ង ក៏កើតប្រាដក​ឡើង លុះយប់និងថែ្ងកើតប្រាដកឡើងហើយ​ខែ​​​១ និងកន្លះខែ ​ក៏កើតប្រាដកឡើង លុះខែ១ និងកន្លះខែ កើតប្រាដកឡើងហើយ រដូវនិងឆ្នាំ​ក៏កើត​ប្រាដកឡើង កាលពួកយើងទាំងនោះ បរិភោគផែនដី​មានរស យកផែនដីនោះ ជាចំណី យកផែនដី​នោះ ជាអាហារ ក៏ឋិតនៅអស់កាលជាយូរអង្វែង ស្រាប់តែផែនដី មានរសសាបសូន្យទៅ ព្រោះហេតុ​នៃធម៌ទាំងឡាយ​ជាអកុសលដ៏លាមកកើតប្រាដក ដល់យើងទាំងឡាយនោះ លុះផែនដី​មាន​រស​សាបសូន្យហើយ​ក្រមរផែនដីក៏កើតប្រាកដឡើង ឯក្រមរផែនដីនោះ មានសម្បុរ(ល្អ)​មាន​ក្លិន​(ក្រអូប) មានរស(ផ្អែម) ពួកយើងទាំងនោះ ក៏នាំគ្នាផ្តើមបរិភោគក្រមរផែនដី កាលពួកយើង​ទាំង​នោះ បរិភោគក្រមរផែនដីនោះ យកក្រមរផែនដីនោះ ជាចំណី យកក្រមរផែនដីនោះ ជាអាហារ ក៏​ឋិត​នៅ​អស់កាលជាយូរអង្វែង ស្រាប់តែក្រមរផែនដីនោះសាបសូន្យទៅ ព្រោះហេតុ នៃធម៌​ទាំង​ឡាយ ជា​អកុសល​ដ៏លាមក កើតប្រាកដដល់យើងទាំងឡាយនោះ លុះក្រមរផែនដីសាបសូន្យហើយ បទាលតា​ក៏កើតប្រាកដឡើង ឯបទាលតានោះ មានសម្បុរ(ល្អ)​មានក្លិន(ក្រអូប) មានរស(ផ្អែម) ពួក​យើងទាំងនោះ ក៏នាំគ្នាផ្តើមបរិភោគបទាលតា កាលពួកយើងទាំងនោះ បរិភោគបទាលតានោះ យក​បទាលតានោះជាចំណី យកបទាលតានោះជាអាហារ ក៏ឋិតនៅអស់កាល​ជាយូរអង្វែង ស្រាប់​តែ​បទាលតានោះសាបសូន្យទៅ ព្រោះហេតុនៃធម៌ទាំង​ឡាយ ជាអកុសលដ៏លាមក កើតប្រាកដ​ឡើង​ដល់យើងទាំងឡាយនោះ​បទាលតាសាបសូន្យហើយ ទើបស្រូវសាលីកើត​​ឯង មិនមានកុណ្ឌក មិន​មានអង្កាម ជាស្រូវសស្អាត មានក្លិនក្រអូប មានផ្លែចេញមកជាអង្ករ ក៏កើតប្រាកដឡើង ពួកយើង​នាំយកស្រូវសាលី ត្រង់ទីណាក្នុងវេលាល្ងាច ​សម្រាប់បរិភោគ ក្នុងវេលាល្ងាច លុះព្រឹក​ឡើង​ទីនោះ ក៏មានស្រូវសាលីដុះ​ទ្រុបទ្រុល មានផ្លែទុំឡើងវិញ ពួកយើងនាំយកស្រូវសាលី ត្រង់​ទី​ណា​មកក្នុង​វេលាព្រឹក សម្រាប់បរិភោគ ក្នុងវេលាព្រឹក លុះវេលាល្ងាច ទីនោះក៏មានស្រូវសាលី​ដុះ​ទ្រុបទ្រុល មានផ្លែទុំឡើងវិញ ទីនោះក៏ប្រាកដ ហាក់ដូចជាមិនបានច្រូតឡើយ កាលពួក​យើង​ទាំង​នោះ បរិភោគ​ស្រូវសាលីកើតឯង យកស្រូវសាលីនោះជាចំណី យកស្រូវសាលីនោះ ជាអាហារ ក៏​ឋិត​នៅ​អស់កាលជាយូរអង្វែង ស្រាប់តែកុណ្ឌក រុំពទ្ធ័អង្ករ ទាំងអង្កាមក៏រុំពទ្ធ័អង្ករ សូម្បីទីដែលច្រូត ក៏​មិន​ដុះឡើងវិញប្រាកដ ពេញដូចដើម ស្រូវសាលីទាំងឡាយ ក៏​ដុះមួយគុម្ពៗ (ហាក់ដូចជា​គេចង​ជាបាច់) ព្រោះហេតុនៃធម៌ទាំងឡាយ ជាអកុសលដ៏លាមក កើតប្រាកដ ដល់យើងទាំងឡាយនោះ បើដូច្នោះ គួរតែយើង​ចែកស្រូវសាលីគ្នា គួរតែបោះព្រំខណ្ឌ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ លំដាប់​នោះ​ឯង សត្វទាំងឡាយ ក៏នាំគ្នាចែកស្រូវសាលី បោះព្រំខណ្ឌដោយខ្លូនៗ ។

[៦២] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះ មានសត្វម្នាក់ ជាតិជាអ្នកលេះលោះ លាក់សំចៃ ចំណែករបស់ខ្លូន​ទុក លួចយកចំណែករបស់អ្នកដទៃ ដែលគេមិនបានឲ្យ មកបរិភោគ ។ សត្វ​ទាំង​ឡាយ ក៏បានចាប់សត្វនោះ លុះចាប់បានហើយ ក៏ស្តីឲ្យដូច្នេះថា ឱសត្វអើយ ឯងធ្វើអំពើអាក្រក់ ណាស់ មិនគួរបើឯងលាក់សំចៃចំណែករបស់ខ្លួន​ទុក លួចយកចំណែករបស់អ្នកដទៃ ដែល​គេ​មិន​បាន​ឲ្យ មកបរិភោគសោះ នែសត្វអើយ ឯងកុំធ្វើអំពើបែបនេះទៀតឡើយ ។ ម្នាលវាសេដ្ឋៈ និង​ភារទ្វាជៈ សត្វនោះបានទទួលតបពាក្យ របស់ពួកសត្វទាំងនោះថា អើអ្នកដ៏ចម្រើន ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សត្វនោះ (លួចយកចំណែករបស់អ្នក​ដទៃ) ជាគំរប់ពីរដងផង ។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សត្វនោះបានលាក់សំចៃចំណែករបស់ខ្លូនទុក លួចយកចំណែករបស់អ្នកដទៃ ដែល​គេ​មិន​បានឲ្យ មកបរិភោគជាគំរប់បីដង​ផង ។ សត្វទាំងឡាយ ក៏បានចាប់សត្វនោះ លុះចាប់បានហើយ​ក៏ស្តីឲ្យដូច្នេះ​ថា ឱសត្វអើយ ឯងធ្វើអំពើអាក្រក់ណាស់​មិនគួរបើឯងលាក់សំចៃរបស់ខ្លួនទុក លួច​យក​ចំណែករបស់អ្នកដទៃ ដែលគេមិនបានឲ្យ មកបរិភោគសោះ នែសត្វ​អើយ ឯងកុំធ្វើ​អំពើ​បែប​នេះ​ទៀតឡើយ ។ ពួកសត្វខ្លះតប់​ទះ (សត្វនោះ) នឹងដៃ ​ពួកសត្វខ្លះចោលនឹងដុំដី ពួកសត្វ​ខ្លះ​វាយ​នឹងតម្បង ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ការលួចទ្រព្យគេ​ក៏ប្រាកដឡើង ការតិះដៀល ក៏​ប្រាកដ​ឡើង ការនិយាយកុហក ក៏ប្រាកដឡើង ការដាក់អាជ្ញា ក៏បា្រកដឡើង តាំងពីកាលនោះជាដើមមក ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង ពួកសត្វទាំង​នោះ មកប្រជុំគ្នា លុះប្រជុំគ្នាហើយ ក៏ត្អូញ​ត្អែ​ថា យីអើហ្ន៎ ធម៌ដ៏លាមកទាំងឡាយ កើតប្រាកដដល់សត្វទាំងឡាយហើយ ព្រោះថា ការលួច​ទ្រព្យ​គេ ក៏កើតប្រាកដឡើង​ការតិះដៀល ក៏កើតប្រាកដឡើង ការនិយាយកុហក ក៏កើតប្រាកដឡើង ការដាក់​អាជ្ញា ក៏កើតប្រាកដឡើង បើដូច្នោះ គួរតែយើងសន្មតសត្វណាម្នាក់ ឲ្យជាអ្នកបន្ទោសសត្វ ដែលយើងគួរ​បន្ទោសតាមហេតុ ឲ្យតិះដៀលសត្វ ដែលយើងគួរតិះដៀលតាមហេតុ ឲ្យប​ណ្តេញ សត្វ ដែលយើងគួរបណ្តេញតាមហេតុ ចំណែកខាងពួកយើង ត្រូវ​ជូនចំណែកស្រូវសាលីទាំងឡាយ ឲ្យដល់សត្វនោះ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទើបពួកសត្វទាំងនោះ​នាំគ្នាចូលទៅរកសត្វ ដែល​ជា​អ្នក​មានរូបល្អ គួររមិលមើល គួរជ្រះថ្លា មានស័ក្កិធំ [(អដ្ឋកថា) គឺព្រះបរមពោធិសត្វ នៃយើង ។] ​ជាងពួកសត្វទាំងនោះ លុះចូលទៅដល់ហើយ បាននិយាយដូច្នេះថា បពិត្រសត្វ​ដ៏​ចម្រើន អ្នកចូរមក បន្ទោសសត្វ ដែលគួរបន្ទោសតាមហេតុ ចូរតិះដៀលសត្វ ដែលគួរ​តិះដៀលតាមហេតុ​ចូរ​បណ្តេញ​សត្វ ដែលគួរបណ្តេញតាមហេតុចុះ សិមពួកយើង នឹងជូនចំណែកស្រូវ​សាលីទាំងឡាយដល់អ្នក ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សត្វនោះ បានទទួលតបពាក្យ​របស់សត្វទាំងនោះថា អើអ្នកដ៏ចម្រើន​ទាំង​ឡាយ ហើយក៏បន្ទោសសត្វ ដែលគួរ​បន្ទោសតាមហេតុ តិះដៀលសត្វ ដែលគួរតិះដៀលតាមហេតុ បណ្តេញសត្វ ដែល​គួរបណ្តេញតាមហេតុ ។ ពួកសត្វទាំងនោះ ក៏បានជូនចំណែកស្រូវ សាលី​ទាំងឡាយ ដល់សត្វនោះ ។

[៦៣] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សត្វនោះ មហាជនសន្មតហើយ ព្រោះហេតុ​នោះឯង ទើប​អក្ខរៈ [អដ្ឋកថា ថា បានដល់​ពាក្យសម្រាប់កំណត់ សម្រាប់ចេញឈ្មោះ សម្រាប់​បញ្ញត្តិ សម្រាប់​និយាយ ។] ជាដំបូងក៏កើតឡើងថា មហាសន្មតដូច្នេះ​ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សត្វនោះ ជាអធិបតី នៃស្រែទាំងឡាយ ព្រោះហេតុនោះឯង ទើបអក្ខរៈទីពីរ ក៏កើតឡើងថា ខត្តិយៈ ខត្តិយៈ​ដូច្នេះ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សត្វនោះញ៉ាំងសត្វទាំងឡាយដទៃ ឲ្យពេញចិត្តដោយធម៌ ព្រោះ​ហេតុនោះ​ឯង ទើបអក្ខរៈទី៣ ក៏កើតឡើងថា រាជា រាជាដូច្នេះ​ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ហេតុដូ​ច្នោះ អក្ខរៈដែលជាច្បាប់ចាស់ បានកើត​ឡើងដល់ខត្តិយមណ្ឌលនោះ យ៉ាងនេះឯង ។ ការ​កើត​នៃអក្ខរៈ ដល់ពួកសត្វទាំង​នោះឯង ដូចគ្នានឹងសត្វទាំងឡាយដទៃដែរ មិនមែនខុសគ្នាទេ កើត​ឡើង​តែដោយ​ធម៌ប៉ុណ្ណោះឯង មិនមែនដោយខុសធម៌ទេ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះថា ធម៌ជាគុណដ៏ប្រសើរបំផុត ក្នុងប្រជុំជន​ទាំងបច្ចុប្បន្ន និងបរលោក ។

[៦៤] គ្រានោះឯង បណ្តាសត្វទាំងឡាយនោះ សត្វពួកខ្លះ បានគិតគ្នា យ៉ាងនេះថា​ម្នាល​អ្នក​ដ៏​ចម្រើនទាំងឡាយ ធម៌ដ៏លាមកទាំងឡាយ កើតប្រាកដ ដល់ពួកសត្វហើយ​ព្រោះថា ការលួចទ្រព្យ គេ ក៏ប្រាកដឡើង ពាក្យតិះដៀល ក៏ប្រាកដឡើង ការនិយាយកុហក ក៏ប្រាកដឡើង ការដាក់អាជ្ញា ក៏ប្រាកដឡើង ការបណ្តេញ ក៏ប្រាកដឡើង បើដូច្នោះ ពួកយើងគួរតែបន្សាត់ នូវធម៌ជាអកុសល ដ៏លាមកទាំង​ឡាយចេញ ។ សត្វទាំងនោះ ក៏បានបន្សាត់ នូវធម៌ជាអកុសលដ៏លាមកចេញ ។ ម្នាល​វាសេដ្ឋៈ និងភារទ្វាជៈ សត្វទាំងឡាយនោះ បន្សាត់នូវធម៌ជាអកុសលដ៏លាមក ព្រោះ​ហេតុ​នោះ​​ឯង ទើបអក្ខរៈទី១ ក៏កើតឡើងថា ព្រាហ្មណៈ ព្រាហ្មណៈដូច្នេះ ។ សត្វទាំងឡាយ​នោះ​បានធ្វើ​ជំរំ​ស្លឹក ក្នុងព្រៃរំលោង ហើយសំឡឹងអារម្មណ៍ ក្នុងជំរំប្រក់ស្លឹកទាំងឡាយ ។ ពួកសត្វទាំងនោះ មិន​មាន​ភ្លើង មិនមានផ្សែង មិនមានអង្រែ ត្រាច់ទៅកាន់ស្រុក និគម និងរាជធានី ស្វែងរកអាហារ ក្នុង​វេលា​ល្ងាច សំរាប់បរិភោគ ក្នុងវេលាល្ងាច ស្វែងរកក្នុងវេលាព្រឹក សំរាប់បរិភោគក្នុងវេលាព្រឹក ។ ពួកសត្វទាំងនោះ​លុះបានអាហារហើយ ក៏នៅសំឡឹងអារម្មណ៍ ក្នុងជំរំស្លឹកទាំង​ឡាយ ក្នុង​ព្រៃ​រំលោង​ទៀត ។ មនុស្សទាំងឡាយ លុះឃើញសត្វទាំងនោះ​ហើយ ក៏និយាយគ្នាយ៉ាងនេះថា នែគ្នា​យើង​អើយ ពួកសត្វទាំង​នេះឯង ធ្វើជំរំស្លឹក​ទាំងឡាយ ក្នុងព្រៃរំលោង ហើយនៅសំឡឹង​អារម្មណ៍ ក្នុងជំរំស្លឹកទាំងឡាយ ជាសត្វមិនមានភ្លើង មិនមានផ្សែង មិនមានអង្រែ តែងត្រាច់ទៅ កាន់ស្រុកនិគម និងរាជធានី ស្វែងរក​អាហារក្នុងវេលាល្ងាច សំរាប់បរិភោក្នុងវេលាល្ងាច ស្វែងរក​ក្នុងវេលាព្រឹក សំរាប់បរិភោគ ក្នុងវេលាព្រឹក ។ ពួកសត្វទាំងនោះ លុះបានអាហារ​ហើយ ក៏សំឡឹង​អារម្មណ៍​ក្នុងជំរំស្លឹក ក្នុង​ព្រៃរំលោងទៀត ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ពួកសត្វទាំងនោះឯង តែងសំឡឹងអារម្មណ៍ ព្រោះហេតុនោះឯង ទើបអក្ខរៈទី ២ ​ក៏កើតឡើងថា ឈាយិកា ឈាយិកា​(អ្នកសំឡឹងអារម្មណ៍) ។  ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ បណ្តាសត្វទាំងនោះឯង សត្វពួកខ្លះ កាល​មិនអាចនឹងសំឡឹងអារម្មណ៍ ក្នុងជំរំស្លឹកទាំងឡាយ ក្នុងព្រៃរំលោង​បាន ក៏ចូលទៅកាន់ស្រុកជិត និគមជិត តាក់តែងបង្រៀននូវគន្ថៈ​(គឺវេទមន្ត) រួចត្រឡប់មកវិញ​ ។ មនុស្សទាំងឡាយ លុះបានឃើញ​សត្វទាំងនោះហើយ និយាយគ្នាយ៉ាងនេះថា ម្នាលគ្នាយើងអើយ ពួកសត្វទាំងនេះឯង មិនអាចនឹង​សំឡឹងអារម្មណ៍ ក្នុងជំរំស្លឹក​ទាំងឡាយ ក្នុងព្រៃរំលោងបាន ក៏ចូលមកកាន់ស្រុកជិត និគមជិត តាក់​តែង​បង្រៀននូវគន្ថៈ រួចត្រឡប់ទៅវិញ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សត្វទាំងនេះ រមែង​មិន​សំឡឹង​អារម្មណ៍ ក្នុងកាលឥឡូវនេះ សត្វទាំងនេះ រមែង​មិនសំឡឹងអារម្មណ៍ ក្នុងកាល​ឥឡូវនេះ ព្រោះ​ហេតុ​នោះ​ឯង ទើបអក្ខរៈទី៣ ក៏កើតឡើងថា អជ្ឈាយិកា អជ្ឈាយិកា (អ្នកមិនសំឡឹងអារម្មណ៍) ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ក្នុង​សម័យ​នោះ ការទ្រទ្រង់ និងការបង្រៀននូវមន្ត​គេសន្មតថា ជាការថោកទាបទេ​តែក្នុងកាលឥឡូវនេះ ការទ្រទ្រង់ និងការ​បង្រៀននូវមន្តនោះ គេសន្មតថា​ជាការប្រសើរវិញ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ហេតុដូច្នោះឯង អក្ខរៈដែលជាច្បាប់ចាស់ បាន​កើត​ឡើង ដល់ព្រាហ្មណមណ្ឌល​នោះ យ៉ាងនេះ ។ ការកើតនៃអក្ខរៈដល់ពួកសត្វទាំងនោះ​ឯង ដូចគ្នា​នឹង​សត្វ​ទាំងឡាយដទៃដែរ មិនមែនខុសគ្នាទេ កើតឡើង​ដោយធម៌​តែម៉្យាងប៉ុណ្ណោះឯង មិន​មែន​ដោយ​ខុស​ធម៌ទេ​ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះថា ធម៌ជាគុណដ៏ប្រសើរបំផុត ក្នុងប្រជុំជន ទាំង​បច្ចុប្បន្ន និងបរលោក ។

[៦៥] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ បណ្តាសត្វទាំងអស់នោះឯង សត្វពួកខ្លះ​ប្រព្រឹត្ត​កាន់​នូវ​មេថុនធម្ម ហើយប្រកបការងារផ្សេងគ្នា ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សត្វទាំងឡាយ ប្រព្រឹត្ត​កាន់​នូវ​មេថុនធម្ម ហើយប្រកបការងារផ្សេងគ្នា ព្រោះហេតុនោះឯង ទើបអក្ខរៈ​ក៏កើតថា វេស្សៈ វេស្សៈ ដូច្នោះ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ (ការកើតឡើងនៃអក្ខរៈ ដែលជាច្បាប់ចាស់ក៏មាន​ឡើង) ដល់​វេស្សមណ្ឌលនោះ យ៉ាងនេះ ដោយហេតុនេះឯង ។ សេចក្តីបំព្រួញ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ហេតុដូច្នោះឯង អក្ខរៈដែលជាច្បាប់ចាស់ បានកើតឡើង ដល់សុទ្ទមណ្ឌលនោះ យ៉ាងនេះឯង ការ​កើត​​ឡើងនៃអក្ខរៈ ដល់ពួកសត្វនោះឯងដូចគ្នា នឹងសត្វទាំងឡាយដទៃដែរ មិនមែន​ខុសគ្នាទេ កើតឡើងដោយធម៌ តែប៉ុណ្ណោះឯង មិនមែនដោយខុសធម៌ទេ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះ​ថា​​​ធម៌ជាគុណដ៏ប្រសើរបំផុត ក្នុងប្រជុំជន ទាំងបច្ចុប្បន្ន និងបរលោក ។

[៦៦] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានសម័យ ដែលខត្តិយៈខ្លះ តិះដៀលធម៌របស់ខ្លួន ហើយចេញចាកផ្ទះចូលមកបួស ដោយបំណងថា អាត្មាអញ នឹងធ្វើជាសមណៈ ​ដូច្នេះក៏មាន ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រាហ្មណ៍ខ្លះ ។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ វេស្សៈខ្លះ ។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សុទ្ទៈខ្លះ តិះដៀលធម៌របស់​ខ្លួន​ចេញចាកផ្ទះ ចូលទៅបួស​ដោយ​បំណង​ថា អាត្មាអញ នឹងធ្វើជាសមណៈ​ដូច្នោះក៏​មាន ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ការកើត​ឡើង​នៃ​សមណមណ្ឌល ក៏បានមានឡើង ដោយសារមណ្ឌល​ទាំង ៤ នេះឯង ការកើតឡើង នៃសមណមណ្ឌល ដល់សត្វទាំងនោះ​​​​​​​​ឯង ដូចគ្នា​នឹងសត្វទាំងឡាយដទៃដែរ មិនមែនខុសគ្នាទេ កើតឡើងដោយធម៌តែប៉ុណ្ណេះឯង​មិនមែនដោយខុសធម៌ទេ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះថា ធម៌ជាគុណដ៏ប្រសើរបំផុត ក្នុងប្រជុំជន ទាំង​បច្ចុប្បន្ន និងបរលោក ។

[៦៧] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានខត្តិយៈខ្លះ ប្រព្រឹត្តអាក្រក់ ដោយកាយ ប្រព្រឹត្ត​អាក្រក់ដោយវាចា​ប្រព្រឹត្តអាក្រក់ដោយចិត្ត ជាមិច្ឆាទិដ្ឋិ ប្រកាន់នូវកម្ម ជាមិច្ឆាទិដ្ឋិ ព្រោះហេតុ​តែ​ប្រកាន់​នូវកម្មជាមិច្ឆាទិដ្ឋិនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏ទៅកើត​ក្នុង​កំណើត​សត្វតិរច្ឆាន ប្រេតវិស័យ​អសុរកាយ នរក ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានព្រាហ្មណ៍​ខ្លះ ។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានវេស្សៈខ្លះ ។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានសុទ្ទៈខ្លះ ។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានសមណៈខ្លះ ប្រព្រឹត្តអាក្រក់​ដោយកាយ​ប្រព្រឹត្ត​អាក្រក់ដោយវាចា​ប្រព្រឹត្តអាក្រក់ដោយចិត្ត ជាមិច្ឆាទិដ្ឋិ ប្រកាន់នូវកម្ម ជាមិច្ឆាទិដ្ឋិ ព្រោះហេតុតែ​ប្រកាន់​នូវ​កម្ម ជាមិច្ឆាទិដ្ឋិនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏ទៅកើត​ក្នុង​កំណើត សត្វតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក ។

[៦៨] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ​មានខត្តិយៈខ្លះ ប្រព្រឹត្តល្អដោយកាយ ប្រព្រឹត្តល្អ​ដោយ​វាចា ប្រព្រឹត្តល្អដោយចិត្ត​ជាសម្មាទិដ្ឋិ ប្រកាន់នូវកម្មជាសម្មាទិដ្ឋិ ព្រោះហេតុតែប្រកាន់នូវ​កម្ម ជា​សម្មាទិដ្ឋិនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏ទៅកើតក្នុងសុគតិសួគ៌ទេវលោក ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានព្រាហ្មណ៍ខ្លះ ។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានវេស្សៈ​ខ្លះ ។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានសុទ្ទៈខ្លះ ។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានសមណៈ​ខ្លះ ប្រព្រឹត្តល្អដោយកាយ ប្រព្រឹត្តល្អដោយវាចា ប្រព្រឹត្តល្អដោយចិត្ត ជាសម្មាទិដ្ឋិ ប្រកាន់​នូវ​កម្ម ជាសម្មាទិដ្ឋិ ព្រោះហេតុតែប្រកាន់នូវកម្ម ជាសម្មាទិដ្ឋិនោះ លុះបែកធ្លាយរាងកាយ បន្ទាប់​អំពី​សេចក្តីស្លាប់ ក៏ទៅកើត ក្នុងសុគតិសួគ៌ទេវលោក ។

[៦៩] ម្នាលវាសេដ្ឋៈ និងភារទា្វជៈ មានខត្តិយៈខ្លះ ជាអ្នកធ្វើ​អំពើទាំងពីរ គឺជួនកាល ធ្វើ​អំពើ​អាក្រក់ ជួនកាល ធ្វើអំពើល្អដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត មាន​ទិដ្ឋិ​ច្រឡំគ្នាផ្សេងៗ ប្រកាន់នូវកម្ម ដែល​ច្រឡំគ្នាផ្សេងៗ ព្រោះហេតុតែប្រកាន់នូវកម្ម ដែលច្រឡំ​គ្នា​ផ្សេងៗនោះ ​លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏បានទទួលសុខខ្លះ​​ទុក្ខខ្លះ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានព្រាហ្មណ៍ខ្លះ ជាអ្នកធ្វើអំពើទាំងពីរ ដោយកាយ ធ្វើ​អំពើ​ទាំងពីរ​ដោយវាចា ធ្វើអំពើ​ទាំងពីរដោយចិត្ត មានទិដ្ឋិច្រឡំគ្នាផ្សេងៗ ប្រកាន់​នូវកម្មដែលច្រឡំគ្នាផ្សេងៗ ព្រោះហេតុតែប្រកាន់នូវកម្ម ដែលច្រឡំគ្នាផ្សេងៗនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តី​ស្លាប់ ក៏បានទទួលសុខខ្លះ ទុក្ខខ្លះ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានវេស្សៈខ្លះ ជាអ្នកធ្វើ​អំពើទាំងពីរ ដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត មាន​ទិដ្ឋិ​ច្រឡំគ្នាផ្សេងៗ ប្រកាន់នូវកម្ម ដែល​ច្រឡំគ្នាផ្សេងៗ ព្រោះហេតុតែប្រកាន់នូវកម្ម ដែលច្រឡំ​គ្នា​ផ្សេងៗនោះ​លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏បានទទួលសុខខ្លះ​​ទុក្ខខ្លះ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានសុទ្ទៈខ្លះ ជាអ្នកធ្វើ​អំពើទាំងពីរ ដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត មាន​ទិដ្ឋិ​ច្រឡំគ្នាផ្សេងៗ ប្រកាន់នូវកម្ម ដែល​ច្រឡំគ្នាផ្សេងៗ ព្រោះហេតុ​តែប្រកាន់នូវកម្ម ដែលច្រឡំ​គ្នា​ផ្សេងៗនោះ​លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏បានទទួលសុខខ្លះ​​ទុក្ខខ្លះ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានសមណៈខ្លះ ជាអ្នកធ្វើអំពើទាំងពីរ ដោយកាយ ធ្វើ​អំពើ​ទាំងពីរ​ដោយវាចា ធ្វើអំពើ​ទាំងពីរដោយចិត្ត មានទិដ្ឋិច្រឡំគ្នាផ្សេងៗ ប្រកាន់​នូវកម្មដែលច្រឡំគ្នាផ្សេងៗ ព្រោះហេតុតែប្រកាន់នូវកម្ម ដែលច្រឡំគ្នាផ្សេងៗនោះ លុះ​បែក​ធ្លាយ​រាង​កាយ បន្ទាប់អំពីសេចក្តី​ស្លាប់ ក៏បានទទួលសុខខ្លះ ទុក្ខខ្លះ ។

[៧០] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានខត្តិយៈខ្លះ ជាអ្នកសង្រួម​ដោយកាយ សង្រួម​ដោយវាចា សង្រួមដោយចិត្ត អាស្រ័យនូវការចម្រើន ពោធិបក្ខិយធម៌ ៧ កង [ពោធិបក្ខិយធម៌ ៧ កង រាប់យកសតិប្បដ្ឋាន ៤ ជាកង១ រហូតដល់អដ្ឋង្គិកមគ្គ ជាកងទីបំផុត ។] ក៏បរិនិព្វាន ក្នុង​បច្ចុប្បន្ន​នេះឯង ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានព្រាហ្មណ៍ខ្លះ ជាអ្នកសង្រួម​ដោយកាយ សង្រួម​ដោយ​វាចា សង្រួមដោយចិត្ត អាស្រ័យនូវការចម្រើន ពោធិបក្ខិយធម៌ ៧ កង ក៏បរិនិព្វាន ក្នុង​បច្ចុប្បន្ន​នេះ​ឯង ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានវេស្សៈខ្លះ ជាអ្នកសង្រួម​ដោយកាយ សង្រួម​ដោយវាចា សង្រួមដោយចិត្ត អាស្រ័យនូវការចម្រើន ពោធិបក្ខិយធម៌ ៧ កង ក៏បរិនិព្វាន ក្នុង​បច្ចុប្បន្ន​នេះឯង ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានសុទ្ទៈខ្លះ ជាអ្នកសង្រួម​ដោយកាយ សង្រួម​ដោយវាចា សង្រួម​ដោយ​ចិត្ត អាស្រ័យនូវការចម្រើន ពោធិបក្ខិយធម៌ ៧ កង ក៏បរិនិព្វាន ក្នុង​បច្ចុប្បន្ន​នេះឯង ។

[៧១] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ក៏បណ្តាវណ្ណៈទាំង ៤ នេះ វណ្ណៈណា ជាភិក្ខុ ជាអរហន្ត ជាខីណាស្រព ប្រព្រឹត្តព្រហ្មចារ្យ រួចស្រេចហើយ បានធ្វើសោឡសកិច្ចស្រេចហើយ​មានភារៈដាក់ ចុះហើយ បានសម្រេចប្រយោជន៍របស់ខ្លួន ដោយលំដាប់ហើយ មានតណ្ហា​ជា​គ្រឿង​ចងក្នុង​ភព​អស់​រលីងហើយ មានចិត្តផុតស្រឡះហើយ ព្រោះបានត្រាស់ដឹងដោយប្រពៃ អ្នកនោះប្រាកដថា ជាបុគ្គលប្រសើរលើសជាងវណ្ណៈទាំង ៤ នោះ តាមធម៌ពិត មិនមែនមិនដោយធម៌ទេ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះថា ធម៌ជាគុណដ៏ប្រសើរបំផុត ក្នុងប្រជុំជនទាំងបច្ចុប្បន្ន និងបរលោក ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សូម្បីព្រហ្មឈ្មោះ សនង្កុមារ ក៏បានពោលគាថាទុកថា

[៧២] ខត្តិយៈ ជាជាតិប្រសើបំផុត ក្នុងប្រជុំជន ដែលជាអ្នករឭកដល់គោត្រ អ្នក​ដែល​បរិបូណ៌​ដោយ​វិជ្ជា និងចរណៈ ប្រសើរបំផុត ក្នុងពួកទេវតា និងមនុស្ស ។

ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ឯគាថានេះឯង ព្រហ្មឈ្មោះ សនង្កុមារ បានពោលពីរោះហើយ មិនមែនពោលមិនពីរោះទេ បានសំដែងល្អហើយ មិនមែនសំដែងមិនល្អទេ ជាគាថាប្រកបដោយ ប្រយោជន៍ មិនមែនជាមិនប្រកបដោយប្រយោជន៍ឡើយ តថាគត ក៏យល់ព្រមដែរ ។ ម្នាល​វាសេដ្ឋៈ និងភារទ្វាជៈ ចំណែកខាងតថាគត ក៏បានពោលយ៉ាងនេះថា ខត្តិយៈជាជាតិប្រសើរបំផុត ក្នុង​ប្រជុំ​ជន ដែលជាអ្នករឭកដល់គោត្រ ដែលជាអ្នកបរិបូណ៌ ដោយវិជ្ជា និងចរណៈ ប្រសើរបំផុត ក្នុង​ពួក​ទេវតា និងមនុស្ស ។

លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះ ចប់ហើយ ។ វាសេដ្ឋៈសមណេរ និងភារទ្វាជៈសាមណេរ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ ដោយប្រការដូច្នេះឯង ។

ចប់ អគ្គញ្ញសូត្រទី ៤ ។

ឯកសារយោង[កែប្រែ]

ព្រះត្រៃបិដក > សុត្តន្តបិដក > ទីឃនិកាយ > បាដិកវគ្គ > (ភាគ១៨ ទំព័រទី ១៦១ ដល់ ១៩៨)

Aggañña Sutta: On Knowledge of Beginnings (DN27)

Aggañña Sutta: On Knowledge of Beginnings (DN27)

พระไตรปิฎก เล่มที่ ๑๑  > พระสุตตันตปิฎก เล่มที่ ๓ > ทีฆนิกาย > ปาฏิกวรรค