អនុបទសូត្រ

ពីវិគីភីឌា
Jump to navigation Jump to search

អនុបទសូត្រ ទី១

[១៥៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់ក្នុងវត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គដ៏ចម្រើន។

[១៥៤] ព្រះមានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សារីបុត្រ ជាអ្នកប្រាជ្ញ ម្នាលភិក្ខុទាំងឡាយ សារីបុត្រ មានប្រាជ្ញាច្រើន ម្នាលភិក្ខុទាំងឡាយ សារីបុត្រ មានប្រាជ្ញាក្រាស់ ម្នាលភិក្ខុទាំងឡាយ សារីបុត្រមានប្រាជ្ញារហ័ស ម្នាលភិក្ខុទាំងឡាយ សារីបុត្រ មានប្រាជ្ញាវាងវៃ ម្នាលភិក្ខុទាំងឡាយ សារីបុត្រ មានប្រាជ្ញាមុត ម្នាលភិក្ខុទាំងឡាយ សារីបុត្រ មានប្រាជ្ញាជាគ្រឿង​ទម្លាយនូវ​កិលេស ម្នាលភិក្ខុទាំងឡាយ សារីបុត្រ ឃើញច្បាស់ នូវធម្មវិបស្សនា តាមលំដាប់ អស់កន្លះខែ (ក៏​បានសម្រេចព្រះអរហត្ត)។ ម្នាលភិក្ខុទាំងឡាយ ការណ៍នេះ សារីបុត្ររមែងមាន ក្នុង​ធម្មវិបស្សនា ជាលំដាប់នោះ។

[១៥៥] ម្នាលភិក្ខុទាំងឡាយ ក្នុងទីនេះ សារីបុត្រស្ងាត់ចាកកាមទាំងឡាយ ស្ងាត់​ចាកអកុសលធម៌ទាំងឡាយ ហើយចូលបឋមជ្ឈាន មានវិតក្កៈ វិចារៈ បីតិ និងសុខៈ ដែល​កើតអំពីវិវេក។ ធម៌ទាំងឡាយ គឺវិតក្កៈ វិចារៈ បីតិ សុខៈ ចិត្តេកគ្គតា ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វីរិយៈ សតិ ឧបេក្ខា និមនសិការៈណា ដែលមានក្នុង​បឋមជ្ឈាន ធម៌ទាំងនោះ សារីបុត្រ បានកំណត់​តាមលំដាប់ហើយ ធម៌ទាំងនោះ ដែល​សារីបុត្រដឹងច្បាស់ ក៏កើតឡើង ដឹងច្បាស់ក៏តាំងនៅ ដឹងច្បាស់ ក៏ដល់នូវកិរិយារលត់។ សារីបុត្រនោះ ដឹងច្បាស់យ៉ាងនេះថា ធម៌ទាំងនេះមិនដែលមាន ត្រឡប់ជាមាន មានហើយ ត្រឡប់ជាគ្មានវិញ យ៉ាងនេះ។ សារីបុត្រនោះ មិនលុះក្នុងធម៌ទាំងនោះ (ដោយអំណាចរាគៈ) មិនលិចលង់ក្នុងធម៌ទាំងនោះ (ដោយបដិឃៈ) មិនអាស្រ័យ​ក្នុង​ធម៌ទាំងនោះ (ដោយតណ្ហានិស្ស័យ និងទិដ្ឋិនិស្ស័យ) មិនជាប់ក្នុងធម៌ទាំងនោះ (ដោយ​ឆន្ទរាគៈ) រួចស្រឡះ (ចាករាគៈ) ប្រាសចាក (យោគៈ) មានចិត្តមិនរពើតរពើង។ សារីបុត្រ​នោះ ដឹងច្បាស់ថា និស្សរណធម៌ គឺការចេញចាកភព នៅមានតទៅទៀត។ ការធ្វើឲ្យ​រឿយៗ នូវនិស្សរណធម៌នោះ តែង​មានដល់សារីបុត្រនោះ។

[១៥៦] ម្នាលភិក្ខុទាំងឡាយ មួយទៀត សារីបុត្រព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ​អស់ហើយ បានដល់ទុតិយជ្ឈាន ជាធម្មជាតកើតក្នុងសន្តាននៃខ្លួន ប្រកបដោយ​សេចក្តី​ជ្រះថ្លា គឺសទ្ធា មានសភាព​ជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈទេ មានតែបីតិ និងសុខៈ ដែលកើត​អំពី​សមាធិ គឺបឋមជ្ឈានប៉ុណ្ណោះ ក៏សម្រាន្តនៅ ដោយឥរិយាបថ​ទាំង៤។ ធម៌ទាំងឡាយ គឺសេចក្តីជ្រះថ្លា ក្នុងសន្តាន បីតិ សុខៈ ចិត្តេកគ្គតា ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខ វីរិយៈ សតិ ឧបេក្ខា និងមនសិការៈណា ដែល​មានក្នុង​ទុតិយជ្ឈាន ធម៌ទាំងនោះ សារីបុត្របានកំណត់​តាមលំដាប់ហើយ ធម៌ទាំងនោះ ដែលសារីបុត្រ​ដឹងច្បាស់ក៏កើតឡើង ដឹងច្បាស់ក៏តាំងនៅ ដឹងច្បាស់ ក៏ដល់នូវ​កិរិយា​រលត់។ សារីបុត្រនោះ ដឹងច្បាស់យ៉ាងនេះថា ធម៌ទាំងនេះ មិនដែលមាន ត្រឡប់ជាមាន មានហើយ ត្រឡប់ជាគ្មានវិញ។ សារីបុត្រនោះ មិនលុះ មិនលិចលង់ មិនអាស្រ័យ​មិនជាប់នៅ ក្នុងធម៌ទាំងនោះ ជាអ្នករួចស្រឡះ (ចាកកាមរាគៈ) ប្រាសចាក (យោគៈ) មានចិត្តមិនរពើតរពើង។ សារីបុត្រ​នោះ ដឹងច្បាស់ថា និស្សរណធម៌ គឺការរលាស់​ខ្លួន​ចេញ​ចាកភព នៅមានតទៅទៀត។ ការធ្វើឲ្យ​រឿយៗ នូវនិស្សរណធម៌នោះ រមែង​មានដល់សារីបុត្រនោះ។

[១៥៧] ម្នាលភិក្ខុទាំងឡាយ មួយទៀត សារីបុត្រ ព្រោះនឿយណាយ ចាកបីតិផង ជាអ្នក​ប្រកបដោយ​ឧបេក្ខាផង មានស្មារតីផង មានសម្បជញ្ញៈផង ទទួលនូវសុខ ដោយ​នាម​កាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរនូវបុគ្គល ដែលបាននូវ​តតិយជ្ឈាន​នោះថា ប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿង​នៅជាសុខ ដូច្នេះ។ ធម៌​ទាំងឡាយ គឺឧបេក្ខា សុខៈ សតិ សម្បជញ្ញៈ ចិត្តេកគ្គតា ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វីរិយៈ សតិ ឧបេក្ខា និងមនសិការៈណា ដែលមានក្នុងតតិយ​ជ្ឈាន ធម៌ទាំងនោះ សារីបុត្រ បានកំណត់​តាមលំដាប់ហើយ ធម៌ទាំងនោះ ដែលសារីបុត្រ​ដឹងច្បាស់ ក៏កើតឡើង ដឹងច្បាស់ក៏តាំងឡើង ដឹងច្បាស់ ក៏ដល់នូវកិរិយារលត់។ សារីបុត្រនោះ ដឹងច្បាស់យ៉ាងនេះថា ធម៌ទាំងនេះមិនដែលមាន ត្រឡប់ជាមាន មានហើយ ត្រឡប់ជាគ្មានវិញ។ សារីបុត្រនោះ មិនលុះ មិនលិចលង់ មិនអាស្រ័យ​នៅ មិនជាប់នៅ ក្នុងធម៌ទាំងនោះ ជាអ្នករួចស្រឡះ (ចាកកាមរាគៈ) ប្រាសចាក (យោគៈ) មានចិត្តមិនរពើតរពើង។ សារីបុត្រ​នោះ ដឹងច្បាស់ថា និស្សរណធម៌ គឺការរលាស់ខ្លួន ចេញចាកភព នៅមានតទៅទៀត។ ការធ្វើឲ្យ​រឿយៗ នូវនិស្សរណធម៌នោះ តែង​មានដល់សារីបុត្រនោះ។

[១៥៨] ម្នាលភិក្ខុទាំងឡាយ មួយទៀត សារីបុត្រ ព្រោះលះបង់​នូវសុខផង លះបង់នូវទុក្ខផង ដល់នូវសេចក្តីវិនាសនៃសោមនស្ស និងទោមនស្ស ក្នុងកាលមុនផង ចូលកាន់ចតុត្ថជ្ឈាន មិនមានទុក្ខ មិនមានសុខ មានតែសតិដ៏បរិសុទ្ធ ដោយ​ឧបេក្ខា។ ធម៌​ទាំងឡាយ គឺឧបេក្ខា អទុក្ខមសុខវេទនា សេចក្តីបរិសុទ្ធិ ការមិនចងចិត្ត សតិបរិសុទ្ធិ ចិត្តេកគ្គតា ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វីរិយៈ សតិ ឧបេក្ខា និងមនសិការៈណា ដែលមានក្នុងចតុត្ថ​ជ្ឈាន ធម៌ទាំងនោះ ដែលសារីបុត្រនោះ បានកំណត់​តាមលំដាប់ហើយ ធម៌ទាំងនោះ ដែលសារីបុត្រនោះ ​ដឹងច្បាស់ ក៏កើតឡើង ដឹងច្បាស់ក៏តាំងនៅ ដឹងច្បាស់ ក៏ដល់នូវកិរិយារលត់។ សារីបុត្រនោះ ដឹងច្បាស់​យ៉ាង​នេះ​ថា ធម៌ទាំងនេះ មិនដែលមាន ត្រឡប់ទៅជាមាន មានហើយ ត្រឡប់ទៅជាគ្មានវិញ យ៉ាងនេះ។ សារីបុត្រនោះ មិនលុះ មិនលិចលង់ មិនអាស្រ័យ​នៅ មិនជាប់នៅ ក្នុងធម៌​ទាំងនោះ ជាអ្នករួចស្រឡះ (ចាកកាមរាគៈ) ប្រាសចាក (យោគៈ) មានចិត្តមិន​រពើត​រពើង។ សារីបុត្រ​នោះ ដឹងច្បាស់ថា និស្សរណធម៌ គឺការរលាស់ខ្លួន ចេញចាកភព នៅមានតទៅទៀត។ ការធ្វើឲ្យ​រឿយៗ នូវនិស្សរណធម៌នោះ តែង​មានដល់​សារីបុត្រនោះ។

[១៥៩] ម្នាលភិក្ខុទាំងឡាយ មួយទៀត សារីបុត្រកន្លងបង់នូវរូបសញ្ញាទាំងឡាយ ដោយសព្វគ្រប់ ដល់នូវសេចក្តីវិនាស នៃបដិឃសញ្ញា មិនធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា ហើយចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយបរិកម្មថា អាកាសមិនមានទីបំផុត ដូច្នេះ។ ធម៌ទាំងឡាយ គឺអាកាសានញ្ចាយតនសញ្ញា ចិត្តេកគ្គតា ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វីរិយៈ សតិ ឧបេក្ខា និងមនសិការៈណា ដែលមាន​ក្នុងអាកាសានញ្ចាយតន​ជ្ឈាន ធម៌ទាំងនោះ ដែលសារីបុត្រនោះ បានកំណត់​តាមលំដាប់​ហើយ ធម៌ទាំងនោះ ដែលសារីបុត្រ​នោះ ដឹងច្បាស់ហើយ ក៏កើតឡើង ដឹងច្បាស់ហើយ ក៏តាំងនៅ ដឹងច្បាស់ហើយ ក៏ដល់នូវកិរិយារលត់ទៅ។ សារីបុត្រនោះ ដឹងច្បាស់យ៉ាងនេះថា ធម៌ទាំងនេះ មិនដែលមាន ត្រឡប់ទៅជាមាន ធ្លាប់មាន ត្រឡប់ទៅជាគ្មានវិញ យ៉ាងនេះ។ សារីបុត្រនោះ មិនលុះ មិនលិចលង់ មិនអាស្រ័យ​នៅ មិនជាប់នៅ ក្នុងធម៌ទាំងនោះ ជាអ្នករួចស្រឡះ (ចាកកាមរាគៈ) ប្រាសចាក (យោគៈ) មានចិត្តមិនរពើតរពើង។ សារីបុត្រ​នោះ ដឹងច្បាស់ថា និស្សរណធម៌ គឺការរលាស់ខ្លួន ចេញចាកភព នៅមានតទៅទៀត។ ការធ្វើឲ្យ​រឿយៗ នូវនិស្សរណធម៌នោះ តែង​មានដល់សារីបុត្រនោះ។

[១៦០] ម្នាលភិក្ខុទាំងឡាយ មួយទៀត សារីបុត្រកន្លងផុត នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់​វិញ្ញាណញ្ចាយតនជ្ឈាន ដោយបរិកម្មថា វិញ្ញាណមិនមានទីបំផុត។ ធម៌ទាំងឡាយ គឺវិញ្ញាណញ្ចាយតនសញ្ញា ចិត្តេកគ្គតា ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វីរិយៈ សតិ ឧបេក្ខា និងមនសិការៈណា ដែលមាន​ក្នុងវិញ្ញាណញ្ចាយតន​ជ្ឈាន ដែលសារីបុត្រនោះ បានកំណត់​តាមលំដាប់​ហើយ ធម៌ទាំងនោះ ដែលសារីបុត្រ​នោះ ដឹងច្បាស់ហើយ ក៏កើតឡើង ដឹងច្បាស់ហើយ ក៏តាំងនៅ ដឹងច្បាស់ហើយ ក៏ដល់នូវកិរិយារលត់ទៅ។ សារីបុត្រនោះ ដឹងច្បាស់យ៉ាងនេះថា ធម៌ទាំងនេះ មិនដែលមាន ត្រឡប់ទៅជាមាន ដែលធ្លាប់មាន​ហើយ ត្រឡប់ទៅជាគ្មានវិញ។ សារីបុត្រនោះ មិនលុះ មិនលិចលង់ មិនអាស្រ័យ​នៅ មិនជាប់ចំពាក់នៅ ក្នុងធម៌ទាំងនោះ ជាអ្នករួចស្រឡះ ចាកកាមរាគៈ ប្រាសចាកយោគៈ មានចិត្តមិនរពើតរពើង។ សារីបុត្រ​នោះ ដឹងច្បាស់ថា និស្សរណធម៌ គឺការរលាស់ខ្លួន ចេញចាកភព នៅមានតទៅទៀត។ ការធ្វើឲ្យ​រឿយៗ នូវនិស្សរណធម៌នោះ រមែង​មានដល់សារីបុត្រនោះ។

[១៦១] ម្នាលភិក្ខុទាំងឡាយ មួយទៀត សារីបុត្រកន្លងផុត នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយសព្វគ្រប់ ហើយចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយបរិកម្មថា វត្ថុតិចតួចមិនមានដូច្នេះ។ ធម៌ទាំងឡាយ គឺអាកិញ្ចញ្ញាយតនសញ្ញា ចិត្តេកគ្គតា ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វីរិយៈ សតិ ឧបេក្ខា និងមនសិការៈណា ដែលមាន​ក្នុងអាកិញ្ចញ្ញាយតន​ជ្ឈាន ធម៌ទាំងនោះ គឺសារីបុត្រនោះ បានកំណត់​តាមលំដាប់​ហើយ ធម៌ទាំងនោះ ដែលសារីបុត្រ​នោះ ដឹងច្បាស់ហើយ ក៏កើតឡើង ដឹងច្បាស់ហើយក៏តាំងនៅ ដឹងច្បាស់ហើយ ក៏ដល់នូវកិរិយារលត់។ សារីបុត្រនោះ ដឹងច្បាស់យ៉ាងនេះថា ធម៌ទាំងនោះ មិនដែលមាន ត្រឡប់ទៅជាមាន ធ្លាប់មាន​ហើយ ត្រឡប់ទៅជាគ្មានវិញ។ សារីបុត្រនោះ មិនលុះ មិនលិចលង់ មិនអាស្រ័យ​​នៅ មិនជាប់នៅ ក្នុងធម៌ទាំងនោះ ជាអ្នករួចស្រឡះ ចាកកាមរាគៈ ប្រាសចាកយោគៈ មានចិត្តមិនរពើតរពើង។ សារីបុត្រ​នោះ ដឹងច្បាស់ថា និស្សរណធម៌ គឺការរលាស់ខ្លួន ចេញចាកភព នៅមានតទៅទៀត។ ការធ្វើឲ្យ​រឿយៗ នូវនិស្សរណធម៌នោះ រមែង​មានដល់សារីបុត្រនោះ។

[១៦២] ម្នាលភិក្ខុទាំងឡាយ មួយទៀត សារីបុត្រកន្លងផុត នូវអាកិញ្ចញ្ញា​យតនជ្ឈាន ដោយសព្វគ្រប់ ហើយចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន។ សារីបុត្រ​នោះ ជាអ្នក​មានស្មារតីចេញចាកសមាបត្តិនោះ។ លុះសារីបុត្រនោះ មានស្មារតី​ចេញចាក​សមាបត្តិនោះហើយ ក៏ពិចារណាឃើញ នូវពួកធម៌ ដែលកន្លងទៅ​រលត់ទៅ ប្រែប្រួលទៅហើយថា ពួកធម៌ទាំងនោះ មិនដែលមាន ត្រឡប់ទៅជាមាន ដែលធ្លាប់មាន​ហើយ ត្រឡប់ទៅជាគ្មានវិញ យ៉ាងនេះ។ សារីបុត្រនោះ មិនលុះ មិនលិចលង់ មិនអាស្រ័យ​​នៅ មិនជាប់នៅ ក្នុងធម៌ទាំងនោះឡើយ ជាអ្នករួចស្រឡះ ចាកកាមរាគៈ ប្រាសចាកយោគៈ មានចិត្តមិនរពើតរពើង។ សារីបុត្រ​នោះ ដឹងច្បាស់ថា និស្សរណធម៌ គឺការរលាស់ខ្លួន ចេញចាកភព នៅមានតទៅទៀត។ ការធ្វើឲ្យ​រឿយៗ នូវនិស្សរណធម៌​នោះ រមែង​មានដល់សារីបុត្រនោះ។

[១៦៣] ម្នាលភិក្ខុទាំងឡាយ មួយទៀត សារីបុត្រកន្លងផុត នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយសព្វគ្រប់ ហើយចូលកាន់​សញ្ញាវេទយិតនិរោធ។ អាសវធម៌អស់ទៅបាន ព្រោះសារីបុត្រនោះ ឃើញច្បាស់ដោយប្រាជ្ញា។ សារីបុត្រនោះ មានស្មារតី ចេញចាកសមាបត្តិនោះ។ លុះសារីបុត្រនោះ មានស្មារតី ចេញចាកសមាបត្តិ​នោះហើយ ក៏ពិចារណាឃើញនូវពួកធម៌ ដែលកន្លងទៅ រលត់ទៅ ប្រែប្រួលទៅហើយ​ថា ពួកធម៌ទាំងនេះ មិនដែលមាន ត្រឡប់ទៅជាមាន មាន​ហើយ ត្រឡប់ទៅជាគ្មានវិញ យ៉ាង​នេះ។ សារីបុត្រនោះ មិនលុះ មិនលិចលង់ មិនអាស្រ័យ​​នៅ មិនជាប់នៅ ក្នុងធម៌ទាំងនោះឡើយ ជាអ្នករួចស្រឡះ ចាកកាមរាគៈ ប្រាសចាកយោគៈ មិនមាន​ចិត្ត​រពើតរពើង។ សារីបុត្រ​នោះ ដឹងច្បាស់ថា និស្សរណធម៌ នៅមានតទៅទៀត។ ការធ្វើឲ្យ​រឿយៗ នូវនិស្សរណធម៌នោះ រមែង​មានដល់សារីបុត្រនោះ។

[១៦៤] ម្នាលភិក្ខុទាំងឡាយ មហាជន តែងនិយាយសរសើរភិក្ខុណាថា ភិក្ខុនេះ ដល់នូវការស្ទាត់ ដល់នូវកិរិយាសម្រេច ក្នុងសីលដ៏ប្រសើរ ដល់នូវការស្ទាត់ ដល់នូវ​កិរិយាសម្រេច​ក្នុងសមាធិដ៏ប្រសើរ ដល់នូវការស្ទាត់ ដល់នូវកិរិយាសម្រេច ក្នុងបញ្ញាដ៏ប្រសើរ ដល់នូវការស្ទាត់ ដល់នូវ​កិរិយាសម្រេច​ក្នុងវិមុត្តិដ៏ប្រសើរ ដែល​មហាជនតែងនិយាយសរសើរ នូវភិក្ខុនោះ គឺសារីបុត្រហ្នឹងឯងថា (សារីបុត្រនេះ) ដល់នូវការស្ទាត់ ដល់នូវកិរិយាសម្រេច ក្នុងសីលដ៏ប្រសើរ ដល់នូវការស្ទាត់ ដល់នូវ​កិរិយាសម្រេច​ក្នុងសមាធិដ៏ប្រសើរ ដល់នូវការស្ទាត់ ដល់នូវកិរិយាសម្រេច ក្នុងបញ្ញាដ៏ប្រសើរ ដល់នូវការស្ទាត់ ដល់នូវ​កិរិយាសម្រេច​ក្នុងវិមុត្តិដ៏ប្រសើរ។

[១៦៥] ម្នាលភិក្ខុទាំងឡាយ មហាជន តែងនិយាយសរសើរភិក្ខុណាថា (ភិក្ខុនេះ) ជាបុត្រ ជាឱរសរបស់ព្រះមានព្រះភាគ កើតពីព្រះឱស្ឋរបស់​ព្រះមានព្រះភាគ កើតអំពី​ធម៌ ធម៌និម្មិតឲ្យមក មានធម៌ជាមត៌ក មិនមែនមានអាមិសៈ​ជាមត៌កឡើយ ដែល​មហាជន​តែងនិយាយសរសើរ នូវភិក្ខុនោះ គឺសារីបុត្រហ្នឹងឯងថា (សារីបុត្រនេះ) ជាបុត្រ ជាឱរសរបស់ព្រះមានព្រះភាគ កើតពីព្រះឱស្ឋ របស់​ព្រះមានព្រះភាគ កើតពី​ធម៌ ធម៌និម្មិតឲ្យមក មានធម៌ជាមត៌ក មិនមែនមានអាមិសៈ​ជាមត៌កឡើយ។ ម្នាលភិក្ខុទាំងឡាយ សារីបុត្រ បានញុំាង​ធម្មចក្រដ៏ប្រសើរ ដែលតថាគត ឲ្យប្រព្រឹត្តទៅ​ហើយ ឲ្យប្រព្រឹត្តទៅតាម ដោយប្រពៃបាន។ ព្រះមានព្រះភាគ បានត្រាស់ភាសិតនេះ​ចប់ហើយ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយហើយចំពោះភាសិត របស់​ព្រះមានព្រះភាគ។

ចប់ អនុបទសូត្រ ទី១។

(ព្រះត្រៃបិដក ភាគ ២៦ ទំព័រទី ២១៤ ដល់ ២២៥ សុត្តន្តបិដក មជ្ឈិមនិកាយ ឧបរិបណ្ណាសកៈ; MN 111 - Anupada Sutta: One After Another)