អនុរាធសូត្រ

ពីវិគីភីឌា
Jump to navigation Jump to search

អនុរាធសូត្រ

[២០៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ជិតក្រុងវេសាលី។ សម័យនោះឯង ព្រះអនុរាធមានអាយុ នៅក្នុងអរញ្ញកុដិ ក្នុងទីជិតព្រះមានព្រះភាគ។ គ្រានោះ ពួក​បរិព្វាជក ជាអន្យតិរ្ថិយ​ច្រើន​រូប ចូលទៅរក​ព្រះអនុរាធមានអាយុ លុះចូលទៅដល់ ក៏ធ្វើ​សេចក្តី​រីករាយ ជាមួយនឹងព្រះអនុរាធមានអាយុ លុះបញ្ចប់​ពាក្យគួររីករាយ និងពាក្យ​គួរ​រឭក​ហើយ ក៏អង្គុយ​ក្នុងទីសមគួរ។ លុះបរិព្វាជក ជាអន្យតិរ្ថិយ​អម្បាលនោះ អង្គុយ​ក្នុង​ទីសម​គួរហើយ ក៏និយាយនឹង​ព្រះអនុរាធមានអាយុ ដូច្នេះថា ម្នាលអាវុសោ អនុរាធ ព្រះតថាគតណា ជាបុរសឧត្តម ជាបុរសដ៏ខ្ពង់ខ្ពស់ ដល់​នូវ​តំណែងដ៏ខ្ពង់ខ្ពស់ ព្រះតថាគតនោះ កាលនឹង​បញ្ញត្តនូវសត្វនោះ តែង​បញ្ញត្តក្នុង​ស្ថាន​៤នេះថា សត្វស្លាប់ទៅកើតទៀតក៏មាន សត្វស្លាប់ទៅមិនកើតទៀតក៏មាន សត្វ​ស្លាប់ទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះក៏មាន សត្វស្លាប់​ទៅ កើតទៀត​ក៏​មិនមែន មិន​កើតទៀត​ក៏មិនមែនក៏មាន។ កាលបើពួកបរិព្វាជក ជាអន្យតិរ្ថិយ ពោល​យ៉ាងនេះ​ហើយ ព្រះអនុរាធមានអាយុ ក៏និយាយ​នឹងពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ​ ដូច្នេះ​ថា ម្នាលអាវុសោ ព្រះតថាគតណា ជាបុរសដ៏ឧត្តម ជាបុរស​ដ៏ខ្ពង់ខ្ពស់ ដល់​នូវ​តំណែងដ៏ខ្ពង់ខ្ពស់ ព្រះតថាគតនោះ កាលនឹងបញ្ញត្តនូវសត្វនោះ តែង​បញ្ញត្ត​ក្រៅ​អំពី​ស្ថាន៤នេះថា សត្វស្លាប់ទៅ កើតទៀតក៏មាន សត្វស្លាប់ទៅ មិនកើតទៀតក៏មាន សត្វ​ស្លាប់ទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះក៏មាន សត្វស្លាប់​ទៅ កើតទៀត​ក៏​មិនមែន មិន​កើតទៀត​ក៏មិនមែនក៏មាន។ កាលព្រះអនុរាធ និយាយយ៉ាងនេះហើយ បរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ និយាយនឹង​ព្រះអនុរាធមានអាយុ យ៉ាងនេះថា ភិក្ខុ​នេះជាភិក្ខុ​ថ្មី បួសមិនទាន់បានយូរ ពុំនោះសោត លោកជាថេរៈដែរ តែល្ងង់មិន​ឈ្លាសវៃ។ លំដាប់​នោះ ពួកបរិព្វាជក ជាអន្យតិរ្ថិយ ក៏តិះដៀល​ព្រះអនុរាធមានអាយុ ដោយ​ពាក្យ​ថា នៅថ្មីផង ដោយពាក្យ​ថា ល្ងង់ផង ហើយក្រោកអំពីអាសនៈ ចៀសចេញទៅ។

[២០៩] កាលដែលបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ ចៀស​ចេញ​ទៅ មិនយូរ​ប៉ុន្មាន ព្រះអនុរាធមានអាយុ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា ប្រសិន​បើ​បរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ សួរអាត្មាអញ តទៅទៀត អាត្មាអញ នឹង​ព្យាករ​ ដល់​បរិព្វាជក ជាអន្យតិរ្ថិយ​ទាំងនោះ ដូចម្តេច ទើបឈ្មោះថា ពោល​តាមពាក្យ ដែល​ព្រះមានព្រះភាគ ពោលហើយផង មិនពោលបង្កាច់​ព្រះមានព្រះភាគ ដោយ​ពាក្យ​មិនពិតផង ឈ្មោះ​ថា ព្យាករនូវធម៌​ តាមធម៌ផង ពាក្យពោលនីមួយ ដែលប្រកបដោយ​ធម៌ មិនមកកាន់ស្ថាន ដែលបណ្ឌិត​គប្បីតិះដៀលផង។ គ្រានោះ ព្រះអនុរាធមាន​អាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ។បេ។ លុះ​ព្រះអនុរាធ​មានអាយុ គង់ក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូល​ព្រះមាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ​សម្រាកនៅ​ក្នុងអរញ្ញកុដិ ជិត​ព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ពួកបរិព្វាជក ជាអន្យតិរ្ថិយច្រើន​រូប ចូលមករកខ្ញុំព្រះអង្គ។បេ។ បាននិយាយនឹងខ្ញុំព្រះអង្គ ដូច្នេះថា ម្នាលអាវុសោ​អនុរាធ ព្រះតថាគតណា ជាបុរសដ៏ឧត្តម ជាបុរសដ៏ខ្ពង់ខ្ពស់ ដល់នូវ​តំណែង​ដ៏ខ្ពង់ខ្ពស់ ព្រះ​តថាគតនោះ កាលនឹងបញ្ញត្តសត្វនោះ តែងបញ្ញត្តក្នុងស្ថាន ទាំង៤នេះថា សត្វស្លាប់​ទៅ កើតទៀតក៏មាន សត្វស្លាប់ទៅ មិនកើតទៀតក៏មាន សត្វស្លាប់ទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះក៏មាន សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន​ក៏មាន។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេនិយាយ យ៉ាងនេះហើយ ខ្ញុំព្រះអង្គ ​ក៏​និយាយ​ទៅនឹង​បរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ ដូច្នេះថា ម្នាលអាវុសោ ព្រះតថាគត​ណា ជាបុរសដ៏ឧត្តម ជាបុរសដ៏ខ្ពង់ខ្ពស់ ដល់នូវ​តំណែង​ដ៏ខ្ពង់ខ្ពស់ ព្រះ​តថាគតនោះ កាលនឹង​បញ្ញត្តនូវសត្វនោះ តែងបញ្ញត្ត ក្រៅអំពីស្ថាន ៤ នេះថា សត្វស្លាប់​ទៅ កើតទៀតក៏មាន។បេ។ សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន​ក៏មាន។ បពិត្រព្រះអង្គដ៏ចំរើន កាលបើខ្ញុំព្រះអង្គនិយាយ យ៉ាងនេះហើយ ទើប​បរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ ​​និយាយមកនឹងខ្ញុំ​ព្រះអង្គ​វិញ ដូច្នេះថា ភិក្ខុនេះ ប្រហែលជាភិក្ខុថ្មី បួសមិនទាន់បានយូរ ពុំនោះសោត លោកជាថេរៈ​ដែរ តែ​ល្ងង់​មិនឈ្លាសវៃ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ បរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ តិះ​ដៀលខ្ញុំព្រះអង្គ ដោយពាក្យថា នៅថ្មីផង ដោយពាក្យថា ល្ងង់ផង ហើយក្រោក​ចាក​អាសនៈ ចៀសចេញទៅ។ បពិត្រព្រះអង្គដ៏ចំរើន កាលដែលបរិព្វាជក ជាអន្យតិរ្ថិយ​ទាំងនោះ ចៀសចេញទៅមិនយូរប៉ុន្មាន ខ្ញុំព្រះអង្គ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា បើ​បរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ សួរអាត្មាអញ តទៅទៀត អាត្មាអញ នឹងព្យាករ​ដល់​បរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ ដូចម្តេច ទើបឈ្មោះថា ពោលតាមពាក្យ ដែល​ព្រះមានព្រះភាគ ពោលហើយផង មិនឈ្មោះថា ពោលបង្កាច់ព្រះមានព្រះភាគ ដោយពាក្យមិនពិតផង ឈ្មោះថា ព្យាករនូវធម៌​តាមធម៌ផង ពាក្យពោលនីមួយ ដែល​ប្រកបដោយធម៌ មិនមកកាន់ស្ថាន ដែលបណ្ឌិតគប្បីតិះដៀលផង។

[២១០] ព្រះអង្គត្រាស់ថា ម្នាលអនុរាធ អ្នកសំគាល់​សេចក្តី​នោះ ដូចម្តេច រូប​ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់​ណាមិនទៀង របស់នោះ ជាទុក្ខ ឬ​ជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា ដែល​មិនទៀង ជាទុក្ខ មានសេចក្តី​ប្រែប្រួល​ជា​ធម្មតា គួរយល់ឃើញនូវរបស់នោះថា នុ៎ះជារបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួន​អញ ដូច្នេះដែរឬ។ មិនគួរ​យល់ឃើញ​យ៉ាងនោះទេ ព្រះអង្គ។ វេទនា។ សញ្ញា។ សង្ខារ​ទាំងឡាយ។ វិញ្ញាណទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ព្រោះហេតុ​នោះ ក្នុងសាសនានេះ។បេ។ អរិយសាវ័ក កាលឃើញយ៉ាងនេះ។បេ។ រមែង​ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[២១១] ម្នាលអនុរាធ អ្នកសំគាល់សេចក្តីនោះដូចម្តេច អ្នកពិចារណាឃើញ​នូវ​រូប ថាជាសត្វឬ។ មិនដូច្នោះទេ ព្រះអង្គ។ អ្នកពិចារណាឃើញ​នូវវេទនា។ នូវ​សញ្ញា។ នូវសង្ខារទាំងឡាយ។ នូវវិញ្ញាណ ថាជាសត្វឬ។ មិនដូច្នោះទេ ព្រះអង្គ។

[២១២] ម្នាលអនុរាធ  អ្នកសំគាល់សេចក្តីនោះដូចម្តេច អ្នកពិចារណាឃើញ​ថា សត្វមានក្នុង​រូបឬ។ មិនដូច្នោះទេ ព្រះអង្គ។ អ្នកពិចារណាឃើញ​ថា សត្វផ្សេង​អំពីរូបឬ។ មិនដូច្នោះទេ ព្រះអង្គ។ ក្នុងវេទនា។បេ។ ផ្សេងអំពីវេទនា។បេ។ ក្នុង​សញ្ញា។ ផ្សេងអំពីសញ្ញា។ ក្នុងសង្ខារទាំងឡាយ។ ផ្សេងអំពីសង្ខារទាំងឡាយ។ ក្នុង​វិញ្ញាណ។ អ្នកពិចារណាឃើញថា សត្វផ្សេងអំពីវិញ្ញាណឬ។ មិនដូច្នោះទេ ព្រះអង្គ។

[២១៣] ម្នាលអនុរាធ អ្នកសំគាល់សេចក្តីនោះដូចម្តេច អ្នកពិចារណាឃើញ​​រូប។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ អ្នកពិចារណាឃើញវិញ្ញាណ ថាជាសត្វឬ។ មិនដូច្នោះទេ ព្រះអង្គ។

[២១៤] ម្នាលអនុរាធ អ្នកសំគាល់សេចក្តីនោះដូចម្តេច អ្នកពិចារណាឃើញថា សត្វនេះ មិនមានរូប មិនមានវេទនា មិនមានសញ្ញា មិនមានសង្ខារ មិនមានវិញ្ញាណឬ។ មិនដូច្នោះទេ ព្រះអង្គ។ ម្នាលអនុរាធ ក៏ក្នុងរឿងនេះ កាលបើអ្នក​កំណត់ថា ជារបស់ទៀង ជារបស់ពិត ក្នុងបច្ចុប្បន្នហើយ ការ​ព្យាករណ៍​របស់​អ្នកនោះ គួរហើយឬ ថា ម្នាលអាវុសោ ព្រះតថាគតណា ជាបុរសដ៏ឧត្តម ជាបុរស​ដ៏​ខ្ពង់ខ្ពស់ ដល់នូវតំណែង​ដ៏ខ្ពង់ខ្ពស់ ព្រះតថាគតនោះ កាលនឹង​បញ្ញត្តនូវសត្វនោះ តែង​បញ្ញត្ត​ ក្រៅពីស្ថាន ៤នេះថា សត្វស្លាប់ទៅ កើតទៀតក៏មាន សត្វស្លាប់ទៅ ​មិន​កើត​ទៀតក៏មាន សត្វស្លាប់ទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះក៏មាន សត្វស្លាប់ទៅ កើត​ទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនក៏មាន។ មិនគួរទេ ព្រះអង្គ។ ម្នាលអនុរាធ ប្រពៃហើយ ប្រពៃហើយ ម្នាលអនុរាធ ក្នុងកាលមុនក្តី ក្នុងកាលឥឡូវនេះក្តី តថាគត​ បញ្ញត្តនូវទុក្ខ និងសេចក្តី​រលត់ទុក្ខ។


(ព្រះត្រៃបិដក ភាគ ៣៣ ទំព័រទី ២៦៥ ដល់ ២៧២) [SN 22.86; SN 44.2 Anuradha Sutta: To Anuradha]


អនុរាធសូត្រ

[៤០៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។  សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់​គង់​ក្នុងកូដាគារសាលា  នាមហាវន ជិតក្រុងវេសាលី។  សម័យនោះឯង  ព្រះអនុរាធ​ដ៏​មានអាយុ គង់ក្នុងអារញ្ញកុដិកា (កុដិតូចតាំងនៅក្នុងព្រៃ) ជិតព្រះដ៏មានព្រះភាគ។  លំដាប់នោះ  ពួកបរិព្វាជក ជាអន្យតិរ្ថិយច្រើនគ្នា ចូលសំដៅទៅរកព្រះអនុរាធដ៏មាន​អាយុ លុះចូលទៅដល់ហើយ  ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះអនុរាធដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ  និងពាក្យដែលគួររឭកហើយ  ក៏អង្គុយក្នុងទីដ៏សមគួរ។  លុះបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបនិយាយនឹង​ព្រះ​អនុរាធដ៏មានអាយុដូច្នេះថា ម្នាលអាវុសោអនុរាធ សត្វឯណា ជាបុរសដ៏ឧត្តម ជាបុរស​ដ៏ប្រសើរក្រៃលែង  ដល់នូវចំណែកនៃគុណ ដ៏ក្រៃលែង  ព្រះតថាគត កាលបញ្ញត្ត  ក៏​បញ្ញត្ត​នូវសត្វនោះ ក្នុងហេតុទាំង ៤ នេះ  គឺថា សត្វស្លាប់ទៅ កើតទៀត ១  សត្វស្លាប់ទៅ​មិនកើតទៀត ១ សត្វស្លាប់ទៅ មិនកើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះក៏មាន ១  សត្វ​ស្លាប់​ទៅ កើតទៀតក៏មិនមែន  មិនកើតទៀតក៏មិនមែន ១។   ម្នាលអាវុសោ ​សត្វឯណា​ជាបុរសដ៏ឧត្តម  ជាបុរសដ៏ប្រសើរក្រៃលែង  ដល់នូវចំណែកនៃគុណ ដ៏ក្រៃលែង  ព្រះតថាគត ​កាលបញ្ញត្ត រមែង​បញ្ញត្តនូវសត្វនោះ ដោយវៀរចាកហេតុ ទាំង ៤ នេះចេញ  គឺថា សត្វស្លាប់ទៅ កើតទៀត ១  សត្វស្លាប់ទៅ មិនកើតទៀត ១  សត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះក៏មាន ១ សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែន ១។

[៤០៥] កាលបើព្រះអនុរាធត្ថេរ ពោលយ៉ាងនេះហើយ  ទើបពួកបរិព្វាជក ជា​អន្យតិរ្ថិយទាំងនោះ បានពោលទៅនឹងព្រះអនុរាធដ៏មានអាយុ ដូច្នេះថា  ភិក្ខុ​នេះ ជាភិក្ខុ​ថ្មី  ទើបតែនឹងបួស  ឬជាភិក្ខុ​ចាស់ ប៉ុន្តែល្ងង់ខ្លៅ មិនឈ្លាសវៃ។  ទើបពួកបរិព្វាជក ជា​អន្យតិរ្ថិយទាំងនោះ ពោលបង្អាប់ព្រះអនុរាធដ៏មានអាយុ ដោយពោលថា ជាភិក្ខុ​ថ្មី​ផង  ដោយពាក្យថា ជាមនុស្សល្ងង់ខ្លៅផង  ហើយនាំគ្នាក្រោកចាកអាសនៈ ដើរចេញ​ទៅ។ លំដាប់នោះ  កាលដែលពួកបរិព្វាជក ជាអន្យតិរ្ថិយ ដើរចេញទៅ មិនយូរប៉ុន្មាន  ព្រះអនុរាធដ៏មានអាយុ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា  ប្រសិនបើពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ គប្បីសួរតទៅទៀត  តើអាត្មាអញ គួរព្យាករ ដល់ពួកបរិព្វាជក ជាអន្យតិរ្ថិយ​ទាំងនោះ ដូចម្តេចហ្ន៎  ទើបឈ្មោះថា ជាអ្នកពោលនូវពាក្យ ដែល​ព្រះដ៏​មាន​ព្រះភាគ ​ទ្រង់ត្រាស់ហើយផង មិនគប្បីពោលបង្កាច់ព្រះដ៏មានព្រះភាគ ដោយ​ពាក្យ​មិន​ពិតផង គប្បីព្យាករ នូវធម៌ដ៏សមគួរដល់ធម៌ផង ទាំងលំអាននៃពាក្យ ដែលប្រកបដោយ​ធម៌ណា​មួយ  ក៏មិនដល់នូវហេតុ ដែលគួរតិះដៀលផង។

[៤០៦] លំដាប់នោះ  ព្រះអនុរាធដ៏មានអាយុ បានចូលទៅគាល់​ព្រះដ៏មាន​ព្រះភាគ លុះចូលទៅដល់  ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ។ លុះព្រះអនុរាធដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះ​ភាគ ដូច្នេះថា  បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ នៅក្នុងអារញ្ញកុដិកា  ជិត​ព្រះដ៏មានព្រះភាគ។  បពិត្រព្រះអង្គដ៏ចំរើន  លំដាប់នោះ  ពួកបរិព្វាជក ជា​អន្យតិរ្ថិយច្រើននាក់  បានចូលមករកខ្ញុំព្រះអង្គ  លុះចូលមកដល់ហើយ  ក៏ធ្វើសេចក្តី​រីករាយ ជាមួយនឹងខ្ញុំព្រះអង្គ  លុះបញ្ចប់ពាក្យ ដែលគួររីករាយ ​និងពាក្យដែលគួរជា​ទីរឭក​ហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ បពិត្រព្រះអង្គដ៏ចំរើន លុះបរិព្វាជក ជា​អន្យតិរ្ថិយ​ទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ  បាននិយាយនឹងខ្ញុំព្រះអង្គ ដូច្នេះថា  ម្នាល​អាវុសោអនុរាធ  សត្វឯណា ជាបុរសដ៏ឧត្តម  ជាបុរសដ៏ប្រសើរក្រៃលែង  ជាអ្នកដល់​នូវ​ចំណែក នៃគុណដ៏ក្រៃលែង  ព្រះតថាគត កាលបញ្ញត្ត ក៏រមែង​បញ្ញត្ត នូវសត្វនោះ​ក្នុងហេតុ​ទាំង ​៤ យ៉ាងនេះ  គឺថា សត្វស្លាប់ទៅ កើតទៀត ១។ បេ។  សត្វស្លាប់ទៅ កើតទៀត​ក៏មិនមែន មិនកើតទៀតក៏មិនមែន ១។ ​បពិត្រព្រះអង្គដ៏ចំរើន កាលបើពួកបរិព្វាជក ​ជា​អន្យតិរ្ថិយ ពោលយ៉ាងនេះហើយ  ខ្ញុំព្រះអង្គ ក៏បានពោល​ទៅនឹង​ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ ដូច្នេះថា ម្នាលអាវុសោ  សត្វឯណា ជា​បុរស​ដ៏ឧត្តម ជាបុរសដ៏ប្រសើរ​ក្រៃលែង ជាអ្នកដល់នូវចំណែកនៃគុណ ដ៏ក្រែលែង  ព្រះតថាគត កាលបញ្ញត្ត  ក៏រមែង​​បញ្ញត្តនូវសត្វនោះ ដោយវៀរចាកហេតុ ទាំង ៤ យ៉ាងនេះចេញ  គឺថា សត្វស្លាប់ទៅ ​កើត​ទៀត ១។ បេ។  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែន ១។  បពិត្រ​ព្រះអង្គដ៏ចំរើន កាលបើខ្ញុំព្រះអង្គ ពោលយ៉ាងនេះហើយ  បរិព្វាជក ជាអន្យតិរ្ថិយ​ទាំងនោះ​បានពោលនឹងខ្ញុំព្រះអង្គ ដូច្នេះថា  លោកនេះ ជាភិក្ខុ​ថ្មី ទើបតែនឹងបួស  ឬជា​ភិក្ខុ​ចាស់ តែល្ងង់ខ្លៅ  មិនឈ្លាសវៃ ។  បពិត្រព្រះអង្គដ៏ចំរើន  ទើបបរិព្វាជក ជា​អន្យតិរ្ថិយទាំងនោះ បានពោលបង្អាប់ខ្ញុំព្រះអង្គ ដោយពាក្យថា ជាភិក្ខុ​ថ្មីផង ដោយពាក្យ​ថា ល្ងង់ខ្លៅផង ហើយនាំគ្នាក្រោកចាកអាសនៈ ដើរចេញទៅ។ ​បពិត្រព្រះអង្គដ៏ចំរើន  កាលពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ ចេញទៅមិនយូរប៉ុន្មាន ខ្ញុំព្រះអង្គ ក៏មានសេចក្តី​ត្រិះរិះ ​ដូច្នេះថា ប្រសិនបើពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ គប្បីសួរអាត្មាអញ​តទៅ​ទៀត តើគួរអាត្មាអញ ព្យាករដល់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ ដូចម្តេចហ្ន៎  ទើប​ឈ្មោះថា ជាអ្នកពោលតាមពាក្យ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហើយផង  មិន​ពោល​​បង្កាច់ព្រះដ៏មានព្រះភាគ ដោយពាក្យមិនពិតផង  គប្បីព្យាករនូវធម៌ ដ៏សមគួរដល់ធម៌ផង ទាំងការពោលតាមលំអាននៃពាក្យ ដែលប្រកបដោយធម៌ណាមួយ  ក៏មិនដល់​នូវហេតុ ដែលគួរតិះដៀលផង។

[៤០៧] ម្នាលអនុរាធ  អ្នកសំគាល់សេចក្តីនោះ ដូចម្តេច  រូបទៀង ឬមិនទៀង។  មិន​ទៀងទេ ព្រះអង្គ។  រូបឯណាមិនទៀង  តើរូបនោះ ជាទុក្ខ ឬជាសុខ។ ​ជាទុក្ខ ព្រះអង្គ។  រូបឯណា មិនទៀងជាទុក្ខ  មានសេចក្តីប្រែប្រួលជាធម្មតា  គួរយល់ឃើញ​នូវរូបនោះថា នុ៎ះរបស់អាត្មាអញ  នុ៎ះជាអាត្មាអញ  នុ៎ះជាខ្លួនរបស់អាត្មាអញដែរឬ។  ហេតុនោះមិនគួរទេ ព្រះអង្គ។  ចុះវេទនាទៀង ឬមិនទៀង។ បេ។  ចុះសញ្ញា  សង្ខារ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។  ចុះវិញ្ញាណឯណា មិនទៀង  តើវិញ្ញាណនោះ ជាទុក្ខ ឬជាសុខ។  ជាទុក្ខ ព្រះអង្គ។  ចុះវិញ្ញាណឯណា មិនទៀងជាទុក្ខ  មានសេចក្តីប្រែប្រួលជាធម្មតា  គួរយល់ឃើញ នូវវិញ្ញាណនោះថា  នុ៎ះរបស់អាត្មាអញ  នុ៎ះជាអាត្មាអញ  នុ៎ះជាខ្លួនរបស់អាត្មាអញដែរឬ។  ហេតុនោះ មិនគួរទេ ព្រះអង្គ។

[៤០៨] ម្នាលអនុរាធ  ព្រោះហេតុនោះ  រូបឯណានីមួយជាអតីត  អនាគត បច្ចុប្បន្ន  ទោះខាងក្នុងក្តី  ខាងក្រៅក្តី  គ្រោតគ្រាតក្តី  ល្អិតក្តី  ថោកទាបក្តី  ថ្លៃថ្លាក្តី  រូបឯណាដែលនៅក្នុងទីឆ្ងាយក្តី  ក្នុងទីជិតក្តី  រូបទាំងអស់នោះ គ្រាន់តែជារូបប៉ុណ្ណោះ បុគ្គលគប្បីយល់ឃើញនូវរូបនុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ តាមសេចក្តីពិត យ៉ាងនេះថា នុ៎ះមិន​មែន​របស់អាត្មាអញទេ​នុ៎ះមិនមែនជាអាត្មាអញទេ  នុ៎ះមិនមែនជាខ្លួនអាត្មាអញ​ទេ។ វេទនា​ឯណានីមួយ ជាអតីត  អនាគត បច្ចុប្បន្ន  សញ្ញាឯណានីមួយ  សង្ខារទាំងឡាយ​​ឯណានីមួយ  វិញ្ញាណឯណានីមួយ ជាអតីត  អនាគត បច្ចុប្បន្ន  ទោះខាងក្នុងក្តី  ខាងក្រៅក្តី  គ្រោតគ្រាតក្តី  ល្អិតក្តី  ថោកទាបក្តី  ថ្លៃថ្លាក្តី ​វិញ្ញាណឯណា ដែលនៅក្នុង​ទីឆ្ងាយក្តី ក្នុងទីជិតក្តី  វិញ្ញាណទាំងអស់នោះ គ្រាន់តែជាវិញ្ញាណប៉ុណ្ណោះ  បុគ្គលគប្បី​យល់ឃើញ នូវវិញ្ញាណនុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ តាមសេចក្តីពិត យ៉ាងនេះថា  នុ៎ះមិនមែន​របស់អាត្មាអញទេ នុ៎ះមិនមែនជាអាត្មាអញទេ  នុ៎ះមិនមែនជាខ្លួនអាត្មាអញ​ទេ។ ម្នាល​អនុរាធ អរិយសាវក អ្នកចេះដឹង  កាលបើឃើញយ៉ាងនេះ  រមែង​នឿយណាយ ក្នុង​រូបផង នឿយណាយក្នុងវេទនាផង  នឿយណាយក្នុងសញ្ញាផង  នឿយណាយក្នុង​សង្ខារ​ទាំងឡាយផង  នឿយណាយក្នុងវិញ្ញាណផង  កាលបើនឿយ​ណាយ ចិត្តក៏ប្រាស​ចាកតម្រេក  ព្រោះប្រាសចាកតម្រេក  ចិត្តក៏ផុតស្រឡះ ចាក​(អាសវៈ)។ កាលបើ​ចិត្តផុតស្រឡះហើយ  ញាណក៏កើតឡើងថា  ចិត្តផុតស្រឡះហើយ។  អរិយសាវក​នោះ​ដឹងច្បាស់ថា  ជាតិអស់ហើយ  ព្រហ្មចរិយធម៌ អាត្មាអញ បាននៅស្រេចហើយ  សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ  មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោ​ឡ​ស​កិច្ចនេះ ទៀតមិនមានឡើយ។

[៤០៩] ម្នាលអនុរាធ ​អ្នកសំគាល់សេចក្តីនោះ ដូចម្តេច  អ្នកពិចារណា ឃើញ​នូវរូប ថាជាសត្វឬ។ មិនមែនដូច្នោះទេ  ព្រះអង្គ។  អ្នកពិចារណាឃើញនូវ​វេទនា ថាជាសត្វឬ។  មិនមែនដូច្នោះទេ  ព្រះអង្គ។  ​អ្នកពិចារណាឃើញនូវសញ្ញា ថា​ជាសត្វឬ។  មិនមែនដូច្នោះទេ  ព្រះអង្គ។  អ្នកពិចារណាឃើញនូវសង្ខារ​ទាំងឡាយ​ថាជាសត្វឬ។ មិនមែនដូច្នោះទេ  ព្រះអង្គ។  អ្នកពិចារណាឃើញនូវវិញ្ញាណ​ថាជា​សត្វឬ។  មិនមែនដូច្នោះទេ  ព្រះអង្គ។

[៤១០] ម្នាលអនុរាធ  អ្នកសំគាល់សេចក្តីនោះ ដូចម្តេច  អ្នកពិចារណា​ឃើញថា សត្វក្នុងរូបឬ។  មិនមែនដូច្នោះទេ  ព្រះអង្គ។  អ្នកពិចារណាឃើញថា សត្វ​ក្រៅ​អំពីរូបឬ។  មិនមែនដូច្នោះទេ  ព្រះអង្គ។  អ្នកពិចារណាឃើញថា សត្វ​ក្នុង​វេទនាឬ។  មិនមែនដូច្នោះទេ  ព្រះអង្គ។  អ្នកពិចារណាឃើញថា សត្វក្រៅ​អំពី​វេទនាឬ។  បេ។ ក្នុងសញ្ញាឬ។ បេ។  ក្រៅអំពីសញ្ញាឬ។ បេ។  ក្នុងសង្ខារ​ទាំងឡាយឬ។ បេ។ ក្រៅអំពីសង្ខារទាំងឡាយឬ។បេ។  អ្នកពិចារណាឃើញថា ​សត្វក្នុងវិញ្ញាណឬ។ មិនមែនដូច្នោះទេ  ព្រះអង្គ។  អ្នកពិចារណាឃើញថា សត្វក្រៅ​អំពីវិញ្ញាណឬ។  មិនមែនដូច្នោះទេ  ព្រះអង្គ។

[៤១១] ម្នាលអនុរាធ  អ្នកសំគាល់សេចក្តីនោះ ដូចម្តេច  អ្នកពិចារណា​ឃើញ​នូវរូប វេទនា  សញ្ញា សង្ខារ  វិញ្ញាណ ថាជាសត្វឬ។  មិនមែនដូច្នោះទេ  ព្រះអង្គ។

[៤១២] ម្នាលអនុរាធ  អ្នកសំគាល់សេចក្តីនោះ ដូចម្តេច  អ្នកពិចារណាឃើញ​ថាសត្វនេះគ្មានរូប គ្មានវេទនា  គ្មានសញ្ញា  គ្មានសង្ខារ  គ្មានវិញ្ញាណឬ។  មិនមែន​ដូច្នោះទេ  ព្រះអង្គ។  ម្នាលអនុរាធ  សភាវៈដែលអ្នកមិនត្រូវបានដោយពិត​ឬដោយ​ទៀងទាត់ ក្នុងបច្ចុប្បន្ននេះ អ្នកគួរឃើញដែរឬ  ត្រង់ពាក្យព្យាករណ៍នេះថា  ម្នាល​អាវុសោ  សត្វឯណា ជាបុរសដ៏ឧត្តម  ជាបុរសដ៏ប្រសើរក្រៃលែង  ជាអ្នកដល់នូវ​ចំណែក​នៃ​គុណ​ដ៏ក្រៃលែង  ព្រះតថាគត កាលបញ្ញត្ត  ក៏រមែង​បញ្ញត្តនូវសត្វនោះ ដោយ​វៀរចាកហេតុ ទាំង ៤ នោះចេញ  គឺថា សត្វស្លាប់ទៅ កើតទៀត ១។ បេ។ សត្វស្លាប់​ទៅ​កើតទៀតក៏មិនមែន  មិនកើតទៀតក៏មិនមែន ១។  មិនមែនដូច្នោះទេ  ព្រះអង្គ។  សាធុ ៗ អនុរាធ  ម្នាលអនុរាធ  ក្នុងកាលពីមុនក្តី  ក្នុងកាលឥឡូវនេះក្តី  តថាគត ក៏បញ្ញត្ត​នូវទុក្ខ​និងហេតុជាទីរលត់នៃទុក្ខ ប៉ុណ្ណោះឯង។

(ព្រះត្រៃបិដក ភាគ ៣៦ ទំព័រទី ៣៨៩ ដល់ ៣៩៨) [SN 22.86; SN 44.2 Anuradha Sutta: To Anuradha]