អភយសូត្រ

ពីវិគីភីឌា
Jump to navigation Jump to search

អភយសូត្រ

[៣៤] គ្រានោះ ជានុស្សោណិព្រាហ្មណ៍ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ លុះជានុស្សោណិ ព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ពួកយើងខ្ញុំ តែងនិយាយយ៉ាងនេះ តែងយល់យ៉ាងនេះថា បុគ្គលអ្នកមានសេចក្តីស្លាប់ជាធម្មតា មិនខ្លាច មិនតក់ស្លុត នឹងសេចក្តីស្លាប់ មិនដែល មានឡើយ ។ ម្នាលព្រាហ្មណ៍ បុគ្គលអ្នកមានសេចក្តីស្លាប់ជាធម្មតា ខ្លាច តក់ស្លុត នឹងសេចក្តីស្លាប់ក៏មាន ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលអ្នកមានសេចក្តីស្លាប់ ជាធម្មតា មិនខ្លាច មិនតក់ស្លុតនឹងសេចក្តីស្លាប់ក៏មាន ។ ម្នាលព្រាហ្មណ៍ ចុះបុគ្គល អ្នកមានសេចក្តីស្លាប់ ជាធម្មតា ខ្លាច តក់ស្លុតនឹងសេចក្តីស្លាប់ តើដូចម្ដេច ។ ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនទាន់បា្រសចាកតម្រេក មិនទាន់បា្រសចាកសេចក្តីពេញចិត្ត មិនទាន់បា្រសចាកសេចក្តីស្រឡាញ់ មិនទាន់បា្រសចាកសេចក្តីស្រេកឃ្លាន មិនទាន់បា្រសចាកសេចក្តីក្ដៅក្រហាយ មិនទាន់បា្រសចាកចំណង់ ក្នុងកាមទាំងឡាយ បុគ្គលនោះ កើតរោគធ្ងន់ណាមួយ កាលបើបុគ្គលនោះ កើតរោគធ្ងន់ណាមួយហើយ តែងត្រិះរិះ យ៉ាងនេះថា កាមទាំងឡាយ ដែលជាទីស្រឡាញ់ នឹងលះបង់អាត្មាអញ អាត្មាអញ មុខជានឹងលះបង់កាមទាំងឡាយ ជាទីស្រឡាញ់ដែរ ។ បុគ្គលនោះ ក៏សោក ស្ដាយ លំបាក ខ្សឹកខ្សួល គក់ទ្រូង យំទួញ ដល់នូវសេចក្តីវង្វេង ។ ម្នាលព្រាហ្មណ៍ បុគ្គលអ្នកមានសេចក្តីស្លាប់ ជាធម្មតានេះឯង តែងខ្លាច តក់ស្លុត នឹងសេចក្តីស្លាប់ ។ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនទាន់បា្រសចាកតម្រេក មិនទាន់បា្រសចាកសេចក្តីពេញចិត្ត មិនទាន់បា្រសចាកសេចក្តីស្រឡាញ់ មិនទាន់បា្រស ចាកសេចក្តីស្រេកឃ្លាន មិនទាន់បា្រសចាកសេចក្តីក្ដៅក្រហាយ មិនទាន់បា្រសចាក ចំណងក្នុងកាយ បុគ្គលនោះ កើតរោគធ្ងន់ណាមួយ កាលបើបុគ្គលនោះ កើតរោគធ្ងន់ណាមួយហើយ តែងត្រិះរិះ យ៉ាងនេះថា រាងកាយជាទីស្រឡាញ់ នឹងលះបង់អាត្មាអញ អាត្មាអញ នឹងលះបង់រាងកាយជាទីស្រឡាញ់ដែរ ។ បុគ្គលនោះ ក៏សោកស្ដាយ លំបាក ខ្សឹកខ្សួល គក់ទ្រូង យំទួញ ដល់នូវសេចក្តីវង្វេង ។ ម្នាលព្រាហ្មណ៍ បុគ្គលអ្នកមានសេចក្តីស្លាប់ ជាធម្មតានេះឯង តែងខ្លាច តក់ស្លុត នឹងសេចក្តីស្លាប់ ។ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនបានធ្វើអំពើល្អ មិនបានធ្វើកុសល មិនបានធ្វើអំពើជាទីការពារភ័យ ធ្វើតែបាប ធ្វើតែអំពើអាក្រក់ ធ្វើតែអំពើលាមក ហើយបុគ្គលនោះ ក៏កើតរោគធ្ងន់ណាមួយ កាលបើបុគ្គលនោះ កើតរោគធ្ងន់ណាមួយហើយ តែងត្រិះរិះ យ៉ាងនេះថា ឱ អាត្មាអញ មិនបានធ្វើអំពើល្អ មិនបានធ្វើកុសល មិនបានធ្វើអំពើជាទីការពារភ័យ ធ្វើតែបាប ធ្វើតែអំពើអាក្រក់ ធ្វើតែអំពើលាមក អើហ្ន៎ គតិរបស់បុគ្គល ដែលមិនបានធ្វើអំពើល្អ មិនបានធ្វើកុសល មិនបានធ្វើអំពើជាទីការពារភ័យ ធ្វើតែបាប ធ្វើតែអំពើអាក្រក់ ធ្វើតែអំពើលាមក ត្រឹមណា អាត្មាអញ លះលោកនេះហើយ នឹងទៅកាន់គតិនោះ ។ បុគ្គលនោះ ក៏សោកស្ដាយ លំបាក ខ្សឹកខ្សួល គក់ទ្រូង យំទួញ ដល់នូវសេចក្តីវង្វេង ។ ម្នាលព្រាហ្មណ៍ បុគ្គលអ្នកមានសេចក្តីស្លាប់ ជាធម្មតានេះឯង តែងខ្លាច តក់ស្លុត នឹងសេចក្តីស្លាប់ ។ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានសេចក្តីសន្ទិះ សង្ស័យ មិនជឿស៊ប់ ក្នុងព្រះសទ្ធម្ម បុគ្គលនោះ កើតរោគធ្ងន់ណាមួយ កាលបើបុគ្គលនោះ កើតរោគធ្ងន់ណាមួយហើយ តែងត្រិះរិះ យ៉ាងនេះថា ឱ អាត្មាអញ មានសេចក្តីសន្ទិះ សង្ស័យ មិនជឿស៊ប់ក្នុងព្រះសទ្ធម្ម ។ បុគ្គលនោះ ក៏សោកស្ដាយ លំបាក ខ្សឹកខ្សួល គក់ទ្រូង យំទួញ ដល់នូវសេចក្តីវង្វេង ។ ម្នាលព្រាហ្មណ៍ បុគ្គលអ្នកមានសេចក្តីស្លាប់ ជាធម្មតានេះឯង តែងខ្លាច តក់ស្លុតនឹងសេចក្តីស្លាប់ ។ ម្នាលព្រាហ្មណ៍ បុគ្គលអ្នកមានសេចក្តីស្លាប់ ជាធម្មតា ៤ ពួកនេះឯង តែងខ្លាច តក់ស្លុតនឹងសេចក្តីស្លាប់ ។ ម្នាលព្រាហ្មណ៍ ចុះបុគ្គលអ្នកមានសេចក្តីស្លាប់ ជាធម្មតា មិនខ្លាច មិនតក់ស្លុត នឹងសេចក្តីស្លាប់ តើដូចម្ដេច ។ ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកបា្រសចាកតម្រេក បា្រសចាកសេចក្តីពេញចិត្ត បា្រសចាកសេចក្តីស្រឡាញ់ បា្រសចាកសេចក្តីស្រេកឃ្លាន បា្រសចាកសេចក្តីក្ដៅក្រហាយ បា្រសចាកចំណង់ ក្នុងកាមទាំងឡាយ បុគ្គលនោះ កើតរោគធ្ងន់ណាមួយ កាលបើបុគ្គលនោះ កើតរោគធ្ងន់ណាមួយហើយ មិនដែលត្រិះរិះ យ៉ាងនេះថា កាមទាំងឡាយ ដែលជាទីស្រឡាញ់ នឹងលះបង់ អាត្មាអញ អាត្មាអញ មុខជានឹងលះបង់កាមទាំងឡាយ ជាទីស្រឡាញ់ដែរ ។ បុគ្គលនោះ មិនសោកស្ដាយ មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង យំទួញ មិនដល់នូវសេចក្តីវង្វេង ។ ម្នាលព្រាហ្មណ៍ បុគ្គលអ្នកមានសេចក្តីស្លាប់ ជាធម្មតានេះឯង តែងមិនខ្លាច មិនតក់ស្លុតនឹងសេចក្តីស្លាប់ ។ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកបា្រសចាកតម្រេក បា្រសចាកសេចក្តីពេញចិត្ត បា្រសចាកសេចក្តីស្រឡាញ់ បា្រសចាកសេចក្តីស្រេកឃ្លាន បា្រសចាកសេចក្តីក្ដៅក្រហាយ បា្រសចាកចំណង់ ក្នុងកាយ បុគ្គលនោះ កើតរោគធ្ងន់ណាមួយ កាលបើបុគ្គលនោះ កើតរោគធ្ងន់ណាមួយហើយ មិនដែលត្រិះរិះ យ៉ាងនេះថា ឱរាងកាយ ដែលជាទីស្រឡាញ់ នឹងលះបង់អាត្មាអញ អាត្មាអញ មុខជានឹងលះបង់រាងកាយជាទីស្រឡាញ់ដែរ ។ បុគ្គលនោះ មិនសោកស្ដាយ មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូងយំទួញ មិនដល់នូវសេចក្តីវង្វេង ។ ម្នាលព្រាហ្មណ៍ បុគ្គល អ្នកមានសេចក្តីស្លាប់ ជាធម្មតានេះឯង តែងមិនខ្លាច មិនតក់ស្លុតនឹងសេចក្តីស្លាប់ ។ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនធ្វើបាប មិនធ្វើអំពើអាក្រក់ មិនធ្វើអំពើលាមក ធ្វើតែអំពើល្អ ធ្វើតែកុសល ធ្វើតែអំពើជាទីការពារភ័យ បុគ្គលនោះ កើតរោគធ្ងន់ណាមួយ កាលបើបុគ្គលនោះ កើតរោគធ្ងន់ណាមួយហើយ តែងត្រិះរិះ យ៉ាងនេះថា ឱ អាត្មាអញ មិនដែលធ្វើអំពើបាប មិនធ្វើអំពើអាក្រក់ មិនធ្វើអំពើលាមកទេ ធ្វើតែអំពើល្អ ធ្វើតែកុសល ធ្វើតែអំពើជាទីការពារភ័យ អើហ្ន៎ គតិរបស់បុគ្គល ដែលមិនបានធ្វើបាប មិនបានធ្វើអំពើអាក្រក់ មិនបានធ្វើអំពើលាមក ធ្វើតែអំពើល្អ ធ្វើតែកុសល ធ្វើតែអំពើជាទីការពារភ័យ ត្រឹមណា អាត្មាអញ លះលោកនេះហើយ នឹងទៅកាន់គតិនោះ ។ បុគ្គលនោះ ក៏មិនសោកស្ដាយ មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូងយំទួញ មិនដល់នូវសេចក្តីវង្វេង ។ ម្នាលព្រាហ្មណ៍ បុគ្គលអ្នកមានសេចក្តីស្លាប់ ជាធម្មតានេះឯង តែងមិនខ្លាច មិនតក់ស្លុតនឹងសេចក្តីស្លាប់ ។ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនមានសេចក្តីសន្ទិះ សង្ស័យ ជាបុគ្គលជឿស៊ប់ ក្នុងព្រះសទ្ធម្ម បុគ្គលនោះ កើតរោគធ្ងន់ណាមួយ កាលបើ បុគ្គលនោះ កើតរោគធ្ងន់ណាមួយហើយ តែងត្រិះរិះ យ៉ាងនេះថា ឱ អាត្មាអញ លែងសន្ទិះ សង្ស័យ បានជឿស៊ប់ ក្នុងព្រះសទ្ធម្មហើយ ។ បុគ្គលនោះ មិនសោកស្ដាយ មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង យំទួញ មិនដល់នូវសេចក្តីវង្វេង ។ ម្នាលព្រាហ្មណ៍ បុគ្គលអ្នកមានសេចក្តីស្លាប់ ជាធម្មតានេះឯង តែងមិនខ្លាច មិនតក់ស្លុតនឹងសេចក្តីស្លាប់ ។ ម្នាលព្រាហ្មណ៍ បុគ្គលអ្នកមានសេចក្តីស្លាប់ ជាធម្មតា ៤ ពួកនេះឯង តែងមិនខ្លាច មិនតក់ស្លុតនឹងសេចក្តីស្លាប់ ។ បពិត្រព្រះគោតមដ៏ចម្រើន ភ្លឺច្បាស់ណាស់ ។ បេ ។ សូមព្រះគោតមដ៏ចម្រើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់សរណៈ ស្មើជីវិត តាំងពីថ្ងៃនេះទៅ ។

ឯកសារយោង[កែប្រែ]

ព្រះត្រៃបិដក > សុត្តន្តបិដក > អង្គុត្តរនិកាយ > ចតុក្កនិបាត​ > ចតុត្ថភាគ > យោធាជីវវគ្គ (សៀវភៅ​ភាគ៤៣ ទំព័រទី ៨០)

To Prince Abhaya: Abhaya Rāja-kumāra Sutta  (MN 58)