Jump to content

អភិណ្ហបច្ចវេក្ខិតព្វឋានសូត្រ

ពីវិគីភីឌា

ព្រះត្រៃបិដក > សុត្តន្តបិដក > អង្គុត្តរនិកាយ > បញ្ចកនិបាត > នីវរណវគ្គ

អភិណ្ហបច្ចវេក្ខិតព្វឋានសូត្រ (ឋានសូត្រ) [កែប្រែ]
[កែប្រែ]

[៥៧]​ ម្នាលភិក្ខុទាំងឡាយ ស្ថាន ៥​ យ៉ាងនេះ ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗ។ ស្ថាន ៥ យ៉ាង តើដូចម្តេច?

ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗ ថា "អាត្មាអញ មានជរាជាធម្មតា មិនកន្លងជរាទៅបានឡើយ។"

ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗ ថា "អាត្មាអញ មានព្យាធិ ជាធម្មតា មិនកន្លង​ព្យាធិទៅបានឡើយ ។"

ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណា​រឿយៗថា "អាត្មាអញ មានសេចក្តីស្លាប់ ជាធម្មតា មិនកន្លងសេចក្តីស្លាប់ទៅបានឡើយ ។"

ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗ ថា "អាត្មាអញ តែងមានសេចក្តី​ព្រាត់ប្រាស និរាសចាកសត្វ និងសង្ខារ ជាទីស្រឡាញ់ ជាទី​គាប់ចិត្តទាំងពួង ។"

ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗថា "អាត្មាអញ មានកម្មជារបស់ខ្លួន មានកម្ម​ជាមរតក មានកម្មជាកំណើត ​មានកម្មជាផៅពង្ស មានកម្មជាទីរលឹក អាត្មាអញ នឹងធ្វើនូវ​កម្មណា ទោះល្អក្តី អាក្រក់ក្តី នឹងជាអ្នកទទួលនូវផលនៃកម្មនោះ ។"

ម្នាលភិក្ខុទាំងឡាយ ចុះស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗថា "អាត្មាអញ មានជរា ជាធម្មតា មិនកន្លងជរាទៅបាន។" តើព្រោះអាស្រ័យ​អំណាច​ប្រយោជន៍​ដូចម្តេច?

ម្នាលភិក្ខុទាំងឡាយ ពួកសត្វតែងមានសេចក្តីស្រវឹង ក្នុងវ័យដ៏ចម្រើន ដែលជា​ហេតុនាំឲ្យពួកសត្វ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិត​ដោយចិត្ត។ កាលបើបុគ្គលនោះ ពិចារណាស្ថាននោះ រឿយៗហើយ ក៏លះបង់​យោព្វនមទៈ ​(សេចក្តី​ស្រវឹង ក្នុងវ័យដ៏ចម្រើន) ដោយសព្វគ្រប់ ឬពុំនោះសោត ក៏គង់​ស្រាលស្តើងទៅបាន។ ម្នាលភិក្ខុទាំងឡាយ ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណា​រឿយៗថា "អាត្មាអញ មានជរា ជាធម្មតា មិនកន្លងជរាទៅបាន។" ព្រោះអាស្រ័យ​អំណាច​ប្រយោជន៍នេះឯង។

ម្នាលភិក្ខុទាំងឡាយ ចុះស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗថា "អាត្មាអញ មានព្យាធិ ជាធម្មតា មិនកន្លងព្យាធិទៅបាន។" តើព្រោះ​អាស្រ័យអំណាចប្រយោជន៍ ដូចម្តេច?

ម្នាលភិក្ខុទាំងឡាយ ពួកសត្វតែងមាន​សេចក្តី​ស្រវឹង ក្នុងភាពនៃខ្លួនជាមិន​មានរោគ ដែលជាហេតុនាំឲ្យពួកសត្វ ប្រព្រឹត្តទុច្ចរិត​ដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិត​ដោយចិត្ត។ កាលបើបុគ្គលនោះ ពិចារណា នូវស្ថាននោះរឿយៗ ហើយ គង់លះបង់ អារោគ្យមទៈ (សេចក្តីស្រវឹង ក្នុងភាវៈ​នៃខ្លួន​មិនមានរោគ) ដោយសព្វគ្រប់ ឬពុំនោះសោត គង់ស្រាលស្តើងទៅបាន។ ម្នាលភិក្ខុ​ទាំងឡាយ ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗ ថា "អាត្មាអញ មានព្យាធិ​ជាធម្មតា មិនកន្លងព្យាធិទៅបាន" ព្រោះអាស្រ័យអំណាចប្រយោជន៍នេះឯង។

ម្នាលភិក្ខុទាំងឡាយ ចុះស្រ្តីក្តី បុរសក្តី​ គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយ ៗ ថា "អាត្មាអញ មានសេចក្តីស្លាប់ជាធម្មតា មិនកន្លងសេចក្តីស្លាប់ទៅបាន។" តើព្រោះអាស្រ័យ​អំណាច​ប្រយោជន៍ដូចម្តេច?

ម្នាលភិក្ខុទាំងឡាយ ពួកសត្វតែងមានសេចក្តីស្រវឹង ក្នុងជីវិត ដែលជាហេតុនាំឲ្យពួកសត្វប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត។ កាលបើបុគ្គលនោះ ពិចារណានូវស្ថាននោះរឿយ ៗ ហើយ គង់លះបង់ជីវិតមទៈ (សេចក្តីស្រវឹងក្នុងជីវិត) ដោយសព្វគ្រប់ ឬពុំនោះសោត គង់ស្រាល​ស្តើងទៅបាន។ ម្នាលភិក្ខុទាំងឡាយ ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយ ៗ ថា "អាត្មាអញ មានសេចក្តីស្លាប់ ជាធម្មតា មិនកន្លងសេចក្តីស្លាប់ទៅបាន" ព្រោះ​អាស្រ័យ​អំណាចប្រយោជន៍នេះឯង។

ម្នាលភិក្ខុទាំងឡាយ ចុះស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗ ថា "អាត្មាអញ តែងមានសេចក្តី​ព្រាត់ប្រាស និរាសចាកសត្វ និងសង្ខារ ជាទីស្រឡាញ់ ជាទីគាប់ចិត្តទាំងពួង។" តើព្រោះអាស្រ័យ​អំណាចប្រយោជន៍ដូចម្តេច?

ម្នាល​ភិក្ខុ​ទាំងឡាយ ពួកសត្វតែងមានតម្រេកក្រៃលែង ក្នុងសត្វ និងសង្ខារ ជាទីស្រឡាញ់ ជាទីគាប់ចិត្ត ដែលជាហេតុនាំឲ្យសត្វ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត។ កាល​បើបុគ្គលនោះ ពិចារណា នូវស្ថាននោះរឿយៗ ហើយ គង់លះបង់ឆន្ទរាគ (តម្រេកក្រៃ​លែង) ក្នុងសត្វ និងសង្ខារ ដោយសព្វគ្រប់ ឬពុំនោះសោត គង់ស្រាលស្តើងទៅបាន។ ម្នាលភិក្ខុទាំងឡាយ ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណា​រឿយ ៗ ថា "អាត្មាអញ មានសេចក្តីព្រាត់ប្រាស និរាសចាកសត្វ និងសង្ខារ ជាទីស្រឡាញ់ ជាទីគាប់ចិត្តទាំងពួង ព្រោះអាស្រ័យអំណាចប្រយោជន៍នេះឯង។"

ម្នាលភិក្ខុទាំងឡាយ ចុះស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗ ថា "អាត្មាអញ មានកម្មជារបស់ខ្លួន មានកម្មជាមរតក មានកម្មជាកំណើត មានកម្មជាផៅពង្ស មាន​កម្មជាទីរលឹក អាត្មាអញ នឹងធ្វើនូវកម្មណា ទោះល្អក្តី អាក្រក់ក្តី នឹងជាអ្នកទទួលយក​នូវផលនៃកម្មនោះ។" តើព្រោះអាស្រ័យអំណាចប្រយោជន៍ដូចម្តេច?

ម្នាលភិក្ខុ​ទាំងឡាយ ពួកសត្វតែងមានកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត។ កាលបើបុគ្គលនោះ ពិចារណា នូវស្ថាន​នោះរឿយៗ ហើយ គង់លះបង់ទុច្ចរិត ដោយសព្វគ្រប់ ឬពុំនោះសោត ក៏គង់​ស្រាលស្តើងទៅបាន​។ ម្នាលភិក្ខុទាំងឡាយ ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណា​រឿយៗ ថា "អាត្មាអញ មានកម្មជារបស់ខ្លួន មានកម្មជាមរតក មានកម្ម​ជាកំណើត មានកម្មជាផៅពង្ស មានកម្មជាទីរលឹក អាត្មាអញ នឹងធ្វើកម្មណា ទោះល្អក្តី អាក្រក់ក្តី នឹងជាអ្នកទទួលយក នូវផលនៃកម្មនោះ" ព្រោះអាស្រ័យអំណាច​ប្រយោជន៍​នេះឯង។

ម្នាលភិក្ខុទាំងឡាយ អរិយសាវកនោះ តែងពិចារណាថា "មិនមែន​តែអាត្មាអញ ម្នាក់ឯងទេ ដែលមានជរា ជាធម្មតា មិនកន្លងជរាទៅបាន ទោះបីពួកសត្វ ​ដែលមានការ​រង្គាត់មក រង្គាត់ទៅ ច្យុត និងកើតអម្បាលម៉ាន ពួកសត្វទាំងអស់ ក៏តែង​មានជរា ជាធម្មតា មិនកន្លងជរាទៅបានដែរ។" កាលបើអរិយសាវកនោះ ពិចារណា​នូវស្ថាននោះរឿយ ៗ ហើយ លោកុត្តរមគ្គ ក៏កើតឡើងព្រម។ អរិយសាវកនោះ រមែងសេព ចម្រើន ធ្វើរឿយៗ នូវលោកុត្តរមគ្គ​នោះ។ កាលបើអរិយសាវកនោះ សេព ចម្រើន ធ្វើរឿយ ៗ នូវ​លោកុត្តរមគ្គ​នោះហើយ សញ្ញោជនៈទាំងឡាយ ក៏រមែង​សាបសូន្យទៅ អនុសយក្កិលេសទាំងឡាយ ក៏វិនាសទៅ។

(អរិយសាវកនោះ ​ពិចារណា) ថា "មិនមែនតែអាត្មាអញម្នាក់ឯងទេ ដែលមាន​ព្យាធិ ជាធម្មតា មិនកន្លង​ព្យាធិទៅបាន ទោះពួកសត្វ ដែលមានការរង្គាត់មក រង្គាត់ទៅ ច្យុត កើតអម្បាលម៉ាន ពួកសត្វ​ទាំងអស់ ក៏មានព្យាធិ ជាធម្មតា មិនកន្លងព្យាធិ​ទៅបានដែរ។" កាលបើអរិយសាវកនោះ ពិចារណានូវស្ថាននោះរឿយ ៗហើយ លោកុត្តរ​មគ្គ ក៏កើតឡើងព្រម។ អរិយសាវក​នោះ សេព ចម្រើន ធ្វើរឿយ ៗ នូវលោកុត្តរមគ្គនោះ។ កាលបើអរិយសាវកនោះ សេព ចម្រើន ធ្វើរឿយ ៗ នូវលោកុត្តរមគ្គនោះហើយ សញ្ញោជនៈ​ទាំងឡាយ ក៏រមែង​សាបសូន្យទៅ អនុសយក្កិលេសទាំងឡាយ ក៏វិនាសទៅ។

(អរិយសាវកនោះ ពិចារណា) ថា "មិនមែនតែអាត្មាអញម្នាក់ឯងទេ ដែលមានសេចក្តីស្លាប់ ជាធម្មតា មិនកន្លងសេចក្តី​ស្លាប់ទៅបាន ទោះពួកសត្វ ដែលមានការរង្គាត់មក រង្គាត់ទៅ ច្យុត​​ កើតអម្បាលម៉ាន ពួកសត្វទាំងអស់ ក៏មានសេចក្តីស្លាប់ជាធម្មតា មិនកន្លង​សេចក្តីស្លាប់ទៅបានដែរ។" កាលបើអរិយសាវកនោះ ពិចារណានូវស្ថាននោះរឿយ ៗ ហើយ លោកុត្តរមគ្គ ក៏កើតឡើងព្រម។​ អរិយសាវកនោះ រមែងសេព ចម្រើន ធ្វើរឿយ ៗ នូវលោកុត្តរ​មគ្គនោះ។ កាលបើអរិយសាវកនោះ សេព ចម្រើន ធ្វើរឿយ ៗ នូវលោកុត្តរមគ្គ​នោះហើយ សញ្ញោជនៈទាំងឡាយ ក៏រមែងសាបសូន្យទៅ អនុសយក្កិលេសទាំងឡាយ ក៏វិនាសទៅ។

(អរិយសាវកនោះ ពិចារណា) ថា "មិនមែនតែអាត្មាអញម្នាក់ឯងទេ ដែល​មាន​​សេចក្តីព្រាត់ប្រាស និរាសចាកសត្វ និងសង្ខារ ជាទីស្រឡាញ់ ជាទីគាប់ចិត្តទាំងពួង ទោះពួកសត្វ ដែលមានការរង្គាត់មក រង្គាត់ទៅ ច្យុត កើតអម្បាលម៉ាន ពួកសត្វ​ទាំងអស់ មានសេចក្តីព្រាត់ប្រាស និរាសចាកសត្វ និងសង្ខារ ជាទីស្រឡាញ់ ជាទីគាប់​ចិត្តទាំង​ពួងដែរ។" កាលបើអរិយសាវកនោះ ពិចារណានូវស្ថាននោះរឿយ ៗ ហើយ លោកុត្តរមគ្គ ក៏កើតឡើងព្រម។ អរិយសាវកនោះ រមែងសេព ចម្រើន ធ្វើរឿយៗ នូវលោកុត្តរមគ្គនោះ កាលបើអរិយសាវកនោះ សេព ចម្រើន ធ្វើរឿយៗ នូវលោកុត្តរ​មគ្គនោះហើយ សញ្ញោជនៈ​ទាំងឡាយ ក៏រមែងសាបសូន្យទៅ អនុសយក្កិលេស​ទាំងឡាយ ក៏វិនាសទៅ។

(អរិយសាវកនោះ ពិចារណា) ថា "មិនមែនតែអាត្មាអញ តែម្នាក់ឯងទេ ដែលមានកម្ម ជារបស់ខ្លួន មានកម្មជាមរតក មានកម្មជាកំណើត មានកម្ម ជាផៅពង្ស មានកម្មជាទីរលឹក អាត្មាអញ នឹងធ្វើកម្មណា ទោះល្អក្តី អាក្រក់ក្តី នឹងជាអ្នកទទួលយក នូវផលនៃកម្មនោះ ទោះពួកសត្វ ដែលមានការរង្គាត់មក រង្គាត់ទៅ ច្យុត កើតអម្បាលម៉ាន ពួកសត្វទាំងអស់ ក៏មានកម្មជារបស់ខ្លួន មានកម្មជាមរតក មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្ម​ជាទីរលឹក ពួកសត្វនឹងធ្វើកម្មណា ទោះល្អក្តី អាក្រក់ក្តី នឹងជាអ្នកទទួលយក នូវផល​នៃកម្មនោះដែរ។" កាលបើអរិយសាវកនោះ ពិចារណានូវស្ថាននោះរឿយ ៗ ហើយ លោកុត្តរមគ្គ ក៏កើតឡើងព្រម។ អរិយសាវកនោះ រមែងសេព ចម្រើន ធ្វើរឿយ ៗ នូវ​លោកុត្តរមគ្គនោះ។ កាលបើអរិយសាវកនោះ សេព ចម្រើន ធ្វើរឿយ ៗ នូវ​លោកុត្តរ​មគ្គ​នោះហើយ សញ្ញោជនៈ (សំយោជនៈ) ទាំងឡាយ ក៏រមែងសាបសូន្យទៅ អនុសយក្កិលេសទាំងឡាយ ក៏វិនាសទៅ។

"ធម៌ទាំងឡាយ គឺព្យាធិធម៌ ជរាធម៌ និងមរណធម៌ មាននៅយ៉ាងណា ពួកបុថុជ្ជន ជាសប្បុរស រមែងស្អប់ខ្ពើមយ៉ាងនោះ។

កាលបើពួកសត្វ មាន​សភាវៈ​យ៉ាង​នេះ​ហើយ តថាគត ក៏គួរធុញទ្រាន់ នឹងសភាវៈនុ៎ះដែរ ។

ហេតុនុ៎ះ មិនមានដល់តថាគត មានសភាពដ៏សមគួរ មានវិហារធម៌យ៉ាងនេះ។

តថាគតនោះ កាលបើនៅយ៉ាងនេះ ក៏ដឹងនូវធម៌ ដែលប្រាសចាកឧបធិ

បានឃើញបព្វជ្ជា ថាជាការក្សេម គ្របសង្កត់ នូវសេចក្តីស្រវឹងទាំងពួង គឺស្រវឹងក្នុងភាវៈ នៃខ្លួនជាបុគ្គលមិនមានរោគ ក្នុងវ័យ ក្នុងជីវិតបាន។

សេចក្តីព្យាយាម ក៏កើតមានដល់តថាគតនោះ កាលដែល​ឃើញច្បាស់ នូវព្រះនិព្វាន ។

តថាគតមិនគួរដើម្បីសេពកាមទាំងឡាយបានវិញ ក្នុងកាលឥឡូវនេះទេ ។

តថាគតនឹងជាអ្នកប្រព្រឹត្តព្រហ្មចរិយធម៌តទៅ មិន​បាន​ត្រឡប់​វិញ​ឡើយ។"

ឯកសារយោង

[កែប្រែ]

ព្រះត្រៃបិដក > សុត្តន្តបិដក > អង្គុត្តរនិកាយ > បញ្ចកនិបាត > នីវរណវគ្គ (អភិណ្ហបច្ចវេក្ខិតព្ពឋានសុត្តំ បិដក​ភាគ ៤៤ ទំព័រ​ ១៤៦ ឃ្នាប ៥៧)

Abhiṇhapaccavekkhitabbaṭhānasutta (Aṅguttara Nikāya: The Book of the Fives: AN 5.57. Themes)