អរូបឈាន៤

ពីវិគីភីឌា
Jump to navigation Jump to search

ឈានសម្រាប់អ្នកដែលមានសេចក្តីប្រាថ្នាមិនឲ្យមានរូបក្ខន្ធ មានតែអរូបក្ខន្ធ ៤ គឺ វេទនាខន្ធ ១ សញ្ញាខន្ធ ១ សង្ខារក្ខន្ធ ១ និងវិញ្ញាណក្ខន្ធ ១ ។ អរូបជ្ឈានមាន ៤ គឺ ៖ អាកាសានញ្ញាយតនៈ ១ វិញ្ញាណញ្ចាយតនៈ ១ អាកិញ្ចញ្ញាយតនៈ ១ នេវសញ្ញានាសញ្ញាយតនៈ ១ ។

អាកាសានញ្ចាយតនៈ[កែប្រែ]

អាកាសានញ្ចាយតន ព្រះយោគាវចរដែលជាអ្នកចម្រើនឈាន យកអាកាដែលបើកកសិណហើយ មកជាអារម្មណ៍ គឺបដិភាគនិមិត្តដែលកើតអំពីកសិណ៩ លើកអាកាសកសិណចេញ ព្រះយោគាវចរកាន់យកអាកាសដែលជារបស់ទទេរមកជាអារម្មណ៍ បរិកម្មថា «អាកាសមិនមានទីបំផុតៗ» បរិកម្មទៅដរាបដល់អប្បនាចិត្តកើតឡើង អប្បនាចិត្តនោះលោកហៅថា បឋមារូបចិត្ត។

វិញ្ញាណញ្ចាយតនៈ[កែប្រែ]

វិញ្ញាណញ្ចាយតន ព្រះយោគាវចរសំដៅយក ឬស្រាវយកនូវបឋមារូបចិត្តមកជាអារម្មណ៍ បរិកម្មថា «វិញ្ញាណមានទីបំផុតមិនមានៗ» បរិកម្មទៅដរាបដល់អប្បនាចិត្តកើតឡើង អប្បនាចិត្តនោះលោកហៅថា ទុតិយារូបចិត្ត។

អាកិញ្ចញ្ញាយតនៈ[កែប្រែ]

អាកិញ្ចញ្ញាយតន ព្រះយោគាវចរមិនបានកាន់យកនូវទុតិយារូបចិត្តមកជាអារម្មណ៍ លោកកំណត់យកនូវបឋមារូបចិត្ត ដែលផ្សាយនៅនោះថាបឋមារូបចិត្ត ដែលផ្សាយនៅក្នុងទីនេះមិនមាន ហើយយកសេចក្តីមិនមាននោះមកជាអារម្មណ៍ បរិកម្មថា «វត្ថុតិចតួចមិនមានៗ» បរិកម្មទៅដរាបដល់អប្បនាចិត្តកើតឡើង អប្បនាចិត្តនោះលោកហៅថា តតិយារូបចិត្ត។

នេវសញ្ញានាសញ្ញាយតនៈ[កែប្រែ]

នេវសញ្ញានាសញ្ញាយតន ព្រះយោគាវចរដែលចម្រើនឈាន មិនបានកាន់យកនួវនត្ថិភាព គឺចំណែកដែលថាមិនមាននោះមកជាអារម្មណ៍ឡើយលោកកំណត់នូវសេចក្តីល្អិតរបស់តតិយារូបចិត្តនោះ មកជាអារម្មណ៍ បរិកម្មថា «តតិយារូបចិត្តនេះមាននៅដោយល្អិត តតិយារូបចិត្តនេះល្អិតក្រៃពេកៗ» បរិកម្មទៅដរាបដល់អប្បនាចិត្តកើតឡើង អប្បនាចិត្តនោះលោកហៅថា ចតុត្ថារូបចិត្ត។