អស្សលាយនសូត្រ

ពីវិគីភីឌា
Jump to navigation Jump to search

អស្សលាយនសូត្រ ទី៣[កែប្រែ]

[៣០] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង បណ្តាពួកព្រាហ្មណ៍ អ្នកមកពីដែនផ្សេងៗ មានពួកព្រាហ្មណ៍ចំនួន​ ៥០០ នាក់នៅអាស្រ័យក្នុងក្រុងសាវត្ថីដោយកិច្ចការនីមួយ ។ ព្រាហ្មណ៍ទាំងនោះ​មានសេចក្តីត្រិះរិះថា ព្រះសមណគោតមនេះ​តែងបញ្ញត្តនូវសេចក្តីបរិសុទ្ធិ​ចំពោះវណ្ណៈទាំង ៤ ឱនរណាហ្ន៎ ទើបសមនឹងពិគ្រោះពាក្យនេះ​មួយអន្លើដោយព្រះសមណគោតមបាន ។ សម័យនោះឯង មាណពឈ្មោះ​អស្សលាយនៈ​ (Assalāyana) នៅអាស្រ័យក្នុងក្រុងសាវត្ថី ជាមនុស្សក្មេង មានក្បាលកោរ មានអាយុ ១៦ ឆ្នាំ អំពីកំណើត បានដល់នូវត្រើយនៃត្រៃវេទ ព្រមទាំងគម្ពីរនិឃណ្ឌុ (Nighantu) គម្ពីរកេដុភៈ (Ketubha) ព្រមទាំងអក្ខរប្បភេទ​ (Akkharappabheda) គឺសិក្ខា​ និងនិរុត្តិ ដែលមានគម្ពីរឥតិហាសៈ (Itihasa) ជាគម្រប់ ៥ ជាអ្នករៀននូវបទ និងវេយ្យាករណ៍ ជាអ្នកមិនឱនថយ គឺស្ទាត់ជំនាញក្នុងលោកាយតសាស្ត្រ (Lokāyata) និងមហាបុរិសលក្ខណព្យាករណសាស្ត្រ ។ ព្រាហ្មណ៍ទាំងនោះ មានសេចក្តីត្រិះរិះដូច្នេះថា អស្សលាយនមាណពនេះ នៅអាស្រ័យក្នុងក្រុងសាវត្ថី ជាមនុស្សក្មេង ។បេ។ ជាអ្នកមិនឱនថយ គឺស្ទាត់ជំនាញ មានតែមាណពនោះ ទើបសមនឹងពិគ្រោះពាក្យនោះមួយអន្លើ​ដោយព្រះសមណគោតមបាន ។

[៣១] គ្រានោះ ព្រាហ្មណ៍ទាំងនោះ នាំគ្នាចូលទៅរកអស្សលាយនមាណព លុះចូលទៅដល់ហើយ និយាយនឹងអស្សលាយនមាណព ដូច្នេះថា ម្នាលអស្សលាយនៈដ៏ចម្រើន ព្រះសមណគោតមនេះ តែងបញ្ញត្តនូវសេចក្តីបរិសុទ្ធិចំពោះវណ្ណទាំង ៤ ម្នាលអស្សលាយនៈ ចូរអ្នកដ៏ចម្រើនមក ចូរអ្នកដ៏ចម្រើនពិគ្រោះពាក្យនោះ​មួយអន្លើដោយព្រះសមណគោតម ។ កាលបើព្រាហ្មណ៍ទាំងនោះ​និយាយយ៉ាងនេះហើយ អស្សលាយនមាណព​ក៏និយាយនឹងព្រាហ្មណ៍ទាំងនោះ​ដូច្នេះថា ម្នាលអ្នកដ៏ចម្រើន ឮថាព្រះសមណគោតម​ជាធម្មវាទី (dhammavādī) ទុកជាពួកបុគ្គលជាធម្មវាទីផងគ្នា ក៏រមែងពិគ្រោះបានដោយលំបាក ខ្ញុំមិនអាចពិគ្រោះពាក្យនោះ​មួយអន្លើដោយព្រះសមណគោតមឡើយ ។ ព្រាហ្មណ៍ទាំងនោះ​និយាយនឹងអស្សលាយនមាណព ជាគម្រប់ពីរដង ដូច្នេះថា ម្នាលអស្សលាយនៈដ៏ចម្រើន ព្រះសមណគោតមនេះ តែងបញ្ញត្តនូវសេចក្តីបរិសុទ្ធិ ចំពោះវណ្ណទាំង​ ៤ ម្នាលអស្សលាយនៈ ចូរអ្នកដ៏ចម្រើនមក ចូរអ្នកដ៏ចម្រើនទៅពិគ្រោះពាក្យនោះ មួយអន្លើដោយព្រះសមណគោតម ។ អស្សលាយនមាណព និយាយនឹងព្រាហ្មណ៍ទាំងនោះ ជាគម្រប់ ២ ដង ដូច្នេះថា ម្នាលអ្នកដ៏ចម្រើន ឮថា​ព្រះសមណគោតម​ជាធម្មវាទី ទុកជាពួកបុគ្គលជាធម្មវាទីផងគ្នា ក៏ពិគ្រោះបានដោយលំបាក ខ្ញុំមិនអាចពិគ្រោះពាក្យនោះ មួយអន្លើដោយព្រះសមណគោតមឡើយ ។ ព្រាហ្មណ៍ទាំងនោះ និយាយនឹងអស្សលាយនមាណព ជាគម្រប់ ៣ ដង ដូច្នេះថា ម្នាលអស្សលាយនៈដ៏ចម្រើន ព្រះសមណគោតមនេះ តែងបញ្ញត្តនូវសេចក្តីបរិសុទ្ធិ ចំពោះវណ្ណទាំង ៤ ម្នាលអស្សលាយនៈ ចូរអ្នកដ៏ចម្រើនមក ចូរអ្នកដ៏ចម្រើនពិគ្រោះពាក្យនោះ​មួយអន្លើដោយព្រះសមណគោតម ដ្បិតអស្សលាយនៈដ៏ចម្រើន​ធ្លាប់ប្រព្រឹត្តនឹងបរិព្វាជកមកដែរហើយ សូមអស្សលាយនៈដ៏ចម្រើន​ច្បាំងឲ្យឈ្នះ កុំឲ្យចាញ់ឡើយ ។ កាលបើព្រាហ្មណ៍ទាំងនោះ និយាយយ៉ាងនេះហើយ អស្សលាយនមាណព​និយាយនឹងព្រាហ្មណ៍ទាំងនោះ​ដូច្នេះថា បពិត្រអ្នកដ៏ចម្រើនទាំងឡាយ ខ្ញុំ (ទៅពិគ្រោះ) មិនបានដោយដាច់ខាត ម្នាលអ្នកដ៏ចម្រើន ឮថា​ព្រះសមណគោតម​ជាធម្មវាទី ទុកជាពួកបុគ្គលជាធម្មវាទីផងគ្នា ក៏ពិគ្រោះបានដោយលំបាក ខ្ញុំមិនហ៊ានពិគ្រោះពាក្យនោះ​មួយអន្លើដោយព្រះសមណគោតមទេ ខ្ញុំគ្រាន់តែទៅតាមពាក្យរបស់អ្នកដ៏ចម្រើនទាំងឡាយប៉ុណ្ណោះ ។

[៣២] លំដាប់នោះ អស្សលាយនមាណព ចូលទៅរកព្រះមានព្រះភាគ ជាមួយនឹងពួកព្រាហ្មណ៍ជាច្រើន​នាក់ លុះចូលទៅដល់ហើយ ក៏និយាយរាក់ទាក់ សំណេះសំណាល​មួយអន្លើដោយព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ លុះអស្សលាយនមាណព អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ពួកព្រាហ្មណ៍តែងនិយាយយ៉ាងនេះថា មានតែពួកព្រាហ្មណ៍ទេ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត​ជាវណ្ណៈថោកទាប ពួកព្រាហ្មណ៍​ទើបជាវណ្ណៈស វណ្ណៈឯទៀត​ជាវណ្ណៈខ្មៅ ពួកព្រាហ្មណ៍​ទើបបរិសុទ្ធ មិនមែនពួកព្រាហ្មណ៍​មិនបរិសុទ្ធទេ ពួកព្រាហ្មណ៍ជាបុត្រ ជាឱរស កើតមកអំពីព្រះឱស្ឋព្រះព្រហ្ម មានព្រះព្រហ្ម​ជាអ្នកបង្កើត មានព្រះព្រហ្មជាអ្នកនិម្មិត ជាញាតិនឹងព្រះព្រហ្ម ត្រង់នេះ តើព្រះគោតមដ៏ចម្រើន សំដែងដូចម្តេច ?

[៣៣] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអស្សលាយនៈ នាងព្រាហ្មណីទាំងឡាយ​របស់ពួកព្រាហ្មណ៍​ជាស្ត្រីមានរដូវ មាគភ៌ សម្រាលកូន និងបំបៅកូន (អ្នករាល់គ្នា) ក៏ឃើញដែរ តែព្រាហ្មណ៍ដែលប្រាកដជាកើតអំពីយោនីទាំងនោះ​ត្រឡប់ជានិយាយថា ពួកព្រាហ្មណ៍ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត​ជាវណ្ណៈថោកទាប ពួកព្រាហ្មណ៍​ទើបជាវណ្ណៈស វណ្ណៈឯទៀត​ជាវណ្ណៈខ្មៅ ពួកព្រាហ្មណ៍​ទើបបរិសុទ្ធ មិនមែនពួកព្រាហ្មណ៍​មិនបរិសុទ្ធទេ ពួកព្រាហ្មណ៍ជាបុត្រ ជាឱរស​កើតមកអំពីព្រះឱស្ឋនៃព្រះព្រហ្ម មានព្រហ្ម​ជាអ្នកបង្កើត មានព្រហ្មជាអ្នកនិម្មិត ជាញាតិនឹងព្រហ្ម យ៉ាងនេះទៅវិញ ។ អស្សលាយនមាណព ក្រាបបង្គំទូលថា ព្រះគោតមដ៏ចម្រើនត្រាស់យ៉ាងនេះ ក៏សមដែរហើយ តែថាពួកព្រាហ្មណ៍​តែងយល់សេចក្តីនុ៎ះ ក្នុងរឿងនុ៎ះ យ៉ាងនេះថា ពួកព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ ។បេ​។ ជាញាតិនឹងព្រះព្រហ្ម ។

[៣៤] ព្រះអង្គត្រាស់សួរថា ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះ ដូចម្តេច ក្រែងអ្នកធ្លាប់បានឮថា ក្នុងយោនករដ្ឋ និងកម្ពោជរដ្ឋទាំងឡាយ និងបច្ចន្តិមជនបទទាំងឡាយឯទៀត មានវណ្ណៈ ២ គឺម្ចាស់១ ខ្ញុំ [អ្នកបម្រើ] ១ ម្ចាស់ត្រឡប់ទៅជាខ្ញុំ ខ្ញុំត្រឡប់ទៅជាម្ចាស់វិញ មានដែរឬ ? បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គធ្លាប់បានឮមកថា ក្នុងយោនករដ្ឋ និងកម្ពោជរដ្ឋទាំងឡាយ និងបច្ចន្តិមជនបទទាំងឡាយឯទៀត មានវណ្ណៈ ២ គឺម្ចាស់១ ខ្ញុំ១ ម្ចាស់ត្រឡប់ទៅជាខ្ញុំ ខ្ញុំត្រឡប់ទៅជាម្ចាស់វិញ ដូច្នេះដែរ ។ ម្នាលអស្សលាយនៈ បណ្តាវណ្ណៈ ទាំង ២ នុ៎ះ ពួកព្រាហ្មណ៍មានកម្លាំងដូចម្តេច មានទីពឹងពំនាក់ដូចម្តេច បានជាពួកព្រាហ្មណ៍​ហ៊ាននិយាយយ៉ាងនេះ​ក្នុងរឿងនុ៎ះថា ពួកព្រាហ្មណ៍​ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប ។បេ។ ជាញាតិនឹងព្រហ្មដូច្នោះ ។ ព្រះគោតមដ៏ចម្រើន ត្រាស់យ៉ាងនេះ ក៏សមដែរ តែថាពួកព្រាហ្មណ៍ នៅតែយល់សេចក្តីនុ៎ះ ក្នុងរឿងនុ៎ះយ៉ាងនេះថា ពួកព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប ។បេ។ ជាញាតិនឹងព្រះព្រហ្មដដែល ។

[៣៥] ព្រះអង្គត្រាស់សួរថា ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះ ដូចម្តេច (បើ) ក្សត្រិយ៍ ជាអ្នកសម្លាប់សត្វ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ និយាយពាក្យកុហក និយាយពាក្យញុះញង់ និយាយពាក្យអាក្រក់ និយាយពាក្យឥតប្រយោជន៍ មានចិត្តរំពៃចង់បានទ្រព្យគេ មានចិត្តគុំគួន មានគំនិតយល់ខុស លុះរំលាងកាយបន្ទាប់អំពីសេចក្តីស្លាប់ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ឯព្រាហ្មណ៍មិនទៅកើតទេឬ (បើ) វេស្សៈ… សុទ្ទៈ ជាអ្នកសម្លាប់សត្វ កាន់យកទ្រព្យដែលគេមិនបានឲ្យ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ និយាយពាក្យកុហក និយាយពាក្យញុះញង់ និយាយពាក្យអាក្រក់ និយាយពាក្យឥតប្រយោជន៍ មានចិត្តរំពៃចង់បានទ្រព្យគេ មានចិត្តគុំគួន មានគំនិតយល់ខុស លុះរំលាងកាយបន្ទាប់អំពីសេចក្តីស្លាប់ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ឯព្រាហ្មណ៍ (បើទុកជាសម្លាប់សត្វជាដើម) មិនទៅកើត (ក្នុងអបាយ) ទេឬ ។ អស្សលាយនមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន មិនមែនដូច្នោះទេ បពិត្រព្រះគោតមដ៏ចម្រើន (បើ) ក្សត្រិយ៍ជាអ្នកសម្លាប់សត្វ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ និយាយពាក្យកុហក និយាយពាក្យញុះញង់ និយាយពាក្យអាក្រក់ និយាយពាក្យឥតប្រយោជន៍ មានចិត្តរំពៃចង់បានទ្រព្យគេ មានចិត្តគុំគួន មានគំនិតយល់ខុស លុះរំលាងកាយបន្ទាប់អំពីសេចក្តីស្លាប់ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរកដែរ បពិត្រព្រះគោតមដ៏ចម្រើន ព្រាហ្មណ៍ក្តី… បពិត្រព្រះគោតមដ៏ចម្រើន វេស្សៈក្តី… បពិត្រព្រះគោតមដ៏ចម្រើន សុទ្ទៈក្តី… បពិត្រព្រះគោតមដ៏ចម្រើន វណ្ណៈទាំង៤ (បើ) ជាអ្នកសម្លាប់សត្វ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ និយាយពាក្យកុហក និយាយពាក្យញុះញង់ និយាយពាក្យអាក្រក់ និយាយពាក្យឥតប្រយោជន៍ មានចិត្តរំពៃចង់បានទ្រព្យគេ មានចិត្តគុំគួន មានគំនិតយល់ខុស លុះរំលាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ នឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរកទាំងអស់ពុំខានទេ ។ ម្នាលអស្សលាយនៈ បណ្តាវណ្ណៈទាំង៤នុ៎ះ ពួកព្រាហ្មណ៍មានកម្លាំងដូចម្តេច មានទីពឹងពំនាក់ដូចម្តេច បានជាពួកព្រាហ្មណ៍ ហ៊ាននិយាយយ៉ាងនេះ ក្នុងរឿងនុ៎ះថា ពួកព្រាហ្មណ៍ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប ។បេ ។ ជាញាតិនឹងព្រហ្មដូច្នោះ ។ ព្រះគោតមដ៏ចម្រើន ត្រាស់យ៉ាងនេះ ក៏សមដែរ តែថាពួកព្រាហ្មណ៍ នៅតែយល់សេចក្តីនុ៎ះ ក្នុងរឿងនុ៎ះយ៉ាងនេះដដែលថា ពួកព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប ។បេ ។ ជាញាតិនឹងព្រះព្រហ្ម ។

[៣៦] ព្រះអង្គត្រាស់សួរថា ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះដូចម្តេច លុះតែព្រាហ្មណ៍វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ លុះរំលាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ទើបទៅកើតក្នុងសុគតិសួគ៌ទេវលោកបាន ក្សត្រិយ៍ទៅមិនបាន វេស្សៈទៅមិនបាន សុទ្ទៈក៏ទៅមិនបានទេឬ ។ អស្សលាយនមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន មិនមែនដូច្នោះទេ បពិត្រព្រះគោតមដ៏ចម្រើន តាមពិត ក្សត្រិយ៍ក្តី វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ លុះរំលាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏ទៅកើតក្នុងសុគតិសួគ៌ទេវលោកដែរ បពិត្រព្រះគោតមដ៏ចម្រើន ព្រាហ្មណ៍ក្តី… បពិត្រព្រះគោតមដ៏ចម្រើន វេស្សៈក្តី… បពិត្រព្រះគោតមដ៏ចម្រើន សុទ្ទៈក្តី… បពិត្រព្រះគោតមដ៏ចម្រើន តាមពិតសូម្បីវណ្ណៈទាំង៤ បើវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ លុះរំលាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ នឹងទៅកើតក្នុងសុគតិសួគ៌ទេវលោកទាំងអស់ពុំខានឡើយ ។ ម្នាលអស្សលាយនៈ បណ្តាវណ្ណៈទាំង៤នុ៎ះ ពួកព្រាហ្មណ៍មានកម្លាំងដូចម្តេច មានទីពឹងពំ នាក់ដូចម្តេច បានជាពួកព្រាហ្មណ៍ហ៊ាននិយាយយ៉ាងនេះ ក្នុងរឿងនុ៎ះថា ពួកព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប ។បេ។ ជាញាតិនឹងព្រហ្មដូច្នោះ ។ ព្រះគោតមដ៏ចម្រើន ត្រាស់យ៉ាងនេះ ក៏សមដែរហើយ តែថាពួកព្រាហ្មណ៍ នៅតែសំគាល់សេចក្តីនុ៎ះ ក្នុងរឿងនុ៎ះយ៉ាងនេះដដែលថា ពួកព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប ។បេ។ ជាញាតិនឹងព្រះព្រហ្ម ។

[៣៧] ព្រះអង្គត្រាស់សួរថា ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះដូចម្តេច លុះតែព្រាហ្មណ៍ ទើបគួរចម្រើនចិត្តមេត្តា មិនមានពៀរ មិនមានព្យាបាទ ក្នុងប្រទេសនោះបាន ក្សត្រិយ៍ចម្រើនមិនបាន វេស្សៈចម្រើនមិនបាន សុទ្ទៈក៏ចម្រើនមិនបានទេឬ ។ អស្សលាយនមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន មិនមែនដូច្នោះទេ បពិត្រព្រះគោតមដ៏ចម្រើន តាមពិត ក្សត្រិយ៍ក្តី ក៏គួរចម្រើនចិត្តមេត្តា មិនមានពៀរ មិនមានព្យាបាទ ក្នុងប្រទេសនោះបានដែរ បពិត្រព្រះគោតមដ៏ចម្រើន ព្រាហ្មណ៍ក្តី… បពិត្រព្រះគោតមដ៏ចម្រើន វេស្សៈក្តី… បពិត្រព្រះគោតមដ៏ចម្រើន សុទ្ទៈក្តី… បពិត្រព្រះគោតមដ៏ចម្រើន វណ្ណៈទាំង ៤ តាមពិត សុទ្ធតែគួរចម្រើនចិត្តមេត្តា មិនមានពៀរ មិនមានព្យាបាទ ក្នុងប្រទេសនោះបាន ទាំងអស់គ្នា ។ ម្នាលអស្សលាយនៈ បណ្តាវណ្ណៈទាំង ៤ នុ៎ះ ពួកព្រាហ្មណ៍មានកម្លាំងដូចម្តេច មានទីពឹងពំ នាក់ដូចម្តេច បានជាពួកព្រាហ្មណ៍ហ៊ាននិយាយយ៉ាងនេះ ក្នុងរឿងនុ៎ះថា ពួកព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប ។បេ ។ ជាញាតិនឹងព្រហ្មដូច្នោះ ។ ព្រះគោតមដ៏ចម្រើន ត្រាស់យ៉ាងនេះក៏សមដែរ តែថាពួកព្រាហ្មណ៍ នៅតែសំគាល់សេចក្តីនុ៎ះ ក្នុងរឿងនុ៎ះយ៉ាងនេះដដែលថា ពួកព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប ។បេ។ ជាញាតិនឹងព្រះព្រហ្ម ។

[៣៨] ព្រះអង្គត្រាស់សួរថា ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះដូចម្តេច លុះតែព្រាហ្មណ៍​ទើបគួរនាំយកកញ្ចប់គ្រឿងលំអិត​សម្រាប់ដុសកាយ និងគ្រឿងងូត​ទៅកាន់ស្ទឹង​ដើម្បីជម្រះក្អែលបាន ក្សត្រិយ៍​មិនគួរ វេស្សៈមិនគួរ សុទ្ទៈមិនគួរឬ ។ អស្សលាយនមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន មិនមែនដូច្នោះទេ បពិត្រព្រះគោតមដ៏ចម្រើន តាមពិត ក្សត្រិយ៍ក្តី​ក៏គួរកាន់យកកញ្ចប់គ្រឿងលំអិត​សម្រាប់ដុសកាយ និងគ្រឿងងូត​ទៅកាន់ស្ទឹង​ដើម្បីជម្រះក្អែលដែរ បពិត្រព្រះគោតមដ៏ចម្រើន ព្រាហ្មណ៍ក្តី… បពិត្រព្រះគោតមដ៏ចម្រើន វេស្សៈក្តី… បពិត្រព្រះគោតមដ៏ចម្រើន សុទ្ទៈក្តី… បពិត្រព្រះគោតមដ៏ចម្រើន តាមពិត វណ្ណៈទាំង ៤ សុទ្ធតែគួរកាន់យកកញ្ចប់គ្រឿងលំអិត​សម្រាប់ដុសកាយ និងគ្រឿងងូត​ទៅកាន់ស្ទឹង ដើម្បីជម្រះក្អែលបានទាំងអស់គ្នា ។ ម្នាលអស្សលាយនៈ បណ្តាវណ្ណៈទាំង ៤ នុ៎ះ ពួកព្រាហ្មណ៍មានកម្លាំងដូចម្តេច មានទីពឹងពំនាក់ដូចម្តេច បានជាពួកព្រាហ្មណ៍ហ៊ាននិយាយយ៉ាងនេះ​ក្នុងរឿងនុ៎ះថា ព្រាហ្មណ៍​ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត​ជាវណ្ណៈថោកទាប ។បេ។ ជាញាតិនឹងព្រហ្មដូច្នោះ ។ ព្រះគោតមដ៏ចម្រើន ត្រាស់យ៉ាងនេះ ក៏សមដែរ តែថាពួកព្រាហ្មណ៍ នៅតែសំគាល់សេចក្តីនុ៎ះ​ក្នុងរឿងនុ៎ះយ៉ាងនេះដដែលថា ពួកព្រាហ្មណ៍​ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត​ជាវណ្ណៈថោកទាប ។បេ។ ជាញាតិនឹងព្រះព្រហ្ម ។

[៣៩] ព្រះអង្គត្រាស់សួរថា ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះដូចម្តេច ក្សត្រិយ៍ ជាព្រះរាជាក្នុងលោកនេះ បានមុទ្ធាភិសេកហើយ ប្រជុំពួកបុរស មានជាតិផ្សេងៗ ចំនួន១០០ នាក់ ដោយព្រះតម្រាស់ថា អ្នកដ៏ចម្រើនទាំងឡាយចូរមក បណ្តាពួកបុរសទាំងនោះ ពួកបុរសណា ដែលចេញអំពីពួកខត្តិយត្រកូលក្តី ព្រាហ្មណត្រកូលក្តី រាជញ្ញត្រកូលក្តី មកចួបជុំគ្នាហើយ ពួកបុរសនោះ ចូរកាន់យកពំនួតភ្លើងខាងលើ ដែលធ្វើពីឈើស្រាយក្តី ឈើខ្លឹមក្តី ដើមស្រល់ក្តី ដើមចន្ទន៍ក្តី ដើមឈូកក្រហមក្តី ហើយចូរពួតភ្លើង ចូរធ្វើភ្លើងឲ្យកើត ប្រាកដឡើង មួយទៀត អ្នកដ៏ចម្រើនទាំងឡាយ ចូរមក បណ្តាពួកបុរសទាំងនោះ ពួកបុរសណា ដែលចេញអំពីពួកចណ្ឌាលត្រកូលក្តី នេសាទត្រកូលក្តី វេណុត្រកូល (ត្រកូលអ្នកត្បាញឫស្សី)ក្តី រថការត្រកូល (ត្រកូលជាងរថ)ក្តី បុក្កុសត្រកូល (ត្រកូលអ្នកចាក់សម្រាម)ក្តី មកចួបជុំគ្នាហើយ ពួកបុរសនោះ ចូរកាន់យកពំនួតភ្លើងខាងលើ ដែលធ្វើពីស្នូកឆ្កែក្តី ស្នូកជ្រូកក្តី ស្នូកជាងជ្រលក់ក្តី ដើមល្ហុងប្រេងក្តី ហើយចូរពួតភ្លើង ចូរធ្វើភ្លើងឲ្យកើតប្រាកដឡើង ដូច្នេះ ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះដូចម្តេច ភ្លើងណា ដែលពួកបុរស ចេញអំពីខត្តិយត្រកូលក្តី ព្រាហ្មណត្រកូលក្តី រាជញ្ញត្រកូលក្តី មកចួបជុំគ្នាហើយ កាន់យកពំនួតភ្លើងខាងលើ ដែលធ្វើពីឈើស្រាយក្តី ឈើខ្លឹមក្តី ដើមស្រល់ក្តី ដើមចន្ទន៍ក្តី ដើមឈូកក្រហមក្តី មកពួត ភ្លើងក៏ឆេះប្រាកដឡើង ភ្លើងនោះឯង ទើបមានអណ្តាត មានពណ៌ ទាំងមានពន្លឺ បុគ្គលអាចធ្វើកិច្ចការ ដែលត្រូវធ្វើដោយភ្លើង ដោយសារភ្លើងនោះ បានឬ ចំណែកឯភ្លើងណា ដែលពួកបុរស ចេញអំពីពួកចណ្ឌាលត្រកូលក្តី នេសាទត្រកូលក្តី វេណុត្រកូលក្តី រថការត្រកូលក្តី បុក្កុសត្រកូលក្តី មកចួបជុំគ្នាហើយ កាន់យកឈើពំនួតភ្លើងខាងលើ ដែលធ្វើពីស្នូកឆ្កែក្តី ស្នូកជ្រូកក្តី ស្នូកជាងជ្រលក់ក្តី ដើមល្ហុងប្រេងក្តី មកពួត ភ្លើងក៏ឆេះប្រាកដឡើងដែរ តែភ្លើងនោះ មិនមានអណ្តាត មិនមានពណ៌ ទាំងមិនមានពន្លឺ បុគ្គលមិនអាចធ្វើកិច្ចការដែលត្រូវធ្វើដោយភ្លើង ដោយសារភ្លើងនោះបានទេឬ ។ បពិត្រព្រះគោតមដ៏ចម្រើន មិនមែនដូច្នោះទេ បពិត្រព្រះគោតមដ៏ចម្រើន ភ្លើងណា ដែលពួកបុរស ចេញអំពីខត្តិយត្រកូលក្តី ព្រាហ្មណត្រកូលក្តី រាជញ្ញត្រកូលក្តី មកចួបជុំគ្នាហើយ កាន់យកពំនួតភ្លើង ដែលធ្វើពីឈើស្រាយក្តី ឈើខ្លឹមក្តី ដើមស្រល់ក្តី ដើមចន្ទន៍ក្តី ដើមឈូកក្រហមក្តី មកពួត ភ្លើងក៏ឆេះប្រាកដឡើង ភ្លើងនោះឯង មានអណ្តាត មានពណ៌ មានពន្លឺ បុគ្គលអាចធ្វើកិច្ចការ ដែលត្រូវធ្វើដោយភ្លើង ដោយសារភ្លើងនោះក៏បាន ចំណែកឯភ្លើងណា ដែលពួកបុរស ចេញអំពីចណ្ឌាលត្រកូលក្តី នេសាទត្រកូលក្តី វេណុត្រកូលក្តី រថការត្រកូលក្តី បុក្កុសត្រកូលក្តី មកចួបជុំគ្នាហើយ កាន់យកឈើពំនួតភ្លើងខាងលើ ដែលធ្វើពីស្នូកឆ្កែក្តី ស្នូកជ្រូកក្តី ស្នូកជាងជ្រលក់ក្តី ដើមល្ហុងប្រេងក្តី មកពួត ភ្លើងក៏ឆេះប្រាកដឡើង ភ្លើងនោះឯង ក៏មានអណ្តាត មានពណ៌ មានពន្លឺ បុគ្គលអាចធ្វើកិច្ចការដែលត្រូវធ្វើដោយភ្លើង ដោយសារភ្លើងនោះ បានដូចគ្នា បពិត្រព្រះគោតមដ៏ចម្រើន ព្រោះភ្លើងទាំងអស់ សុទ្ធតែមានអណ្តាត មានពណ៌ ទាំងមានពន្លឺ បុគ្គលអាចធ្វើកិច្ចការ ដែលត្រូវធ្វើដោយភ្លើង ដោយសារភ្លើងនោះបានទាំងអស់ ។ ម្នាលអស្សលាយនៈ បណ្តាវណ្ណៈទាំង៤នោះ ពួកព្រាហ្មណ៍មានកម្លាំងដូចម្តេច មានទីពឹងពំ នាក់ដូចម្តេច បានជាពួកព្រាហ្មណ៍ ហ៊ាននិយាយយ៉ាងនេះ ក្នុងរឿងនុ៎ះថា ពួកព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត​ជាវណ្ណៈថោកទាប ពួកព្រាហ្មណ៍​ទើបជាវណ្ណៈស វណ្ណៈឯទៀត​ជាវណ្ណៈខ្មៅ ពួកព្រាហ្មណ៍​ទើបបរិសុទ្ធ មិនមែនពួកព្រាហ្មណ៍ មិនបរិសុទ្ធទេ ពួកព្រាហ្មណ៍​ជាបុត្រ ជាឱរសរបស់ព្រហ្ម កើតអំពីព្រះឱស្ឋព្រហ្ម មានព្រហ្ម ជាអ្នកបង្កើត មានព្រហ្មជាអ្នកនិម្មិត ជាញាតិនឹងព្រហ្មដូច្នោះ ។ ព្រះគោតមដ៏ចម្រើន ត្រាស់យ៉ាងនេះ ក៏សមដែរ តែថាពួកព្រាហ្មណ៍ នៅតែសំគាល់សេចក្តីនុ៎ះ ក្នុងរឿងនុ៎ះ យ៉ាងនេះដដែលថា ពួកព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប ។បេ។ ជាញាតិនឹងព្រះព្រហ្ម ។

[៤០] ព្រះអង្គត្រាស់សួរថា ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះ ដូចម្តេច (បើ) ខត្តិយកុមារ ក្នុងលោកនេះ សម្រេចសំវាសជាមួយនឹងព្រាហ្មណកញ្ញា កើតបុត្រម្នាក់ឡើង​ព្រោះអាស្រ័យសំវាសនៃជនទាំង ២ នាក់នោះ បុត្រដែលកើតឡើង ដោយខត្តិយកុមារ និងព្រាហ្មណកញ្ញានោះ ប្រហែលនឹងមាតាផង ប្រហែលនឹងបិតាផង តើគេគួរហៅថា​ក្សត្រិយ៍ ឬគេគួរហៅថា​ព្រាហ្មណ៍ ។ អស្សលាយនៈ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន បុត្រដែលកើតឡើង ដោយខត្តិយកុមារ និងព្រាហ្មណកញ្ញានោះ ប្រហែលនឹងមាតាផង ប្រហែលនឹងបិតាផង គេគួរហៅថា​ក្សត្រិយ៍ក៏បាន ហៅថា​ព្រាហ្មណ៍ក៏បាន ។

[៤១] ព្រះអង្គត្រាស់សួរថា ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះ ដូចម្តេច (បើ) ព្រាហ្មណកុមារ ក្នុងលោកនេះ សម្រេចសំវាសជាមួយនឹងខត្តិយកញ្ញា កើតបុត្រម្នាក់ឡើង ព្រោះអាស្រ័យសំវាស នៃជនទាំង ២ នាក់នោះ បុត្រដែលកើតដោយព្រាហ្មណកុមារ និងខត្តិយកញ្ញានោះ ប្រហែលនឹងមាតាផង ប្រហែលនឹងបិតាផង តើគេគួរហៅថា​ក្សត្រិយ៍ ឬគេគួរហៅថា​ព្រាហ្មណ៍ ។ បពិត្រព្រះគោតមដ៏ចម្រើន បុត្រដែលកើតឡើង​ដោយព្រាហ្មណកុមារ និងខត្តិយកញ្ញានោះ ប្រហែលនឹងមាតាផង ប្រហែលនឹងបិតាផង គេគួរហៅថា​ក្សត្រិយ៍ក៏បាន ហៅថា​ព្រាហ្មណ៍ក៏បាន ។

[៤២] ព្រះអង្គត្រាស់សួរថា ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះ ដូចម្តេច (បើ) ពួកមនុស្ស ក្នុងលោកនេះ យកមេសេះ ទៅបង្កាត់កូននឹងបាលា ក៏កើតកូនឡើង ព្រោះអាស្រ័យសំវាស នៃសត្វទាំងពីរនោះ កូនដែលកើតឡើង ដោយមេសេះ និងបាលានោះ ប្រហែលនឹងមេផង ប្រហែលនឹងបាផង តើគេគួរហៅថា​សេះ ឬគេគួរហៅថា​លា ។ អស្សលាយនៈ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន កូនសត្វនោះ ជាកូនសេះអស្សតរ បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គគ្រាន់តែឃើញនូវអំពើផ្សេងៗនេះ របស់សេះអស្សតរនោះប៉ុណ្ណោះ ឯនឹងឃើញនូវអំពើផ្សេងៗណាមួយ របស់មាណពជំទង់ទាំងនុ៎ះ ក្នុងន័យខាងដើមឯណោះផង​ក៏ទេ ។

[៤៣] ព្រះអង្គត្រាស់សួរថា ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះ ដូចម្តេច (បើ) មាណពពីរ នាក់ ក្នុងលោកនេះ ជាបងប្អូននឹងគ្នា កើតក្នុងឧទរជាមួយគ្នា មាណពម្នាក់ ជាអ្នកចេះមន្តបានបទ មាណពម្នាក់ទៀត ជាអ្នកមិនចេះមន្ត មិនបានបទ បណ្តាមាណពទាំងពីរនោះ តើពួកព្រាហ្មណ៍​អញ្ជើញអ្នកណា​ឲ្យបរិភោគនូវសទ្ធភត្ត (ភត្តដែលគេឧទ្ទិសដល់បុគ្គលស្លាប់) ទាំងឡាយ ឬនូវថាលិបាកភត្ត (សម្រាប់) ទាំងឡាយ​នូវយញ្ញភត្ត (ភត្តដែលគេរៀបបូជា) ទាំងឡាយ ឬបាហុនភត្ត (ភត្តដែលគេនាំមកដើម្បីអាគន្តុកៈ) ទាំងឡាយ​មុនគេ ។ អស្សលាយនៈ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន បណ្តាមាណពទាំង ២ នុ៎ះ មាណពណា ចេះមន្ត បានបទ ពួកព្រាហ្មណ៍ គួរអញ្ជើញមាណពនោះ​ឲ្យបរិភោគសទ្ធភត្តទាំងឡាយ ឬនូវថាលិបាកភត្តទាំងឡាយ​នូវយញ្ញភត្តទាំងឡាយ ឬនូវបាហុនភត្តទាំងឡាយ​មុនគេ បពិត្រព្រះគោតមដ៏ចម្រើន ទានដែលបុគ្គលឲ្យ​ដល់មាណពដែលមិនចេះមន្ត មិនបានបទ នឹងជាទានមានផលច្រើនដូចម្តេចបាន ។

[៤៤] ព្រះអង្គត្រាស់សួរថា ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះ ដូចម្តេច (បើ) មានមាណពទាំង ២ នាក់ ក្នុងលោកនេះ ជាបងប្អូននឹងគ្នា កើតក្នុងឧទរជាមួយគ្នា ម្នាក់ ជាអ្នកចេះមន្ត បានបទ ជាអ្នកទ្រូស្តសីល មានធម៌ដ៏លាមក ម្នាក់ទៀត ជាអ្នកមិនចេះមន្ត មិនបានបទ តែជាអ្នកមានសីល មានធម៌ល្អ បណ្តាមាណពទាំងពីរ នាក់នោះ តើពួកព្រាហ្មណ៍ អញ្ជើញមាណពណា ឲ្យបរិភោគនូវសទ្ធភត្តទាំងឡាយ ឬនូវថាលិបាកភត្តទាំងឡាយ នូវយញ្ញភត្តទាំងឡាយ ឬនូវបាហុនភត្តទាំងឡាយ មុនគេ ។ អស្សលាយនមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន មាណពណា ដែលមិនចេះមន្ត មិនបានបទ តែជាអ្នកមានសីល មានធម៌ល្អ បណ្តាមាណពទាំង ២ នាក់នុ៎ះ ពួកព្រាហ្មណ៍ គួរអញ្ជើញមាណពនោះ ឲ្យបរិភោគនូវសទ្ធភត្តទាំងឡាយ ឬនូវថាលិបាកភត្តទាំងឡាយ នូវយញ្ញភត្តទាំងឡាយ ឬនូវបាហុនភត្តទាំងឡាយ មុនគេ បពិត្រព្រះគោតមដ៏ចម្រើន ទានដែលបុគ្គលឲ្យ ដល់មាណពទ្រូស្តសីល មានធម៌ដ៏លាមក នឹងជាទានមានផលច្រើនដូចម្តេចបាន ។ ម្នាលអស្សលាយនៈ កាលពីមុន អ្នកអាងជាតិ កំណើត លុះអាងជាតិកំណើតហើយ អ្នកអាងមន្តទាំងឡាយ លុះអាងមន្តទាំងឡាយហើយ ត្រឡប់ជាលើកលែងនូវមន្តនោះ ហើយមកប្រកាន់យកនូវសេចក្តីបរិសុទ្ធិ ក្នុងវណ្ណៈទាំង ៤ តាមដែលតថាគតបញ្ញត្តវិញ ។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អស្សលាយនមាណព ក៏អង្គុយស្ងៀម ក្រអឹម ទន់កល្ងៀក ដាក់មុខជ្រប់ លែងមាត់សោះ ។

[៤៥] លុះព្រះមានព្រះភាគ​ទ្រង់ជ្រាបច្បាស់​ថាអស្សលាយនមាណពនៅស្ងៀម ក្រអឹម ទន់កល្ងៀក ដាក់មុខជ្រប់ លែងមាត់កហើយ ទើបទ្រង់ត្រាស់នឹងអស្សលាយនមាណព​ដូច្នេះថា ម្នាលអស្សលាយនៈ កាលពីព្រេងនាយ មានព្រាហ្មណឥសី ៧ នាក់ ដែលអាស្រ័យនៅក្នុងបណ្ណកុដិ (កុដិស្លឹក) ទាំងឡាយ​នាដងព្រៃ កើតគំនិតអាក្រក់ មានសភាពយ៉ាងនេះថា ពួកព្រាហ្មណ៍​ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត​ជាវណ្ណៈថោកទាប ។បេ​។ ជាញាតិនឹងព្រហ្ម ។ ម្នាលអស្សលាយនៈ អសិតទេវលឥសី បានឮដំណឹងថា ព្រាហ្មណឥសីទាំង ៧ នាក់ ដែលអាស្រ័យនៅក្នុងបណ្ណកុដិទាំងឡាយ​នាដងព្រៃ កើតគំនិតអាក្រក់ មានសភាពយ៉ាងនេះថា ពួកព្រាហ្មណ៍​ទើបជាវណ្ណៈប្រសើរ ។បេ។ ជាញាតិនឹងព្រហ្ម ។ ម្នាលអស្សលាយនៈ គ្រានោះ អសិតទេវលឥសី កោរសក់ និងពុកមាត់ ពុកចង្កា ស្លៀកសំពត់ពណ៌ហង្សបាទ ពាក់ស្បែកជើង ៤ ជាន់ កាន់ដំបង​ដែលរចនាដោយប្រាក់ និងមាស ស្រាប់តែឃើញប្រាកដ​នាបរិវេណនៃបណ្ណសាលា​របស់ព្រាហ្មណឥសីទាំង ៧ នាក់ ។ ម្នាលអស្សលាយនៈ លំដាប់នោះ អសិតទេវលឥសី​ដើររេរាក្បែរបរិវេណនៃបណ្ណសាលា​របស់ព្រាហ្មណឥសីទាំង ៧ នាក់ ក៏ស្រែកហៅ​យ៉ាងនេះថា ចុះព្រាហ្មណឥសីដ៏ចម្រើនទាំងនេះ​ទៅឯណាទៅហើយ ?​ ចុះព្រាហ្មណឥសីដ៏ចម្រើនទាំងនេះ​ទៅឯណាទៅហើយ ? ម្នាលអស្សលាយនៈ ព្រាហ្មណឥសីទាំង ៧ នាក់​ក៏និយាយនឹងអសិតទេវលឥសី​ដូច្នេះថា យើ នរណាហ្នឹង មានសភាពដូចជាក្មេងអ្នកស្រុក មកដើររេរាក្បែរបរិវេណ​នៃបណ្ណសាលា​របស់ព្រាហ្មណឥសី​ទាំង ៧ នាក់ ស្រែកហៅ​យ៉ាងនេះថា ចុះព្រាហ្មណឥសីដ៏ចម្រើនទាំងនេះ​ទៅឯណាទៅហើយ ចុះព្រាហ្មណឥសីដ៏ចម្រើនទាំងនេះ​ទៅឯណាហើយ​ដូច្នេះ បើដូច្នោះ យើងនឹងប្រទេចផ្តាសាវា ។ ម្នាលអស្សលាយនៈ លំដាប់នោះ ព្រាហ្មណឥសីទាំង ៧ នាក់ ក៏ប្រទេចផ្តាសា​នូវអសិតទេវលឥសីថា បុរសចង្រៃឯង ចូរវិនាសដូចជាផែះ បុរសចង្រៃឯង ចូរវិនាសដូចជាផែះ បុរសចង្រៃឯង ចូរវិនាសដូចជាផែះ ។ ម្នាលអស្សលាយនៈ ព្រាហ្មណឥសីទាំង ៧ នាក់ ប្រទេចផ្តាសាអសិតទេវលឥសី​យ៉ាងណា យ៉ាងណា​ក៏អសិតទេវលឥសី​រឹងរឹតតែមាន​រូបល្អក្រៃលែងផង គួរពិតពឹលរមឹលមើលក្រៃលែងផង គួរជាទីជ្រះថ្លាក្រៃលែងផង​យ៉ាងនោះៗ ។ ម្នាលអស្សលាយនៈ ព្រាហ្មណឥសីទាំង ៧ នាក់​ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា ឱហ្ន៎ តបៈរបស់ពួកយើង សោះសូន្យហើយតើ ព្រហ្មចរិយៈរបស់ពួកយើង​មិនមានផលទេតើ ព្រោះកាលពីមុន​ពួកយើងប្រទេចផ្តាសា​នូវមនុស្សណាថា បុរសចង្រៃ ឯងចូរវិនាសដូចជាផែះ​ដូច្នេះ មនុស្សខ្លះនោះ​រលាយទៅជាផែះទៅហើយ តែឥឡូវពួកយើង​ប្រទេចផ្តាសា​បុរសនេះយ៉ាងណាៗ បុរសនោះ​រឹងរឹតតែមាន រូបល្អក្រៃលែងផង គួរពិតពឹលរមឹលមើលក្រៃលែងផង គួរជាទីជ្រះថ្លាក្រៃលែងផង​យ៉ាងនោះៗ ។ អសិតទេវលឥសី និយាយប្រាប់ថា តបៈរបស់អ្នកដ៏ចម្រើនទាំងឡាយ មិនទាន់សោះសូន្យនៅឡើយទេ ទាំងព្រហ្មចរិយៈ​ក៏មិនមែនឥតផលដែរ ណ្ហើយ បើអ្នកដ៏ចម្រើនទាំងឡាយ​មានចិត្តប្រទូស្តមករកយើងបែបណា ចូរលះចិត្តប្រទូស្ត​បែបនោះចេញ ។ ព្រាហ្មណឥសីទាំង ៧ នាក់ និយាយថា បើមានចិត្តប្រទូស្តបែបណា ពួកយើងនឹងលះបង់​នូវចិត្តប្រទូស្តបែបនោះចេញ ចុះអ្នកដ៏ចម្រើន​ជាអ្វីទៅអេះ ។ អសិតទេវលឥសី​សួរថា ចុះអ្នកដ៏ចម្រើនទាំងឡាយ​ដែលឮឈ្មោះ អសិតទេវលឥសី​ដែរឬទេ ។ ឥសីទាំង​ ៧ នាក់ឆ្លើយថា បាទលោកដ៏ចម្រើន ។ អសិតទេវលឥសីប្រាប់ថា ម្នាលអ្នកដ៏ចម្រើន យើងហ្នឹងហើយ​ជាអសិតទេវលឥសី ។ ម្នាលអស្សលាយនៈ គ្រានោះ ព្រាហ្មណឥសីទាំង ៧ នាក់​ចូលទន្ទបទៅក្រាបថ្វាយបង្គំអសិតទេវលឥសី ។ ម្នាលអស្សលាយនៈ លំដាប់នោះ​អសិតទេវលឥសី​និយាយនឹងព្រាហ្មណឥសីទាំង ៧ នាក់ ដូច្នេះថា ម្នាលអ្នកដ៏ចម្រើនទាំងឡាយ ខ្ញុំបានឮថា ព្រាហ្មណឥសីទាំង ៧ នាក់ ដែលនៅអាស្រ័យក្នុងបណ្ណកុដិទាំងឡាយ​នាដងព្រៃ កើតទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះថា ពួកព្រាហ្មណ៍​ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត​ជាវណ្ណៈថោកទាប ពួកព្រាហ្មណ៍​ទើបជាវណ្ណៈស វណ្ណៈឯទៀត​ជាវណ្ណៈខ្មៅ ពួកព្រាហ្មណ៍ ទើបបរិសុទ្ធ មិនមែនពួកព្រាហ្មណ៍​មិនបរិសុទ្ធទេ ពួកព្រាហ្មណ៍​ជាបុត្រ ជាឱរស​របស់ព្រហ្ម កើតពីព្រះឱស្ឋព្រហ្ម មានព្រហ្មជាអ្នកបង្កើត មានព្រហ្មជាអ្នកនិម្មិត ជាញាតិនឹងព្រហ្ម​ដូច្នេះ​មែនឬ ? ឥសីទាំង ៧ នាក់ឆ្លើយថា បពិត្រលោកដ៏ចម្រើន យ៉ាងហ្នឹងមែនហើយ ។ អសិតទេវលឥសី សួរទៀតថា អ្នកដ៏ចម្រើនទាំងឡាយ ដឹងថាស្ត្រី​ដែលជាមាតាបង្កើត (របស់អ្នកទាំងឡាយ) សុទ្ធតែយកព្រាហ្មណ៍ជាស្វាមី មិនយកបុរស​ដែលមិនមែនព្រាហ្មណ៍ទេឬ ។ មិនយកទេ លោកដ៏ចម្រើន ។ ចុះអ្នកដ៏ចម្រើនទាំងឡាយ​ដឹងថា ស្ត្រី​ដែលជាមាតា​នៃមាតាបង្កើត (របស់អ្នកទាំងឡាយ) ដរាបដល់គូនៃជីដូនរបស់ម្តាយ ៧ តមក​សុទ្ធតែយកព្រាហ្មណ៍ជាស្វាមី មិនយកបុរស​ដែលមិនមែនព្រាហ្មណ៍ទេឬ ។ មិនយកទេ លោកដ៏ចម្រើន ។ ចុះអ្នកដ៏ចម្រើនទាំងឡាយ ដឹងថាប្រុស​ដែលជាបិតាបង្កើត (របស់អ្នកទាំងឡាយ) សុទ្ធតែយកព្រាហ្មណីជាភរិយា មិនយកស្ត្រី​ដែលមិនមែនជាព្រាហ្មណីទេឬ ។ មិនយកទេ លោកដ៏ចម្រើន ។ ចុះអ្នកដ៏ចម្រើនទាំងឡាយ​ដឹងថា ប្រុសដែលជាបិតានៃបិតាបង្កើត (របស់អ្នកទាំងឡាយ) ដរាបដល់គូនៃជីតារបស់បិតា ៧ តមក សុទ្ធតែយកព្រាហ្មណីជាភរិយា មិនយកស្ត្រី​ដែលមិនមែនជាព្រាហ្មណីទេឬ ។ មិនយកទេ លោកដ៏ចម្រើន ។ ចុះអ្នកដ៏ចម្រើនទាំងឡាយ​ដឹងថា ការចុះកាន់គភ៌​យ៉ាងណាដែរឬ ។ បពិត្រលោកដ៏ចម្រើន ពួកយើងដឹងថា ការចុះកាន់គភ៌ (៣ យ៉ាង) គឺក្នុងលោកនេះ មាតា​និងបិតាចួបជុំគ្នា១ មាតាមានរដូវ១ សត្វបានចុះមកកើតប្រាកដ១ ការប្រជុំហេតុទាំង ៣ នេះ​ទើបឈ្មោះថា ការចុះកាន់គភ៌  ។ ចុះអ្នកដ៏ចម្រើនទាំងឡាយ ដឹងថា​សត្វនោះជាក្សត្រិយ៍ ឬជាព្រាហ្មណ៍ ជាវេស្សៈ ឬសុទ្ទៈដែរឬទេ ? បពិត្រលោកដ៏ចម្រើន យើងទាំងឡាយមិនដឹងថា សត្វនោះជាក្សត្រិយ៍ ឬជាព្រាហ្មណ៍ ជាវេស្សៈ ឬក៏ជាសុទ្ទៈទេ ។ កាលបើយ៉ាងនេះ អ្នកដ៏ចម្រើនទាំងឡាយ ដឹងថាពួកអ្នកនឹងទៅជាអ្វីឬទេ ? បពិត្រលោកដ៏ចម្រើន កាលបើយ៉ាងនេះ យើងទាំងឡាយមិនដឹងថា​ពួកយើង​នឹងទៅជាអ្វីទេ ។ ព្រះមានព្រះភាគ​ត្រាស់ថា ម្នាលអស្សលាយនៈ សព្វបើអសិតទេវលឥសីដេញដោល សាកសួរ សួរឈ្លេចឈ្លី ក្នុងជាតិវាទ ជារបស់ខ្លួនប៉ុណ្ណឹង ព្រាហ្មណឥសីទាំង ៧ នាក់នោះ​មិនដឹងទៅហើយ ចំណង់បើឥឡូវនេះ តថាគត​ដេញដោល សាកសួរ សួរឈ្លេចឈ្លី ក្នុងជាតិវាទ ជារបស់ខ្លួន ធ្វើម្តេចអ្នកនឹងដឹងបាន អ្នកមិនស្មើនឹងបុណ្ណៈ ជាអ្នកកាន់វែក​ដែលជាកូនសិស្សរបស់ឥសីទាំង ៧ នាក់នោះផង ។

[៤៦] កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អស្សលាយនមាណព ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន ភ្លឺច្បាស់ណាស់ ។បេ។ តាំងពីថ្ងៃនេះទៅ សូមព្រះគោតមដ៏ចម្រើនទ្រង់ចាំទុកនូវខ្ញុំព្រះអង្គថាជាឧបាសក អ្នកដល់សរណៈស្មើដោយជីវិត ។

ចប់ អស្សលាយនសូត្រ ទី៣ ។

ឯកសារយោង[កែប្រែ]

ព្រះត្រៃបិដក > សុត្តន្តបិដក > មជ្ឈិមនិកាយ > មជ្ឈិមបណ្ណាសកៈម​ > ព្រាហ្មណវគ្គ > អស្សលាយនសូត្រ​ (ភាគ២៥ ទំព័រទី ៥៦)

พระไตรปิฎก เล่มที่ ๑๓ > พระสุตตันตปิฎก เล่มที่ ๕ > มัชฌิมนิกาย มัชฌิมปัณณาสก์ > อัสสลายนสูตร

With Assalāyana (Assalāyana Sutta)  (MN 93)

Assalayana Sutta: With Assalayana​ (MN 93)

The Buddha Talks to a Brahmin Supremacist