អស្សាជ័យរាជ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី អស្សាជ័យរាជ្យ)
អស្សាជ័យរាជ
រជ្ជកាលម.គ.ស ២០២-១៩១
រាជ្យមុនព្រះបាទអាទិត្យវរ្ម័ន
រាជ្យបន្តព្រះបាទកុម៉ែរាជ
បុត្រព្រះសុរិយាវរមិន្ទ ព្រះ​សុរិយោទេវេស ព្រះបរមេន្ទ្រាវរមិន្ទ ​ព្រះ​សុរិយាវរមិន្ទ ព្រះស្រេន្ទ្រាវរមិន្ទ
ប្រសូតម.គ.ស ?
នគរគោកធ្លក
សុគតម.គ.ស ១៩១
ចម្ប៉ាសក្ដិ រឺ ចាម្ប៉ា

ព្រះបាទអស្សាជ័យរាជ រឺ អស្សកៃ រឺ អសជ្ជ័យ រឺ អាស្សចៃយ្យរាជ្យ (ម.គ.ស ?-១៩១) រជ្ជកាល (ម.គ.ស ២០២-១៩១) បើគិតតាមពង្សាវតារខ្មែរឆ្នាំដែលព្រះថោងឡើងសោយរាជ្យ និង ព្រេងនិទានរបស់ពួកព្រាហ្មណ៍ហិណ្ឌូដែលចេញពីពារាណសី។ ស្ដេចនេះសោយរាជ្យបាន ១១ ឆ្នាំរួចក៏សុគតទៅ។

ប្រវត្តិ[កែប្រែ]

តាមពង្សាវតារខ្មែរ[កែប្រែ]

ព្រះថោងបាន​ចាត់ចែង​ឲ្យ​មុខ​មន្ដ្រី​ទៅ​ចរចា​នឹង​ស្ដេច​ចាម​ ​ដើម្បី​ចង​ស្ពាន​មេត្រី​ក្នុង​ន័យ​រួមរស់​ជា​មិត្ដភាព​ក្នុង​តំបន់​ជាមួយ​គ្នា។​ ​

ថ្ងៃមួយ ព្រះថោង​ ​និង​ស្ដេច​ចាម​ ​ព្រះ​នាម​អាស្សចៃយ្យរាជ្យ​ ​កើត​មាន​ជម្លោះ​ឈ្លោះ​មិន​ចុះ​សម្រុង​នឹង​គ្នា​ ​ហើយ​ក៏​កើត​មាន​ជា​សង្គ្រាម​ចម្បាំង​រាំងជល។​ ​ព្រះថោង​បាន​យក​ជ័យ​ជំនះ​ឈ្នះ​កម្ចាត់​ស្ដេច​ចាម​ ​ដែល​រត់​ខ្ចាត់ខ្ចាយ​ទៅ​ពួន​នៅ​ចម្ប៉ាសក្ដិ បច្ចុប្បន្ន​ទឹកដី​លាវ។​ ​ឥឡូវ​ព្រះថោង​ព្រះ​អង្គ​បាន​គ្រប់គ្រង​ទឹកដី​គោក​ធ្លក​តែ​ម្នាក់ឯង។​ ​ព្រះ​អង្គ​បាន​ដាក់​ឈ្មោះ​ព្រះ​នគរ​ថា​ ​“នគរ​គោក​ធ្លក”។

នៅក្នុងរាជរបស់ព្រះអង្គ បើតាមពង្សាវតារខ្មែរ និង ឯកសារជាច្រើនទៀត លើកលែងតែពង្សាវតារសម្ដេចវាំងជួន ស្ដេច​ចាម​ដែល​ច្បាំង​ចាញ់​ព្រះ​ថោង​កាល​ពី​លើក​មុន បាន​លើកកងទ័ពយ៉ាងគគ្រឹកគគ្រេង មកវាយប្រហារនគរគោកធ្លក។ ស្ដេចចាម​អស្សាជ័យ​​រាជ ដោយ​មាន​កូន​ប្រុស​ប្រាំ​នាក់ ធ្វើ​ជា​មេ​ទ័ព​ជំនួយ បានលើកទ័ពចេញមកពីចម្ប៉ាសក្ដិ។ ពង្សាវតារខ្មែរដែលរៀបចំដោយព្រះអង្គម្ចាស់នព្វរតន៍ បានសរសេរបញ្ជាក់ថា កងទ័ពចាមដោយមានកងទ័ពលាវចូលរួម​ផង បាន​មក​ចោម​ព័ទ្ធ​ទី​ក្រុង​មហា​នគរ​។ ពេល​នោះ​ព្រះ​កុម៉ែ​រាជ​បានកោះប្រជុំ គ្រប់នាម៉ឺនមុខមន្រ្ដីមេទ័ពតូចធំ ដោយមានព្រះបន្ទូល​ថា បើ​យើង​ច្បាំង​តប​នឹង​សត្រូវ​ក៏​បាន​ដែរ តែ​ប្រជា​ពល​រដ្ឋ​យើង នឹង​ត្រូវ​ស្លាប់បាត់បង់ច្រើនជាមិនខាន។ ដូច្នេះគួរណាស់តែយើងធ្វើល្បិច​កិច្ច​កល​ជា​ចាញ់ ខ្លាចចាមហើយ​នាំ​គ្នា​វាយ​សម្រុក​បើក​ផ្លូវ នាំ​គ្រួសារ​រត់ចោលនគរមួយរយៈសិន។ ធ្វើដូច្នេះកងទ័ពចាម និងមានជំនោរចិត្ដក្អេងក្អាង ភ្លេច​ខ្លួន​ហើយ​នាំគ្នា​មក​តាំង​ទី​ក្នុង​មហា​នគរ​ជា​មិន​ខាន។ ពេលនេះ ចាំយើងលើកទាំងទ័ពមនុស្សទាំងទ័ពនាគមកវាយប្រហារ​សត្រូវ​យក​ជ័យ​ជម្នះ​វិញ​។ ទ័ពខ្មែរបានវាយបើកផ្លូវចេញ បានដូចសេចក្ដីប្រាថ្នា សម្ដេចកុម៉ែរាជ បាននាំពលរេហ៍ទៅរៀបចំទីតាំងបោះបន្ទាយ​ជំរុំ​នៅ នគររាជសីមា។ ព្រះ​អង្គ​ក៏​ចាប់​ផ្ដើម​រៀប​ចំ​កង​ទ័ព មានទ័ពលាវផង បង្ហាត់បង្រៀនហ្វឹកហ្វឺនតាមគ្រប់ក្បួនយុទ្ធសាស្រ្ដ ពិជ័យ​សង្រ្គាម​។ ទ័ព​ចាម​ដូច​ដែល​ព្រះ​អង្គ​បាន​គិត​មែន បាន​នាំ​គ្នា​មក​តាំង​ទី​នៅ​ក្នុង​ព្រះមហានគរ។ មួយឆ្នាំក្រោយមក សម្ដេចព្រះកុម៉ែរាជ​ ដោយមាន​ជំ​នួយ​ពី​ទ័ព​នាគ​បាន​លើក​ទ័ព​ទៅ​វាយ​ប្រហារ ​កំចាត់​ទ័ព​ចាម​ធ្វើ​អោយ​បរា​ជ័យ​រត់បាក់បែកអស់។ ស្ដេចចាមអស្សាជ័យរាជ ត្រូវរបួស​យ៉ាង​ទម្ងន់ ហើយ​ក៏​បាន​បាត់​បង់​ជីវិត ក្នុង​គ្រា​ចម្បាំង​នោះ​ទៅ​។ រី​ឯ​កូន​ប្រុស​ទាំង​ប្រាំ​នាក់​របស់ស្ដេចចាមត្រូវកងទ័ពខ្មែរ និងកងទ័ពនាគចាប់បាន។ កូន​ស្ដេច​ចាម​ទាំង​ប្រាំ​នាក់​ បាន​ទទួល​ខ្លួន​ចុះ​ចាញ់ សុំ​ចំណុះ និង​សុំ​បម្រើព្រះ​ថោង​រៀង​រហូត​ត​ទៅ។ ព្រះមហាក្សត្រខ្មែរព្រះកុម៉ែរាជបានតែងតាំងកូនស្ដេចចាមឈ្មោះ សុរិយាវរមិន្ទអោយគ្រប់គ្រងស្រុកទ្រាំង ដោយ​មាន​ទី​តាំង​នៅ​លើ​ភ្នំ​បា​យ៉ង់​កោ ព្រះ​សុរិយោទេវេស អោយ​ទៅ​គ្រប់គ្រងស្រុកបាទីដោយតាំងទីនៅលើភ្នំជីសូរ ព្រះបរមេន្ទ្រាវរមិន្ទ ​អោយ​ទៅ​គ្រប់​គ្រង​ស្រុកលើកដែក ព្រះ​សុរិយាវរមិន្ទ អោយ​ទៅ​គ្រប់​គ្រង​ស្រុកត្បូងឃ្មុំ និងព្រះស្រេន្ទ្រាវរមិន្ទ អោយទៅត្រួតត្រាស្រុកស្ទោង

ប្រជុំរឿងព្រេងខ្មែរភាគ៩[កែប្រែ]

បើតាមសៀវភៅប្រជុំរឿងព្រេងខ្មែរភាគទី៩ រឿងទី១៤ ស្ដេច​ព្រះ​ថោង ហេតុ​តែ​ឧប​និស្ស័យ​ត្រូវ​បាន​ធ្វើ​ជា​ម្ចាស់​កោះ និង​ដោយ​បាន​នមស្ការ​របស់ព្រះពុទ្ធ​ផង ក៏​មាន​តម្រិះ​ប្រាជ្ញា​វាង​វៃ, វេលា​យប់​ស្ងាត់ នាំ​មន្ត្រី​ចាស់​ម្នាក់ ដែល​ជា​ទំនុក​ទុក​ចិត្ត យក​ដុំ​មាស​ប៉ុន​ផ្លែ​ខ្វិត​ទៅ​កប់​ក្រោម​គល់​ធ្លក ជម្រៅ ៣ ហត្ថ ហើយ​តាក់​តែង​ជា​សាវតារ សរសេរ​ជាក់​តាំង​ពី​ជីតា​ទួត​របស់​លោក​ថា "បាន​មក​ចាប់​កាប់​គាស់​រាន​ទឹកដី​កោះ​នេះ តាំង​ពី​ដុះ​ឡើង បាន​ទាំង​កប់​ដុំ​មាស​ប៉ុន​ផ្លែ​ខ្វិត​ក្រោម​គល់​ធ្លក ជម្រៅ ៣ ហត្ថ ទុក​ជា​ភស្តុតាង, ដី​កោះព្រះ​កេរ្តិ៍​នេះ ត្រូវ​បាន​ជា​ចំណែក ចែក​ឲ្យ​ស្ដេច​ព្រះ​ថោង​ជា​ចៅ" ហើយ​យក​សាវតារ​ទៅ​រោល​ផ្សែង​ភ្លើង​ឲ្យ​ក្រហម​ជាំ ល្មម​គេ​មើល​ឃើញ​ថា​ជា​របស់​ចាស់​ចុះ​មក​មែន។ តែង​សេចក្ដី​ដូច្នេះ​ស្រេច ទើប​ព្រះ​ថោង ប្រើ​សេនា​ទាហាន​ឲ្យ​ទៅ​បណ្ដេញ​ស្ដេច​ចាម។ ស្ដេច​ចាម មិន​ព្រម​ដើរ​ចេញ ប្រុង​លើក​ទ័ព​ច្បាំង​គ្នា ដោយ​អះ​អាង​ថា ជា​កេរ្តិ៍​ដំណែល​រៀង​ៗ ខ្លួន។ ព្រះ​ថោង តវ៉ា​ថា "យើង​អាង​មាន​ព័ស្តុតាង​ជា​កេរ្តិ៍​ដំណែល​របស់​យើង បាន​ជា​ហ៊ាន​បណ្ដេញ​អ្នក​ឯង"។ ស្ដេច​ចាម​ថា "អ្នក​មាន​ព័ស្តុតាង​យ៉ាង​ណា?” ។ ព្រះ​ថោង​ថា "យើង​អាង​សាវតារ​ពី​ជីតា​យើង​ចែក​ដី​កោះ​នេះ​ឲ្យ លោក​បាន​ទាំង​កប់​ដុំ​មាស​ប៉ុន​ផ្លែ​ខ្វិត ក្រោម​គល់​ធ្លក ជម្រៅ ៣ ហត្ថ ជា​ភស្តុតាង​ទុក​ឲ្យ​យើងៗ មិន​ទាន់​ទាំង​បាន​ទៅ​គាស់​មាស​នោះ​ផង, បើ​មិន​ជឿ​ត្រូវ​តាំង​ភ្នាល់​គ្នា​យក​ឈ្នះ​ចាញ់ ត្រង់​បន្ទាល់​នេះ​ចុះ"។ ស្ដេច​ចាម ជា​មនុស្ស​ឆោត ព្រម​ចុះ​សន្យា​នឹង​ព្រះ​ថោង ទទួល​ឈ្នះ​ចាញ់​ត្រង់​មាន​ភ័ស្តុតាង​ក្នុង​សាវតារ​ពីរ​ខៈ គឺ ១- ត្រង់​ថា​ជីតា​ចែក​ឲ្យ, ២- មាន​កប់​ដុំ​មាស​នៅ​គល់​ធ្លក, ថា​បើ​ពិត​ជា​មាន សុខ​ចិត្ត​ដើរ​ចេញ​ពី​ទី​នេះ ទើប​ទ្រង់​កំហែង​ទារ​សាវតារ​ពី​ព្រះ​ថោង​មើល។ ព្រះ​ថោង​យក​សាវតារ​មក​ឲ្យ​មើល រួច​សង្ខើញ​ឲ្យ​ជីក​ដី​ក្រោម​គល់​ធ្លក​រក​ដុំ​មាស​ទៀត។ លុះ​ឃើញ​ពិត​ទាំង​ពីរ​ខ ស្ដេច​ចាម ទាល់​ប្រាជ្ញា តែ​ក្រាញ​មិន​ព្រម​ដើរ​ចេញ ក៏​រក​រឿង​នឹង​លើក​ទ័ព​មក​ប្រឆាំង។ ព្រះ​ថោង ដឹង​រឿង​ដូច្នោះ ក៏​លើក​ទ័ព​ទៅ​សង្គ្រុប​មុន មិន​ឲ្យ​ដឹង​ខ្លួន ចាប់​បាន​ទាំង​ស្ដេច​ចាម និង​សេនា​ទាហាន។ ស្ដេច​ចាម អង្វរ​សុំ​ជីវិត សុខ​ចិត្ត​ថ្វាយ​ទឹក​ដី និង​សេនា​ទាហាន។ ព្រះ​ថោង ក៏​លែង​ទោស ហើយ​ដេញ​ឲ្យ​ទៅ​នៅ​ភ្នំ​ក្រោម។ ស្ដេច​ចាម ឈឺ​ចិត្ត​ចុក​ឈាម​ស្លាប់​ទៅ។ ពួក​បណ្ដា​រាស្ត្រ​ចាម​ប្រុស​ស្រី​ប៉ុន្មាន ព្រះ​ថោង ក៏​រឹប​ដាក់​បន្ថោក​សាសន៍​ដាក់​ជា​ជាតិ កួយ ព័រ អស់​ទៅ។ (ក្នុងប្រជុំរឿងព្រេងគេថាព្រះថោងជាស្ដេចមន កាលណោះ គឺឆ្នាំ ៦៦ រឺ ៧៦ នៃ គ.ស.)

តាមលោក អាដេម៉ាដ៍​​​ ឡឺក្លែរ[កែប្រែ]

ឯកសារប្រវត្តិសាស្ត្រចិន​រៀបរាប់​អំពី​ព្រះបាទហ្វាន់ស៊ីយុន​នេះ​ថា​ជា​ស្ដេច​ កសាង​ប្រទេស យកចិត្ដ​ទុក​ដាក់​នឹង​រាជកិច្ច​ខ្លាំង​ណាស់។ ទ្រង់​បើក​សវនាការ​ឱ្យ​ប្រជារាស្ដ្រ​ចូល​គាល់​រាល់ថ្ងៃ នៅ​ពេល​ព្រឹក និង​ថ្ងៃត្រង់

តាម​មើលទៅ ព្រះរាជា​ដែល​សោយរាជ្យ​នៅ​នគរវ្នំទាំងអស់ រួម​ទាំង​ស្ដេច​ជ្រែករាជ្យ​ផង សុទ្ធ​តែ​មាន​ខ្សែ​លោហិត​រាជវង្ស​តែ​មួយ ព្រោះ​យើង​មក​ដល់​ពាក់​កណ្ដាល​សតវត្សរ៍​ទី​៣​ហើយ ហើយ​តាម​ឯកសារ​ប្រវត្ដិសាស្ដ្រ​ចិន​បាន​និយាយ​ថា បច្ឆាញាតិ​របស់​ព្រះ​នាងលីវយី និង​ព្រះបាទហ៊ុនទៀន បាន​គ្រប់គ្រង​រាជសម្បត្ដិ​នៅ​ហ្វូណន​អស់​រយៈកាល​២​សតវត្សរ៍។

បើសិនជា ​ការ​ប្រកាន់​តាម​ប្រពៃណី​ខ្មែរ​ដែល​លើក​ឡើង​ថា មាន​ស្ដេច​ចាម ​៦​ អង្គ​សោយរាជ្យ​មុនគេ​នៅ​កម្ពុជា ស្ដេច​ទាំង​អស់​នោះ​មាន​ព្រះ​នាម​ថា យូយូវរ្ម័នទិ កវលរាជកុមារសុរិយាវរ្ម័ន​ទិ​ ទរនិន្ទ្រា​វរ្ម័នទិអាទិត្យវរ្ម័នទិ និងអស្សកៃ ជា​ការ​ពិត​នោះ​មាន​ន័យ​ថា​ ព្រះរាជា​ទាំង​អស់នោះ​ជា​បច្ឆាញាតិ​របស់​ព្រះ​នាង​លីវយី​ និង​ជ្វា​ហ៊ុនទៀន​ទាំង​អស់​ហើយ​មិនមែន​ជា​ចាម​ទេ​ព្រោះ​នៅ​ពេល​នោះ​មិន​ទាន់ ​មាន​ពួក​ចាម​នៅ​ឡើយ​តែ​ជា​ជ្វា​ ឬ​ម៉ាឡេ គឺជា​អម្បូរ​ជន​ដែល​ក្រោយ​ពី​បាន​ត្រូវ​ដេញ​ចេញពី​កម្ពុជា​ទៅ បាន​គេច​ទៅ​នៅ​ចម្ប៉ាសក្ដិ​ខាងជើង​កម្ពុជា ឬ​ក៏​ទៅ​នៅ​ខាងកើត​ត្រង់​ដែល​ចិន​ហៅ​ថា លីនយី ដែល​ក្រោយ​មក​ទើប​ក្លាយ​ទៅជា​ចាម្ប៉ា​នោះ​ឯង។ ឈ្មោះ «ចាម្ប៉ា» នេះ ខ្មែរ​នៅ​ចង​ចាំ​នៅឡើយ​រហូត​មក​ដល់​២​សតវត្សរ៍​មុន​នេះ។

ឯកសារ ​ប្រវត្ដិសាស្ដ្រ​ចិន​ក៏​មាន​រៀបរាប់​ជា​ច្រើន​ដែរ​អំពី​ស្រុក​វ្នំ ទោះបីជា​ការ​រៀបរាប់​នីមួយៗ​មិន​គ្រប់​ជ្រុង​ជ្រោយ ហើយ​សរសេរ​នៅ​ពេល​ខុសៗ​គ្នា​ក៏​ដោយ តែបើ​យក​មក​ផ្ដុំ​គ្នា អាច​ឱ្យ​យល់​ដឹង​បាន​ខ្លះ​អំពី​ប្រទេស​នោះ​នៅ​សតវត្សរ៍​ទី​៣​ និង​ទី​៤ ។​ដូចនេះ​វា​មាន​សារៈសំខាន់​នៅ​ពេល​នេះ​ដែល​ត្រូវ​អធិប្បាយ​ សង្ខេប​អំពីឯកសារ​ទាំងនោះ។

ឯកសារ ​នោះ​និយាយ​ថា មុន​ដែល​ស្ដេចហ៊ុនទៀនមក​ដល់​ អ្នកស្រុក​វ្នំ​ច្រើន​សាក់​ខ្លួន​ដូច​ដែល​ពួក​ភូមា និង​លាវ​នៅ​អនុវត្ដ​រហូត​ដល់​សព្វថ្ងៃ។​ ការ​សាក់​ខ្លួន​នេះ​ហាក់​ដូចជា​គ្មាន​ទៀត​ទេ​ពេល​ដែល​ស្ដេច​ហ៊ុនទៀន​មក​ដល់ តែ​អ្នកស្រុក​នៅ​ដើរ​ស្រាត មិន​ទាន់​មាន​ស្លៀកពាក់​នៅ​ឡើយ។ ស្ដេច​ហ៊ុនទៀន​ដែល​ចេញ​មក​ពី​ប្រទេស​មួយ​មាន​អារ្យធម៌​រួច​ហើយ ម្យ៉ាងទៀត​ជា​ព្រាហ្មណ៍​ផង ទ្រង់​មិន​សប្បាយ​ចិត្ដនឹង​ឃើញ​ព្រះ​ជាយា​នៅ​ស្រាត​ដូច្នេះ​ទេ ទ្រង់​ក៏​យក​ក្រណាត់​មួយ​ផ្ទាំង​មក​ស្លៀក​ឱ្យ ដោយ​ចោះ​ប្រហោង​កណ្ដាល​សម្រាប់​ច្រក​ព្រះ​កេស

​រហូតមកដល់​សព្វថ្ងៃ​នេះ មានការ​បញ្ជាក់​ច្បាស់​ហើយ​ថា វ្នំ គឺជា​អាណាចក្រ​មួយ​ដែល​រួមផ្សំ​ឡើង​ដោយ​ក្សត្រ​ប្រទេស​ជាច្រើន ដែលមាន​ព្រះរាជា​នៃ​ក្សត្រ​ប្រទេស​តូ​មូ​ជា​អធិរាជ ហើយ​បើ​មិនមែន​ដូច្នេះ តាំងពីដើម​ដំបូង​មក​ទេនោះ ក៏​ចាប់តាំងពី​ពេលដែល​ព្រះបាទ​ហ្វា​ន់​ម៉ាន់ បានធ្វើ​សង្គ្រាម​ដណ្តើម​ទឹកដី​មក​ដែរ។ ​ខ្ញុំ​ក៏​ដូច​មាន​ជំនឿ​ច្រើន​ថា គឺ​ពួក​ម៉ា​ឡេ ដែលជា​បុព្វបុរស​របស់​ពួក​ចាម​នៅពេល​ក្រោយមក ដែលជា​ស្ថាបនិក នៃ​បណ្តា​ក្សត្រប្រទេស​ទាំងអស់នោះ។ រាជាណាចក្រ​ចាម ឬ​ចម្ប៉ា​នេះ ស្ថិតនៅ​ពី​ខាងកើត ហើយ​បាន​កើតឡើង យ៉ាងតិចណាស់​ក៏​២​សតវត្សរ៍៍​មុន​កម្ពុជា​ដែរ ពីព្រោះ​គេ​រកឃើញ​សិលាចារឹក​សំស្ក្រឹត ដែលមាន​វ័យ​ចំណាស់​ជាងគេ​ក្នុង​ឥណ្ឌូចិន នៅ​ចាម្ប៉ា​នេះឯង។ បើតាម​សិលាចារឹក​ទាំង​នោះ ប្រទេសចម្ប៉ា មាន​អរិយធម៌​ជឿនលឿន​ជាង​វ្នំ នៅ​សតវត្សរ៍​ទី​៤។​ តាមពិតទៅ​ប្រទេស​ចម្ប៉ា ឬ​លិ​ន​យី ត្រូវបាន​បង្កើតឡើង​នៅ​សតវត្សរ៍​ទី​២ ក្រោយពី​នគរ​វ្នំ ហើយ​ផ្ទាំង​សិលាចារឹក​វ៉ូ​កាញ់ គឺជា​របស់ ខ្មែរ​ទេ​”។​ ស្តីអំពី​ជ្វា​ព្រាហ្មណ៍ លោក​បាន​បន្ថែមទៀតថា ​ប្រសិនបើ​គេ​ទទួលស្គាល់ថា ការ​លុកលុយ​របស់​ពួក​ម៉ា​ឡេ ឬ​ជ្វា ជាការ​លុកលុយ​ពី​ខាងក្រៅ ដែល​កើតមាន មុនគេ​មកលើ​កម្ពុជា​នោះ រឿងរ៉ាវ​ដែល​និទាន​អំពី​ការ​លុកលុយ​របស់​ពួក​ជ្វា​ព្រាហ្មណ៍ គឺជា​រឿង​មួយ​ក្នុង​បណ្តា​រឿង​ទាំងនោះ។ រឿងនេះ​រៀប រាប់​អំពី​ការ​លុកលុយ​របស់​ស្តេចហ៊ុនទៀន ដែល​យាង​មកពី​ទិស​ខាងត្បូង ដូចដែល​បាន​លើក​នៅ​ខាងលើ។ ទោះជា​យ៉ាងណាក៏ដោយ ពួក​ជ្វាព្រាហ្មណ៍ ឬ​ព្រាហ្មណ៍ នៅ​កោះ​ជ្វា​ទាំងនោះ ធ្វើដំណើរ​ចេញមក​ពី​ប្រជុំ​កោះ​អាំង​ស៊ូ​ឡាំង។ ពួក​នោះ​ប្រហែលជា​បច្ឆាញាតិ​របស់​ពួក​ព្រាហ្មណ៍ ប្រមាណ​ជា​២​ម៉ឺន​គ្រួសារ ដែល​បានធ្វើ​និ​រ​ប្រវេសន៍​ចេញពី​ប្រទេស​ឥណ្ឌា នៅ​ដើម​មហាសករាជ មក​តាំងទី​លំនៅ​លើ​កោះ​ជា្វ ហើយ​ផ្សព្វផ្សាយ ព្រហ្ម​ញ្ញ​សាសនា​របស់​ប្រជាជន​ដើម​នៅ​ទីនោះ។ រឿងនិទាន​រៀបរាប់ថា ក្រៅពី​ប្រជាជន ឬ​ពួក​ពលទាហាន និង​ពួក​សំពៅ ពួក​ព្រាហ្មណ៍​ដែលជា​មេ​គេ​ទាំងនោះ មាន​សក់វែង មាន សម្បុរ​ខ្មៅ ហើយ​បាន​អះអាងថា ពួកគេ​មកពី​នគរ​ពារាណសី។ រឿងនិទាន​ក៏បាន​រៀបរាប់​ផងដែរ​ថា នគរ​ដែល​ពួក​ជ្វា​ព្រាហ្មណ៍​ទាំងនោះ បាន​បង្កើតឡើង​គឺ​នគរ​គោកធ្លក គឺ​ស្រុក​ខ្មែរ​នេះឯង និង​ថា មាន​ព្រះមហាក្សត្រ​ចាម​៦​ ព្រះអង្គ​សោយរាជ្យ​បន្តបន្ទាប់​គ្នា ព្រះមហាក្សត្រ​ទាំងនោះ ជា​បច្ឆាញាតិ​របស់​ព្រះ​នាង​លីវយី និង​ព្រះបាទហ៊ុនទៀន ដែលជា​ជ្វា ចំណុច​នេះ​ខុស ព្រោះថា​ហ៊ុនទៀន ឬ កៅ​ណ្ឌិ​ត្យ ( គឺជា​ជនជាតិ​ឥណ្ឌា មក នគរ​ភ្នំ តាមរយៈ​កោះ​ជ្វា ឬ Java )។​ ស្តេចជ័យវរ្ម័ន សោយរាជ្យ​៥០​ឆ្នាំ។ តាម​រឿងនិទាន ព្រះអង្គ​គោរពបូជា​ព្រះ​វិស្ណុ ហើយ​ទ្រង់​សោយ​ទិវង្គត​ទៅ ក្នុង​ព្រះ​ជន្មាយុ​ ៧០ ​ឆ្នាំ។​ រាជបុត្រ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ព្រះនាម កវលៈ​រាជកុមារ បាន​សោយរាជ្យ​បន្ត​ពី​ព្រះបិតា ហើយ​គោរពបូជា​ថ្ម​ស្វ័យ​ម្ភុ ដែល​មានន័យថា កើតមានឡើង​ដោយ​ឯងៗ។ ព្រះរាជា​អង្គ​នេះ សោយរាជ្យ​បាន​២០​ឆ្នាំ។​ ព្រះរាជា​ចាម​ទី​៣ ទ្រង់​ព្រះនាម​ថា សុរិយា​វរ្ម័ន ទ្រង់​គ្រងរាជ្យ​បាន​២០​ឆ្នាំ​ដែរ និង​គោរពបូជា​ថ្ម​ស្វ័យ​ម្ភុ​ដូចគ្នា។​ ព្រះរាជា​ទី​៤ ទ្រង់​ព្រះនាម​ថា ធរ​និ​ន្ទ្រៈ​វរ្ម័ន (ធរណិន្ទ្រវរ្ម័ន)។ ទ្រង់​សោយរាជ​បាន​២០​ឆ្នាំ ។​ ព្រះរាជា​ទី​៥ គឺ​ព្រះបាទ​អាទិត្យ​វរ្ម័ន សោយរាជ្យ​បាន​២០​ឆ្នាំ។​ ព្រះរាជា​ទី​៦ និង​ចុងក្រោយ​គេ គឺ​ព្រះបាទអស​ជ្ជ័​យ ដែល​សោយរាជ្យ​បានតែ​១១​ឆ្នាំ​ប៉ុណ្ណោះ។​

ឯកសារយោង[កែប្រែ]

  • សៀវភៅប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា របស់លោក អាដេម៉ាដ៍​​​ ឡឺក្លែរ
  • ប្រវត្តិសាស្ត្រខ្មែរ របស់លោកបណ្ឌិត រស់ ចន្ទ្រាបុត្រ
  • ប្រជុំរឿងព្រេងខ្មែរភាគទី៩ រឿងទី១៤
  • [វិគីប្រភពដើម]
  • ប្រវត្តិសាស្ត្រខ្មែរដោយលោក រស់ ចន្ត្រាបុត្រ (ភាគរឿងនិទាន)
មុនដោយ
ព្រះបាទអាទិត្យវរ្ម័ន
នគរគោធ្លក រឺ នគរចាម្ប៉ា តដោយ
ព្រះបាទព្រះថោង