អាដានាដិយសូត្រ

ពីវិគីភីឌា
Jump to navigation Jump to search

អាដានាដិយសូត្រ ទី៩

[៧៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់លើភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ។ លំដាប់នោះឯង ស្តេចធំទាំង៤អង្គ តាំងការរក្សាទុក​ក្នុងទិសទាំង៤ តាំងកងពលទុក ក្នុងទិសទាំង៤ តាំងបុគ្គល​ជាអ្នកត្រួត​ត្រាទុក ក្នុងទិសទាំង៤ ដោយសេនាយក្ខ ដ៏ច្រើន ដោយសេនាគន្ធព្វដ៏ច្រើន ដោយសេនា​កុម្ភណ្ឌដ៏ច្រើន ដោយសេនានាគដ៏ច្រើន កាលវេលារាត្រី (បឋមយាម) កន្លងទៅហើយ (ស្តេចទាំងនោះ) មានពន្លឺដ៏រុងរឿង ញុំាងភ្នំគិជ្ឈកូដទាំងមូលឲ្យភ្លឺហើយ ក៏ចូលទៅគាល់​ព្រះមានព្រះភាគ​ក្នុងទីនោះ លុះចូលទៅដល់ហើយ ទើប​ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ដោយគោរព ហើយអង្គុយក្នុងទីដ៏សមគួរ។ ឯយក្ខទាំងឡាយនោះ ពួកខ្លះថ្វាយបង្គំ​ព្រះមានព្រះភាគ ដោយគោរព ហើយអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែពោលពាក្យ​រាក់ទាក់ សំណេះសំណាល ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែល​គួររីករាយ នឹងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែអង្គុយ​ប្រណម្យអញ្ជលី ចំពោះ​ព្រះមានព្រះភាគ ក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែប្រកាសនាម និងគោត្រ អង្គុយក្នុងទីសមគួរ ពួកខ្លះ គ្រាន់តែអង្គុយស្ងៀម ក្នុងទីដ៏សមគួរ។

[៧៩] ស្តេចជាធំឈ្មោះវេស្សវ័ណ គង់នៅក្នុងទីដ៏សមគួរហើយ ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពួកយក្ខជាន់ខ្ពស់ មិនជ្រះថ្លាចំពោះ​ព្រះមានព្រះភាគ ក៏មាន ពួកយក្ខជាន់ខ្ពស់ ជ្រះថ្លាចំពោះ​ព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចម្រើន បពិត្រព្រះអង្គដ៏ចម្រើន ពួកយក្ខជាន់កណ្តាល មិនជ្រះថ្លាចំពោះ​ព្រះមានព្រះភាគ ក៏មាន ពួកយក្ខជាន់កណ្តាល ជ្រះថ្លាចំពោះ​ព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចម្រើន ពួកយក្ខជាន់ទាប មិនជ្រះថ្លាចំពោះ​ព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចម្រើន ពួកយក្ខជាន់ទាប ជ្រះថ្លាចំពោះ​ព្រះមានព្រះភាគ ក៏មាន។ បពិត្រព្រះអង្គដ៏ចម្រើន ឯយក្ខដែលមិនជ្រះថ្លា ចំពោះ​ព្រះមានព្រះភាគ ច្រើនណាស់ ការនោះព្រោះហេតុអ្វី បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថា ព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ដើម្បីឲ្យវៀរចាកបាណាតិបាត ទ្រង់សំដែងធម៌ ដើម្បី​ឲ្យវៀរចាក​អទិន្នាទាន ទ្រង់សំដែងធម៌ ដើម្បីឲ្យវៀរចាកកាមេសុមិច្ឆាចារ ទ្រង់សំដែងធម៌ ដើម្បីឲ្យវៀរចាកមុសាវាទ ទ្រង់សំដែងធម៌ ដើម្បីឲ្យវៀរចាកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទ។ បពិត្រព្រះអង្គដ៏ចម្រើន ចំណែកខាងយក្ខទាំង​ឡាយ ច្រើនតែ​មិនវៀរចាកបាណាតិបាតសោះ មិនវៀរចាកអទិន្នាទានសោះ មិនវៀរចាកកាមេសុមិច្ឆាចារសោះ មិនវៀរចាកមុសាវាទសោះ មិនវៀរចាកទឹកស្រវឹង គឺសុរា​និងមេរ័យ ដែលជាហេតុ ជាទីតាំង​នៃសេចក្តីប្រមាទសោះ បានជាពួកយក្ខទាំង​នោះ មិនគាប់ចិត្ត មិនពេញចិត្តនឹងការវៀរនោះ។ បពិត្រព្រះអង្គដ៏ចម្រើន ពួកសាវ័ក​របស់​ព្រះមានព្រះភាគ អាស្រ័យនៅសេនាសនៈស្ងាត់ ដែលតាំងនៅក្នុងព្រៃ មានសូរសព្ទគឹក​កងរំពងតិច ប្រាសចាកសំដីរបស់មនុស្សអ្នកដើរទៅមក សមគួរដល់ការកំបាំង​អំពី​ពួកមនុស្ស ជាទីគួរ​ដល់ការលាក់ខ្លួន ពួកអាត្មាបាន ពួកយក្ខជាន់ខ្ពស់ តែងនៅជានិច្ច​ក្នុងព្រៃនោះ (គេ) មិនជ្រះថ្លាក្នុងសាសនា របស់ព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចម្រើន ព្រោះហេតុនោះ សូមព្រះមានព្រះភាគ ប្រៀនប្រដៅ នូវ​ព្រះបរិត្ត​សម្រាប់រក្សាក្នុងនគរឈ្មោះអាដានាដា ដល់ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ដើម្បីឲ្យយក្ខ​ទាំងនោះជ្រះថ្លា ដើម្បីការគ្រប់គ្រងរក្សា ដើម្បីមិនបៀតបៀនគ្នា ដើម្បីនៅសប្បាយ។ ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្ត ដោយតុណ្ហីភាព។ លំដាប់នោះ ស្តេចជាធំ ឈ្មោះ​វេស្សវ័ណ ជ្រាបនូវ​ការទទួលនិមន្តព្រះមានព្រះភាគ ហើយទើបសំដែងនូវ​ព្រះបរិត្ត​សម្រាប់​រក្សា ដែលជាប់ទាក់ទង ក្នុងអាដានាដានគរនេះ ក្នុងវេលានោះ។

[៨០] សូមនមស្ការ ចំពោះព្រះសម្មាសម្ពុទ្ធ ទ្រង់ព្រះនាមវិបស្សី ព្រះអង្គមានចក្ខុ [អដ្ឋកថា ថា ព្រះពុទ្ធទាំង៧អង្គ​សុទ្ធតែមានចក្ខុដូចគ្នា។ នាមដទៃទៀត មានអនុគ្រោះសត្វទាំងពួងជាដើមក្តី នាមជាអសំខេយ្យដទៃក្តី ក៏មានក្នុងព្រះពុទ្ធ​គ្រប់ព្រះអង្គដែរ តែក្នុង​ទីនេះ បានជាផ្សេងគ្នា ព្រោះព្រះបាទវេស្សវ័ណនមស្ការ តាមចាំបាន តាមនឹកឃើញ។] ព្រះអង្គមានសិរី សូមនមស្ការ ចំពោះព្រះសម្មាសម្ពុទ្ធ ទ្រង់ព្រះនាមសិខី ព្រះអង្គមានសេចក្តីអនុគ្រោះ ដល់សត្វទាំងពួងជាប្រក្រតី។ សូមនមស្ការ ចំពោះព្រះសម្មាសម្ពុទ្ធ ទ្រង់ព្រះនាមវេស្សភូ ព្រះអង្គជម្រះកិលេស​ចេញ​ហើយ ព្រះអង្គមានតបធម៌ សូមនមស្ការ ចំពោះព្រះសម្មាសម្ពុទ្ធ ទ្រង់ព្រះនាមកកុសន្ធៈ ព្រះអង្គញាំញីនូវមារ ព្រមទាំងសេនានៃមារ។ សូមនមស្ការ ចំពោះព្រះសម្មាសម្ពុទ្ធ ទ្រង់ព្រះនាមកោនាគមនៈ ព្រះអង្គមានបាបបន្សាត់បង់ហើយ មានព្រហ្មចរិយធម៌នៅ​រួចហើយ [ព្រះអង្គសម្រេច​សោឡសកិច្ចរួចហើយ គឺព្រះអង្គលះកិលេសអស់ហើយ។] សូមនមស្ការ ចំពោះព្រះសម្មាសម្ពុទ្ធ ទ្រង់ព្រះនាមកស្សប ព្រះអង្គរួចផុតស្រឡះ ចាកកិលេស​ទាំងពួងហើយ។ សូមនមស្ការ ចំពោះព្រះសម្មាសម្ពុទ្ធ ជាសក្យបុត្ត ទ្រង់​មានព្រះកាយផ្សាយចេញនូវព្រះរស្មី ទ្រង់មានសិរី ដែលសំដែងធម៌នេះ ជាគ្រឿង​បន្ទោបង់​សេចក្តីទុក្ខទាំងពួង។ មួយទៀត ព្រះសម្មាសម្ពុទ្ធទាំងឡាយ អង្គណា ព្រះអង្គរលត់​កិលេសហើយ ទ្រង់ឃើញច្បាស់នូវធម៌ តាមសេចក្តីពិត ក្នុងលោក ព្រះសម្មាសម្ពុទ្ធទាំងនោះ ជាព្រះខីណាស្រព ព្រះអង្គមិនមានសេចក្តីញុះញង់​ស៊កសៀត (ទ្រង់ប្រសើរដោយគុណ) មិនក្លៀវក្លា (ដោយកិលេស)។ ទេវតា និងមនុស្សទាំងឡាយ តែងនមស្ការព្រះសម្មាសម្ពុទ្ធ ជាគោតមគោត្រ ព្រះអង្គជាប្រយោជន៍​ដល់ទេវតា និង​មនុស្ស​ទាំងឡាយ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់ប្រសើរ​ដោយគុណ ព្រះអង្គ​ឥតមានសេចក្តីព្រឺស្ញើប។

[៨១] ព្រះអាទិត្យ មានរស្មីដ៏ក្លៀវក្លា រះឡើងអំពីទិសណា មានមណ្ឌលធំ (ក្នុងទីនោះ) កាលព្រះអាទិត្យរះឡើងហើយ រាត្រីក៏បាត់ទៅ។ មួយទៀត កាលព្រះអាទិត្យ​រះ​ឡើងហើយ មហាជន នាំគ្នាហៅថាថ្ងៃ សូម្បីអន្លង់ទឹក ក្នុងទីដែលព្រះអាទិត្យរះឡើង​នោះ ជាសមុទ្រដ៏ជ្រៅ មានទឹកហូរទៅ (ពីទីផ្សេងៗ) ជនទាំងឡាយ តែងសម្គាល់​នូវ​អន្លង់​ទឹកនោះ ត្រង់កន្លែងដែលព្រះអាទិត្យរះឡើងនោះ ថាជាសមុទ្រ មានទឹកហូរ​ទៅយ៉ាង​នេះ។ ស្តេចជាធំ ដ៏ទ្រង់យស ទ្រង់រក្សាទិសណា មហាជន តែងហៅទិសនោះ ថាបុរិមទិស អំពីភ្នំសិនេរុនោះ ទ្រង់ជាអធិបតី លើគន្ធព្វទាំងឡាយ មានព្រះនាមថា ធតរដ្ឋ មានពួកគន្ធព្វហែហម ទ្រង់ត្រេកត្រអាលដោយរបាំ និងចម្រៀង។ ព្រះរាជបុត្ត របស់​ស្តេចជាធំនោះ មានច្រើនដល់ម្ល៉ោះ ខ្ញុំព្រះអង្គបានស្តាប់មកថាមាននាមដូចៗគ្នា ព្រះរាជបុត្តទាំង​៩១ព្រះអង្គ សឹងមាននាមថាឥន្ទៈ មានកំឡាំង​ច្រើន ឯព្រះរាជបុត្តទាំងនោះ ឃើញព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ភ្ញាក់អំពីការ​ដេកលក់ គឺអវិជ្ជា ទ្រង់ប្រសើរ (ដោយគុណ) ឥតមានសេចក្តីព្រឺស្ញើប ក៏នមស្ការអំពីចម្ងាយ។ បពិត្រព្រះអង្គ ជាបុរសអាជានេយ្យ ខ្ញុំព្រះអង្គសូមនមស្ការ ចំពោះ​ព្រះអង្គ បពិត្រព្រះអង្គ ជាបុរស​ខ្ពង់​ខ្ពស់ ខ្ញុំព្រះអង្គសូមនមស្ការ ចំពោះ​ព្រះអង្គ សូម្បីអមនុស្សទាំងឡាយ ក៏រមែង​ថ្វាយបង្គំ​ព្រះអង្គថា ព្រះអង្គទតព្រះនេត្រមើលមហាជន ដោយសព្វញ្ញុត្តញ្ញាណដ៏ផូរផង់។ ពួកខ្ញុំ​ព្រះអង្គ បានស្តាប់មកយ៉ាងនេះរឿយៗ ព្រោះហេតុនោះ ពួកខ្ញុំព្រះអង្គតែងនិយាយ​យ៉ាងនេះថា អ្នកទាំងឡាយ ថ្វាយបង្គំ​ព្រះជិនស្រី ដែលជាគោតមគោត្រឬ (ព្រះរាជបុត្ត​ទាំងនោះ តបថា) យើងខ្ញុំទាំងឡាយ ថ្វាយបង្គំព្រះជិនស្រី ជាគោតមគោត្រ យើងខ្ញុំ​ទាំងឡាយ ថ្វាយបង្គំព្រះពុទ្ធគោតមគោត្រ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ។

[៨២] ជនជាអ្នកមានពាក្យញុះញង់ ស៊កសៀត ជាអ្នកតិះដៀលគេ ក្នុងទីកំបាំង​មុខ ដូចជាជនអ្នកស៊ីសាច់ខ្នង ជាអ្នកសម្លាប់សត្វ ជាអ្នកធ្វើអំពើអាក្រក់ ជាចោរ ជាមនុស្ស​មានកល​លលួង ជនទាំងនោះ លុះធ្វើកាលកិរិយាទៅហើយ គេតែងថា (ឲ្យនាំទៅ) តាម​ទិសណា [គេតែងនាំមនុស្សអាក្រក់ធ្វើទោស ឬសម្លាប់ដុតចោលនៅទិសខាងត្បូង (អដ្ឋកថា)]។ ស្តេចជាធំទ្រង់យស ទ្រង់រក្សានូវទិសណា មហាជន តែងនាំគ្នាហៅទិសនោះថា ទក្ខិណាទិស (រាប់) អំពីភ្នំសិនេរុមក ស្តេចនោះ ជាអធិបតី លើកុម្ភណ្ឌទាំងឡាយ ទ្រង់ព្រះនាម វិរុឡ្ហៈ ដែលមានពួកកុម្ភណ្ឌចោមរោមហើយ ទ្រង់ត្រេកអរ ដោយរបាំ និងចម្រៀងទាំងឡាយ។ ព្រះរាជបុត្ត របស់​ស្តេចនោះ មានច្រើនក៏មែន តែខ្ញុំព្រះអង្គបានស្តាប់មកថា មានព្រះនាមដូចៗគ្នា ព្រះរាជបុត្តទាំង​៩១ព្រះអង្គ សុទ្ទតែមានព្រះនាមថាឥន្ទៈ ទ្រង់មានកំឡាំង​ច្រើន ក៏ឯព្រះរាជបុត្តទាំងនោះ ឃើញព្រះអាទិច្ចវង្ស ព្រះអង្គភ្ញាក់ហើយ អំពីការ​ដេកលក់ គឺអវិជ្ជា ទ្រង់ប្រសើរ (ដោយគុណ) ឥតមានសេចក្តីព្រឺស្ញើប ក៏នមស្ការអំពីចម្ងាយ។ បពិត្រព្រះអង្គ ជាបុរស​អាជានេយ្យ ខ្ញុំព្រះអង្គសូមនមស្ការ ចំពោះ​ព្រះអង្គ បពិត្រព្រះអង្គ ជាបុរស​ឧត្តម ខ្ញុំព្រះអង្គសូមនមស្ការ ចំពោះ​ព្រះអង្គ សូម្បីអមនុស្សទាំងឡាយ ក៏រមែង​ថ្វាយបង្គំ​ព្រះអង្គថា ព្រះអង្គទតព្រះនេត្រមើលមហាជន ដោយសព្វញ្ញុត្តញ្ញាណដ៏ផូរផង់។ ខ្ញុំ​ព្រះអង្គ បានស្តាប់មកយ៉ាងនេះរឿយៗ ព្រោះហេតុនោះ ពួកខ្ញុំព្រះអង្គនិយាយ​យ៉ាងនេះថា អ្នកទាំងឡាយ នមស្ការចំពោះ​ព្រះជិនស្រី ជាគោតមគោត្រឬ (ព្រះរាជបុត្ត​ទាំងនោះ តបថា) យើងខ្ញុំទាំងឡាយ ថ្វាយបង្គំព្រះជិនស្រី ជាគោតមគោត្រ យើងខ្ញុំ​ទាំង​ឡាយ ថ្វាយបង្គំព្រះសម្ពុទ្ធ ជាគោតមគោត្រ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ។

[៨៣] ព្រះអាទិត្យ មានរស្មីដ៏ក្លៀវក្លា អស្តង្គតទៅក្នុងទីណា មានមណ្ឌលដ៏ធំ ក្នុងទីនោះ កាលដែលព្រះអាទិត្យអស្តង្គតទៅហើយ ពេលថ្ងៃក៏បាត់ទៅ កាលបើ​ព្រះអាទិត្យ​អស្តង្គតទៅហើយ មហាជន នាំគ្នាហៅថាយប់។ សូម្បីអន្លង់ទឹក ត្រង់កន្លែងដែល​ព្រះអាទិត្យអស្តង្គត​នោះ ជាសមុទ្រដ៏ជ្រៅ មានទឹកហូរទៅ ជន​ទាំង​ឡាយ តែងសម្គាល់​នូវ​អន្លង់​ទឹកនោះ ត្រង់កន្លែងដែលព្រះអាទិត្យអស្តង្គតនោះ ថាជា​សមុទ្រ មានទឹកហូរ​ទៅយ៉ាង​នេះ។ ស្តេចជាធំ ទ្រង់យស ទ្រង់រក្សាទិសណា មហាជន តែងហៅទិសនោះ ថាបច្ឆិមទិស អំពីភ្នំសិនេរុមក ស្តេច​ជាធំនោះ ជាអធិបតី លើនាគទាំងឡាយ ទ្រង់ព្រះនាមថា វិរូបក្ខៈ ដែលមានពួកនាគចោមរោមហើយ ទ្រង់ត្រេកអរ ដោយពួករបាំ និងចម្រៀង។ ព្រះរាជបុត្តទាំងឡាយ របស់​ស្តេចវិរូបក្ខៈនោះ មានច្រើនក៏មែន តែខ្ញុំព្រះអង្គបានស្តាប់មកថា មានឈ្មោះដូចៗគ្នា ព្រះរាជបុត្តទាំង​៩១ព្រះអង្គ ក៏ព្រះនាមថាឥន្ទៈ សុទ្ធតែមានកំឡាំង​ច្រើន ឯព្រះរាជបុត្តទាំងនោះ លុះឃើញ​ព្រះសម្ពុទ្ធ ជាអាទិច្ចវង្ស ទ្រង់ភ្ញាក់ហើយ ចាកការ​ដេកលក់ គឺអវិជ្ជា ទ្រង់ប្រសើរ (ដោយគុណ) ឥតមានសេចក្តីព្រឺស្ញើប ក៏នាំគ្នានមស្ការអំពីចម្ងាយ។ បពិត្រព្រះអង្គ ជាបុរសអាជានេយ្យ ខ្ញុំព្រះអង្គសូមនមស្ការ ចំពោះ​ព្រះអង្គ បពិត្រព្រះអង្គ ជាបុរស​ដ៏ខ្ពង់​ខ្ពស់ ខ្ញុំព្រះអង្គសូមនមស្ការ ចំពោះ​ព្រះអង្គ សូម្បីអមនុស្សទាំងឡាយ ក៏រមែង​ថ្វាយបង្គំ​ព្រះអង្គថា ទ្រង់ទតព្រះនេត្រមើលមហាជន ដោយសព្វញ្ញុត្តញ្ញាណដ៏ផូរផង់។ ពួកខ្ញុំ​ព្រះអង្គ បានស្តាប់មកយ៉ាងនេះរឿយៗ ព្រោះហេតុនោះ ខ្ញុំព្រះអង្គតែងនិយាយ​យ៉ាងនេះ​ថា អ្នកទាំងឡាយ នមស្ការ​ព្រះជិនស្រី ជាគោតមគោត្រឬ (ព្រះរាជបុត្ត​ទាំងនោះ តបថា) យើងខ្ញុំទាំងឡាយ នមស្ការចំពោះព្រះជិនស្រី ជាគោតមគោត្រ យើងខ្ញុំ​ទាំងឡាយ នមស្ការព្រះពុទ្ធ ជាគោតមគោត្រ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ។

[៨៤] ឧត្តរកុរុទ្វីប ជាទីរីករាយ មានភ្នំសិនេរុដ៏ធំ គួរជាទីមើល [ភ្នំសិនេរុ គួរជាទីមើល ព្រោះប្រដាប់ដោយរតនវត្ថុ ដូច្នេះ គឺទិសខាងកើត ប្រដាប់ដោយ​ប្រាក់ ទិសខាង​ត្បូង ប្រដាប់ដោយកែវមណី ទិស​ខាងលិចប្រដាប់ដោយកែវផ្លេក ទិសខាង​ជើង​ប្រដាប់ដោយមាស (អដ្ឋកថា)។] តាំងនៅក្នុងទីណា ពួកមនុស្ស​កើតក្នុងឧត្តរកុរុទ្វីបនោះ ឥតមានប្រកាន់របស់អ្វីថា ជារបស់ខ្លួនឡើយ។ មនុស្ស​ទាំងអម្បាលនោះ មិនចាំបាច់​ព្រោះ​ពូជ មិនចាំបាច់នាំនង្គ័លចេញទៅ (ដោយគិតថា អាត្មាអញនឹង​ភ្ជួរក្នុងទីនោះៗ) បរិភោគ​តែស្រូវសាលី ដែលកើតឯងក្នុងព្រៃ ជាស្រូវ​មិនមានកុណ្ឌក មិនមានអង្កាម ស្អាត មានក្លិន​ក្រអូប ផ្លែចេញជាអង្ករ មនុស្សទាំងឡាយ ដាក់អង្ករនោះក្នុងឆ្នាំង ចំអិនដោយ​ភ្លើង​ឥតផ្សែង [សេចក្តីដំណាលថា មនុស្សក្នុងស្រុកនោះ តែងយកថ្មកែវ៣ដុំ ឈ្មោះ​ជោតិបាសាណ ធ្វើជាដុំចង្ក្រាន ហើយយកឆ្នាំងតម្កល់លើដុំចង្ក្រាននោះ ស្រាប់តែមានចំហាយភ្លើងក្តៅឡើងអំពីថ្មនោះ ធ្វើឲ្យឆ្អិនតែម្តង។] មិនមានរងើក ទើបនាំគ្នា​បរិភោគភោជនអំពីឆ្នាំងនោះ។ មនុស្សទាំងនោះ ទឹមនូវ​មេគោមានក្រចកតែ​មួយ (ដូចក្រចកសេះ) បរទៅសព្វទិស ទឹមបសុសត្វ (សត្វជើងបួនក្រៅពីមេគោ) មានក្រចក​តែមួយ បរទៅសព្វទិស។ យកស្រីធ្វើ​ជាវាហនៈ ត្រាច់ទៅសព្វទិស យកបុរស [ទឹមបុរសក្នុងយាន តែគេមិនអាចយកមនុស្សជាសម្មាទិដ្ឋិមកទឹមទេ គេច្រើនចាប់តែមនុស្ស​មិលក្ខជាតិ អ្នកនៅក្នុងបច្ចន្តប្រទេស មកទឹមក្នុងយានហើយបរទៅ។ (អដ្ឋកថា)។] ធ្វើជាវាហនៈ ត្រាច់ទៅសព្វទិស។ យកកុមារី ធ្វើជាវាហនៈ ត្រាច់ទៅសព្វទិស យកកុមារធ្វើជាវាហនៈ ហើយត្រាច់ទៅសព្វទិស។ មនុស្ស​ទាំងអម្បាល​នោះ នាំគ្នាឡើងយាន ត្រាច់ទៅក្នុងទិសទាំងពួង ពួកស្រីទាំងឡាយ ជាអ្នកបម្រើស្តេចនោះ។ យានដំរី យានសេះ យានជាទិព្វ [យានជាទិព្វមានច្រើនយ៉ាង កើតប្រាកដ ដល់ពួកជនទាំងនោះ ប្រសិនណាជាជនទាំងនោះ អង្គុយ​ត្រង់ទី​ដំណេក ឬ​លើតាំង លើវរ (គ្រែស្នែង) ជាដើម ក៏ចរទៅបាន។ យាននេះកើតសម្រាប់​ស្តេច​ដែលមាន​បុណ្យ មានអានុភាពម្តងៗ ឬសម្រាប់​ទេវតាប៉ុណ្ណោះ (អដ្ឋកថា)។] ប្រាសាទ និងវរ ក៏មាន​សម្រាប់ស្តេច ជាធំដ៏ទ្រង់យស។ មួយទៀត ស្តេចនោះ ទ្រង់​កសាងនគរទុក ក្នុងអាកាស គឺអាដានាដានគរ កុសិនាដានគរ បរកុសិនាដានគរ នាដបរិយានគរ បរកុសិតនាដានគរ។ សាងនគរឈ្មោះ កបិវន្តក្នុងទិសខាងជើង ក្នុងចំណែក​ទិសដទៃទៀត បានសាងនគរឈ្មោះ ជនោឃៈ ឈ្មោះនវនវតិយៈ ឈ្មោះអម្ពរអម្ពរវតិយៈ និងរាជធានី ឈ្មោះអាឡកមន្ទា បពិត្រព្រះអង្គ អ្នកនិទ៌ុក្ខ ស្តេចជាធំឈ្មោះ​កុវេរៈ មានរាជធានីឈ្មោះ​វិសាណា ព្រោះហេតុនោះ ស្តេចជាធំ ទ្រង់ព្រះនាមកុវេរៈ មហាជននាំគ្នាហៅថា វេស្សវ័ណ។ ពួកយក្ខឈ្មោះ តតោលា តត្តលា តតោតលា ឱជសី តេជសី តតោជសី សុរោ រាជា សុរោរាជា អរិដ្ឋ នេមិ អរិដ្ឋនេមិ តែងត្រួតត្រា [យក្ខជាអ្នករក្សាដែនទាំង១២នាក់ តែងត្រូតត្រា ប្រាប់ពន្យល់នូវការជាប្រយោជន៍ផ្សេងៗ ហើយប្រាប់សេចក្តីដល់ពួកយក្ខ អ្នករក្សាទ្វារទាំង១២នាក់​យក្ខរក្សាទ្វារទាំង​នោះ ក៏នាំសេចក្តីនោះ ទៅក្រាបបង្គំទូល​ដល់​ស្តេចវេស្សវ័ណ (អដ្ឋកថា)។] ប្រកាសនូវប្រយោជន៍ផ្សេងៗ។ មួយទៀត ភ្លៀងនាំទឹកអំពី​ស្រះ​បោក្ខរណីណា ហើយបង្អុរចុះ ភ្លៀងហូរចេញអំពីទីណា ត្រង់ទីនោះឯង មានអន្លង់ទឹក​ឈ្មោះធរណី ពួកយក្ខតែងអង្គុយប្រជុំគ្នាក្នុងទីណា ត្រង់ទីនោះឯង មានសភា [សំដៅយកមណ្ឌបកែវទំហំ១២យោជន៍ ដែលព័ន្ធព័ទ្ធដោយវល្លិឈ្មោះ​ភគលវតិ ទៀបឆ្នេរស្រះបោក្ខរណីនោះ (អដ្ឋកថា)។] ឈ្មោះភគលវតី។ ត្រង់ទីនោះ មានដើម​ឈើផ្លែជានិច្ច ដេរដាស ដោយហ្វូង​បក្សីផ្សេងៗ កងរំពងដោយសំឡេងសត្វក្ងោក សត្វក្រៀល (ព្រមទាំង) ពួកតាវ៉ៅ មានសំឡេងពីរោះ។ សំឡេងបក្សី ឈ្មោះជីវញ្ជីវក ក៏មានក្នុងទីនុ៎ះ មួយទៀត ពួកបក្សីឈ្មោះ​ឱដ្ឋវចិត្តកៈ ហ្វូងមាន់ព្រៃ ក្តាម និងហ្វូងសត្វបោក្ខរសាតកៈ ក៏អាស្រ័យនៅក្នុងត្រពាំងឈូក។ ម្យ៉ាងទៀត សំឡេង​សត្វសេក និងសារិកា ក៏មានក្នុងទីនោះ មានទាំងពួកបក្សី ឈ្មោះ​ទណ្ឌមានវកៈ [សេចក្តីដំណាលថា សត្វនោះ កាន់ដម្បងមាស ដោយដៃទាំងពីរ ជើងជាន់​លើស្លឹកឈូកមួយ ហើយទម្លាក់​ដម្បង​មាសចុះត្រង់ចន្លោះស្លឹកឈូក ហើយហើរទៅ។] ស្រះឈូករបស់ស្តេចកុវេរៈនោះ ជាស្រះល្អសព្វកាលឥតចន្លោះ។ ស្តេចជាធំ ទ្រង់យស ទ្រង់​អភិបាលទិសណា មហាជនតែង​នំាគ្នាហៅទិសនោះថា ឧត្តរទិស រាប់អំពីភ្នំសិនេរុមក។ ព្រះអង្គជាអធិបតីលើពួកយក្ខ ទ្រង់ព្រះនាមថា កុវេរៈ ដែល​មាន​ពួកយក្ខចោមរោមហើយ ទ្រង់ត្រេកត្រអាលដោយពួករបាំ និងចម្រៀង។ ពួកព្រះរាជបុត្ត​របស់ព្រះអង្គ​ក៏មានច្រើន តែខ្ញុំព្រះអង្គបានស្តាប់មកថា មានព្រះនាមដូចៗគ្នា ព្រះរាជបុត្ត​ទាំង៩១ព្រះអង្គ មានព្រះនាម​ថាឥន្ទៈ ទ្រង់មានកំឡាំងច្រើន។ ឯព្រះរាជបុត្ត​ទាំងនោះ លុះបានឃើញព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ភ្ញាក់​ហើយ ចាក​ការដេកលក់ គឺអវិជ្ជា ប្រសើរ​(ដោយគុណ) ឥតមានសេចក្តីព្រឺស្ញើប ក៏នាំគ្នានមស្ការអំពីចម្ងាយ។ បពិត្រព្រះអង្គ ជាបុរសអាជានេយ្យ ខ្ញុំព្រះអង្គ សូមនមស្ការចំពោះព្រះអង្គ​បពិត្រព្រះអង្គ ជាបុរស​ឧត្តម ខ្ញុំព្រះអង្គ សូមនមស្ការ ចំពោះ​ព្រះអង្គ សូម្បីអមនុស្សទាំងឡាយ ក៏រមែង​ថ្វាយបង្គំ​ព្រះអង្គថា ព្រះអង្គទតព្រះនេត្រមើលមហាជន ដោយ​សព្វញ្ញុត្តញ្ញាណ​ដ៏​ផូរផង់។ ពួកខ្ញុំ​ព្រះអង្គ បានស្តាប់មកយ៉ាងនេះរឿយៗ ព្រោះហេតុនោះ ពួកខ្ញុំព្រះអង្គ តែង​និយាយ​យ៉ាងនេះ​ថា អ្នកទាំងឡាយ នមស្ការចំពោះ​ព្រះជិនស្រី ជាគោតមគោត្រឬ ព្រះរាជបុត្ត​ទាំងនោះ តបថា យើងទាំងឡាយ នមស្ការចំពោះព្រះជិនស្រី ជាគោតម​គោត្រ យើង​ទាំងឡាយ នមស្ការចំពោះព្រះពុទ្ធ ជាគោតមគោត្រ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ។

[៨៥] បពិត្រព្រះអង្គទ្រង់និទ៌ុក្ខ ការរក្សាជាប់ទាក់ទងក្នុងអាដានាដានគរនេះឯង រមែង​ប្រព្រឹត្តទៅ ដើម្បីគ្រប់គ្រងរក្សា ដើម្បីមិនបៀតបៀន ដើម្បីនៅសប្បាយ ដល់​ពួកភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា។ ការរក្សាជាប់ទាក់ទងក្នុងអាដានាដានគរនេះ ដែលបុគ្គល​ណាមួយ ទោះបីជាភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា រៀនដោយប្រពៃ រៀនដោយសព្វ​គ្រប់ ជំរះ​អត្ថ និងព្យញ្ជនៈឲ្យបរិបូណ៌ បើអមនុស្ស ទោះបីជាយក្ខក្តី យក្ខិនីក្តី កូនប្រុសរបស់​យក្ខក្តី​កូនស្រីរបស់យក្ខក្តី អាមាត្យធំរបស់យក្ខក្តី បរិស័ទរបស់យក្ខក្តី អ្នកបំរើ​របស់យក្ខក្តី គន្ធព្វប្រុសក្តី គន្ធព្វស្រីក្តី កូនប្រុសរបស់គន្ធព្វក្តី​កូនស្រីរបស់គន្ធព្វក្តី អាមាត្យធំរបស់គន្ធព្វក្តី បរិស័ទរបស់គន្ធព្វក្តី អ្នកបំរើ​របស់គន្ធព្វក្តី កុម្ភណ្ឌប្រុសក្តី កុម្ភណ្ឌស្រីក្តី កូនប្រុសរបស់កុម្ភណ្ឌក្តី​កូនស្រីរបស់កុម្ភណ្ឌក្តី អាមាត្យធំរបស់កុម្ភណ្ឌក្តី បរិស័ទរបស់កុម្ភណ្ឌក្តី អ្នកបំរើ​របស់កុម្ភណ្ឌក្តី នាគឈ្មោលក្តី នាគញីក្តី កូនឈ្មោលរបស់​នាគក្តី​កូនញីរបស់នាគក្តី អាមាត្យធំរបស់នាគក្តី បរិស័ទរបស់នាគក្តី អ្នកបំរើ​របស់នាគក្តី ដែលជាអ្នកមានចិត្តប្រទូស្ត នូវបុគ្គលនោះ ហើយដើរតាមភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា ដែលកំពុងដើរ ឬឈរជិតភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា ដែលកំពុង​ឈរ ឬអង្គុយ​ជិតភិក្ខុ ភិក្ខុនី ឧបាសក និងភបាសិកា ដែលកំពុងអង្គុយ ឬដេកជិតភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា ដែលកំពុងដេក។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ អមនុស្ស​នោះ មិនគប្បីបានសក្ការៈ និងសេចក្តីគោរពក្នុងស្រុក ឬនិគមទាំងឡាយនៃខ្ញុំឡើយ។ បពិត្រ​ព្រះអង្គអ្នកនិទ៌ុក្ខ អមនុស្ស​នោះមិនគប្បីបានទីផ្ទះ ឬការនៅជានិច្ចក្នុងរាជធានីឈ្មោះ អាលកមន្ទារបស់ខ្ញុំឡើយ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ អមនុស្សនោះ មិនគប្បីបានចូលកាន់​ទីប្រជុំរបស់ពួកយក្ខទាំងឡាយ នៃខ្ញុំឡើយ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ មួយទៀត អមនុស្ស​ទាំងឡាយ មិនគប្បីធ្វើអាវាហមង្គល ឬវិវាហមង្គល និងអមនុស្សនោះទេ។ បពិត្រព្រះអង្គ​អ្នកនិទ៌ុក្ខ អមនុស្សទាំងឡាយ គប្បីផ្តាសាអមនុស្សនោះ ដោយពាក្យផ្តាសាទាំងឡាយ ពេញ​បន្ទុក​ប្រៀបធៀប​ដោយខ្លួន (អាក្រក់)។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ អមនុស្សទាំងឡាយ គប្បីផ្កាប់បាត្រទទេលើក្បាលនៃអមនុស្សនោះ។ មួយទៀត អមនុស្សទាំងឡាយ គប្បីបំបែក​ក្បាល​អមនុស្សនោះជា៧ភាគ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ មានអមនុស្សទាំងឡាយ ក្រោធពិរោធក្រៃលែងជាងហេតុ អមនុស្សទាំងឡាយនោះ មិនធ្វើតាមអាជ្ញានៃស្តេចជាធំ មិនធ្វើតាមអាជ្ញានៃយក្ខ ជាសេនាបតី ២៨ នាក់ របស់ស្តេច​ជា​ធំនោះ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ អមនុស្សទាំងឡាយនោះៗឯង គេតែងហៅថា ជាសត្រូវ​នឹងស្តេចជាធំ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ពួកចោរក្នុងដែននៃស្តេចមគធៈ មិនធ្វើ​តាមអាជ្ញានៃស្តេចមគធៈ មិនធ្វើតាមអាជ្ញានៃសេនាបតី របស់ស្តេចមគធៈ មិនធ្វើតាមអាជ្ញា នៃសេនាបតី ជាអ្នកប្រៀនប្រដៅរបស់ស្តេច​មគធៈ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ពួកមហាចោរទាំងអម្បាលនោះ គេតែង​ហៅថាជាសត្រូវនឹងស្តេច​មគធៈ យ៉ាងណាមិញ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ មានអមនុស្សទាំងឡាយ ជាអ្នកក្រោធ​ពិរោធ​ក្រៃលែងជាងហេតុ អមនុស្សទាំងនោះ មិនធ្វើតាមអាជ្ញានៃស្តេចជាធំ មិនធ្វើ​តាម​អាជ្ញានៃសេនាបតីរបស់ស្តេច​ជាធំ មិនធ្វើតាមអាជ្ញាពួកយក្ខសេនាបតី ជាអ្នកប្រៀន​ប្រដៅ​របស់ស្តេច​ជាធំ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ អមនុស្សទាំងឡាយនោះៗឯង គេតែងហៅថា ជាសត្រូវនឹងស្តេចជាធំ យ៉ាងដូច្នោះឯង។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ប្រសិនបើអមនុស្ស​ណាមួយ ជាយក្ខប្រុសក្តី យក្ខស្រីក្តី កូនប្រុស​របស់យក្ខក្តី កូនស្រីរបស់យក្ខក្តី មហាមាត្ររបស់​យក្ខក្តី បរិស័ទ​របស់យក្ខក្តី អ្នកបំរើរបស់យក្ខក្តី គន្ធព្វប្រុសក្តី គន្ធព្វ​ស្រីក្តី កូនប្រុស​របស់គន្ធព្វក្តី កូនស្រីរបស់គន្ធព្វក្តី មហាមាត្យរបស់​គន្ធព្វក្តី បរិស័ទ​របស់គន្ធព្វក្តី អ្នកបំរើរបស់គន្ធព្វក្តី កុម្ភណ្ឌប្រុសក្តី កុម្ភណ្ឌស្រីក្តី កូនប្រុស​របស់កុម្ភណ្ឌក្តី កូនស្រីរបស់​កុម្ភណ្ឌ​ក្តី មហាមាត្យរបស់​កុម្ភណ្ឌក្តី បរិស័ទ​របស់កុម្ភណ្ឌក្តី អ្នកបំរើរបស់កុម្ភណ្ឌក្តី នាគឈ្មោលក្តី នាគញីក្តី កូនឈ្មោល​របស់នាគក្តី កូនញីរបស់នាគក្តី មហាមាត្យរបស់​នាគក្តី បរិស័ទ​របស់នាគក្តី អ្នកបំរើរបស់នាគក្តី ជាអ្នកមានចិត្តប្រទូស្ត ដើរទៅតាមភិក្ខុ ឬភិក្ខុនី ឧបាសក ឧបាសិកា ដែលកំពុងដើរ ឬឈរជិតភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ដែល​កំពុងឈរ ឬអង្គុយជិតភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ដែល​កំពុងអង្គុយ ឬដេកជិត​ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ដែល​កំពុងដេក។ អមនុស្ស​នោះ ត្រូវបុគ្គល​ពោលទោស កន្ទក់កន្ទេញ ត្រូវស្រែកប្តឹង​ដល់ពួកយក្ស ពួកយក្ខជាធំ ពួកសេនាបតី ពួកសេនាបតីជា​ធំ ទាំងអម្បាលនេះថា យក្ខនេះចាប់គេ យក្ខនេះចូលគេ យក្ខនេះបៀតបៀន​គេ យក្ខនេះ​បៀតបៀនផ្សេងៗ យក្ខនេះធ្វើទុក្ខគេ យក្ខនេះធ្វើ​ឲ្យគេលំបាក យក្ខនេះមិនលែងគេ។

[៨៦] ដល់ពួកយក្ខ ពួកមហាយក្ខ ពួកសេនាបតី ពួកមហាសេនាបតី ដូចម្តេចខ្លះ។

យក្ខឈ្មោះ​ឥន្ទៈ ១ សោមៈ ១ វរុណៈ ១ ភារទ្វាជៈ ១ បជាបតិ ១ ចន្ទនៈ ១ កាមសេដ្ឋៈ ១ កិន្នុឃណ្ឌុ ១ និឃណ្ឌុ ១។ បនាទៈ ១ ឱបមញ្ញៈ ១ ទេវសូតៈ ១ មាតលិ ១ អតិចសេនៈ ១ គន្ធព្វៈ ១ នឡោរាជៈ ១ ជនោសភៈ ១។ សាតាគិរៈ ១ ហេមវតៈ ១ បុណ្ណកៈ ១ ករតិយៈ ១ គុលៈ ១ សិវកៈ ១ មុច្ចលិន្ទៈ ១ វេស្សាមិត្តៈ ១ យគន្ធរៈ ១។ គោបាលៈ ១ សុប្បគេធៈ ១ ហិរិ ១ នេត្តិ ១ មន្ទិយៈ ១ បញ្ចាលចន្ទៈ ១ អាលវកៈ ១ បជុណ្ណៈ ១ សុមុខៈ ១ ទធិមុខៈ ១ មណិ ១ មានិចរៈ ១ ទីឃៈ ១ សេរិសកៈ ១។

[៨៧] ត្រូវ​ពោលទោស កន្ទក់កន្ទេញ ត្រូវស្រែកប្តឹង​ដល់ពួកយក្ស ពួកមហាយក្ខ ពួកសេនាបតី ពួកមហាសេនាបតី ទាំងអម្បាលនេះថា យក្ខនេះចាប់គេ យក្ខនេះចូលគេ យក្ខនេះបៀតបៀន​គេ យក្ខនេះ​បៀតបៀនផ្សេងៗ យក្ខនេះធ្វើទុក្ខគេ យក្ខនេះធ្វើ​ឲ្យគេលំបាក យក្ខនេះមិនលែងគេ។

[៨៨] បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ការរក្សាជាប់តមកអំពីអាដានាដានគរនេះឯង ប្រព្រឹត្ត​ទៅដើម្បីគ្រប់គ្រងរក្សា ដើម្បីមិនបៀតបៀនគ្នា ដើម្បី​នៅជាសុខដល់ពួកភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ណ្ហើយឥឡូវនេះ ពួកខ្ញុំ​ព្រះអង្គមានរវល់​ច្រើន មានកិច្ចគួរធ្វើច្រើន ខ្ញុំព្រះអង្គសូមក្រាបថ្វាយបង្គំលា។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ថា បពិត្រ​មហារាជទាំងឡាយ ចូរព្រះអង្គកំណត់​កាលគួរ ក្នុងកាលឥឡូវ​នេះចុះ។

[៨៩] លំដាប់នោះ ស្តេចធំទាំង៤អង្គ ក្រោកចាកអាសនៈ ថ្វាយបង្គំ​ព្រះមានព្រះភាគ ធ្វើប្រទក្សិណហើយ ក៏បាត់ទៅក្នុងទីនោះឯង។ យក្ខទាំងអម្បាល​នោះ លុះ​ក្រោកចាកអាសនៈហើយ ពួកខ្លះថ្វាយបង្គំ​ព្រះមានព្រះភាគ ធ្វើប្រទក្សិណហើយ ក៏បាត់​ទៅក្នុងទីនោះ ពួកខ្លះគ្រាន់តែ​ពោលពាក្យរាក់ទាក់​សំណេះសំណាល ជាមួយនឹង​ព្រះមានព្រះភាគ លុះបញ្ចប់​ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏បាត់​ទៅក្នុងទីនោះ ពួកខ្លះ គ្រាន់តែប្រណម្យ​អញ្ជលី ចំពោះ​ព្រះមានព្រះភាគហើយ ក៏បាត់ទៅ​ក្នុងទីនោះ ពួកខ្លះគ្រាន់តែប្រកាសនាម និងគោត្រ របស់ខ្លួន​ហើយក៏បាត់ទៅ​ក្នុងទីនោះ ពួកខ្លះ គ្រាន់តែ​នៅស្ងៀម​ហើយ ក៏បាត់ទៅក្នុងទីនោះ។

[៩០] លុះកន្លងរាត្រីនោះទៅហើយ ទើបព្រះមានព្រះភាគត្រាស់ហៅភិក្ខុទាំង​ឡាយ​ថា ម្នាលភិក្ខុទាំងឡាយ យប់មិញ ពួកស្តេចធំទាំង៤ តាំង​ការរក្សាក្នុងទិស​ទាំង​៤ តាំងពលទុកក្នុងទិសទាំង៤ តាំងអ្នកត្រួតត្រាទុកក្នុងទិសទាំង​៤ ដោយសេនាយក្ខដ៏ច្រើន សេនាគន្ធព្វដ៏ច្រើន សេនាកុម្ភណ្ឌដ៏ច្រើន សេនានាគដ៏ច្រើន លុះវេលារាត្រីកន្លងទៅ​ហើយ ស្តេចទាំងនោះ មានពន្លឺរុងរឿង ញុំាង​ភ្នំគិជ្ឈកូដទាំងមូល​ឲ្យភ្លឺស្វាងហើយ ក៏នាំ​គ្នាចូលមករកតថាគត​លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំតថាគត អង្គុយក្នុងទីដ៏សមគួរ។ ម្នាលភិក្ខុទាំងឡាយ យក្ខទាំងអម្បាលនោះឯង ពួកខ្លះថ្វាយ​បង្គំ​តថាគត ហើយអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែ​ពោលពាក្យរាក់ទាក់​សំណេះសំណាល ជាមួយនឹង​តថាគត លុះបញ្ចប់​ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែប្រណម្យ​អញ្ជលី ចំពោះ​តថាគត អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែប្រកាសនាម និងគោត្រ អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែ​អង្គុយស្ងៀមៗ ក្នុងទីដ៏សមគួរ។ ម្នាលភិក្ខុទាំងឡាយ ស្តេចជាធំទ្រង់ព្រះនាមវេស្សវ័ណ លុះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ពោលពាក្យ​នឹងតថាគតយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ពួកយក្ខជាន់ខ្ពស់ មិនជ្រះថ្លា​ចំពោះ​ព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចម្រើន ពួកយក្ខជាន់ខ្ពស់ ជ្រះថ្លា​ចំពោះ​ព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចម្រើន ពួកយក្ខជាន់កណ្តាលខ្លះ មិនជ្រះថ្លា​ចំពោះ​ព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចម្រើន ពួកយក្ខជាន់កណ្តាល ជ្រះថ្លា​ចំពោះ​ព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចម្រើន ពួកយក្ខជាន់ទាប មិនជ្រះថ្លា​ចំពោះ​ព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចម្រើន ពួកយក្ខជាន់ទាប ជ្រះថ្លា​ចំពោះ​ព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចម្រើន ឯយក្ខដែលមិនជ្រះថ្លា ចំពោះ​ព្រះមានព្រះភាគ មានច្រើនណាស់ ព្រោះហេតុអ្វី បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថា​ព្រះមានព្រះភាគ ទ្រង់សំដែង​ធម៌ ដើម្បី​ឲ្យវៀរចាកបាណាតិបាត ទ្រង់សំដែង​ធម៌ ដើម្បី​ឲ្យ​វៀរចាកអទិន្នាទាន ទ្រង់សំដែងធម៌ ដើម្បី​ឲ្យវៀរចាកកាមេសុមិច្ឆាចារ ទ្រង់​សំដែង​ធម៌​ដើម្បី​ឲ្យវៀរចាក​មុសាវាទ ទ្រង់សំដែងធម៌ ដើម្បីឲ្យវៀរចាក​ទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ។ បពិត្រព្រះអង្គដ៏ចម្រើន ប៉ុន្តែយក្ខទាំងឡាយច្រើន​ណាស់ ដែលមិនវៀរចាកបាណាតិបាត មិនវៀរចាកអទិន្នាទាន មិនវៀរចាក​កាមេសុមិច្ឆា​ចារ មិនវៀរចាកមុសាវាទ មិនវៀរចាក​ទឹកស្រវឹង គឺសុរា និងមេរ័យ ដែល​ជាទី​តាំង​នៃ​សេចក្តីប្រមាទសោះ (ព្រោះ​ហេតុនោះ) អំពើវៀរនោះ មិនជាទីស្រឡាញ់ មិនជាទី​ពេញចិត្ត របស់យក្ខទាំងឡាយនោះ បពិត្រព្រះអង្គដ៏ចម្រើន មានសាវ័ករបស់​ព្រះមានព្រះភាគ អាស្រ័យនៅសេនាសនៈស្ងាត់ ដែលតាំងនៅក្នុងព្រៃ មានសូរសព្ទ​គឹកកងរំពងតិច ប្រាសចាកសំដី​របស់មនុស្ស​អ្នកដើរទៅមក សមគួរដល់ការកំបាំង​អំពី​ពួកមនុស្ស គួរជាទីលាក់ខ្លួន​ពួនអាត្មាបាន ពួកយក្ខជាន់ខ្ពស់តែងនៅជានិច្ច ក្នុងព្រៃនោះ​ក៏មាន បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ទ្រង់បង្រៀនព្រះបរិត្តសម្រាប់រក្សា​ក្នុង​អាដានាដានគរ ដើម្បីឲ្យពួកយក្ខដែលមិនទាន់ជ្រះថ្លា ក្នុងសាសនា​ព្រះមានព្រះភាគ​នេះ បានជ្រះថ្លាឡើង ដើម្បី​ការគ្រប់គ្រងរក្សា ដើម្បី​មិនបៀតបៀនគ្នា ដើម្បីនៅ​ជាសុខដល់​ភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា។ ម្នាលភិក្ខុទាំងឡាយ តថាគត បានទទួល​និមន្ត​ដោយតុណ្ហីភាព។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ស្តេច​ជាធំឈ្មោះ​វេស្សវ័ណ ជ្រាបច្បាស់នូវ​តថាគតទទួល​និមន្តហើយ ក៏ប្រកាស​ព្រះបរិត្តសម្រាប់រក្សា ក្នុងអាដានាដានគរនេះ ក្នុងវេលានោះថា

[៩១] សូមនមស្ការចំពោះព្រះពុទ្ធ ទ្រង់ព្រះនាម​វិបស្សី ព្រះអង្គមានចក្ខុ ព្រះ​អង្គ​មានសិរី សូមនមស្ការចំពោះ​ព្រះពុទ្ធ ទ្រង់ព្រះនាមសិខី ព្រះអង្គមានសេចក្តីអនុគ្រោះ ដល់សត្វ​ទាំងពួង​ជាប្រក្រតី។បេ។

(បេយ្យាលៈ ដែលមានហើយ ក្នុងខាងដើមនោះឯង បណ្ឌិត គប្បីឲ្យពិស្តារចុះ)។ បពិត្រ​ព្រះអង្គអ្នកនិទ៌ុក្ខ ការរក្សាជាប់ទាក់ទង ក្នុងអាដានាដានគរនេះ ប្រព្រឹត្តទៅ ដើម្បី​គ្រប់គ្រងរក្សា ដើម្បីមិនបៀតបៀនគ្នា ដើម្បីនៅជាសុខ ដល់ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា។ បពិត្រ​ព្រះអង្គអ្នកនិទ៌ុក្ខ ណ្ហើយឥឡូវនេះ ពួកខ្ញុំព្រះអង្គមានរវល់ច្រើន មានកិច្ចគួរធ្វើច្រើន ខ្ញុំព្រះអង្គសូមថ្វាយបង្គំលា។ តថាគតពោលតបថា បពិត្រមហារាជ សូមព្រះអង្គទ្រង់កំណត់កាលគួរ ក្នុងកាលឥឡូវនេះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់​នោះឯង ស្តេចជាធំទាំង៤ ក្រោកចាកអាសនៈ ហើយថ្វាយបង្គំតថាគត ធ្វើប្រទក្សិណ ហើយក៏បាត់ទៅ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ យក្ខទាំងអម្បាលនោះឯង លុះ​ក្រោកចាកអាសនៈហើយ ពួកខ្លះ​ថ្វាយបង្គំ​តថាគត ធ្វើប្រទក្សិណ ហើយក៏បាត់​ទៅ ក្នុងទីនោះ ពួកខ្លះគ្រាន់តែ​ពោលពាក្យរាក់ទាក់ សំណេះសំណាលជាមួយនឹង​តថាគត លុះបញ្ចប់​ពាក្យដែល​គួររីករាយ និងពាក្យដែលគួរ​រលឹក ហើយក៏បាត់ទៅក្នុងទីនោះ ពួកខ្លះ គ្រាន់តែ​ប្រណម្យអញ្ជលីចំពោះ​តថាគតហើយ ក៏បាត់ទៅក្នុងទីនោះ ពួកខ្លះ គ្រាន់តែ​ប្រកាសនាម និងគោត្រហើយក៏បាត់ទៅ ក្នុងទីនោះ ពួកខ្លះ​គ្រាន់តែស្ងៀម​ៗ ហើយក៏បាត់ទៅក្នុងទីនោះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូររៀនព្រះបរិត្ត​សម្រាប់​រក្សាក្នុងអាដានាដានគរ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរទន្ទេញ​ឲ្យចាំ​ស្ទាត់​នូវ​ព្រះបរិត្តសម្រាប់រក្សា ក្នុងអាដានាដានគរ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចាំទុក​នូវ​ព្រះបរិត្ត សម្រាប់រក្សាក្នុងអាដានាដានគរ ម្នាលភិក្ខុទាំងឡាយ ការរក្សាក្នុងអាដានាដា​នគរនេះ ប្រកបដោយប្រយោជន៍ ប្រព្រឹត្តទៅ ដើម្បីគ្រប់គ្រងរក្សា ដើម្បី​មិនបៀតបៀន​ដើម្បី​នៅជាសុខ ដល់ពួកភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ។ ភិក្ខុទាំងនោះ មានចិត្ត​ត្រេកអរទទួល​អនុមោទនានឹង​ភាសិត របស់​ព្រះមានព្រះភាគ ដោយប្រការដូច្នេះ។

ចប់ អាដានាដិយសូត្រ ទី៩។

(ព្រះត្រៃបិដក ភាគ ១៩ ទំព័រទី ៩៥ ដល់ ១១៧ សុត្តន្តបិដក ទីឃនិកាយ ឆដ្ឋភាគ)