Jump to content

អាប់ស៊ឺឌីសឹម

ពីវិគីភីឌា
រូបបញ្ជាក់ការតស៊ូទោះក្នុងលក្ខខណ្ឌដ៏លំបាក​ ជាឧទាហរណ៍តំណាងសេចក្តី Absurd Jean-François Millet - The Sower

ក្នុងភាសាអង់គ្លេស ​ពាក្យ "Absurd" សំដៅលើសេចក្តីហាក់ដូចជាមិនសូវសមហេតុផល ដូចគួរឲចង់សើចចំអកទៅនឹងស្ថានភាពនេះ។ ក្នុងផ្នែកទស្សនវិជ្ជា​ Absurdism (អាប់-ស៊ឺ-ឌី-សឹម) ជាផ្នត់គំនិតឬទស្សនៈដែលបញ្ជាក់ថាជាបឋមពុំមានអត្ថន័យជាក់ច្បាស់លាស់លើអត្ថិភាពសកលលោកនិងជីវិតរបស់មនុស្សយើងឡើយ។​ គោលគំនិតទស្សនៈនេះចែងថាចំណង់ស្វែងរកន័យដល់ជីវិតរបស់មនុស្ស​អាចនាំឲមនុស្សទៅកាន់ទំនាស់ក្នុ​ងចិត្តិនិងកាយដោយសារការប្រព្រឹត្តអំពើនោះក្នុងសកលលោកមួយដ៏មហិមានេះដែលខ្វះនូវសនិទានភាពតបនឹងតម្រូវការយើង។ គំនិតនេះតែងភ្ជាប់ន័យទាក់ទងនឹងលទ្ធិទស្សនវិជ្ជាពីរទៀតគឺអត្ថិភាពនិយម​​​ ​​​(Existentialism) ​​និងលទ្ធិបដិវត្ដ (Nihilism) ដែលគំនិតទាំងពីរស្ថិតក្រោមគំនិតបញ្ហារួមនោះគឺកង្វះខាតន័យច្បាស់លាស់ក្នុងជីវិត។​ ជាពិសេស Nihilism ដែលមានគំនិតទុទិដ្ធិនិយមយ៉ាងខ្លាំង​ មានពាក្យជិតដូចគំនិតនោះក្នុងខ្មែរ បើបកប្រែមកពីបាលី(ព្រះពុទ្ធសាសនា)មាន​​ ឧច្ឆេទទិដ្ឋិ ការយល់ថាដាច់សូន្យសោះ គឺស្លាប់ហើយ មិនកើតទៀតទេ។ ពាក្យមួយទៀតគឺ​នត្ថិកវាទ[] គឺគ្មានជំនឿលើផលនៃកម្ម។ បើនិយាយត្រួសៗ ទស្សនៈ​ Nihilism គឺសំដៅឥតគោរព ច្រានចោលមិនទទួលក្បួនឬជំនឿណាទាំងអស់​ ដូចជាលើព្រះ ន័យជីវិត សីលធម៌ វិជ្ជាជាដើម។ បុន្តែ Absurdism មិនមែនយោងតាមគំនិតតែមួយនោះដូច Nihilism ទេ គឺមានយុទ្ធសាស្រ្តខុសនឹង Nihilism ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមមុខ​នឹងភាពបំបាត់បង់នូវន័យក្នុងការរស់ជីវិត។

គំនិតល​ទ្ធិ​ Absurdism នេះបានក្រោកគិតលើកង្វល់ជីវិតដែលមិនដូចលទ្ធិទស្សនវិជ្ជាផ្សេងទៀតដូចជាសនិទាននិយមឬក៏ទស្សនវិជ្ជាវិភាគដែលពួកទាំងនេះបានយកវិជ្ជាមកសិក្សាបោះចោលពន្យល់ពីប្រស្នាន័យជីវិត។ វាច្រើនពាក់ព័ន្ធនឹងចំណោទអត្ថិភាពយើង ក្នុងអង់គ្លេសគឺពាក្យថា Existential Crisis ជាវិបត្តិទំនាស់ក្នុងខ្លួនដែលត្រូវគិតវង្វេងនូវអត្តសញ្ញាណផ្ទាល់ខ្លួនក្នុងជីវិត។ ពួកអ្នកដែលជឿលើទស្សនៈនេះយល់ស្គាល់ថាជីវិតពិតជាមានសេចក្តីទុក្ខហត់លំបាកដែលមិនមានការបញ្ឈប់រហូតដល់យើងស្លាប់ហើយពួកគេចង់ដឹងចម្លើយតែមួយដល់សំណួរមួយគឺ "បើនៅទីបញ្ជប់ រាប់ពាន់លានបន្ទាប់ពីយើងស្លាប់រួច ពេលសកលលោកត្រូវរំលាយផ្ទុះអស់គ្មានអ្វីទុក គ្មានមួយគំនិត គ្មានអនុស្សាវរីយ៍មួយរូប ហេតុអ្វីចាំបាច់ត្រូវរស់ជីវិតលំបាកសព្វថ្ងៃរបស់យើងម្នាក់ៗ? "។ បញ្ហាគោលនៃទស្សនៈនេះដែលចង់ដោះស្រាយគឺរបៀបរស់ជីវិតដែលត្រូវជួបនឹងឧបសគ្គម្តងមួយម្តងទៀត។​ តើមនុស្សយើងរស់ដើម្បីអី្វទៅ? ខ្លះរត់ទៅសាសនាផ្សេងៗដោយសារពួកគាត់ចង់បានន័យដល់ជីវិ​តដាក់ចិត្តិបូជាពឹងលើព្រះអាទិទេព ខ្លះទៀតអស់កម្លាំងចិត្តិជ្រើសរើ​សអត្តឃាតស​ម្លាប់ខ្លួនឯងត្រូវអស់សង្ឃឹមពិបាកតាំងចិត្តរស់តទៅទៀត។​​ គោលការណ៍សង្ខេបរួមនៃទស្សនៈ Absurdism គឺអំពើប្រឆាំងនឹងការអស់សង្ឃឹម មិនព្រមចុះចាញ់ដល់សេចក្តី Absurd ដោយទទួលស្គាល់លក្ខខណ្ឌបីគឺការបះបោរ​ ការប្តេជ្ញាចិត្ត និងសេរីភាពទូលំទូលាយរបស់មនុស្សយើង ។

រូបអាល់ប៊ែរ កាមូ​ Albert Camus

Absurdism មានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹង Existentialism ដែលជាក្រុមគ្រួសារទស្សនៈក្នុងទស្សនវិជ្ជាដែរដែលសិក្សាស្វែងយល់ពីរបៀបដឹកនាំតស៊ូក្នុងជីវិតទោះជាគ្មានន័យប្រាកដក៏ដោយ ផ្តល់តម្លៃលើសេរីភាពមនុស្សនិង ការរុករកដំណើរបង្កើតបទពិសោធន៍ជីវិតដោយអត្តនោម័តិ។ ​ Absurdism​ នេះទាក់ទងទូទៅនឹងទស្សនវិជ្ជារបស់លោ​កអាល់ប៊ែរ កាមូល្បីក្នុងសហគមន៍ប្រលោមលោកជនជាតិបារាំងក្នុងពាក់កណ្តាលសតវត្សទី២០ ដែលលោកបានតែងសេចក្តីពណ៌នាលើកដំបូងអំពីសេចក្តី Absurd នេះយ៉ាងច្បាស់ក្នុងអត្ថបទអត្ថាធិប្បាយថា ទេវកថាស៊ីហ្ស៊ីហ្វ "Myth of Sisyphus"ឆ្នាំ១៩៤២ ​។ ប៉ុន្តែក៏មានទស្សនវិទូមួយចំនួនទៀតពីមុនលោកកាមូដែលបានគិតពិចារណាលើបញ្ហា​ "និយមន័យជីវិត" នេះដែរមានដូចប្រហាល់ប្រហែលមានដូចជាលោក សូរែន គៀសឃីហ្គាដ Søren Kierkegaard (១៨១៣-១៨៥៥) ហ្វ្រីឌ្រីច នីច្ឆ Fredrich Nietzsche (១៨៤៤-១៩០០) លេអុង តូលស្តុយ Leo Tolstoy (១៨២៨-១៩១០)ជាដើម។

ទិដ្ឋភាពលើ Absurdism

[កែប្រែ]

លោកអាល់ប៊ែរកាមូបានចូលរួមចំណែកយ៉ាងសំខាន់លើទស្សនៈ ពន្យល់បានច្បាស់ក្នុងរឿងស្នាដៃរបស់គាត់បែបប្រលោមលោកមានដូចជា The Stranger ឆ្នាំ១៩៤២ The Plague ឆ្នាំ១៩៤៧ The Rebel ឆ្នាំ១៩៥១ ជាដើម។ តាមទស្សនៈលោកគាត់បានលើកបញ្ហាប្រឈមមុខដាក់គ្នា៖

  1. សេចក្តីប្រាថ្នាចង់បានអត្ថន័យជាក់លាក់ក្នុងជីវិត "Desire for meaning"
  2. ភាពស្ងៀមស្ងាត់របស់សកលលោកទៅនឹងអំពើរបស់យើង "No response from the universe" ។

ពេលដែលចំណុចទាំងពីរខាងលើត្រូវជួបគ្នា លោកកាមូបានថានោះនឹងកើតភាព Absurd។ មនុស្សយើងតែងចង់មានគោលដៅគាំទ្រដោយមូលហេតុច្បាស់លាស់សម្រាប់នោះ។ ប៉ុន្តែ ទោះជាយើងខិតខំស្វែងរកទស្សទាយចម្លើយទៅហេតុដែលយើងរស់ គឺគ្មានចម្លើយទេនោះព្រោះថា មានអ្វីៗដែលយើងអាចត្រួតត្រាគ្រប់គ្រងដូចជា អារម្មណ៍សតិយើង ហើយមានចំណុចខ្លះទៀតដែលយើងមិនអាចដឹកនាំយល់បានទេដូចជាន័យនៃជីវិតជាដើម គឺសត្យានុម័តនោះហើយដែលយើងមិនអាចធ្លុះចាក់រកចម្លើយដល់អត្ថិភាពយើងបានទេ។ លោកកាមូបាននិយាយថាមនុស្សយើងទូទៅមិនចង់ប្រឈមដាក់មុខនឹងសេចក្តីឥតអត្ថន័យនេះព្រោះវាជាក់ស្តែងពិតជាធ្ងន់ទ្រូងពេក យើងមិនត្រូវរត់គេចពីចំណុចនេះបានទេ។

  1. "Why did the Lord Buddha criticize natthikavādaṃ (moral nihilism)?". Buddhism Stack Exchange (in អង់គ្លេស). Retrieved 2026-01-10.