អំពី​បាលី​ស្នេហ៍

ពីវិគីភីឌា

តាម​ការ​សង្កេត បុព្វបុរស​ខ្មែរ​យើង​ប្រើ​បាលី​ស្នេហ៍​នេះ​ក្នុង​គោលបំណង​ផ្សេង ៗ ពី​គ្នា ។ ដូច្នេះ​ហើយ​បាន​ជា​យើង​កត់សម្គាល់​ឃើញ​ថា នៅ​ក្នុង​ក្បួន​ខ្មែរ​បុរាណ​មាន​ស្នេហ៍​បី​ប្រភេទ ដែល​យក​មក​ប្រើ​ក្នុង​ទិសដៅ​បី​យ៉ាង​ដែរ :

ស្នេហ៍​មុខ[កែប្រែ]

មុ​ន​នឹង​ចូល​ទៅ​កាន់​កន្លែង​ធ្វើការ​របស់​មនន្ត្រី​ធំ​ណា​មួយ ឬ​ក៏​ទៅ​កាន់​លំនៅ​ឋាន​របស់​វរជន ដោយ​មាន​បំណង​សុំ​ពឹងពាក់ ឬ​សុំ​ក្ដី​អនុគ្រោះ​បែប​ណា​មួយ​នោះ បុព្វបុរស​យើង​តែងតែ​ប្រើ​ដន្លាប់​មន្ត​អាគម​សែកសូត្រ​បាលី​ស្នេហ៍​មុខ ផ្លុំ​ទៅ​លើ​ក្រមួន​មាត់​ដែល​ដាក់​ក្នុង​ដន្លាប់ រួច​យក​មក​លាប​សក់ ចិញ្ចើម ថ្ងាស ។ល។ ព្រម​ជា​មួយ​នេះ​ដែរ ដូនតា​យើង លោក​រៀប​ឫកពារ សុភាព​រាបសារ ឱន​លំទោន​ទាំង​កាយ​ទាំង​វាចា សម្ដែង​នូវ​ការ​គោរព​ប្រណិប័តន៍ ចំពោះ​វរជន​ដែល​ជា​មេបា ចៅហ្វាយ​នាយ ។ ខាង​ក្រោម​នេះ គឺ​បាលី​ស្នេហ៍​មុខ​របស់​លោក​គ្រូ សុខ សែម ដែល​មាន​ការ​ខុស​ប្លែក​ខ្លះៗ អំពី​បាលី​ស្នេហ៍​មុខ​របស់​លោក កិម ផង់ ។ ជួន​កាល​លោក​ប្រើ​បាលី​ស្នេហ៍​មុខ​នេះ ដើម្បី​កម្រើក​ទឹក​ចិត្ត​ឲ្យ​ក្លាហាន មិន​ឲ្យ​ចាញ់​ច្រាប​គេ ឲ្យ​មាន​សិរីសួស្ដី និង​មាន​អំណោយ​ទាន មាន​គេ​អាណិត និង​ឲ្យ​មានតេជះ​​ក្នុង​ការ​ចូល​ទៅ​កាន់​ជំនុំ​ចំណោម​ប្រជុំ​មនុស្ស​ធំ​តូច ។ ត្រូវ​សែក​បាលី​នេះ និង​ក្រមួន​មាត់ ឬ​ប្រេង​ដូង​អប់ លម្អង​ផ្កា​ក្រអូប​ថា : “ ឧម​សេព​មហា​សេព ទើប​គ្រូ​ប្រើ​អញ​សែក​ប្រេង​ក្រមួន លាយ​លាប​ធ្វើ​ខ្លួន​អញ​អើយ ល្អ​បី​ដូច​មាស ថ្ងាស​អញ​អើយ ល្អ​បី​ដូច​ប្រាក់ ព្រះ​ភក្ត្រ​អញ​អើយ ល្អ​បី​ដូច​ខែ​ពេញ​បូណ៌ សម្បុរ​អញ​អើយ ល្អ​បី​ដូច​ឃ្មុំ​ពេញ​ឆោម ម្រោម​ពេញ​ទឹក​បង​ប្អូន​នឹក​រលឹក​មក​គ្រប់​ៗ​គ្នា " ។

*បាលី​ស្នេហ៍​មុខ​ទី ២ ហៅ​ថា បាលី​ស្នេហ៍​សារិកា

“ឱម​សារិការ​អើយ អញ​ទៅ​ត្រង់​ណា​មិន​ដែល​ទំនេរ ពាក្យ​អញ​សសិត មាត់​អញ​ស្រដី លួងលោម​ប្រុស​ស្រី ឲ្យ​ចូល​ចិត្ត​នឹង​អញ " ។

*បាលី​ស្នេហ៍​មុខ​ទី ៣ ហៅ​ថា បាលី​ស្នេហ៍​ក្រពុំ​រីករាយ

“ឱម​រីក ឱម​រាយ រីក​ដូច​ព្រះ​ពាយ រាយ​ព្រះ​អាទិត្យ"

បាលី​ស្នេហ៍​ទាំង​ប៉ុន្មាន​មេ​នេះ ត្រូវ​សូត្រ​សេព ៣​ចប់ ឬ ៧ ចប់ ។

បាលី​ស្នេហ៍​ដាក់​ខ្មោច[កែប្រែ]

នៅ​ឯកសារ​មុន ខ្ញុំ​បាន​ជម្រាប​អំពី​បាលី​ដាក់​ខ្មោច​ឲ្យ​ទន់​ចិត្ត អាណិត​ដល់​គ្រូ ព្រម​ទាំង​បើក​ដៃ​ឲ្យ​គ្រូហ្ម​ព្យាបាល​សិស្សគណ​របស់​ខ្លួន ដោយ​មិន​ជំទាស់​រក​រឿង​រក​ហេតុ​អ្វី​ឡើយ ។ តាម​ធម្មតា​គេ​តែងតែ​ប្រើ​បាលី​ស្នេហ៍​មុខ ឬ​បាលី​ស្នេហ៍​ដាក់​មនុស្ស សម្រាប់​ដាក់​បន្ទាន់​ចិត្ត​ខ្មោច​ជួរជំបួរ​ព្រាយព្រ័ក្សល្បាក់សា​ផង​ដែរ ។

អំពី​អ្នក​និពន្ធ[កែប្រែ]

ឯកសារ​នេះ​ជា​ស្នាដៃ​ស្រាវជ្រាវ​របស់​លោក​ មៀច ប៉ុណ្ណ ។


ឯកសារ​យោង[កែប្រែ]