អ្នកប្រើប្រាស់:កវីតូច
លោក Scott Neeson ជាស្ថាបនិកមូលនិធិកុមារកម្ពុជា ដែលមានឈ្មោះជាភាសាអង់គ្លេសថា Cambodian Children’s Fund (CCF) ដែលត្រូវបានកសាងឡើងក្នុងឆ្នាំ២០០៤ ក្នុងគោលបំណងកែប្រែអនាគតរបស់ជីវិតក្មេងៗនៅលើគំនរសម្រាមស្ទឹងមានជ័យ ឲ្យមានឱកាសបានទទួលការអប់រំ ដូចក្មេងដទៃទៀត។ លោក Scott Neeson ធ្លាប់ជាអតីតតារាហូលីវូដ អ្នកដឹងនាំរឿង និងនាយកប្រតិបត្តិក្រុមហ៊ុនភាពយន្តល្បីៗរបស់ហូលីវូដ ដូចជា 20th Century Fox International និង Sony Pictures Entertainment ជាដើម មុនពេលលោកបោះបង់តំណែង និងប្រាក់ខែជាង១លានដុល្លារក្នុងមួយឆ្នាំដើម្បីមកកម្ពុជាបើកអង្គការជួយកុមារក្រីក្រនៅកម្ពុជា។ អតីតនាយកប្រតិបត្តិក្រុមហ៊ុនហូលីវូដរូបនេះ បានមានប្រសាសន៍ថា “លោកចាត់ទុកប្រទេសកម្ពុជាដូចជាផ្ទះរបស់លោកអញ្ជឹង”។ លោកបានរំលឹកថា អំឡុងពេលវិស្សមកាលឆ្នាំ២០០៣ គាត់បានចំណាយពេលសម្រាករបស់លោកមកធ្វើការសិក្សាស្រាវជ្រាវនៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានប្រទេសកម្ពុជាផងដែរ។ ពេលមកដល់ប្រទេសកម្ពុជាដំបូង លោក Scott បានឲ្យគេនាំលោកទៅតំបន់ដែលមានប្រជាជនក្រីក្របំផុត ពេលនោះហើយដែលលោកបានមកដល់តំបន់ចាក់សម្រាមស្ទឹងមានជ័យ ដែលពោរពេញដោយសម្រាម និងជាតិពុលនៅទីនោះ ដែលតំបន់នោះគេហៅថាទីក្រុងសម្រាម។លើសពីនេះទៅទៀត Scott បានឃើញផ្ទះជាច្រើនសាងសង់នៅលើគំនរសម្រាម និងមានកុមារជាច្រើនកំពុងរើសសម្រាម ហើយភាគច្រើនជាក្មេងកំព្រា រស់នៅដោយពឹងផ្អែកទៅលើការរើសសម្រាមដើម្បីចិញ្ចឹមជីវិត។ អតីតអ្នកដឹកនាំក្រុមហ៊ុន Sony Pictures បានបន្តថា នៅពេលនោះហើយដែលលោកបានដក់ចិត្តជាមួយក្មេងៗនៅលើគំនរសម្រាមទាំងនោះ។ មួយឆ្នាំក្រោយមកលោក Scott Neeson បានដាក់ពាក្យលាឈប់ពីនាយកប្រតិបត្តិក្រុមហ៊ុនល្បីឈ្មោះគឺ Sony Pictures ដែលលោកបានទទួលប្រាក់ខែរាប់លានដុល្លារក្នុងមួយឆ្នាំ ហើយលោកបានលក់ផ្ទះ កប៉ាល់ផ្ទាល់ខ្លួន និងរថយន្តរបស់លោក ដើម្បីមកកម្ពុជាបើកអង្គការ មូលនិធិកុមារកម្ពុជានេះឡើងដើម្បីជួយពួកគេ។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៥ លោក Scott Neeson បានទទួលសញ្ជាតិខ្មែរដោយព្រះរាជក្រឹត្យពីព្រះបាទនរោត្តម សីហមុន្នី។ លើសពីនេះ លោក Neeson នៅបានទទួលពានរង្វាន់អន្តរជាតិជាច្រើនទៀត ដូចជា ពាន់រង្វាន់ភាពអ្នកដឹកនាំសាមញ្ញ Q Prize ពាន់រង្វាន់ការបង្កើតទីជម្រកអភិវឌ្ឃន៍ខ្លួននិងការសិក្សាសម្រាប់កុមារ Rex Foundation Bill Graham និងពាន់រង្វាន់មនុស្សធម៌អន្តរជាតិ Rotary International’s The One ផងដែរ៕