អ្នកប្រើប្រាស់:គឹមចាន់
ការសិក្សារៀនសូត្រ គឺជាកាតព្វកិច្ចដ៏សំខាន់សម្រាប់យើងម្នាក់ៗ ដែលជាសិស្សានុសិស្ស។ សកម្មភាពរៀនសូត្ររបស់ សិស្សម្នាក់ៗគឺមានលក្ខណៈផ្សេងៗគ្នា អ្នកខ្លះពូកែរៀន ហើយអ្នកខ្លះទៀតរៀនពូកែ។ ពូកែរៀន និង រៀនពូកែ គឺមិនដូចគ្នាឡើយ ព្រោះថាអ្នកពូកែរៀន មិនប្រាកដថា រៀនពូកែនោះឡើយ។ គេតែងតែចោទសួរថា ធ្វើយ៉ាងម៉េចទើបរៀនពូកែ ធ្វើយ៉ាងម៉េច ទើបក្លាយជាសិស្សពូកែ?
ចំពោះខ្ញុំផ្ទាល់ក៏មិនហ៊ានអះអាងថាធ្វើយ៉ាងនេះ ឬយ៉ាងនោះទើបក្លាយជាសិស្សពូកែឡើយ តែខ្ញុំមានយុទ្ធសាស្រ្តផ្ទាល់ខ្លួនក្នុងការរៀនមិនថាមុខវិជ្ជាអ្វីឡើយ ទាំង ភាសាខ្មែរ(អក្សរសិល្បិ៍) រូបវិទ្យា គីមីវិទ្យា គណិតវិទ្យា -ល- និង -ល-។
ពេលនេះខ្ញុំសូមចូលរួមចែករំលែកនូវ បទពិសោធន៍ដែលធ្វើឲ្យខ្ញុំក្លាយជាសិស្សពូកែគណិតវិទ្យាដូចតទៅ៖
ការរៀបចំកាលវិភាគឲ្យបានត្រឹមត្រូវ ច្បាស់លាស់
កាលវិភាគ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការរៀបចំ ការរៀនសូត្ររបស់សិស្សម្នាក់ៗ ព្រោះថាពេលដែលយើងរៀបចំកាលវិភាគច្បាស់លាស់ហើយ ហើយអនុវត្តតាមវាឲ្យបានត្រឹមត្រូវ (មិនមែនអនុវត្តបាន ពីរ ឬបីថ្ងៃហើយ ឈប់នោះឡើយ) នោះការសិក្សារបស់យើងនឹងមានការរីកចំរើនមិនខាន។ ចំពោះកាលវិភាគនេះយើងអាចអនុវត្តតាមកាលវិភាគសាលា ឬកាលវិភាគផ្ទាល់ខ្លួនយើងក៏បាន។ ចំពោះកាលវិភាគផ្ទាល់ខ្លួនយើង ត្រូវចេះរៀបចំដោយខ្លួនឯងដោយចំណាត់ក្រុមមុខវិជ្ជាចម្បង (គណិត, រូប, គីមី, ជីវៈ,..) និងមុខវិជ្ជាសង្គម( ប្រវត្តិ, ភូមិ, …) ជាដើម។
ឧទាហរណ៍ ៖ ជារៀងរាល់យប់ (ក្រោយមកពីរៀនគួរ ឬញ៉ាំបាយរួច)
-ចាប់ពីម៉ោង 8pm-8:30pm ធ្វើលំហាត់ ជីវៈវិទ្យា -ម៉ោង 8:30pm-9pm ធ្វើលំហាត់ គីមីវិទ្យា -ម៉ោង 9pm-9:30pm ធ្វើលំហាត់ រូបវិទ្យា -ម៉ោង 9:30pm-10:30pm (ឬ 9:30pm-11pm) ធ្វើលំហាត់គណិតវិទ្យា(ខ្ញុំផ្តោតលើគណិតវិទ្យា)
ការធ្វើលំហាត់នៅពេលយប់នេះ គឺវាមិនសូវឲ្យយើងងងុយដេក ដូចមើលមេរៀនឡើយ ។ ចំនែកមេរៀនវិញយើងអាចឡើងរៀននៅពេលព្រលឹម ពីម៉ោង ៥ ឬ ៥កន្លះទៅក៏បាន ព្រោះវេលានេះខួរក្បាលយើងស្ងប់មិនស្មុគស្មាញ ហើយរៀនឆាប់ចាំផងដែរ។ ម្យ៉ាងវិញទៀតពេលព្រលឹមនេះ យើងអាចយកមេរៀនដែលត្រូវនឹងកាលវិភាគពេលព្រឹក ឬពេលរសៀលរបស់យើងមករៀន(រៀនមុនគ្រូបង្រៀន) ដែលវាអាចឲ្យយើងចាប់បានឬយល់កាន់តែច្បាស់នៅពេលដែលគ្រូបង្រៀននោះ។
ចំពោះម៉ោង អាស្រ័យលើយើងខ្លួនឯងជាអ្នកកំណត់ (5:30am – 6:30am) តែកុំក្រោកលឿនពេក (4-4:30am) វាអាចធ្វើឲ្យយើងងងុយដេកនៅ ពេលម៉ោងរៀន។
ឯកសារ (គណិតវិទ្យា)
ដោយ គណិតវិទ្យាគឺជាគោលដៅដែលយើងចង់ចាប់យក (ចង់ក្លាយជាសិស្សពូកែគណិតវិទ្យា) ដូចនេះ ហើយការពង្រឹងផ្នែកគណិតវិទ្យានេះយើងខិតខំប្រឹងប្រែងជាងមុខវិជ្ជាដទៃៗ តែមិនមែនថាចោលមុខវិជ្ជាផ្សេងៗនោះឡើយ។ ឯកសារតាមក្រសួង(សៀវភៅ បោះពុម្ពដោយក្រសួងអប់រំ) វាជាមូលដ្ឋានគ្រឹះសម្រាប់យើងក្នុងការចាប់យកចំណេះដឹងគ្រឹះ តែវាមិនគ្រប់គ្រាន់សម្រាប់អ្នកស្រាវជ្រាវឬត្រៀមខ្លួនប្រលងប្រជែង យកតំណែងជាសិស្សពូកែឡើយ។ ដូចនេះយើងត្រូវមានឯកសារជំនួយជាច្រើនផ្សេងៗទៀត ទាំងឯកសារជាតិ និងអន្តរជាតិដើម្បីពង្រីកចំណេះដឹងបន្ថែម។
ខ្ញុំសូមណែនាំសៀវភៅមួយចំនួនដែល ខ្ញុំធ្លាប់មាននិងស្រាវជ្រាវរក៖
-សៀវភៅ គណិតវិទ្យាប្រលងសិស្សពូកែទូទាំងប្រទេស ពីឆ្នាំ ១៩៨៦-១៩៩៩ សម្រាប់ថ្នាក់ទី១២ (រៀបចំដោយក្រសួង ក្រោមការឧបត្ថមដោយ សម្តេច ហ៊ុន សែន…) អាចរកបានតាមបណ្តាទីផ្សារ បណ្ណាគារ…
ក្នុងសៀវភៅនេះប្រមូលម្តុំទៅដោយ វិញ្ញាសាគណិតវិទ្យា សិស្សពូកែទូទាំងប្រទេស(កម្ពុជា) ដែលមានគ្រប់ឆ្នាំទាំងអស់ ហើយវាជាគ្រឹះមួយក្នុងការយកមកធ្វើជា លំហាត់គំរូ (រាល់ឆ្នាំក៏មានការស្រង់លំហាត់ពីក្នុងសៀវភៅនេះ ចេញប្រលងថ្នាក់ ខេត្ត-ក្រុង និងប្រទេសដែរ)។
-សៀវភៅ គណិតវិទ្យាវៀតណាម (លំហាត់ប្រទេសវៀតណាម មានលំហាត់ល្អៗប្លែកៗ ហើយពិបាកៗ និងច្រើនគេដកស្រង់យកមកចេញនៅ ការប្រលងថ្នាក់ ខេត្ត-ក្រុង និង ប្រទេស)
យើងអាចរកសៀវភៅនេះនៅតាមទីផ្សារ ឬតាមរយៈសិស្សច្បងយើង(អតីតសិស្សពូកែ) ព្រោះពួកគាត់ប្រាកដជាមានសៀវភៅនេះច្រើនមិនខាន។ សៀវភៅគណិតវិទ្យា វៀតណាម គេបានចងក្រងលំហាត់ល្អៗ ប្រចាំប្រទេសរបស់គេ ព្រោះថាជារៀងរាល់ឆ្នាំគេមានការប្រលង អូឡាំព្យាដ ប្រចាំប្រទេស ដែលមានការប្រមូលលំហាត់ប្រចាំខេត្តរបស់គេទាំងអស់ ហើយចងក្រងជាសៀវភៅមួយ ជារៀងរាល់ឆ្នាំ។ ក្នុងការប្រលង គណិតវិទ្យា ពិភពលោក ប្រទេសវៀតណាមតែងតែទទួលបាននូវលទ្ធផលដ៏ប្រសើរ (ទទួលបានមេដាយ ស្ទើររាល់ឆ្នាំ) អញ្ចឹងហើយឯកសាររបស់ប្រទេសនេះ ជាស្ពានដ៏សំខាន់សម្រាប់ចំលងយើងទៅកាន់ភាពជោគជ័យ។
-សៀវភៅដែលរៀបរៀងដោយខ្មែរ (នៅតាមទីផ្សារ)
បច្ចុប្បន្ននៅលើទីផ្សារមានសៀវភៅច្រើនណាស់ ដែលរៀបរៀងដោយខ្មែរ (គ្រូ ឯកទេស) ដែលបានចងក្រងនូវលំហាត់ ក៏ដូចជាវិញ្ញាសាដែលធ្លាប់បានចេញ ដែលប្រមូលផ្តុំដោយលំហាត់គ្រប់របៀប ដែលវាជាទុនដ៏សំខាន់សម្រាប់យើង។ សៀវភៅខ្លះក៏បានដកស្រង់ចេញពីឯកសារបរទេសជាច្រើនផងដែរ ដែលវាងាយស្រួលសម្រាប់យើងដោយមិនពិបាកក្នុងការបកប្រែ។
-វិញ្ញាសា ប្រចាំសាលា ខេត្ត-ក្រុង ឬ ទូទាំងប្រទេស ដែលធ្លាប់ចេញប្រលងរួចហើយ
វិញ្ញាសាទាំងនេះ មានសារៈសំខាន់ណាស់សម្រាប់អ្នកស្រាវជ្រាវដូចយើង យើងអាចស្វែងយល់ពីភាពខុសគ្នា ភាពស្រដៀងគ្នានៃលំហាត់នីមួយៗ នៃការប្រលង ហើយយើងនិងអាចទស្សទាយថាតើលំហាត់ប្រភេទណាដែលគេនិងចេញ នៅពេលប្រលងផងដែរ។ យើងអាចរកឯកសារទាំងនេះ តាមរយៈ គ្រូ មិត្តភក្តិ សិស្សច្បង(គាត់ប្រាកដជាមាន)… ហើយមួយទៀតទំនាក់ទំនងគឺមានសារៈសំខាន់ បើយើងមានទំនាក់ទំនងល្អ(ជាមួយមិត្ត គ្រូ អ្នកដទៃ) នោះការស្វែងរកឯកសារទាំងនេះនឹងផ្តល់លក្ខណៈងាយស្រួសសម្រាប់យើងមិនខាន។
-ឯកសារ តាម អ៊ីនធឺណែត (គេហទំព័រគណិតវិទ្យា សៀវភៅ E-Book )
បច្ចុប្បន្ននេះ បណ្តាញ អ៊ីនធឺណែត មានលក្ខណៈទូលាយគ្រាន់បើសម្រាប់សិស្សសិក្សាស្រាវជ្រាវ ហើយមានបណ្តាគេហទំព័រជាច្រើនដែលនិយាយពី គណិតវិទ្យា ហើយយើងអាចទាញយក លំហាត់ មេរៀន ឬ E-book ដែលប្រមូលផ្តុំដោយលំហាត់ប្លែកៗជុំវិញពិភពលោកបាន។
យុទ្ធិសាស្ត្រផ្ទាល់ខ្លួន
អ្នកមួយចំនួនតែងតែឆ្ងល់ថា ហេតុអីក៏គេរៀនឆាប់យល់ ឆាប់ចាប់បានម្ល៉េះ ហើយយើងរៀនដូចគេដែរហេតុអ្វីក៏ចាប់មិនបាន ហើយឆាប់ភ្លេចទៅវិញទៀត? មនុស្សយើងមានភាពវៃឆ្លាតមិនខុសគ្នាប៉ុន្មានទេ តែវាអាស្រ័យលើការរៀនដុសខាត់ខួរក្បាល ដែលវាជួយជំរុញឲ្យយើងបង្កើនភាពវៃឆ្លាត គិតរហ័ស( រេផ្លិចខ្ពស់) ងាយចាប់បាននូវអ្វីៗដែលបានរៀនឬបានជួប។
កុំគិតថាខ្លួនឯងជាមនុស្សអស្ចារ្យ (អំនួត) ត្រូវយល់ថាខ្លួនឯងត្រូវការវឹកហាត់ កែតំរូវ ទទួលយកការណែនាំរបស់អ្នកដទៃ ហើយរៀនពីអ្វីដែលនៅជុំវិញខ្លួនយើង (សកម្មភាពជុំវិញយើង សុទ្ធតែជាមេរៀនទាំងអស់) ។
ចំពោះខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានវិធីរៀនផ្ទាល់ខ្លួន (មិនថាអស្ចារ្យអីទេ បើចំនុចល្អសូមទទួលយក ឯចំនុចមិនល្អសូមធ្វើការកែប្រែ) ចំពោះការរៀនមេរៀន និងលំហាត់។
- រៀនឲ្យអស់នូវមេរៀននៅក្នុងសៀវភៅរបស់ក្រសួងអប់រំ (បើយើងថ្នាក់ទី៩ ឬ ១០ ឬ ១១ ឬ ១២ ត្រូវរៀនធ្វើលំហាត់ឲ្យអស់ពីសៀវភៅពុម្ព)
ភាគច្រើនសិស្សរៀនតាមគ្រូ បើគ្រូរៀនដល់មេរៀនណា នោះគេរៀនតាមគ្រូបានប៉ុណ្ណឹង អញ្ចឹងហើយការវិវត្តន៍របស់ខ្លួនមិនទាន់គ្រប់គ្រាន់ដូចអ្វីដែលយើងចង់បានឡើយ។ យើងត្រូវរៀនឲ្យបានមុនគ្រូ ហើយពេលដែលគ្រូរៀនដល់ចំនុចមេរៀនបន្ទាប់នោះវានឹងមានលក្ខណៈងាយស្រួលសម្រាប់យើង។
-ចំពោះលំហាត់មួយ ដែលមានការបកស្រាយរបៀបផ្សេងគ្នាៗតែលទ្ធផលចុងក្រោយដូចគ្នា (ច្រើនរបៀប) យើងត្រូវរៀនវិភាគលំហាត់នោះ នោះយើងនឹងមានការបែកគំនិតរិះរកវិធីថ្មី ហើយលំហាត់ទាំងនោះនឹងក្លាយជាលំហាត់ងាយសម្រាប់យើងមិនខាន។ -រៀនឲ្យច្បាស់ និងគ្រប់របៀបនូវមេរៀនទាំងឡាយ ( បើរៀនមេរៀន ដេរីវេ ត្រូវចេះឲ្យអស់ពីរបៀប ឬប្រភេទ របស់លំហាត់...) -ស្រាវជ្រាវនូវអ្វីដែលថ្មី ហើយប្លែកៗ (មានសៀវភៅចាស់ៗខ្លះមានប្រភេទលំហាត់ខ្លាំងៗ ហើយប្លែកៗដែលយើងកំរនឹងជួប -សៀវភៅជំនាន់មុន ឆ្នាំ 1960-1973 ជាដើម) -ប្រើវិធី ប្រៀបធៀប ដើម្បីជាការចងចាំរបស់យើង (ឧទាហរណ៍៖ ជីវៈវិទ្យា៖ វគ្គមីតូស មានបួនវគ្គ គឺ ប្រូផាស មេត្តាផាស អាណាផាស និងតេឡូផាស យើងមើលឃ្លានេះ " ប្រុសៗ ចូលចិត្ត (ប្រូ) មិន (មេត្តា) (អាណា) ទេ(តេ) " ចឹងពាក្យ "ប្រូ" តំណាងឲ្យ ប្រូផាស "មេត្តា" តំណាងឲ្យ មេត្តាផាស "អាណា" តំណាងឲ្យ អាណាផាស និង " ទេ" តំណាងឲ្យ តេឡូផាស។ -យុទ្ធិសាស្រ្តលោតផ្លោះ (ខ្ញុំធ្លាប់បានធ្វើកន្លងមក តែអ្នកក៏អាចធ្វើបានដែរ)
ចំពោះការលោតផ្លោះនេះសំដៅទៅលើ ការរៀនផ្លោះកំរិតថ្នាក់របស់ខ្លួន (ឧ. យើងកំពុងរៀនថ្នាក់ទី ១០ តែយើងរៀនមេរៀនឬលំហាត់ថ្នាក់ទី ១១ ឬ ១២ ផងដែរ-មើលមេរៀនឲ្យចប់ចាំរៀនធ្វើលំហាត់-)។ កាលនៅវិទ្យាល័យ ខ្ញុំទើបតែថ្នាក់ទី ១០ ប៉ុណ្ណោះតែ លំហាត់ថ្នាក់ទី ១១ និង ១២ ខ្ញុំរៀនធ្វើអស់គ្មានសល់ រហូតដល់ស្រាវជ្រាវដល់កំរិតខ្ពស់ៗជាងនេះ ទៅទៀត... របៀបនេះមិនមែនថាខ្លួនឯងអស្ចារ្យឡើយ តែវាផ្តល់ឲ្យយើងនូវភាគជោគជ័យមួយចំនួនធំផងដែរ (ចំពោះអ្នកត្រៀមយកចំណាត់ថ្នាក់សិស្សពូកែ) ។
ទំនាក់ទំនង
ទំនាក់ទំនងមានសារៈសំខាន់ណាស់សម្រាប់អ្នកស្រាវជ្រាវ អ្នកចង់ដឹងពីពិភពខាងក្រៅដើម្បីបង្កើនសមត្ថភាព និងចំណេះដឹងរបស់ខ្លួន។ កាលណាយើងមានទំនាក់ទំនងល្អ នោះធ្វើឲ្យយើងស្គាល់នូវពិភពខាងក្រៅច្រើន ទទួលបាននូវគំនិតល្អៗ បទពិសោធន៍ល្អៗ ពិសេសនោះគឺការពង្រីកចំណេះដឹងរបស់ខ្លួន។ ការរាប់អានមិត្តភក្តិ ពិសេសអ្នកដែលរៀនពូកែ គឺជាគោលដៅសំខាន់ដែលយើងចង់បាន ក្នុងការរៀនសូត្រពីអ្នកទាំងនោះ(ស្វែងយល់ហេតុអ្វីបានជាគេរៀនពូកែ យើងធ្វើដូចគេបានឬអត់?)។ បើយើងមិនសូវពូកែ យើងត្រូវរាប់អានមិត្តភក្តិដែលគេរៀនគ្រាន់បើ ឬរៀនពូកែ ហើយស្វែងយល់ពីការរៀនរបស់គេ យកគំរូតាមគេ ខ្ញុំហ៊ានអះអាងថារយៈពេលតែ ពីរ ឬ បីខែប៉ុណ្ណោះអ្នកប្រាកដជាមើលឃើញខ្លួនឯងរីកចម្រើនខ្លះមិនខាន។ លើសពីនេះទៅទៀត ទំនាក់ទំនងនេះបានផ្តល់នូវការផ្លាស់ប្តូរចំណេះដឹងយ៉ាងច្រើនដល់យើង បើយើងស្គាល់ឬមានមិត្តភក្តិនៅបណ្តាខេត្ត ឬក្រុងផ្សេងៗច្រើននោះ។ យើងនឹងទទួលបានការចែករំលែកឯកសារគ្នាទៅវិញទៅមក (ឧទាហរណ៍ៈការផ្លាស់ប្តូរគ្នារវាង វិញ្ញាសាប្រលងសិស្សពូកែប្រចាំខេត្តរបស់អ្នក និង មិត្តរបស់អ្នកដែលនៅក្នុងខេត្ត ឬក្រុងផ្សេង) ដោយធ្វើការចែករំលែកឬ ផ្លាស់ប្តូរគ្នាទៅវិញទៅមក។ នេះជាវិធីដ៏ប្រសើរ ក្នុងការសិក្សាឬរៀនសូត្រពីមជ្ឈដ្ឋានខាងក្រៅរបស់យើង។
ប្រការចៀសវាង (សំនូមពរ)
មានអ្នករៀនពូកែខ្លះ (មួយចំនួនតិច) គេតែងតែមានអំនួតខ្លាំង ហើយមិនទទួលយកនូវគំនិត ឬបទពិសោធន៍ពីអ្នកដទៃឡើយ ដោយគេសំអាងថាគេអាចធ្វើបាន គេជាមនុស្សពូកែ ហើយមនុស្សប្រភេទនេះ មិនចូលចិត្តរួសរាយឬនិយាយរកអ្នកដទៃច្រើនឡើយ(ឆ្មើង) ហើយគេ ពូកែលាក់លៀម ខ្លាចគេចេះជាងខ្លួន។ ភាពឆ្មើងឆ្មៃនេះ វាមិនបាននាំនូវជោគជ័យដល់យើងឡើយ ផ្ទុយទៅវិញយើងនឹងទទួលបាននូវការរិះគន់ពីមិត្តភក្តិក៏ដូចជាអ្នកដទៃផ្សេងៗទៀត។ ការប្រកាន់ខ្លួនដូចនេះ វាមិនធ្វើឲ្យយើងរីកចម្រើនល្អនោះឡើយ ហើយម្យ៉ាងវិញទៀតយើងប្រាកដជាបាត់បង់នូវមិត្តល្អៗរបស់ខ្លួនមិនខាន។