អ្នកប្រើប្រាស់:រ៉ាន់ ចាន់រិទ្ធិ
'ការបណ្ដុះផ្សិតចំបើង' ដើម្បីបណ្ដុះផ្សិតចំបើងឱ្យបានផលល្អ កសិករត្រូវគិតគូរឱ្យបានច្បាស់លាស់ និងត្រឹមត្រូវទៅតាមបច្ចេកទេស ដូចជារបៀបរៀបចំដីនិងរបៀបបណ្ដុះផ្សិតឱ្យស្របតាមបច្ចេកទេសកសិកម្ម។ ក្នុងការបណ្ដុះផ្សិតចំបើង មុនដំបូង គេត្រូវកំណត់ទីតាំងដែលត្រូវបណ្តុះជាមុនសិន។ បើនៅរដូវប្រាំង គេត្រូវជ្រើសរើសដីទំនាបរាបស្មើជិតប្រភពទឹកស្អាត តែនៅរដូវ វស្សារគេជ្រើសរើសដីដែលមិនជាំទឹក ឬដក់ទឹក។ ក្រោយពេលកំណត់ និងជ្រើសរើស ដីបានហើយគេត្រូវជំរះស្មៅឱ្យស្អាត ហើយបាចកំបោរស ឬផេះ រួចកាប់ផ្លាក់ដីនោះឱ្យបានជម្រៅមួយតឹក រួចទុកដីនោះហាលថ្ងៃឱ្យស្ងួតរយៈពេលពីរ ឬបីថ្ងៃ។ លុះដីស្ងួតហើយគេត្រូវដំបំបែកដី និងពង្រាបឱ្យស្មើ។ បន្ទាប់មកត្រូវយកកម្តេចចំបើងពង្រាយលើដីនោះឱ្យពេញនិងដុតកម្ចាត់សត្វល្អិត។ ជាបន្តទៀតត្រូវរៀបចំបោះបង្គោលក្បាលដីសងខាងហើយទាញខ្សែចងធ្វើជារង រួចត្រូវយកចំបើងដែលត្រាំទឹករួចមករាយលើរងខ្សែ ហើយមូរបត់ក្បាលកន្ទុយចំបើងជាដុំៗដាក់បន្តជាប់គ្នាឱ្យ ពេញរង។ ពេលបណ្តុះផ្សិត មុណដំបូង គេត្រូវយកដីបំប៉នរោយពីលើរងខ្សែចំបើងឱ្យបានពីរជួរ។ ជួរនីមួយៗត្រូវខិតចូលប្រវែងមួយតឹកពីគែមរងទាំងសងខាង។ បន្ទាប់មកយកមេផ្សិតចំបើងដែលច្របល់រួចទៅរោយពីលើខ្សែដីបំប៉ន។ ក្នុងការរៀបចំចំបើងជាន់ទី២ គេត្រូវធ្វើដូចគ្នានឹងការរៀបចំបណ្ដុះផ្សិតដូចជាន់ទី១ដែរ។ គេត្រូវធ្វើរបៀបនោះឱ្យបានប៣ ឬ៤ជាន់ រួចយកចំបើងស្ងួតគ្របរងរយៈពេលមួយថ្ងៃ។ បន្ទាប់មក គេដុតចំបើងនោះឱ្យឆេះអស់ដើម្បីបង្កើតជាតិប៉ូតាស និងជាការសំអាតកម្ទេចកម្ទីលើរង។ ចុងក្រោយបង្អស់ ត្រូវស្រោចទឹកលើរងដែលដុតរួចឱ្យជោក រួចជាន់ឱ្យហាប់ជាការស្រេច។
ដើម្បីទទូលបានផលកម្រៃខ្ពស់ពីការបណ្ដុះផ្សិត ទាមទារឱ្យយើងមានការសិក្សាពីបច្ចេកទេសបណ្ដុះឱ្យច្បាស់សិន។