អ្នកប្រើប្រាស់:សុខគង់ កូយ
ការរចនា
ជំនោរ
( បទពាក្យប្រាំពីរ បែបផ្កាឈូករីក )
ជំនោររំភើយរហើយកាយ ជំនោរពីឆ្ងាយអង្អែលប្រាណ
ជំនោរត្រជាក់ភ្ញាក់សណ្ដាន ជំនោរផ្ញើប្រាណអង្អែលស្និទ្ធិ ។
ជំនៅររំភើយរហើយសក់ ជំនោរដង្ហកស្រក់លោហិត
ជំនោររំភើយរហើយពិត ជំនោរវិចិត្រនិម្មិតចិត្ត ។
ជំនោររំភើយរហើយក្សាន្ត ជំនោរសាមាន្យប្រលោមស្និទ្ធិ
ជំនោររំភើយរហើយចិត្ត ជំនោរវរមិត្រផ្ដិតអនុស្សា ។
ជំនោរនិស្ស័យថ្លៃកាត់ស្មាន ជំនោរកល្យាណច្រានវាសនា
ជំនោររំភើយរហើយកាយា ជំនោរថ្មើរណានឹងរសាយ ។
ជំនោររំភើយរហើយជើង ជំនោររំលើងអស់ទុក្ខខ្ចាយ
ជំនោររំភើយរហើយកាយ ជំនោរសប្បាយប្រលែងទុក្ខ ។
ជំនោរនិស្ស័យថ្លៃស្មើមាស ជំនោរមេមាសលោរទុក្ខ
ជំនោររំភើយសែនអផ្សុក ជំនោរសម្រុកចុកចាប់ផ្សា ។
ជំនោរវរមិត្រពិតភក្ដី ជំនោរស្រស់ស្រីថ្នមស្នេហា
ជំនោររំភើយរហើយកាយា ជំនោរជីវ៉ាប្រាថ្នាជួប ។
ជំនោររំភើយរហើយស្មា ជំនោរវាសនាប្រាថ្នាជួប
ជំនោរនិស្ស័យថ្លៃជំនួប ជំនោរផ្សំផ្គួបចិត្តស្នេហា ។
ជំនោររំភើយរហើយប្រាណ ជំនោរកល្យាណអ្នកប្រាថ្នា
ជំនោរអង្អែលសព្វមំសា ជំនោរជលសារត្រជាក់ក្រៃ ។
ជំនោរជោរជន់ប៉ុណ្ណេះណា ជំនោរប៉ាកកាវោហារថ្លៃ
ជំនោរជូនញាតិឥតសង្ស័យ ជំនោរចរណៃត្រឹមប៉ុណ្ណេះ ៕
ឈុតមួយក្នុងរឿង យុទ្ធសិល្ប៍គ្រួសារនាគរាជ
និពន្ធដោយ កូយ សុខគង់ (សីទន្ដរ)