អ្នកប្រើប្រាស់:Chanasmey Koam
បាយស្រី
ដើមចេក មិនត្រឹមតែជារុក្ខជាតិដែលកូនខ្មែរសុធតែស្គាល់ថាសម្រាប់ទទួលទាន ឫជាសំណែន ឫគ្រឿងដង្វាយដ៏សំខាន់នោះទេនោះទេ ប៉ុន្តែដើម្បីចេកគឺជារុក្ខជាតិដ៏អស្ចារ្យម្យ៉ាងតាមជំនឿអំបូរខ្មែរមន(អូស្ត្រូអាស៊ីយៀង) វាមានថាមពលអាថ៌កំបាំងដ៏អស្ចារ្យលើសពីខ្សែភ្នែកធម្មតារបស់យើងដែលអាចបើកផ្លូវឲ្យយើងទាក់ទងទៅកាន់អារុក្ខអារក្សអ្នកតាបាន។
បុព្វបុរសខ្មែរកាលដែលបានប៉ះពាល់ដោយឥទ្ធិពលអារ្យធម៌ឥណ្ឌា បានស្រាវជ្រាវរកឃើញបង្កើតបានឧបករណ៍ហៅថា «បាយស្រី» ដោយប្រើរុក្ខជាតិចេករចនាផ្លាស់ប្តូររូបរាងទៅជារាងដូចជាតួរប៉បទាបខ្ពស់តម្រៀបគ្នាតាមលំដាប់លំដោយតុបតែងយ៉ាងល្អល្អះហាក់ដូចជាកំពូលប្រាង្គប្រាសាទតំណាងឲទ្វីប ឫទីដែលអទិទេពគង់។ តួរប៉មចេកនេះដោយសារសាងដោយដើមចេក នាំឲមានសមត្ថភាពដូចជាមេដែកឆក់ទាញយកកំលាំងលោកធាតុមកប្រមូលផ្តុំថាមពលពិសេសមើលនឹងភ្នែកទទេរមិនឃើញទម្លុះកាត់ចូលទៅខ្សែបន្ទាត់ចក្រវាល និងពិភពអរូប។ ដូឆ្នេះហើយទើប «បាយស្រី» ឫស្គាល់ទូទៅថា «បាយសី» គឺជាគ្រឿងសក្ការៈវិចិត្រមានតែក្នុងប្រពៃណីរបស់មនុស្សដែលរស់ជាមួយនឹងអារ្យធម៌ខ្មែរ។
បាយសីនេះបើបំបែកជាពាក្យរាយនោះមកពីពាក្យថា បាយ + ស្រី។ បាយ គឺជាព្រះមេ ព្រះមេ គឺជាព្រះភូមិនាគក្បាល៩ ដែលជួយឲស្រុកខ្មែរសម្បូរទឹកធ្វើស្រែចំការ។ ស្រី មកពីពាក្យសំស្ក្រឹត«श्री» ឫ «ឝ្សី» សរសេរតាមខ្មែរបុរាណ មានន័យថា ឧត្តុងឧត្តម ខ្ពង់ខ្ពស់ភាគច្រើនប្រើជាគោរមងា នាំឲនាម «បាយស្រី» អាចប្រែបានថា «ព្រះមេនាគដ៏ឧត្តុងឧត្តម» ជាការសំគាល់ដល់គ្រឿងសក្ការៈធ្វើអំពីរុក្ខជាតិចេករបស់ខ្មែរប្រើជាឧបករណ៍ទំនាក់ទំនងក្នុងប្រព័ន្ធព្រលឹងបានដោយស័ក្តសិទ្ធិ។ បាយស្រីគឺជាមធ្យោបាយធ្វើការទំនាក់ទំនងនឹងពពួកអរូបទាំងឡាយរួមទាំងអទិទេពផង។ ទោះជាយ៉ាងណាហេតុអ្វីបាយស្រីជារណ្តាប់សក្ការៈសំខាន់មិនអាចខ្វះបានក្នុងប្រព័ន្ធជំនឿរបស់ខ្មែរ? វាមិនខុសពីអ្វីដែលខ្ញុំបានរៀបរាប់ត្រួសៗខាងលើនោះទេ ពាក្រថាបាយស្រីនេះ ជាការពិតគឺតំណាងឲព្រះមេនាគ ដែលជាព្រះបឋមវីរៈក្សត្ររបស់ព្រះនគរគោកធ្លកនេះឯង។ ព្រះនាងគឺជាទេពមាតានៃកូនចៅខ្មែរ ទ្រង់មានធាតុទឹក ជាវង្សព្រះច័ន្ទ (រាត្រី) ដូឆ្នេះហើយទើបព្រះនាងមាននាមថា សោមា មានន័យថាព្រះច័ន្ទនោះឯង។ បិតារបស់ទ្រង់ជាស្តេចក្រុងពាលី បានស្រូបយកទឹកសមុទ្រដើម្បីពង្រីកជានគរមានទំហំសមរម្យមួយថ្វាយព្រះនាងនាគ និងព្រះស្វាមីសម្រាប់ការគ្រប់គ្រងក្នុងសម័យហ្វូណន (វ្នំ) បង្កើតបានជាត្រកូលក្សត្រមួយហៅថា«សោមវង្ស»។ ហេតុនេះហើយទើបមុនពេលចាប់ផ្តើមធ្វើកិច្ចអ្វីមួយនៅលើទឹកដី
សុវណ្ណភូមិ (អតីតនគរគោកធ្លក) នេះគឺតម្រូវឲធ្វើការបួងសួងរំលឹកទៅដល់ស្តេចក្រុងពាលីជាម្ចាស់ទឹកដីនេះឯង។ ទោះជាយ៉ាងណាពាក្យ ថា «នាគ» គឺបានមកពីពាក្យសំស្ក្រឹត «नाग» អានថា ណាគារ៉ា ឫ នាគបើសរសេរបែបខ្មែរនិយមដែលមានន័យថា «ពស់» ក្នុងភាសាខ្មែរ។ ពស់នេះត្រូវបានតុបតែងសំអាងក្នុងជំនឿសាសនាព្រះពុទ្ធ និងសាសនាព្រាហ្មណ៍ ថាជាសត្វ «នាគ» មានឫទ្ធិអំនាចអធិធម្មជាតិ។ នាគ ជាទេពសត្វមានមហិទ្ឋិឫទ្ធិលើសពីសភាវៈសត្វពស់ទូទៅ វាអាចរស់នៅទាំងក្នុងទឹកប្រៃ និងទឹកសាប។ នាគ មិនគ្រាន់តែជាទេពសត្វ តែជានិមិត្តរូបនៃភាពសម្បូសប្បាយហូរហៀរ និងជាសេចក្តីសង្ឃឹមរបស់ជនជាតិខ្មែរ។ ដូចទំនាយដែលយើងចងចាំគ្រប់គ្នាថា«នាពេលណានាគចេញមក ស្រុកខ្មែរនឹងរុងរឿងជាអារ្យប្រទេសមួយដ៏អស្ចារ្យ»។