Jump to content

អ្នកប្រើប្រាស់:Ravuth Mao

ពីវិគីភីឌា

លោកម៉ៅ រ៉ាវុទ្ធ“មើលឃើញឱកាសល្អអាចប្រថុយនឹងការប្រកបអាជីវកម្មបាន គួរតែហ៊ានប្រថុយ” ថ្ងៃ ច័ន្ទ ទី07 មេសា ឆ្នាំ2014 ម៉ោង23:19 ផ្នែក: ជីវិតជោគជ័យ ដោយ: ឈុនហាក់

លោក ម៉ៅ រ៉ាវុទ្ធមានកំណើតនៅស្រុកស្ទឹងត្រង់នៃខេត្តកំពង់ចាមដែលមាន ឪពុកម្តាយជាអ្នកប្រកបរបរធ្វើស្រែចម្ការ ហើយលោកគឺជាកូនទី៣ក្នុងចំណោមបងប្អូនទាំងអស់ចំនួន៥នាក់(ស្រី៤ និង ប្រុស១)។ ក្នុង វ័យក្រេបជញ្ជក់ការសិក្សា រ៉ាវុទ្ធជាសិស្សស្វាធ្យាយនឹងការសិក្សាខ្លាំងណាស់ ជាក់ស្តែង លទ្ធផលនៃការសិក្សាដែលលោកទទួលបានកាលនៅសាលាបឋម-អនុវិទ្យាល័យ មេសជ្រៃនៃស្រុកកំណើតនោះល្អគាប់ប្រសើរណាស់។ ប៉ុន្តែក្រោយមក ដោយសារតែជីវភាពគ្រួសារចេះតែដុនដាបទៅៗ គួបផ្សំទៅនឹងការសេពគប់មិត្តភ័ក្តិមិនល្អរបស់លោក រុញច្រានឲ្យជីវិតសិក្សា និង ខិតខំព្យាយាមទាំងអំបាលម៉ានកន្លងមក ប្រែជាសាបរលាបបន្តិចម្តងៗ។ ឃើញទិដ្ឋភាពបែបនេះ ម្តាយមីងលោកក៏រិះរកវិធីកែប្រែលោកឡើងវិញដោយបាននាំលោកមកសិក្សានៅ ឯទីរួមខេត្តកំពង់ចាមតែម្តង ពេលនោះហើយដែលបរិយាកាសល្អៗ និងទីកន្លែងដ៏គាប់ប្រសើរបានកែប្រែលោកទៅរកផ្លូវវិជ្ជមានឡើងវិញ។ លោកតែងមានកូនចិត្តថា ក្នុងរយៈពេល៣ឆ្នាំនៃការសិក្សានៅថ្នាក់វិទ្យាល័យរបស់លោក ហាក់បីដូចឆាចោលអ៊ីចឹង ហើយ លោកគិតថាប្រហែលជាប្រឡងមធ្យមសិក្សាទុតិយភូមិមិនជាប់ទេមើលទៅ។ ប៉ុន្តែ នៅគ្រាចុងក្រោយនៃការខិតខំប្រឹងប្រែងទាំងថ្ងៃ ទាំងយប់ដោយមិនគិតពីការនឿយហត់បែបនេះ ធ្វើឲ្យលោកទទួលបានការជោគជ័យជាស្ថាពរបន្ទាប់ពីបានប្រឡង មធ្យមសិក្សាទុតិយភូមិរួចរាល់។ កត្តា ដែលធ្វើឲ្យលោកអាចកែប្រែខ្លួនឯងបានដូច្នេះគឺបណ្តាលមកពីអ្នកនៅ ជុំវិញ ជាពិសេស អ្នកម្តាយ និង ម្តាយមីងជាអ្នកបំផុសគំនិត ហើយពាក្យពេចន៍របស់ម្តាយលោកដែលបានពោលមកកាន់លោក ធ្វើឲ្យលោកចងចាំមិនភ្លេចនោះគឺ ”ជីវិតកូន មានតែប៉ុណ្ណឹងទេអី?” ឮហើយ ធ្វើឲ្យលោកឈឺចាប់ ឈឺចាប់ ហើយខិតប្រឹងតស៊ូ ជម្នះ និងសន្យាថាទោះយ៉ាងណាក៏ធ្វើឲ្យបាន។ បន្ទាប់ពី ប្រឡងជាប់រួចរាល់នៅឆ្នាំ២០០០ លោកក៏បានដាក់ពាក្យប្រឡងអាហារូបករណ៍ដោយជ្រើសរើសជំនាញផ្នែកច្បាប់ ព្រោះលោកមានម្តាយមីងជាក្រឡាបញ្ជីស្រាប់សម្រាប់ផ្តល់ជាគំនិតល្អៗ ក្នុងមុខវិជ្ជាមួយនេះ។ សំណាងមិនល្អ លោកក៏ប្រឡងមិនជាប់ព្រោះមាននិស្សិតដល់ទៅរាប់ម៉ឺននាក់ដាក់ពាក្យ តែជ្រើសរើសតែប៉ុន្មានរយនាក់តែប៉ុណ្ណោះ។ លោកមិនអស់សង្ឃឹមឡើយ លោកចេះតែដើរដាក់ពាក្យប្រឡងរហូតដល់ប្រឡងជាប់ផ្នែកកសិកម្មមធ្យម នៅទីរួមខេត្តកំពង់ចាម រួចក៏បានប្រឡងជាប់ផ្នែកជលផល។ ក្នុងរយៈពេល១ខែក្រោយ លោកក៏បានប្រឡងជាប់ពេទ្យមធ្យមនៅទីរួមខេត្តកំពង់ចាមទៀត គួបផ្សំជាមួយនឹងការលើកទឹកចិត្តពីសំណាក់ក្រុមគ្រួសារទាំងមូលក៏ដូចជា មិត្តភ័ក្តិផ្សេងៗ លោកក៏សម្រេចចិត្តចូលរៀនផ្នែកពេទ្យមធ្យម(គិលានុបដ្ឋាក)ដោយចំណាយរយៈពេល៣ឆ្នាំ។ បន្ទាប់ពី លោកបានបញ្ចប់ការសិក្សាផ្នែកពេទ្យមធ្យមនេះ លោកត្រូវចេញរកការងារដោយខ្លួនឯង លោកចំណាយពេលវេលា៦ខែដើម្បីស្វែងរកនៅរាជធានីភ្នំពេញ ក៏សម្រេចដាក់ពាក្យប្រឡងចូលជាមន្ត្រីខាងសុខាភិបាល។ បានតែរយៈពេល១ខែ ខាងពេទ្យកុមារអង្គរ(នៅខេត្តសៀមរាប)ក៏បាន ឲ្យជាប់នៅទីនោះតែម្តង។ ក្រៅពីបានជាប់ជាបុគ្គលិកពេទ្យនៅទីនោះហើយ លោកក៏ឆ្លៀតពេលរៀននៅសាកលវិទ្យាល័យបៀលប្រាយ ផ្នែកព័ត៌មានវិទ្យា។ ប៉ុន្តែ លុះដល់ឆ្នាំទី២ លោកក៏បានសម្រេចចិត្តប្តូរជំនាញមករៀនគ្រប់គ្រងវិញព្រោះក្តី សុបិន្តនិងគោលដៅរបស់លោកចង់ក្លាយជាអ្នកជំនួញដ៏ជោគជ័យមួយរូប។ ដោយសារតែមានគោលដៅ និង ក្តីសុបិនច្បាស់លាស់បែបនេះហើយ ទើបលោកខិតខំសិក្សាស្រាវជ្រាវបន្ថែមទៅលើចំណុចខ្វះខាត និង អ្វីៗដែលលោកពុំទាន់បានយល់ដឹង ដើម្បីបំប៉នសមត្ថភាពឲ្យបានរឹងមាំមុនពេលចេញប្រឡូកក្នុងការរកស៊។ ក្រោយមក ក្នុងឆ្នាំទី៣នៃការសិក្សានៅសាកលវិទ្យាល័យ លោកក៏មានដើមទុនសមល្មមនឹងអាចបើកលក់ជាវត្ថុអនុស្សាវរីយ៍នៅផ្សារ រាត្រីនៃខេត្តសៀមរាបបានដោយទទួលបានការជ្រោមជ្រែងបន្ថែមពីបងស្រី របស់លោក។ ដើមឡើយ អាជីវកម្មមួយនេះជួយផ្គត់ផ្គង់ដល់ការសិក្សា និង ជីវភាពលោកបានច្រើន ប៉ុន្តែចៃដន្យអាក្រក់ ក្នុងឆ្នាំ២០០៨ជាឆ្នាំដែលសេដ្ឋកិច្ចធ្លាក់ចុះ ទើបបណ្តាលឲ្យការរកស៊ីរបស់លោកមានបម្រែបម្រួលខ្លាំងទៅតាមហ្នឹងដែរ ក៏សម្រេចចិត្តឈប់ប្រកបអាជីវកម្មមួយនេះ ហើយក្រោយមក លោកក៏បានឆ្លៀតដេញតុងទីនបន្តិចបន្តួច និង ខ្ចីបុលប្រាក់កាសពីបងប្អូន សាច់ញាតិ ដើម្បីមកប្រកបអាជីវកម្មថ្មីមួយទៀតដែលត្រូវនឹងជំនាញផ្នែកពេទ្យ របស់លោក។ លោកគិតថារកស៊ីទាល់តែមានការប្រថុយប្រថានខ្លះបានទៅរួច ហើយ ប្រការនេះ ត្រូវតែមានជំនឿជាក់មួយចំនួនដែរ ពុំមែនជាការប្រថុយប្រថានទាំងស្រុងទេ។ សំខាន់ យើងមើលឃើញឱកាសអាចប្រថុយប្រកបអាជីវកម្មបាន គួរតែហ៊ានប្រថុយ។ដោយសារតែទទួលបានគំនិតច្រើនពីមនុស្សនៅជុំវិញ និង ប្រាក់សន្សំខ្លះៗ លោកក៏បានសម្រេចចិត្តដំណើរការគ្លីនិកដោយដាក់ឈ្មោះថា គ្លីនិក នាគ ទេព(ដោយមានការសហការចូលហ៊ុនគ្នា)។ អ្វីៗហាក់ដូចជាថ្មីសម្រាប់លោក នៅក្នុងគ្លីនិកមួយទាមទារឲ្យមានរចនាសម្ព័ន្ធគ្រប់គ្រងត្រឹមត្រូវ ត្រូវការមានបុគ្គលិកតាមផ្នែកផ្សេងៗ ប៉ុន្តែ ដើម្បីកាត់បន្ថយការចំណាយច្រើនដែលឥតប្រយោជន៍ គ្នារបស់លោកទាំងអំបាលម៉ានសហការជួយគ្នាយ៉ាងសស្រាក់សស្រាំ។ បន្តិចម្តងៗរហូតទាល់តែមានគាំទ្រពីសំណាក់អតិថិជនដែលជាអ្នកជំងឺ នោះ ឃើញថាមានពន្លឺខ្លះ មានស្ថិរភាព និងរីកចម្រើនបានយ៉ាងលឿនឬរហ័សទាន់ចិត្ត។នេះដោយសារតែការសហការ គ្នាបានយ៉ាងស្អិតល្មួត ភាពប៉ិនប្រសប់ក្នុងការមើលធនធានមនុស្ស និង តិចនិកពិសេសៗក្នុងការស្វែងរកប្រាក់ចំណេញរបស់ពួកលោក។ ជា មនុស្សឆ្លាត និង ប៉ិនប្រសប់ដូចជារ៉ាវុទ្ធ តែងតែមានគំនិតប្លែកៗដើម្បីរិះរកប្រាក់ ជំហានបន្ទាប់ដែលលោកបាននឹកឃើញក្នុងការដំណើរអាជីវកម្មថ្មីមួយទៀត នោះគឺការបើកជាសណ្ឋាគារ ព្រោះលោកសម្លឹងឃើញថា ខេត្តសៀមរាបគឺជាតំបន់ទេសចរណ៍បែបប្រវត្តិសាស្ត្រដែលមានភ្ញៀវទេសចរណ៍ ទាំងក្នុងស្រុក និង ក្រៅស្រុក មកចូលទស្សនាយ៉ាងច្រើនកកកុញ។ ហេតុនេះ ពួកគេតែងតែត្រូវការសេវាកម្ម ពិសេសៗ ដូចជា ការដំណើរទស្សនាតាមប្រាសាទនានា ភូមិវប្បធម៌ និង មានការទិញនូវវត្ថុអនុស្សាវរីយ៍សម្រាប់ខ្លួនពួកគេ ជាពិសេសនោះ តែងស្វែងរកសណ្ឋាគារសម្រាប់ការស្នាក់នៅអំឡុងពេលធ្វើទស្សនកិច្ចដោយ ចៀសវាងពុំបាន។ អាស្រ័យហេតុនេះ ទើបលោកសម្រេចចិត្តបណ្តាក់ទុនទៅលើវិស័យសណ្ឋាគារមួយទៀតដោយដាក់ ឈ្មោះថាជាAvatar Angkor Hotel។ ដំណើរការ ត្រឹមតែ២ឆ្នាំប៉ុណ្ណោះ ឃើញថាសន្ទុះនៃភាពរីកចម្រើនក៏មិនជាចាញ់ខាងគ្លីនិករបស់លោក ប៉ុន្មានទេ ហើយនាពេលឥលូវនេះ ឃើញថាមានលំនឹងគួរសមហើយ ដែលធ្វើឲ្យលោកអាចជឿទុកចិត្តបាន។ លើសពីនេះទៅទៀត លោកក៏បានបើកជាហាងបញ្ចាំខ្នាតតូចមួយកន្លែងទៀតគឺRABBIT-Small Business Service ដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួងពាណិជ្ជកម្មរួចមកហើយ។ ទៅ ថ្ងៃអនាគត លោកមានគម្រោងថានឹងបង្កើតអាជីវកម្មថ្មីៗជាបន្តបន្ទាប់ទៀត តែមុននឹងបើកអាជីវកម្មដទៃទៀត លោកត្រូវតែពង្រឹងបន្ថែមឲ្យមានលំនឹងទាំងស្រុងនិង គិតចង់ពង្រីកជាសាខាបន្ថែមទៀតផងដែរ។ ជា ចុងក្រោយ លោកសូមថ្លែងអំណរគុណដល់កាសែតកម្ពុជាថ្មីដែលផ្តល់ជាកិត្តិយស សម្រាប់រូបលោកក្នុងការចែករំលែកនូវជីវិតពិត និង ការតស៊ូដែលឆ្លងកាត់កន្លងមក ហើយក៏សូមផ្ញើសារខ្លីៗសម្រាប់មិត្តយុវវ័យទាំងឡាយ ឲ្យយកចិត្តទុកដាក់ចំពោះការសិក្សា បើយើងរៀនលេងៗ លទ្ធផលក៏មិនល្អដែរ តែបើយើងដាក់ចិត្តដាក់កាយ បើមិនបានទទួលលទ្ធផល១០០% ក៏បាន៧០%ទៅ៨០%ដែរ ។ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងឈានចូលមកដល់នាពេល ខាងមុខនេះ សូមជូនពរដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យរកទទួលទានមានបាន មានសុវត្ថិភាពទាំងទៅនិងមក និងមានសុខដុមរមនាក្នុងក្រុមគ្រួសារផងដែរ៕