អ្នកប្រើប្រាស់:Sengchhaya

ពីវិគីភីឌា

ខេឡំ

រឿងព្រះមាល័យ[កែប្រែ]

រឿងព្រះមាល័យ

អតីតេ កាលេ កិរ បានឮមកថាៈ ក្នុងអតីតកាលកន្លងទៅហើយ មានព្រះថេរៈ ១ អង្គព្រះនាមថាៈ មាល័យ លោកតែងតែអាស្រ័យនៅស្រុកមួយឈ្មោះ កន្ពោជគ្រាម ជាទី គោចរបិណ្ឌបាត ហើយសំណាក់នៅជាប្រក្រតីក្នុងលោហនជនបទ ។ បានជាគេនិយមហៅ ថាៈ មាល័យ ពីព្រោះលោកតែងតែនិមន្តហោះទៅកាន់កោះមាល័យនៅក្នុងប្រទេសលង្កា ទ្វីបជារឿយៗ ដើម្បីសម្រេចសម្រាន្តឥរិយាបថ ក្នុងឈានសមាបត្តិអនុបុព្វវិហារ ប្រាកដ ស្មើដូចព្រានព្រៃតែងតែ តា្រច់ទៅក្នុងព្រៃជាប្រក្រតីដូច្នោះឯង ។ ម្យ៉ាងទៀតកោះនោះ សម្បូណ៌ដើមខ្លឹមចន្ទន៍ក្រហម ឈើឯទៀតមានដែរ ប៉ុន្តែមិនច្រើនដេរដាសដូចដើមខ្លឹម ចន្ទន៍ក្រហម បានជាអ្នកស្រុកនាំគ្នាហៅថាៈ កោះមាល័យដូច្នេះជាប់ហូរហែមក ។

ព្រះមាល័យ គឺជាព្រះខីណាស្រពមានប្រាជ្ញវិសារទញាណឆ្លៀវឆ្លាតជ្រាលជ្រៅប៉ិន ប្រសប់ខាងការធ្វើអន្តរាគមន៍ ទាក់ទងជាមួយមនុស្ស និង ទេវតាព្រមទាំងសត្វនរក ។ ពួកមនុស្ស និង ទេវតាព្រមទាំងសត្វនរកបានសុខសាន្តដោយសារលោកក៏មានច្រើនដែរ បានជាគេនិយមរាប់អានស្រឡាញ់លោកដូចកូន និង ម្តាយ លោកមានបរិវារច្រើន មានគេ ជឿស្តាប់តាមលោកមានសេចក្តីសន្តោសជា ប្រក្រតីក្នុងចតុប្បច្ច័យរាប់ថាជាព្រះអរហន្តដ៏ ប្រសើរក្នុងបច្ចឹមកាល លោកតែងតែរក្សាធុតង្គជាប្រក្រតី ជាអ្នកទ្រទ្រង់ឫទ្ធិចាត់ជាតបៈ មានកិត្តិស័ព្ទឮល្បីរុងរឿងផ្សព្វផ្សាយចេញទៅពេញជម្ពូទ្វីបលោក ជាស្នូលខាងជំនឿរបស់ បច្ឆាជនយ៉ាងជាក់ស្តែងក្នុងចំណោម ពពួកមនុស្ស និង ទេវតាទាំងពួងដូចជាព្រះចន្ទពេញ វង់ក្នុងថ្ងៃពេញ បូណ៌មីនាតិត្ថី ១៥ កើតដូច្នោះឯង។

លោកតែងតែនិមន្តកាន់នរក និង ទេវតាដើម្បីសួរនាំអំពីបុព្វ កម្មទាំងឡាយផ្សេងៗ ដែលសត្វទាំងនោះបានធ្វើហើយជាញឹកញាប់ កាតព្វកិច្ចរបស់លោកដែលត្រូវប្រតិបត្តិការ គឺមមាញឹកខាងប្រកាសព្រះពុទ្ធសាសនាឲ្យភ្លឺស្វាងឡើង ធ្វើជំនឿខាងព្រះពុទ្ធសាសនាឲ្យ បានជាទីពឹងក្នុងលោកនេះ និង បរលោក បំបែរពួកមនុស្សដែលជាមិច្ឆាទិដ្ឋិឲ្យជាសមាទិដ្ឋិ ឡើង គឺជាប្រទីបបំភ្លឺលោកដោយបញ្ញារបស់ខ្លួន ។ លោកគឺជាព្រះអរហន្តមួយព្រះអង្គ ដែល មានតួនាទីដូចជាព្រះអគ្គសាវ័កឆ្វេងដែរគឺៈ ព្រះមហាមោគ្គល្លាន ។ សេចក្តីថាៈ ព្រះមហាមោគ្គល្លានដែលព្រះអង្គមិនទាន់បរិនិព្វាននៅឡើយ ព្រះអង្គ តែងតែនិមន្តចុះទៅប្រោសសត្វនរកបានធ្វើឫទ្ធានុ ភាពរបស់លោកបណ្តាលឲ្យភ្លើងនរក រលត់សូន្យ ឲ្យសត្វនរកបានត្រជាក់ស្រួលដោយសម្តែងឫទ្ធិធ្វើឲ្យភ្លៀងធា្លក់ពន្លត់អណ្តាត ភ្លើង ។

ធ្វើរកាដែកឲ្យបាត់ខ្ទេចខ្ទី ធ្វើខ្ទះដែកលង្ហិនឲ្យត្រជាក់ធ្វើឲ្យភ្នំទង្គិច គ្នាឲ្យឈប់ ស្ងៀម ធ្វើស្ទឹងទឹកជូរឲ្យមានរសផ្អែមកងចក្រដែលវិល ខារខៃសត្វនរកលោកបណ្តាលឲ្យ ឈប់នឹងថ្កល់ជាដើម។

ពួកសត្វនរកកាលបើបានលោកនិមន្តទៅពេលណាហើយ ក៏បានល្អែល្អើយធូរទ្រូង ធូរដង្ហើមដូចជាអ្នកជំងឺដែលកំពុងតែក្តៅក្រហាយ ស្រាប់តែមានថ្នាំមកព្យាបាលហើយ បានត្រជាក់ចិត្តដូច្នោះឯង ពុំនោះសោត ប្រៀបដូចអ្នកស្រែចម្ការមាននូវទឹកភ្លៀងដូច្នោះ ម្យ៉ាងវិញទៀត លោកនិមន្តត្រឡប់ពីនរកវិញ បានទទួលបណ្តាំរបស់សត្វនរកប្រាប់ញាតិ មិត្តនៅរស់ក្នុងមនុស្សលោក ឲ្យប្រុងប្រយ័ត្នកុំឲ្យធ្វើបាបទាំងឡាយ ហើយឲ្យធ្វើបុណ្យ បំពេញកុសលឧទ្ទិសឲ្យ ពួកញាតិសន្តាននោះផង។

កាលបើបានទទួលដំណឹងអំពីព្រះមហាមោគ្កល្លានហើយ ពពួកញាតិទាំងអស់នោះ ច្រើនតែមាន សេចក្តីស្លុតចិត្តដោយបានដឹងថាៈ មាតាបិតាឬញាតិការណាម្នាក់ បានធ្លាក់ ទៅកាន់ស្ថាននរកយ៉ាងនេះម៉្យាងវិញទៀតពពួកញាតិទាំងអស់នោះ កាលបើដឹងថាៈ អំពើ របៀបនេះ នាំសត្វឲ្យធ្លាក់ទៅកាន់នរកហើយក៏វៀរចាកអំពើទាំងនោះ ហើយបំពេញតែ បុណ្យ កុសលតែម្យ៉ាងដើម្បីសេចក្តីសុខរបស់ខ្លួន ។ ព្រះមហាមោគ្គល្លាន មានគុណឧបការៈជាច្រើនអនេកប្បការ ដល់ពួកមនុស្ស និង ទេវតា យ៉ាងណាមិញចំណែកព្រះមហាមាល័យត្ថេរ លោកមានទិដ្ឋានុគតិដូចព្រះមហា មោគ្គលា្លនដែរគឺថា លោកអាចនិមន្តទៅកាន់ស្ថាននរកនិងឋានសួគ៌ ចុះទៅនឹងឡើង មក កាន់ឋាននានា បានដោយឫទ្ធានុភាពរបស់លោកបានយ៉ាងរហ័សដូចជាគេបត់ដៃចូល និង លាដៃចេញយ៉ាងដូច្នោះ ឯងព្រះមហាមាល័យព្រះអង្គតែងតែពន្យល់បុណ្យដែលគួរ ធ្វើ និង បាបដែរ គួរលះចេញគឺ ដើម្បីតែប្រយោជន៍របស់មនុស្សទូទៅផង មិនតែប៉ុណ្ណោះ ថែមទាំងផ្តាំញាតិទាំងនោះឲ្យបានធ្វើបុណ្យទានហើយ ឲ្យឧទ្ទិសកុសលឲ្យដល់ញាតិទាំង អស់នោះ ហើយក៏បានរួចចាកទុក្ខក្នុងកាលនោះឯង ។

មិនតែប៉ុណ្ណោះ លោកក៏បាននិមន្តទៅកាន់ឋានសួគ៌ដោយ ឫទ្ធិរបស់ព្រះអង្គហើយ បានសាកសួរនូវបញ្ហាកម្មដែលជាបុព្វកម្មរបស់ទេវតាទាំងឡាយនោះ តើបានទៅកើតជា ទេវតានោះដោយមានការធ្វើបុណ្យអ្វីខ្លះ ទើបបានកើតជាទេវតាមានសម្បត្តិទិព្វដ៏ល្អវិចិត្រ យ៉ាងនេះមានវិមាន ដ៏ល្អប្រកបដោយរតនវត្ថុជាដើមកាលបើទេវ បុត្រទេពធីតាទាំងឡាយ នោះ ក្រាបទូលប្រាប់នូវរឿងរ៉ាវដំណើរ អំពីបុព្វកម្មនោះសព្វគ្រប់ហើយក៏នាំយករឿងទាំង អស់ប្រាប់ដល់ មនុស្សលោកឲ្យខិតខំបំពេញនូវបុញ្ញកម្មផ្សេងៗ គ្នា។

នរក ឬ និរយ

ពាក្យថាៈ នរកមកពីសព្ទដើមរបស់វាគឺៈ ( នរ + ណ្វុ > នរក ។ ប្រែថា: ប្រទេស នាំទៅនូវសត្វឥតបុណ្យ ( នរក ឬ រណ្តៅ ) ។ និរយៈ < និ + អយ, ចុះរ, អា. ប្រែថាៈ ប្រទេសមានសេចក្តីចម្រើនមិនមាន ឬប្រទេសដែលចេញចាកសេចក្តីចម្រើន ឬ ប្រទេស មានសេចក្តីចម្រើនចេញទៅហើយ មានអបាយភូមិជាដើម ។ វិគ្គហៈថា នត្ថិ អយោ ឯកស្សាតិ > និរយោ ។ និរយោ ឧប្បតិ្តអាទិ សត្វដែលមានទុក្ខគឺ: កិរិយាកើតក្នុងនរក ជាដើមសម្រាប់នរក ។ វិគ្គហៈថាៈ អបុញ្ញេ នរតិ នេតីតិ > នរកោ សទិស គុ. ប្រាកដ អធិប្បាយថាៈ មិនមានសេចក្តី ចម្រើនទៅដោយទ្រព្យសម្បត្តិ លាភ យស សរសើរ សុខ ព្រះអាទិត្យ និង ព្រះចន្ទក៏គ្មានដែរ។

មានតែដំណើរទុក្ខបុកម្នេញទោមនស្ស វេទនាជាចំណែកមួយ និង រកសេចក្តីសុខ សូម្បីបន្តិចក៏គ្មានដែរគឺថា មិនមានសេចក្តី សុខក្នុងការដើរ ឈរ អង្គុយ ដេក ស៊ី ផឹក ធ្វើ និយាយ គិត និង សុខក្នុងកាមសេវនកិច្ចក៏គ្មានឡើយ ។ សូមប្រៀបធៀបល្មមឲ្យស្តាប់ និងចូលចិត្តបានដូចតទៅនេះគឺៈ សេចក្តីសុខរបស់មនុស្ស ច្រើនជាងសត្វតិរច្ឆានៗ ច្រើន ជាងសុខរបស់អសុរកាយៗ ច្រើនជាងប្រេតៗ ច្រើនជាងរបស់នរក ។

ឈ្មោះនរកក្នុងនេមិរាជ

ក្នុងខណៈដែលព្រះបាទនេមិរាជ ទ្រង់យាងទតឋាននរកនោះ មាតលីទេវបុត្រ បាន ពិពណ៌នាថ្វាយព្រះរាជាស្តាប់ថាៈ

១. វេតរណីនរក ប្រែថាៈ នរកស្ទឹងបន្លាផ្តៅ ។ វេតរណីនទីនោះ មានទឹកប្រៃខា ល្អក់ពុះពោរជោរក្តៅឆេះសន្ធោរសន្ធៅឡើងជាភ្លើង ពន្លឹកមហិមាក្រៃពេក ។ រីពពួកនាយនិយរបាល ជានាយនរកនោះទៀតសោតក៏កាន់នូវគ្រឿងអាវុធយុទ្ធ ភ័ណ្ឌផងទាំងឡាយក៏ឈរក្បែរស្ទឹងនោះ មានពួកនាយនិរយបាលកាន់ដោយអាវុធផ្សេងៗ មានដាវលំពែង លំពែងស្នែងក្របី ចំពុះទុង ច្បូក ស្ន ស្នា តោមរ នូវខែលស្រលីគឺៈ ដំបង ព្រនង់ផងទាំងឡាយ និង ដំបងជ្រុងជាដើមសឹងឆេះជាភ្លើង ឈរឡើងរហង់ស្ថិតនៅក្បែរ ស្ទឹង ពពួកយមបាលនោះខ្លះ ពួយចាក់វាយសំពងពួកសត្វនរកបណ្តេញឲ្យធ្លាក់ចុះក្នុង ស្ទឹងវេតរណី។

ស្ទឹងនោះ ដេរដាសពាសពេញទៅដោយព្រៃផ្តៅមានបន្លាប៉ុនៗ ចំពុះទុង សត្វនរក ទាំងនោះស្ទុះធ្លាក់ចុះទើលើព្រៃផ្តៅត្រូវបន្លាថ្ពក់រយះរយាយដូចគេអង្កន់ភ័យស្លន់កញ្ជ្រោល ធ្លាក់ខ្លួនទៅលើចម្រូងដែកស្រួចប៉ុនៗ ដើមត្នោតហើយប្រឹងរើច្រឡោតហើយធ្លាក់ទៅលើ ស្លឹកឈូកដែកដែលមានហាមគឺៈ មុខមុតដូចកាំបិតកោរ ប្រវាយប្រចាក់តែគ្នាឯង ស្រែក កញ្ជ្រោលឆោឡោផុងធ្លាក់ទៅកាន់ ក្នុងទឹកក្រុតប្រៃផ្សា លិចចុះស្រឹមដល់បាតស្ទឹង ប្រឹងច្រឡោត ខ្លះ ទៅតាមខ្សែទឹក ខ្លះទៅច្រាសខ្សែទឹក ទើបឡើងក្នុងទីទៃៗ ។ ពួកនាយនិរយបាលមានកង្វារដែកសន្ទូចដែកគ្រប់ៗ ដៃខ្វារ ថ្ពក់ស្ទូចទាញឡើងមកវិញ ដេញពួយចាក់កាប់ឲ្យរត់ស្ទុះទៅធ្លាក់ ក្នុងនរកនោះទៀត ។

២. សុនខនរក ប្រែថាៈ នរកសុនខគឺ នរកដែលពេញទៅដោយឆ្កែផ្សេងៗ មានគាថា ពន្យល់ថាៈ សាមា ច សោនា សវលា ច គិជ្ឈា កាលោលុ សង្ឈា ច អទេន្តិ ភេរវា ប្រែថាៈ ក្នុងនរកនេះពេញទៅដោយឆ្កែផ្សេងៗ មានក្រហមខ្លះ ពពាលខ្លះ មានទាំងហ្វូង ត្មាត ត្រដក់មានខ្លួនធំៗ គួរខ្លាច ។ អធិប្បាយតាមអដ្ឋកថាថាៈឆ្កែទាំងនោះមានខ្លួនធំៗ ប៉ុនដំរីសារសម្រាប់ខាំត្របាក់ពួកនរក និង ពួកសត្វក្នុងនរកនោះមានរាងកាយកម្ពស់ ៣ គាវុតគឺៈ ១០០ សិន កាលពួកឆ្កែដេញទាន់ហើយ ក៏ត្របាក់ឲ្យដួលចុះលើផែនដែក ក្រហមយកជើងមុខទាំងពីរ ឡើងជាន់លើដើមទ្រូងខាំត្របាក់សាច់ទាល់តែអស់នៅ សេសសល់តែឆ្អឹង។ ពួកក្អែក ត្មាតសឹងតែមានខ្លួនធំៗ ប៉ុនផ្ទុររទេះ (ដំបូលរទេះ) មានចំពុះជាដែកតែង ចឹកហែកស៊ីសត្វក្នុងនរកនោះ បាបកម្មដែលនាំឲ្យធ្លាក់នរកនេះ លោកសម្តែងទុកត្រឹម ២ យ៉ាងគឺៈ សេចក្តីកំណាញ់និងការជេរសមណព្រាហ្មណ៍មានគាថាថាៈ យេ កេចិមេ មច្ឆរិនោ កទរិយា បរិភាសកា សមណព្រាហ្មណានំ ហឹសេន្តិ រោសេន្តិ សុបាបធម្មា តេលុទ្ទកម្មា បសវេត្វ បាបំ តេ មេ ជនេ កាកោលុ សង្ឈា អទេន្តិ ប្រែថាៈ បុគ្គល ណាមានសេចក្តីកំណាញ់ខ្លួនឯង និង ហាមប្រាមគេមិនឲ្យធ្វើទាន និង ជេរស្តីបៀតបៀន គំរាមគំរោះសមណព្រាហ្មណ៍ បុគ្គលនោះឈ្មោះថាធ្វើកម្មដ៏អាក្រក់ត្រូវធ្លាក់នរកនេះ ត្រូវ ពួកក្អែកត្មាតនិងត្រដក់ចឹកស៊ីរាងកាយ ។

៣. អយបឋវីនរក នរកផែនដីដែកក្រហម ។ គឺៈ នរកដែលមានផែនដីដែកក្រហម ប្រមាណ ៩ យោជន៍ ពួកសត្វនរកនេះ ត្រូវពួកនាយនិរយបាលវាយដោយអន្លូងដែក ក្រហមប៉ុនដើមត្នោតឲ្យដួលចុះ ហើយសំពងដោយញញួរដែកថែមទៀតរហូតដល់ល្អិត ល្អន់បែកខ្ទេចខ្ទី ។ គាថាបញ្ជាក់ថាៈ សញ្ជោតិភូតា បឋវី កមន្តិ តត្តេហិ ខន្ធេហិ ច បោថយន្តិ ប្រែថាៈ ពពួកសត្វក្នុងនរកនេះជាអ្នកមានរាងកាយអណ្តែតឡើង ដើរទៅតាមផែនដីត្រូវ ពួកនាយនិរយបាលសំពងដោយញញួរដ៏ក្តៅ បាបកម្មដែលនាំឲ្យធ្លាក់នរកនេះ លោក ពោលទុកត្រឹមការបៀតបៀនគំរាមគំរោះ មានគាថា ថាៈ យេ ជីវលោកស្មឹ សុបាបធម្មិនោ នរញ្ច នារិញ្ច អបាបធម្មំ ហឹសេន្តិ រោសេន្តិ សុបាបធម្មោ តេ លុទ្ទកម្មា បសវេត្វ បាបំ តេមេ ជនា ខន្ធហតា សយន្តិ ប្រែថាៈ នរជនឯណាក្នុងជីវលោកនេះ ជាអ្នកមានចិត្ត អាក្រក់បៀតបៀន ទ្រគោះគំរាមជេរស្តីនូវនរ ជនជាតិប្រុសស្រីដែលមិនមានសេចក្តីខុស ជនដែលធ្វើបាបកម្មដ៏ អាក្រក់ទាំងនោះ លុះ ធ្វើសេចក្តីអាក្រក់ ហើយរមែងត្រូវប្រហារដោយញញួរដែកក្នុងនរកនេះ។

៤. អង្គារកាសុនរក នរករងើកភ្លើងគឺនរករណ្តៅរងើកភ្លើង ក្នុងនរកនេះ ពពួកសត្វនរក ត្រូវពួកនិរយបាលដេញវាយដោយញញួរដែកក្រហមក្តៅ ឲ្យចុះទៅក្នុងរណ្តៅរងើកភ្លើង ពពួកសត្វនរកធ្លាក់ទៅក្នុងរណ្តៅរងើកភ្លើងត្រឹមចង្កេះ ចំណែកពួកនាយនិរយបាលបាន យកកន្ត្រងដែកធំៗ ដួសដងរងើក ភ្លើងដែកក្រហមចាក់គរបន្ថែមពីលើក្បាលទៀត សត្វ នរកទាំងនោះ កាលមិនអាចអត់ទ្រាំកម្តៅបានក៏នាំគ្នាយំអន្ទះអន្ទែងខ្លោចផ្សា ។ បាបកម្ម ដែល នាំឲ្យធ្លាក់នរកនេះ លោកពោលទុកត្រឹមតែម្យ៉ាងទៅតាមគាថាថាៈ យេ កេចិ បូគាយ ធនស្ស ហេតុ សក្ខឹ ករិត្វា ឥណំ ជាបយន្តិ តេ ជាមយិត្វា ជនតំ ជិនិន្ទ តេ លុទ្ទកម្មា បសវេត្វ បាបំ តេមេ ជនា អង្គារកាសុំ ថុនន្តិ ប្រែថាៈ ជនណាដើរបោករៃអង្គាសឃោសនាវត្ថុអ្នកស្រុក យកមកបរិភោគដោយអាងថាៈ រៃទៅ សាងថាវរវត្ថុឬបូជា ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ កាលបុគ្គលនោះស្លាប់ទៅធ្លាក់ក្នុងនរក រងើកភ្លើងនេះ ។

៥. លោហកុម្ភីនរក នរកខ្ទះទង់ដែក ។ នរកនេះ មានខ្ទះទង់ដែងពេញទៅដោយទឹក ទង់ដែងពុះគគ្រក់ខ្ជោលៗ មានគាថាជាគ្រឿងសម្អាងថាៈ សញ្ជោតិភូតា ជលិតា បទត្តា បទិស្សតិ មហតឹ លោហកុម្ភី ប្រែថាៈ លោហកុម្ភីនរកមានទឹកទង់ដែងដ៏ក្តៅឆេះជាអណ្តាតភ្លើងជានិច្ច អដ្ឋកថាពន្យល់ ថាៈ លោហកុម្ភីរនរកនេះ ជាខ្ទះទង់ដែងដ៏ធំមានទំហំប្រមាណប៉ុនភ្នំពេញប្រៀបទៅដោយ ទឹកទង់ដែងតាំងនៅរហូតអស់នៃអាយុកប្ប ខ្ទះទង់ដែងនោះបើវាស់ពីមាត់ទៅដល់បាត មានជម្រៅ ៦០ យោជន៍ ។ ពួកនាយនិរយបាលចាប់សត្វនរកបោះចូលទៅក្នុងខ្ទះទង់ដែងនោះ សត្វនរកទាំង ឡាយក៏អណ្តែតចុះ អណ្តែតឡើងនៅក្នុងខ្ទះ មានអាការហាក់បីដូចជាគ្រាប់អង្ករដែល កំពុងពុះខ្ជោលៗ នៅក្នុងឆ្នាំងដ៏ក្តៅដូច្នោះនឹងលិច ចុះទៅយូរយារណាស់មានចំនួន ៣០,០០០ ឆ្នាំ ទើបដល់បាតខ្ទះ កាលបើដល់ហើយក៏អណ្តែតមកវិញចំនួន ៣០,០០០ ឆ្នាំ ដែរ ទើបដល់មាត់ខ្ទះ គ្រាន់តែលិចចុះ និង អណ្តែតឡើងរួមទៅត្រូវជា ៦០,០០០ ឆ្នាំ បើនៅមិនទាន់អស់បាបកម្មដរាបណាក៏នៅតែលិចចុះ នឹងអណ្តែតឡើងដរាបនោះ ។

៦. អយោទកនរក នរកទឹកដែកក្រហមក្នុងនរកនេះ ពួកនាយនិរយបាលយកខ្សែដែក ដែលឆេះជាអណ្តាតភ្លើង ចងកសត្វនរកទាំងឡាយទាញ កន្ត្រាក់ឲ្យដួលចុះ ហើយរឹតមួល កឲ្យដាច់ទៅដូចមួលកចាបឬកមាន់ហើយបោះចុះទៅក្នុងទឹកក្តៅ ។ មានគាថាពន្យល់ ថាៈ លុញ្ចន្តិ គីវំ អថ យេថយិត្វា ឧណ្ហោទកស្មឹ បកិលេទយិត្វា ប្រែថាៈ ពួកនាយនិរយបាល ចងកសត្វនរក ហើយមួលឲ្យដាច់ ហើយបោះចុះទៅក្នុងទឹកក្តៅ ។ ក្នុងអដ្ឋកថាៈ សត្វក្នុងនរកនេះមានខ្លួនកម្ពស់ ៣០០ សិន កាលត្រូវពួកនាយនិរយបាល មួលកដាច់ហើយក៏កដទៃទៀត កើតឡើងជំនួសសោយទុក្ខតទៅ បាបកម្មដែលនាំឲ្យធ្លាក់ នរកនេះគឺៈ បានដល់អ្នកធ្វើបាបកម្មទាំងឡាយមានព្រានព្រៃជាដើម ។ មានគាថា សធកៈថាៈ យេ ជីវលោកស្មឹ សុបាបធម្មិនោ បក្ខឹ គហេត្វាន វិហេឋយន្តិ។ តេ ហេថយិត្វា សកុណំ ជិនិន្ទ តេ លុទ្ទកម្មា បសវេត្វ បាបំ តេមេ ជនា លុត្តរិសា សយន្តិ ។ ប្រែថាៈ មនុស្សមានចិត្តអាក្រក់ឯណាក្នុងជីវលោកនេះ បៀតបៀនសត្វស្លាបទាំង ឡាយ មនុស្សដែលមានចិត្តអាក្រក់ទាំងនោះ រមែងត្រូវមួល កឲ្យដាច់ក្នុងនរកនេះ ។

៧. ថុសនរក នរកអង្កាម ។ ក្នុងនរកនេះជាស្ទឹងមួយដែលមានទឹកថ្លា ពេញប្រៀប កាលពួកសត្វនរកត្រូវសេចក្តីក្តៅក្រហាយយ៉ាងខ្លាំងក្លាក្រៃលែង ទៅដោយអណ្តាតភ្លើងក្នុងខណៈដែលនៅលើផែនដែកក្រហម លុះឃើញស្ទឹងនោះក៏ចូលចិត្តថានឹងបានងូតផឹក សប្បាយ តែកាលលោតចុះទៅហើយផឹកទឹកនោះចូលទៅដល់ក្នុងពោះ ទឹកនោះក៏ក្លាយ ទៅជាអង្កាម ក្តៅឆេះពោះវៀនដាច់ជាកំណាត់ៗ ហើយហូរធ្លាក់ចុះទៅតាមផ្លូវខាងក្រោម មានគាថាបញ្ជាក់ថាៈ ពហុតតោយា អនិខាតកូលា នទី អយំ សន្ទតិ សុបតិត្ថា ឃម្មាភិតត្តា មនុជា ចិវន្តិ ។ ប្រែថាៈ ស្ទឹងនេះពេញទៅដោយទឹក មានច្រាំងមិនជ្រៅមានកំពង់ល្អ ពួកសត្វនរក ទាំងឡាយដែលត្រូវសេចក្តីក្តៅក្រហាយគ្របសង្កត់ហើយ រមែងផឹកទឹកក្នុងស្ទឹងនោះ ទឹក ដែលផឹកទៅហើយនោះរមែងក្លាយជាអង្កាម កម្មដែលនាំឲ្យធ្លាក់នរកនេះគឺៈ បានដល់ យកស្រូវស្កកឬអង្កាមច្រកបាវ ការុង បន្លំធ្វើជាស្រូវល្អលក់ មានគាថាជាបទដ្ឋានថាៈ យេ សុទ្ធធញ្ញំ បលាសេន មិស្សំ អសុទ្ធកម្មា កយិនោ ទទន្តិ ឃម្មាភិតត្តានំ បិបាសិតានំ បិវតញ្ច តេសំ ថុសំ ហោតិ បានំ ។ ប្រែថាៈ មនុស្សឯណាមានចិត្តមិនបរិសុទ្ធ បានលាយស្រូវដែលល្អ សុទ្ធដោយអង្កាម លក់ឲ្យអ្នកដទៃមនុស្សនោះ គ្រាត្រូវសេចក្តីក្តៅគ្របសង្កត់ ហើយដោយការស្រេកឃ្លាននូវ ទឹកៗ ដែលគេផឹកចូលទៅក៏ក្លាយទៅជាអង្កាម ។

៨. អយសួលនរក នរកចម្រូងដែក ។ លោកសម្តែងទុកថាៈ មានពួក នាយនិរយបាល ចំាចាក់ឆ្អឹងជំនីសត្វនរកដោយអាវុធផ្សេងៗ មានចម្រូងដែកជាដើម រាងកាយសត្វនរក ទាំងនោះធ្លុះដាច់ជាកំណាត់តូចកំណាត់ធំ ។ មានគាថាសម្តែងទុកថាៈ ឧសូហិ សត្តីហិ ច តោមរេហិ ឧភយានិ បស្សានិ តុទន្តិ កន្ទតំ ។ ប្រែថាៈ នាយនិរយបាលទាំងឡាយ រមែងចាក់ឆ្អឹងជំនីរបស់សត្វនរកដែលគ្រាំគ្រា ទៅដោយជម្រូងដែក និង លំពែង និង ដែកស្រួចមានបាប កម្មដែលនាំឲ្យធ្លាក់នរកនេះ លោកពោលទុកត្រឹមតែ ៣ យ៉ាងគឺៈ មានការ លួច ៣ យ៉ាងមានគាថាថាៈ យេ ជីវលោកស្មឹ អសាធុ កម្មិនោ អទិន្នមាទាយ ករោន្តិ ជីវវិតំ ធញ្ញំ ធនំ រជតំ ជាតរូបំ អជេឡកញ្ចាបិ បសុំ មហិសំ តេ លុទ្ធកម្មា បសវេត្វ បាបំ តេមេ ជនា សត្តហតា សយន្តិ ។ ប្រែថាៈ ជនពួកណាដែលចូលចិត្តប្រព្រឹត្តអំពើមិនល្អក្នុងជីវលោកនេះ បានលួច យកស្រូវអង្ករ ទ្រព្យ មាសប្រាក់ ចៀមគោ ក្របីរបស់អ្នក ដទៃមកចិញ្ចឹមជីវិតពួកអ្នកដែល ធ្វើអំពើមិនល្អទាំងនោះ លុះធ្វើអំពើអាក្រក់ ហើយរមែងត្រូវចាក់ដោយលំពែង ។

៩. សញ្ជោតិនរក នរកអាវុធដែកក្រហម។ លោកសម្តែងទុកថាៈ មានពួកនាយនិរយ បាល ចងកសត្វនរកដោយខ្សែដែកដ៏ធំ ដែកនោះក៏ឆេះជាអណ្តាតភ្លើង ទាញអូសទៅតាម ផែនដីដែកដ៏ឆេះសន្ធោសន្ធៅ គ្រាសត្វនរកដួលចុះហើយ ក៏វាយដំដោយអាវុធផ្សេងៗ មានគាថាបញ្ជាក់ថាៈ គីវាយ ពន្ធា កិស្សិមេ បុនេកេ អញ្ញេ នត្តា វិលកតា សយន្តិ ។ ប្រែថាៈ ពួកសត្វក្នុងនរកនេះ រមែងមានពួកនាយនិរយបាលយកខ្សែចងកសំឡេះ សាច់ចេញជាកង់ទុកដូចសំឡេះសត្វព្រៃ ។ ក្នុងអដ្ឋកថាៈ សត្វក្នុងនរកនេះត្រូវនាយនិរយ បាលសំឡេះសាច់ចងទុកជាកង់ៗ ។ កម្មដែលនាំឲ្យធ្លាក់ក្នុងនរកនេះគឺៈ សម្លាប់សត្វ ផ្សេងៗ លក់មានគាថាជាបទ ដ្ឋានថាៈ ឧរព្ភីកា សូករិកា ច មច្ចិកា បសុំ មហិសញ្ច អជេឡកញ្ច ហន្ត្វាន សូណេសុ បសាយឹសុ តេ លុទ្ធកម្មា បសវេត្វ បាបំ តេមេ ជនា វិលកតា សយន្តិ ។ ប្រែថាៈ បុគ្គលណាសម្លាប់ពពែចៀម ជូ្រកត្រី គោក្របី ហើយនាំទៅលក់នៅទីផ្សារ បុគ្គលនោះត្រូវនាយនិរយបាលសំឡេះសាច់ចេញទុកជាកង់ៗ ។

១០. គូថនរក នរកដុំលាមក ។ មានន័យថាៈនរក នេះ បើវាស់ទទឹង និង បណ្តោយបាន ១០០ យោជន៍ពេញទៅ ដោយទឹកមូត្រ និង ដុំលាមកស្អុយគម្រក់ឆ្អេះឆ្អាបអសោចអនេក ពេកណាស់ពេញទៅដោយហ្វូងដង្កូវដែលមានខ្លួនធំប៉ុនដំរីខ្លះ ប៉ុនទូកកំរោលខ្លះ មានមាត់ ស្រួចដូចជាម្ជុល។ កាលពួកនរកត្រូវនាយនិរយបាលចាប់បោះចុះទៅក្នុងរណ្តៅនរក ដែលមានដុំ លាមកអណ្តែតរពោងរពាយលាយឡំទៅដោយទឹកមូត្រដ៏ក្តៅនោះ ហើយពពួកហ្វូងដង្កូវ ក៏ទៅចោះចាក់រុកស្បែក និង សាច់ឲ្យដាច់រលេះរលុះធ្លុះធ្លាយរហូតដល់ពោះវៀន ធ្វើឲ្យ សត្វនរកមានសេចក្តីទុក្ខលំបាក់ពើតផ្សាយ៉ាងខ្លាំង ដោយស្រេកឃ្លាន និង ឈឺចាប់ស្អុយ ឡប់ អប់ទៅដោយលាមកកាលសេចក្តីស្រេកឃ្លានកើតមានឡើង ហើយក៏រើសយកដុំ លាមកយកមកខាំទំពាស៊ីជំនួសអាហារមានគាថាបញ្ជាក់ថាៈ រហទោ អយមុត្តករីសបូរោ ទុគ្គន្ធរូបោ អសុចិបូតិ វាយតិ ខុទ្ទាបរេតា មនុជា អទេន្តិ។ ប្រែថាៈ នរកនេះ ពេញទៅដោយមូត្រគូថមានក្លិនស្អុយអសោចពេកណាស់ ពពួក សត្វនរកដែលអត់ទ្រាំសេចក្តីស្រេកឃ្លានមិនបាន ហើយក៏រើសដុំលាមកនិងទឹកមូត្រស៊ី ផឹកជំនួសអាហារ ។ អដ្ឋកថាថាៈ សត្វនរកនេះមានសេចក្តីស្រេកឃ្លានខ្លាំងក្លាណាស់ ពិបាកនឹងអត់ទ្រាំ ក៏នាំគ្នារើសដុំលាមកដែលក្តៅដូចរងើកភ្លើងមកបេះជាដុំៗ ហើយស៊ី ទៅ ។ កាលស៊ីចូលដល់ពោះពេលណាហើយក៏ក្តៅស្លោកពោះវៀនស្លាប់ៗ ហើយ កកើតៗ ហើយក៏ស្លាប់យ៉ាងឆាប់មួយរំពេចភ្លាមៗ ក្នុងនរកនោះឯង ។ សត្វនរកនោះនឹង ខំប្រវេប្រវាឡើងមកលើ ក៏ត្រូវនាយនិរយបាលដែលឈរចាំនៅមាត់ច្រាំងចាក់ទម្លាក់ទៅ ទៀត ។ បាបកម្មដែលនាំឲ្យធ្លាក់ទៅក្នុងនរកនេះគឺៈ អ្នកដែលមានការកំណាញ់ស្វិត បន្លំយក លាភសង្ឃខ្លះ យកលាភរបស់មនុស្សដទៃខ្លះ ចិញ្ចឹមជីវិតខុសធម៌មួយ ដាក់ទោសដល់ អ្នកដទៃដែលគេមិនខុសខ្លះ ប្រទូស្តអ្នកដែលខ្លួនបានពឹងពាក់អាស្រ័យខ្លះ មានគាថា ពោលថាៈ យេកេចិ មេ ការណិកា វិរោសិកា បរេសំ វិហឹសាយ សទានិវិដ្ឋា តេ លុទ្ទកម្មា បរវេត្វ បាបំ មិត្តទ្ទនោ មិឡ្ហមទេន្ទិ ពាលា ។ ប្រែថាៈ ជនណាជាអ្នកបង្កសេចក្តីទុក្ខ ប្រទូស្តចំពោះអ្នកដែលមានគុណមានមិត្ត សម្លាញ់ជាដើម ធ្វើខ្លួនជាអ្នកបៀតបៀនអ្នកដទៃ ជននោះត្រូវបានទៅស៊ីផឹកទឹកមូត្រ លាមកក្នុងនរកឈ្មោះថាៈគូថនរកនេះឯងមិនខានឡើយ ។ ក្នុងអដ្ឋកថាកម្ចាយសេចក្តី ត្រង់ពាក្យថាៈ ប្រទូស្តអ្នកមានគុណមានមិត្តជាដើម គឺមានការបានស៊ីផឹកដេក អង្គុយនៅ ក្នុងផ្ទះរបស់បុគ្គលណាហើយ ប្រទូស្តដោយមានការលួចយកមាសប្រាក់ជាដើម បុគ្គល នោះធ្លាក់ចុះទៅក្នុងគូថនរក ស៊ីលាមកទឹកមូត្រជាអាហារ រហូតដល់អស់បាបកម្មរបស់ ខ្លួន ។

១១. លោហិតបុព្វនរក នរកឈាមនិងខ្ទុះ ។ ពួកសត្វនរកនេះ បានផឹកស៊ីតែឈាមនិង ខ្ទុះមានគាថាថាៈ រហទោ អយំ លោហិតបុព្វបូរោ ទុគ្គន្ធរូបោ អសុចិ បូតិ វាយតិ ឃម្មាភិតត្តា មនុជា បិវន្តិ ។ ប្រែថាៈ នរកនេះពេញទៅដោយឈាមនិងខ្ទុះ ជារបស់ស្មោកគ្រោកគួរខ្ពើម ពួកសត្វ ក្នុងនរកនេះ រមែងផឹកស៊ីឈាមនិងខ្ទុះជួសបាយទឹកព្រោះ អត់ទ្រាំសេចក្តីស្រេកឃ្លានមិន បាន ។ បាបកម្មដែលនាំឲ្យធ្លាក់នរកនេះបានដល់ការសម្លាប់មាតាបិតានិងព្រះអរហន្ត មានគាថាៈ យេ មាតរំ បិតរំ វា ជីវលោកេ បារាជិកា អរហន្តេ ហនន្តិ តេ លុទ្ទកម្មា បសវេត្វ បាបំ តេមេ ជនា លោហិតបុព្វភត្តា ។ ប្រែថាៈ ជនពួកណាមួយក្នុងជីវលោកនេះ ជាអ្នកសម្លាប់មាតាបិតា ឬ សម្លាប់ព្រះ អរហន្ត ជនពួកនោះចាត់ជាមនុស្សអាក្រក់ លុះធ្វើសេចក្តីអាក្រក់ ហើយរមែងមានឈាម និងខ្ទុះជាអាហារ ។ អដ្ឋកថាពន្យល់ថាៈ មិនត្រឹមតែសម្លាប់ព្រះអរហន្តទេ សូម្បីភិក្ខុសង្ឃ ជាសាវកដទៃៗ ក៏ធ្លាក់ទៅក្នុងនរកនេះដែរ។

១២. កូដការីនរក នរកមនុស្សកោង ។ ក្នុងនរកនេះមានពួកនាយនិរយបាលយកសន្ទូចដែកធំៗ ប៉ុនដើមត្នោតមកកាវថ្ពក់ អណ្តាតរបស់សត្វនរក សន្ធឹងទុកនឹងផែនដែកក្រហមដូច គេបោះសន្ធឹងទុកស្បែកនៅលើ ផែនដី ។ មានគាថាបញ្ជាក់ថាៈ ជីវហញ្ច បស្ស ពលិសេន វិទ្ធំ វិហតំ យថា សង្កសកេន ចម្មំ ផន្ទន្តិ មច្ឆាវ ផលម្ហិ ខិត្តា មុញ្ចន្តិ ខេឡំ រុទមានា កិមេតេ ។ ប្រែថាៈ ចូរមើលចុះ ! សត្វនរកដែលត្រូវគេថ្ពក់អណ្តាត និង សន្ទូច ត្រដាងសន្ធឹង ទុកដូចត្រដាងស្បែក រមែងអន្ទះអន្ទែងដូចជាត្រីដែលគេចាប់ បោះទៅលើគោក មានតែយំ យោគហូរទឹកភ្នែកសស្រាក់ ។ កម្មដែលនាំឲ្យធ្លាក់នរកនេះ បានដល់ការដំឡើងតម្លៃវត្ថុ ច្រើនជ្រុលហួសហេតុពេកដោយ ឃើញដល់ការចំណេញមានគាថាថាៈ យេ កេចិ សណ្ឋានគតមនុស្សា អគ្ឃេន អគ្ឃ កយំ ហាបយន្តិ កូដេន កូដំ ធនលោភហេតុ ឆន្ទំ យថា វារិចរំ វធាយ នហិ កូដការិស្ស ភវន្តិ តាណា សកេហិ កម្មេហិ បុរិក្ខិតស្ស តេ លុទ្ធកម្មា បសវេត្វ បាបំ តេមេ ជនា វង្កឃស្តា សយន្តិ ។ ប្រែថាៈ បុគ្គលណាបានទទួលនូវការវាយតម្លៃហើយវាយថ្លៃកោងវៀចវេរ ព្រោះ ឃើញដល់ទ្រព្យ ចំណែកសំដីនិយាយទន់ភ្លន់ផ្អែមល្អែមពីរោះ ដើម្បីបិទបាំងលាក់លៀម កោងវៀចរបស់ខ្លួនដូចមនុស្សដែលអែបខ្លួនពួនបាញ់សត្វ អ្នកដែលកោងវៀចដូចនេះ រមែងមិនមានអ្វីការពារមិនឲ្យធ្លាក់នរកបាននោះទេ កាលស្លាប់ហើយរមែងត្រូវសន្ទូចថ្ពក់ អណ្តាតក្នុងនរកនេះ ។

១៣. អយបព្វនរក នរកភ្នំដែក ។ នៅក្នុងនរកនេះ ពួកសត្វនរកត្រូវចាប់បោះចូលទៅ ក្នុងខ្ទះទឹកទង់ដែងខ្លះ ត្រូវភ្នំសន្កត់សង្កិនខ្លះ មានគាថាជាគ្រឿងបញ្ជាក់ថាៈ នារី ឥមា សម្បរិភិន្នគតា្ត បគ្គយ្ហ កន្ទន្តិ ភុជា រុជច្ចា សុមក្ខតា លោហិត បុព្វលិត្តា គាវោ យថា អាឃាតនេ វិកន្តា ខន្ធាតិ វត្តន្តិ សញ្ជោតិភូតា ។ ប្រែថាៈ ស្រីពួកនេះ ត្រូវពួកនិរយបាលចាប់ចាក់រាងកាយសព្វសុះ នាំគ្នាលើកដៃទ្រ ហោយំ មានរាងកាយច្រាលរន្ទាលទៅដោយឈាម និងខ្ទុះ ពួកនិរយបាលដេញឲ្យចុះទៅ ក្នុងផែនដែកក្រហមត្រឹមចង្កេះនឹងកម្រើកងាក រេទៅមកមិនបាន ដូចគោដែលគេឃុំឃាំង ទុកក្នុងក្រោលសម្រាប់សម្លាប់ ។ ស្រីពួកនេះមានរាងកាយធំធាត់ ឆេះជាអណ្តាតភ្លើង ។ ក្នុងអដ្ឋកថាថាៈ ស្រីសត្វនរកពួកនេះមានរាងកាយធំប៉ុនភ្នំក្នុងខណៈ ដែលនាយ និរយបាលឃុំឃាំងទុកលើផែនដែកក្រហម លិចចុះទៅត្រឹមចង្កេះនោះ មានភ្នំដែកដែល ឆេះជាអណ្តាតភ្លើងរមៀលមកអំពីទិសទាំង ៤ មកសង្កត់សង្កិនកម្ទេចស្រីពួកនោះឲ្យល្អិត ជាធូលីទៅ ។ កម្មដែលនាំឲ្យធ្លាក់នរកនេះបានដល់ការប្រព្រឹត្តក្រៅចិត្តស្វាមី មានបាលី បញ្ជាក់ថាៈ កោលិត្ថិយា យោ ឥធ ជីវលោកេ អសុទ្ធកម្មា អយុត្តំ អចារុំ តា ធុត្តរាបា បតឹ វិប្បាហាយ អញ្ញំ អចារុំ រតិខិឌ្ឌហេតុ តា ជីវលោកស្មឹ រមាបយិត្វា ខន្ធាតិ វត្តន្តិ សញ្ជោតិភូតា ។ ប្រែថាៈ ស្រី្ដពួកណាដែលរស់នៅក្នុងលោកនេះ ជាអ្នកធ្វើនូវអំពើទុច្ចរិត ប្រព្រឹត្តដ៏ មិនសមគួរគឺ ប្រព្រឹត្តផិតក្បត់ក្រៅចិត្តស្វាមីគប់រកបុរសដទៃ ព្រោះឃើញដោយសេចក្តី ស្រើបស្រាលរីករាយ ស្រីពួកនេះស្លាប់ហើយទៅ កើតក្នុងនរកនេះ មានរាងកាយធំប៉ុនភ្នំ ត្រូវភ្លើងឆេះសន្ធោសន្ធៅនៅជានិច្ច។

១៤. ជលិតអង្គារនរក នរករណ្តៅរងើកភ្លើង ។ ក្នុងនរកនេះមានរណ្តៅធំៗ ពេញទៅ ដោយរងើកភ្លើងពួកនាយនិរយបាលដេញចាក់ និង ចាប់ពួកសត្វនរកទៅលើផែនដែក ក្រហមទាំងហ្វូងៗ ដូចហ្វូងគោក្របី លុះដេញទាន់ហើយ ក៏ចាប់បោះទៅក្នុងរណ្តៅរងើក ភ្លើងដ៏ក្តៅរងើកភ្លើងនៅជានិច្ច ។ មានគាថាភាសិតថាៈ បាទេ គហេត្វា កិស្សិមេ បុនេកេ អវំសិរា នរកេ បាតយន្តិ ។ ប្រែថាៈ ពួកសត្វនរកនេះ ត្រូវនាយនិរយបាលចាប់យកជើងឡើង លើយកក្បាល សំយុងចុះក្រោមបោះចុះទៅក្នុងនរក ។ បាបកម្មដែលនាំឲ្យធ្លាក់នរកនេះគឺ បានដល់ការ ប្រព្រឹត្តអនាចារនឹងភរិយាអ្នកដទៃ។ មានគាថា សម្អាងថាៈ យេ ជីវលោកស្មឹ អសាធុកកម្មិនោ បរស្ស ទារេនិ អភិក្កមន្តិ តេ តាទិសា ឧត្តមភណ្ឌថេនា តេមេ ជាន (អវំសិរា) នរកេ បាតយន្តិ តេ វស្សបូគានិ ពហូនិ តត្ថ និរយេសុ ទុក្ខំ វេទនំ វេទយន្តិ ន ហិ បាបការស្ស ភវន្តិ តាណា សកេហិ កម្មេហិ បុរក្ខិតស្ស តេ លុទ្ធកម្មា បសវេត្វ បាបំ តេមេ ជនា (អវំសិរា) នរកេ បាតយន្តិ ។ ប្រែថាៈ បុរសពួកណាដែលរស់នៅក្នុងលោកនេះ ជាអ្នកធ្វើកម្មមិនល្អគឺ កន្លង ប្រវេណីនឹងភរិយាអ្នកដទៃ បុរសពួកនោះត្រូវនាយនិរយបាល ចាប់ក្បាលសំយុងចុះបោះ ចុះទៅក្នុងនរកអស់កាលដ៏យូរយារ បុរសដែលកសាងសន្សំធ្វើសេចក្តីអាក្រក់ទុកទាំង នោះ រមែងមិនមានអ្វីការពារ លុះគ្រាស្លាប់ទៅហើយ រមែងត្រូវនាយនិរយបាលចាប់ ក្បាលសំយុងចុះក្រោមបោះចុះទៅក្នុងនរក ។

១៥.មិច្ឆទិដ្ឋិកនរក នរកអ្នកមិច្ឆាទិដ្ឋិ ។ គឺពួកអ្នកដែលយល់ឃើញខុសរមែងធ្លាក់នរក នេះ មានគាថាជាសម្អាងថាៈ ឧច្ចាវចាមេ វិវិធា ឧបក្កមា និរយេសុ ទិស្សន្តិ សុឃោររូបោ ប្រែថាៈ សត្វនរកពួកនេះ សុទ្ធតែជាអ្នកប្រកបដោយកម្មមានរូបរាងគួរខ្លាច នៅក្នុងនរកនេះ ។ ក្នុងអដ្ឋកថាថាៈ ពួកសត្វក្នុងនរកនេះសុទ្ធតែជាអ្នកមានសេចក្តីយល់ឃើញខុសគឺ យល់ឃើញថាៈ ការឲ្យទានមិនមានផល ការបូជាធំមិនមានផល ការបូជា តូចមិនមានផល ការធ្វើល្អអាក្រក់មិនមានផល មាតាបិតាមិនមានគុណ សត្វដែលជាឧប បាតិកៈមិនមាន លោកនេះមិនមាន លោកខាងមុខមិនមាន និព្វាននរក ។ មានគាថា បញ្ជាក់ថាៈ យេ ជីវលោកស្មឹ សុបាបទិដ្ឋិនោ វិស្សាសកម្មានិ ករោន្តិ មោហោ បរញ្ច ទិដ្ឋឹសុ សមាទបេន្តិ តេ បាបទិដ្ឋឹ បសវេត្វ បាបំ តេមេ ជនា អធិមត្តា ទុក្ខា តិប្បា ខរា កដុកា វេទនា វេទយន្តិ ។ ប្រែថាៈ បុគ្គលពួកណាក្នុងជីវលោកនេះ ជាអ្នកមានសេចក្តីយល់ឃើញខុស ព្រោះ មោហៈធ្វើបាបកម្មផ្សេងៗ ដោយខ្លួនឯងខ្លះ ដឹកនាំឲ្យបុគ្គលដទៃយល់ឃើញខុសតាមខ្លួន ខ្លះ បុគ្គលពួកនោះលុះស្លាប់ហើយរមែង បានទទួលសេចក្តីទុក្ខយ៉ាងធំ មានសេចក្តីទុក្ខ យ៉ាងខ្លោចផ្សាយ៉ាងពន់ពេកអនេកអនន្តណាស់ ។

និគមភាសិត

១. វេតរណីនទី ២. សុនខរកា ៣. អយបឋវីណា ៤. អង្គារការសុនរក ៥. នរកលោហកុម្ភី ៦. អយោទកៈ ៧. នរកថុសៈ ៨. អយសូលៈណា ៩. សញ្ញោតិនរក ១០. គូថនរកា ១១. លោហិតបុព្វភក្ខា ១២. កូដការី ១៣. អយបព្វតៈ ១៤. ជលិតអង្គារនី ១៥. មិច្ឆាទិដ្ឋិ រួមន័យជា ១៥ រណ្តៅនរកទាំងនេះឥតសុខសាន្តសុទ្ធសឹងរំខានបានសោកសៅ សែនទុក្ខ បុកម្នេញក្តួលក្តៅ សមតាមកម្មខ្មៅដែលខ្លួនសាងមុខជាដួលឆ្នាងទៅអបាយ បើមិន តិរច្ឆានក៏គង់ប្រេត បើមិនប្រេតក៏គង់អសុរកាយឬធ្លាក់នរកផងទាំងឡាយ ក្រហល់ ក្រហាយ ឥតសុខសាន្ត រឿងនរកចាក នេមិរាជជាតក សាធកសង្ខេបប៉ុណ្ណេះហោង ។ ព្រះមាល័យប្រោសសត្វនរក អថេកទិវសំ ក្នុងថ្ងៃមួយជាខាងក្រោយមក ព្រះមាល័យ ប្រារព្ធចុះទៅឋាននរក ផ្កា ឈូកមានទំហំប៉ុនកង់រទេះក៏ផុសឡើង មកទទួលហើយលោកអធិដ្ឋានដោយឫទ្ធិ ក៏ស្រាប់ តែអណ្ដែតចុះ ទៅកាន់នរកនោះ ទើបលោកប្រើបាដិហារិយ៍សម្ដែងឫទ្ធិធ្វើមាន ភ្លៀងរំលត់ ភ្លើងនរកគ្រប់សព្វឲ្យត្រជាក់ស្រួលធ្វើខ្ទះទឹកទង់ដែងឲ្យបែកខ្ចាត់ខ្ចាយ ធ្វើភ្នំភ្លើងឲ្យរលាយ ធ្វើរកាដែកឲ្យបាក់ខ្ទេចខ្ទី ធ្វើស្ទឹងទឹកប្រៃឲ្យមានឱរសផ្អែមជាដើម ។ ពួកសត្វនរកមានចិត្ត សប្បាយរីករាយ បានធូរស្បើយទុក្ខខ្លោចផ្សាដូចគេដកបន្លាពីទ្រូង ឬដូចអ្នកជម្ងឺឈឺក្តៅ អន្ទះសាបានថ្នាំត្រជាក់ដូច្នោះ នាំគ្នាំក្រឡេកមើលទៅឃើញព្រះមាល័យ ក៏ចូលទៅកុះករ លើកដៃប្រណម្យថ្វាយបង្គំពិតទូលសួរថាៈ លោកម្ចាស់និមន្តមកអំពីណា ? ព្រះមាល័យតបថាៈអាត្មាមកអំពីជម្ពូទ្វីបជាទីនៅនៃមនុស្សលោក សត្វនរកនិយាយ ទាំងស្រែកយំថាៈ បពិត្រលោកម្ចាស់ យើងខ្ញុំឃើញលោកម្ចាស់ជាលោភធំដុំណាស់ ចាត់ ជាទស្សនានុត្តរិយៈ យ៉ាងប្រសើរ ។ ពីថ្ងៃមុនបានឃើញព្រះមហាមោគ្គល្លាននិមន្តមក លោកបានប្រោសឲ្យយើងខ្ញុំបានសប្បាយម្តងយ៉ាងអស្ចារ្យ ឥឡូវបានលោកម្ចាស់និមន្ត មកប្រោស យើងខ្ញុំជាលើកទី ២ ជាភ័ព្វព្រេងល្អច្រើន សូមអង្វរលោកម្ចាស់ សូមមេត្តា និមន្តហាមស្តេចយមរាជ ឲ្យឃាត់ហាមពួកនាយនិរយបាលកុំឲ្យធ្វើបាបពួកខ្ញុំពេក ។ ធ្វើយ៉ាងនេះជាហេតុហួសវិស័យណាស់ គឺបង្អកទឹកទង់ដែងខ្លះ រុកដុំដែកក្នុងមាត់ខ្លះ ឲ្យស៊ីលាមកខ្លះជាដើម យើងខ្ញុំសោយទុក្ខវេទនាខ្លាំងជាអតិបរមារាល់ថ្ងៃហើយ សូមឲ្យ ស្តេចយមរាជបន្ទូរបន្ថយទោសខ្លះផង ។ ម្យ៉ាងទៀតបើលោកម្ចាស់និមន្តទៅជម្ពូទ្វីបវិញ សូមផ្តាំញាតិមិត្ររបស់យើងខ្ញុំឈ្មោះនេះផង ឈ្មោះនោះផង នៅស្រុកនេះផង នៅស្រុកឯ នោះផង ឲ្យធ្វើបុណ្យទានហើយឧទ្ទិសកុសលមកឲ្យយើងខ្ញុំផង ព្រមទាំងមានការហាម បងប្អូនកូនចៅកុំឲ្យធ្វើបាបកម្មអាក្រក់យ៉ាងនេះឡើយ ។ ម្យ៉ាងទៀត ឲ្យបងប្អូនកូនចៅ ទាំងឡាយនោះ គិតតែខិតខំធ្វើបុណ្យទានបំពេញកុសលគ្រប់បែបយ៉ាងកុំបីធ្វេសប្រហែស ពីព្រោះតែពួក យើងខ្ញុំទាំងឡាយបានធ្វើនូវបាបកម្មដ៏អាក្រក់នោះហើយ បានជាយើង ខ្ញុំទាំងឡាយធ្លាក់មកកាន់នរកសោយទុក្ខយ៉ាងធ្ងន់ក្រៃលែងណាស់ដូច្នេះឯង ។

ព្រះមាល័យសន្ទនាជាមួយស្ដេចយមយមរាជ

ព្រះមាល័យត្ថេរ កាលបើលោកបានស្ដាប់នូវពាក្យអង្វរករ របស់សត្វនរកហើយ លោកក៏មានព្រះទ័យនោះករុណាយ៉ាងក្រៃលែងកើតឡើង ទើបចូលឈានមានអភិញ្ញាជា ទីតាំង ហោះសំដៅទៅរកស្ដេចយមរាជ ហើយលោកក៏បាននិមន្ដទៅដល់ប្រាសាទយ៉ាង លឿនប្រហែលនិងល្បឿនដែលគេផ្ទាត់ម្រាមដៃម្ដង ។ សិរីគុត្ត អាមាត្រអ្នកឈរយាមទា្វរ ដឹងអធ្យាស្រ័យរបស់ព្រះថេរៈហើយ ក៏បានចូលទៅក្រាប់ទូលដំណឹងដល់ស្ដេចយមរាជៗ ទ្រង់បាន អនុញ្ញាតឲ្យព្រះថេរៈនិមន្ដចូលមកជួបដោយសិរី ។ ព្រះថេរៈបាននិមន្ដចូលទៅកាន់ក្នុងប្រាសាទ ហើយបានគង់លើអាសនៈដ៏សមគួរ ហើយស្ដេចយមរាជព្រមទាំងបរិវារ បានថ្វាយបង្គំដោយគោរពរួចហើយ ទើបត្រាស់សួរ ថាៈ កុតោ អាគច្ឆថ ភន្ដេ បពិត្រលោកម្ចាស់ដ៏ចម្រើន តើលោកម្ចាស់និមន្ដមកអំពីទី ណាហ្ន៎ ? តើលោកម្ចាស់និមន្ដមកទីនេះមានកិច្ចការអ្វីដែរ ? ព្រះមាល័យថ្វាយព្រះពរថាៈ អាត្មានិមន្ដមកអំពីជម្ពូទ្វីប មានប្រាថ្នាដើម្បីធ្វើទស្សនកិច្ចចំពោះសត្វដែលបានធ្វើនូវបាប កម្មហើយ មកទទួលរងទុក្ខក្នុងកំណើតជាសត្វនរកនេះ ព្រមទាំងមានប្រាថ្នាដើម្បីជួបជា មួយមហារាជផងដែរ ។ តើលោកម្ចាស់ព្រះនាមអ្វីដែរ ? ថ្វាយព្រះពរមហារាជ អាត្មាភាព ព្រះនាម មាល័យទេវថេរ ។ យមរាជៈ ព្រះនាមរបស់លោកម្ចាស់វែងម្លេះ តើមានន័យសេចក្តីក្នុងព្រះនាមនោះ ដូចម្ដេចដែរ លោកម្ចាស់ ? មាល័យៈ ថ្វាយព្រះពរមហារាជ បើព្រះអង្គទ្រង់មានប្រាថ្នា ចង់ទ្រង់ជ្រាប់អំពីសេចក្តី នៃនាមរបស់អាត្មាភាពៗថ្វាយសេចក្តីបាន ដែលឈ្មោះថាៈ មាល័យ ពីព្រោះអាត្មាភាព តែងតែគង់នៅក្នុងកោះ មាល័យដែលមានដើមខ្លឹមចន្ទន៍ក្រហមច្រើន ហើយគេក៏ហៅ អាត្មាភាពថាៈ មាល័យៗដូច្នេះជាប់ដរាបមក ។ ដែលឈ្មោះថាៈ ទេវ ព្រោះអាត្មាភាពជា វិសុទ្ធិទេពដ៏ប្រសើរជាងទេវតានិងមនុស្សទាំងឡាយ ។ ពាក្យថាៈ ថេរៈ ពីព្រោះអាត្មាភាព ជាអ្នកមាំមួនខ្ជាប់ខ្ជួន ដោយសីល សមាធិ បញ្ញា ។ មាល័យទេវថេរ បានសេចក្តីថាៈ ព្រះ មាល័យជាវិសុទ្ធិទេពខ្ជាប់ខ្ជួនដោយ សីល សមាធិ បញ្ញា ។ យមរាជៈ សាធុៗៗ តើលោកម្ចាស់និមន្ដមកក្នុងសំណាក់ របស់ខ្ញុំព្រះករុណានេះ មានកិច្ចការអ្វីដែរលោកម្ចាស់ ? មាល័យៈ អាត្មាភាពនិមន្ដមកកាន់សំណាក់របស់ព្រះអង្គ ក្នុងថ្ងៃនេះ ចង់សួរព្រះអង្គ ថាៈ បណ្ដាសត្វទាំងឡាយដែលបានរងទុក្ខវេទនារួចមកហើយ និង កំពុងតែរងទុក្ខ ព្រម ទាំងបម្រុងនឹងរងទុក្ខក្នុងសំណាក់របស់ព្រះអង្គជាបន្ដបន្ទាប់គ្នានេះ តើអំពើគ្រប់បែបយ៉ាង គឺព្រះអង្គជាអ្នកបង្គាប់បញ្ជា ឬមួយក៏ពួកនាយនិរយបាលធ្វើ ដោយចិត្តឯងទៅទេ ? យមរាជៈ បពិត្រលោកម្ចាស់ដ៏ចម្រើន ចំពោះសត្វដែលរងនូវសេចក្តីសោកសព្វ បែបយ៉ាងនៅក្នុងទីនេះ មិនមែនខ្ញុំព្រះករុណាជាអ្នកបង្គាប់បញ្ជានោះទេ គឺកម្មដែលសត្វ កាលនៅជាមនុស្សបានធ្វើដោយអកុសលចិត្តទាំង ១២ដួង ហ្នឹងហើយដែលបណ្ដាលឲ្យ មកទទួលផលរបស់ខ្លួនដែលបានធ្វើយ៉ាងនេះ ។ បពិត្រលោកម្ចាស់ដ៏ចម្រើន សូមស្ដាប់មើលចុះ ធម្មតាគ្រូក្តី មាតាបិតាក្តី តែងតែ ហាមកូនមិនឲ្យប្រព្រឹត្តខុសទុកជាមុនញយៗ លុះកូននោះបានប្រព្រឹត្តខុសកន្លងដំបូន្មាន គ្រូក្ដី មាតាបិតាក្តីតែង ចាប់ទោសកូនហើយដាក់ទណ្ឌកម្ម មានការវាយជេរជាដើមដោយ សេចក្តីអាណិតចង់ឲ្យកូននោះល្អយ៉ាងមិញ ខ្ញុំព្រះករុណាក៏មានការអាណិតនូវសត្វនរក នោះក៏យ៉ាងដូច្នោះដែរ ។ ខ្ញុំព្រះករុណា បានសាកសួរនូវទេវទូតដល់ទៅ ៥ ដើម្បីឲ្យ សត្វដែលមាន បដិសន្ធិក្នុងទីនេះឆ្លើយនិងភា្ញក់រឭក ក៏ប៉ុន្ដែសត្វលោកនេះប្រមាទ ហើយ ស្រវឹងពេញទីចំពោះទុក្ខទាំង ៥ ប្រការ មិនសមនឹងបានឋានខ្ពស់នៅទេ កាលបាន កំណើតជាមនុស្សល្អពេកក្រៃណាស់ មិនសន្សំបុណ្យកុសលទេ គិតតែធ្វើអំពើអកុសល ទៅវិញ ព្រោះដំណើរនេះ កម្មនេះ ខ្ញុំព្រះករុណាក៏នៅស្ងៀម ។ ចំណែកនាយនិរយបាល បាននាំយកសត្វនរកទាំងនោះ ទៅទម្លាក់ក្នុងរណ្ដៅនរក តាមយថាកម្មទៅ ។ អំពីទេវទូតទាំង ៥ គឺៈ ក្មេងតូច ១ មនុស្សចាស់ ១ មនុស្សឈឺ ១ អ្នកទោស ១ មនុស្សស្លាប់ ១ ព្រះយមរាជទ្រង់ត្រាស់សួរនូវទេវទូតទាំង ៥ តាមលំដាប់លំដោយដូច្នេះថាៈ

ទេវទូតទី១

ទ្រង់ត្រាស់សួរជាដំបូងថាៈ ម្នាលបុរស កាលអ្នកនៅរស់ក្នុងមនុស្សលោកបាន ឃើញទេវទូតទី ១ ឬទេ ? បើគេតបថាមិនបានឃើញទេ ? ទើបសួរទៅទៀតថាៈ អ្នកមិន ដែលឃើញក្មេងតូចដែលដេកផ្ងារ ប្រឡាក់ដោយអាចម៍ និងនោមនៅក្នុងអង្រឹងខ្លះឬទេ ? កាលអ្នកនោះទូលតបថាៈ បានឃើញ ។ ទើបត្រាស់សួរតទៅថាៈ កាលអ្នកបានឃើញ ហើយតើបានគិតថា យើងមានសេចក្តីកើតជាធម្មតា មិនកន្លងរួចការកើតទៅបាន យើង ត្រូវធ្វើអំពើល្អទុកដោយកាយ វាចាចិត្តតើអ្នកបានធ្លាប់គិតយ៉ាងដូច្នេះដែរឬទេ ? កាលគេ តបថាៈ មិនបានគិតទេ ។ ទើបត្រាស់ថាៈ អ្នកឯងប្រមាទហើយ មិនបានធ្វើសុចរិតដោយកាយ វាចាចិត្ត ធ្វើតែ ទុច្ចរិត សេចក្តីអាក្រក់របស់អ្នកនោះ មិនមែនមាតាបិតាធ្វើឲ្យ មិនមែនបងប្អូនប្រុសស្រី ម្តាយមីងមាធ្វើឲ្យទេ មិនមែនគ្រូអាចារ្យអាមាត្យ ឬសាច់សាលោហិតញាតិមិត្ត សម្លាញ់ឬ សមណព្រាហ្មណ៍ទេវតាណាធ្វើឲ្យ ទេអ្នកត្រូវធ្វើខ្លួនឯង នឹងត្រូវទទួលផលនៃសេចក្តី អាក្រក់ដោយខ្លួនឯង។ គ្រាកាលព្រះយមរាជសាកសួរទេវទូតទី១ រួចហើយទើបសួរ

ទេវទូតទី ២

កាលអ្នកនៅក្នុងមនុស្សលោកដែលឃើញ ទេវទូតទី ២ ដែរឬទេ? បើគេឆ្លើយថាៈ ធ្លាប់បានឃើញសួរទៅទៀតថាៈ ចុះកាលបានឃើញហើយ អ្នកធ្លាប់បានគិតថានឹងមាន ការចាស់ជាធម្មតា មិនកន្លងរួចចាកការចាស់ ទៅបាននឹងត្រូវប្រឹងប្រព្រឹត្តសុចរិតដោយ កាយវាចាចិត្តដែរឬ ? កាលគេតបថាៈ មិនបានគិត ។ ទើបត្រាស់ថាៈ អ្នកធ្វេសប្រហែស ហើយដែលមិនបាន ប្រព្រឹត្តសុចរិតដោយកាយវាចាចិត្ត ប្រព្រឹត្តតែអំពើអាក្រក់ ។ល។ គ្រាកាល ព្រះយមរាជសាកសួរទេវទូតទី ២ រួចហើយទើប

ទេវទូតទី ៣

កាលអ្នកនៅជាមនុស្សដែលធ្លាប់ឃើញមនុស្សឈឺដែរឬទេ ? កាលតបថាៈ បាន ឃើញ ។ ទើបសួរថាៈ កាលបានឃើញហើយតើបានគិតថា មនុស្សតែងតែមានការឈឺ ចាប់ជាធម្មតា មិនកន្លងចាកការឈឺចាប់បានឡើយ ហើយធ្វើល្អដោយកាយវាចាចិត្ត តើអ្នកដែលបានគិតយ៉ាងនេះដែរឬទេ ? កាលគេទូលតបថាៈ មិនបានគិតទេ ។ ទើប ត្រាស់ថាៈ អ្នកឯងនេះ មានសេចក្តីប្រមាទហើយ ។ល។ កាលព្រះយមរាជសាកសួរទេវ ទូតទី ៣ ចប់ហើយ ទើបត្រាស់សួរថាៈ

ទេវទូតទី ៤

កាលអ្នកនៅមនុស្សលោក តើធ្លាប់បានឃើញអ្នកទោសដែលគេ ចាប់ចង់ដាក់ខ្នោះ ឃ្នាងតារាងច្រវាក់ក្នុងគុក គេវាយដំច្រំធាក់និងកាត់ក្បាលខ្លះដែរឬទេ ? កាលតបថាៈ បានឃើញ ។ ទើបត្រាស់សួរថាៈ កាលអ្នកឃើញហើយតើអ្នកបានគិតថាពួកនេះ បានធ្វើ អំពើអាក្រក់ទុច្ចរិត ទើបត្រូវទទួលទុក្ខទោសផ្សេងៗ ក្នុងជាតិបច្ចុប្បន្នទាន់ភ្នែកឃើញ ច្បាស់លាស់មិនបាច់និយាយដល់ជាតិខាងមុខឡើយ យើងត្រូវតែធ្វើអំពើល្អដោយត្រៃ ទា្វរយ៉ាងនេះដែរឬទេ ? កាលគេទូលតបថាៈ មិនបានគិតដូច្នេះនោះទេ ។ ទើបត្រាស់ថាៈ អ្នកឯងប្រមាទហើយ ។ល។ កាលព្រះយមរាជសាកសួរទេវទូតទី ៤ ចប់ហើយ ទើប ត្រាស់សួរតទៅទៀត

ទេវទូតទី ៥

កាលអ្នកឯងនៅឯមនុស្សលោកតើបានឃើញទេវទូតទី ៥ ដែរឬទេ ? កាលតបថាៈ មិនបានឃើញទេ ។ ទើបត្រាស់ថាៈ អ្នកឯងបានឃើញមនុស្សស្លាប់ដែរឬទេ ? កាលតប ថាៈ បានឃើញ ។ កាលបើបានឃើញហើយ តើអ្នកធ្លាប់គិតថា យើងទាំងឡាយមាន សេចក្តីស្លាប់ជាធម្មតាមិនកន្លងរួច ចាកសេចក្តីស្លាប់បានឡើយហើយធ្វើតែអំពើល្អដោយ កាយវាចាចិត្តដែរឬទេ? កាលតបថាៈ មិនបានគិតទេ។ ទើបត្រាស់ថាៈ អ្នកឯងប្រមាទហើយ ដែលប្រងើយកន្តើយ ធ្វេសប្រហែសមិនបាន ធ្វើល្អដោយកាយវាចាចិត្ត ប្រព្រឹត្តធ្វើតែអំពើអាក្រក់សេចក្តី អាក្រក់របស់អ្នកនោះ មិនមែន មាតាបិតាធ្វើឲ្យ មិនមែនបងប្អូនប្រុសស្រីណាធ្វើឲ្យ មិនមែនអាមាត្យញាតិមិត្តសាច់ សាលោហិត មិត្តសម្លាញ់សមណ ព្រាហ្មណ៍ឬទេវតាណាធ្វើឲ្យទេ អ្នកត្រូវធ្វើខ្លួនឯង ហើយត្រូវទទួលផលរបស់សេចក្តីអាក្រក់ដោយខ្លួនឯងចុះ។ គ្រាកាលព្រះយមរាជត្រាស់សួរទេវទូតទាំង ៥ នេះចប់ហើយក៏ទ្រង់ គង់នៅស្ងៀម។ ពួកនាយនិរយបាលទើបនាំគ្នាចូលទៅចាប់អ្នកនោះ នាំទៅធ្វើទោសដូចបានសម្តែងរួច មកហើយ ។ អ្នកទៅកាន់សំណាក់ព្រះយមរាជ ក្នុងអដ្ឋកថានៃទេវទូតសូត្រ ព្រះអដ្ឋ កថាចារ្យតាំងសំណួរនិងចម្លើយទុក ដូចតទៅនេះថាៈនរណាខ្លះដែលត្រូវព្រះយមរាជសួរ ទេវទូតនោះ? នរណាខ្លះដែលមិនបានត្រូវព្រះយមរាជសាកសួរ? ឆ្លើយថាៈនរណាធ្វើបាប ទុកច្រើន អ្នកនោះត្រូវទៅកាន់នរកតែម្តង។ អ្នកណាធ្វើបាបទុកតិច អ្នកនោះត្រូវសាកសួរប្រៀបដូចជាចោរដែល គេចាប់បាន ភស្តុតាងបាន ហើយល្មមគ្រប់គ្រាន់មិនយកទៅសាកសួរនៅ ក្នុងសាលទៀតទេ ក៏យ៉ាង ដូច្នោះឯងគឺគេធ្វើទោសតែម្តង បើចាប់របស់ សម្គាល់មិនបានទេទើបគេយកទៅសាកសួរ ដោយមានការវិនិច្ឆ័យជាមុនសិន ។ ចំណែកអ្នកដែលធ្វើបាប ទុកតិចនិងធ្វើបុណ្យទុកខ្លះកាលទៅកាន់សំណាក់ព្រះ យមរាជ ជួនកាលព្រះយមរាជមិនទាន់បានសាកសួរទេវទូតផង ក៏រឭកនឹកដល់បុណ្យ ដែលខ្លួនបានធ្វើទុកខ្លះក៏មាន ខ្លះដែរនោះ លុះត្រាតែព្រះយមរាជសាកសួរទេវទូត ទើប រឭកនឹកឃើញក៏មានដូចមាន និទានតទៅនេះថាៈ មានទមិឡម្នាក់ ឈ្មោះ ទីឃទន្ត បាន បូជាព្រះចេតិយក្នុង សមណៈគីរីវិហារ ដោយសំពត់មួយផ្ទាំង លុះស្លាប់ទៅបានទៅកើត នៅទីជិតឧស្សុទនរក ដោយបាបកម្មដែលខ្លួនធ្វើទុក កាលឃើញអណ្តាតភ្លើងក៏នឹក ឃើញដល់សំពត់ដែលខ្លួនបានបូជាព្រះចេតិយហើយ បានត្រឡប់ឡើងទៅកើតក្នុងស្ថាន សួគ៌ ។ មានបុរសម្នាក់ទៀតបានប្រគេនសំពត់ដល់ ភិក្ខុកំលោះ ដែលជាបុត្ររបស់ខ្លួន ក្នុងវេលាហៀបនឹងស្លាប់មាននិម្មិតកើត ឡើងក្នុងចិត្តថាៈ “ សំពត់ៗ ” ដូច្នេះរហូត។ គ្រាស្លាប់ហើយបានទៅកើតក្នុងទីជិតឧស្សុទនរក កាលនឹកឃើញដល់សំពត់ដែល ខ្លួនបានថ្វាយនោះ ក៏បានត្រឡប់ឡើងទៅកាន់ស្ថានសួគ៌ ។ អ្នកដែលត្រូវព្រះយមរាជ សាកសួរនោះជួនកាលក៏នឹករឭកឃើញបុណ្យក្នុង វេលានៃការសួរទេវទូតទី ១ ខ្លះក្នុង វេលានៃការសួរទេវទូតទី ២ ខ្លះក្នុងវេលា នៃការសួរទេវទូតទី ៣ ខ្លះក្នុងវេលានៃការសួរ ទេវទូតទី៤ ខ្លះក្នុងវេលានៃការសួរទេវទូតទី៥ ខ្លះក៏មាន។

ជនខ្លះក្នុងវេលាសាកសួរទេវទូតទាំង ៥ ហើយនូវតែមិនរឭកនឹកឃើញដល់បុណ្យ ក៏មាន ពេលនោះព្រះយមរាជឲ្យសតិដល់ជននោះ ដូចអាមាត្យម្នាក់ដែលបានបូជាព្រះ ចេតិយដោយផ្កាម្លិះ ហើយផ្សាយនូវចំណែកបុណ្យដល់ព្រះយមរាជ លុះស្លាប់ហើយបាន ទៅកើតក្នុងទីជិត ឧស្សុទនរក ត្រូវនាយនិរយបាលនាំទៅកាន់សម្នាក់ព្រះយមរាជៗ សាក សួរទេវទូតទាំង ៥ ចប់ហើយក៏នៅរឭកដល់បុណ្យមិនឃើញ ព្រះយមរាជទើបឲ្យសតិថាៈ អ្នកបានបូជាព្រះចេតិយដោយផ្កាម្លិះ ហើយបានផ្សាយចំណែកនៃបុណ្យដល់យើងមិន មែនឬ ? កាលព្រះយមរាជឲ្យសតិយ៉ាងនេះ គេក៏រឭកឃើញ ហើយបានទៅកើតស្ថាន សួគ៌ ។

បើនរណារឭកបុណ្យមិនឃើញ កាលព្រះយមរាជពិចារណាឃើញថាៈ អ្នកនោះមិន បានធ្វើបុណ្យអ្វីទុកទេក៏ទ្រង់គង់នៅស្ងៀមដោយព្រះតម្រិះថាៈ ទុក្ខធំនឹងមានដល់គេ ។ កាលបើព្រះយមរាជទ្រង់គង់នៅស្ងៀមយ៉ាងនេះ ហើយពួកនាយនិរយបាលក៏នាំគ្នា ចូល ទៅចាប់ចងជនទាំងនោះដោយចំណង ៥ ប្រការគឺៈ ដាក់ច្រវាក់ដែកត្រង់ដៃទាំងពីរ ជើង ទាំងពីរ និង កណ្តាលខ្លួនហើយអូសទាញយកទៅខ្លះ ចងព្យួរដោយយកជើងឡើងលើ យកក្បាលសំយុងចុះក្រោមខ្លះ នាំយកទៅឲ្យដេកត្រដាងក្នុងផែនដែក ក្រហមក្តៅខ្លះ ដេញឲ្យឡើងនិងចុះតាមភ្នំដែលឆេះជាអណ្តាតភ្លើងខ្លះ ចាប់បោះចូលទៅក្នុងលោហកុម្ភី គឺ ខ្ទះទង់ដែងដែលពេញនិងពុះដោយទឹកទង់ដែងដ៏ក្តៅខ្លះ ។ ព្រះមាល័យបានសន្ទនាដោយផ្ទាល់ជាមួយយមរាជ អស់រយៈពេលជាច្រើនវេលា កន្លងទៅ ក៏លោកបានជ្រាបថាៈ មយរាជ ទ្រង់មានអធ្យាស្រ័យ អនុគ្រោះសត្វនរកល្អដែរ ទើបលោកថ្វាយ ព្រះពរសព្វសាធុការថាៈ សាធុ ! សាធុ ! សាធុ ! ហើយព្រះមាល័យ ក៏លាយមរាជនិមន្ដត្រឡប់មកកាន់ឋានមនុស្សវិញ ។ ព្រោះតែដំណើររបស់លោកនិមន្ដ ទៅកាន់ឋាននរកនេះ ហើយបានទទួលនូវការផ្ដាំផ្ញើរបស់សត្វនរកទាំងឡាយនោះ លោក ក៏បាននិមន្ដទៅគ្រប់ច្រកល្ហក ដើម្បីផ្ដល់ដំណឹងដល់ក្រុមញាតិមិត្រសាច់សារលោហិត ទាំងឡាយរបស់សត្វនរកតាមពាក្យបណ្ដាំ ពួកមនុស្សទាំងឡាយដែលដែលជាសប្បុរស បានឮហើយក៏ចិត្តតក់ស្លុតយ៉ាងខ្លាំង ក្លាចំពោះកំណើតដែលកើតក្នុងឋាននរកហើយក៏ បានទម្លាក់ចោលនូវអំពើបាបគ្រប់បែបយ៉ាង ព្រមទាំងនាំគ្នាធ្វើបុណ្យឲ្យទានរក្សាសីល ប្រមូលផ្ដុំប្រជុំកុសលរាសីឧទ្ទិសជូនមគ្គផល ចំពោះបេតជនដែលត្រូវជាញាតិរបស់ខ្លួន ។ ពួកសត្វនរក និង ប្រេតទាំងឡាយណាដែលមានកម្មស្រាល បានដឹងដំណឹងនៃការធ្វើ បុណ្យកុសលរបស់ក្រុមញាតិរបស់ខ្លួន ហើយត្រេកអរអនុមោទនា ហើយក៏បានរួចចាក់ ទុក្ខ ផុតភ័យទៅកើតនៅកំណើតដែលមានសេចក្តីក្សេម ក្សាន្ដទៅហោង ។

ឧត្តរមាណពប្រគេនផ្កាឈូក

អថេកទិវសំ ក្នុងថ្ងៃមួយជាខាងក្រោយមកព្រះមាល័យបាននិមន្តទៅបិណ្ឌបាតនៅ ក្នុងស្រុកកាមាជគ្រាម ឯកោ ទុគត បុរិសោ ឧត្តរោនាម មានបុរសកម្សត់ម្នាក់ឈ្មោះ ឧត្តរមាណព កាលឪពុកស្លាប់ចោលទៅនៅសល់តែម្ដាយ ហើយបានទៅរករបរផ្សេង ដើម្បីចិញ្ចឹមនិងបម្រើម្ដាយដោយធម៌សង្គ្រោះ ៥ យ៉ាងមិនដែលធ្វើឲ្យមានមោះហ្មងអ្វី ឡើយ ក្នុងថ្ងៃមួយឧត្តរមាណពបានទៅងូតទឹកជម្រះកាយ លុះត្រឡប់មកកាន់ផ្ទះវិញ ឧត្តរមាណព បានកាច់ផ្កាឈូកចំនួន ៨ ដើមកាន់យកមកផង ។ លុះមកដល់ពាក់កណ្ដាលផ្លូវ ឧត្តរមាណពបានប្រទះឃើញព្រះមាល័យមានឥន្ទ្រិយ ស្រគត់ស្រគំសមរម្យរៀបរយល្អ កំពុងត្រាច់ចរនិមន្តបិណ្ឌបាតឈានមួយៗ គួរឲ្យកើត សេចក្តីជ្រះថ្លា ។ ទើបឧត្តរមាណពដើរចូលទៅជិតហើយថ្វាយបង្គំ ៣ ដងដោយគោរព ហើយ ក៏លើកផ្កាឈូកទាំង ៨ ទងនោះប្រគេនទៅហើយមានវាចាពោលថាៈ ខ្ញុំព្រះ ករុណាធ្វើទុគ្គតទាននេះរួចហើយ ដោយចង់បានផលរបស់បុណ្យទាន់ភ្នែកស្រស់ៗ ហើយ តាំងសេចក្តីប្រាថ្នាថាៈ ដោយតេជះនៃទាននេះ ខ្ញុំអន្ទោលទៅមកក្នុង ភពតូចនិងភពធំ សូមកុំឲ្យស្គាល់កុំឲ្យជួបនឹងការទីទ័លក្រសោះឡើយ ហើយជាអវសានជាតិ សូមបាន សម្រេចព្រះនិព្វានកុំបីខានឡើយ។

ព្រះមាល័យទទួលយកផ្កាឈូកទាំង ៨ ទងនេះហើយបាន ធ្វើអនុមោទនាថាៈ អ្នក ប្រាថ្នាយ៉ាងណាសូមឲ្យអ្នកបានសម្រេចដូចសេចក្តីប្រាថ្នាចុះ ។ រួចហើយលោកក៏និមន្ត ចៀសចេញទៅកាន់ទីអាស្រមបទ ដើម្បីធ្វើភត្តកិច្ចតាមសប្បាយ ។ តពីនោះមកលោក បានរំពឹងគិតថាៈ នៅក្នុងព្រះពុទ្ធសាសនានេះមានសង្វេគនីយដ្ឋាន ៧ កន្លែងគឺៈ កន្លែង ព្រះអង្គទ្រង់ត្រាស់ដឹង ១ កន្លែងព្រះអង្គទ្រង់សម្តែងធម្មចក្រ ១ កន្លែងព្រះអង្គទ្រង់ធ្វើ យមកប្បាដិហារិយ៍ ១ កន្លែងព្រះអង្គទ្រង់យាងចុះពីទេវលោកមកកាន់នគរសង្កស្ស ១ កន្លែងព្រះអង្គទ្រង់បរិនិព្វាន ១ កន្លែងព្រះអង្គទ្រង់ប្រតិស្ឋានព្រះបាទទុក ១ កន្លែងព្រះអង្គ ទ្រង់ប្រសូតិ ១ ឋានទាំង ៧ នេះអាត្មាអញធ្លាប់ទៅបូជាគ្រឿងសក្ការៈរួចហើយ នៅតែ ព្រះចូឡាមណីចេតិយតម្កល់ព្រះមោលី នៅស្ថានតាវត្តិង្សទេវលោកនាយនោះគឺ អាត្មា អញមិនធ្លាប់និមន្តទៅនៅឡើយទេ ។ ហេតុដូច្នេះ គួរតែអាត្មាអញយកផ្កាឈូកទាំង ៨ ទងនេះទៅបូជាព្រះចូឡាមណីចេតិយ ឯឋានតាវត្តិង្ស ដើម្បីធ្វើទានរបស់ឧបាសកនេះឲ្យ បានផលច្រើនឡើង ។

សុគតិភព ឬ ឋានសួគ៌

ពាក្យថាៈ សួគ៌ៈ ជាស្ថានដែលជាទីចូលចិត្តរបស់មនុស្សទូទៅ មិនមែនគ្រាន់តែ សម្រាប់ពុទ្ធសាសនិកនោះឡើយ សូម្បីសាសនាដទៃក៏គេគង់ចូលចិត្តដែរ ។ ស្ថានសួគ៌ នេះគឺៈ ជាទីមានសេចក្តីសុខសប្បាយច្រើន ដោយធា្លប់បានស្តាប់លោកសម្តែងខ្លះ បាន អានសៀវភៅពុទ្ធសាសនាខ្លះ តែមិនមានសាមញ្ញជនណាមួយបានឃើញដោយខ្លួនឯង ឡើយ មានតែវិសេសជនជំនាន់មុនប៉ុណ្ណោះ ទើបឃើញបានដោយហេតុនេះ សេចក្តីដឹង ប្រវត្តិឋានសួគ៌របស់សាមញ្ញជនគួរហៅថាៈ សេចក្តីដឹងតាមគឺ បានដឹងតាមតំណតមក ដោយគ្រាន់តែបានឮបានស្តាប់មកប៉ុណ្ណោះ មិនមែនសេចក្តីដឹងជាក់ស្តែងច្បាស់លាស់ ដោយខ្លួនឯងឡើយ ដោយហេតុនេះនិងសូមអធិប្បាយអំពីពាក្យថាៈ សួគ៌ៗ នេះតាមសព្ទ ដើម ល្មមឲ្យគិតពិនិត្យពិចារណារបស់អ្នកត្រូវការចង់ដឹងឋានសួគ៌ទុកដោយសង្ខេបដូច តទៅនេះពាក្យថាៈ សួគ៌ សព្ទដើមជាភាសា មគធៈថាៈ សគ្គៈ សព្ទនេះបំបែកចេញជា ពីរពាក្យគឺៈ ស ១ គ្គ ១។ ស សព្ទដើមជា សុ ប្រែថាៈ ល្អស្អាតងាយ ។ គ្គៈ សព្ទដើមជា អគ្គៈ ប្រែថាៈចុង កំពូល លើស ។ រួមទៅបានជា សគ្គៈ ប្រែថាៈ ល្អលើស ស្អាតលើស ងាយលើស ។ សំដៅសេចក្តីថាៈ ល្អលើស ក្នុងផ្លូវលោកគឺៈ ល្អក្នុងផ្លូវរូប សម្លេង ក្លិន រស សម្ផស្ស ទ្រព្យ យស សុខ សរសើរ អាយុ វណ្ណៈ ជាដើមតាមលោកនិយម ។ ស្អាតលើសក្នុងផ្លូវលោកនិយមគឺៈ ស្អាតរូបសម្លេងពីរោះ ក្លិនល្អ ជាដើម ។

ងាយលើសក្នុងលោកគឺៈ ងាយក្នុងការចង់បានអ្វីក៏បានងាយៗ បានតាមប្រាថ្នា ។ ពួកទេវតាទាំងអស់ដែលនៅក្នុងឋានសួគ៌ សុទ្ធតែមានសេចក្តីសុខសប្បាយក្សេម ក្សាន្ត សម្រាកសម្រាន្តសប្បាយជាជាន់ៗ ទៅទាំងអស់គឺៈអ្វីៗ សុទ្ធតែសប្បាយងាយល្អ ប្រសើរដូចរូបក៏ស្រស់ស្អាតបាតស្រួលបួលល្អលើស ល្អល្អះត្រចះត្រចង់ផូរផង់រុងរឿង សមរម្យឆោមឆាយ ឆើតស្ទើតប្រិមប្រិយព្រោងព្រាយ ពណ្ណរាយល្អទាំងព្រម សម្លេងក៏ ពីរោះផ្អែមល្ហែមគួរចង់ស្តាប់ ក្លិនក្រអូបក្រអែបឈ្ងុយឈ្ងប់ឆ្ងាញ់ក៏មាន ឱជារសជាប់ វិញ្ញាណ សម្ផស្សក៏ទន់ល្វតល្វន់រលីងរលង់រលើប គួរប៉ះពាល់អ្វីៗ គ្រប់យ៉ាង សុទ្ធតែល្អ លើសស្អាតលើសជាងរបស់មនុស្ស ទាំងអស់ ទាំងរយៗ ទាំងពាន់ៗដង ។

អ្នកដែលនៅក្នុងឋានសួគ៌ជាន់នោះៗ ពីដើមកាលនៅជាមនុស្ស សុទ្ធតែជាអ្នក ប្រព្រឹត្តល្អប្រពៃមានហិរិគឺៈ សេចក្តីអៀនខ្មាសចិត្តខ្លួនឯង មិនហ៊ានបំពានធ្វើអំពើអាក្រក់ និងឧត្តប្បៈគឺ សេចក្តីខ្លាចរអារអើមខ្ពើម ចំពោះផលរបស់សេចក្តីអាក្រក់ហើយ មិនធ្វើ សេចក្តីអាក្រក់ដោយកាយ វាចាចិត្ត ធ្វើតែអំពើល្អស្អាតកាល ស្លាប់ចាកមនុស្សហើយ ទើបបានឡើងទៅកើតនៅឋានសួគ៌ ។ ឋានសួគ៌ទាំង ២៦ ជាន់នេះ មានពាក្យប្រែពន្យល់ តាមវិគ្គហៈ ដែលមានហើយក្នុងទីផ្សេងៗថាៈ ១. ជាន់ចាតុម្មហារាជិកាលោកពោលទុកថាៈ ចតុន្នំ មហារាជានំ និវាស នដ្ឋានភូតេ ចតុមហារាជេ ភវាតិ ចាតុម្មហារាជិកា ប្រែថាៈ ជាន់ចាតុម្មហារាជិកាទាំង ៤ ដែលជា ទីនៅរបស់មហារាជ ៤ អង្គឈ្មោះថាជាន់ចាតុម្មហារាជិកា(ដីកាអភិធម្មត្ថសង្គហ)។

១. ជាន់ចាតុម្មហារាជិកាៈ (ដិកាសមចិត្តសូត្រ)

ធតរដ្ឋវិរុឡ្ហកវិរូបក្ខកុវេរសង្ខាតា ចត្តារោ មហារាជានោ ឯត្ថ វសន្តីតិ ចាតុម្មហា រាជិកា ។ ប្រែថាៈ មហារាជ ៤ ព្រះអង្គគឺៈ ធតរដ្ឋៈ ១, វិរុឡ្ហកៈ ១, វិរូបក្ខៈ ១, កុវេរៈ ១, នៅក្នុងភពនោះៗ ឈ្មោះថាចាតុម្មហារាជិកា ៥០០ឆ្នាំទិព្វ = ៩,០០០,០០០ឆ្នាំមនុស្ស ។

២. ជាន់តាវត្តិង្ស តេត្តឹសសហបុញ្ញការិនោ ឯត្ថ និព្វត្តាតិ តំ សហចរិតំ ថានំតេត្តឹសំ ។ តទេវ តាវត្តឹសំ ។ តំ និវាសោ ឯតេសន្តិ តាវតឹសា ។ ប្រែថាៈ ទីដែលហៅថាៈ តាវតិ្តង្ស ព្រោះជាទីកើតជាទីនៅរបស់មនុស្សទាំង ៣៣ នាក់ដែលធ្វើបុណ្យរួមគ្នា ១,០០០ឆ្នាំទិព្វ = ៣ កោដិ ៤ លានឆ្នាំមនុស្ស ។

៣. ជាន់យាមា ទិព្វសុខំ យាតាបយាតា សម្បត្តាតិ យាមា ប្រែថាៈដែលហៅថាជាន់ យាមាព្រោះទេព្តា ជាន់នេះជាអ្នកនៅដល់ព្រមគឺដល់នូវទិព្វសុខ ២,០០០ ឆ្នាំទិព្វ = ១៤ កោដិ ៤ លាន ។

៤. ជាន់តុសិតៈ តុដ្ឋា បហដ្ឋាតិ តុសិតា ។ ប្រែថាៈ ដែលហៅថា ជាន់តុសិតព្រោះជាអ្នកត្រេកអររីករាយ ៤,០០០ ឆ្នាំទិព្វ = ៥៧ កោដិ ៦ លានឆ្នាំមនុស្ស ។

៥. ជាន់និម្មានរតី បកតិ បដិយត្តារម្មណតោ អតិរេកេនរមិតុកាមកាលេ យថា រុចិយេ កាមភោគេ និម្មិនិត្វា រមន្តីតិ ។ ប្រែថាៈ ទីដែលហៅថា និម្មានរតីព្រោះទេពតាពួកនេះនិម្មិតកាម ភោគបានតាមបំណងក្នុងវេលាមានសេចក្តីត្រូវការ នឹងសេចក្តីត្រេកអររីករាយកើតឡើង លើសអារម្មណ៍ដែលបុណ្យតាក់តែងតាមប្រក្រតី ។ ៨,០០០ឆ្នាំទិព្វ =២៣០កោដិ៤លាន

៦. ជាន់បរនិម្មិតវសវតី ចិត្តវារំ ញត្វា បរេហិ និម្មិតេសុ ភោគេសុ វសំ វត្តេន្តីតិ បរនិម្មិត វសវតី ប្រែថាៈ ដែលហៅថា បរនិម្មិតវសវតីព្រោះ ទេពតាជាន់នេះ មានអំណាចក្នុងភោគដែលទេពតាពួក ដទៃដឹង វារៈចិត្តហើយនិម្មិតឲ្យ ។ ១៦,០០០ ឆ្នាំទិព្វ = ៩២១ កោដិ ៦ លានមនុស្ស ។

៧. ជាន់ព្រហ្មបារិសជ្ជា មហាព្រហ្មានំបារិសជ្ជា បារិចារិកាតិ ព្រហ្មបារិសជ្ជា ប្រែថាៈ ដែលហៅថាៈ ព្រហ្មបារិ សជ្ជា ព្រោះព្រហ្មជាន់នេះជាបរិស័ទ គឺជាអ្នកបម្រើរបស់មហាព្រហ្ម ។

៨. ជាន់ព្រហ្មបុរោហិតា តេសំបុរោហិតភាវេ ចិតាតិ ព្រហ្មបុរោហិតា ប្រែថាៈ ដែលហៅថាៈ ព្រហ្មបុរោហិតា ព្រោះព្រហ្មជាន់នេះតាំងនៅក្នុងបុរោហិតរបស់ព្រះព្រហ្ម។

៩. ជាន់មហាព្រហ្ម វណ្ណវន្តតាយ ចេវ ទីឃាយុកតាយ ច មហន្តោ ព្រហ្មាតិ មហាព្រហ្មា ប្រែថាៈ ដែលហៅថាមហាព្រហ្មព្រោះព្រហ្មនេះជាអ្នកធំដោយវណ្ណៈ និងអាយុយឺនយូរ ។

១០. ជាន់បរិត្តាភា បរត្តា អាភា ឯតេសន្តិ បរិត្តាភា ។ ប្រែថាដែលហៅថាបរិត្តាភាព្រោះព្រហ្មជាន់នេះមាន ពន្លឺរស្មីតិច។

១១. ជាន់អប្បមាណាភា អប្បមាណាភាអាភា ឯតេ សន្តិ អប្បមាណាភា ។ ប្រែថាៈ ដែលហៅថា អប្បមាណា ភា ព្រោះព្រហ្មជាន់នេះមានពន្លឺរស្មីរកប្រមាណមិនបាន ។

១២. ជាន់អាភស្សរា ទណ្ឌទីបិកាយ អច្ចិវិយ ឯតេសំ សរីរតោ អាភា ឆិច្ជិត្វា បច្ឆិជ្ជិត្វា បតន្តីវិយ សរតិ វិសរតីតិ អាភស្សរា ប្រែថាៈ ដែលហៅថាៈ អាភស្សរា ព្រោះជាន់នេះមានរស្មីចេញអំពី កាយដូចអណ្តាតភ្លើង ឬ ពន្លឺប្រទីប ។

១៣. ជាន់បរិត្តសុភា បរិត្តា សុភា ឯតេសន្តិ បរិត្តសុភា ដែលហៅថាបរិត្តសុភាព្រោះព្រហ្មជាន់នេះមាន សេចក្តីល្អតិច ។

១៤. ជាន់អប្បមាណសុភា អប្បមាណសុភា ឯតេសន្តិ អប្បមាណសុភា ប្រែថាៈ ដែលហៅថាៈ អប្បមាណសុភា ព្រោះព្រហ្មជាន់នេះមាន សេចក្តីល្អរកប្រមាណមិនបាន ។

១៥.ជាន់សុភកិណ្ហា សុភេន ឱភិណ្ណា វិរកិណ្ណា សុភេន សវិរប្បភាវណ្ណេន ឯកគ្ឃនា សុវណ្ណមញ្ជុ សាយ ឋបិទសមជ្ជលិតកាណញ្ចន បិណ្ឌស្ស សិរិកាតិ សុភកឹណ្ហា ប្រែថាៈ ដែលហៅ ថា សុភកិណ្ហា ព្រហ្មជាន់នេះច្រើនទៅដោយសេចក្តីល្អ គឺល្អដោយរស្មីដែលផ្សាយចេញ ចាករាងកាយមានរស្មីប្រៀបដូចផែនមាសក្នុងហិបមាស ។

១៦. ជាន់ វេហប្ផលា វិបុលាផលា ឯតេសន្តិ វេហាប្ផលា ប្រែថាៈ ដែលហៅថាៈ វេហប្ផលា ព្រោះព្រហ្មជាន់ នេះមានផលវិបុលវិសេសវិសាល ។

១៧. ជាន់អវិហា អត្តនោ សម្បត្តិយា ន វិហាយន្តិ នវិហាយន្តីតិ អវិហា ប្រែថាៈ ដែលហៅថាៈ អវិហា ព្រោះព្រហ្មជាន់នេះមិនសាបសូន្យចាកសម្បត្តិរបស់ខ្លួន ។

១៨. ជាន់អតប្បា ន កិញ្ចិ សត្តំ តាបេតីតិ អតប្បា ប្រែថាៈ ដែលហៅថាៈ អតប្បា ព្រោះព្រហ្មជាន់នេះ មិនធ្វើឲ្យនរណាមួយក្តៅក្រហាយ ។

១៩. ជាន់សុទស្សា សុន្ទរា ទស្សនា អភិរូបា បាសាទិកាតិ សុទស្សា ប្រែថាៈ ដែលហៅថាៈ សុទស្សាព្រោះ ព្រហ្មជាន់នេះមានរូបល្អឆើតគួរទស្សនា។

២០. ជាន់សុទស្សី សុដ្ឋុ បស្សន្តិ សុន្ទរេ តេសំ វាទស្សនន្តិ សុទស្សី ប្រែថាៈ ដែលហៅថាៈ សុទស្សីព្រោះ ព្រហ្មជាន់នេះ មានសេចក្តីយល់ឃើញដោយប្រពៃ។

២១. ជាន់អកនិដ្ឋា នត្តេត្ថ កនិដ្ឋាតិ អកនិដ្ឋា ប្រែថាៈ ដែលហៅថាអកនិដ្ឋាព្រោះ ព្រហ្មជាន់នេះមិនមាន អ្នកតូចៗ មានសុទ្ធតែអ្នកធំដោយគុណសម្បត្តិនិងភពសម្បត្តិគ្រប់យ៉ាង។ (តាំងពីជាន់យាមា ដល់អកនិដ្ឋានេះមាននូវក្នុងវិភង្គ) ។

២២.ជាន់អាកាសានញ្ចាយតនៈ អាកាសានញ្ចាមេវ អាយតនំអាកាសានញ្ចាយតនំ ប្រែថាៈ ដែលហៅថាៈ អាកាសា នញ្ចយតនៈ បានដល់អាយតនៈគឺៈ អាកាសដែលមិនមានទីបំផុត ។ ព្រហ្មជាន់នេះកាល ជាមនុស្សបានចម្រើន អរូបជ្ឈានកាន់ថាអាកាសៗ មិនមានទីបំផុត សម្លឹងមើលអាកាស ដោយអំណាចការពង្រីកកសិណឃើញថា អាកាសមិនមានទីបំផុត កាលស្លាប់អំពីមនុស្ស ហើយទើបបាន ទៅកើតព្រហ្មជាន់នេះ ។

២៣. ជាន់វិញ្ញាណញ្ចាយតនៈ វិញ្ញាណញ្ចំ អាយតនំ វិញ្ញាណញ្ចាយតនំ ប្រែថាៈ ទីដែលហៅថា វិញ្ញាណ ញ្ចាយតនៈនេះបានដល់អាយតនៈគឺ វិញ្ញាណមិនមានទីបំផុត ។ មានន័យថាៈ ព្រហ្មជាន់ នេះកាលនៅជាមនុស្សបានចម្រើនអរូបជ្ឈាន សម្លឹងមើលចិត្តរបស់ខ្លួនឃើញថាមិនមាន ទីបំផុត ទើបប្រកាន់ថាចិត្តឬ វិញ្ញាណនេះមិនមានទីបំផុតកាលស្លាប់ ទៅអំពីមនុស្សលោក ហើយបាន ទៅកើតជា ព្រហ្មជាន់នេះ ។

២៤. ជាន់អកិញ្ចញ្ញាយតនៈ អកិញ្ចញ្ញំអាយតនំ អាកិញ្ចញ្ញាយតនំ ដែលហៅថា អាកិញ្ចញ្ញាយតនៈ នេះគឺ បានដល់អាយតនៈ គឺសេចក្តីមិនមានអ្វី មានន័យថាៈ ព្រហ្មជាន់នេះ កាលនៅជាមនុស្ស បានចម្រើន អរូបជ្ឈាន សម្លឹងមើលអាកាស និង វិញ្ញាណ ហើយឃើញថាមិនមានអ្វីជាតួ ខ្លួន ទើបប្រកាន់ថាមិន មានអ្វីជាអារម្មណ៍កាលស្លាប់អំពីមនុស្សលោកយើងហើយ ទើប បានទៅកើតនៅព្រហ្មជាន់នេះ ។ នេះន័យទី ១ ន័យទី ២ លោកអធិប្បាយថាៈ អាកិញ្ច ទុកថាៈ នាស្ស កិញ្ចនន្តិ អកិញ្ចំ ប្រែថាៈ មិនមានគ្រឿងកង្វល់ដោយទីបំផុតអំពីចិត្តដែលនឹងកើតរលត់ក៏ មិនមាន ដូចនេះខ្លះ ។ កិញ្ចនំ អប្បមត្តកំ អន្តមសោ ភង្គមត្តម្បិ ប្រែថាៈ គ្រឿងកង្វល់សូម្បី បន្តិចបន្តួចដោយហោចត្រឹមតែការបែកធ្លាយដូច្នេះខ្លះ។ ន័យទី៣ ថា កិញ្ចនន្តិ កិញ្ចិបិ ។ ពាក្យថាៈ កិញ្ចនំ ប្រែថាៈ អ្វីៗ ន័យនេះត្រូវគ្នានិងន័យទី ១ គឺៈ ជាន់នេះប្រកាន់ថាៈមិន មានអ្វីជាសេចក្តីក្នុងអារម្មណ៍ ។

២៥. នេវសញ្ញានាសញ្ញាយតនៈ នេវសញ្ញា នាសញ្ញមេវ អាយតនំ នេវសញ្ញា នាសញ្ញាយតនំ ។ ដែលហៅ ថាៈ នេវសញ្ញានាសញ្ញាយតនៈ នេះបានដល់អាយតនៈគឺៈ មិនមានសញ្ញានឹងថាមិនមាន សញ្ញាក៏មិនមែន (ភពដែលមានសញ្ញាដូចជាឥតសញ្ញាហៅថាៈ នេវសញ្ញានាសញ្ញាភព) មានន័យថាៈ ព្រហ្មជាន់នេះកាលនៅរស់ជាមនុស្សបានចម្រើនអរូបជ្ឈាន ធ្វើវិថីចិត្តឲ្យ ល្អិតជាទីបំផុតរហូត ពោលបានថាមិនមានសញ្ញាគឺ ការធ្វើមាំមួនអ្វីមិនបានសោះឡើយ ប្រហែល នឹងមនុស្សដេកលក់យ៉ាងស្និទ្ធ អស់សញ្ញាយ៉ាងគ្រោតគ្រាតតែថា គ្មានសញ្ញា សោះក៏មិនមែន ព្រោះនៅមានសញ្ញាដែលល្អិតសុខុម។

២៦. ជាន់អសញ្ញី សញ្ញាវិរហិតា សត្តាតិ អសញ្ញី ប្រែថាៈ ទីដែលហៅថាៈ អសញ្ញីព្រោះ ព្រហ្មជាន់ នេះ មិនមានសញ្ញាសោះឡើយ ។ មានន័យថាៈ ព្រហ្មជាន់នេះ កាលនៅរស់ជាមនុស្ស បានបួសក្នុងសាសនាណាមួយហើយ ពិចារណាឃើញទោសក្នុងចិត្ត គឺឃើញថាៈ រាគៈ ទោសៈ មោហៈ ជាដើម សុទ្ធតែកើត មកអំពីចិត្ត ទើបតាំងចិត្ត តម្កល់ចិត្តដោយវិធីនឹកងំ នៅជានិច្ច ពិចារណាជាប់នៅជានិច្ចថាៈ ចិត្តមិនមានៗ ដរាបនៅនឹងតែមួយដែលហៅថាៈ បានឈាន កាលណាបានស្លាប់អំពីមនុស្សហើយទើបបានទៅកើតនៅព្រហ្មជាន់នេះ ។ មានតែរូបមិនមានវេទនា សញ្ញា សង្ខារ វិញ្ញាណអ្វីក្នុងពេលដែលស្លាប់អំពីមនុស្ស កាលបើស្លាប់ដោយឥរិយាបថណា កាលកើតជាព្រហ្មក៏ក្នុងឥរិយាបថនោះ តាំងនៅក្នុងឥរិយាបថ នោះរហូតដល់ពេលចុតិក្នុងវេលាដែលចុតិនោះមានសញ្ញាគឺ ចិត្តកើតឡើងមុនទើបចុតិ ។ ឋានសួគ៌ ៣ ប្រភេទឋានសួគ៌ទាំង ២៦ ជាន់តាមដែលពោលមកហើយនេះ បែង ចែកជា ៣ ប្រភេទគឺៈ ៦ ជាន់ខាងដើមជាកាមាវចរ និង ជាទេវលោក ។ ចំណែក ២០ ជាន់ខាងចុងជាព្រហ្មលោកហើយព្រហ្មលោកទាំង ២០ ជាន់នោះ បែងចែកជា ២ ផ្នែកគឺៈ ១៦ ជាន់ខាងដើមជារូបព្រហ្ម ៤ ជាន់ខាងចុងជាអរូបព្រហ្ម ។ ចំពោះរូបព្រហ្មទាំង ១៦ ជាន់នោះកើតដោយរូបឈាន ៤ ចាត់ដូចនេះគឺៈ ៣ ជាន់ ខាងដើមបានដល់ព្រហ្មបារិសជ្ជា ១ ព្រហ្មបុរោហិតា ១ មហាព្រហ្ម ១ ជាជាន់បឋមជ្ឈាន ជាន់បរិតា្តភា ១ អប្បមាណាភា ១ អាភស្សរា ១ ជាជាន់ទុតិយជ្ឈាន ។ ជាន់បរិត្តសុភា ១ អប្បមាណសុភា ១ សុភកិណ្ហា ១ ជាជាន់តតិយជ្ឈាន ។ ៧ ជាន់ទៀតគឺៈ អសញ្ញី ១ វេហប្ផលា១ អវិហា ១ អតប្បា១ សុទស្សា ១ សុទស្សី ១ អកនិដ្ឋា ១ ជាជាន់ចតុត្ថជ្ឈាន។

ឋាន ៤ ជាន់ខាងចុង មានអាកាសានញ្ចាយតនៈជាដើមជា ជាន់អរូបជ្ឈាន ៤ ។ នឹងព្រហ្មលោក ៩ ជាន់គឺៈ សុទ្ធាវាស ៥ បាន ដល់ជាន់អវិហា ១ អតប្បា ១ សុទស្សា ១ សុទស្សី ១ អកនិដ្ឋា ១ នឹងអរូបព្រហ្ម ៤ មានអាកាសានញ្ចាយតនៈជាដើម ជាទីកើត របស់ព្រះអានាគាមិបុគ្គល ។ ចំណែកព្រះអរិយជាន់ព្រះសោតាសកទាគាមី បើកើតក្នុង ជាន់រូបព្រហ្មហើយ មិនត្រឡប់ចុះមកកើតជាមនុស្សលោកនេះទៀតទេ។ ព្រះមាល័យនិមន្តទៅកាន់ស្ថានសួគ៌

ឯវំ គច្ឆន្តស្ស កាលបើព្រះថេរៈត្រិះរិះយ៉ាងនេះហើយ លោកក៏ចូលឈានមាន អភិញ្ញាជាទីតាំង ទើបចេញអំពីចតុត្ថឈានវិញ អធិដ្ឋានឫទ្ធិដោយផ្លូវកាយ ក៏អណ្តែត លឿនលយទៅកាន់អាកាសបាន ដល់ទេវលោកជាន់តាវត្តិង្ស ប្រហែលនិងការលាដៃម្តង លោកចូលទៅជិតព្រះចូឡាមណីចេតិយ ហើយថ្វាយបង្គំដោយបញ្ចបដិស្ថានគឺៈ ការថ្វាយ បង្គំប្រកបដោយអង្គទាំង ៥ យ៉ាងគឺៈ ដៃពីរ ជើងពីរ ក្បាលមួយរៀបរយទន់ភ្លន់គោរពដូច កាលដែលព្រះពុទ្ធអង្គ គង់នៅនិងមុខរួចហើយព្រះមាល័យលើកផ្កាឈូកនោះ បូជាចំពោះ ព្រះចូឡាមណីចេតិយ ទើបនិមន្តតើនឡើងហើយបាននិមន្តធ្វើ ប្រទក្សិណចេតិយ ៣ ជុំសម្តែងសេចក្តីគោរពកោតខ្លាចហើយ បន្ទាប់មកលោកក៏និមន្តទៅកាន់ថ្មបណ្ឌុកម្ពល សិលាជាទីសមគួរចាំជួបនឹងព្រះឥន្ទ្រាធិរាជ ។ តស្មឹ ខណេ ក្នុងខណៈនោះព្រះឥន្ទជាធំក្នុងសុរាល័យទ្រង់ព្រះតម្រិះថាៈ ថ្ងៃនេះជា តិត្ថីទី ៨ នៃឧបោសថផង អាត្មាអញ និង ទៅថ្វាយបង្គំបូជាព្រះចូឡាមណីចេតិយ លុះព្រះ តម្រិះយ៉ាងនេះហើយ ក៏ប្រញាប់រៀបចំខ្លួន ហើយរៀបចំគ្រឿងសក្ការៈកាលណាទ្រង់នាំ ពពួកស្រីទេពអប្សរបវរកញ្ញា ដ៏មានខ្លួនប្រដាប់ដោយគ្រឿងសម្អាងដ៏ជាទិព្វ ល្អវិចិត្រមាន ដៃកាន់នីទៅនៅសុគន្ធទិព្វមាលាគ្រប់ៗគ្នា ដង្ហែហោះចេញពីវេជយ័ន្តប្រាសាទ សំដៅមក កាន់ព្រះចូឡាមណីចេតិយ ឯពពួកទេវបុត្រទាំងឡាយក៏ចេញពីវិមានរបស់ខ្លួនៗ ហោះ ហែហមព្រះឥន្ទកោសីយមកដែរ ។

ចំណែកសម្តេចព្រះឥន្ទ្រាធិរាជ ទ្រង់យាងយាសចូលទៅកាន់ព្រះលានចេតិយ យាង ព័ទ្ធជាទក្ខិណាវដ្ដប្រទក្សិណ ៣ ជុំនៃព្រះចូឡាមុណីចេតិយ ហើយបានឱនអង្គផ្ចង់ព្រះ ស្មារតីអភិវាទ ថ្វាយបង្គំគោរព ៣ដងយ៉ាងគោរពទន់ភ្លន់ ទើបលើកគ្រឿងសក្ការៈទិព្វបូជា ព្រះចេតិយរួច ទើបយាងទៅគង់លើភាគថ្មបណ្ឌុកម្ពលសិលា ជាទីសមគួរដល់ព្រះអង្គជិត ព្រះមាល័យ ហើយស្តេចលើកព្រះហស្ថប្រណមថ្វាយបង្គំដោយគោរពចំពោះព្រះថេរៈ ។ ឯពពួកទេវបុត្រទេពធីតាទាំងឡាយបាន ចូលទៅនមស្ការបូជាព្រះចេតិយជាក្រោយ ទៅតាមលំដាប់ទើប ចូលទៅថ្វាយបង្គំព្រះថេរៈ ហើយអង្គុយនៅក្នុងទីដ៏សមគួរដល់ខ្លួន រៀងៗ ទៅតាមលំដាប់គ្នា ទេវបុត្រទេពធីតាខ្លះបានឃើញព្រះថេរៈ មានឥន្ទ្រិយស្រគត់ ស្រគំយ៉ាងល្អរុងរឿងដូចព្រះចន្ទពេញវង់ហើយគិតថាៈ លោកម្ចាស់អង្គនេះនិមន្តមកអំពី ឋានណាហ្ន៎ ? បានជានិមន្តមកដល់ទីនេះ ? ព្រះមាល័យសន្ទនាជាមួយព្រះឥន្ទ អបិ ច ខោ ចំណែកខាងព្រះឥន្ទគង់នៅទិសខាងជើង ឯព្រះមាល័យគង់នៅទិស ខាងត្បូង ទ្រង់សង្ស័យថាព្រះគុណម្ចាស់អង្គនេះជាព្រះអរហន្តពិតបានជានិមន្តមកដល់ទី នេះឯង តើនិមន្តមកអំពីទីណា ? មានការអ្វីហ្ន៎ ? ទ្រង់ព្រះតម្រិះដូច្នេះហើយ ទើបលើក ព្រះហស្ថសំពះត្រាស់សួរថាៈ តត្រ ភន្តេអាយាថ បពិត្រលោកម្ចាស់ដ៏ចម្រើន! តើលោក ម្ចាស់និមន្តមកពីទីណា? ញោមដូចជាមិនស្គាល់ព្រះគុណម្ចាស់សោះ ។

មាល័យៈ ជម្ពូទីបកោ អាយាមិ មហារាជ បពិត្រមហារាជ អាត្មាភាពនិមន្តមក អំពីជម្ពូទ្វីប ជាឋានមនុស្សលោកអាត្មានិមន្តមកនេះគឺ ដើម្បីធ្វើការបូជាចំពោះដល់ព្រះ ចូឡាមណីចេតិយជាទីរឭក ។ ព្រះឥន្ទៈ ចុះព្រះគុណម្ចាស់ព្រះនាមដូចម្តេច ? មាល័យៈ ថ្វាយព្រះពរអាត្មាភាពព្រះនាមថាៈ មាល័យទេវថេរ ។ ព្រះឥន្ទៈ សូមទានអភ័យទោស តើព្រះគុណម្ចាស់និមន្តមកកាន់ឋានសួគ៌យូរឬ ក៏ឆាប់ ? តើលោកម្ចាស់និមន្តមកដោយសារអ្វី ? មាល័យៈ ថ្វាយព្រះពរ ! អាត្មានិមន្តមកដោយឈានសមាបត្តិជាវិស័យឫទ្ធិរបស់ ព្រះអរហន្តមកដល់បានឆាប់រហ័សប្រហែល និង លាបាតដៃចេញ ។ បពិត្រព្រះវាសវៈ! ព្រះចូឡាមណីចេតិយព្រះអង្គសាងឬ ? ឬក៏ទេវបុត្រអង្គណាសាង ហើយមានកម្ពស់ ប្រវែងណា ? តម្កល់វត្ថុអ្វី ?

ព្រះឥន្ទៈ បពិត្រព្រះមាល័យត្ថេរដ៏ចម្រើន! ចេតិយនេះញោមបានកសាង មានកម្ពស់ ៥ រយយោជន៍សម្រាប់តម្កល់ទុកព្រះមោលី គឺៈ ផ្នួងសក់របស់ព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់ ព្រះនាមសមណគោត្តម ។ មាល័យៈ ចុះព្រះមោលីនោះ តើព្រះអង្គបានមកអំពីទីណា ? ព្រះឥន្ទៈ ព្រះករុណាលោកម្ចាស់ ! ព្រះមោលីនេះ កាលដែលព្រះសមណគោត្តម បរមគ្រូជាម្ចាស់ ព្រះអង្គចេញសាងអភិនេស្រ្កមណ៍ បានកាត់ព្រះមោលីលើផ្នូកខ្សាច់ នៅ មាត់ស្ទឹងនេរញ្ជរា ហើយអធិដ្ឋានបោះទៅលើអាកាសថាៈ បើអាត្មាអញបានត្រាស់ជាព្រះ ពុទ្ធ សូមផ្នួងសក់នេះអណ្តែតទៅលើ។

គ្រានោះ ផ្នួងព្រះមោលីនោះ ក៏អណ្តែតទៅយ៉ាងលឿនស្ទុះទៅកាន់អាកាស ញោម បានដឹងការណ៍នេះ ហើយក៏យកប្រអប់មាសមកទទួលហើយ យកមកទុកតម្កល់ក្នុង ព្រះចូឡាមណីចេតិយនេះ សម្រាប់នមស្ការនិងការបូជារបស់ទេវតាតទៅ ។ មាល័យៈ ព្រះអង្គបាននាំបរិវារដ៏ច្រើនយាងមកកាន់ទីនេះក្នុងថ្ងៃនេះ តើដើម្បី ប្រយោជន៍អ្វី ? ព្រះឥន្ទៈ បពិត្រព្រះមាល័យដ៏ចម្រើន! ដើម្បីមកនមស្ការបូជាព្រះចេតិយ ។

មាល័យៈ ពួកទេវតាជាបរិវាររបស់ព្រះអង្គកាលកើតជាមនុស្ស តើបានធ្វើបុណ្យអ្វី ខ្លះ បានជាមកកើតក្នុងទីនេះ ? ម្យ៉ាងទៀតមានបុណ្យស្តុកស្ដម្ភបានសោយសម្បត្តិរុង រឿងច្រើនយ៉ាងនេះ ហេតុអ្វីបានជាមកបំពេញបុណ្យបន្ថែមទៀត ? ព្រះឥន្ទៈ បពិត្រព្រះមាល័យដ៏ចម្រើន ! ទេវតាជាបរិស័ទទាំងអស់នេះ កាលនៅ ជាមនុស្សបានធ្វើបុណ្យតិចខ្លះ ច្រើនខ្លះផ្សេងៗ គ្នាគឺ ធ្វើទានរក្សាសីល ចម្រើនមេត្តា ភាវនា ដោយផលនៃកុសលនេះ ក៏បានមកកើតក្នុងទេវលោក ហើយនាំគ្នាខំធ្វើបុណ្យឲ្យ ទានរក្សា សីលចម្រើនភាវនាតទៅទៀតដើម្បីបានផលទៅកើតក្នុងទេវលោក ជាន់លើៗ ឡើងទៅ ម៉្យាងទៀតញោមប្រៀបធៀបប្រគេនស្តាប់ថាៈ មនុស្សទ័លក្រមានអង្ករតែ ១ នាឡិនិងបរិភោគបានតែម្តង អ្នកមានស្ដុកស្ដម្ភមានស្រូវអង្ករពេញជង្រុកនឹងបរិភោគក៏ បានយូរ ។

បើមានច្រើនហើយ ត្រូវខិតខំរកប្រមូលបញ្ជូលឲ្យបានច្រើន ថែមតទៅទៀត ការនឹង បរិភោគនោះក៏រឹតតែបានយូរអង្វែងដែរ យ៉ាងណាមិញដូចជាពួកទេវតាទាំងឡាយណា មានបុណ្យតិចត្រូវច្យុតិអំពីទេវលោកនេះដោយឆាប់រហ័ស ឯពពួកទេវតាខ្លះ មានបុណ្យ ច្រើនត្រូវនៅសោយសម្បត្តិទិព្វបានយឺនយូរ ។ ប្រសិនណាពួកទេវតាខ្លះ សន្សំបុណ្យ កុសលតទៅទៀត ផលបុណ្យនោះនឹងជួយឧបត្ថម្ភទ្រទ្រង់ឲ្យរឹតតែបានយូរឡើង លុះ វេលាច្យុតិអំពីទីនេះទៅនឹងត្រូវបានទៅបដិសន្ធិក្នុងជាន់ខាងលើថែមទៀត ដោយហេតុ ផលនេះបានជាទេវតាទាំងនោះ បបួលគ្នាមកធ្វើបុណ្យ ស្តាប់ធម៌ បូជាព្រះចូឡាមណី ចេតិយមានយ៉ាងច្រើនកុះករក្នុងថ្ងៃនេះឯង ។

មាល័យៈ ថ្វាយព្រះពរមហារាជ! តើថ្ងៃនេះព្រះសិអារ្យមេត្រីបរមពោធិសត្វព្រះអង្គ នឹងយាងមកទីនេះដែរឬទេ ? 

ព្រះឥន្ទៈ បពិត្រលោកម្ចាស់ដ៏ចម្រើន! ព្រះសិអារ្យមេត្រីព្រះអង្គតែងតែស្ដេចយាង មកក្នុងថ្ងៃ ១៤ និង ១៥ ព្រមទាំងថ្ងៃ ៨ កើតនិង ៨ រោចជាទៀងទាត់ ដូចជាថ្ងៃនេះ ជាថ្ងៃពេញបូណ៌មីផង ស្ដេចនឹងយាងមកពិត ប្រាដកណាស់ លោកម្ចាស់ ។ អំពីទេវបុត្រ ឯកោ ទេវបុត្តោ ក្នុងខណៈនោះមានទេវបុត្រ ១ អង្គមានស្រីទេពអប្សរ ១ ពាន់ជា បរិវារដៃកាន់គ្រឿងសក្ការៈល្អៗ គ្រប់គ្នាហោះសំដៅមកកាន់ព្រះលានចេតិយ លុះដល់ ហើយថ្វាយបង្គំបូជា ដោយគ្រឿងសក្ការៈព្រះចេតិយដើរក្រឡឹង ៣ ជុំហើយក៏ថយទៅ អង្គុយក្នុងទីដ៏សមគួរមួយ ។ ព្រះមាល័យកាលបានឃើញទេវបុត្រនោះមានយសបរិវារ ដ៏រុងរឿងហើយក៏សួរព្រះឥន្ទថាៈ តើទេវបុត្រអង្គនេះជាព្រះសិអារ្យមេត្រីបរមពោធិសត្វឬ? តើបានធ្វើបុណ្យអ្វីទៅ ទើបបានជារុងរឿងអ្វីម្ល៉េះ ? ព្រះឥន្ទៈ ទេវបុត្រនេះមិនមែនជាព្រះសិអារ្យបរមពោធិសត្វនោះទេគឺ ជាទេវបុត្រ ដែលស្ថិតនៅក្នុងជាន់តាវត្តិង្សនេះ កាលនៅជាមនុស្សទេវបុត្រនេះ កើតជាអ្នកទុរគតម្នាក់ រកស៊ីច្រូតស្មៅចិញ្ចឹមជីវិត ហើយជាមនុស្សប្រព្រឹត្តសុចរិត ស្លូតត្រង់មានមេត្តាដល់សត្វទូទៅ ។

សម័យថ្ងៃមួយទៅច្រូតស្មៅយកបាយកញ្ចប់ទៅផង វេលាបរិភោគបាយស្រាប់ តែបានឃើញសត្វក្អែកមួយហើរមកទុំនៅជិត បុរសនោះឃើញក្អែកហើយគិតថាៈ ក្អែក នេះមានសេចក្តីស្រេចឃ្លានដូចអញដែរ ។ លុះគិតដូច្នោះហើយក៏ចាប់បាយខ្លះឲ្យក្អែក នោះស៊ីទៅ ។ ដោយផលទាននិងមេត្តារបស់បុរសកម្សត់នេះវេលាស្លាប់ហើយ ក៏បាន មកកើតក្នុងជាន់តាវត្តិង្ស នេះមានយស និង បរិវាររុងរឿងយ៉ាងនេះឯងសូមទានជ្រាប ។ អបរោ ទេវបុត្តោ បន្ទាប់មកមានទេវបុត្តដទៃទៀតនាំស្រីទេពអប្សរ ១ ពាន់នាក់ កាន់គ្រឿងសក្ការៈ ហោះចុះមកបូជាព្រះចេតិយ ហើយចូលទៅអង្គុយក្នុងទីដ៏សមគួរ ។ ព្រះមាល័យៈ តើទេវបុត្រអង្គនេះជាព្រះសិអារ្យមេត្រីពោធិសត្វឬ ? ម្តេចក៏មានយសនិង បរិវារដ៏រុងរឿងជាងទេវបុត្រមុនម៉្លេះ ? ព្រះឥន្ទៈ បពិត្រលោកម្ចាស់ដ៏ចម្រើន ទេវបុត្រអង្គនេះមិនមែនជាតួអង្គព្រះបរម ពោធិសត្វទេ ។ ទេវបុត្រអង្គនេះកាលពីជាតិមុនកើតជាក្មេងឃ្វាលគោ តែងតែមានចិត្ត សប្បុរសអាណិតគេ ហើយរំលែកចែកបាយកញ្ចប់ទឹកបំពង់ឲ្យក្មេងគ្នាឯងបរិភោគរាល់ៗ ថ្ងៃដោយផលទាន និង មេត្តាធម៌នោះ លុះស្លាប់ទៅក៏បានមកកើតក្នុងជាន់នេះឯង។ អបរោ ទេវបុត្តោ មានទេវបុត្រ ១ អង្គដទៃទៀតមានយស និង បរិវាររុងរឿងនាំស្រីទេពអប្សរចំនួន ១ ម៉ឺននាក់ហោះឆ្ពោះមកកាន់ព្រះលានចេតិយ បានបូជាព្រះ ចេតិយដោយគ្រឿងសក្ការៈរួចហើយក៏ទៅអង្គុយក្នុងទីដ៏សមគួរ ។ ព្រះមាល័យៈ តើទេវ បុត្រអង្គនេះជាព្រះសិអារ្យមេត្រីពោធិសត្វឬ ? តើទេវបុត្រអង្គនេះបានធ្វើបុណ្យអ្វីបានជា រុងរឿងជាងទេវបុត្រមុនៗ ម្ល៉េះ?

ព្រះឥន្ទៈ បពិត្រលោកម្ចាស់ដ៏ចម្រើន ទេវបុត្រអង្គនេះមិនមែនជាតួអង្គព្រះបរម ពោធិសត្វទេ ។ ទេវបុត្រអង្គនេះកាលពីជាតិមុនបានឲ្យទានចង្ហាន់បិណ្ឌបាតដល់សមណ និង គ្រហស្ថអ្នកកាន់សីល ១០ ។ ដោយផលទាននេះ ក្នុងវេលាអស់ជីវិតក៏បានមកកើត ក្នុងជាន់តាវត្តិង្សនេះឯង ។ ព្រះមាល័យៈ កាលដែលអាត្មាភាពបាន ឃើញទេវបុត្រទាំងឡាយព្រមទាំងស្រី ទេពអប្សរជាបរិវារមានយសដ៏រុងរឿងជាងគ្នា ដែលមកជាបន្តបន្ទាប់គ្នាហោះហើរចុះមក នមស្ការបូជាព្រះចេតិយ ហើយទៅអង្គុយក្នុងទីដ៏សមគួររហូតដល់ទេវបុត្រទី ១២ មាន បរិវារ ១ សែន ។ ព្រះឥន្ទពិត្រថាៈ ទេវបុត្រនេះកាលពីជាតិមុនកើតជាមនុស្សកម្សត់ម្នាក់ បានពូនភ្នំ ខ្សាច់នៅលើផ្នូកខ្សាច់នាមាត់ស្ទឹង ហើយតាក់តែងជាក្បាច់ក្បូរ ដោតផ្កាគ្រប់ពណ៌តាម សេចក្តីជ្រះថ្លារបស់ខ្លួន លុះឃើញល្អមើលពេកកកើតចិត្តរីករាយបាននមស្ការសូត្ររំឭក គុណព្រះរតនត្រ័យមានជាអាទិ៍ថាៈ ឥតិ បិសោ ភគវា ជាដើម រួចហើយក៏វិលទៅផ្ទះ វិញបាននិមន្តព្រះសង្ឃមកថ្វាយភត្តឆ្លង បុណ្យតាមកម្លាំងសទ្ធានិងធនធាន។ ដោយផល នេះលុះស្លាប់ ទៅបានមកកើតជាទេវបុត្រក្នុងជាន់តាវត្តិង្សនេះឯង ។ ព្រះសិអារ្យមេត្រី តស្មឹ កាលេ ក្នុងកាលនោះ ព្រះបរមពោធិសត្វសិអារ្យ មេត្រីមានស្រីទេពអប្សរ ១ សែនកោដិដង្ហែខាងមុខខាងក្រោយ ខាងឆ្វេង ខាងស្តាំ មានយសដ៏រុងរឿង ដូចព្រះចន្ទ ពេញវង់ក្នុងថ្ងៃ ១៥ កើត ស្រីទេពអប្សរខ្លះ ប្រដាប់គ្រឿងអម្ពរ ខ្លះស ខ្លះខៀវ ខ្លះក្រហម ខ្លះខៀវខ្ចីជាពួកៗ ហើយហោះចុះមកអំពីឋានតុសិត មកបូជានមស្ការព្រះចេតិយ។ ព្រះឥន្ទពិត្រថាៈ អយំ សោ នោះហើយហ្ន៎ ! ជាព្រះសិអារ្យមេត្រីពោធិសត្វ ។

ព្រះមាល័យៈ នាងទេពអប្សររបស់ព្រះសិអារ្យមេត្រីល្អមើលម្ល៉េះ ? មួយពួកស្លៀក ពាក់ស ខ្លះក្រហម ខ្លះខៀវជាដើម តើធ្វើបុណ្យដូម្តេច ? ព្រះឥន្ទៈ ស្រីទេពអប្សរទាំងនោះ កាលនៅជាមនុស្សរក្សាសីលស្លៀកពាក់ស្អាតៗ ស្តាប់ធម៌ដោយគោរព ធ្វើទានផ្ចិតផ្ចង់ រៀបអាហារភោជន នំចំណីមានពណ៌ល្អប្លែកៗ ដោយផលនេះបានមកកើតក្នុងទេវលោកល្អៗ សមតាមប្រាថ្នារបស់ខ្លួន ។ ព្រះមាល័យៈ ចុះព្រះសិអារ្យបានកសាងកុសលអ្វី ? បានជាមានយស និង បរិវារល្អ កន្លងយ៉ាងនេះ ? ព្រះឥន្ទៈ ញោមមិនអាចពិពណ៌នាកុសលផលបុណ្យរបស់ព្រះអង្គបានទេ គ្រាន់តែ បានដឹងថា ព្រះអង្គសាងបារមី ៣០ ច្រើនអសង្ខេយ្យកប្បណាស់ គឺមកអំពីបំណងស្រោច ស្រង់ខ្លួន និង សត្វដទៃឲ្យរួចពីចំណងមារទាំង ៥ ប្រការគឺៈ ខន្ធមារ ១ អភិសង្ខារមារ ១ កិលេសមារ ១ មច្ចុមារ ១ ទេវបុត្តមារ ១ ហើយនាំឲ្យបានដល់ព្រះនិព្វានជាបរមសុខផុត ទុក្ខទាំងពួង ។ ឯការកសាងកុសលរបស់ព្រះអង្គនោះផុតវិស័យរបស់ញោមដឹង បើព្រះ គុណម្ចាស់ចង់ដឹង សូមព្រះគុណម្ចាស់រង់ចាំស្តេចយាងមកដល់សន្ទនាជាមួយព្រះអង្គទៅ គង់បានដឹងជ្រាបសព្វគ្រប់ពុំខាន។ ព្រះមាល័យសន្ទនាជាមួយព្រះសិអារ្យមេត្រី

តស្មឹ ខណេ ក្នុងខណៈនោះ ព្រះមាល័យធ្វើសាកច្ឆាជាមួយព្រះឥន្ទមិនទាន់ចប់ ពាក្យផង ព្រះសិរិអារ្យស្តេចយាងមកដល់ចេតិយ ហើយបូជាដោយគ្រឿងសក្ការៈដ៏លើស លប់ និង ធ្វើប្រទក្សិណចំនួន ៣ ជុំទើបចូលទៅថ្វាយបង្គំព្រះមាល័យព្រមទាំងទេវបរិស័ទ ចំណែកឯពពួកទេវតា មានព្រះឥន្ទជាប្រធានបាន ក្រោកទទួលធ្វើបដិសណ្ឋារកិច្ចឈូឆរ រួចហើយក៏នាំគ្នាអង្គុយក្នុងទីដ៏សមគួរ តាមអាសនៈរៀងៗ ខ្លួនរង់ចាំស្តាប់ធម្មសាកច្ឆា ពិសេសទៀត ព្រះសិអារ្យមេត្រីបរមពោធិសត្វ លុះបានអាសនៈគង់ទាបជាងព្រះមាល័យ ដ៏សមគួរហើយ ទ្រង់បានផ្តើមសួរថាៈ កុតោ អាគច្ឆថ ភន្តេ ? បពិត្រលោកម្ចាស់ដ៏ ចម្រើន ! តើលោកម្ចាស់និមន្តមកអំពីទីណា ?

ព្រះមាល័យៈ ជម្ពូទីបកោ អគច្ឆាមិ មហារាជ បពិត្រមហារាជអាត្មាភាពនិមន្ត មកអំពីជម្ពូទ្វីប។ ព្រះសិអារ្យៈ គួរឲ្យសង្ស័យណាស់ចុះមនុស្សក្នុងជម្ពូទ្វីប ធ្វើកិច្ចការអ្វីខ្លះ? ព្រះមាល័យៈ មនុស្សក្នុងជម្ពូទ្វីបប្រកបរបផ្សេងៗ គ្នាគឺៈ ខ្លះធ្វើស្រែចម្ការ ខ្លះជួញ ជំនួញ ខ្លះធ្វើការរាជការ ខ្លះធ្វើកម្មករ ខ្លះមាន ខ្លះក្រ ខ្លះខ្មៅ ខ្លះស ខ្លះល្អ ខ្លះអាក្រក់ ខ្លះអាយុវែង ខ្លះអាយុខ្លីជាដើម ។ ព្រះសិអារ្យៈ តើមនុស្សសព្វថ្ងៃធ្វើបុណ្យច្រើន ឬថាធ្វើបាបច្រើនជាង? ព្រះមាល័យៈ ថ្វាយព្រះពរ មនុស្សធ្វើបុណ្យតិចទេ ចំណែកឯមនុស្សធ្វើបាបច្រើន ណាស់ ។ ព្រះសិអារ្យៈ អ្នកដែលធ្វើបុណ្យ តើធ្វើបុណ្យដោយរបៀបណាខ្លះដែរ ? ព្រះមាល័យៈ ថ្វាយព្រះពរអ្នកខ្លះឲ្យទានខ្លះរក្សាសីលខ្លះធ្វើសមាធិខ្លះ ចាត់ចែង ឲ្យមានធម៌ទេសនាខ្លះ កសាងកុដិសាលា វិហារធ្វើផ្លូវជីកស្រះសង់ស្ពាន ដាក់បាត្រជាវ គម្ពីរធ្វើធម្មទានខ្លះ កសាងចេតិយខ្លះ ហែកឋិនជាដើម មនុស្សសប្បុរសធ្វើកុសល តាម សទ្ធារៀងៗ ខ្លួន។ ព្រះសិអារ្យៈ ចុះអ្នកធ្វើទានទាំងនោះ ប្រាថ្នាសម្បត្តិអ្វីដែរ ?

ព្រះមាល័យៈ ថ្វាយព្រះពរ ! អ្នកធ្វើទានទាំងពួងតែងតែប្រាថ្នាចង់បានសម្បត្តិ មនុស្ស សម្បត្តិសួគ៌ ព្រះនិព្វាន ជាពិសេសច្រើនប្រាថ្នាឲ្យជួបទាន់សាសនារបស់ព្រះអង្គ ត្រាស់ដឹងក្នុងកាលអនាគត ។ ព្រះសិអារ្យៈ មហាជនក្នុងជម្ពូទ្វីប បើមានប្រាថ្នាចង់កើតជួបនឹងញោម សូមឲ្យប្រឹង ប្រែងដោយយកចិត្តទុកដាក់នាំគ្នាបង្កើតឲ្យមានទេសនា មហាវេស្សន្តរជាតកយ៉ាងហោច ណាស់ក្នុង ១ ឆ្នាំឲ្យមានម្តង ហើយនៅចាំស្តាប់ឲ្យបានចប់ក្នុង ១ ថ្ងៃ ព្រមទាំងបូជាគ្រឿង សក្ការៈផ្សេងៗ មួយមុខ ១ ពាន់ឲ្យត្រូវគ្រប់ព្រះគាថា១ពាន់ក្នុងវេស្សន្ដរជាតកដែរ គឺ បូជាប្រទីប ១ ពាន់ ផ្កាឈើ ១ ពាន់ ឆត្រ, ផ្កាឈូកលឿង, ផ្កាឈូកខៀវ ផ្កាឈូកក្រហម ផ្កាឈូកស ផ្កាព្រលិត ផ្កាទាំងអស់នេះក្នុងមួយមុខ ១ ពាន់។

ផ្កាឈូក បើរកពណ៌ដូចនេះមិនបាន ឲ្យផ្កាចម្ប៉ាម្លិះននោង ជាដើមជំនួសក៏បានដែរ ហើយនឹងបូជាដោយផ្លែចេកដំឡូង ដូង ស្លា ក្រូច មៀន ត្របែកព្រូសជន្លូសសិរមាន់អំពៅ ខ្នុរស្ករតែទៀន ធូប ទឹកដោះគោ កាហ្វេទឹកក្រូចនំនែកអំបុកម្លូបារីជាដើមឲ្យបាន ១ មុខ ១ ពាន់ ទើបបានកើតទាន់នឹងសាសនារបស់ញោម ហើយបានសម្រេចដល់អរហត្តបដិសម្ភិ ទាញាណជាប្រាកដ ។ ម្យ៉ាងទៀត មនុស្សធ្វើអនន្តរិយកម្ម ៥ យ៉ាងគឺៈ សម្លាប់បិតា ១ សម្លាប់មាតា ១ សម្លាប់ព្រះអរហន្ត ១ បំបែកសង្ឃ ១ ប្រទូស្តព្រះពុទ្ធឲ្យចេញលោហិត ១ អំពើទាំងនេះ ជាកម្មដ៏ធ្ងន់ណាស់ ម្យ៉ាងទៀតមនុស្សដែលបៀតបៀនចេតិយ ព្រះពុទ្ធរូប កាប់គាស់ដើម ពោធិ៍ សម្លាប់ព្រះពោធិសត្វ កំណាញ់ស្វិតស្វាញ មនុស្សមិច្ឆាទិដ្ឋិ ជនទាំងអស់នេះមិន ជួនជួបនឹងសាសនារបស់ញោមទេ។ ចំណែកដើមពោធិ៍ បើគាស់យកទៅដាំក្នុងទីដ៏សមគួរកាប់ឆ្ការមែកខ្លះ ដែលមិនសម ដែលពារលើវត្ថុមានតម្លៃបែបនេះ គ្មានទោសអ្វីឡើយ ។ ចេតិយព្រះពុទ្ធរូបដែលបែកបាក់ ពុកផុយហើយជួសជុលកែឡើងវិញ ក៏គ្មានទោសអ្វីដែររឹតតែងបានទទួលផលល្អឡើង ។

ព្រះមាល័យៈ ព្រះរាជសម្ភារត្រាស់បង្គាប់ថាឲ្យស្តាប់ដរាបដល់ចប់ ១៣ កណ្ឌព្រម ទាំងឲ្យបូជាគ្រឿងសក្ការៈ ១ មុខ ១ ពាន់ឲ្យគ្រប់ព្រះគាថា ១ ពាន់ ទើបបានទាន់ព្រះ សាសនា ។ កិច្ចនេះដូចជាហួសវិស័យអ្នកទីទ័លក្រដែលមានសទ្ធាស្តាប់ឆ្ងាយពេកណាស់ រកកលឲ្យគ្នាធ្វើមិនកើត ។ បើយ៉ាងនេះ តើឲ្យប្រព្រឹត្តប្រតិបត្តិដូចម្តេចបានខ្លះដែរ ? ព្រះសិអារ្យៈ ញោមពោលនេះគឺ ជាថ្នាក់ឧក្រិដ្ឋហើយ ប៉ុន្តែបើស្តាប់មិនបានចប់ទាំង ១៣ កណ្ឌស្តាប់បានតែ ១ កណ្ឌ ២ កណ្ឌជាដើម ឬបូជាគ្រឿងសក្ការៈ មិនបានគ្រប់ ១ ពាន់ៗ ទេបានតែវត្ថុតិចតួចនោះក៏ជាការប្រពៃដែរ ប៉ុន្តែមិនស្តុកស្តម្ភផលដូចអ្នកធ្វើលើស លប់នោះឡើយ ។ ព្រះមាល័យៈ ថ្វាយព្រះពរមហារាជ ! តើព្រះអង្គចុះទៅបដិសន្ធិក្នុងមនុស្សលោក ដើម្បីត្រាស់ដឹងជាព្រះពុទ្ធ តើក្នុងពេលវេលាណាដែរ ?

ព្រះសិរិអារ្យៈ នាកាលគ្រាសាសនាព្រះសមណគោតមគ្រប់ចំនួន ៥,០0០ ឆ្នាំ ពេល នោះមនុស្សពាលមានមោហៈ បិទបាំងប្រព្រឹត្តតែទុច្ចរិត មិនដឹងគុណមិនដឹងបុណ្យបាប មានចិត្តក្លាហានក្នុងបាប ប្រព្រឹត្តអំពើអមនុស្សធម៌ យ៉ាងយង់ឃ្នងរាគៈ ទោសៈកើតឃោរ ឃៅក្នុងខ្លួន មិនមានចិត្តកោតខ្លាចបាប ម្តាយ និង កូនប្រុស ឪពុក និង កូនស្រី បងស្រី និង ប្អូនប្រុស បងប្រុស និង ប្អូន ស្រី ម្ចាស់ និង ខ្ញុំកំដរ មីង និង ក្មួយបានយកគ្នាជាប្តី ប្រពន្ធដោយកន្លងមាននៅរួមសមគ្គសំវាសដូចសត្វតិរច្ឆាន មានចិត្តប្រមាទពេញទីក្នុង អំពើល្អកើតឡើង ។ កាលបើដូច្នេះ អាយុរបស់សត្វ ចេះតែអន់ថយតិចទៅៗ មនុស្សគ្មានសីល ៥ ក្នុង ខ្លួនដរាបអាយុថយចុះនៅ ១០ ឆ្នាំស្លាប់ ។ ក្មេងកើតបាន ៥ ឆ្នាំរៀបមង្គលការនឹងគ្នា ។ នចិរស្សេវ មិនយូរប៉ុន្មាន មនុស្សបាបឃើញគ្នាកើតមិគសញ្ញា សម្គាល់ដូចសត្វតិរច្ឆាន។ តតោ កាលេ ក្នុងកាលនោះ កកើតទុព្ភិក្ខន្តរកប្បគឺ ស្រុកអត់បាយ រកបាយសម្រាប់ បរិភោគបានដោយកម្រ ភ្លៀងក៏រាំងហួតហែង មនុស្សម្នាពិបាកតោកយ៉ាកវេទនាជាទុក្ខ ដោយអត់អាហារជាច្រើន តមកកើតរោគរាតត្បាត ស្លាប់តៃហោងរាល់ៗ ថ្ងៃបន្ទាប់មក កើតសត្ថន្តរកប្ប គឺស្រុកកើតគ្រឿងសាស្ត្រាវុធ មនុស្សបាបឃើញគ្នា នៅទីកន្លែងណា មើលទៅឃើញដូចសត្វតិរច្ឆាន កើតទោសោ ឃោរឃៅ ចង់តែប្រទូស្តគ្នា ចាប់ដុំដី ដំបង ព្រនង់ ក៏ក្លាយទៅជាកាំបិតដាវ ពូថៅដេញកាប់ចាក់គ្នាពពាក់ ពពូន អសុរចូលពេញខ្លួន មិនយល់ញាតិយល់មិត្តគិតតែពីសម្លាប់គ្នា ស្លាប់បង្គរជើងគ្នាដូចគេហាលងៀត ឬ ដូចជា មហាសង្គ្រាមលោកដូច្នេះ ។ បើមនុស្សស្លាប់ដោយទុរ្ភិក្សតន្តរកប្បច្រើនកើតជាប្រេត ស្លាប់ដោយរោគអន្តរកប្បច្រើនកើតទៅជាអសុរកាយស្លាប់ ដោយសត្ថន្តរកប្បច្រើនទៅ កើតក្នុងនរក ។

ចំណែកពួកមនុស្សមានសន្តានចិត្តល្អ សប្បុរសស្មោះស បានឃើញសង្គ្រាមមនុស្ស បាបប្រទូស្តគ្នាដោយមិគសញ្ញាដូច្នេះ ក៏នាំគ្នារត់គេចអំពីពពួកមនុស្សអធម្ម ចូលព្រៃព្រឹក្សា ពួនសម្ងំធ្វើចិត្តល្អ សុចរិតយកផ្លែឈើ មើមឈើជាអាហារ ។ លុះតា្រតែមនុស្សបាបកាប់ ចាក់គ្នាអស់វារៈកំណត់ ៧ ថ្ងៃគឺៈ ១ សប្តាហ៍ក៏បានស្ងប់ភ្លើងសង្គ្រាម រមិលមើលទៅ ឃើញគ្នា ស្លាប់ស្អុយពេញភូមិស្រុក ។ ចំណែកឯ ពួកបណ្ឌិតមានចិត្តតក់ស្លុតរន្ធត់ខ្លាច អំពើសាហាវនោះ បានជំនុំប្រឹក្សាគ្នាថាៈ យើងវង្វេងចាក់កាប់គ្នា ហើយអាយុក៏តិចទៅៗ ជាលំដាប់គឺវង្វេងដល់ថ្នាក់ម្តាយយកកូនប្រុស ជាដើម ជាប្តីប្រពន្ធដូចសត្វតិរច្ឆានពីព្រោះ តែយើងមិនរក្សាសីល ៥ ។

ដូច្នេះយើងត្រូវនាំគ្នារក្សាសីល ៥ គឺកុំសម្លាប់សត្វ ១ កុំលួចទ្រព្យគេ ១ កុំប្រព្រឹត្ត ខុសឆ្កងក្នុងកូនប្តីប្រពន្ធកូនចៅអ្នកដទៃ ១ កុំកុហកគេ ១ កុំផឹកទឹកផឹកទឹកសុរាមេរ័យ ១ ពីព្រោះអំពើទាំង ៥ យ៉ាងនេះ ជាប្រភពកើតសុខកាយសុខចិត្ត ក្នុងសង្គមមនុស្ស លោកនិងបរលោក ។ បើប្រព្រឹត្តកន្លងសីល ៥ នេះហើយជាសមុដ្ឋាន បង្កើតលោភោ ទោសោ មោហោខ្លាំងក្លាណាស់ជាហេតុ បណ្តាលឲ្យរងទុក្ខ ប្រព្រឹត្តទុច្ចរិតសព្វបែបយ៉ាង នាំបាត់សន្តិភាព ក្នុងលោក ។ លុះជំនុំគ្នាគិតព្រមមូលមតិហើយ ក៏ចាប់ផ្តើមរក្សាសីល ៥ កម្មបថ ១០ ទាំងចាស់ ក្មេងប្រុសស្រីនៅរួមគ្នាក្នុងសង្គម មនុស្សជាសុខក្សេមក្សាន្ត មានសន្តិភាពរៀងដរាបមក ដល់ឪពុកអាយុ ១០ ឆ្នាំស្លាប់កូនអាយុបាន ២០ ឆ្នាំស្លាប់ចៅអាយុ ៣០ ឆ្នាំ ស្លាប់រហូត មនុស្សអាយុបាន ១ ពាន់ឆ្នាំស្លាប់ កាលបើដូច្នេះ ពួកមនុស្សដឹងកម្លាំងសីល ៥ កម្មបថ ១០ បាននាំគ្នារឹតដៃកាន់សីល ៥ យ៉ាងបរិសុទ្ធម៉ឺងម៉ាត់ ប្រព្រឹត្តធ្វើបុណ្យឲ្យទានដល់អ្នក មានគុណ និង ចាស់ទុំព្រមទាំងសង្គហធម៌ ៤ រក្សាគ្នាគឺការឲ្យទាន ១ និយាយពាក្យ ពីរោះរកគ្នាតាមឋានៈ ១ ប្រព្រឹត្តធ្វើប្រយោជន៍ខ្លួន និង អ្នកដទៃ ១ ប្រព្រឹត្តស្មោះស្មើតាម ឋានៈគ្នា ១ ។

ដោយផលនេះ អាយុមនុស្សកើនឡើងបាន ១ សែនឆ្នាំ ទើបស្លាប់ ពេលនោះក្រុង ពារាណសីដែនកាសី ក៏ក្លាយជាឈ្មោះថ្មីថាៈ មណ្ឌារនគរមានបណ្តោយ ១២ យោជន៍។ ប៉ុន្តែពួកមនុស្សមានសេចក្តីប្រមាទទៅវិញ ពីព្រោះមិនឃើញសេចក្តីស្លាប់ប្រាកដ ហើយ មានគំនិតថាៈ យើងលែងស្លាប់ហើយនេះជាកន្លែងអម្រឹតដ្ឋានរបស់យើង ។ តាំងតែពីថ្ងៃ នោះមក បានរលាយចិត្តផ្អាកឈប់រក្សាសីល ៥ ប្រព្រឹត្តឡេះឡោះរាយមាយចិត្តក្នុងកាម គុណស្រាប់តែសេចក្តីស្លាប់កើតឡើងប្រាកដដល់មនុស្ស ឯអាយុក៏ថយចុះ មកនៅត្រឹងតែ ៨ ម៉ឺនឆ្នាំស្លាប់ ពេលនោះមានសេចក្តីភ័យតក់ស្លុត និង សេចក្តីស្លាប់ក៏នាំគ្នារក្សាសីល ៥ កម្មបថ ១០ ធ្វើបុណ្យឲ្យទាន រៀងមកអាយុក៏នៅត្រឹម ៨ ម៉ឺនឆ្នាំជាអាយុក្ខ័យរបស់មនុស្ស លោកក្នុងគ្រានោះ ក្រុងពារាណសីដែលបានឈ្មោះថ្មីថាៈមណ្ឌារនគរនោះ ក៏ត្រឡប់បាន ឈ្មោះថ្មីទៀតថា កេតុមតី គឺ នគរវិញ។

ឥមស្មឹ យុគេ នៅក្នុងយុគសម័យនោះ ផែនដីប្រែរាជ ប្រែសករាជ ប្រែលទ្ធិ ប្រែ ទំនៀមទម្លាប់ចាស់ម្តងបន្តិច ខុសពីសម័យដើម មនុស្សបានស្គាល់នូវអរិយធម៌ ក្នុង ប្រទេសនីមួយៗ មានការរីកចម្រើន ខាងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុប្រជាជនមានការទាក់ ទងឆ្លងឆ្លើយទៅរកគ្នាដោយសេរី ប្រកបរបរកសិកម្មពាណិជ្ជកម្ម កើតផលបរិបូណ៌នាំគ្នា ប្រព្រឹត្តតែសុចរិតរក្សាសីល ៥ ធ្វើបុណ្យឲ្យទានគោរពចាស់ទុំដឹងគួរសម សង្គ្រោះគ្នាជា ភាតរភាពដូចបងប្អូន ស្តេចសោយរាជ្យទាំងឡាយប្រកបដោយទសពិធរាជធម៌ ផ្ទៃដីចុះ ឡើងដរាបស្មើដូចផ្ទៃស្គរ ប្រជាជនរៀនសូត្របានចំណេះដឹងទៅជាវិញ្ញូជន បញ្ញវន្តជា សមានភាពគោរពអ្នកមានគុណឥតមាន សមាសភាពគ្រប់គ្រាន់ គោរពអ្នកមានគុណ ឥតឆ្គង គ្មាននរជនណាធ្វើនយោបាយក្បត់បង្កើតទ័ពប្រតិកិរិយា កងបដិវត្តន៍ប្រឆាំង និង ស្តេចផែនដី សុទ្ធតែជាអ្នករស់នៅតាមបន្ទាត់ស្របច្បាប់ ។ គ្មានចោរលួចប្លន់គ្មានមនុស្ស វិកលវិការចរិតឆ្កួតថ្លង់ គ ភ្លីភ្លើខ្វាក់ខ្វង់កំព្រីកំព្រា គ្មានមនុស្សកើតរោគអាក្រក់អនាថា ។

ផលអស់ទាំងនេះគឺ កើតឡើងដោយបុណ្យកុសលរបស់ ញោមដែលបានសាងអស់ ច្រើនអសង្ខេយ្យកប្បគឺ ដូចផែនស្គរ ដោយផលនៃមេត្តាចិត្តរបស់ញោមផ្សាយទៅចំពោះ សត្វទាំងអស់ មនុស្សមានបញ្ញាស្មើគ្នា ដោយផលនៃធម្មទានរបស់ញោមមនុស្ស មិនចេះ ក្បត់ដោយផលសច្ចធម៌ ។ គ្មានចោរដោយផលសុចរិត គ្មានវិកលចរិតដោយផលរក្សា សីលមិនប្រទូស្ត គ្មានមនុស្សកើត រោគដោយផលភេសជ្ជៈទាន ។

បពិត្រព្រះមាល័យពេលនោះភ្លៀង ធ្លាក់តែក្នុងបច្ចឹមយាម កន្លះខែភ្លៀងម្តងជាទៀង ទាត់ណាស់ទឹកស្ទឹង អូរ ព្រែក ប្រឡាយ ទន្លេ មានទឹកហូរពេញព្រៀបមាត់ច្រាំងល្មមក្អែក ទំលើមាត់ច្រាំងផឹកបាន ហើយទឹកនោះមានវិការៈប្លែកអស្ចារ្យ គឺម្ខាងហូរចុះម្ខាងហូរឡើង មិនធ្វើឲ្យអ្នកអុំទូកពិបាកអុំឡើយទាំង នេះក៏ដោយផលឧទកទានរបស់ញោមដែរ ។ ដើមឈើទាំងឡាយសុទ្ធតែជាថ្នាំភេសជ្ជៈស្រូវសាលីដុះឯងកើតឯង មិនបាច់សាប ព្រោះមនុស្សមិនខ្វល់ក្នុងការធ្វើស្រែចម្ការ ត្រូវការកើបយកពីស្រែមកដណ្តាំបរិភោគ មាន ជាតឆ្ងាញ់ដូចលាយ ត្រីសាច់ជាដើម ផលនេះកើតដោយកម្មដែលញោមបានធ្វើទុកអស់ ការអនេកកប្ប ។ បពិត្រព្រះមាល័យ ម្យ៉ាងវិញទៀតគឺសត្វតិរច្ឆាន ដែលធ្លាប់តែជាសត្រូវ និងគ្នាមានពស់និងកង្កែប ខ្លានិងម្រឹគក្អែក និងមៀមជាដើមឈប់ប្រទូស្តគ្នា ប្រជាកសិករ មានសម្បតិ្តស្មើគ្នា គ្មានអ្នកណាច្រណែនឈ្នានីសគ្នាមនុស្សល្អដូចៗ គ្នាផ្ទះរស់នៅដូចគ្នា មានរៀបរយល្អមាន់ ១ ហើរមិនផុតដំបូលផ្ទះ មានដើមកប្បព្រឹក្សដុះឡើងចេញស្លឹកសុទ្ធ តែសំពត់ទិព្វ សម្រាប់មនុស្សប្រើប្រាស់ មនុស្សឈឺក្បាលវិលមុខ គ្រាន់តែបេះផ្លែឈើ ស្លឹកឈើយកមកបរិភោគក៏បាត់ភ្លាមទាន់ចិត្ត ។

បពិត្រព្រះគុណម្ចាស់ នៅក្នុងសាសនារបស់ញោមមនុស្ស បានសុខសួស្តីសម្បូណ៌ សប្បាយក្សេមក្សាន្តណាស់ វត្ថុអស់ទាំងនេះ កកើតឡើងដោយផលរបស់ញោមដែល បានកសាងតាំងតែ អំពីអតីតកាលមក ផលបុណ្យដែលយើងបានកសាងស្អាតល្អ ហើយ មិនចេះបាត់សូន្យទៅណាឡើយ មានតែសេចក្តីរុងរឿងតែម្យ៉ាង ញោមបានកសាងបារមី ៣០ ចាប់តាំងពីបានពុទ្ធព្យាករណ៍មកទល់នឹងជាតិត្រាស់ដឹងចំនួន ១៦ អសង្ខាយ្យនិង ១ សែនកប្ប ពេលនោះស្រុកប្រទេស និង ប្រជាជនមានរបៀបរៀបរយល្អសម្បូណ៌សប្បាយ គ្រប់គ្រាន់ស្រូវសាលីក៏ដុះឡើងសម្រាប់មនុស្សស្រួលក្នុងការបរិភោគ ហើយញោមច្យុត អំពីឋានតុសិត ទៅកើតជាព្រះវេស្សន្តរ បំពេញសតសត្តកមហាទានបំពេញទានបារមី ដូចព្រះវេស្សន្តរ ។ ពួកមនុស្សច្រើនរាប់អានព្រាហ្មណ៍ជាធំ យកសង្គមរាស្រ្តនិយមជាគោល លុះញោម អស់អាយុសង្ខារបានមកកើតនៅឋានតុសិតវិញ ឯមនុស្សមានអាយុ ៨ ម៉ឺនឆ្នាំជា អាយុក្ខ័យ ញោមសោយសម្បត្តិទិព្វនៅឋានតុសិតអស់កាល ៤,០០០ ឆ្នាំទិព្វត្រូវជា ៥៧ កោដិនិង ៦ លានឆ្នាំមនុស្ស កាលណាគ្រប់អាយុហើយ ទេវតា និង ព្រហ្មកើតចលាចល ផ្អើលឈូឆរ នាំគ្នាចូលមកអារាធនាឲ្យញោមទៅកើតក្នុងមនុស្សលោក ដើម្បីត្រាស់ដឹងជា ព្រះពុទ្ធស្រោចស្រង់សត្វលោកដាក់ដល់អមតៈមហានិព្វាន ញោមស្ថិតនៅក្នុងការកសាង ជាវិរិយាធិកពោធិសត្វមានបារមីចាស់ក្លាហើយ ក៏បានពិចារណានូវបញ្ចមហាវិលោកនៈ ទាំង ៥ យ៉ាងគឺៈ កាល ១ ប្រទេស ១ ទ្វីប ១ ត្រកូល ១ មាតា ១ កាលគឺៈ សំដៅយកអាយុសត្វមិនច្រើនជាង ១ សែនឆ្នាំមិនតិចជាង ១ រយឆ្នាំសត្វមានអាយុ ៨ ម៉ឺនឆ្នាំជា អាយុក្ខ័យ ។

ប្រទេសសំដៅយកប្រទេស ២ គឺបច្ចន្តប្រទេសនិងមជ្ឈិម ប្រទេសជាធម្មតាព្រះពុទ្ធ ទាំងឡាយមិនដែលត្រាស់ដឹងក្នុងបច្ចន្ត ប្រទេសឡើយ ។ ទ្វីបគឺៈសំដៅយកទី្វបទាំង ៤ គឺ បុព្វវិទេហទ្វីប ១ អមរគោយានីទ្វីប ១ ឧត្តរកុរុទ្វីប ១ ជម្ពូទ្វីប ១ ញោមយកជម្ពូទ្វីបជា គោល ព្រោះទ្វីបនេះអាចរក្សាសាសនាបាន ។ ត្រកូលសំដៅលើត្រកូលក្សត្រ ១ ត្រកូល ព្រាហ្មណ៍ ១ ញោមយកត្រកូលព្រាហ្មណ៍ ពីព្រោះពេលនោះ មនុស្សរាប់អានព្រាហ្មណ៍ ដោយច្រើន ។ មាតា គឺៈ សំដៅយកស្ត្រីណាដែលបានកសាងកុសលប្រាថ្នាជាពុទ្ធមាតា ហើយមានអភិនីហារបារមីគ្រប់គ្រាន់ ។ ពេលនោះ ញោមបានពិចារណាមើលបញ្ចមហាវិលោកនទាំង ៥ ចប់សព្វគ្រប់ ហើយក៏ទទួលពាក្យរបស់ទេវតា និង ព្រហ្មប្តេជ្ញាថានឹងចុះមកកើតជាមនុស្ស បពិត្រព្រះ មហាល័យ ! នៅគ្រានោះឯងនាងវិហារទេវីជាអគ្គមហេសី ស្តេចកាកវណ្ណតិស្សបានមក កើតជា នាងព្រហ្មវតី ញោមបានច្យុតមក កើតក្នុងផ្ទៃនាងព្រាហ្មវតីជាពុទ្ធមាតា ។ ស្តេចកាកវណ្ណមកកើតជាសុព្រហ្មព្រាហ្មណ៍ ជាពុទ្ធបិតា នៅក្នុងត្រកូលព្រាហ្មណ៍ សុទ្ធសាធហើយពុទ្ធបិតានោះជាបុរោហិតរបស់ស្តេចសង្ខចក្រ ។ ស្តេចអភយទុដ្ឋគាមិនី បានមកកើតជាអគ្គ សាវកស្តាំឈ្មោះអសោកមហាថេរ ស្តេចព្រះនាមសទ្ធាតិស្សបានមក កើតជាអគ្គសាវកឆ្វេងឈ្មោះ សុព្រហ្មថេរ ឬ ហៅថា ព្រហ្មទេវមហាថេរ ព្រះសីហថេរជា ពុទ្ធុបដ្ឋាក ។ នាងបទុមាភិក្ខុនីជាអគ្គ សាវកាស្តាំ នាងសុមនាភិក្ខុនីជាអគ្គសាវកឆ្វេង សុទត្តគហបតី ១ សង្ឃគហបតី ១ ជាពុទ្ធសាសនូបដ្ឋាក នាងយសបវតី ១នាងសង្ឃ ឧបាសិកា ១ ជាពុទ្ធសាសនូបដ្ឋាយិកា ញោមចាប់កំណើតក្នុងត្រកូលព្រាហ្មណ៍ ពីព្រោះ សម័យនោះរាប់អានព្រាហ្មណ៍ច្រើន នាងអនុលាទេវីបានមកកើតជានាងចុន្ទមុខី បានមក ជាអគ្គមហេសី របស់ញោម ។

ឯស្តេចសាលីរាជបានមកកើតពុទ្ធបុត្តគឺៈ កូនរបស់ញោម ឈ្មោះព្រាហ្មវតីកុមារ ។ ញោមចេញសាងផ្នួសពីព្រោះតែបាន ឃើញទេវទូតទាំង ៤ ជាបុព្វនិម្មិតគឺៈ មនុស្សជរា មនុស្សព្យាធិ មនុស្សមរណៈ និងភេទបព្វជិត កាលដែលញោមចេញបួសបាន ត្រឹមតែ ៧ ថ្ងៃនឹងបានត្រាស់ដឹងជាព្រះពុទ្ធ នៅកេតុមតីនគរ ត្រាស់ក្រោមដើមខ្ទឹងជាមហាពោធិ ។ ដើមខ្ទឹងនោះកម្ពស់ពីគល់ ដល់មែក ១២០ ហត្ថពីមែកដល់ចុង ១២០ ហត្ថ។ មានមែក ៤ ចេញទៅគ្រប់ទិសទាំង ៤ មែកនីមួយៗ មានប្រវែង ១២០ ហត្ថផ្កា នីមួយៗ ប៉ិនកង់រទេះមានកេសរ ១ នាឡិក្លិនក្រអូបផ្សាយទៅ ចម្ងាយ ៥០០ យោជន៍ ។ បពិត្រព្រះមាល័យដ៏ចម្រើន ! ចំណែកអត្តភាពរបស់ព្រះពុទ្ធកម្ពស់ ៨៨ ហត្ថគឺពី ព្រះបាទារហូតដល់ជង្គង់មាន ២២ ហត្ថហើយ ពីជង្គង់ដល់ផ្ចិត ២២ ហត្ថ ព្រមទាំងពីផ្ចិត ដល់ក្លៀក ២២ ហត្ថពី ក្លៀកដល់ថ្ងាស ២២ ហត្ថនិងមានព្រះជន្មាយុ ៨ ម៉ឺនឆ្នាំដូចមនុស្ស ទូទៅដែរ ។ លុះញោមបរិនិព្វានទៅបានប្រតិស្ឋានសាសនាទុក ៨ ពាន់ឆ្នាំទៀតទុកសត្វ និករប្រតិបត្តិដើម្បីបានមគ្គផល។ កាលបើព្រះគុណម្ចាស់និមន្តត្រឡប់ទៅកាន់ជម្ពូទ្វីបវិញនោះ ខ្ញុំព្រះករុណា សូមផ្តាំ ឲ្យមនុស្សទាំងឡាយ ធ្វើបុណ្យ ឲ្យទាន រក្សាសីលចម្រើនភាវនានាំគ្នាបង្កើតឲ្យទេសនា មហាវេស្សន្តរជាតករាល់ៗ ឆ្នាំហើយអង្គុយស្តាប់ដោយគោរព ព្រមទាំងបូជាគ្រឿងសក្ការៈ ដ៏លើសលប់ ទើបបានកើតទាន់សាសនារបស់ញោមបានត្រាស់ដឹងឰដ៏អនាគតហើយនឹង បានសម្រេចមគ្គផលទៅតាមឧបនិស្ស័យពុំខានឡើយ។

ម៉្យាងទៀត សូមប្រាប់ពួកមនុស្សកុំឲ្យធ្វើកម្មពៀរទាំង ៥ គឺៈ កុំសម្លាប់សត្វ ១ កុំលួចទ្រព្យគេ ១ កុំកន្លងប្រពៃណីកូនចៅប្រពន្ធ ប្តីសីគេ ១ កុំនិយាយកុហក ១ កុំផឹកទឹកស្រវឹងគឺសុរានិងមេរ័យ ១ និងកុំធ្វើអនន្តរិយកម្ម ៥ យ៉ាងគឺៈ សម្លាប់មាតា ១ សម្លាប់បិតា ១ សម្លាប់ព្រះអរហន្ត ១ បំបែកសង្ឃឲ្យបែកគ្នា ១ ធ្វើលោហិតពុទ្ធបាទឲ្យពុះ ពោរ ១ សូមឲ្យពួកមនុស្សមានមេត្តាករុណាផ្សាយ មេត្តាចិត្តដល់សត្វទូទៅ កុំរើសមុខ កុំប្រព្រឹត្តបៀតបៀនឈ្នានីសគ្នា ត្រូវមានសង្គហធម៌រកគ្នាបង្កើតឲ្យមានសាមគ្គីព្រមព្រៀង ស្រឡាញ់គ្នាគ្រប់ពេលវេលា ។ សូមព្រះគុណម្ចាស់ប្រាប់ដល់ពួកមនុស្សទាំងឡាយតាម បណ្តាំរបស់ញោមដូចដែលបានពិត្រលោកម្ចាស់រួចស្រេចហើយ កុំបីខានឡើយ។ តស្មឹ សមយេ ក្នុងសម័យនោះឯង ព្រះសិអារ្យមេត្រីបរមពោធិសត្វបានផ្តាំសព្វ គ្រប់ហើយ ទ្រង់មានព្រះទ័យរីករាយយ៉ាងពន្លឹក ដោយបានធ្វើធម្មសាកច្ឆាធម៌ជាមួយ និង ព្រះមហាល័យ ដោយសេចក្តីស្និទ្ធស្នាលយ៉ាងខ្ពង់ខ្ពស់ អស់ពេលយ៉ាងយូរ លុះចប់ធម្ម សាកច្ឆាហើយ ស្តេចបានកំណត់នូវកាលគួរហើយ ក៏ថ្វាយបង្គំលាព្រះមាល័យដោយ សេចក្តីគោរពនិងលាសម្តេចអមិន្ទ្រាធិរាជព្រមទាំងទេពនិករទាំងអស់ លុះចុះចាកអាសនៈ ដ៏ប្រសើរហើយ ព្រមជាមួយពួកទេពអប្សរជាបរិវារ ហើយឆ្ពោះសំដៅទៅថ្វាយបង្គំព្រះ ចូឡាមណីចេតិយ ៣ ដងដោយផ្ចិតផ្ចង់ ទើបក្រោកឡើងដើរប្រទក្សិណ ៣ ជុំសម្តែង សេចក្តីគោរព និង អាលោះអាល័យជាអតិបរមា ហើយក៏ហោះស្ទុះទៅកាន់អាកាស វេហាស៍ត្រឡប់ទៅកាន់ស្ថានតុសិតវិញដោយសួស្តី ។ ព្រះមាល័យត្រឡប់ពីទេវលោក អថ ច បន ក៏ក្នុងគ្រានោះ ព្រះមាល័យក្រឡេកមើលកិរិយាយាងយាសនៃព្រះ សិអារ្យមានរស្មីរុងរឿងកន្លងពួកទេព្តា ទាំងឡាយជាន់តាវត្តិង្ស និងកន្លងពួកទេពអប្សរជា បរិវារដូចជាព្រះចន្ទពេញវង់ក្នុងថ្ងៃ ១៥ កើតកំពុងត្រាច់ចរកាត់អាកាសកណ្តាលហ្វូងតារា ទាំងឡាយដ៏ច្រើនអនេក ។ ស្តេចហោះគ្រឿនៗ ធ្វើនិវត្តនា ការទៅឆ្ងាយបន្តិចម្តងៗ ដូច ជាព្រះចន្ទលិចចុះទៅក្នុងទិសខាង លិចដរាបបាត់សូន្យឈឹងតែម្តង ។ ព្រះថេរក៏ថ្វាយ ព្រះពរលាសម្តេចអមរិន្ទ ព្រមទាំងទេវតាជាបរិវារទាំងឡាយ ហើយចុះចាកអាសនៈទៅ ថ្វាយបង្គំព្រះចូឡាមនីចេតិយរួចស្រេចកាលណាក៏ និមន្តប្រទក្សិណ ៣ ជុំ ទើបអធិដ្ឋាន ឫទ្ធិធ្វើនិវត្តន៍មកកាន់ជម្ពូទ្វីប វិញបានដល់អាស្រមបទកុដិភ្លាម មានសន្ទុះប្រហែលជាគេ បត់ដៃ ចូលមកប៉ុណ្ណោះ ។ ថេរោ ជម្ពូទីបំ អាគតោ កាលដែលព្រះថេរបានមកដល់ជម្ពូទ្វីបហើយ ក៏បាន និមន្តទៅកាន់សព្វស្រុកតូចធំនិគមជនបទប្រាប់ដល់មនុស្សទាំងឡាយ តាមពាក្យបណ្តាំ របស់ព្រះសិអារ្យមេត្រីបរមពោធិសត្វដោយសព្វគ្រប់ ។ ឯពពួកមនុស្សសប្បុរសទាំង ឡាយ កាលបើបានឮពាក្យបណ្តាំប្រកបដោយកុសលដ៏ថ្លៃថ្លាដូច្នោះក៏មានបីតិសោមនស្ស រីករាយប្រកបដោយ សទ្ធាចេតនាជាញាណសម្បយុត្ត ប្រព្រឹត្តទៅដោយសម្មាទិដ្ឋិជា អតិបរមា ។

បានចងគ្នាជាពួក បក្ស ក្រុម ធ្វើបុណ្យឲ្យទានរក្សាសីល ៥ ទៅសីល ៨ និងអតិរេក សីលចម្រើនមេត្តាភាវនាតាមសទ្ធារៀងៗ ខ្លួនឥតបីធ្វេសប្រហែសឡើយ ហើយបង្កើតឲ្យ មានទេសនាមហាវេស្សន្តរជាតក មួយឆ្នាំម្តងក្នុងទីដ៏គួរនាំគ្នាបូជាសក្ការៈនានាមានទៀន ធូប ចេក អំពៅ ដំឡូង ដូង ស្លា តែ ស្ករ បារី ថ្នាំ ល្មុត ក្រូច ត្របែក ទឹកក្រូច ទឹក ម៉ូណាត់ចម្រុះនីទៅនៅផ្កាភ្ញីគ្រប់ពណ៌គ្រប់ បែបសង្ខេបពិស្តារតាមបសាទសទ្ធាសព្វគ្រប់ រៀងៗ ខ្លួនហើយនៅ ចាំស្តាប់ដោយផ្ចិតផ្ចង់និងគោរពដរាបចប់ ១ ថ្ងៃ ។ លុះកិច្ចសវនាការធម្មទេសនា និងបុណ្យទានណាក៏ដោយ ក៏នាំគ្នាលើកដៃដាក់លើ សិរសា នឹកពិចារណាគុណព្រះរតនត្រ័យ បញ្ចេញសំដីថាៈ ឥមិនា បុញ្ញកម្មេន ដោយ ផលទាននេះ សូមឲ្យបានទាន់សាសនាព្រះសិអារ្យមេត្រិយ ឰដ៏អនាគត ហើយបាន សម្រេចអរហត្ត បដិសម្ភិទាដល់នូវព្រះនិព្វានក្នុងគ្រានោះឯងហោង ។ នៅក្នុងប្រវត្តិរបស់មាល័យនេះ មានពុទ្ធបរិស័ទជ្រះថ្លា និង លោកយ៉ាងក្រៃលែង ដោយសារលោកជាព្រះអរហន្តហើយ ព្រមដែលបានសម្រេចនៅបដិសម្ភិទា មានឥទ្ធិ បដិហារច្រើន លោកអាចមានដំណើរទៅកាន់ទីណាៗ ក៏បានតាមអធ្យាស្រ័យរបស់ លោកនោះឯង ។

ព្រះមហាមាល័យត្ថេរ លោកជាបុគ្គលដ៏ឆ្នើមក្នុងការនិមន្ដ ទៅណាមកណាដោយ ឫទ្ធិ កាលបើលោកបាននិមន្តទៅកាន់ឋាន សួគ៌ទេវតាទាំងអស់តែងតែរីករាយជ្រះថ្លាជា មួយលោក បានប្រាប់ ដំណឹងផ្សេងៗ ដែលពូជនៃបុណ្យទាំងឡាយដែលជាហេតុនាំឲ្យ បានសម្បត្តិផ្សេងៗ គ្នាក្នុងឋានសួគ៌ ព្រោះដោយហេតុតែកាល ទេវតាទាំងឡាយនោះ បានកើតជាមនុស្សហើយក៏បានធ្វើបុណ្យកុសលផ្សេងៗ គ្នាដែរហេតុដូច្នេះឯងបានជាមាន ផលរបស់បុណ្យនោះឲ្យមកពុំស្មើគ្នាជាដើម ។ ដោយឡែកចំពោះឋាននរកវិញ លោកក៏បាននិមន្ដចុះទៅដោយអំណាចឫទ្ធិដ៏ច្រើន ដើម្បីសាកសួរនៅបញ្ហាកម្មដែលសត្វនរកទាំងឡាយទាំងពួងនោះ កាលដែលខ្លួនបាន កំណើតកើតជាមនុស្សហើយ តើបានធ្វើនូវអំពើអាក្រក់បែបណាខ្លះដែលជាហេតុនាំ បណ្ដាលឲ្យសត្វនរកទាំងឡាយនោះ មានកំណើតកើតដោយរងកម្មដ៏ច្រើន ទៅតាមអំពើ របស់ខ្លួនដែលបានសាងនៅក្នុងមនុស្ស លោកនេះ ។

សត្វនរកទាំងឡាយទាំងពួក កាលបើបានព្រះមហាល័យលោកបាននិមន្តទៅដល់ ហើយ កាលណាក៏ជាហេតុបាននាំឲ្យភ្លើងនរកទាំងឡាយស្ងប់រម្ងប់រលត់បានទៅទាំង ទណ្ឌកម្មដែលសត្វទាំងឡាយនោះកំពុងតែទទួលនោះ ក៏ឈប់វិលឈប់ដើរ ដោយ អំណាចនៃឫទ្ធានុភាពរបស់ព្រះមហាមាល័យ ពេលដែលសត្វនរកទាំងឡាយទាំងពួង នោះ បានធូរស្បើយអំពីកម្លាំងកម្ម ដែលត្រូវរងបន្ដិចហើយក៏គ្នាមកសាកសួរអំពីដំណើរ របស់លោកហើយ ព្រមទាំងបានប្រាប់នូវបាបកម្មផ្សេងៗ គ្នា សត្វទាំងអស់នោះបាន កំណើតកើតជាមនុស្សដែលជាឱកាសល្អបំផុត ក្នុងការបំពេញបុណ្យកុសលយ៉ាងច្រើន ប៉ុន្ដែខ្លួនជាអ្នកដែលមិនមានជំនឿ ចំពោះបាបបុណ្យ គុណទោស មានសេចក្តីប្រមាទ ច្រើន ក្នុងកំណើតជាអ្នកមានឱកាសល្អនោះ បែរជាធ្វេសប្រហែសជាហេតុនាំឲ្យមាន វិប្បដិសារីយ៉ាងក្រៃលែង ឥតបីមានអ្វីមកពិពណ៌នាបានឡើយ ។

សម្លេងយំ ដោយវិប្បដិសារីនេះ លាន់ឮទ្រហឹងរំពងគួរសង្វេគក្រៃពេក ពេលវេលា ក្នុងនរកនោះមានច្រើនពេកដែលមិន ដែលជាហេតុមិនអាចឲ្យសត្វនរកទាំងអស់នោះ បានថ្លែងសម្ដែងប្រាប់អំពីបាបកម្មដែលខ្លួនបានធ្វើផង ព្រះមហាល័យត្ថេរលោកក៏ ដល់ ពេលដែលត្រូវត្រឡប់មកកាន់មនុស្សលោកវិញ សត្វទាំងនោះក៏បាននូវសំណោក អាឡោះអាល័យយ៉ាងក្រៃលែងហើយក៏បាន ផ្ដាំទៅកាន់មនុស្សលោកសូមឲ្យជៀសវាង នូវការធ្វើបាបកម្មផ្សេងៗ ដែលជាហេតុនាំឲ្យមានកំណើតក្នុងអបាយភូមិយ៉ាងដូច្នេះ ឡើយ វិប្បដិសារីដែលខ្លួនមានគឺ ដោយសារតែសេចក្តីប្រមាទនោះឯង។

កាលបើសត្វទាំងឡាយទាំងអស់នោះ បានផ្ដាំនូវព្រះមហាល័យត្ថេររួចហើយ លោក ក៏បាននិមន្តមកកាន់មនុស្សលោកវិញ ហើយព្រះអង្គលោក ក៏បានទេសនាប្រៀនប្រដៅ សត្វលោកទាំង អស់ឲ្យបានដឹងចំពោះអំពើអាក្រក់ផ្សេងៗ ជាហេតុយ៉ាងជាក់ស្ដែងក្នុង កាលដែលខ្លួនឯងបានធ្វើនូវអំពើនោះៗ ហើយក៏រមែងមាន កំណើតទៅកើតនៅក្នុងនរក នោះ យ៉ាងជាក់ច្បាស់បានក្នុងកាល នោះមនុស្សទាំងឡាយបាននាំគ្នាធ្វើបុណ្យ ឲ្យទាន និងរក្សាសីល ដោយអំណាចជាកុសលនោះហើយ បានឧទ្ទិសនូវចំណែកបុណ្យទាំងអស់ នោះ ដល់កំណើតសត្វដែលជិតនឹងមានសេចក្តីទុក្ខនិង សត្វដែលកំពុងតែទទួលនៅ សេចក្តីទុក្ខ ហើយខ្លួនឯងក៏ខិតខំរក្សា នៅសេចក្តីសុខដោយធ្វើនៅអំពើជាកុសល បន្ទាប់ អំពីអស់អាយុ ទៅក៏បានទៅកើតនៅឋានសួគ៌តាមយថាកម្មរៀងៗ ខ្លួនទៅ ។

ចប់មាល័យ

&2'

វត្តពោធិ៍វាលបាត់ដំបង ១៥ កើត កត្តិក ព.ស.២៥៥៧

ភិក្ខុយសធរោ ខ្លូត សេងឆាយា