Jump to content

អ្នកប្រើប្រាស់:Vann Socheat

ពីវិគីភីឌា

ប្រវត្តិ បុណ្យវិសាខបូជា

តើពិធីកម្មក្នុងព្រះពុទ្ធសាសនា មានន័យដូចម្តេច? ពិធីកម្មក្នុងព្រះពុទ្ធ សាសនាមានន័យថាជាអំពើទាំងឡាយណា  ដែលគេរៀបចំជាបែបផែននៅក្នុងពិធីបុណ្យនីមួយៗតាម គន្លងព្រះពុទ្ធសាសនា ។ តើប្រភេទនៃពិធី កម្មក្នុងពុទ្ធសាសនាមានអ្វីខ្លះ? ប្រភេទនៃពិធីកម្ម ក្នុងពុទ្ធសាសនាមានដូច ជាបុណ្យវិសាខបូជា បុណ្យមាឃបូជា  បុណ្យកឋិនទាន  និងបុណ្យចូលវស្សា ។

៣.១. ១ . បុណ្យវិសាខបូជា

បុណ្យវិសាខបូជា ជាបុណ្យមួយយ៉ាងធំក្នុង ព្រះពុទ្ធសាសនា  រាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់សម្រាប់រំលឹកដល់ព្រះពុទ្ធ សមណគោត្តមបរមគ្រូ  នាថ្ងៃ ពេញបូណ៌មី ‹‹ គឺ ថ្ងៃ ១៥ កើត ›› ខែ ពិសាខ ដែលពុទ្ធសាសនិក ទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើ សក្ការបូជា ប្រកបដោយ ជំនឿថា ជាមហាកុសលដ៏ប្រសើរ ។

ការដែលប្រារព្ធពិធីបូជា នាថ្ងៃ ១៥ កើត ខែ វិសាខ នេះអាស្រ័យដោយលោកអ្នកប្រាជ្ញខាងព្រះពុទ្ធសាសនា បានកំណត់ទុកក្នុងគម្ពី របឋមសម្ពោធិថា ជាមហាមង្គល អភិលក្ខិត កាល គឺជាថ្ងៃមហាមង្គលត្រូវ នឹងថ្ងៃដែល ព្រះសម្ពុទ្ធបរមគ្រូ៖


១- ទ្រង់ ប្រសូតចាក ឧទរ មាតា

២- ទ្រង់ត្រាស់ ដឹង អនុត្តរសម្មាសម្ពោធិញ្ញាណ

៣- ទ្រង់ រំលត់ខ័ន្ធ ចូលកាន់ ព្រះនិព្វាន

សម្តេចព្រះបរមសាស្រ្តាចារ្យ របស់យើងទ្រង់ប្រសូត ត្រាស់ដឹង និងទ្រង់បរិនិព្វាន សុទ្ធ តែក្នុងថ្ងៃ ពេញបូណ៌មី ខែវិសាខ ទាំងអស់ ប្លែកគ្នាតែឆ្នាំប៉ុណ្ណោះ។ ព្រោះហេតុនោះ ហើយបានជាអ្នកប្រាជ្ញចងក្រងជាគាថាទុក ដូច្នេះថា អាសាឡ្ហបុណ្ណមោក្កន្តោ  វិសាខេ យេវ និក្ខមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិព្វុតោ។

សេចក្តីថា ព្រះពុទ្ធទ្រង់យាងចុះកាន់គភ៌ នៃព្រះវរមាតា ក្នុងថ្ងៃពេញបូណ៌មី ខែអាសាធ ទ្រង់ប្រសូតិ ក្នុងថ្ងៃពេញបូណ៌មី ខែវិសាខ បានត្រាស់ជាព្រះពុទ្ធក្នុងថ្ងៃពេញបូណ៌មី ខែវិសាខ និងទ្រង់ចូលបរិនិព្វានក៏ក្នុងថ្ងៃពេញបូណ៌មី ខែវិសាខ (ផ្សេងតែឆ្នាំ) ។

ព្រះអង្គទ្រង់ប្រសូតិនៅ ថ្ងៃសុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំច វេលាជិតថ្ងៃត្រង់ មុនពុទ្ធសករាជ ៨០ ឆ្នាំ ។ នៅឧទ្យានលុម្ពិនី ព្រៃសាលព្រឹក្ស ចន្លោះនគរទាំងពីរ គឺកបិលពស្តុ និងទេវទហៈ។ ឧទ្យានលុម្ពិនី សព្វថ្ងៃនេះស្ថិតនៅក្នុងប្រទេស នេប៉ាល់  មានចម្ងាយ ២៧គ.ម. ពីព្រំដែននៃប្រទេសឥណ្ឌា ។

ព្រះអង្គទ្រង់ត្រាស់ដឹង នៅថ្ងៃពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា វេលាជិតភ្លឺ មុនពុទ្ធសករាជ ៤៥ ឆ្នាំ ក្នុងព្រះជន្ម ៣៥ ឆ្នាំ។ ទីស្ថានដែលព្រះអង្គបានត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ហៅថា ពុទ្ធគយា ស្ថិតនៅក្នុងរដ្ឋ ពីហា ( Bihar ) ប្រទេសឥណ្ឌា។

ព្រះអង្គទ្រង់ បរិនិព្វាន ក្នុងថ្ងៃ អង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់  វេលាជិតបែក បច្ចូសម័យ មុនពុទ្ធសករាជ ១ថ្ងៃ ក្នុងព្រះជន្ម ៨០ ឆ្នាំគត់ ចន្លោះសាលព្រឹក្សទាំងគូ ក្នុងក្រុងកុសិនារា។ សព្វថ្ងៃនេះទីក្រុង កុសិនារា ត្រូវបានគេហៅថាក្រុង កុសិនាហ្គារ៍ (កុសិនគរ) ឬហៅថាក្រុងកាស្យាស្ថិតនៅក្នុងរដ្ឋឧត្តរប្រទេសរបស់ឥណ្ឌា ។

ជាប្រពៃណី បុណ្យវិសាខបូជា គេតែងនាំគ្នាធ្វើក្នុងពេលរាត្រី ព្រោះតម្រូវទៅតាមពាក្យថាបុណ្ណមីមានសេចក្តីថាខែពេញ បូណ៌មី ។ ម្យ៉ាងទៀតការប្រារព្ធពិធីក្នុងពេល រាត្រី អាស្រ័យដោយលក្ខណៈងាយស្រួល ២យ៉ាង គឺម្យ៉ាងដើម្បី នឹងបានឱកាស អុជ គ្រឿងប្រទីប ជ្វាលា បូជា ភ្លើងអគ្គិសនី ឲ្យភ្លឺ រុងរឿង រន្ទាលច្រាលឆ្អៅផង និងម្យ៉ាងទៀត ដើម្បីបើកឱកាសឲ្យពុទ្ធបរិស័ទបានជួបជុំគ្នា ដ៏ច្រើនកុះករទាំងប្រុស ទាំងស្រី អាចបំពេញ កុសលកម្មនេះដោយសប្បាយរីករាយ ព្រោះ ពេលយប់ជាពេលទំនេរផង។ បុណ្យវិសាខបូជាចាត់ទុកថាជាបុណ្យដ៏ធំ ដោយមានមហាជន ចាស់ ក្មេង ប្រុស ស្រី នៅប្រជុំគ្នាអ៊ូអរ ដោយនាំទៅជាមួយនូវគ្រឿងសក្ការ បូជា មានទៀន ធូប ផ្កាភ្ញី និងប្រទីប ជ្វាលា តូច ធំ អុជ បំភ្លឺព្រោងព្រាត នៅគ្រប់វត្តអារាម ។ តាមទំនៀមទម្លាប់ប្រពៃណី ពុទ្ធបរិស័ទទាំង បព្វជិតទាំងគ្រហស្ថត្រូវដើរដង្ហែរ ប្រទក្សិណ៣ជុំសិន មុននឹងចូលព្រះវិហារ ហើយគេយកទេយ្យវត្ថុរៀបចំដាក់នៅមុខ ពុទ្ធរូប រួច អុជ ទៀន ធូប បូជា ផ្កាភ្ញី ផ្សេងៗ។ គេនាំគ្នា នមស្ការ ព្រះរតនត្រ័យ សមាទាន សីល សា្តប់ពុទ្ធមន្ត ស្តាប់ធម៌ទេសនាអំពីពុទ្ធប្បវត្តិ តាំងពីដើមរហូតដល់ចប់ ព្រះសង្ឃ និង ឧបាសក ឧបាសិកា សូត្រធម៌បទផ្សេងៗ ដូចជា នមោ ៨បទ ឋាន ធំ ៨ កន្លែង ជាដើម នៅយប់នោះគេធ្វើរហូតទល់ភ្លឺតាមលទ្ធភាព វត្តនីមួយៗដើម្បីឲ្យមានបសាទសទ្ធា ចំពោះ ព្រះរតនត្រ័យ កាន់តែខ្លាំងក្លាឡើង។

ប្រវត្តិ បុណ្យវិសាខបូជា

ពុទ្ធបរិស័ទក្នុងប្រទេសទាំងឡាយដែលរាប់ អានព្រះពុទ្ធសាសនា នាំគ្នាធ្វើ វិសាខបូជា នៅថ្ងៃពេញបូណ៌មី ខែពិសាខ រៀងៗមកតាំងពីបុរាណកាល។ តាមការស្រាវជ្រាវគេបានដឹងថាបុណ្យ វិសាខបូជាទំនងជាធ្វើ នៅក្រោយពុទ្ធបរិនិព្វាន ច្រើនរយឆ្នាំ។ គេថា ប្រទេសឥណ្ឌា និងប្រទេស លង្កាបានប្រារព្ធ ពិធីបុណ្យនេះយូរយារណាស់មកហើយ។ ចំណែកប្រទេសសៀម និងប្រទេសខ្មែរ ទើបនឹងចាត់ចែងធ្វើនៅគ្រឹស្តសតវត្សទី ១៩។ នៅក្នុងប្រទេសកម្ពុជា បុណ្យវិសាខបូជា តាមដែលចាស់ ទុំ អ្នកមុខ អ្នកកា ទាំងឡាយដំណាលតៗគ្នាបានឲ្យដឹងថាគេបានផ្តើមធ្វើក្នុងរជ្ជកាលព្រះបាទ សម្តេច ព្រះហរិរក្សមារា (ព្រះអង្គដួង) ដែល គង់នៅក្រុងឧត្តុង្គ ក្នុងពុទ្ធសករាជ ២៣៩៧ គ្រិស្តសករាជ ១៨៥៤ ដោយ មហាប៉ាន ដែលស្តេច សៀម បាន បញ្ជូន មកកាន់ ឧត្តុង្គ តាមសំណើ ព្រះបាទអង្គដួង។ បុណ្យ វិសាខបូជា ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាថ្ងៃ បុណ្យជាតិ របស់ប្រទេសកម្ពុជា ។ នៅឆ្នាំ ១៩៩៩ សមាជិក នៃអង្គការ សហប្រជាជាតិ  ជិត ២០០ ប្រទេស បានអនុម័ត ជាឯកច្ឆន្ទ ទទួលស្គាល់ និងចាត់ទុក បុណ្យវិសាខបូជា របស់ព្រះពុទ្ធសាសនា ជា បុណ្យអន្តរជាតិ។

វិសាខបូជា នេះបុរាណាចារ្យ លោកសំដៅ យក នក្ខត្តឫក្ស ៣ យ៉ាង គឺកំណត់យកត្រង់ថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូទ្រង់ប្រសូត ១, ទ្រង់បានត្រាស់ដឹងនូវ អនុត្តរសម្មាសម្ពោធិញាណ ១ , ទ្រង់ចូលកាន់ព្រះនិព្វាន១ ។  អាស្រ័យហេតុនេះហើយទើបអ្នកប្រាជ្ញបុរាណ លោកកំណត់យកថ្ងៃពេញបូណ៌មី ខែពិសាខនេះទុកជាពិធីធ្វើសក្ការបូជា ជាដរាបរៀងរាបមកទល់គ្នា នឹងសម័យបច្ចុប្បន្ននេះ ។

របៀបធ្វើ វិសាខបូជា

មុននឹងប្រកាសវិសាខបូជា សូមលោក អាចារ្យ  នាំ ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទ នមស្ការ ព្រះរតនត្រ័យ តាមវិធី រតនប្បណាម សង្ខេប ឬពិស្តារ ហើយសមាទានសីល រួចសឹមប្រកាស វិសាខបូជា ដូចតទៅនេះ វិធីប្រកាស វិសាខបូជា (លោក អាចារ្យ  ត្រូវអានមួយឃ្លាម្តងៗ ឲ្យឧបាសក ឧបាសិកា និងពុទ្ធបរិស័ទ ថាតាម) នមោ  តស្ស  ភគវតោ  អរហតោ  សម្មាសម្ពុទ្ធស្ស សូម នមស្ការ  ចំពោះព្រះភគវន្ត មុនី  អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។ សម្មាសម្ពុទ្ធោ វត សោ ភគវា យោ សព្វទុក្ខស្ស បហានាយ ធម្មំ ទេសេតិ តំ សម្មាសម្ពុទ្ធំ អាទរេន នមស្សាម ។ ព្រះភគវន្តមុនីអង្គណា ទ្រង់ត្រាស់សំដែង នូវធម៌ដើម្បីកំចាត់បង់នូវ សេចក្តីទុក្ខទាំងពួង ព្រះភគវន្តមុនីអង្គនោះ ជាព្រះសម្មាសម្ពុទ្ធ ពិតមែន យើងខ្ញុំព្រះអង្គ សូមថ្វាយបង្គំនូវ ព្រះសម្មាសម្ពុទ្ធអង្គនោះ ដោយគោរព ។ (ក្រាបថ្វាយបង្គំម្តង)

និយ្យានិកោ វត សោ ធម្មោ យោ សព្វទុក្ខស្ស បហានាយ ស្វាក្ខាតោ តេន ភគវតា តំ ធម្មំ អាទរេន នមស្សាម ។ ព្រះធម៌ណាដែល ព្រះភគវន្តមុនី អង្គនោះទ្រង់ត្រាស់សំដែងហើយដោយប្រពៃដើម្បីកំចាត់បង់នូវសេចក្តី ទុក្ខទាំងពួង ព្រះធម៌ នោះជាធម៌ស្រោចស្រង់សត្វពិតមែន យើងខ្ញុំព្រះអង្គសូមថ្វាយបង្គំនូវព្រះធម៌ដោយគោរព។ (ក្រាបថ្វាយបង្គំម្តង) សុបដិបន្នោ វត តស្ស ភគវតោ សោ សាវកសង្ឃោ យោ សព្វទុក្ខស្ស បហានាយ បដិបន្នោ តំ សង្ឃំ អាទរេន នមស្សាម ។  ព្រះអរិយ សង្ឃណា លោកប្រតិបត្តិ ដើម្បីកំចាត់បង់នូវសេចក្តីទុក្ខទាំងពួង  ព្រះអរិយ សង្ឃនោះជាសង្ឃសាវ័ក នៃព្រះភគវន្តមុនី អង្គនោះ លោកប្រតិបត្តិដោយ ប្រពៃមែនពិត យើងខ្ញុំ ព្រះអង្គ សូមថ្វាយ បង្គំនូវព្រះអរិយសង្ឃនោះ ដោយគោរព ។ (ក្រាប ថ្វាយបង្គំម្តង) ថ្ងៃនេះជាតិថីពេញបូណ៌មី នៃខែវិសាខ  មានព្រះចន្ទ័ពេញវង់  ត្រូវនឹងថ្ងៃ ដែលព្រះសក្យមុនី  សម្មាសម្ពុទ្ធ ជាបរមគ្រូ  ទ្រង់ប្រសូតទ្រង់បានត្រាស់ជា ព្រះសព្វញ្ញូពុទ្ធ  ប្រាកដឡើងក្នុងលោក និងថ្ងៃដែលទ្រង់ រំលត់ខ័ន្ធ ចូលកាន់បរិនិព្វាន តិថី នេះជា ឧបលក្ខិត សម័យមួយដ៏ ឧត្តមក្នុងព្រះពុទ្ធ សាសនា គឺជាថ្ងៃសម្រាប់ ពុទ្ធមាមកជន  ទាំងបព្វជិត ទាំងគ្រហស្ថ ប្រជុំគ្នាធ្វើសក្ការ បូជា ចំពោះព្រះសម្មាសម្ពុទ្ធ  ព្រមទាំង ព្រះធម៌  ជាបរមពុទ្ធោវាទ  និងព្រះអរិយសង្ឃ ជាសាវ័ករបស់ព្រះអង្គ។

ឥឡូវនេះ យើងទាំងអស់គ្នាជាពុទ្ធសាសនិកជន បានមកប្រជុំគ្នាបានរៀបគ្រឿងសក្ការ បូជាមានទៀន ធូប និង ផ្កា ជាដើមក្នុងទីនេះ ដែលមានព្រះពុទ្ធ រូបស្នង ព្រះអង្គ  ជាប្រធាន  ហាក់ដូចជាព្រះបរមសាស្តា អង្គនោះទ្រង់ស្តេចមកគង់ក្នុងទីចំពោះមុខនៃ យើងទាំងអស់គ្នា យើងខ្ញុំសូមថ្វាយនូវ គ្រឿងសក្ការបូជាទាំងនេះចំពោះព្រះសម្មាសម្ពុទ្ធ ព្រះ អង្គនោះ ព្រមទាំង ព្រះធម៌  និង ព្រះអរិយសង្ឃ  រតនត្រ័យទាំងបី  ដោយសេចក្តីគោរព  ។

បពិត្រ ព្រះសក្យមុនីបរមគ្រូ ព្រះអង្គជាបូជា រហបុគ្គល  របស់ទេវតា និងមនុស្សក្នុងលោកឥតមានបុគ្គលណាមួយ ត្រឹមស្មើ នឹងព្រះអង្គឡើយ ទោះបីព្រះអង្គទ្រង់បរិនិព្វាន បាត់រូបព្រះកាយ អស់កាលដ៏យូរឭអង្វែង ហើយក៏ពិតមែន ប៉ុន្តែទ្រង់បានប្រតិស្ថាន ព្រះវិសុទ្ធោវាទ គឺព្រះធម៌ វិន័យ ដ៏បរិសុទ្ធវិសេស ទុកជាតំណាងព្រះអង្គ ទាំងព្រះគុណ របស់ព្រះអង្គ  ក៏នៅមានប្រាកដ ទាំងព្រះបរម សារីរិកធាតុ នឹងព្រះពុទ្ធរូប ស្នងព្រះអង្គ ក៏នៅមានប្រាកដដែរ សូមព្រះដ៏ មានបុណ្យជាបរមសាស្តាទ្រង់ ព្រះមេត្តា ប្រោសទទួលនូវគ្រឿង សក្ការបូជា ឭរបស់យើងខ្ញុំព្រះអង្គ  ដែលបានរៀបចំថ្វាយក្នុងទីនេះ ដើម្បីជាផលានិសង្សឲ្យយើងខ្ញុំ ព្រះអង្គបានប្រកបដោយ ឥដ្ឋមនុញ្ញផល វិបុលសុខ  និងសេចក្តី ចម្រើនដ៏ធំទូរលាយ អស់កាល ជាអង្វែងទៅ ។ (ក្រាបថ្វាយបង្គំម្តង) វេរគ្រឿង សក្ការបូជា ឥទានាយំ  ភន្តេ វិសាខបុណ្ណមី កាលោ  សម្បត្តោ  តស្ស  អម្ហាកំ ភគវតោ តកាលសទិសេន នក្ខត្តេន យុត្តោ បាតុភវិ ។  តថា ហិ ខោ  អម្ហាកំ  លោកនាយកោ  សោណសំវច្ជរេ  វិសាខបុណ្ណមីយំ សុក្រវារេ គព្ភានិក្ខមនំ បត្វា ច  កុក្កដេ  វិសាខបុណ្ណមីយំ ពុទ្ធវារស្មឹ  សព្វញ្ញុតំ  បត្វា ច សប្បេ វិសាខបុណ្ណមិយំ អង្គារេ  បរិនិព្វានំ បត្វា ច អហោសិ ។ តស្មា មយំ សព្វេ តំ តំ តស្ស នក្ខត្តសមយំ  អនុស្សរន្តោ ឥធ  សមាគតា ឥមេហិ ទីបធូបមាលាទីហិ  សក្ការេហិ  ច  បូជំ ករោម  ធម្មេហិ ច សាធុ  ភន្តេ  ភគវា  សុចិរប្បរិនិព្វុតោបិ ឥមេ អម្ហាកំ ទុគ្គតបណ្ណាការភូតេ បដិគ្គណ្ណតុ សាសនស្សឋិរត្ថាយ  ចេវ  អម្ហាកញ្ច  ទីឃរត្តំ  អត្ថាយ ហិតាយ សុខាយ ។ ព្រះពុទ្ធរូប ស្នង ព្រះអង្គ ក្តីគោរព បពិត្រ ព្រះករុណាទាំងឡាយដ៏ចម្រើន កាលឥឡូវនេះ  ជាថ្ងៃពេញបូណ៌មី ខែពិសាខ ប្រកបដោយ នក្ខត្តសម័យ ដូចសម័យ របស់ព្រះដ៏មានព្រះភាគ ជាម្ចាស់ នៃយើងនោះប្រាកដ។ ត្បិតថាព្រះលោក នាយក ជាម្ចាស់នៃយើងកាលទ្រង់ប្រសូត ចាកគភ៌ (ព្រះមាតា) ក្នុងថ្ងៃសុក្រ ពេញបូណ៌មី ខែពិសាខ ឆ្នាំ ច នោះក្តី ត្រាស់ដឹង សព្វញ្ញុត្តញ្ញាណ ក្នុងថ្ងៃ ពុធពេញ បូណ៌មី ខែពិសាខ ឆ្នាំរកា នោះក្តី   ទ្រង់បរិនិព្វាន ក្នុងថ្ងៃ អង្គារពេញ បូណ៌មី  ខែពិសាខ ឆ្នាំម្សាញ់ នោះក្តី  មានហើយដោយពិត។

ព្រោះហេតុនោះ (កាលឥឡូវនេះ) យើងខ្ញុំ ទាំងឡាយ រឭកនូវ នក្ខត្ត សម័យនោះៗរបស់ ព្រះ អង្គ  ទើបនាំគ្នាមកជួបជុំក្នុងទីនេះ ធ្វើបូជាដោយគ្រឿងសក្ការ ផ្សេងៗមាន ប្រទីប ធូប ទៀន  និងកម្រង ផ្កា ជាដើមផង  បូជា ដោយធម៌ផង ។ បពិត្រព្រះដ៏មានព្រះភាគ ដ៏ចម្រើន សូមព្រះដ៏មានព្រះភាគ ដែលទ្រង់ បរិព្វានហើយសូម្បីអស់កាលជាយូអង្វែង ហើយក្តី សូមព្រះអង្គ ទទួលនូវគ្រឿងបណ្ណាការទាំងនេះដែលទុគ្គត បណ្ណាការរបស់យើងខ្ញុំទាំងឡាយ ដើម្បីធ្វើឲ្យសាសនារុងរឿងស្ថិតស្ថេរទៅផង ដើម្បីជាប្រយោជន៍   និងសេចក្តីសុខផង ដល់យើងខ្ញុំទាំងឡាយ  អស់កាលជាអង្វែងទៅហោង ។

លុះចប់វិធីប្រកាសវិសាខបូជា នេះហើយសូមព្រះសង្ឃ ទាំងអស់នមស្ការ ព្រះរតនត្រ័យតាមវិធីត្រៃប្រណាម និងធម៌ សម្រាប់នមស្ការផ្សេងៗទៀត តាមដែល អាចសូធ្យបានគ្រប់ព្រះអង្គ បន្ទាប់មកទៀត គឺនិមន្តធម្ម កឋិក សម្តែងធម៌ទេសនា។ លុះ ចប់ធម៌ទេសនា ពុទ្ធបរិស័ទ ណាចេះសូធ្យ ធម៌បទផ្សេងៗ ដែលស្របនឹងពិធីបុណ្យនេះ  ដូចជានមោ ៨ បទ និង ធម៌បទ ដែលពិពណ៌នា អំពីពុទ្ធប្បវត្ត ជាដើម ។ ក្នុងកម្មវិធីបុណ្យនេះ ពុទ្ធបរិស័ទគួរតែកំសាន្តតាមផ្លូវ ព្រះធម៌ ឲ្យបានទាល់ភ្លឺ  កុំឲ្យខុសរបៀបពីបុរាណមកផង។