អ្នកម្នាងជាលែង

ពីវិគីភីឌា
ជាលែង
អ្នកម្នាង
រជ្ជកាលរជ្ជកាល ព្រះបាទស្រីជេដ្ឋា
ស្វាមី/មហេសីស្រីជេដ្ឋា
សន្តតិវង្សស្រីជេដ្ឋា
បិតាសម្ដេចចៅពញាហែង
មាតាជំទាវសួស
សុគតគ.ស ១៥២៩

ព្រះម្នាងជាលែង (រជ្ជកាលស្ដេចកន-គ.ស ១៥២៩) ជាព្រះម្នាងរបស់ព្រះបាទស្រីជេដ្ឋា ហើយបានសោយទិវង្គតរួម និងព្រះបាទស្រីជេដ្ឋាទៅ។

ប្រវត្តិ[កែប្រែ]

​ព្រះស្ដេច​កន កាល​តាំងខ្លួន​សោយរាជ្យ​ជា​សម្ដេច​ព្រះ​ស្រីជេដ្ឋា​ក្នុង​ក្រុង​ស្រីសឈរ​រួចហើយ ទ្រង់​ព្រះ​តំរិះ​ថា៖ គួរ​គិត​រក​ជ័យ​ភូមិសាង​នគរ​ជា​ថ្មី ដ្បិត​ផ្លាស់​វង្ស​ថ្មី។ ទ្រង់​ព្រះ​តំរិះ​តែ​ម្ល៉ោះហើយ ក៏​លើក​ពួក​រាជ​សេវកាមហា​យោធាតាម​មាគ៌ា​រង្គាត់​គន់​រក​ទី​ជ័យ​ភូមិពុំ​ត្រូវ​ព្រះរាជ​ហឫទ័យ​ក្នុង​ខេត្ត​ស្រីសឈរ​សោះ។ ស្ដេច​ទៅ​ឯ​ខេត្ដព្រៃវែង ក៏​ពុំ​ត្រូវ​ព្រះរាជ​ហឫទ័យលុះ​ប្រាំបី​ថ្ងៃ​ដល់​ស្ទឹង​ពាម​មេ​ត្រេក ខេត្ដ​បាភ្នំទើប​មាន​ទី​ទំនួល​ស្រួល​ល្អ ទ្រង់​ក៏​ឲ្យ​តាំង​បន្ទាយ ​វាំង​នៅ​ទីនោះបានជា​ជាប់​ឈ្មោះ​នៅ​ទីកន្លែង​បឹង​កំពង់​ចៅហ៊្វា​១ កំពង់​យមរាជ​១ កំពង់​ក្រឡាហោម​១ កំពង់​ចក្រី​១នៅ​ទីនោះឯ​អ្នកស្រុក​អំពី​ស្រុក​កណ្ដាល​ជ្រុំ​ជើង​បាក់ដែង​១ រោងដំរី​ព្រៃនគរ​១ គ្រប់​ទិស​តែង​ត្រេក​មេត្រីមក​ចុះចូល​ទៅ​ថ្វាយ​បណ្ដា​ការ​ច្រើន​ជា​អនេក ទើប​ទ្រង់​ប្រែ​ឈ្មោះ​ទី​ភូមិ​នោះ​ថា មេត្រេក​វិញ។ ទ្រង់​សាង​ព្រះ​នគរ​បាន​ ៨ ​ខែ​ពុំ​ទាន់​សំរេច ស្ដេច​ទ្រង់​ព្រះ​តំរិះ​យល់​ជា​ថ្មី​ថា៖ តាំង​ព្រះ​នគរ​នេះ​ជិត​ដែន​យួន​ណាស់ បើ​យួន​លើក​មក​នឹង​ពិបាក​កេណ្ឌ​ពល​ត​ច្បាំង​ឲ្យ​រួសរាន់​មិន​ទាន់​ការណ៍ ទ្រង់​ជំនុំ​ព្រះ​សេនាបតី​ហើយ ព្រមទាំង​រាជសេវកាមាត្យ មុខមន្ដ្រី ព្រះ​ស្នំក្រមការ​សេនា​យោធា​ទៅ​រក​ទីទៃ​ភូមិ​ក្នុង​ខេត្ត​ត្បូងឃ្មុំ។ លុះ​ដល់ទី​មួយអន្លើ​វាយគង​ហៅ​គ្នា​វាស់​នាទី​ជីកដី​ជា​ស្នាមភ្លោះក​បន្ទាយ​តែ ​៥​ សិន​បួន​ជ្រុង។ កន្លែង​នោះ​មាន​ខ្លះ​មិន​ពេញចិត្ដ​ថា ដ្បិត​តូច​ខ្លះ​ថា​ទីនោះ​មិន​មាន​ជ័យ​ភូមិ​ល្អ​ទេតែ​វាយគង​ហៅ​ប្រជុំ​គ្នា​កាលណា​ស្ដី​ដោល​គ្នា​ថា ព្រោះ​គំនិត​អ្នក​នេះ​យ៉ាងនេះ​អ្នក​នោះ​យ៉ាងនោះ​កើតជា​ជំលោះ​ឈ្លោះ​ចេញ​ដោលគ្នា​វឹកវរ។ លុះ​មាន​រាស្ដ្រ​ទៅ​នៅ​ជាប់​ឈ្មោះ​ហៅ​ភូមិ​អាដោល​គង​ជ័យ បន្ទាយ​វរ​តាម​ហេតុ​ដែល​ជេរ​ដោល​គ្នា និង​វាយគង​រៀង​មក។ កាល​ធ្វើ​បន្ទាយ​នៅ​ទីនោះ​មិន​ស្រុះស្រួល​ហើយ ទើប​ទ្រង់​ពិនិត្យ​ទៅ​ឃើញ​ថាត្រូវ​ទៅ​រក​ទីកន្លែង​មួយទៀតឲ្យ​ជីកដី​ធ្វើ​បន្ទាយ ​៤​ សិន​បួន​ជ្រុងតែ​មិន​ទាន់​ហើយ​ទេ ទ្រង់​ឲ្យ​ឈ្មោះ​ហៅ​បន្ទាយ​ស្រឡប់​ពិជ័យ​នគរ​ធ្វើ​ជិត​នឹង​រួច​ហើយ​ពិគ្រោះ​ទៅ​យល់​ថាតូច​ទាប​ណាស់មិន​សមជា​ក្រុង​ធំមិន​ល្មម​នឹង​ពល​ប្រាំពីរ​ប្រាំបី​ស្បែក​នៅ​បាន​ឡើយ ហើយ​ទីនោះ​ទឹក​ក៏​ពុំ​សូវ​បរិបូណ៌ឃើញ​មាន​ទី​ខាងត្បូង​ទីនោះ​មានចំងាយ​ប្រមាណ​ប្រាំមួយ​ ប្រាំពីរ​សិនមាន​ដី​ទំនាប​ជ្រាប​មាន​ទឹក​មាន​ទួល​ល្អ ជំនុំ​ព្រម​ទើប​រើ​ពិធី​នោះទៅ​តាំង​បន្ទាយ​នៅ​ទីនោះ​បណ្ដោយ​ ២៥ ​សិន ទទឹង​ ១៥ ​សិន កំពស់ ​១៥ ​ហត្ថជា​បន្ទាយ​ស្ដេច​គង់។ ទ្រង់​ឲ្យធ្វើ​បន្ទាយ​មួយទៀត​នៅ​ខាងលិច​បន្ទាយ​ស្ដេច​គង់​នោះ​ចំងាយ​ពីរ​សិន បន្ទាយ​សំរាប់​ចំបាំង​ ទទឹង​បួន​សិន បណ្ដោយ​ប្រាំមួយ​សិន បន្ទាយ​ទាំង​ពីរ​នោះ​កំពស់​ខាងលើ​បី​ព្យាម កំរាស់​ជើងទេ​ប្រាំមួយ​ព្យាម​កំពស់​ម្ភៃ​ហត្ថ ស្នាមភ្លោះ​អម​បន្ទាយ​ដែល​ស្ដេច​គង់​នោះ​ទទឹង​ពីរ​សិន​ជុំវិញ។ ស្នាមភ្លោះ​បន្ទាយ​ចំបាំង​នោះ ​ទទឹង​មួយ​សិន បី​ជ្រុង​គិតតែ​ជ្រុង​ខាងជើង​ត្បូង ឯ​ក្នុង​បន្ទាយ​ស្ដេច​គង់​ទិស​ខាងលិច ទិស​ខាងកើត​បន្ទាយ​ចំបាំង​នេះដាក់​រោង​ដំរី ​រោង​សេះ រោង​ព្រះ​រាជយាន​ក្នុង​បន្ទាយ​ចំបាំង​នោះ​មាន​រោង​ទាហាន ​២២ ​ខ្នងព័ទ្ធ​ជុំវិញ​ក្នុង​បន្ទាយ​ដែល​ស្ដេច​គង់​នោះ មាន​កំពែង​កែវ​បី​ព័ទ្ធ​ជុំវិញ ហើយ​ឲ្យ​សាង​ប្រាសាទ​ពីរសាង​ព្រះ​ចន្ទ​ឆាយា​ ១​ ដំណាក់​ព្រះ​ស្នំ ​២២ ក្នុង​ព្រះរាជ​មន្ទីរ​ធំ​នោះមាន​ក្រឡា​ព្រះ​បន្ទុំ​ធំ​មួយ ក្រឡាព្រះបន្ទុំ​តូច​ ៧​ សំរាប់​តែង​ព្រះ​អង្គ​ទ្រង់គ្រឿង​តាម​ថ្លៃ​ទាំង​ ៧។ ប្រាសាទ​ដំណាក់​ទាំង​ប៉ុន្មាន​សឹងតែ​ឲ្យ​លាប​ម្រ័ក្សណ៍​ជាតិហិង្គលបិទមាស​ឆ្លុះ​រន្ទាល​ច្រាលឆ្អៅ។ ទ្រង់​ឲ្យ​ជីក​ស្រះស្រង់ សួនច្បារ ផ្កា​ស៊ុម​ខាងក្នុង​សំរាប់​ស្រង់ និង​សំរាប់ព្រះ​ស្នំ​ក្រមការ​ងូតទឹក​ខាង​មុខ​កំពែង​កែវ​នោះ។ ទ្រង់​ឲ្យ​ជីក​ស្រះ​ធំ​មួយ​ឲ្យ​ចៅពញា​វៀង​ជីក​ខាងត្បូង ចៅពញា​វាំង​ជីក​ខាងជើង ចៅពញា​ស្រាល​ជីក​ខាងកើត ចៅពញា​លំពាំង​ជីក​ខាងលិច ទំហំ​ស្រះ​នោះ​មួយ​សិន​ប្រាំ​ព្យាម​បួន​ជ្រុង ហើយ​ទ្រង់​ត្រាស់​បង្គាប់​ចៅពញា​ស្រាល​គឺ​ទី​ក្រឡាហោម​ឲ្យ​ចាប់​ត្រី​ព្រួល រ៉ស់ ឆ្ដោរទៅ​លែង​ក្នុង​ស្រះ​ខាងក្នុង​ខាងក្រៅ​តាម​ស្នាមភ្លោះ​បន្ទាយ​នោះ។ ស្រុក​នោះសំបូណ៌​ត្រីមិន​ឲ្យ​ខ្ញុំ​រាជការ​អត់ឃ្លាន ហើយ​ក្នុង​ព្រះរាជវាំង​នោះ ទ្រង់​ឲ្យធ្វើ​ថែវ​ជុំវិញ និង​រោង​ផ្លូវ​ដើរទៅ​មក​មិន​ឲ្យ​ត្រូវ​ថ្ងៃ​ត្រូវ​ភ្លៀង​ទេ។ ខាងក្រៅ​បន្ទាយ​ទាំង​ពីរ​នោះ ទ្រង់​ត្រាស់​ឲ្យធ្វើ​បន្ទាយ​ទាំង​ ៨​ ទិស​សំរាប់ចំបាំង ហើយ​ធ្វើ​ឃ្លាំង​តាំង​ទុក​ក្នុង​បន្ទាយ​ ១៥ ​ខ្នង​សំរាប់ដាក់​ស្រូវ​អង្ករ ត្រីងៀត ត្រីឆ្អើរ និង​ភោជនាហារ​សំរាប់​ចែកចាយ​សេនា​ទាហានរេហ៍ពល​មិន​ឲ្យ​អត់​ឃ្លាន។ សម្ដេចព្រះ​ស្រីជេដ្ឋា​អង្គ​នេះ ព្រះ​អង្គ​ពុំ​មាន​អគ្គមហេសី​ទេ ព្រះ​អង្គ​មាន​ព្រះ​នាង​ជាលែងជា​កូន​សម្ដេច​ចៅពញា​ហែងលើក​ឡើងជា​ស្នំ​ឯក។ ទ្រង់​សព្វព្រះទ័យ​នឹង​ព្រះ​ស្នំ​ឯក​ណាស់ ហើយ​តាំង​ប្អូន​ព្រះ​ស្នំ​ឯក​ជា​ស្នងធ្នឹម​ព្រះ​នគរ។ ឯ​បន្ទាយ​នោះ​មាន​ទ្វារធំ​ ៤ ទ្វារ​តូច​តាម​ជ្រុង​បន្ទាយ​ ៤។ ទ្វារធំ​ខាងកើត​ឲ្យ​ឈ្មោះ ហៅ​ថា ទ្វា​រចក្រឲ្យ​ពញា​ឆ្លូក​រាជការ​នៅ​រក្សា​ជា​ទ្វារ​សំរាប់​ស្ដេច​ឡើង​គង់​ព្រះ​បញ្ជា​ទត​ទិស​នានា។ ទ្វារធំ​ខាងត្បូង​ឲ្យ​ឈ្មោះ​ហៅថា​ ទ្វារ​ស្នង​ទ្រង់ ស្ដេច​ឲ្យ​ស្នង​ធ្នឹម​ព្រះ​នគរ​ជា​ប្អូនថ្លៃ​នៅ​រក្សា​ត្រួតត្រា ហើយ​ជា​សំរាប់​ស្ដេច​ចេញ​ទត​សេនា​ទាហាន​សម​ថ្វីដៃ។ ទ្វារធំ​ខាងលិច​ឲ្យឈ្មោះ​ហៅ​ថា ទ្វារ​រោង​ ស្ដេច​ឲ្យ​ពញា​រោង​រាជភក្ដី​នៅ​ត្រួតត្រា​សំរាប់ស្ដេច​ចេញ​ទត​ដំរី​សេះ​ ព្រះ​រាជយាន។ ទ្វារធំ​ខាងជើង​ឲ្យឈ្មោះ​ហៅ​ថា ទ្វារ​ត្រាច់ឲ្យ​ពញា​ត្រាច់​សារវន្ដ​នៅ​ត្រួតត្រា​សំរាប់​ស្ដេច​នាំ​ព្រះ​ស្នំក្រុម​ការចេញ​ទៅ​ប្រពាត​ព្រឹក្សា​ទាំងឡាយ​ជាទី​កំសាន្ដ​ព្រះរាជ​ហឫទ័យ។ ក្នុង​កំពែង​ព្រះ​វិហារ ស្ដេច​សាង​វត្ដសាង​ប្រាសាទ​មួយ ហើយ​យក​មាស​ខ្មៅ​សាង​ព្រះពុទ្ធរូប​មួយ​ព្រះ​អង្គ​មាន​ព្រះ​ភ្នែន​ ១២​ ធ្នាប់ កំពស់​ ២០ ​ធ្នាប់ តំកល់​ក្នុង​ប្រាសាទ​នោះ។ ទ្រង់​តាំង​នាម​ហៅ​ព្រះ​អង្គ​ខ្មៅ ទ្រង់​តាំង​នាម​ចៅអធិការ​វត្ដ​នោះ​ថា ព្រះ​អរិយញាណ​សាគរ​អាប៉ោរួច​ប្រគេន​រេហ៍ពល​ ៥០០​ នាក់​ជា​សំរាប់​វត្ដ។ ទ្រង់​តាំង​នាម​វត្ដ​នោះ​ហៅ​ថា វត្ដ​ប្រាសាទ ខ្លះ​ហៅ​ថា​វត្ដខ្មៅ។ ឯ​អ្នក​ព្រះ​ម្នាង​ជាលែង​នោះ​សាង​វត្ដ​អារាម​មួយ​ខាងជើង​បន្ទាយ​ពិជ័យ​ព្រៃនគរ។ លុះ​សាង​រួច​ហើយ នាង​ឲ្យ​ជញ្ជូន​សព្វ​ទ្រព្យ​ទាំងពួង​ទៅ​គរ​ថ្វាយ​ព្រះ​រតនត្រ័យ​នៅ​ទីនោះ​បាន​ជាប់​ឈ្មោះ​មក​ហៅ​វត្ដគរ​សព្វ​ថ្ងៃនេះ។ ឯ​ក្រុង​ពិជ័យ​ព្រៃនគរ​នោះ​ទ្រង់​ឲ្យ​សាង​ថ្នល់​មួយ​តំរង់​ទៅ​ខេត្ដ​រោង​ដំរីដើម្បី​ជា​សំរាប់ព្រះ​អង្គ​យាង​ទៅ​ក្រសាល​សមុទ្រ​ថ្នល់​មួយទៅ​វត្ដ​ព្រះ​ធាតុ​ដើម្បី​ជា​សំរាប់ស្ដេច​ព្រះរាជ​ដំណើរ​ថ្វាយបង្គំ​គោរព​ព្រះ​បរម​ធាតុ​ព្រះអរហន្ដ​ថេរ

ក្នុង​ថ្ងៃមួយ​នោះ សម្ដេចព្រះ​ស្រីជេដ្ឋា ព្រះ​ហត្ថា​ម្ខាង​កៅទណ្ឌ ព្រះ​ហត្ថា​ម្ខាង​ទ្រង់​នូវ​ធ្នូ ​២៥ ស្ដេច​នាំ​អ្នក​ព្រះ​ម្នាង​ជាលែង និង​ព្រះ​ស្នំ​ក្រមការយាង​ព្រះបាទា​តាម​ផ្លូវថ្នល់​ទៅ​ថ្វាយបង្គំ​ព្រះអរហន្ដ​ធាតុ​នៅ​វត្ដ​ព្រះ​ធាតុ​តាម​សព្វដង។ ព្រះរាជកិច្ច​នោះ​ដឹង​ដល់​ឧកញ៉ា​យមរាជ​សួសជា​មេទ័ព​ហ្លួង​ខាងលិច ទើប​មេទ័ព​នេះ​ក៏​ចាត់​កងទ័ព​កាំភ្លើង​តូច​ ១០០ ​នាក់​ឲ្យទៅ​បង្កប់​ចាំ​ក្នុងព្រៃ​ដើម្បី​លប​លុក​ព្រះស្ដេច​កន។ លុះ​ព្រះ​ស្រីជេដ្ឋា​ទៅ​ដល់​ទាហាន​កាំភ្លើង​ដែល​ឧកញ៉ា​យមរាជ​សួស​ចាត់​ទៅ​នោះក៏​បាញ់​ត្រូវ​ដាច់​ព្រះ​ពស្ដ្រ​សម្ដេចព្រះ​ស្រីជេដ្ឋា​ ៥ ​គ្រាប់។ សម្ដេចព្រះ​ស្រីជេដ្ឋា​ទ្រង់​ព្រះ​ពិរោធ​ណាស់ ទ្រង់​ទាញ​កៅទណ្ឌ​បាញ់​ទៅ​វិញបាញ់​ម្ដង​ចេញ​ទៅ​ ៥ ​ព្រួញបាញ់ ​៥ ​ដង​ត្រូវជា​ ២៥​ ព្រួញបណ្ដាល​ឲ្យ​ស្លាប់​ពល​ឧកញ៉ា​យមរាជ​សួស​ ២៥​ នាក់ ទ័ព​សល់​ពី​នោះ​មិន​ហ៊ាន​តទៅ​ទៀត ក៏​បែក​រត់ទៅ​ប្ដឹង​ឧកញ៉ា​សួស​វិញតាម​ដំណើរ​គ្រប់​ប្រការ។ ខណៈនោះ​សម្ដេចព្រះ​ស្រីជេដ្ឋា​ក៏​នាំ​ព្រះ​ស្នំ​ក្រមការ​ត្រឡប់​ទៅ​បន្ទាយ​ពិជ័យ​ព្រៃនគរ​វិញ ហើយ​ទ្រង់​ឲ្យ​តែង​ព្រះរាជសារ ហើយ​ចាត់​ឧកញ៉ា​មហាមន្ដ្រី​ទេព​ឲ្យ​អញ្ជើញ​ព្រះរាជសារ​នោះ​ទៅ​ថ្វាយ​ព្រះ​បរមខត្តិយា​មហាចន្ទរាជា​សូម​ទ្រង់ជ្រាប។ រាជទូត​ក៏​ក្រាបថ្វាយបង្គំ​លា​អញ្ជើញ​ព្រះរាជសារ​ទៅ​ដល់​សេនាបតី សេនាបតី​នាំ​ចូល​ទៅ​ថ្វាយ​ព្រះ​បរមបពិត្រ។ ព្រះ​បរមបពិត្រ​ស្ដេច​ទ្រង់​អាល័ក្ស​ថ្លែង​សេចក្ដី​តាម​ព្រះរាជសារ​ថា យើង​ជា​ម្ចាស់ផែនដី​ទិស​ខាងកើត​មាន​ព្រះរាជសារ​សុំ​ឲ្យ​បញ្ឈប់​សង្គ្រាម​ដើម្បី​រាស្ដ្រ​ធ្វើស្រែ ម្ចាស់ផែនដី​ខាងលិច​ក៏​ព្រម​ហើយ។ ឥឡូវនេះ​ហេតុ​អ្វី​ម្ចាស់ផែនដី​ទិស​ខាងលិច​ដែល​ធ្វើ​ជា​ព្រះមហាក្សត្រ​ធំ ហើយ​ស្ដេច​មក​ស្រដី​គ្មាន​ពាក្យ​សត្យ​សោះគឺថា​ឲ្យ​ពល​ទាហាន​ទៅ​លប​បាញ់​យើង ធ្វើ​ដូច​ទ័ព​ចោរ​ប្លន់​ដូច្នេះ? ព្រះបាទ​ព្រះ​បរមបពិត្រ​ខត្តិយាមហា​ចន្ទរាជា ទ្រង់​ពិរោធ​នឹង​កងទ័ព​ដែល​ទៅ​លួច​បាញ់​នោះ​ពន់ប្រមាណ។ ទ្រង់​ត្រាស់​ឲ្យ​សួរ​រកមុខ​ទៅ​ឃើញ​ថា ឧកញ៉ា​យមរាជ​សួស​ឲ្យ​កងទ័ព​ទៅ​លប​បាញ់ ទើប​សេនា​ទាហាន​ក្រុម​រក្សាព្រះអង្គ​ចាប់​យក​ឧកញ៉ា​យមរាជ​សួស​ទៅសំលាប់​ភ្លាម។ ឧកញ៉ា​យមរាជ​ស្លាប់ ហើយ​គ្មាន​នរណា​ហ៊ាន​កប់​សោះលុះ​ខ្មោច​យមរាជ​ហើម​ស្អុយ ទ្រង់​ជ្រាប​ហើយ​ក៏​ត្រាស់​បង្គាប់​ប្រោស​អនុញ្ញាត​ឲ្យ​ញាតិសន្ដាន​យក​ខ្មោច​នោះ​ទៅ​ធ្វើបុណ្យរួច​ត្រាស់​បង្គាប់​ឲ្យ​បញ្ជូន​កងទ័ព​ដែល​នៅ​សេសសល់​ ៧៥ ​នាក់​នោះ​ជា​ពល​រក្សា​ផ្នូរខ្មោច​ឧកញ៉ា​យមរាជ ហេតុនេះ​ហើយ​បាន​ជា​ជាប់​មាន​ពល​សំរាប់​ងារ​យមរាជ​នោះ​រៀង​មក។ ឯ​ទី​ដែល​ឧកញ៉ា​យមរាជ​ស្លាប់​ហើម​នោះ អ្នកស្រុក​ហៅ​ថា ភូមិ​យមរាជ​ហើម តែ​យូរៗ​មក​ក៏​ហៅ​ភូមិ​ហើម​រៀង​មក​ទល់​សព្វ​ថ្ងៃនេះ។ ឯ​ព្រះបាទ​សម្ដេចព្រះ​បរមខត្តិយាមហា​ចន្ទរាជា គ្រា​ដែល​ឈប់​សង្គ្រាម​នោះ ព្រះ​អង្គ​តាំង​បន្ទាយ​នៅ​ភូមិ​ក្ដុល មាន​រេហ៍ពល​សំរាប់​ការពារ​បន្ទាយ​ ១០០០០​ នាក់ហើយ​ព្រះ​អង្គ​ទុក​តែ​សម្ដេចព្រះ​ភគិនេយ្យា​យស​រាជា ​កែវ​នាយក​ និង​សេនា​ទាហាន ​៤០០០ ​នាក់​ឲ្យ​នៅ​រក្សា​បន្ទាយ។ ឯ​ព្រះ​អង្គ​ និង​រេហ៍ពល ​៦០០០​ នាក់យាង​ត្រឡប់​ទៅ​ខេត្ត​ពោធិ៍សាត់​វិញ ហើយ​ព្រះ​អង្គ​ឲ្យឈ្មោះ​បន្ទាយ​ដែល​ព្រះ​អង្គ​គង់​នោះ​ហៅ​ថា បន្ទាយ​ជ័យ វិញ។

ភៀសព្រះកាយ[កែប្រែ]

អស់ពីនោះមក ពញា​ចន្ទ ​មេ​ស្មឹងទទួល​ព្រះ​បន្ទូល​ពិសេស​ហើយ​ក៏​ឲ្យធ្វើ​រោង​រាជវ័តិ និងឆត្រ គ្រឿង​សក្ការៈបូជា ស្លៀក​ស​ស្រេច​ហើយ ក៏​ចូល​ទៅ​ក្នុង​រោង​រាជពិធី​ឧទ្ទិស​ដល់​ខ្មោច​ពញា​មឿង​ថាសុំ​ឲ្យ​ពញា​ជួយ​ឲ្យ​បាន​សំរេច​ដូច​ជួយ​ការណ៍​ក្នុង​ខេត្ត​ ពោធិ៍សាត់។ ក្នុង​គ្រានោះ​បិសាច​ពញា​មឿង​ចូល​សណ្ឋិត​នឹង​មេ​ស្មឹង ហើយ​ប្រាប់​កូន​ទាំង​ពីរ​ថាឲ្យ​យក​ចំបើង​ចង​ជា​រូប​មនុស្ស​ឲ្យ​កាន់​ប្រឆេះ​ឲ្យ​ពួក​ពល​ចេះ​តែ​តាំង​ហ៊ោបាញ់​កាំភ្លើង​ពី​ចំងាយ​ទៅ​សុំ​យើង​កេណ្ឌ​ទ័ព​បិសាច​ទៅ​ជួយ​ឲ្យ​សំរេច។ វេលា​នោះ​កូន​ពញា​មឿង​ទាំង​ពីរ​នាក់ លុះដល់​ពេល​យប់​ហើយឲ្យ​រេហ៍ពល​យក​ចំបើង​ចង​ជា​រូប​មនុស្សរួច​ចង​ប្រឆេះ​នៅ​រូប​ចំបើង​នោះយក​ទៅ​ដាក់​នៅ​ក្បាល​ត្រោក​ជុំវិញ​បន្ទាយ​ព្រះស្ដេច​កន។ ឯ​បិសាច​ពញា​មឿង​ក៏​កេណ្ឌ​ឲ្យ​តាំង​ហ៊ោ​បីដូច​គេ​ប្លន់​យក​បន្ទាយ។ ទ័ព​ស្ដេច​កន​ឮ​ហើយ ក៏​តាំង​តែ​បាញ់កាំភ្លើង ធ្នូ ស្នាចោល​ដុំ​ថ្ម​ពី​ក្នុង​បន្ទាយ​មក​ជា​ច្រើន​រាត្រី។ សម្ដេចចៅហ៊្វា​កៅ​ធ្វើ​តែ​ដូច្នោះ ​១៥ ​រាត្រី។ កងទ័ព​ក្នុង​បន្ទាយ​បាញ់​អស់​ព្រួញ ធ្នូ ស្នានឹង​ជិត​អស់ទាំង​គ្រាប់រំសេវលុះដល់​យប់​គំរប់ ​១៥ ​នោះស្រាប់តែ​ឮ​តាំង​ហ៊ោ​ទូងស្គរ​ក្រោម​ដី និង​លើ​អាកាស​ដូច​រន្ទះ កក្រើក​ទាំង​ព្រះធរណី ធូលី​ក៏​បក់​បោក​ចូល​ភ្នែក។ អស់​សេនា​ទាហាន​ទ្រាំ​ពុំ​បាន​ក៏​បើកទ្វារ​បន្ទាយ​ខាងកើត ហើយរត់ទៅ​ទិស​អាគ្នេយ៍​ប៉ង​ទៅ​ខេត្ត​រោងដំរី​ដើម្បី​ទៅ​ពឹង​ប្រទេស​ចាម​ឲ្យ​ជួយ។ កងទ័ព​បិសាច​បណ្ដាល​អាត្មា​ឲ្យ​ឃើញកងទ័ព​ឈរ​តាំង​ហ៊ោ​តាម​ផ្លូវថ្នល់​ដល់​ទៅ​ខេត្ត​រោងដំរី​នោះ។ ឯ​ព្រះស្ដេច​កន សម្ដេចចៅហ៊្វា​កៅ ចក្រី និង​ស្នង​ធ្នឹម​ព្រះ​នគរ​ជាលន់នាំ​អ្នក​ម្នាង​ជាលែងរត់​ចេញ​តាម​ទ្វារ​ប៉ម​ទិសឦសានដើម្បី​ទៅ​ទិស​ខាងជើង​កាត់​ស្រុក​លាវ។ លុះ​ទៅ​ដល់​ព្រៃ​មួយអន្លើ​ឲ្យ​បោះទ័ព​បង្អង់​នៅ​ទីនោះ យូរ​ទៅ​ជាប់​ឈ្មោះ​បង្អង់​យារៗ​មក ហៅ​ហូរ​ជើង​វាំង។ ទីនោះ​ជា​ព្រៃ​គគីរ​មាន​ដើម​គគីរ​ជា​ច្រើន ព្រះស្ដេច​កន​ឃើញ​ដើម​គគីរ​មួយ​ធំ​ក្រៃ​លែងឲ្យ​បាំង​ស្រមោល​វាស់​ល​មើលឃើញ​ ២៤ ​ព្យាម សំណុំ​ ៩​ ព្យាម ទើប​ព្រះស្ដេច​កន​ប្រឹក្សា​នឹង​អស់​មន្ដ្រី​នាយកង​ទ័ព​ថា ចៅពញា​ចន្ទរាជា​មាន​ទូក​សារាយអណ្ដែត​វែង​តែ​ ១៨ ​ព្យាម ទើប​ព្រះស្ដេច​កន​នឹង​អស់​មន្ដ្រី​នាយកង​ទ័ព​ថា ចៅពញា​ចន្ទរាជា​មាន​ទូក​សារាយអណ្ដែត​វែង​តែ​ ១៨​ ព្យាម។ ដូច្នោះ​គួរ​យើង​ឲ្យ​កាប់​ដើម​គគីរ​ធ្វើ​ទូក​ឲ្យ​បានជា​ស្រេច ហើយនឹង​ឲ្យ​រាជសារ​ទៅ​បបួល​ចៅពញា​ចន្ទរាជា​អុំ​ភ្នាល់​ដាក់​ព្រះ​នគរ។ បើ​មិន​ភ្នាល់ យើង​នឹង​ឲ្យ​រេហ៍ពល​តាំង​ហ៊ោ​ចំអកចំអន់​ឲ្យ​ឈឺចិត្ដ។ បើ​ហ៊ាន​អុំ​ភ្នាល់ទូក​យើង​វែង​ជាង​ដល់​ទៅ​ ៧ ​ព្យាម​នោះគង់​មាន​ជ័យជំនះ​ដោយ​ងាយ​បាន។ គិត​ព្រមព្រៀង​គ្នា​ហើយ ស្ដេច​កន​ក៏​ឲ្យ​រេហ៍ពល​កាប់​ដើម​គគីរ​នោះ​ចាំង​លុង​បានជា​ទូក-ង​មួយ​វែង ​២៥​ ព្យាម ទទឹង ​១២​ ហត្ថទើប​ឲ្យ​ឈ្មោះ​ព្រៃ​គគីរ​នោះ​ហៅ​ថា ព្រៃ​គគីរ​រៀង​មក។ ឯ​ទូក​ដែល​កាប់​បាន​នោះ​សិត​ពុំ​ទាន់​រួច ហើយ​ស្ដេច​កន​ឲ្យ​អូស​យក​ទៅ​ធ្វើ​នៅ​ឯ​បន្ទាយ​សង់រោង និង​សិត​ទូក​នោះ ហើយ​ឲ្យ​សាង​ព្រះចេតិយមួយ​គិត​នឹង​យក​បន្ទាយ​សាង​ថ្មី​នេះ​ជា​មហានគរ។ កំពុង​តែ​សាង​ព្រះ​ចេតិយ​ធ្វើ​បន្ទាយនឹង​សិត​ទូក​នោះ កងទ័ព​បិសាច​ក៏​តាម​ទៅ​សំដែង​ឫទ្ធិ​តាំង​ហ៊ោ​ឮ​សូរសព្ទ​ដូច​ជា​ស្គរ​រន្ទះ​ទាំង​ផែន​ប្រឹថពី។ ស្ដេច​កន ចៅហ៊្វា​កៅ និង​អស់​នាយ​កងទ័ព​មើល​មិនឃើញច្បាំង​ពុំ​កើត ឃើញ​ប្លែក​អស្ចារ្យ​ណាស់ទ្រាំ​ពុំ​បាន​ក៏​នាំ​គ្នា​រត់​ពី​ទីនោះ​ទៅ​ទៀត។ ស្ដេច​កន សម្ដេច​កៅ សម្ដេចចៅពញា​ហែង​រត់​បែក​គ្នា​ទៅ​ចុង​ម្ខាង ឯ​អ្នក​ម្នាង​ជាលែង និង​ចក្រី​នីរត់​បែកផ្លូវ​ទៅ​ទិស​ខាងត្បូង​ទៅ​ដល់​ភូមិ​គោក​ស្រុក ហើយ​ទី​ដែល​បែកផ្លូវ​នោះជាប់​ហៅ​ភូមិ​នាង​ឃ្វាងផ្លូវ​យារៗ​មក​ហៅ​ថា​ភូមិ​ស៊ាងឃ្វាង។ ក្រោយមក​អ្នក​ម្នាង​ជាលែង​រត់ទៅ​ទៀតចូល​ព្រៃ​លេច​វាល​គិត​ថា ក្រែង​ស្ដេច​កន​តាម​រក​ខ្លួន​ពុំ​ឃើញ​ក៏​កាត់សក់​ចង​នឹង​មែកឈើ​នោះ​ប្រាថ្នាឲ្យ​ស្ដេច​កន​ឃើញ​ហើយ​តាម​រក​បាន​ជា​ជាប់​ហៅ​វាល​ចង​សក់​ដល់​សព្វ​ថ្ងៃនេះ។ ត​មក​ទៀត​នាង​ដើរ​ហួស​ទៅ​ទៀត​ត្រូវ​ថ្ងៃ​ក្ដៅ​ណាស់ ខណៈ​នោះ​មាន​សត្វ​ខ្លែង​មួយ​ហ្វូងចំកាង​ស្លាប ហើរ​បាំង​ពីលើ​មិន​ឲ្យ​ក្ដៅ លុះ​មាន​គេ​ទៅ​នៅ​ភូមិ​នោះ​ក៏​ជាប់​ឈ្មោះ​ហៅ​ថា ភូមិ​បង្ហើរខ្លែង។ នាង​ដើរ​ហួស​ទៅ​ទៀត ឃើញ​ត្រពាំង​មួយ​ទឹកថ្លា​ល្អ នាង​ក៏​ចូល​ទៅ​កក់​ក្បាល​នៅ​ទីនោះ លុះ​មាន​គេ​ទៅ​នៅ​ភូមិ​បាន​ជាប់​ឈ្មោះ​ហៅ​ថា ភូមិ​ស្រែ​កក់​រៀង​មក។ នាង​ដើរទៅ​ទៀត​មាន​អូរ​មួយ​នឹង​ដើរ​ឆ្លង​មិន​រួច​នាង​បន់​ដល់​អ្នកតា​បង់បត់សុំ​ឲ្យ​មាន​ទូក​ឆ្លង ពេល​នោះ​អ្នកតា​បង់បត់​តំណែង​ជា​ក្រពើ​មួយ​ឲ្យ​នាង​ដើរ​ជាន់​ឆ្លង​ទៅក្រពើ​នោះ​ប្រែ​ក្លាយទៅជា​ក្រពើ​ថ្ម​រហូត​ដល់​សព្វ​ថ្ងៃនេះ គេ​ហៅ​ថា​ភូមិភាគ​ក្រពើ​រៀង​មក។ នាង​ដើរ​ហួស​ទៅ​ទៀត​រោយ​ជើង​ដើរ​ពុំ​រួចអស់​កងទ័ព​សុំ​ពរ​នាង​នៅ​ទួល​នោះ សព្វ​ថ្ងៃនេះ​ជាប់​ហៅ​ថា​ ទួល​សុំ​ពរ។ លុះ​ដើរទៅ​ទៀតនាង​សួស​ជា​មាតា​នាង​ជាលែង រោយ​ជើង​ដើរ​មិន​រួច ចៅពញា​ចក្រី​នីឲ្យ​យក​សំពត់​ធ្វើ​អង្រឹង ហើយ​យក​ដង​ផ្គាក់​ធ្វើ​ស្នែង​ សព្វថ្ងៃ​នេះ​ជាប់​ឈ្មោះ​ហៅ​ថា ព្រែក​ដង​ផ្គាក់។ តពី​នេះទៅ​ទៀត​ដល់​វាល​មួយ​អន្លើ ធ្លាក់​ខ្នើយ​នាង​សួស​ពី​អង្រឹងបានជា​ជាប់​ឈ្មោះ​ហៅ​ថា វាល​ជ្រុះ​ខ្នើយ។ លុះ​ទៅ​ដល់​អូរ​មួយ​អន្លើ ចោល​ស្នែង​ដែល​សែង​នាង​សួស​នោះ​ទៅ​ក្នុង​អូរ​នោះ​សព្វថ្ងៃ​គេ​ហៅ​ថា អូរ​ចោល​ស្នែង។ ក្នុង​ស្រុក​ត្បូងឃ្មុំ​នោះ​មាន​អុង​ម៉ុង​ពីរ (ដូច​ដែល​យើង​បាន​ពណ៌នា​រួច​មក​ហើយ​ក្នុង​ដើម​នេះ) អ្នកស្រុក​សន្មត​ហៅ​ថា អុង​ម៉ុង​ព្រះ​មហោសថ។ អុង​ម៉ុង​តូច​នោះ​មាន​ទំហំ​ ៧ ​ហត្ថ​បួន​ជ្រុង អុង​ម៉ុង​ធំ​នោះ មាន​ទំហំ​ ១៣ ​ហត្ថ​បួន​ជ្រុង។ ទឹក​ដែល​ហូរ​លើ​អុង​ម៉ុង​នោះធ្លាក់​ទៅ​លើ​ព្រែក​ឆ្លូង​ឆ្ពោះ​ត្រង់​ទៅ​ស្រុក​យួន។ លុះ​ពេល​សែង​នាង​ទៅ​ដល់​អុង​ម៉ុង​នោះ​សំរាកមួយសន្ទុះ នាង​ទៅ​ពួន​ក្នុង​ហោង​តូច សព្វ​ថ្ងៃនេះ​គេ​ហៅ អុង​ម៉ុង​តូច​នោះ​ថា ហោង​ពល​សែង។ លុះ​ឃើញ​ថា​ស្ងប់ស្ងាត់​គ្មាន​កងទ័ព​លើក​តាម​ទេ នាង​នាំ​បក្សពួក​ទៅ​ដល់​ហោង​អុង​ម៉ុង​ធំ​នោះ នាង​សួស​ទាំង​កូន និង​ម្ដាយ​ចូល​ទៅ​ពួន​ក្នុង​អុង​ម៉ុង​នោះ សព្វថ្ងៃ​គេ​ហៅ​ថា ហោង​ពួន។ ពួក​នេះ​ហួស​ទៅ​ខាងកើត​បាន​ជួបជុំ​ព្រះស្ដេច​កន សម្ដេច​កៅ។ ស្ដេច​កន​ជំនុំ​គ្នា​នឹង​ធ្វើ​បន្ទាយ​ទៀត តែ​ធ្វើ​មិន​កើត លុះ​មាន​គេ​ទៅ​នៅ​ភូមិ​នោះ​ជាប់​ឈ្មោះ​ថា​ភូមិ​ស្រែ​បន្ទាយ។ រត់​ពី​នោះ​ទៅ​ទៀត​ដល់​វាល​មួយ​វែង​បណ្ដោយ​ទៅ​ខាងកើត ក្រោយមក​មាន​គេ​ទៅ​នៅ​ស្រែ សព្វ​ថ្ងៃនេះ​ជាប់​ហៅ​ឈ្មោះ​ភូមិ​ស្រែ​វែង។ រត់​ទៅ​ទៀត​ច្រឡំ​ផ្លូវ​លោជា​គេច​ទៅ​ឦសាន​ព្រៃ​ដែល​មក។ ក្រោយមក​មាន​គេ​ទៅ​នៅ​សព្វ​ថ្ងៃនេះ​ហៅ​ថា ភូមិ​រលា​រៀង​មក។ បក្សពួក​ស្ដេច​កន​នាំ​គ្នារត់ទៅ​ទិស​ខាងកើត​ទៀត​ជួបនឹង​ស្វា​ស​មួយ ​ស្វា​នោះ ​ក៏​បេះ​ផល្លានុផល​ទំលាក់​មក​ឲ្យ​ក្រោយមក​គេ​ទៅ​រានភូមិ​នៅ​សព្វ​ថ្ងៃនេះ​ជាប់​ជា​ភូមិ​ស្វា​ស។ រត់​ទៅ​ឯកើត​ទៅ​ទៀត ដល់ចំការពោត​មួយអន្លើ ម្ចាស់​ចំការ​ឈ្មោះ​ថៅកែ យក​ពោត​មក​ថ្វាយ​ស្ដេច​កន ហើយ​ស្ដេច​កន​ឲ្យ​ពរ​ថាឲ្យ​រកស៊ី​កើត​កាល​វាលគុម្ព។ លុះ​ក្រោយមក​មាន​គេ​ទៅ​នៅ​គេ​ហៅ​ថា ភូមិ​ជីកែ ​រៀង​មក។ រត់​ទៅ​ទិស​ខាងកើត​ស្ដេច​នឹង​នាង​អស់កំលាំង​ណាស់ អស់​ពួក​ពល​ឃើញ​ថ្ម​មួយ​ដុំ​ចាំង​ធ្វើ​ជា​គ្រែ បណ្ដោយ​ ៦​ ហត្ថ កំពស់ ​១​ ហត្ថ ទទឹង ​៣ ​ហត្ថ​ថ្វាយ​ស្ដេចផ្ទុំ​លុះ​ក្រោយមក​មាន​គេ​ទៅ​រាន ភូមិ​នៅ​គេ​ហៅ​ ភូមិ​ថ្ម​គ្រែ។ ឯ​សម្ដេចចៅពញា​ហែង នាង​ជាលែង ចៅពញា​ស្រាល ចៅពញា​លំពាំង​នោះ​នៅ​ជាមួយ​នឹង​ព្រះស្ដេច​កន​ធ្វើ​បន្ទាយ​រាយ​ល្បាត​យាម​ក្នុង​ព្រៃ​នោះ តែ​ជិត​កើតជា​បន្ទាយ​កាលណា​ក៏​ចេះ​តែ​ឮ​សូរដូច​ជា​កងទ័ព​គេ​លើក​ទៅ​ចោម។ ដូច្នោះ​ហើយ​ស្ដេច​កន​ក៏​នាំ​គ្នា​ជិះ​ដំរី​ទៅ​ជ្រក​ក្នុង​ព្រៃ​មួយ​ក្រោយមក​មាន​គេ​ទៅ​នៅ​គេ​ហៅ ​ភូមិ​ដំរី​ជ្រាប។ រត់​ពី​នោះ​ទៅ​ទៀត​ស្ដេច​កន​ជួប​មេមត់​ម្នាក់​ល្បី​ថា​ឆុត​ណាស់ ស្ដេច​កន​ឲ្យ​បញ្ជាន់​សួរ​ពី​សុខ​ឬ​មិន​សុខ។ មេមត់​នោះ​ឆ្លើយ​ថា ពុំ​សុខ​ទេ បើ​ចង់​សុខ​ឲ្យ​ទៅ​សុំ​ទោស​ហ្លួង​ខាងលិច ក្រោយមក​នោះ​មាន​គេ​ទៅ​នៅ​ទីនោះ​ក៏​ជាប់​ហៅ​ថា ភូមិ​មេមត់​ រៀង​មក។ រត់​ពី​នោះ​ទៅ​ទៀត​ដល់​ព្រៃ​មួយអន្លើ ពួក​យាម​គ្មាន​ឫស្សី​ធ្វើ​ត្រដោក តែ​ឃើញ​ផ្ទាំង​ថ្ម​មួយ​មាន​រូង​ពួក​យាម​ក៏​វាយ​ថ្ម​នោះ​ខ្ទ័រ​ដូច​ស្គរ​ដូច​ ត្រដោក។ ក្រោយមក​មាន​គេ​ហៅ​ឈ្មោះ​ភូមិ​នោះ​ថា ភូមិ​ត្រដោក។ រត់​ទៅ​ទៀត​ស្ដេច​កន​ឃើញ​ទន្លេ​ចាម​មាន​ទឹក​ហូរ​ចុះ​ទៅ​ស្រុក​ព្រៃ ក៏​ឈប់​ទ័ព​នៅ​ទីនោះ។ មាន​កំពង់​ចុះ​ងូត​ដងទឹក​នោះ​ដោយ​ខ្លួនមាន​ឈ្មោះ​កំពង់​នាង​ជាលែង កំពង់ហ្លួង កំពង់​សម្ដេចចៅពញា​ហែង​រៀង​មក។ លុះ​នៅ​ទីនោះ​យូរ​ទៅ​សម្ដេចចៅពញា​ហែង ជំទាវ​សួសក៏​មាន​ជំងឺ​ហើយ​អនិច្ចកម្ម​ទៅ នៅ​តែម​ន្ដ្រី​សេនា​ទាហាន​ជាន់​តូចៗ និង​រេហ៍ពល​ប្រាំ ឬ​ប្រាំមួយ​រយ​នាក់ ទើប​ព្រះ​ស្រីជេដ្ឋា​ជំនុំ​នឹង​រេហ៍ពល​ទាំងឡាយ​ថា យើង​រត់​មក​នោះ​ឆ្ងាយ​ណាស់ ស្បៀងអាហារ​ក៏​តិច​ណាស់ កេណ្ឌ​រេហ៍ពល​ថែម​ទៀត​ក៏​ពុំ​បាន។ យើង​យល់​ថា ព្រះ​ចន្ទរាជា​ទៅ​ខេត្ត​ពោធិ៍សាត់ទៅ​ហើយ នៅ​តែ​ពញា​យសរាជា​នោះ​ជា​ក្មួយ​អញ​បង្កើត ដូច្នោះ​បើ​ទុក​ជា​ម្ដេច​ម្ដា ក៏​ចៅពញា​យសរាជា​មិន​យកទោស​អញ​ទេ ទ្រង់​ឲ្យ​អញ​ធ្វើ​ជា​សម្ដេចជា​សម្ដេច​ចៅហ៊្វា​ដែរ ហើយ​ពួក​ឯង​រាល់គ្នា​គង់​បាន​សេចក្ដីសុខ​ដែរ។ ការណ៍​ដែល​ឯង​មាន​គុណ​គាប់​នឹង​អញ អញ​និង​ទំនុក​បំរុង​បាន​ដោយ​ងាយ។ អញ​យល់​ថា យើង​ចាក់ចោល​គ្រាប់រំសេវ​ឲ្យ​អស់ ហើយ​សុំ​ចុះចូល​វិញ​ឃើញ​ថាបាន​សេចក្ដីសុខ​ប្រសើរ​ជាង។ អស់​ពល​ក៏​យល់​ព្រម​តាម សព្វថ្ងៃ​ទីនោះ​ហៅ​ថា ភូមិ​ជំនុំ​ រៀង​មក។ ព.ស​ ២០៦៩, គ.ស ​១៥២៥, ម.ស​ ១៤៤៧, ច.ស ​៨៨៧ ឆ្នាំរកាសប្ដស័ក សម្ដេចព្រះ​ស្រីជេដ្ឋាគឺ​ព្រះស្ដេច​កនបាន​ចាក់ចោល​គ្រាប់រំសេវ ហើយ​ក៏​នាំ​រេហ៍ពល​មក​ដល់​វត្ដ​គរ​ដែល​ព្រះ​នាង​ជាលែង​សាង​នោះ។ នៅ​ទីនោះ​ស្ដេច​កន​ឲ្យ​រេហ៍ពល​ជីក​ស្រះ​មួយ​នៅ​ផ្នែក​កើត​ព្រះ​វិហារ​ទុក​ជាទី​សំរាប់​វត្ដ។ ក្រោយមក​ស្ដេច​កន​នាំ​រេហ៍ពល​ទៅ​ទិស​ខាងជើងដល់​វត្ដ​មួយ​ដែល​សម្ដេច​ចៅពញា​ហែង បិតា​ព្រះ​ម្នាង​ជាលែង​សាង​នោះ​ឲ្យឈ្មោះ​ជាប់​នឹង​វត្ដ​ដែល​សាង​នោះ​ហៅ​ថា វត្ដ​គរ​ការ​ទួល​តា​ហែងតាម​នាម​សម្ដេច​ហែង។ រួច​ចេញ​ទៅ​ខាងលិច​ភូមិ​ព្រះ​អង្គ​ឲ្យ​ជីក​ស្រះ​មួយ​បណ្ដោយ​ប្រវែង​ ៥០​ ព្យាម ទទឹង​ ២៥ ព្យាម ហើយ​សាង​វត្ដ​មួយ​សាង​ព្រះពុទ្ធរូប និង​ដើម​រកា ​៥ ​ព្រះ​អង្គ​បាន​ដាក់​ឈ្មោះ​ហៅ​ថា វត្ដ​ភូមិ​រកា​ព្រះ​ប្រាំ​រៀង​មក។

សោយទិវង្គត[កែប្រែ]

ឯពញាមន្ដ្រីអរជូនកែ មេគយទទួលដំណឹងនេះហើយ ក៏កេណ្ឌពលចោមចាប់បាននាងជាលែង និងស្ដេចកន។ ស្ដេចកនស្រែករោទិ៍ជាខ្លាំងហើយថា «អញមិនគួរជាឲ្យគេចាប់បានសោះ»។ ឯពញាមន្ដ្រីអរជូនកែជាមេគយ កាលចាប់ដាក់ក្ដីស្ដេចកន និងនាងជាលែងបានហើយគិតថា បើអញនាំទៅទាំងរស់សម្ដេចព្រះភគិនេយ្យោយសរាជានោះ ត្រូវជាក្មួយស្ដេចកនផង កាលណានឹងហ៊ានសំលាប់ស្ដេចកនត្រូវជាឪពុកមា។ បើអញពុំហ៊ានសំលាប់ ហើយតែកាលណាស្ដេចលែងខ្លួនវា ចិញ្ចឹមវាឲ្យធំមុខជាយើងនឹងស្លាប់ទាំងអស់គ្នាវិញពុំខាន។ លុះគិតយល់ព្រមគ្នាវិញហើយអរជូនកែ ក៏កាត់យកក្បាលស្ដេចកន និងនាងលែងដាក់ជាល ព្រមទាំងឲ្យប្រហារជីវិតទាំងអស់ស្ម័គ្របក្រពួក ២៥ នាក់ទៀត។ ឯព្រៃដែលគេចោមចាប់ស្ដេចកននោះ សព្វថ្ងៃគេហៅថា ព្រៃចំណោម ហើយត្រង់កន្លែងដែលស្ដេចកនស្រែករោទិ៍នោះ សព្វថ្ងៃគេហៅថាព្រៃទំរនរោទិ៍យារៗមកគេហៅថា ព្រៃរោទិ៍។ ត្រង់កន្លែងដែលថា មិនគួរចាប់បាននោះ គេហៅថា ព្រៃមិនគួរ យារៗមកគេហៅថា ព្រៃជើងគួរ។ ឯសម្ដេចព្រះភគិនេយ្យោយសរាជាជា កែវនាយក ព្រះអង្គមានកងទ័ព ៤០០០ នាក់ឯខាងស្ដេចកនមានកងទ័ពដល់ទៅ ៧ ស្បែក គឺ ១៤០០០០ នាក់។ ស្ដេចនឹងលើកវាយបន្ទាយនោះ ពលតិចក្រែងថ្លស់ការណ៍ ដ្បិតបន្ទាយនោះធំណាស់ ហើយខ្ពស់ផង ទាំងរេហ៍ពលក៏ច្រើនណាស់ទៀត។ ព្រះអង្គឲ្យរេហ៍ពលជញ្ជូនតែរូបចំបើង និងប្រឆេះទៅអុជតាំងហ៊ោនៅក្បាលត្រោករាល់ៗយប់។ ទាហានក្នុងបន្ទាយពិជ័យព្រៃនគរ ក៏បាញ់កាំភ្លើង ធ្នូ ស្នាតគ្នាយូរមកទៀត ស្រាប់តែបាត់ពុំឃើញមានឮសូរកាំភ្លើងបាញ់ចេញពីក្នុងបន្ទាយទាំងចៅពញាតេជោ ពញាសួគ៌ាលោកក៏នាំក្បាលចៅហ៊្វាកៅ និងចក្រីនី ហើយនិងក្បាលចៅពញាវៀង ចៅពញាវាំង មកថ្វាយចំណែកឧកញ៉ាចក្រីទេព កូនពញាមឿងក៏ក្រាបទូលថាក្នុងដប់យប់នោះ ពុំមានទ័ពខ្មាំងបាញ់តមកពីក្នុងបន្ទាយទេគឺឃើញតែមនុស្សរត់ចេញពីក្នុងបន្ទាយទាំងយប់ទាំងថ្ងៃពុំដែលដាច់។ ខណៈនោះ សម្ដេចចៅពញាយសរាជាភគិនេយ្យោជាកែវនាយកទ្រង់ជ្រាបហើយមានព្រះបន្ទូលប្រឹក្សានឹងនាយកងទ័ពថា អ្នករាល់គ្នាចំពោះការនេះយល់ដូចម្ដេចខ្លះ? មេកងខ្លះទូលថា ការណ៍នេះគឺថា ព្រះស្ដេចកនធ្វើឧបាយកលឲ្យយើងទៅឲ្យស៊ុនខ្លួនដើម្បីគេចោមព័ទ្ធយើង។ ខ្លះថា ព្រះស្ដេចកនវាឃើញកងទ័ពយើងតិចបានជាវាបន្ថយកងទ័ពខ្លះចេញ។ ក្នុងវេលាកំពុងជំនុំគ្នានោះ បណ្ដាលឲ្យព្រះទ័យនៃព្រះអរិយបញ្ញាសាគរអាប៉ៅ ចៅអធិការដែលរក្សាវត្ដប្រាសាទក្នុងឲ្យយល់ថា អាត្មាអញនឹងនៅបង្អង់ពុំថ្វាយព័ត៌មានទៅហ្លួងខាងលិចទេ តែហ្លួងខាងលិចចូលនគរបាន ហ្លួងនឹងយកទោសដល់អាត្មាអញជាពុំខាន។ គិតយល់ដូច្នោះហើយ ព្រះអង្គឡើងគង់លើគ្រែឲ្យរេហ៍ពលសែងបាំងសម្បទានមានពលហែមុខក្រោយ ៥០០ នាក់ និងភិក្ខុសាមណេរ ១៦០ អង្គហែសម្ដេចព្រះអរិយបញ្ញាសាគរអាប៉ោចេញពីបន្ទាយពិជ័យព្រៃនគរតំរង់ទៅបន្ទាយក្ដុល។ លុះទៅដល់ហើយលោកឲ្យភិក្ខុជាសិស្សានុសិស្សទៅប្ដឹងសេនាបតីក្រាបបង្គំទូលសម្ដេចយសរាជាជាកែវនាយក។ ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ឲ្យនិមន្ដលោកចូលទៅក្នុងព្រះពន្លា ទើបសម្ដេចព្រះអរិយបញ្ញាសាគរអាប៉ោថ្វាយព្រះពរថាស្ដេចកនបែកបន្ទាយរត់ចោលបន្ទាយទៅ ខែហើយដោយភ័យនឹងសូរសព្ទសន្ធឹកខាងក្រោមដី លើអាកាសដាស់ព្រះធរណី ដូចជារន្ទះជាអចិន្ដ្រៃយ៍។ ហេតុនេះអាត្មាភាពមកថ្វាយព្រះពរសូមទ្រង់ជ្រាប។ សម្ដេចព្រះយសរាជាជាកែវនាយក ទ្រង់ព្រះអំណរណាស់ ហើយទ្រង់ត្រាស់ថា ឧកញ៉ាចក្រី ចៅពញាសួគ៌ាលោក ក្រាបទូលនេះ ឃើញថាពិតណាស់។ ត្រាស់តែម្ល៉ោះហើយ ព្រះអង្គក៏លើកយោធាចូលទៅប្រថាប់ក្នុងបន្ទាយពិជ័យព្រៃនគរ ទ្រង់ទតប្រាសាទព្រះរាជវាំងសួនច្បារ ផ្កា ដំណាំ ព្រះដំណាក់ ឃ្លាំង និងរោងដំរី សេះទាំងប៉ុន្មានទ្រង់ស្ញើចទន់ព្រះហឫទ័យទ្រង់ត្រាស់សរសើរថា ព្រះស្ដេចកននេះមានបុណ្យអស្ចារ្យណាស់ ហើយត្រាស់ឲ្យរឹបរើយករបស់ទ្រព្យទាំងនោះចាត់បំរើឲ្យនាំទៅក្រាបទូលថ្វាយព្រះបរមរាជបិតុលាឯបន្ទាយខេត្តពោធិ៍សាត់ ហើយសម្ដេចព្រះយសរាជាជាកែវនាយក ទ្រង់ប្រោសឲ្យសម្ដេចព្រះអរិយបញ្ញាសាគរអាប៉ោឲ្យរួចទោសឲ្យគង់ទីគ្រងពលសំរាប់វត្ដដូចដើម។ ទ្រង់ចាត់នាយកកងទ័ពឲ្យលើកតាមចាប់ព្រះស្ដេចកនឲ្យបាន ហើយត្រាស់ឲ្យដាក់គយល្បាតស្ទាក់រកចាប់គ្រប់អន្លើ។ ឯពញាមន្ដ្រីអរជូន លុះធ្វើគុតស្ដេចកន និងនាងជាលែង ព្រមទាំងសេនាទាហាន ២៥ នាក់រួចហើយ ក៏ឲ្យធ្វើជាលដាក់ក្បាលទាំងអស់នាំយកទៅថ្វាយសម្ដេចព្រះភគិនេយ្យោ កែវនាយកក្នុងបន្ទាយពិជ័យព្រៃនគរ។ ឯសម្ដេចព្រះយសរាជា ជាកែវនាយកព្រះអង្គស្គាល់ហើយ ឲ្យយកក្បាលស្ដេចកន និងម្នាងជាលែងធ្វើបុណ្យបូជាព្រះភ្លើងសាងព្រះចេតិយដាក់ក្នុងវត្ដប្រាសាទដោយហេតុជាប់សាច់សាលោហិតខាងព្រះអង្គ ហើយទ្រង់ប្រោសលើកទោសអស់អាណាប្រជានុរាស្ដ្រដែលចូលក្បត់ជាមួយនឹងស្ដេចកនទាំងប៉ុន្មានៗនោះឲ្យរួចទោសទៅរកស៊ីដូចប្រក្រតី។ បណ្ដារាស្ដ្រផងទាំងពួងក៏មានចិត្ដត្រេកអរសោមនស្សនាំគោ ក្របី ដំរី សេះរបស់ខ្លួនយកមកក្រាបទូលថ្វាយដោយស្រលាញ់ព្រះរាជហឫទ័យបុណ្យបារមីជាអនេក។ ឯពញាមន្ដ្រីអរជូនកែដែលមានគុណបំណាច់កាត់ក្បាលស្ដេចកននាងជាលែងនោះ ទ្រង់តាំងចៅហ្វាយស្រុកខេត្ដត្បូងឃ្មុំថែមជាថ្មីទៀតជាចៅពញាអរជូនចាប់បាន