ឧកញ៉ាលំពាំងទេព

ពីវិគីភីឌា
Jump to navigation Jump to search
ឧកញ៉ាលំពាំងទេព

កាន់តំណែង
១៥១៦ – ១៥១៩
អង្គក្សត្រ ស្រីជេដ្ឋា
អ្នកស្នង ចៅពញាលំពាំងពេញ

ឧកហ្លួងនៃក្រុងស្រឡប់ដូនតីពិជ័យព្រៃនគរ
កាន់តំណែង
១៥១២ – ១៥១៦
ព័ត៌មានលំអិត
កើត ទេព
ស្លាប់ ១៥១៩
សាសនា ពុទ្ធសាសនាថេរវាទ

ឧកញ៉ាលំពាំងទេព (១៤??-១៥១៩) (ឧកញ៉ា ជាឋានៈស្មើ រដ្ឋមន្ត្រី, លំពាំង ជាងារ រឺ នាទីស្មើនឹងចក្រី, ទេព ជាឈ្មោះផ្ទាល់) ចៅពញានៅ មានឋានៈជាឧកញ៉ាលំពាំង ត្រូវនឹងឧកញ៉ាចក្រី លោកត្រូវជាបងប្អូនជីដូនមួយខាងមាតារបស់ព្រះស្ដេចកនម្នាក់ ហើយក៏ជាមេទ័ពរបស់ទ្រង់ផងដែរ។

ប្រវត្តិ និង កិច្ចការសឹក[កែប្រែ]

រំដោះខែត្រក្នុងកណ្ដាប់ដៃចន្ទរាជា[កែប្រែ]

ព្រះស្រីជេដ្ឋាតាំងខ្លួនជាម្ចាស់ផែនដីលុះដល់មកឆ្នាំជូត អដ្ឋស័ក ព.ស. ២០៦០, គ.ស. ១៥១៦, ម.ស. ១៤៣៨, ច.ស. ៨៧៨ សម្ដេចព្រះស្រីជេដ្ឋា ព្រះអង្គសោយរាជ្យបាន ៤ ឆ្នាំ។ លុះទ្រង់ជ្រាបថា "សម្ដេចចៅពញាចន្ទរាជាវាយយកខែត្រខាងលិច ប៉ែកខាងជើងបានហើយ ហើយបានសំលាប់ចៅហ្វាយស្រុកជាច្រើនផង មិនតែប៉ុណ្ណោះ ទាំងពញាចក្រីកែវក៏ស្លាប់ ទាំងសម្ដេចចៅហ៊្វាកៅជាមា ក៏មានរបួសជាទំងន់ទៀត។" ទ្រង់មានព្រះវិតក្កទុក្ខទោមនស្សណាស់ រហូតដល់ទ្រង់ព្រះកន្សែងសោកស្ដាយជាខ្លាំង។ លុះសោយសោកហើយ ទ្រង់មានព្រះតំរិះពីការសង្គ្រាម សព្វប្រការ ទើបទ្រង់ត្រាស់បង្គាប់មុខមន្ត្រីឱ្យចេញទៅកេណ្ឌទ័ព។ លុះមន្ត្រីកេណ្ឌបានរេហ៍ពល ត្រើយខាងកើត ១២០០០០ នាក់ហើយ ទ្រង់ចាត់បំរើសេះឱ្យទៅតាមកងទ័ពចៅពញាឧទ័យធិរាជថ្មី ដែលឱ្យទៅស្កាត់ផ្លូវ សម្ដេចចៅពញាចន្ទរាជាពីផែនបាត់ដំបងនោះឱ្យនាំកងទ័ពត្រឡប់មកវិញ " ចៅពញាឧទ័យធិរាជ នាំរេហ៍ពល ៥០០០០ នាក់ទៅជួបជុំគ្នានឹងមេទ័ពឯទៀតនៅបន្ទាយភ្នំពេញ ហើយក៏ចាត់ចែងតែងដាក់រេហ៍ពលឱ្យផ្លាស់ប្ដូរគ្នានៅរក្សាទីបន្ទាយ។ ចៅពញាតេជោកុយ ចៅហ្វាយស្រុក ខែត្រសំរោងទង និង ចៅពញាវង្សាអនុជិតយស ចៅហ្វាយស្រុកថ្មី ខែត្របាទី មានរេហ៍ពលមួយម៉ឺននាក់ជាកងក្រវែលរួមទាំងអស់ត្រូវជា ១៩០០០០ នាក់។ ព្រះស្រីជេដ្ឋា ទ្រង់ចាត់កងទ័ពទាំង ១៩០០០០ នាក់នោះជាពីរផ្លូវ។ ក្នុងមួយផ្លូវៗ ទ្រង់តាំងដូចមានខាងក្រោមនេះ៖

  • ១. ផ្លូវទី១
  • ២. ផ្លូវទី២ ក្រោយដែលឧកហ្លួងសូរ លើកទ័ពចេញទៅនោះ សម្ដេចព្រះស្រីជេដ្ឋាព្រះចៅក្រុងស្រឡប់ពិជ័យព្រៃនគរ ស្ដេចកនរើសយកក្មួយម៉ែបាន ៤ នាក់ មកតាំងជាសេនាបតីគឺ៖

ឯព្រះអង្គឯង (ព្រះស្រីជេដ្ឋា) ឃុំពល ៣០០០០ នាក់ ជាទ័ពហ្លួង។ ឯអស់ចៅហ្វាយស្រុកទាំងពួង ទ្រង់ចាត់ឱ្យធ្វើជាបល័ដ្ឋទ័ព យោក្បាត់ទ័ព ជាកងក្រវែល ១៥ កង សឹងឱ្យកាន់ទង់ជ័យពណ៌ដែលមានរូបខុសៗគ្នា ដើម្បីនឹងមិនឱ្យច្រឡូកច្រឡំគ្នាឡើយ។ លុះ​ទៅ​ដល់​ស្ទឹង​ក្រាំងពន្លៃ (សព្វថ្ងៃ​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ក្បែរ​ផ្សារ​ឧដុង្គ) ហើយ​ព្រះ​អង្គ​ទ្រង់​តាំង​បន្ទាយ​ទ័ព​ធំ​នៅ​ស្ទឹង​ក្រាំងពន្លៃ​នោះ ទ្រង់​ត្រាស់​បង្គាប់​ចៅពញា​យមរាជ​ព្រាប​ជា​មេទ័ព​មុខ​ឲ្យ​ឃុំ​ពល​ ៤៥០០០​ នាក់លើក​ទៅ​ចោម​វាយ​បន្ទាយ​ខេត្ត​លង្វែក។ ចៅហ្វាយស្រុក​ខេត្ត​លង្វែក ក៏​ដេញ​ពល​តតាំង​ច្បាំង​គ្នា​ជា​មាំមួន។ ខណៈនោះ សម្ដេចចៅពញា​ចន្ទរាជា ទ្រង់​ជ្រាប​ថា “កងទ័ព​សត្រូវ​មក​ចោម​បន្ទាយលង្វែក​ហើយ” ព្រះ​អង្គ​ក៏​ប្រើ​ទ័ព​សេះ​ឲ្យទៅ​ប្រាប់​ចៅហ្វាយខេត្ត​លង្វែក​ថា “ឲ្យ​ក្លែង​ធ្វើ​ជា​ចាញ់​ទ័ព​សត្រូវ ហើយ​រត់​តាម​ផ្លូវ​ទៅ​ទិស​ខាងជើង” ។ ក្រោយ​បំរើ​សេះ​ចេញ​ទៅ​នោះ ព្រះ​អង្គ​លើក​កងទ័ព ​៤៥០០០​ នាក់ស្រូតរូត​ទៅ​ជួយ​ចៅហ្វាយ​ស្រុក​ខេត្ត​លង្វែក។ លុះ​ស្ដេច​ទៅ​ដល់​ព្រៃ​មួយ​ធំ ទ្រង់​ឮ​សូរកាំភ្លើង​ច្បាំង​គ្នា​ជា​ឱឡារិក​ណាស់ ទើប​ព្រះ​អង្គ​បង្កប់​រេហ៍ពល​នៅ​ទីនោះ។ ឯ​ចៅហ្វាយស្រុក​រលាប្អៀរ​បានដឹង​ឧបាយកល​ដោយ​បំរើសេះ ហើយ​ក៏​ឲ្យ​កងទ័ព​ទាំងនោះ​ថយ​តាម​ព្រះរាជ​បញ្ជា។ ចៅពញា​យមរាជ និង​នាយកង​ទ័ព​មុខក្រោយ ឆ្វេង​ ស្ដាំ​ ៥​ កងខាង​ព្រះ​ស្រីជេដ្ឋា​យល់​ថា “មាន​ជ័យ​ជំនះ​ហើយ” ក៏​មានចិត្ដ​កំរើកកងទ័ព​ដេញ​ជិត​ប្រកិត​តាម​ទៅ​រហូត​ដល់ទី​ដែល​សម្ដេចចៅពញា​ចន្ទរាជា ស្ដេច​បង្កប់ទ័ព​ចាំ​នោះ។ មួយ​រំពេច​នោះ​សម្ដេចចៅពញា​ចន្ទរាជា ស្ដេច​បរ​ព្រះ​ទីនាំង​គជេន្ទ្រ​ពិជ័យនាំ​សេនាទាហាន​រេហ៍ពល​លើក​ចេញ​ដេញ​ទៅ​វាយ​ខ្ចប់​សំលាប់​កងទ័ព​សត្រូវ​ពីក្រោយ ដោយ​ទ័ព​សត្រូវ​ពុំ​ដឹងខ្លួន។ កងទ័ព​ត្រូវ​ស្លាប់​ដោយ​ក្របី​វ័ធ ដំរី​ជល់​ព្រេច និង​ដោយ​អាវុធ​វែង​ខ្លី​ស្លាប់​អស់​ជាង ​៣០០០ ​នាក់ឈាម​ក្រហម​ដាល​ច្រាល​ទាំង​ព្រៃ​វាល​ចាប់​បាន​ចៅពញា​យមរាជ និង​នាយកង​នាយ​ទ័ព​ទាំង​ ១០​ នាក់​ទៀត។

វាយអម្រិន្ទ្របូរណ៍ពោធិ៍សាត់[កែប្រែ]

លុះដល់​វស្សានរដូវ​ក្នុង​ឆ្នាំឆ្លូវ នព្វស័ក​នោះ សម្ដេចព្រះ​ស្រីជេដ្ឋា​ស្ដេច​កន ព្រះ​អង្គ​ចេញ​ជួបជុំ​សេនាបតី មន្ដ្រី​តូច​ធំ ខ្ញុំ​ព្រះ​រាជការ ហើយ​ត្រាស់​ថា “ចៅពញា​ចន្ទរាជា​លើក​កងទ័ព​ទៅ​វាយ​យក​ផែនដី​ត្រើយ​ខាងជើង ហើយ​លើកខ្លួន​ជា​ម្ចាស់ផែនដី​ទៀត ដូច្នេះ​ឲ្យ​សេនាបតី​ចេញ​សំបុត្រ​កេណ្ឌ​រេហ៍ពល​ឲ្យ​មក​គ្រប់​ខេត្ត​ថា កាលណា​ចេញ​ព្រះ​វស្សា ព្រះ​អង្គ​នឹង​លើកទ័ព​ទៅ​វាយ​យក​ខេត្ត​អម្រិន្ទបូរ​ពោធិ៍សាត់​វិញ​ឲ្យ​បាន។ សេនាបតី​ទទួល​ព្រះរាជ​បញ្ជាហើយ ក៏​ចេញ​សំបុត្រ​ប្រាប់​ទៅ​ចៅហ្វាយស្រុក ចៅ​មឿង ចៅ​បាន ឲ្យ​កេណ្ឌ​កងទ័ព​តាម​ត្រាស់​បង្គាប់។ លុះដល់​ខែ​នោះ គ្រប់​ចៅហ្វាយស្រុក​បញ្ជូន​រេហ៍ពល​មក​ជួបជុំ​បាន​ចំនួន​ ១២០០០០ ​នាក់។ ទ្រង់​ត្រាស់​ឲ្យ​បង្ហាត់​កាន់​អាវុធ​ឲ្យ​ស្ទាត់​តាម​ក្បួន​ពិជ័យសង្គ្រាម ទ្រង់​ត្រាស់​ឲ្យ​ចៅពញា​លំពាំង ចៅពញា​ស្រាល​ឲ្យ​ឃុំ​កងទ័ព ​២០០០០ ​នាក់​ឆ្លង​ទៅ​តាំងទ័ព​នៅ​ខេត្ដ​សំរោងទងឲ្យ​សម្ដេច​ចៅហ៊្វា​កៅ​ឃុំ​ពល ​៣០០០០ ​នាក់​ទៅ​តាំង​បន្ទាយ​នៅ​ភ្នំពេញ

ក្នុង​ខណៈនោះ​ សម្ដេចចៅពញា​ចន្ទរាជា ព្រះ​បរមបពិត្រ​ទ្រង់​ជ្រាប​ដោយ​បំរើសេះ​ពី​ខេត្ដ​លង្វែក​ចូល​ទៅ​ក្រាប​បង្គំ​ទូល​សព្វគ្រប់​ប្រការ​ហើយ ទ្រង់​ព្រះ​ពិរោធ​ជា​ខ្លាំង​ណាស់។ ទ្រង់​ប្រាប់​ឧកញ៉ា​ចក្រី​កែវ និង​ឧកញ៉ា​វង្សាអគ្គរាជ​កែឲ្យ​ឃុំ​ពល ​២០០០០​នាក់​លើក​ចេញ​ទៅ។ ព្រះ​បរមបពិត្រ​អម្ចាស់​ត្រាស់​ឲ្យ​ស្ដេច​ព្រះ​ភាគិនេយ្យយសរាជា​នៅ​ចាំ​រក្សា​បន្ទាយ ហើយ​ព្រះ​អង្គ​ព្រម​ដោយ​សេនា​ទាហាន រេហ៍ពល​ ៣០០០០​ នាក់លើក​ចេញ​ទៅ​តាំង​នៅ​ភូមិ​ជ័យសួគ៌នៅ​ខេត្ដ​លង្វែករង់ចាំ​ស្ដាប់​រាជការ​សង្គ្រាម បើ​ឃើញ​អាសន្ន​ទ្រង់​នឹង​លើកទ័ព​ទៅ​ជួយ​ជា​ឆាប់។ ក្នុង​គ្រានោះ​ឧកញ៉ា​ចក្រី​កែវ ឧកញ៉ា​វង្សាអគ្គរាជ​កែលើកទ័ព​ចូល​ច្បាំង​នឹង​កងទ័ព​ចៅពញា​ស្រាល។ វង្សាអគ្គរាជ​លើកទ័ព​តទល់​នឹង​ចៅពញា​លំពាំងជា​សេនាបតី​មេទ័ព​ត្រើយ​ខាងកើត។ ខណៈនោះ ​សេនា​ទាហាន​រេហ៍ពល​ទាំង​សងខាង​ចូល​ប្រយុទ្ធ​គ្នា​ដោយ​អាវុធ​វែង​ខ្លី ជា​សន្ធឹក​គឹកកង​កោលាហល។ ពួក​ពល​ស្លុត​ស្លាប់​ទាំង​សងខាងកងទ័ព​ដំរី (ទ័ព​ខាង​សម្ដេចចៅពញា​ចន្ទរាជា) ដែល​ឧកញ៉ា​ចក្រី​ឲ្យ​ឧកញ៉ា​នរិន្ទ​នាយក​ ព្រះរាជា​នុកូលទៅ​បង្កប់​ក្នុង​ព្រៃ​នោះ​ចំនួន​ដំរី​សឹក​ ១៤០​ នាក់វាង​បាន​ទៅ​ខាងក្រោយ​ទ័ព​សត្រូវ​ហើយ​ក៏​បរ​ចូល​ទៅ​រួសរាន់​ជាន់​ជល់​ពង្រាប​ពីក្រោយ​កងទ័ព។ ខណៈនោះ​ចៅពញា​លំពាំង ចៅពញា​ស្រាលទ្រាំ​ពុំ​បាន​ក៏​បែក​ទ័ពរត់ទៅ​នៅ​ក្នុង​បន្ទាយ​ភ្នំពេញ​វិញ។ មេទ័ព​នៃ​សម្ដេចចៅពញា​ចន្ទរាជា ព្រះ​បរមបពិត្រ​ទាំង​ពីរ​កង​ក៏​លើក​រហូត​ទៅ​វាយ​បាន​បន្ទាយ​ខេត្ដ​បាទី ខេត្ត​ទ្រាំង​មួយ ចាប់​បាន​ចៅហ្វាយស្រុក​បាទី​មួយ ចៅ​មឿង​ព្រៃកប្បាស​មួយ ចៅ​មឿង​កណ្ដាលស្ទឹង​មួយ ចៅ​មឿង​គងពិសី​មួយ ចៅ​មឿង​ភ្នំស្រួច​មួយ ព្រមទាំង​ចាប់​បាន​ចៅ​មឿង​បន្ទាយមាស​មួយ ចៅ​មឿង​ពាម​មួយ ចៅ​មឿង​ស្រែរនោង​មួយ ចៅ​មឿង​ជើងកញ្ជុំ​មួយ នាំ​មក​ក្រាបទូល​ថ្វាយ។ ព្រះ​បរមបពិត្រ​ទ្រង់​ចាត់​ឲ្យ​ទទួលទាន​បាយ​ទឹក​ព្រះ​ពិភ័ទ្ធ​សច្ចា ហើយ​ទ្រង់​ព្រះ​មេត្ដាប្រោស​លើកលែង​ខ្លួន និង​ឲ្យ​នៅ​រក្សាស្រុក​ខេត្ត​ដូច​ដើម​វិញ។ ចៅពញាពិស្ណុលោកឯក ជា​ចៅហ្វាយស្រុក​ខេត្ដ​ទ្រាំងក្នុង​ពេល​នោះ​រត់​រួច ហើយ​ទៅ​រួម​នឹង​ចៅហ្វាយស្រុក​បាសាក់​មួយ ព្រះត្រពាំង​មួយ ក្រមួនស​មួយ ឪម៉ៅ​មួយ តាំង​បន្ទាយ​មាំមួន​នៅ​ខេត្ដ​នោះ។ ដល់​រដូវ​ទ្វារទសមាសអកអំបុក​នោះ អស់​មុខមន្ដ្រី​ខាង​សម្ដេចចៅពញា​ចន្ទរាជា ជា​ព្រះ​បរមបពិត្រ​អម្ចាស់​ផែនដី​ត្រើយ​ខាង​ចតុមុខ​ទៅ​ធ្វើ​ប្រាសាទ​គ្រឿង​ឈើ ប្រក់​ស្បូវ នៅ​កំពង់​ខេត្ត​លង្វែក។ លុះដល់​សំរេច​ហើយ​ក៏​អញ្ជើញស្ដេច​ទៅ​ប្រថាប់​ទត​ប្រណាំងទូក និង​លយ​កន្ទោង​ធំ ទូក ប្រទីប ថ្វាយ​ទៅ​ព្រះ​ចង្កូម​កែវ ដែលតំកល់​នៅ​ពិភពនាគ និង​អុជ​កាំជ្រួច​រន្ទាថ្វាយ​ទៅ​ចូឡាមណី​ចេតិយ​ដែល​តំកល់​ព្រះ​ចង្កូម​កែវ​នៅ​ឋាន​ត្រៃត្រិង្ស ​៣​ ថ្ងៃ។ ទ្រង់​ប្រោស​ប្រទាន​ឈ្មោះ​ភូមិ​ជ័យសូរ​ដែល​ព្រះ​អង្គ​តាំង​បន្ទាយ​នោះ​ឲ្យ​ហៅ​ថា “ភូមិ​សូរវង្ស”។ ឯ​ភូមិ​កំពង់សែត​នោះ​ទ្រង់​ឲ្យ​ហៅ​ថា កំពង់​ប្រាសាទ។ ហេតុនេះ​ហើយ​បានជា​មាន​ឈ្មោះ​ហៅ​ថា ភូមិ​សូរវង្ស​ កំពង់ប្រាសាទ​រៀង​មក។ លុះ ​ការ​បុណ្យ​ទ្វារទសមាស​ហើយ សម្ដេចចៅពញា​ចន្ទរាជា ព្រះ​អង្គ​ត្រាស់​បង្គាប់​ឧកញ៉ា​ចក្រី​កែវ ឧកញ៉ា​វង្សាអគ្គរាជ​កែ និង​ឧកញ៉ា​ក្រឡាហោម​គាំ​ឃុំ​ពល​រេហ៍ ​៣០០០០​ នាក់​លើក​ទៅ​ចោម​បន្ទាយ​ខេត្ដ​ភ្នំពេញ។ ឧកញ៉ា​ទាំង​ ៣ ​នាក់​ក៏​ថ្វាយបង្គំ​លា​ចេញ​ទៅ​ចាត់ចែង​កងទ័ព ព្រមទាំង​គ្រឿងសាស្ដ្រាវុធ​ស្រេច​ហើយ​ក៏​លើក​ចេញ​ទៅ​ចោម​វាយ​បន្ទាយ​នោះ​តាម​ត្រាស់​បង្គាប់។ ខណៈ​នោះ​មេទ័ព​ខាង​ស្ដេច​កន គឺ​ចៅហ៊្វា​កៅ ចៅពញា​លំពាំង ចៅពញា​ស្រាល ចៅពញា​តេជោ ចៅហ្វាយស្រុក​សំរោងទង ចៅពញា​រាជា​មេត្រី ចៅហ្វាយស្រុក​ភ្នំពេញ ជា​មេទ័ព​ម្ចាស់ផែនដី​ត្រើយ​ខាងកើត​ចេញ​ច្បាំង​នឹង​មេទ័ព​នៃ​អម្ចាស់​ត្រើយ​ខាងលិចជួន​ឈ្នះជួន​ចាញ់​ម្ដងម្នាក់​ជា​ច្រើន​ដង។ លុះដល់​រដូវភ្លៀង​រាស្ដ្រ​អត់ឃ្លាន​បាយ គ្មាន​ស្រូវ វេទនាណាស់ ក៏​សន្យា​បើក​កងទ័ព​ទាំង​សងខាង​ឲ្យ​ឈប់​ច្បាំង​រហូត​ដល់​ធ្វើស្រែ​ហើយ។

លុះ​មក​ដល់​ឆ្នាំខាល ទោស័ក ព.ស​ ២០៧៤, គ.ស ​១៥១៨, ម.ស​ ១៤៥២, ច.ស ​៨៩២ តាំងពី​ខែមិគសិរ បុស្ស ​រៀង​ទៅមន្ដ្រី​ត្រើយ​ខាងកើត (ស្ដេច​កន) ចេញ​កេណ្ឌ​មនុស្ស​ចុះ​ក្បួនទ័ព​លើក​ច្បាំង​គ្នាដណ្ដើម​យក​ខេត្ត​ត្រើយ​ខាងលិច​ទៀត។ ច្បាំង​គ្នា​ជា​ច្រើន​គ្រា លុះ​ផុត​វេលា​ក៏​ឲ្យ​ទ័ព​ឈប់​ទាំង​សងខាង។ “សង្គ្រាមលើក​ក្រោយ​នេះ​តាំងពី​ឆ្នាំឆ្លូវ​ដល់​ឆ្នាំខាល មេទ័ព​ទាំង​ ៣​ យកជ័យ​ជំនះ​ពុំ​បាន​សោះ។ ទើប​ទ្រង់​ត្រាស់​ប្រើ​ឃុន​វិជិត​តរង្គ​ពៅ​ឲ្យទៅ​ប្រាប់​ឧកញ៉ា​ចក្រី និង​ឧកញ៉ា​វង្សាអគ្គរាជ​ថា ច្បាំង​រា​រត់​ថយ​ក្រោយ​រហូត​ទៅ​ជួបនឹង​ទ័ព​ឧកញ៉ា​ក្រឡាហោម​ថា ឲ្យ​ឧកញ៉ា​ក្រឡាហោម​ក្លែង​ទង់ជ័យ​ជា​រូប​មនុស្ស​ថាបើ​ឃើញ​កងទ័ព​សត្រូវ​បាក់រត់​មកឲ្យធ្វើ​ជា​ភ្ញាក់ផ្អើល​រត់ទៅ​ជាមួយនឹង​កងទ័ព​ឧកញ៉ា​ចក្រី ឧកញ៉ា​វង្សា​អគ្គរាជ​ត្រង់​រហូត​ទៅ​ដល់​ស្រុក​ឧដុង្គ។ ឃុន​វិជិត​តរង្គ​ពៅ​ក៏​ប្រាប់​ទៅ​មេទ័ព​ទាំង ​៣ ​កង​តាម​ព្រះរាជ​បន្ទូល​ពិសេស។ ក្រោយ​ព្រះរាជបំរើ​ទៅ​នោះ ទ្រង់​អនុញ្ញាត​ឲ្យ​ឧកញ៉ា​យមរាជ​ព្រំជា​មេទ័ព​ធំ ឧកញ៉ា​មហា​សេនា​សុខជា​មេទ័ព​មុខ ឧកញ៉ា​យោធា​សង្គ្រាម ជា​ប៉ែក​ឆ្វេង ឧកញ៉ា​យោធា​សង្គ្រាម​ទេព ជា​ប៉ែក​ស្ដាំទៅ​ឃុំ​ពល​ ២០០០០ ​នាក់​បង្កប់​នៅ​ក្នុង​ព្រៃ​មួយ​ខាង​ជើង​បឹង​ពោងពាយ។ ទ្រង់​ផ្ដាំ​ថា បើ​ឃើញ​កងទ័ព​សត្រូវ​នៅ​បន្ទាយ​ដេញ​កងទ័ព​យើង​ ៣ ​កង​ទៅ​ហើយ​នោះ​ឲ្យ​ដេញ​កងទ័ព​យើង​ឲ្យ​លើក​ជណ្ដើរ​កាន់​គប់​ភ្លើង​យក​ទៅ​ចោម​អុជ​បន្ទាយ​នោះ​ឲ្យ​បាន។ ទើប​ទ្រង់​ចាត់​ឧកញ៉ា​វិបុលរាជ​គាំ ឧកញ៉ា​ប្រទេស​រាជ​សួរឲ្យ​កេណ្ឌ​ទូក​រាស្ដ្រ​ផ្សំ​នឹង​ទូក​ចំបាំង​របស់​ខ្លួន​ទៅ​បោះ​នឹង​ជ្រោយ​ពន្លា​ថា បើ​ឃើញ​កងទ័ព​សត្រូវ​លើក​ចេញ​មក​ឲ្យ​រា​ថយ​មក​ដល់​ព្រែក​ព្នៅ។ ទ្រង់​ចាត់​សម្ដេចចៅហ៊្វាទឡ្ហៈ​ទេព ជា​កូន​ទី​ ៣​ ចៅពញា​មឿង ឲ្យ​លើកទ័ព​ទូក​ទៅ​បង្កប់​នៅ​ព្រែក​តាទែនដោយ​ផ្ដាំ​ថា បើ​ឃើញ​ទ័ព​សត្រូវ​ដេញ​តាម​ឧកញ៉ា​វិបុលរាជ និង​ឧកញ៉ា​ប្រទេសរាជ​មកឲ្យ​ព័ទ្ធ​ពីក្រោយ​ព្រួត​គ្នា​ច្បាំង​ដណ្ដើម​យកជ័យ​ជំនះ​ឲ្យ​បាន។ មេទ័ព មេកង ទាំង​ជើង​ទឹក ​ជើង​គោក ក៏​ថ្វាយបង្គំ​លា​ឃុំ​កងទ័ព​លើក​ទៅ​ធ្វើ​តាម​ព្រះរាជ​បញ្ជាការ។ លុះ​មក​ដល់​ថ្ងៃ ​១២​ កើត ខែមិគសិរ ឆ្នាំខាល ទោស័ក​នេះ ឧកញ៉ា​ចក្រី​ ឧកញ៉ា​វង្សាអគ្គរាជ លើក​កងទ័ព​ចូល​ចោម​បន្ទាយ​ភ្នំពេញ​បាន​មួយស្របក់​ក៏​ថយ​រត់​ទៅ​វិញ។ ចៅពញា​តេជោ និង​ចៅពញា​រាជា​មេត្រី ឃើញ​ហើយ​ពុំ​ដឹង​កល ក៏​បើកទ្វារ​បន្ទាយ​នាំ​កងទ័ព​របស់​ខ្លួន ​២០០០​ នាក់​នោះ ដេញ​តាម​ទ័ព​ដែល​ចោមព័ទ្ធ​ខ្លួន​ដល់​អូរ​ផ្អរ ក៏​ប្រទះ​ទង់ជ័យ​ទ័ព​ហ្លួង​មួយ​កង​ទៀត​បែក​ទ័ពរត់ទៅ​វិញ ដូច្នេះ​ទ័ព​ខាង​ស្ដេច​កន ក៏​កំរើកចិត្ដ​ពន់ប្រមាណ។ លុះ​ឃើញ​ទង់​រូប​មេទ័ព​ទាំង​ពីរ​នោះ​ ក៏​សំគាល់​ថា ជា​ទ័ព​ហ្លួង​ចាញ់​បែក​ទ័ព​រត់​ទៅ​ហើយ ទើប​ឲ្យ​លើក​កងទ័ព​ដេញ​តាម​ទៅ​ទៀត។ លុះ​ទៅ​ដល់​ដំបូក​មាន​លាក់ទ័ព​សត្រូវ​ដេញ​តាម​ឧកញ៉ា​ចក្រី​ហួស​ទៅ។ ខណៈនោះ​ឧកញ៉ា​ក្រឡាហោម ឧកញ៉ា​វង្សាអគ្គរាជ ឧកញ៉ា​នរិន្ទ្រាធិបតី (ទ័ព​ខាង​សម្ដេចព្រះ​ចន្ទរាជា) ត្រឡប់​ទ័ព​បាន​ពីក្រោយ​ឡោម​ចោម​ច្បាំង​ផ្ទប់​មក។ ឧកញ៉ា​ចក្រី (ខាង​សម្ដេច​ព្រះ​ចន្ទរាជា) ក៏​រា​ទ័ព​ត្រឡប់​មក​វិញ ចូល​បាញ់​ចាក់​កាប់សំលាប់​ទ័ព​សត្រូវ​ដែល​នៅ​ជា​កណ្ដាល​សត្រូវ​ក៏​បែក​ ទ័ពរត់ទៅ មេទ័ព​ខាង​សម្ដេចព្រះ​ចន្ទរាជា​ចាប់​បាន​ចៅហ្វាយស្រុក​ទាំង​ពីរ និង​ក្រុម​សេនា​ទាហាន​ទាំង​ ២៣ ​នាក់ ព្រមទាំង​គោ ក្របី ដំរី សេះ ហើយ​នាំ​ខ្លួន​ឈ្លើយ​ទាំងនោះ​ទៅ​ក្រាប​បង្គំ​ទូល​ថ្វាយ។ សម្ដេច​ព្រះ​មហា​ខត្តិយា​ចន្ទរាជា ទ្រង់​ឲ្យ​ដាក់​ក្ដី​ទាំងនោះ​ទុក​ចាំ​ជួប​មេទ័ព​គ្រប់​កង។ ឯ​សម្ដេចចៅហ៊្វា​កៅ កាល​ក្រឡេក​ទៅ​ឃើញ​កងទ័ព​ទូក​បោះ​នៅ​ជ្រោយចង្វា​មាន​ចំនួន​តិច​តួច​ស្ដួច​ស្ដើង​ណាស់ ក៏​គិត​ថា​ចៅហ្វាយស្រុក​ទាំង​ពីរ (ខាង​ខ្លួន) ច្បាស់​ជា​មាន​ជ័យ​ជំនះ​ហើយ ដែល​ដេញ​តាម​ទ័ព​ត្រើយ​ខាងលិច​នោះ ប្រហែលជា​បាន​សំរេចការ​សង្គ្រាម​ក្នុង​គ្រានេះ​ហើយ​ ថាបើ​បាន​សំរេច​ហើយ មុខជា​ចៅហ្វាយស្រុក​ទាំង​ពីរ​នោះ​នឹង​បាន​គុណ​គាប់​ជាង​អញ​ហើយ។ ចៅហ៊្វា​កៅ​គិត​ទៀត​ថា “ពី​មុន​អញ​អធ្យាស្រ័យ​ឲ្យ​ម្ដង ពុំ​ទាន់​បាន​កែខ្លួន គ្រា​ម្ដងនេះ​ចៅហ្វាយស្រុក​ទាំង​ពីរ​មាន​ជ័យ​លើ​ទ័ព​ត្រើយ​ខាងលិច​ទៀត​នោះ​ ឃើញ​ថាមិន​ស្រួល​ដល់​អញ​ជា​ខ្លាំង”។ សម្ដេចចៅហ៊្វា​កៅ​គិត​ឃើញ​ដូច្នេះ​ហើយ ទើប​ឲ្យ​ចៅពញា​លំពាំង ចៅពញា​ស្រាល ចៅពញា​វៀង នៅ​រក្សា​បន្ទាយ ឯ​ខ្លួន​ចៅហ៊្វា​ដេញ​កងទ័ព​ឲ្យ​ចុះទូក​ចំបាំង​ប្រមាណ ​៦០ ទៅ​ច្បាំង​នឹង​ឧកញ៉ា​វិបុលរាជ​ ឧកញ៉ា​ប្រទេស​រាជ​ដែល​ចតទូក​នៅ​ជ្រោយចង្វា។ កាល​ទ័ព​សត្រូវ​មក​ដល់​ហើយ ឧកញ៉ា​វិបុលរាជ និង​ឧកញ៉ា​ប្រទេស​រាជ (មេទ័ព​ខាង​ព្រះ​ចន្ទរាជា) ក៏​ដេញ​ពល​ឲ្យ​ទទួល​ច្បាំង​ត​នឹង​អាវុធ​វែងយ៉ាង​ឃោរឃៅ។ មួយ​ស្របក់​ក្រោយមក​ឧកញ៉ា​ទាំង​ពីរ​នាក់​ក៏​ឲ្យ​ពល​ថយ​ទូក​រត់ទៅ​ដល់​ព្រែក​ព្នៅ។ ចៅហ៊្វា​កៅ​ឃើញ​ដូច្នេះ​ក៏​ចែវ​ទូក​ដេញ​ទៅ​តាម។ សម្ដេចចៅពញា​ទេព កូនចៅ​ពញា​មឿង​មេទ័ព​ម្ចាស់ផែនដី​ត្រើយ​ខាងលិច​កាល​ឃើញ​ចៅហ៊្វា​កៅ​ដេញ​ទ័ព​ ឧកញ៉ា​ទាំង​ពីរ​ហួស​ទៅ​ហើយ ក៏​បង្គាប់​ឲ្យ​នាយកង​នាយ​ទ័ព​ឲ្យ​ចេញ​ទូកចំបាំងពី​ក្នុង​ព្រែក​តាទែន ហើយ​ដេញ​បាញ់​ពីក្រោយ។ ឯ​កងទ័ព​ឧកញ៉ា​វិបុលរាជ ឧកញ៉ា​ទេស​រាជ មេទ័ព​អម្ចាស់​ផែនដី​ត្រើយ​ខាងលិច​ពេល​នោះ​ ក៏​រា​បែរមក​ច្បាំង​តាំង​ត​ជា​ឱឡារិក។ កងទ័ព​ខាង​ចៅហ៊្វា​កៅ នៅ​ជា​កណ្ដាល​នៃ​ទ័ព​សត្រូវទ័ល​កំលាំង​ណាស់ ក៏​តទៅ​ទៀត​ពុំ​បាន។ ដូច្នេះ​ហើយ​ក៏​លោតទឹក​ស្លាប់​ទៅ ខ្លះ​ក៏​ត្រូវ​នឹង​អាវុធ​ស្លាប់ ខ្លះ​ទៀត​ពិការ​ជា​ច្រើន។ ចំណែកឯ​ចៅហ៊្វា​កៅ​វិញ​លោតទឹក​ទន្លេ​ហែល​រត់​ត្រាតែ​រួច​ទៅ​ដល់​ក្រុង​បាសាន។ កងទ័ព​ឧកញ៉ា​យមរាជ ឧកញ៉ា​មហា​សេនា ឧកញ៉ា​យោធា​សង្គ្រាម ដែល​បង្កប់ទ័ព​ក្នុង​ព្រៃ​មួយ​កាល​ឃើញ​កងទ័ព​ក្នុង​បន្ទាយ​សត្រូវ​ចេញ​ដេញ​ មេទ័ព​ត្រើយ​ខាងលិច​អស់​ជា​ច្រើន​កង​ហើយ យល់​ថា​មាន​មនុស្ស​តិច​ក្នុង​បន្ទាយ​ក៏​ឲ្យ​ពួក​សេនា​រេហ៍ពល​កាន់​គប់​ភ្លើងលី​ជណ្ដើរ​ទៅ​ព័ទ្ធ​ឡើង​បន្ទាយ​នោះ។ ខណៈនោះ​ចៅពញា​លំពាំង ចៅពញា​ស្រាល ដេញ​ពល​ឲ្យ​ចូល​តទល់​នឹង​ទ័ព​ឧកញ៉ា​ទាំង​ពីរ តែ​ទ័ព​ចៅពញា​ទាំង​ពីរ​នេះ​ទប់​មិន​ឈ្នះ​កងទ័ព​ខាង​ព្រះ​ចន្ទរាជា ទើប​ចៅពញា​ទាំង​ពីរ​លោត​ចេញពី​បន្ទាយ​ចុះ​រត់​មក​ទៀត។ សេនា​ទាហាន​ខាង​ឧកញ៉ា​យមរាជ មេទ័ព​ហ្លួង​ត្រើយ​ខាងលិច​ទទួល​ចាក់​កាប់សំលាប់​ទាំង​ពីរ​នាក់​នោះ​ទៅ។ កងទ័ព​ជើងគោក ជើង​ទឹករបស់​ព្រះ​បរមបពិត្រ​អម្ចាស់​ផែនដី​ត្រើយ​ខាងលិច​ទ្រង់​ព្រះ​សណ្ដាប់​មេទ័ព និង​នាយកង​ទ័ព​ទាំង​ជើង​ទឹក ជើង​គោក​ក្រាប​បង្គំ​ទូល​ថ្វាយ​មនុស្ស​ទោស​ក្បត់​គ្រប់​ប្រការ​ហើយទ្រង់​ឲ្យ​ចៅក្រម​ប្រឹក្សា​ទៅ​ឃើញ​ថា អា​ក្បត់​ដែល​មានទោស​ធ្ងន់ ​៣៥ ​នាក់​ទ្រង់​ឲ្យ​ប្រហារជីវិត​ទាំងអស់ឃើញ​ថាមនុស្ស​សល់​ពី​នោះ មានទោស​ស្រាល​ល្មម​ត្រាស់​ឲ្យ​ដាក់​ក្ដី​ទាំង ​៥០ ​នាក់។ ព្រះ​អង្គ​ឈ្នះ​សង្គ្រាម​ក្នុង​គ្រានេះ យក​បាន​ខេត្ត​ភ្នំពេញ សំរោងទង បាទី ទ្រាំង កំពត និង​កំពង់សោមចៅ​មឿង​ដែល​ឡើង​ខេត្ត​ទាំងនេះ​នៅ​ទិស​ខាងលិច​ទាំង​ប៉ុន្មាន​នោះ ទ័ព​ហ្លួង​ត្រើយ​ខាងលិច​ចាប់​បាន​ខ្លួន​ទាំងអស់នៅ​សល់​តែ​ខេត្ត​បាសាក់ ព្រះត្រពាំង ក្រមួនស ឪម៉ៅ តែ​ប៉ុណ្ណោះព្រោះ​ចៅ​ពិស្ណុលោក​រត់ទៅ​ប្រមូល​ចៅហ្វាយស្រុក​ក្រៅ​បន្ទាយ​ទាំងនោះ​ឲ្យ​តាំង​បន្ទាយ​រឹង​នៅឡើយ​មិន​ទាន់​យក​បាន។ សម្ដេចព្រះ​ស្រីជេដ្ឋា​ម្ចាស់ផែនដី​ដែល​ឡើង​ខេត្ត​ត្រើយ​ខាងកើត ទ្រង់​ជ្រាប​អំពី​បរាជ័យ​នេះ​ហើយ ទ្រង់​ព្រះ​ពិរោធ​ណាស់​ថា ចៅពញា​ចន្ទ​នេះ​កាន់តែ​ទន្ទ្រាន​បាន​ទី​ច្រើន​ពន់ប្រមាណ ហើយ​មេទ័ព និង​នាយកង​ដែល​យើង​ប្រើ​ទៅ​ទាំង​ប៉ុន្មាន​ក៏​ចេះ​តែ​ធ្វេសប្រហែស​ឲ្យ​ចាញ់​ឧបាយកល​គេ ខូច​រេហ៍ពល​ច្រើន​ដងមិន​គិត​សងសឹក​វិញ​ឲ្យ​បាន​សោះ។


ឯ​សម្ដេចព្រះ​ស្រីជេដ្ឋា​ជា​ម្ចាស់ផែនដី​ត្រើយ​ខាងកើត​ទ្រង់​ជ្រាប​ថា សម្ដេចចៅពញា​ចន្ទរាជា​យក​បាន​ផែនដី​ខេត្ត​ខាងលិច​ទាំង​អស់ហើយ ចៅពញា​លំពាំង ចៅពញា​ស្រាល​ ក៏​ស្លាប់​ក្នុង​សង្គ្រាម​អស់ ចៅពញា​វៀង ចៅពញា​វាំង ក៏​មាន​រោគ​អនិច្ចកម្ម​ទៅ​ទាំងអស់​គ្នា​ទៀត។

ឯកសារយោង[កែប្រែ]

  • ឯកសារមហាបុរសខ្មែរ
យសស័ក្ដិខ្មែរ
មុនដោយ
លំពាំង
ឧកញ៉ាលំពាំងនៃក្រុងស្រឡប់ដូនតីពិជ័យព្រៃនគរ
១៥១៦-១៥១៩
តដោយ
លំពាំងពេញ
មុនដោយ
មិនស្គាល់
ឧកហ្លួងនៃក្រុងស្រឡប់ដូនតីពិជ័យព្រៃនគរ
១៥១២-១៥១៦
តដោយ
មិនស្គាល់