ឧបក្កិលេស

ពីវិគីភីឌា

ឧបក្កិលេស ១៦ យ៉ាង[កែប្រែ]

១- អភិជ្ឈាវិសមលោភ (abhijjhā-visamalobha): ល្មោភរំពៃ​ចង់បាន​ទ្រព្យគេ (covetousness and unrighteous greed)
២- ព្យាបាទ (vyāpāda): ប្រទូស្ដ (ill will)
៣- ក្រោធ (kodha): ក្រោធ (anger)
៤- ឧបនាហ (upanāha): ចងក្រោធទុក្ខ (hostility)
៥- មក្ខ (makkha): លុបគុណគេ (denigration)
៦- បលាស (palāsa): វ៉ៃឫកប្រប (domineering)
៧- ឥស្សា (issā): ឫស្យា (envy)
៨- មច្ឆរិយ (macchariya): កំណាញ់ (stinginess)
៩- មាយា (māyā): លាក់ពុត (hypocrisy)
១០- សាថេយ្យ (sātheyya): អួតអាង (fraud)
១១- ថម្ភ (thambha): តឹងតែង (obstinacy)
១២- សារម្ភ (sārambha): ប្រជែងវាសនា (presumption)
១៣- មាន (māna): ប្រកាន់ខ្លួន (conceit)
១៤- អតិមាន (atimāna): មើលងាយគេ (arrogance)
១៥- មទ (mada) : ស្រវឹង (vanity)
១៦- ប្រមាទ​ (pamāda) : ប្រហែសធ្វេស (negligence) ។

សេចក្តី​អធិប្បាយ​នៅ​ក្នុង​ឱវាទបតិមោក្ខ[កែប្រែ]

អកុសល​ធម៌​ទាំង​ ១៦ ប្រការ​នោះ ប្រសិន​​បើ​បណ្ដោយ​ឲ្យ​អកុសលធម៌​ណាមួយ​​​ចូល​​ក្នុង​ចិត្ត​ វា​នឹង​​ធ្វើ​ចិត្ត​ឲ្យ​សៅហ្មង ។ ឧបក្កិលេស​ទាំង​នោះ​​មិន​កើត​ឡើង​ក្នុង​ចិត្ត​​ក្នុង​វេលា​មួយ​ជា​មួយ​គ្នា​ទេ ។ ម្យ៉ាង​​​​​ទៀត ប្រសិន​បើ​​កុសល​ធម៌​មួយ​មក​សណ្ឋិត​នៅ​ធ្វើ​ជាម្ចាស់​​របស់​ចិត្ត​ហើយ ឧបក្កិលេស​ដែល​ជា​អកុសល​ធម៌​​នឹង​មិន​អាច​លុកលុយ​ចូល​​បាន​ឡើយ ។ ប្រសិន​​បើ​មាន​អកុសល​ធម៌​ណាមួយ​ចូល​មក​សម្ងំ​នៅ​​​ជា​ម្ចាស់​​របស់​ចិត្ត​ហើយ កុសល​ធម៌​ក៏​រក​ឱកាស​ចូល​មក​ស្ថិត​នៅ​​ជា​ម្ចាស់​ចិត្ត​​​បាន​ដែរ ។ តាម​ធម្មតារបស់ចិត្ត ជា​កណ្ដាលៗ កាល​បើ​ខាង​ណា​ចូល​មក​នៅ​បាន​មុន ក៏​មាន​អំណាច​អាចរារាំង​ខាង​ចំណែក​ថ្មី​ដែល​មាន​កម្លាំង​តិច មិន​ឲ្យ​ចូល​មក​បាន។ ព្រោះ​ហេតុ​នោះ សាធុជន​ដែល​មាន​បំណង​នឹង​ធ្វើ​ឲ្យ​កើត ឲ្យ​មាន​ឡើង​ជាប់​នៅ​ក្នុង​ចិត្ត​ជានិច្ច​កាល​ចុះ។

ឯកុសល​ធម៌​នោះ កាល​បើ​លើក​យក​តែ​កុសល​ធម៌​ដែល​គួរ​ឲ្យ​កើត​មាន​ក្នុង​ចិត្ត​ខាន​មិន​បាន ហើយ​មាន​ឧបការៈ​ច្រើន​ផងមកសម្ដែង ក៏​គឺ សតិសម្បជញ្ញៈ ព្រោះ​លោក​សរសើរ​ថាធម៌ ២ ប្រការ​គឺ សតិ និង សម្បជញ្ញៈ ជាធម៌​មាន​ឧបការៈច្រើន។ សតិគឺ​សេចក្ដី​រឭក សម្បជញ្ញៈ​គឺ​សេចក្ដី​ដឹង​ខ្លួន គុណធម៌​ទាំង​ ២ នេះ​ប្រព្រឹត្ត​ទៅ​ក្នុង​កិច្ច​ជាមួយ​គ្នា ផ្សេង​តែ​អាការៈ គឺ​សតិ​នោះ​ជាភ្នាក់​ងារ​ខាង​ឯនឹក​ឃើញ​ក្នុង​វេលា​ដែល​ធ្វើ​ហើយ និយាយហើយ គិត​ហើយ សូម្បី​យូរៗ ក៏​នឹក​ឃើញ​បាន សម្បជញ្ញៈនោះ​ជា​ភ្នាក់ងារ​ខាង​ដឹង​ខ្លួន​ក្នុង​វេលា ដែល​កំពុង​ធ្វើ កំពុង​និយាយ កំពុងគិត។ ចិត្ត​ដែល​ឥត​សម្បជញ្ញៈ​គ្រប់​គ្រង​តែង​ស្ទុះ​បម្រះ​ននៀល​ទៅរក​វិសភាគារម្មណ៍​ផ្សេងៗ តាម​តែ​ប្រទះ​ស្រេច​តែ​នឹង​ប្រាថ្នា មិន​រើស​ថា ដូចម្ដេច​គួរ ដូចម្ដេច​មិន​គួរ​ឡើយ។ ចំណែក​ចិត្ត​ដែល​មាន​សតិសម្បជញ្ញៈ​គ្រប់គ្រង រមែង​ចេះរើស​រក​ចំណែក​ដែល​ល្អៗ។ ធម្មតា​រថទឹមសេះ​ដែល​គ្មាន​នាយ​សារថីបរ សេះ​តែង​នាំ​ពង្រត់​ទៅ​តាម​ទំនើង​ចិត្តរបស់​វា​រមែង​ស្ទុះ​ទៅ​ផ្ដេសផ្ដាស ជល់​នេះ​ជល់​នោះ​ហែ​ទៅ​តាម​ផ្លូវ ធ្វើឲ្យ​កើត​សេចក្ដី​អន្តរាយ​ដល់​គេ​ដល់​ឯង មិន​បាន​ស្រួល​ឡើយ ចំណែក​រថដែល​មាន​នាយ​សារថី ដ៏​ឈ្លាសវៃ​នៅ​គ្រប់គ្រង​រក្សា​រមែង​លឿន​ត្រង់​ទៅ​តាម​របៀបរៀបរយ មិន​ធ្វើ​ឲ្យ​កើត​សេចក្ដី​អន្តរាយ​ដល់​នរណាឡើយ សេចក្ដី​នេះ​មាន​ឧបមាយ៉ាង​ណាមិញ ឯ​សេចក្ដី​ប្រព្រឹត្ត​ទៅ​របស់​មនុស្ស ក៏​យ៉ាង​នោះ​ដែរ គឺ​បុគ្គល​ដែល​គ្មាន​សតិសម្បជញ្ញៈ រមែង​ប្រព្រឹត្ត​កាយ​វាចា​ខុសៗ ភ្លាត់ៗ ធ្វើ​ឲ្យ​កើត​សេចក្ដីអន្តរាយ​ដល់​ខ្លួន​និង​អ្នក​ដទៃ។ ចំណែក​បុគ្គល​ដែល​មាន​សតិ​សម្បជញ្ញៈ រមែង​ប្រព្រឹត្ត​កាយ វាចា ត្រង់​ត្រូវ​តាម​ផ្លូវ​ដែល​ល្អៗ ជាហេតុ​ឲ្យ​បាន​សេចក្ដី​សុខ​ដល់​ខ្លួន​និង​អ្នក​ដទៃ។

ឯកសារ​យោង[កែប្រែ]