​ប្រាសាទភ្នំ​ធាតុ

ពីវិគីភីឌា
Jump to navigation Jump to search
ភ្នំធាតុ
ឈ្មោះ
ឈ្មោះដែលគេស្គាល់:ភ្នំធាតុ
ទីតាំង
ប្រទេស:កម្ពុជា
ខេត្ត:ស្ទឹងត្រែង
ទីតាំង:ស្ទឹងត្រែង
ស្ថាបត្យកម្ម និង វប្បធម៌
ទេវដើម:សិវៈ
រចនាបថស្ថាបត្យកម្ម:ធារាបរិវត្តន៍
ប្រវត្តិ
កាលបរិច្ឆេទកសាង:
(រចនាសម្ព័ន្ធថ្មីៗ)
ចុងសតវត្សទី៦-ដើមសតវត្សទី៧

​ប្រាសាទភ្នំ​ធាតុ​ស្ថិតក្នុងខេត្តស្ទឹងត្រែង តាំង​នៅលើ​ភ្នំ​ធាតុ ក្នុង​ទី​រួម​ខេត្ត​ផ្ទាល់​តែម្តង ។ ប្រាសាទ​នេះ​ត្រូវ​បាន​កសាងក្នុងអំឡុង ស​តវត្សទី​៦។ ប្រាសាទ​ឥដ្ឋ​នេះ​បាន​បាក់បែក​ស្ទើរ​តែ​ទាំងស្រុង ដោយ​គ្រាន់តែ​បន្សល់​នូវ​ខឿន ព្រមទាំង​ក្បាច់រចនា​មួយចំនួន ធ្វើ​អំពី​ថ្មភក់​តែប៉ុណ្ណោះ។​

នៅខាងមុខ​ប្រាសាទ​គេ​ឃើញ​មាន ផ្ទាំង​ក្បាច់​ផ្តែរ​លំអ​ប្រាសាទ ទ្វារ​ប្រាសាទ​មួយចំនួន​ខ្លះរេចរឹល ខ្លះទៀត​រក្សាបាន​នូវ​ក្បាច់ក្បូរ គួរ​ឲ្យ​សង្វេគ​ជា​អនេក។ ទន្ទឹមនឹងនេះ យើង​ក៏បាន​ឃើញ​មាន សោម​សូត្រ សម្រាប់​បង្ហូរ​ទឹកមន្ត​ចេញពី​ប្រាសាទ​មួយ​ដែរ ដែល​ស្ថិតនៅ​ខឿន​មុខ​ប្រាសាទ។​ ​បើតាម​ទស្សនៈ អ្នកប្រាជ្ញ​ខាង ព្រហ្មញ្ញសាសនា ឃើញថា ខ្មែរ​នា​សម័យបុរាណ គេ​បាន​បំពេញ​ពិធី សិវរាត្រី ដោយ​ការ​បន់ស្រន់​ និង ​ច្រូច​ទឹក​លើ​ព្រះ​សិវលិង្គ ដែល​ស្ថិត​លើ​ទម្រ​ថ្ម​មួយ តំណាង​ឲ្យ​យោនី​របស់​ព្រះ​នាង ឱ​មា ដែល​ស្ថិតនៅ​ចំ​កណ្តាល​ប្រាសាទ។ ក្នុង​ពិធី​កម្ម​សាសនា ដែល​រមែង​តែង​ប្រារព្ធ​នៅពេល​រាត្រី ដើម្បី​សិរី​សួស្តី​របស់​ប្រជាជន មានការ​ចូលរួម​យ៉ាង​កុះករ ពី​សំណាក់​ប្រជាជន​ជិត​ឆ្ងាយ។ ដូច្នេះហើយ ថ្ម​បង្ហូរ​ទឹកមន្ត ឬ​សោម​សូត្រ​នេះ មាន​រាង​វែង​ហើយ​ប្រហោង​នៅ​កណ្តាល ហើយ​នៅ​ខាងចុង​លំអ​ដោយ​រូប​ក្បាល​ម្ករ។​

​តាម​លក្ខណៈ​នៃ​ក្បាច់​ផ្តែរ និង​សោម​សូត្រ​ខាងលើនេះ​ឃើញថា ប្រាសាទ​នេះ​មិនមែន​ស្ថិតក្នុង​រចនាបទ​សម្បូ​រ​ព្រៃ​គុក​ទេ ក្បាច់ចម្លាក់​ទាំងនោះ​ស្ថិតក្នុង​រចនាបថធារាបរិវត្តន៍ យ៉ាង​ជាក់ច្បាស់ ពោលគឺ​មុន​រជ្ជកាល​របស់​ព្រះបាទឦសាន​វម៌្មទី​១ (៦១៥-៦៣៥ នៃ គ​.​ស​) និង​ត្រូវបាន​ស្ថាបនា​ឡើង​នា​ចុង ស​.​វ​ទី​៦ ដើម​ស​.​វ​ទី​៧។​ ម្យ៉ាងវិញទៀត ប្រសិនបើ​យើង​មើល​គ្រឹះ​នៃ​ប្រាសាទភ្នំ​ធាតុ យើង​ឃើញថា ប្រាសាទ​នេះ​មាន​ទំហំ​ធំ​ណាស់ គួរ​ឲ្យ​ស្ងប់​ស្ងែ​ង។ សព្វថ្ងៃនេះ អ្នកស្រុក​បាន​យក​ឥដ្ឋ​បុរាណ ទៅ​រៀប​ជា​អគារ​បាន​មួយ មាន​រាង​៤​ជ្រុង​ស្មើ មាន​ដំបូល​គ្របពីលើ​ដោយនៅ​ចំ​កណ្តាល​មាន ទម្រ​ព្រះ​សិវលិង្គ​មួយ​យ៉ាង​ធំ ទុក​ជាទី​សក្ការបូជា​ដូច​បុរាណកាល។ ជាការ​សោកស្តាយ​ជាទីបំផុត ដោយ​មិនបាន​វាយតម្លៃ​បូជនីយដ្ឋាន​នេះ ឲ្យ​បាន​ត្រឹមត្រូវ អ្នកស្រុក​ក៏បាន​យក​ឥដ្ឋ​បុរាណ មក​កសាង​ក្លោងទ្វារ​ចូល​ថ្មី ទៅកាន់​ទីតាំង​នេះ។