Jump to content

FMIS Cambodia

ពីវិគីភីឌា

ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឬ FMIS

[កែប្រែ]
Financial Management Information System (FMIS)
គម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Khmer)
Agency overview
បង្កើត២០១៤
ដែន​សមត្ថកិច្ច ស្ថាប័នរដ្ឋាភិបាលកម្ពុជា
ទីស្នាក់ការ​កណ្ដាលទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ភ្នំពេញ, កម្ពុជា
បុគ្គលិក១៨០ រូប
រដ្ឋមន្ត្រី​ទទួល​បន្ទុកឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
រដ្ឋលេខាធិការ​ទទួល​បន្ទុកឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប
ទីភ្នាក់ងារ​មេក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
គេហទំព័រhttps://fmis.gov.kh/

ព្រះរាជាណាចក្រកម្ពុជាបានចាប់ផ្តើមធ្វើការកែទម្រង់ស្ទើគ្រប់វិស័យអាទិភាព ដើម្បីបង្កើន ពង្រីក និងពង្រឹងគុណភាពអប់រំ សុខមាលភាព គណនេយ្យភាព សង្គតិភាព សមភាព និងអភិបាលកិច្ចល្អ។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញជាកម្មវិធីកែទម្រង់រយៈពេលវែងជាច្រើនលើគ្រប់វិស័យ ជាពិសេសការដាក់ចេញនូវកម្មវិធីកែទម្រង់ពាក់ព័ន្ធនឹងការបង្កើនគុណភាពអភិបាលកិច្ច ឬការកែទម្រ់ងលើរចនាសម្ព័ន្ធ ឬនិយាយម្យ៉ាងទៀតថា ការកែទម្រង់ដែលមានលក្ខណៈជាប្រព័ន្ធ ដែលមានចំនួន ៥ សំខាន់ៗ គឺ១.កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, ២.កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ៣.កម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ ៤.កម្មវិធីកំណែទម្រង់ច្បាប់[តំណភ្ជាប់ខូច] និង៥.កម្មវិធីកំណែទម្រង់ប្រព័ន្ធយុត្តិធម៌

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ Archived 2025-05-17 at the វេយប៊ែខ ម៉ាស៊ីន. ត្រូវបានចាប់ផ្តើមតាំងពីឆ្នាំ២០០៤ មក ដែលដឹកនាំដោយគណៈកម្មាធិការដឹកនាំការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាប្រធាន។ កម្មវិធីកែទម្រង់នេះត្រូវបានកំណត់ជា ៤ ដំណាក់កាល តាំងពីការចាប់ផ្តើមដំបូង ពោលគឺត្រូវអនុវត្តរហូតដល់ឆ្នាំ២០២៥ ដើម្បីសម្រេចចក្ខុវិស័យប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ផ្តោតលើលទ្ធផល ឬសមិទ្ធកម្ម និងវិមជ្ឈការ ស្របតាមស្តង់ដានិងឧត្តមានុវត្តន៍អន្តរជាតិ។

សាវតារ FMIS

[កែប្រែ]

"ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ថា FMIS" បានចាប់បដិសន្ធិឡើងនៅដើមឆ្នាំ ២០១៤ ដែលស្ថិតនៅក្នុងដំណាក់កាលទី២ “ការបង្កើនគណនេយ្យភាពហិរញ្ញវ​ត្ថុ” ដោយផ្ដោត​ជាសំខាន់​លើការ​​រៀបចំ ការកែលម្អ ព្រមទាំង​ការពង្រឹង​ការកត់ត្រា និងការធ្វើរបាយការណ៍​គណនេ​យ្យ​និង​ហិរញ្ញវត្ថុឱ្យ​បានកាន់​តែត្រឹ​ម​ត្រូ​​វ ច្បាស់លាស់ សុក្រឹត និងទាន់ពេលវេលា នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា។

កាតព្វកិច្ចរបស់ FMIS គឺជួយពង្រឹងការគ្រប់គ្រងថវិកាជាតិ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកបដោយគណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាព ដូចជាការសម្រួលដល់នីតិវិធីនៃប្រតិបត្តិការហិរញ្ញវត្ថុឱ្យមានភាពប្រសើរឡើង ទូទាត់ជូនអ្នកផ្គត់ផ្គង់បានទាន់ពេលវេលា លើកកម្ពស់តម្លៃនៃការប្រើប្រាស់ថវិកាឱ្យអស់សក្តានុពល ផ្តល់ជូននូវព័ត៌មានហិរញ្ញវត្ថុគ្រប់គ្រាន់ និងទាន់ពេលវេលាសម្រាប់ការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំនៅតាមវិស័យនីមួយៗ។ តាមរយៈនីតិវិធីអនុវត្តការងារទាំងស្រុងនៅក្នុងប្រព័ន្ធ, FMIS នឹងកាន់តែជួយពន្លឿននិងផ្តល់ភាពងាយស្រួលដល់មន្ត្រី ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានឆាប់រហ័ស និងទាន់ពេលវេលាបន្ថែមទៀត។

FMIS នឹងក្លាយជាឧបករណ៍ដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់គ្រប់គ្រងព័ត៌មានចំណូលចំណាយប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីប្រែក្លាយកម្ពុជាឈានទៅសម្រចបានជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០។

យោងតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០២៣ ក្នុងជំពូកទី២ មាត្រា១៣ បានចែងថា ការគ្រប់គ្រង ការរៀបចំ ការអនុវត្ត ការតាមដាន ការត្រួតពិនិត្យលើការអនុវត្តចំណូលនិងចំណាយថវិការដ្ឋ និងកិច្ចប្រតិបត្តិការហិរញ្ញវត្ថុនិងគណនេយ្យនៃថវិការដ្ឋ ព្រមទាំងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ត្រូវប្រើប្រាស់និងឆ្លុះបញ្ចាំងក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតែមួយគត់។

FMIS ត្រូវបានទទួលស្គាល់ថា ជាឆ្អឹងខ្នងគន្លឹះពុំអាចខ្វះបានសម្រាប់គាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅគ្រប់ដំណាក់កាល ក្នុងការគ្រប់គ្រង និងអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុនៅតាមអង្គភាពថវិកា ដើម្បីតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្តសិទ្ធភាព ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា។

គោលបំណងនៃការអនុវត្តគម្រោង FMIS គឺដើម្បីធ្វើវិមជ្ឈការលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងពន្លឿននីតិវិធីអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុ ប្រកបដោយគណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាពខ្ពស់។


ដំណាក់កាលនៃការអនុវត្តគម្រោង FMIS
កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឈ្មោះដំណាក់កាល ជំហាននៃការអនុវត្តគម្រោង FMIS ឆ្នាំចាប់ផ្តើម ឆ្នាំបញ្ចប់
ដំណាក់កាលទី១ ភាពជឿទុកចិត្តបាននៃថវិកា
ដំណាក់កាលទី២ ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ ជំហានទី១ ២០១៤ ២០១៦
ដំណាក់កាលទី៣ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ជំហានទី២ ២០១៧ ២០២០
ដំណាក់កាលទី៤ គណនេយ្យភាពសមិទ្ធកម្ម ជំហានទី៣ ២០២១ ២០២៥
ដំណាក់កាលទី៤ គណនេយ្យភាពសមិទ្ធកម្ម ជំហានទី៤ ២០២៦ ២០៣០


ចាប់តាំងពីការអនុវត្តជំហានទី១ រហូតមកដល់បច្ចុប្បន្ន, ការដ្ឋានដែលកំពុងប្រើប្រាស់ FMIS សរុបមានចំនួន ៣១១ការដ្ឋាន, មុខងារប្រព័ន្ធដែលកំពុងដំណើរការមានចំនួន ៨មុខងារ, សន្ធានកម្មជាមួយប្រព័ន្ធខាងក្រៅមានចំនួន ១៦ប្រព័ន្ធ, របាយការណ៍ផលិតចេញពីប្រព័ន្ធសរុបមានចំនួន ៦៦របាយការណ៍ និងអ្នកប្រើប្រាស់ប្រព័ន្ធសរុបមានចំនួន ៣.៧៩៨រូប។ ជាមួយគ្នានេះ, ការប្រើប្រាស់ FMIS បានក្លាយជាកម្លាំងចលនា ក្នុងការជួយជំរុញដល់ដំណើរការ នៃការកែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ឱ្យសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ។

មុខងាររបស់ FMIS

[កែប្រែ]

មុខងារស្នូល

[កែប្រែ]

បច្ចុប្បន្ននេះ FMIS បានធ្វើដំណើរមកដល់ជំហានទី៣ (២០២១-២០២៥) ដោយពង្រីកវិសាលភាពក្នុងការប្រើប្រាស់នៅស្ទើតែគ្រប់អង្គភាពអនុវត្តហិរញ្ញវត្ថុទូទាំងប្រទេសកម្ពុជា។ ប្រព័ន្ធទំនើបកម្មនេះ មានមុខងារចំនួន ៨ រួមមាន៖ មុខងាររៀបចំផែនការថវិកា (Budget Planning), មុខងារវិភាជន៍ថវិកា (Budget Allocation), មុខងារគណនីត្រូវទារ (Accounts Receivable), មុខងារការទិញ (Purchase Order), មុខងារលទ្ធកម្មពេញលេញ (Full Procurement), មុខងារគណនីត្រូវសង (Accounts Payable), មុខងារគ្រប់គ្រងសាច់ប្រាក់ (Cash Management), និង មុខងារសៀវភៅធំ (General Ledger)។

មុខងារផ្សេងៗ

[កែប្រែ]

ក្រៅពីមុខងារស្នូលដែលអនុវត្តនៅតាមក្រសួង-ស្ថាប័ន, FMIS ក៏មានមុខងារបន្ថែមផ្សេងទៀត ដែលជួយគាំទ្រលើការប្រើប្រាស់ប្រព័ន្ធផងដែរ ក្នុងនោះរួមមាន៖ របាយការណ៍ហិរញ្ញវត្ថុ (Financial Report), មុខងារផ្ទេរសិទ្ធិនិងទទួលសិទ្ធិអនុម័តប្រតិបត្តិការ (Delegation), កម្មវិធីតាមដានស្ថានភាពប្រតិបត្តិការ (FMIS Transaction Monitoring), កម្មវិធីត្រួតពិនិត្យការអនុវត្តថវិកា (FMIS Performance Monitoring), មុខងារជូនដំណឹង (Notification), និងមុខងារផ្ទេរសាច់ប្រាក់តាមអេឡិចត្រូនិច (EFT)។

FMIS Portal ជំនាន់ទី១

[កែប្រែ]

FMIS Portal ជំនាន់ទី១ ត្រូវបានរៀបចំដោយលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS គឺដើម្បីបង្កើនភាពងាយស្រួលជូនទៅដល់មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានទីតាំងនៅឆ្ងាយពីរតនាគារខេត្ត ដូចជា រដ្ឋបាលឃុំ និងរដ្ឋបាលស្រុកនៅតាមបណ្តាខេត្តនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការទំនាក់ទំនង និងបញ្ជូនឯកសារទៅវិញទៅមក មានភាពងាយស្រួលនិងទាន់ពេលវេលាក្នុងការអនុវត្តចំណូលនិងចំណាយជាដើម។

បច្ចុប្បន្ន រដ្ឋបាលថ្នាក់ក្រោមជាតិទូទាំងប្រទេស មានចំនួន ១,៨៧០ការដ្ឋាន ដែលមានរដ្ឋបាលក្រុងចំនួន ៣១ រដ្ឋបាលស្រុក ចំនួន ១៦៣ រដ្ឋបាលឃុំចំនួន ១,៤១៦ និងរដ្ឋបាលសង្កាត់ចំនួន ២៦០ កំពុងប្រើប្រាស់ FMIS Portal ជំនាន់ទី១ ហើយអ្នកប្រើប្រាស់សរុបមានចំនួន ៣,៣៧២រូប ដើម្បីសម្រួលដល់ការអនុវត្តការងារហិរញ្ញវត្ថុប្រចាំថ្ងៃ។

FMIS Portal ជំនាន់ទី១ ត្រូវបានប្រកាសដាក់អោយប្រើប្រាស់នៅគ្រប់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

កម្មវិធីកញ្ចក់ថវិកាតាមទូរសព្ទដៃជំនាន់ទី១ (Budget Mirror Mobile Application Version 1)

[កែប្រែ]

កម្មវិធីកញ្ចក់ថវិកា គឺជាកម្មវិធីរបាយការណ៍ឌីជីថលឆ្លាតវៃ ដែលនឹងក្លាយជាថ្នាលប្រមូលផ្តុំនូវទិន្នន័យឌីជីថលច្រើនប្រភេទទាំងទិន្នន័យហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ហើយបំប្លែងទិន្នន័យ ( Data Transforming) ជាទម្រង់ព័ត៌មានដែលអាចអានបាន, យល់បាន និងប្រើប្រាស់បាន សម្រាប់តាមដាន និង គ្រប់គ្រងការអនុវត្តហិរញ្ញវត្ថុសាធារណៈ ព្រមទាំងជួយដល់ការសម្រេចចិត្តជាយុទ្ធសាស្ត្រក្នុងធុរកិច្ចរបស់ស្ថាប័ន និងរាជរដ្ឋាភិបាល។

អត្ថប្រយោជន៍ចម្បងៗ៖
[កែប្រែ]
  • បង្ហាញទិន្នន័យជាការវិភាគតាមទូរសព្ទដៃ
  • បង្ហាញទិន្នន័យតាមចំណាត់ថ្នាក់ថវិកាសំខាន់ៗ
  • ផែនការថវិកា, ធានាចំណាយ, ចំណាយអនុវត្ត, សមតុល្យ
  • ការប្រៀបធៀបចំណាយ-ចំណូលត្រីមាស, ឆមាស និងប្រចាំឆ្នាំ

កម្មវិធីចំណាត់ថ្នាក់ថវិកា (FMIS Classification)

[កែប្រែ]

ចំណាត់ថ្នាក់ថវិកាក្នុង FMIS ត្រូវបានរចនាឡើង ក្នុងគោលបំណងដើម្បីជួយដល់អ្នកប្រើប្រាស់ក្នុងការរុករក និងយល់ដឹងអំពីរចនាសម្ព័ន្ធនិងគោលបំណងនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដោយងាយស្រួល។ ជាទូទៅ ម៉ូឌុលចំណាត់ថ្នាក់នីមួយៗរួមមាន៖ លេខកូដសម្គាល់ ឈ្មោះ និងការពណ៌នាខ្លី ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវព័ត៌មានច្បាស់លាស់ និងងាយស្រួលប្រើប្រាស់។

ចំណាត់ថ្នាក់ទាំងនេះរួមមាន៖

  • ចំណាត់ថ្នាក់សេដ្ឋកិច្ច
  • ចំណាត់ថ្នាក់ភូមិសាស្ត្រ
  • ចំណាត់ថ្នាក់រដ្ឋបាល
  • ចំណាត់ថ្នាក់កម្មវិធី
  • ចំណាត់ថ្នាក់មូលនិធិ
  • ចំណាត់ថ្នាក់គម្រោង
  • ចំណាត់ថ្នាក់មុខងារ

អ៊ីនត្រាណិត (Intranet)

[កែប្រែ]

ក្រោមគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ និងការដឹកនាំដោយផ្ទាល់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ, គម្រាងស្ថាបនាអ៊ីនត្រាណិត ត្រូវបានដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ជាផ្លូវការនៅតាមអង្គភាពប្រើប្រាស់ក្រោមឱវាទក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានាចំនួន ១៧៧ការដ្ឋាន ដើម្បីបំពេញតម្រូវការជាក់ស្តែង រួមមាន ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ប្រព័ន្ធកៀរគរចំណូលពន្ធគយ និងប្រព័ន្ធកៀរគរចំណូលពន្ធដារ ជាដើម។ គម្រោងនេះ នឹងបន្តពង្រីកវិសាលភាព និងសេវានានាបន្ថែមទៀតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនដល់ស្ថាប័នទទួលសេវាជាមូលដ្ឋាន និងក្រសួង-ស្ថាប័នជាដៃគូ រួមទាំងប្រជាពលរដ្ឋ។

FMIS Portal ជំនាន់ថ្មី

[កែប្រែ]

FMIS Portal ជំនាន់ថ្មី គឺជាប្រព័ន្ធទំនើបកម្ម ដែលប្រើប្រាស់សម្រាប់សម្រួល និងបន្ថែមភាពងាយស្រួលដល់ដំណើរការប្រតិបត្តិការហិរញ្ញវត្ថុ តាមរយៈការកាត់បន្ថយនូវផ្ទាំងបំពេញព័ត៌មាន និងកាត់បន្ថយភាពស្មុគស្មាញនៃប្រតិបត្តិការ ដោយប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត (Internet) បានដោយផ្ទាល់លើទូរសព្ទដៃ, ថេប្លេត (tablet) និងកុំព្យូទ័រយួរដៃ ជាដើម។

FMIS Portal ជំនាន់ថ្មី ត្រូវបានរៀបចំឡើង ក្នុងគោលបំណងជម្រុញប្រសិទ្ធភាពនៃការប្រើប្រាស់ FMIS សម្រាប់អ្នកប្រើប្រាស់ នៅតាមបណ្តារដ្ឋបាលក្រុង ស្រុក និងខណ្ឌ ក្នុងការចុះប្រតិបត្តិការហិរញ្ញវត្ថុជាច្រើន រួមមាន៖ ប្រតិបត្តិការស្នើសុំធានាចំណាយ ប្រតិបត្តិការការអនុវត្តកិច្ចលទ្ធកម្ម ប្រតិបត្តិការទូទាត់ចំណាយ និងការទាញយករបាយការណ៍ផ្សេងៗ តាមរយៈ ប្រព័ន្ធអ៊ីនធឺណេត (Internet) ដោយផ្ទាល់លើទូរសព្ទដៃ, ថេប្លេត (tablet) និងកុំព្យូទ័រយួរដៃ។

អត្ថប្រយោជន៍នៃការប្រើប្រាស់ FMIS Portal ជំនាន់ថ្មី៖

  • បន្ថែមភាពងាយស្រួលនៅក្នុងការចុះប្រតិបត្តិការប្រចាំថ្ងៃ
  • ជំរុញប្រសិទ្ធភាពការងារ
  • អាចប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត (Internet) បាន
  • កាត់បន្ថយពេលវេលាក្នុងការចុះប្រតិបត្តិការប្រចាំថ្ងៃ
  • កាត់បន្ថយនូវផ្ទាំងបំពេញព័ត៌មាននៃប្រតិបត្តិការហិរញ្ញវត្ថុ
  • កាត់បន្ថយភាពស្មុគស្មាញក្នុងការបញ្ចូលព័ត៌មាននៃប្រតិបត្តិការហិរញ្ញវត្ថុ៕

អង្គភាពអនុវត្តគម្រោង FMIS

[កែប្រែ]

១. ក្រសួង-ស្ថាប័ន

[កែប្រែ]

គិតត្រឹមឆ្នាំ ២០២៥ នេះ មានក្រសួង-ស្ថាប័នចំនួន ៣៧ បាននិងកំពុងចូលរួមអនុវត្តគម្រោង FMIS ស្ថិតនៅក្នុងជំហានទី៣ (២០២១-២០២៥)។ FMIS ត្រូវបានដាក់ឱ្យអនុវត្តជាជំហានៗ ទៅតាមការដ្ឋាន ដោយផ្អែកទៅលើចំនួនមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុរបស់ក្រសួង-ស្ថាប័នសាម៉ី ដែលក្នុងនោះរួមមាន៖ អ្នកទទួលបន្ទុកបញ្ចូលប្រតិបត្តិការ អ្នកត្រួតពិនិត្យប្រតិបត្តិការ អ្នកត្រួតពិនិត្យជំនួស អ្នកអនុម័ត អ្នកអនុម័តជំនួស តាមមុខងាររៀងៗខ្លួន។

ក្រសួង-ស្ថាប័នខាងលើ បានចូលរួមអនុវត្តនីតិវិធីការងារតាម FMIS លើមុខងារស្នូល ដូចជា៖ មុខងារគណនីត្រូវសង (Accounts Payable), មុខងារគណនីត្រូវទារ (Accounts Receivable), មុខងារការទិញ (Purchase Order), មុខងារលទ្ធកម្មពេញលេញ (Procurement), មុខងារវិភាជន៍ថវិកា (Budget Allocation), មុខងាររៀបចំផែនការថវិកា (Budget Planning), របាយការណ៍ (Report), មុខងារផ្ទេរសិទ្ធិ និងទទួលសិទ្ធិអនុម័តប្រតិបត្តិការ (Delegation)។

២. រដ្ឋបាលរាជធានី-ខេត្ត

[កែប្រែ]

រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ បានចូលរួមអនុវត្តនីតិវិធីការងារប្រតិបត្តិការហិរញ្ញវត្ថុតាម FMIS ចាប់តាំងពីឆ្នាំ២០២២ ដែលមានមុខងារចំនួន ៤ ក្នុងនោះរួមមាន៖ មុខងារវិភាជន៍ថវិកា (Budget Allocation), មុខងារគណនីត្រូវសង (Accounts Payable), មុខងារគណនីត្រូវទារ (Accounts Receivable) និងមុខងារការទិញ (Purchase Order)។

៣. មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត

[កែប្រែ]

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥[តំណភ្ជាប់ខូច] បានចូលរួមអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុតាម FMIS ចាប់តាំងពីឆ្នាំ ២០១៩ មក ហើយត្រូវបានបន្តដាក់ឱ្យអនុវត្តនូវមុខងារចំនួន៥ ក្នុងនោះរួមមាន មុខងារគណនីត្រូវសង (Accounts Payable), មុខងារសៀវភៅធំ (General Ledger), មុខងារគ្រប់គ្រងសាច់ប្រាក់ (Cash Management), មុខងារការទិញ (Purchase Order), និងមុខងារវិភាជន៍ថវិកា (Budget Allocation)។

៤. គ្រឹះស្ថានសាធារណៈរដ្ឋបាល

[កែប្រែ]

បច្ចុប្បន្ននេះ គ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៩ បានចូលរួមអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុតាម FMIS ក្នុងនោះគ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៤ បានចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២៣ រួមមាន៖ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, រាជ្យបណ្ឌិតសភាកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា។ គ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៥ បន្ថែមថ្មី បានចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២៥ រួមមាន៖ ១. សាកលវិទ្យាល័យភូមិន្ទកសិកម្ម, ២. សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច, ៣. សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល, ៤. សាកលវិទ្យាល័យជាតិបាត់ដំបង និង៥. វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ គ្រឹះស្ថានសាធារណៈរដ្ឋបាលទាំង ៩ នេះ ត្រូវអនុវត្តមុខងារចម្បងចំនួន ៦ រួមមាន៖ មុខងារគណនីត្រូវសង (Accounts Payable), មុខងារគណនីត្រូវទារ (Accounts Receivable), មុខងារសៀវភៅធំ (General Ledger), មុខងារគ្រប់គ្រងសាច់ប្រាក់ (Cash Management), មុខងារការទិញ (Purchase Order), មុខងារវិភាជន៍ថវិកា (Budget Allocation), របាយការណ៍ (Report), មុខងារផ្ទេរសិទ្ធិ និងទទួលសិទ្ធិអនុម័តប្រតិបត្តិការ (Delegation)។

៥. រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ

[កែប្រែ]

រដ្ឋបាលក្រុង-ស្រុក-ខណ្ឌចំនួន ៤៤ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តគម្រោង FMIS នៅត្រីមាសទី១ ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមាន៖ រដ្ឋបាលក្រុងទាំង ២៨, រដ្ឋបាលស្រុកខ្សាច់កណ្តាល, រដ្ឋបាលស្រុកមុខកំពូល និងរដ្ឋបាលខណ្ឌទាំង ១៤ នៅរាជធានីភ្នំពេញ។ រដ្ឋបាលក្រុង-ស្រុក-ខណ្ឌទាំង ៤៤ នេះ ត្រូវអនុវត្តមុខងារចម្បងចំនួន ៣ ដោយអនុវត្តនីតិវិធីការងារតាម FMIS ទាំងស្រុង មានដូចជា មុខងារគណនីត្រូវសង (Accounts Payable), មុខងារការទិញ (Purchase Order), និងមុខងារវិភាជន៍ថវិកា (Budget Allocation)។

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ រដ្ឋបាលក្រុង-ស្រុកចំនួន ៥១ បន្ថែមថ្មី នឹងចូលរួមអនុវត្តនីតិវិធីចំណាយថវិកាចរន្តតាម FMIS ទាំងស្រុងតាមមុខសញ្ញាតាម FMIS Portal ជំនាន់ថ្មី មានដូចជា៖ នីតិវិធីស្នើសុំធានាចំណាយកិច្ចលទ្ធកម្ម, នីតិវិធីស្នើសុំធានាចំណាយមិនមែនកិច្ចលទ្ធកម្ម និង គ្រប់មុខសញ្ញាអាណត្តិទូទាត់ នៅរដ្ឋបាលក្រុងចំនួន ៥ និងរដ្ឋបាលស្រុកចំនួន ៤៦ នៃខេត្តចំនួន ៦ រួមមាន៖ ១. រដ្ឋបាលខេត្តកណ្តាល៖ ក្រុងចំនួន ២ និងស្រុកចំនួន ៨, ២. រដ្ឋបាលខេត្តកំពង់ស្ពឺ៖ ក្រុងចំនួន ១ និងស្រុកចំនួន ៧, ៣. រដ្ឋបាលខេត្តសៀមរាប៖ ក្រុងចំនួន ១ និងស្រុកចំនួន ១១, ៤. រដ្ឋបាលខេត្តព្រះសីហនុ៖ ក្រុងចំនួន ១, ៥. រដ្ឋបាលខេត្តព្រៃវែង៖ ស្រុកចំនួន ១២ និង៦. រដ្ឋបាលខេត្តកំពង់ធំ៖ ស្រុកចំនួន ៨។

៦. រតនាគាររាជធានី-ខេត្ត

[កែប្រែ]

រតនាគាររាជធានី-ខេត្តទាំង ២៥ បានចូលរួមអនុវត្តទៅលើមុខងារចំនួន ៦ រួមមាន៖ មុខងារគណនីត្រូវសង (Accounts Payable), មុខងារគណនីត្រូវទារ (Accounts Receivable), មុខងារសៀវភៅធំ (General Ledger), មុខងារគ្រប់គ្រងសាច់ប្រាក់ (Cash Management), មុខងារការទិញ (Purchase Order), និងមុខងារវិភាជន៍ថវិកា (Budget Allocation)។

៧. មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត

[កែប្រែ]

មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្តទាំង ២៥ Archived 2025-06-20 at the វេយប៊ែខ ម៉ាស៊ីន. នឹងចាប់ផ្តើមអនុវត្តជាផ្លូវការ នៅដើមឆ្នាំ២០២៦ ខាងមុខនេះ ដែលត្រូវផ្សាភ្ជាប់ជាមួយការអនុវត្តនីតិវិធីតាមប្រព័ន្ធទាំងស្រុង សម្រាប់នីតិវិធីចំណាយលើការបើកផ្តល់បៀវត្សនិងចំណាយលើបន្ទុកបុគ្គលិកផ្សេងៗ ដែលមានគោលរបបកំណត់ច្បាស់លាស់, នីតិវិធីចំណាយទូទាត់ត្រង់ដែលមានហានិភ័យកម្រិតទាប, នីតិវិធីចំណាយថវិកាចរន្ត, និងនីតិវិធីបង្កើតឬកែសម្រួលរជ្ជទេយ្យបុរេប្រទាននិងចលនាឥណទានថវិកាចរន្ត ដើម្បីសម្រួលដល់ការធ្វើប្រតិបត្តិការដែលបានអនុវត្តនៅក្រៅប្រព័ន្ធ និង មាននីតិវិធីស្មុគស្មាញជាមួយនឹងការប្រើប្រាស់ឯកសារក្រដាស។

បណ្តាញទំនាក់ទំនងសង្គមនានា

[កែប្រែ]


1. គេហទំព័រផ្លូវការ ៖ https://fmis.gov.kh/
2. បណ្តាញសង្គមហ្វេសប៊ុក ៖ https://www.facebook.com/fmis.khmer/
3. តេលេក្រាម ៖ https://t.me/FMIS_CAMBODIANEWS
4. យូធូប ៖ https://www.youtube.com/@FMISCambodia

ឯកសារយោង

[កែប្រែ]


1. His Excellency Dr. Aun Pornmoniroth, Deputy Prime Minister and Minister of Economy and Finance and the Leading Sponsor of FMIS
2. His Excellency Dr. Hean Sahib, Secretary of State of the Ministry of Economy and Finance and Chairman of the FMIS Working Group
3. ច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ ២០២៣ Archived 2025-05-08 at the វេយប៊ែខ ម៉ាស៊ីន.
4. ចក្ខុវិស័យ និង យុទ្ធសាស្ត្រស្តីពី សុខដុមនីយកម្មការកែទម្រង់ ៣ បូក ១ Archived 2025-05-08 at the វេយប៊ែខ ម៉ាស៊ីន.
5. ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (MEF Cambodia)៖ https://en.wikipedia.org/wiki/Ministry_of_Economy_and_Finance_(Cambodia)
6. គេហទំព័រផ្លូវការរបស់គម្រោង FMIS៖ https://fmis.gov.kh/
7. អំពីគម្រោង FMIS៖ https://fmis.gov.kh/about-fmis/
8. ក្រុមការងារ FMWG(https://fmis.gov.kh/storage/filepdf/212.pdf
9. កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ៖ https://data.opendevelopmentcambodia.net/km/library_record/national-program-on-sub-national-democratic-development-phase-2-2021-2030/resource/3f405840-b056-4674-b943-bc17d7abc95a
10. Fresh News Asia: មន្ត្រីជាន់ខ្ពស់៖ រាជរដ្ឋាភិបាលនឹងឈានដល់ ការគ្រប់គ្រងថវិកាជាតិ បានកាន់តែមានប្រសិទ្ធភាព មានតម្លាភាពជាលំដាប់ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល
11. Fresh News Asia: មន្ដ្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្នើឱ្យគណៈប្រតិភូអ៊ុយក្រែន បន្តសិក្សាស៊ីជម្រៅលើលទ្ធភាពនៃការជំរុញកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធ រវាងប្រទេសទាំងពីរ
12. Fresh News Asia: មន្ត្រីជាន់ខ្ពស់៖ ការអនុវត្ត និងពង្រីកការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ជាកត្តាគន្លឹះជួយកម្ពុជា សម្រេចចក្ខុវិស័យកែទម្រង់ហិរញ្ញវត្ថុសាធារណៈ
13. Fresh News Asia: ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាប់ផ្តើមយុទ្ធនាការបញ្រ្ជាបការយល់ដឹងលើ «ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាម FMIS ជូនអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៃក្រសួង-ស្ថាប័នចំនួន១១»
14. Fresh News Asia: ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹង ស្តីពីនីតិវិធីចំណាយ និងចលនាឥណទានថវិកាចរន្តតាម FMIS ទាំងស្រុង ជូនក្រសួង-ស្ថាប័នចំនួន១០បន្ថែម
15. FMIS Cambodia News: ការកសាងប្រព័ន្ធថវិកាទំនើបដែលឆ្លើយតបទៅនឹងឧត្តមានុវត្តន៍អន្តរជាតិនឹងមិនអាចសម្រេចទៅបាននោះទេ ដរាបណាមិនមានការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលជាជំនួយ
16. FMIS Cambodia News: កម្មវិធីបញ្រ្ជាបការយល់ដឹងស្តីពីការប្រើប្រាស់មុខងារស្នូល FMIS និង FMIS Portal ជំនាន់ថ្មី សម្រាប់រដ្ឋបាលក្រុង-ស្រុក ចំនួន ៥១បន្ថែមថ្មី