សុខ ស្រីមុំ

ដោយវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី Sok Sreymom)
Sok srey mom.jpg

សុខ ស្រីមុំ ជាតារាភាពយន្តខ្មែរដ៏ល្បី ដែលបានដើរតួសំដែងខ្សែភាពយន្ត ជាង ១០០ រឿង។ បច្ចុប្បន្ននេះ អ្នកស្រី សុខ ស្រីមុំ រស់នៅឯ​ សហរដ្ឋអាមេរិក ក្នុង រដ្ឋកាលីហ្វញ៉ា ជាអ្នកចំរៀងទេសចរណ៏ ។


អ្នក​ស្រី​សុខ ស្រីមុំ
ឯកសារ:Sok Sreymom 3.jpg
ឈ្មោះ​ពេញ សុខ ស្រីមុំ
ថ្ងៃ​ខែ​ឆ្នាំ​កំណើត ១៩៧៣
ទី​កន្លែង​កំណើត ក្រុងភ្នំពេញ
បិតា​នាម គ្រួច នារី
មាតា​នាម សុខ យ៉ាន
បង​ប្អូនបង្កើត ៦​នាក់ ​(​កូនទី៤)
ការ​ងារ តារា​ភាពយន្ត

ជីវប្រវត្តិសង្ខេប[កែប្រែ]

អ្នកស្រី​សុខ ស្រីមុំ​​ ជា​អតីត​តារា​ភាព​យន្ត​ដ៏​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សម្លេ​ង​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ចុង​ទសវត្សរ៍​ទី​៨០​​និង​​ទសវត្សរ៍​ទី​៩០​​ដែល​មាន​ទេព​កោសល្យ​សម្ដែង​យ៉ាង​សក្តិសម​ឥត​ខ្ចោះក្នុងឈុតក្រមិចក្រមើម​ រឡិករឡក់​​ ក្និកក្នក់​ គួរ​ឱ្យ​ស្ញើច​សរសើរ​។ ​អ្នកស្រី​កើត​នៅឆ្នាំ១៩៧៣ ​នៅទីក្រុងភ្នំពេញ។ ឪពុក​ឈ្មោះ​គ្រួច​នារី​​ ជា​អតីត​អ្នក​ប្រដាល់​សេរី​ដ៏​ល្បី​ឈ្មោះ​កាលពីសម័យ​សាធារណរដ្ឋ​ខ្មែរ​ ​(ស្លាប់​ក្នុង​ជំនាន់​ប៉ុល ពត​)​​ ម្តាយ​ឈ្មោះ​សុខ​ យ៉ាន​ ជា​មេ​ផ្ទះ។ អ្នកស្រី ជាកូនទី៤ ក្នុងចំណោមបងប្អូន៦នាក់។ ​មុន​ពេល​ចាប់​អាជីព​ជាតារា​សម្ដែង​ភាព​យន្ត​ អ្នកស្រី​សុខ ស្រីមុំ​ ឈ្មោះ​ហៅ​ក្រៅ​ ក្លឹង្គ​ ​មានអតីតភាព​ជាអ្នកលក់​បារី​នៅ​ត្រង់​ម្ដុំ​អតីត​រោង​កុន​ឋាន​សួគ៌ ​(ផ្លូវ​កម្ពុជា​ក្រោម​)​ ជិត​សាលា​បាក់ទូក​។​ អ្នក​ស្រី​បាន​រៀប​អាពាហ៍​ពិពាហ៍​ជាលើក​ដំបូង​ជាមួយលោក​ ខៃ ចាន់តារា​​ ហៅ​ អ៊ួក​ នៅឆ្នាំ​១៩៩៣។​​​​ ប៉ុន្ដែ​ពួក​គេ​ទាំងពីរ​ក៏​បាន​លែង​លះ​គ្នា​ក្រោយពី​បាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​បាន​ប៉ុន្មាន​ឆ្នាំ​ដោយ​បន្សល់ទុក​កូនប្រុស​ម្នាក់​អាយុ​១៨ឆ្នាំ ​​​​(គិតមកដល់​ឆ្នាំ​២០១១នេះ)។​ នៅ​ឆ្នាំ​២០០០​ អ្នកស្រី​បាន​ជួប​ជា​មួយ​ស្វាមី​ក្រោយ​ដែល​ជាជនបរទេស​មាន​អាជីព​ជា​ផលិតករ​ភាព​យន្ដ​នៅ​សហរដ្ឋ​អាមេរិក​។​​ សព្វថ្ងៃនេះអ្នកស្រីសុខ ស្រមុំ កំពុងរស់នៅ​រដ្ឋកាលីហ្វញ៉ា​ សហរដ្ឋអាមេរិក​។​​ ​អតីតតារាភាពយន្តរូបនេះ​មាន​អាយុ​៣៨​​ឆ្នាំហើយ​(គិតមកទល់ឆ្នាំ២០១១នេះ​) ។​

ឯកសារ:Sok Sreymom.jpg
​សុខ ស្រីមុំ ឆ្នាំ១៩៩៤
ឯកសារ:Sok Sreymom2.jpg
សុខ ស្រីមុំពេលចេញទៅអាមេរិក ឆ្នាំ១៩៩៤
ឯកសារ:Sok Sreymom and Ampor Tevy.jpg
​សុខ ស្រីមុំ ពេលសម្ដែងនៅអាមេរិកជាមួយអ្នកស្រីអម្ពរទេវី
ឯកសារ:Sok Sreymom 1.jpg
សុខ ស្រីមុំ​ ថតពេលមកលេងស្រុកខ្មែរឆ្នាំ២០០៧


ជីវិតសិល្បៈ​ និង​ ស្នាដៃ[កែប្រែ]

អ្នក​ស្រី​បាន​ចូល​ប្រឡូក​សិល្បៈ​ភាព​យន្ត​នៅ​ឆ្នាំ​១៩៨៩​ រួម​ជំនាន់​ស្របាល​គ្នា​ជាមួយនឹង​អ្នកស្រីអម្ពរ​ទេវី​​​,​អ្នកស្រីចាន់​ តារាទី​​​,អ្នកស្រីអ៊ុំ​ សុវណ្ណនី​,អ្នកស្រីចាន់ សេរីរ័ត្ន​​ ,អ្នកស្រីឯក​ អមរា​​ ជាដើម​។​ ស្នាដៃ​ដំបូង​ដែល​អ្នកស្រី​ចាប់​ផ្ដើម​ល្បី​ឈ្មោះ​ក្នុង​ពិភព​សិល្បៈ​ធ្វើឱ្យ​ទស្សនិក​ជន​ស្គាល់​ច្បាស់​គឺ​រឿង​កាត់​បេះ​ដូង​ដើម្បី​បង​​ រួម​សម្ដែង​ជាមួយ​តួឯក​ប្រុស​គឺ​លោក​សម​ តារា។​​​ អ្នកស្រី​ធ្លាប់​រួមុំសម្ដែង​ភាព​យន្ត​ជាមួយ​តួប្រុស​ជាច្រើន​នៅ​ជំនាន់​នោះ​ដូចជា​លោក​ទេព​ រិន្ទ​ដារ៉ូ​,លោក​សម​ តារា​​,​លោក​ខៃ​ ប្រសិទ្ធ​,​លោក​ពេជ្រ​ ភិរុណ​,លោក​យស​ បូ​វណ្ណៈ​​,​លោក​សុវណ្ណ​ មុនី​​​ ជាដើម​។ ​ខ្សែ​ភាព​យន្ត​ដែល​អ្នកស្រី​បាន​ចូល​រួម​សម្ដែង​មានដូចជា​៖

  1. រឿងកាត់​បេះដូងដើម្បីបង​
  2. រឿងនាងរំសាយសក់​
  3. រឿងខឹងខ្នាញ់​ស្រឡាញ់អង្អែល​
  4. រឿងស្រណោះ​ក្លិនស្រែម្អម
  5. រឿងមួយសប្ដាហ៍​នៃបេសកកម្មខ្មោច​
  6. រឿងព្រលឹង​អារក្សអន្ទាក់និស្ស័យ​
  7. រឿងម៉ាក់អូន​នៅក្រមុំ​
  8. រឿងព្យាណូ​បាក់​ខ្ទង់​
  9. រឿងផ្កាចុង​សន្លឹក​
  10. រឿងមេផ្ទះ​លេខមួយ
  11. រឿងដួងចិត្តខ្មោច
  12. រឿង​ច្រឡំ​ខ្ញុំហើយ
  13. រឿងពៅម្លិះលា
  14. រឿងឥន្ទធនូ​បីពណ៌​
  15. រឿងកវី​ផ្សង​ស្នេហ៍​

ជីវិតថ្មី​លើ​ដី​អាមេរិក​[កែប្រែ]

អ្នក​ស្រី​សុខ​ ស្រីមុំ​ បាន​ចាក​ចេញ​ពី​មាតុភូមិ​ទៅ​រស់​នៅ​សហរដ្ឋអាមេរិក​នៅ​ខែកញ្ញា​ ឆ្នាំ១៩៩៤ រួមដំណើរ​ជាមួយលោក​យស​ បូ​វណ្ណៈ​​ និង​សិល្បករ​មួយ​ចំនួន​ទៀត​។​ នៅ​ទី​នោះ​ ដំបូង​អ្នកស្រីចេញ​ច្រៀង​ ក្រោយ​មក​ទើប​មាន​គេ​ទាក់ទង​ឱ្យ​សម្ដែងជា​ចំរៀង​កាយ​វិការ​​។​ ក្រៅពី​នេះ​ អ្នកស្រី​ត្រូវ​ប្រកប​មុខរបរ​ផ្សេងទៀត​បន្ថែម​លើ​អាជីព​សិល្បៈ​ដើម្បី​រក​ប្រាក់​ចំណូល​ផ្គត់​ផ្គង់​ជីវភាព​។​​ កាលពី​ឆ្នាំ​២០០៧កន្លងទៅ​ថ្មីៗ​នេះ​ ក្រោយពី​បាន​ឃ្លាតពី​មាតុភូមិ​អស់រយៈពេល​ជាង​១០​ឆ្នាំ​ អ្នក​ស្រី​ក៏​បាន​ត្រលប់​មកលេង​ស្រុក​ខ្មែរជាលើក​ដំបូង​ជាមួយ​ស្វាមី​ក្រោយ​ជិតមួយខែ​ ហើយបាន​​ចេញ​មុខ​ជាសាធារណៈ​ក្នុង​ការ​ប្រគំ​តន្រ្តី​តាមស្ថានីយ៍ទូរទស្សន៍​មួយចំនួន។​ ទោះបីជា​ស្ថិតក្នុង​វ័យ​ជាង​៣០​​ទៅ​ហើយ​ក្ដី​ ក៏​អ្នកស្រី​សុខ ស្រី​មុំ នៅតែរក្សា​សម្រស់​បានស្រស់​ផូរផង់​ក្មេងជាង​វ័យ​ធ្វើឱ្យ​ទស្សនិកជន​គ្រប់​មជ្ឈដ្ឋាន​ស្ញើចសរសើរ​មិនដាច់​ពី​មាត់​៕​

ឯកសារយោង[កែប្រែ]

  1. គេហទំព័រជាផ្លូវការ: http://www.soksreymom.com/
  2. ទស្សនាវដ្តីខ្មែរអប្សរា
  3. ទស្សនាវដ្ដី​ប្រជា​ប្រិយ​