កេង វ៉ាន់សាក់

ពីវិគីភីឌា
កេង វ៉ាន់សាក់
ប្រវត្តរូបសង្ខេប
ឈ្មោះពេញ កេង​ វ៉ាន់សាក់
ឈ្មោះ​ដើម កេង​ វ៉ាន់សាក់
ថ្ងៃកំនើត ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩២៥
ទីកន្លែងកំនើត ស្រុកកំពង់លែង​ ខេត្តកំពង់ឆ្នាំង។
ឪពុកឈ្មោះ កេង ស៊ីផាន់
មា្តយឈ្មោះ ហម អ្នក
មុខងារ អ្នកបង្កើតពុម្ពអក្សរខ្មែរសម្រាប់ប្រើក្នុងម៉ាស៊ីនអង្គុលីលេខនិងធ្លាប់បាននិពន្ធសៀវភៅស្រាវជ្រាវវប្បធម៌ អក្សរសាស្ត្រ រឿងល្ខោន កំណាព្យ និងរឿងខ្លីៗ តាំងពីទសវត្សរ៍ ១៩៤០


លោកបណ្ឌិតសាស្ត្រាចារ្យ កេង វ៉ាន់សាក់ (Pro. Keng Vansak) គឺ​ជា​អ្នក​បង្កើត​ពុម្ព​អក្សរ​ខ្មែរ​សម្រាប់​ប្រើ​ក្នុង​ម៉ាស៊ីន​អង្គុលី លេខ​និង​ធ្លាប់​បាន​និពន្ធ​សៀវភៅ​ស្រាវ​ជ្រាវ​វប្បធម៌ អក្សរសាស្ត្រ រឿងល្ខោន កំណាព្យ និងរឿងខ្លីៗ តាំងពីទសវត្សរ៍ ១៩៤០ នោះមក។

មរណភាព[កែប្រែ]

លោក​បណ្ឌិត​សាស្រ្តា​ចារ្យ​កេង​​ វ៉ាន់​សាក់​​ បាន​ទទួល​មរណភាព​ដោយ​សារ​ជំងឺ​ទឹក​ចូល​សួត​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០០៨។​​ សព​​​​កវី​និពន្ធ​អក្សរសាស្រ្ដ​ខ្មែរ​ដ៏​ល្បី​ល្បាញ​និង​ជាស្ថាបនិក អង្គុលី​លេខ​ខ្មែរ​សម័យ​ទសវត្សរ៍​ឆ្នាំ​១៩៥០ គឺលោកបណ្ឌិត កេង វ៉ាន់សាក់ ត្រូវ​បាន​គេ​ដង្ហែ​ចេញ​ពី​ទីតម្កល់ទៅ​កាន់​ទី​បច្ឆា​មួយកន្លែងនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០០៨ ដើម្បី​បូជា​យក​អដ្ឋិធាតុ​ទៅ​តម្កល់​ជាមួយ​មាតា​របស់​លោក​នៅ​កម្ពុជា​ដោយ មាន​ព្រះ​សង្ឃ​ស្វាធ្យាយ​ព្រះ​សត្តប្បករ​ណា​ភិធម្ម​បង្សុ​កូលឧទ្ទិស កុសលបច្ឆាមរណៈផង។

ជីវៈប្រវត្តិសង្ខេប[កែប្រែ]

លោកបណ្ឌិត កេង វ៉ាន់សាក់ ដែលមានប្រវត្តិរូបប្រកបដោយភាពស្មុគស្មាញនោះបានប្រសូតនៅថ្ងៃ សៅរ៍ ២កើត ខែ​អស្សុជ ឆ្នាំឆ្លូវ សប្ដស័ក ពុទ្ធសករាជ ២៤៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩២៥។

លោក កេង វ៉ានសាក់ ដែលមានមាតាឈ្មោះ ហម អ្នកខេត្តពោធិ៍សាត់ ជាប់​ខ្សែ​ស្រឡាយ​ជា​ញាតិ​វង្ស​ទៅ​នឹង​ម្ចាស់​ក្សត្រី​មល្លីកា ព្រះមហេសី​នៃ​ព្រះអង្គម្ចាស់ នរោត្ដម យុគន្ធរ និងមានបិតាឈ្មោះ កេង ស៊ីផាន់ អ្នកខេត្តកំពង់ចាម មាន​វ័យ​ចម្រើន​ធំធាត់​នៅក្នុងភូមិកំពង់បឹង ស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង។​ ប្រវត្តិ​ស្មុគស្មាញ​របស់​លោក កេង វ៉ាន់សាក់ រាប់បញ្ចូលទាំងបិតាឈ្មោះ កេង ស៊ីផាន់ ផង ដែល​លោក​ធ្លាប់​មាន​ប្រសាសន៍​ប្រាប់​មនុស្ស​ទូទៅថា លោក កេង ស៊ីផាន់ នេះ គឺជាមនុស្សដែលគេឧបកិច្ចទុកជាឪពុកដើម្បីជាកិច្ច​ចម្លងប៉ុណ្ណោះ ហើយ​ឪពុក​ចម្លង​រូប​នេះ​តែង​តាម​ព្យាបាទនិងធ្វើទុក្ខបុកម្នេញលើរូបលោក តាំងពីកុមារភាពរហូតមក។​ ទោះ​បី​យ៉ាង​ណាក្ដីក្នុងប្រវត្តិជីវិតលោកបណ្ឌិត កេង វ៉ាន់សាក់ តែង​បាន​ចូល​ប្រឡូក​នឹង​ការ​ប្រែ​ប្រួល​របស់​ប្រទេស​ជាតិ​សឹង​តែ​គ្រប់ចលនា ដោយរួមទាំងចលនានយោបាយក្នុងសម័យទាមទារឯករាជ្យ ចលនាអក្សរសាស្រ្ដខ្មែរ និង​ចលនា​នយោបាយ​ចម្រើន​ជឿនលឿននិយមដោយ​ក្រោយ​មក​បាន​ក្លាយ​ជា​វាល​ពិឃាត សម្លាប់​មនុស្ស​រាប់​លាន​នាក់​នា​របប​កម្ពុជា​ប្រជាធិបតេយ្យ​ផង។

ប្រវត្តិការងារ[កែប្រែ]

ទោះបីយ៉ាងណាក្ដីក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីមុន ការចាប់ខ្លួនរបស់តុលាការខ្មែរក្រហម អតីត​ប្រធាន​រដ្ឋសភា​នៃរបបកម្ពុជាប្រជាធិបតេយ្យ នួន ជា បានបដិសេធថា លោក កេង វ៉ាន់សាក់ ពុំមែនជាមេខ្មែរក្រហមឡើយ។

គួររំឭកថា សកម្មភាពផ្សេងៗក្នុងឆាកនយោបាយនិងអក្សរសាស្រ្ដបានបណ្ដាលទុក្ខ កង្វល់​ដល់​ក្រុម​គ្រួសារ​និង​ខ្លួន​លោក​ផ្ទាល់​ជាច្រើនលើក។ នៅពេលអាយុ៣០ឆ្នាំ លោកបណ្ឌិត កេង វ៉ាន់សាក់ បានត្រូវជាប់គុកជាច្រើនខែ ផ្ដើម​ឡើង​នៅ​ព្រលប់​មួយនៅខែកញ្ញា ឆ្នាំ១៩៥៥ គឺនៅថ្ងៃគណបក្សប្រជាធិបតេយ្យដែលមានលោកជាអគ្គលេខាធិការបានចាញ់ ឆ្នោត​គណបក្ស​សង្គមរាស្រ្ដនិយមដឹកនាំដោយសម្ដេចព្រះឧបយុវរាជ នរោត្ដម សីហនុ ក្រោម​បទ​ចោទ​ប្រកាន់​ថា​បាន​ដាក់​ផែន​ការ​បាញ់សម្លាប់មេដឹកនាំនិង បេក្ខជនក្នុងគណបក្សសង្គមរាស្រ្ដនិយមតាមការឆ្លើយដាក់របស់បុគ្គលិក ក្នុង​ក្រសួង​ចារកម្ម​ម្នាក់ ឈ្មោះ ជ័យ សុផល។

នៅអាយុ៣៧ឆ្នាំ លោក កេង វ៉ាន់សាក់ បានត្រូវចាប់ដាក់គុកជាថ្មីម្ដងទៀតនារដូវភ្ជុំបិណ្ឌនៃឆ្នាំ ១៩៦៨ ក្នុង​បទ​សង្ស័យ​ថា​បាន​ធ្វើ​ឲ្យ​មានការរំជើបរំជួលច្របូកច្របល់ក្នុង ការចាត់ចែងអក្សរសាស្រ្ដជាតិ ពេល​ដែល​លោក​ធ្វើ​ជា​សាស្រ្ដា​ចារ្យ​អក្សរ​សាស្រ្ដ​ខ្មែរនៅពុទ្ធិកៈ មហាវិទ្យាល័យព្រះសីហនុរាជ។

លោកសាស្រ្ដាចារ្យ កេង វ៉ាន់សាក់ ដែលបើតាមប្រវត្តិនៃមន្រ្តីបុគ្គលិកសិក្សាប្រទេសកម្ពុជាគឺជា បុគ្គលិក​សិក្សា​លេខ​រៀង​ទី១​ផងនោះ ជាបញ្ញាជនដែលស្គាល់ខ្លួនលោកថាពុំមានយោបល់ស្របជាមួយបញ្ញាជនឬ អ្នកដឹកនាំដទៃទៀតឡើយ។ លោក​មើលឃើញថា អ្នកដឹកនាំទាំងនោះពុំមានឆន្ទៈពិតនឹងដឹកនាំប្រទេសខ្មែរឲ្យរួច ចាក​ផុត​ពី​ការ​ត្របាក់​យក​នៃពួកបរទេសឡើយ។

ស្នាដៃ[កែប្រែ]

ស្នាដៃរបស់លោក ដូចជារឿង សាច់មិនបានស៊ីយកឆ្អឹងព្យួរក, អន្ទិតគោលោត, ចិត្តក្រមុំ, គុកកាមកិលេស, ល្បែងល្បោយ, ខ្មែរស្លាប់ខ្មែររស់ និងការនិពន្ធជាភាសាបារាំងវិញ ដូចជា សំណេរ ហ្គ្វលកេ អាស់ស្ពេក ឌឺឡា លីតឈើរែតឈើខ្មែរ រឿង រាម​កេរ្តិ៍ ដែលបានបោះពុម្ពនៅកម្ពុជា អត្ថបទនៃនិក្ខេបទ វប្បធម៌ខ្មែរដ៏ល្អនិងកំរកបាន​ និងកំណាព្យជាភាសាបារាំង ឈ្មោះ ត្រេនឌីដេ ដាន់ផាប់ផូល. គឺជាអ្នកបង្កើតពុម្ពអក្សរខ្មែរសម្រាប់ប្រើក្នុងម៉ាស៊ីនអង្គុលី លេខនិងធ្លាប់បាននិពន្ធសៀវភៅស្រាវជ្រាវវប្បធម៌ អក្សរសាស្ត្រ រឿងល្ខោន កំណាព្យ និងរឿងខ្លីៗ តាំងពីទសវត្សរ៍ ១៩៤០ នោះមក។

សំដីកាលនៅរស់[កែប្រែ]

កាលនៅមានជីវិតលោកសាស្រ្ដាចារ្យ កេង វ៉ាន់សាក់ ធ្លាប់មានប្រសាសន៍ថា ៖ «កាលហ្នឹង ខ្ញុំជាអ្នកស្រឡាញ់ជាតិ ស្រឡាញ់ស្រុក ស្រឡាញ់ខ្មែរហ្នឹង ហើយដឹងថាខ្មែរហ្នឹងកំពុងតែជាប់ភាសាបារាំង ភាសាចិន ភាសាយួន ដោយសារមេដឹកនាំខ្មែរពុករលួយ ដោយសារស្ដេចយើង ដោយសាររាស្រ្ដយើងហ្នឹងល្ងង់ខ្លៅពេញស្រុកទាំងអស់ ឱនក្បាលក្រាបតាមតែគេហ្នឹង។ ដឹងអាហ្នឹងទៅឈឺចាប់រហូតអ៊ីចឹងមក ហើយទទួលរឿងឪពុកម្ដាយខ្ញុំពិបាកថែមទៀត មានចិត្តក្នុងខ្លួនថាធ្វើម៉េចខំរៀនឲ្យបានចេះដឹង ទាស់នឹងបារាំងហ្នឹងខ្លាំងជាងគេ។ ខ្ញុំខំធ្វើម៉េចឲ្យប្រើភាសាខ្មែរបាន សរសេរអក្សរជាអក្សរពុម្ពបាន ហើយយកមកប្រើដើម្បីឲ្យយើងអាចឯករាជ្យបាន។ អាហ្នឹងជាប្រាថ្នាធំជំនាន់ហ្នុង គឺថា ឯករាជ្យមិនកើត គឺយើងអត់មានម៉ាស៊ីនសរសេរ។ សរសេរដៃហ្នឹងកិច្ចការរដ្ឋទៅមិនទាន់ទេ...»។

ទោះបីយ៉ាងណាក្ដីទាក់ទងនឹងប្រវត្តិជីវិត លោក កេង វ៉ាន់សាក់ បើតាមនិទានមួយផ្ដល់ដោយអ្នកអង្គម្ចាស់ក្សត្រី អង្គឌួង នឹមសូហ្វីន ឲ្យដឹងថា លោក កេង វ៉ាន់សាក់ គឺជាបុត្រាពៅបន្ទាប់ពីបុត្រីបងពីរនាក់របស់អ្នកម្នាង ហម ដែលជាអ្នកម្នាងរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ឌួងលក្ខិណា ព្រះអនុជបង្កើតរបស់ព្រះករុណា ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ព្រះចៅក្រុងកម្ពុជាធិបតី។

បាតុភូតពីកំណើត[កែប្រែ]

ប្រវត្តិដដែលនេះបានឲ្យដឹងថា នៅថ្ងៃទារកឈ្មោះ វ៉ាន់សាក់ ប្រសូតនោះមានហេតុអស្ចារ្យមួយដោយមានភាពងងឹតពេញផ្ទៃរាជវាំង បណ្ដាលដោយសូរ្យគ្រាស គឺព្រះរាហូបាំងពន្លឺថ្ងៃពេញមួយថ្ងៃ។ ស្របនឹងព្រឹត្តិការណ៍នេះក៏មានភាពចលាចលកាប់សម្លាប់គ្នានៃក្រុម រាជវង្សក្នុងព្រះរាជវាំងបណ្ដាលឲ្យសមាជិករាជវង្សានុវង្សប្រមាណ៤០ ព្រះអង្គសោយទិវង្គតនៅថ្ងៃនោះ។

អ្នកអង្គម្ចាស់ក្សត្រី អង្គឌួង នឹមសូហ្វីន ឲ្យដឹងទៀតថា ហោរារាជវាំងបានព្យាករណ៍ថា មានទារកចង្រៃកើតចំថ្ងៃនោះដែលត្រូវតែយកទៅប្រហារជីវិតឬបំបរបង់ ចោល។ សូមបញ្ជាក់ថា ពុំមានឯកសារផ្លូវការណាមួយដែលបានបញ្ជាក់ឬបដិសេធនូវប្រវត្តិដែល បានផ្ដល់ដោយអ្នកអង្គម្ចាស់ក្សត្រី អង្គឌួង នឹមសូហ្វីន ខាងលើនេះឡើយ។

ភាពផ្ទាល់ខ្លួន[កែប្រែ]

រីឯលោកបណ្ឌិត កេង វ៉ាន់សាក់ ដែលតែងទទួលសារភាពថាជាអ្នកប្រឆាំងរបបរាជានិយមដ៏ស្លាប់រស់ម្នាក់ នោះធ្លាប់ឲ្យដឹងថា មាតារបស់លោកបានជ្រើសរើសយកការចាកចេញពីរាជវាំងដើម្បីរស់នៅនិង ថែទាំលោកជារៀងរហូតមក។

ជាញឹកញាប់លោកបណ្ឌិត កេង វ៉ាន់សាក់ តែងមានប្រសាសន៍ប្រាប់អ្នកផងទាំងពួងអំពីការជាប់ចិត្តដឹងគុណ គ្មានថ្ងៃភ្លេចបាននិងពុំមានអ្វីប្រៀបអំពីគុណូបការៈដ៏ធំធេងរបស់ មាតាលោក។ សូម្បីលោកមានជន្មាយុក្នុងវ័យ៨០ឆ្នាំហើយក្ដី លោកបណ្ឌិត កេង វ៉ាន់សាក់ ធ្លាប់បានឲ្យដឹងថា លោកតែងនឹកឃើញនិងមានពេលខ្លះលោកសម្រាន្តសោកសង្រេងយំខ្សឹកខ្សួល រហូតពេញមួយថ្ងៃក៏មាន ព្រោះនឹកឃើញសម្ដីដ៏ពីរោះប្រកបដោយក្ដីមេត្តា ភាពថ្នាក់ថ្នមលួងលោមឥតឃ្នើសរបស់មាតាលោកជានិច្ចនិងជាដរាប។

ក្នុងពេលមានជីវិតនៅឡើយ លោកបណ្ឌិត កេង វ៉ាន់សាក់ ធ្លាប់ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរីជាច្រើនរយម៉ោងអំពី រឿងរ៉ាវផ្សេងៗទាក់ទងនឹងជនជាតិខ្មែរ ដោយរួមទាំងរឿងអាថ៌កំបាំងក្នុងបញ្ហាជាតិនិងនយោបាយខ្មែរព្រមទាំង ប្រវត្តិផ្ទាល់ខ្លួនរបស់លោកផង។ វិទ្យុអាស៊ីសេរីនឹងនាំមកជូនស្ដាប់នូវវគ្គសម្ភាសន៍សំខាន់ៗខ្លះ ទាក់ទងនឹងរឿងរ៉ាវខាងលើទៅតាមពេលវេលាសមរម្យនិងភាពដែលអាចធ្វើទៅ បានតាមការគួរ៕ ម៉ោង០៦:៥៣ ថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ២០០៩។