ទស្សនាវដ្ដីមនោរម្យ

ពីវិគីភីឌា
ទស្សនាវដ្ដីមនោរម្យ ឬទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ

ទស្សនាវដ្ដីមនោរម្យ ឬទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ (MONOROOM.info Magazine) ជាទស្សនាវដ្ដី ដែលផ្សាយ​ជាខេមរភាសា បង្កើតនៅឆ្នាំ២០០៥ មានទីស្នាក់ការធំ នៅរដ្ឋធានីប៉ារីស ប្រទេសបារាំង និងផ្ដល់ព័ត៌មាន ពីប្រទេសកម្ពុជា និងជាអន្តរជាតិ ជាប្រចាំ និងជារៀងរាល់ម៉ោង នៅលើបណ្ដាញអ៊ិនធើណែត។

ក្រៅពីសេវាផ្ដល់ព័ត៌មាន ទស្សនាវដ្ដីមួយនេះមានផ្ដល់នូវអត្ថបទ សម្រាប់ជាចំណេះដឹងជាច្រើន ដូចជាឯកសារស្រាវជ្រាវ អត្ថបទវិភាគ បទយកការណ៍ អត្ថបទស្ដីពីជីវិត កីឡា សុខភាព វប្បធម៌ សិល្បៈ វីរជនល្បីៗ ប្រលោមលោក កំប្លែងខ្លីៗ និងវីដេអូប្លែកៗជាដើម។

ប្រវត្តិខ្លះៗ[កែប្រែ]

ការណែនាំខ្លួនជាផ្លូវការ (Slogan) នៅលើគេហទំព័រនៃទស្សនាវដ្ដី បានសរសេរយ៉ាងខ្លីថា៖ «មានគ្រប់រសជាតិ សប្បាយ ថ្មី ប្លែក ចម្លែកត្រចៀក មិនលំអៀង មិនភ័យខ្លាច ប្រភពជឿទុកចិត្ត និងសម្បូរបែប = ទស្សនាវដ្ដីប្រជាជន គឺទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ (MONOROOM.info)»។

ក្នុងពេលកន្លងមក ទស្សនាវដ្ដីមនោរម្យមានការិយាល័យរបស់ខ្លួន នៅរាជធានីភ្នំពេញ និងបានបង្កើតជាក្រុមការងារ ដើម្បីចុះយកព័ត៌មាន ទទួលព័ត៌មាន និងសរសេរព័ត៌មានដោយផ្ទាល់ ពីប្រទេសកម្ពុជា។ ប៉ុន្តែបច្ចុប្បន្ន នៅលើគេហទំព័ររបស់ទស្សនាវដ្ដី បានបញ្ជាក់ថា ការិយាល័យរបស់ខ្លួន នៅកម្ពុជា ត្រូវបានបិទជាបណ្ដោះអាសន្ន ខណៈការទាក់ទងទៅកាន់ទស្សនាវដ្ដី នៅតែបន្តធ្វើបាន តាមរយៈទូរស័ព្ទ អ៊ីមែល ឬតាមរយៈទំព័រហ្វេសប៊ុក របស់ទស្សនាវដ្ដី។

ក្នុងអំឡុងពេលបោះឆ្នោតសកល ខែកក្កដា ឆ្នាំ២០១៨ គេហទំព័ររបស់ទស្សនាវដ្ដីមនោរម្យ រួមនឹងគេហទំព័រផ្សេងទៀត (រាប់ទាំងស្ថាប័នសារព័ត៌មាន និងគេហទំព័រគណបក្សប្រឆាំង) សរុបចំនួន១៧ស្ថាប័ន ត្រូវបានរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រាំងខ្ទប់មិនឲ្យដំណើរការ នៅក្នុងប្រទេសកម្ពុជា។

ការរាំងខ្ទប់នោះ ធ្វើឡើងក្នុងរយៈពេលពីរថ្ងៃពេញ គឺចាប់ពីថ្ងៃសៅរិ៍ទី២៨ ខែកក្កដា ឆ្នាំ២០១៨ រហូតដល់ថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលជាថ្ងៃបោះឆ្នោត។ រដ្ឋាភិបាលបាន អះអាងថា ការរាំងខ្ទប់នេះធ្វើឡើង ដោយខ្លឹមសារព័ត៌មាន​ ដែល​ត្រូវ​បាន​ចេញ​ផ្សាយ ​ដោយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយទាំងនេះ «ប៉ះពាល់​ទៅ​ដល់​ការ​រារាំង​ ដូច​ដែល​មាន​ចែង​ក្នុង​ច្បាប់​បោះ​ឆ្នោត»។

ទស្សនាវដ្ដីមនោរម្យខ្លួនឯង បានចេញសេចក្ដីប្រកាសព័ត៌មាន នៅលើបណ្ដាញសង្គម ប្រតិកម្មហៅការរាំងខ្ទប់នេះថា «បាន​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើសិទ្ធិនៃការទទួលបានព័ត៌មាន របស់ពលរដ្ឋកម្ពុជា ជាពិសេសនៅមួយថ្ងៃ មុនការបោះឆ្នោតជាតិមកដល់ និងអាចធ្វើឲ្យប៉ះពាល់ ទៅដល់លទ្ធផល នៃការបោះឆ្នោត»។

ខ្សែភ្ជាប់ទៅកាន់គេហទំព័រ[កែប្រែ]

- គេហទំព័រទស្សនាវដ្ដីមនោរម្យ

- របបលោក ហ៊ុន សែន រាំង​ខ្ទប់​១៧គេហទំព័រ​មិន​ឲ្យ​ដំណើរការ​ មុន​និង​ក្នុង​​ថ្ងៃ​បោះឆ្នោត