សិង្ហបុរី៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
រ៉ូបូ បន្ថែម: xal:Сингапурмудин Орн
រ៉ូបូ កែសំរួល: arz:سينجاپوره
បន្ទាត់ទី២៥៧៖ បន្ទាត់ទី២៥៧៖
[[an:Singapur]]
[[an:Singapur]]
[[ar:سنغافورة]]
[[ar:سنغافورة]]
[[arz:سينجافوره]]
[[arz:سينجاپوره]]
[[ast:Singapur]]
[[ast:Singapur]]
[[az:Sinqapur]]
[[az:Sinqapur]]

កំណែនៅ ម៉ោង២៣:១៦ ថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០១០

សាធារណរដ្ឋសិង្ហបុរី
Republic of Singapore
新加坡共和国
Republik Singapura
சிங்கப்பூர் குடியரச
ទង់ជាតិ វរលញ្ជករ
បាវចនា៖ "Majulah Singapura" (ភាសាម៉ាឡេ)
សិង្ហបុរីឆ្ពោះទៅមុខ
ភ្លេងនិងចំរៀងជាតិ៖ "Majulah Singapura"
(បទ ម៉ាជូឡាស់ ស៊ីងហ្គាពូរ៉ា)
រដ្ឋធានី សិង្ហបុរីស៊ីធី
ភាសា​ផ្លូវ​ការ​ ភាសាអង់គ្លេស
ភាសាម៉ាឡេ
ភាសាចិនកុកងឺ
ភាសាតាមិល
របបដឹកនាំ សាធារណរដ្ឋអាស្រ័យសភា
រដ្ឋាភិបាល
-ប្រធានាធិបតី
-នាយករដ្ឋមន្ត្រី

សែល្លាប៉ាន់ រ៉ាម៉ាណាថាន់
លី សៀនលូង
ឯករាជ្យភាព
-ភាពជាក្រុងមួយ
-ស្វ័យភាពក្រោមរាជាណាចក្ររួម
-ប្រកាសឯករាជ្យ
-ច្របាច់បញ្ចូលជាមួយម៉ាឡេស៊ី
-បំបែកខ្លួនពីម៉ាឡេស៊ី

២៤ កក្កដា ១៩៥១
៣ មិថុនា ១៩៥៩
៣១ សីហា ១៩៦៣
១៦ កញ្ញា ១៩៦៣
៩ សីហា ១៩៦៥
ផ្ទៃប្រទេស
-សរុប
-ផ្ទៃទឹក

៧០៧,១គ.ម(លំដាប់ទី១៩០)
១,៤៤៤%
ចំនួនប្រជាជន
-ស្ថិតិឆ្នាំ២០០៧
-ស្ថិតិឆ្នាំ២០០០
-ដង់ស៊ីតេ

៤ ៥៨៨ ៦០០(លំដាប់ទី១១៧)
៤ ១១៧ ៧០០
១៦ ៣៨៩ /គ.ម(លំដាប់ទី៣)
រូបិយប័ណ្ណ ដុល្លាសិង្ហបុរី (SGD)
ល្វែង​ម៉ោង​ UTC +៧
កូដទូរស័ព្ទប្រទេស +៦៥
TLD អ៊ីនធឺណិត
(TLD:Top Level Domain)
.sg

សាធារណរដ្ឋសិង្ហបុរី (ឬសាំងហ្គាពួរ) (ជាភាសាអង់គ្លេស៖Republic of Singapore, ជាភាសាចិន៖新加坡共和国, ជាភាសាម៉ាឡេ៖Republik Singapura, ជាភាសាតាមិល៖சிங்கப்பூர் குடியரச)ជាប្រទេសកោះស្ថិតនៅចុងខាងត្បូងនៃឧបទ្វីបម៉ាឡេ។ វាស្ថិតនៅចំងាយ ១៣៧ គ.ម ខាងជើងខ្សែអេក្វាទ័រ។ សិង្ហបុរីមានផ្ទៃដី ៧០៤ គ.ម២ និងជាប្រទេសតូចជាងគេនៅអាស៊ីអាគ្នេយ៍


ភូមិវិទ្យានិងអាកាសធាតុ

អត្ថបទក្បោះក្បាយ៖ ភូមិវិទ្យានិងអាកាសធាតុសិង្ហបុរី

ផែនទីCIAរបស់សិង្ហបុរី

សិង្ហបុរីកើតឡើងពីកោះសរុប ៦៣កោះ ដែលកោះធំជាងគេគឺកោះសិង្ហបុរី។ កោះសំខាន់ៗផ្សេងទៀតមាន កោះជូរុង(Jurong Island) កោះពូឡៅតេកុង(Pulau Tekong) កោះពូឡៅអ៊ូប៊ីន(Pulau Ubin) និងកោះសេនតូសា(Sentosa)។ ចំនុចធម្មជាតិខ្ពស់ជាងគេនៅសិង្ហបុរី គឺកូនភ្នំប៊ូគីត ទីម៉ាស(Bukit Timah Hill)ដែលមានកំពស់ ១៦៦ ម៉ែត។ តាំងពីឆ្នាំ ១៩៦០ រដ្ឋាភិបាលសិង្ហបុរីបានខិតខំប្រឹងប្រែងក្នុងការកសាងក្រុង ដែលជាលទ្ឋផលសិង្ហបុរីបច្ចុប្បន្នមានទេសភាពជាទីក្រុងទាំងស្រុង។ សិង្ហបុរីមានគំរោងវាតដីពីសមុទ្រដោយយកដីពីកូនភ្នំនានារបស់ខ្លួន ដីពីបាតសមុទ្រនិងពីប្រទេសជិតខាងមកចាក់បំពេញ។ ជាលទ្ឋផល ផ្ទៃដីសិង្ហបុរីបានកើនឡើងពី ៥៨១,៥ គ.ម ក្នុងឆ្នាំ ១៩៦០ មក ៧០៤ គ.ម នាពេលបច្ចុប្បន្ន។ សិង្ហបុរីមានគំរោងនឹងពង្រីកបន្ថែម ១០០ គ.ម ទៀតមុនឆ្នាំ២០៣០។ គំរោងនេះក៏បានតភ្ជាប់កោះតូចៗ​នានា​តាមរយៈ​ការចាក់ដីត​ភ្ជាប់ផងដែរ។

ប្រហែល២៣%នៃផ្ទៃដីសិង្ហបុរីត្រូវបានរក្សាអោយនៅជាព្រៃនិងឧទ្យានជាតិ។ ឧទ្យានជាតិធំជាងគេដែលត្រូវបានការពារគឺ ឧទ្យានជីវចំរុះសិង្ហបុរី (Singapore Botanic Gardens) ដែលមានទំហំ ៦៧,៣ ហិកតា។

សិង្ហបុរីគ្មានស្ទឹងឬបឹងទឹកសាបធម្មជាតិទេ។ ប្រភពផ្គត់ផ្គង់ទឹកសាបក្នុងស្រុកនិងចំបងជាងគេ​គឺ ទឹកភ្លៀង ដែលត្រូវបានស្ដុកទុកក្នុង​អាងសិប្បនិម្មិត។ ទឹកភ្លៀងផ្គត់ផ្គង់ទឹកសាបប្រមាណ ៥០% ហើយនៅសល់៥០%ទៀត គឺនាំចូលពីប្រទេសជិតខាង និង បានពីរោងចក្រចំរាញ់ទឹកស្អាត ប្រើប្រាស់ឡើងវិញ។ រដ្ឋាភិបាលមានគំរោងបង្កើនចំនួនរោងចក្រចំរាញ់ទឹកសមុទ្រ​ដើម្បីកាត់បន្ថយ​ការពឹងផ្អែកលើទឹកនាំចូល។

សិង្ហបុរីមានអាកាសធាតុត្រូពិច។ សិង្ហបុរីគ្មានរដូវដាច់គ្នាស្រលះទេ។ សីតុណ្ហភាពនិងសំពាធថេរ សំនើមខ្ពស់ និង កំពស់ទឹកភ្លៀងខ្ពស់។ សីតុណ្ហភាពប្រែប្រួលពី ២២ ទៅ ៣៤។ សំនើមជាមធ្យម គឺ ៩០%នៅពេលព្រឹក និង ៦០%នៅពេលរសៀល។ សីតុណ្ហភាពទាបបំផុត​ក្នុងប្រវត្តិសាស្ត្រគឺ ១៨,៤ និង ខ្ពស់បំផុត ៣៧.៨។ ខែមិថុនានិងកក្កដាជាខែក្ដៅជាងគេ ហើយខែវិច្ឆិកានិងធ្នូជាខែដែលមានសំនើមខ្ពស់ជាងគេ។ ពីខែសីហាដល់ខែតុលា ខ្យល់មានលក្ខណៈស្ងួតបណ្ដាល មកពីភ្លើងឆេះព្រៃនៅឥណ្ឌូនេស៊ីដែលនៅជិតខាង។

ប្រវត្តិ

អត្ថបទក្បោះក្បាយ៖ ប្រវត្តិសាស្ត្រសិង្ហបុរី

ដើមកំនើតនៃឈ្មោះ

«សិង្ហបុរី» មានន័យថា បុរីនៃសត្វសិង្ហ។ មានរឿងនិទានតំនាលថា មានស្ដេចមួយអង្គបានជួប​ព្យុះសង្ឃរាពេល​ធ្វើដំនើរតាមសំពៅរួចក៏ចូលសំចតនៅ​កោះនោះ។ ស្ដេចនោះក៏បានប្រទះ​ឃើញនៅលើឆ្នេរខ្សាច់នូវសត្វមួយក្បាលដែលមានរាងរូវដូចសត្វតោ រួចក៏សន្មតដាក់ឈ្មោះកោះនោះថាជាបុរីនៃសត្វសិង្ហ។ តែតាមការសិក្សានាពេលថ្មីៗនេះបានអោយដឹងថា កោះនេះមិនធ្លាប់មានសត្វតោរស់នៅទេ។ សត្វតោនៅក្នុងរឿងនិទាននោះ អាចប្រហែលជាសត្វខ្លាម៉ាឡាយ៉ាន។

ការតាំងទីលំនៅដំបូង

អត្ថបទក្បោះក្បាយ៖ ប្រវត្តិសាស្ត្រដំបូងរបស់សិង្ហបុរី

តាមឯកសារបញ្ជាក់ថា មានមនុស្សមករស់នៅកោះសិង្ហបុរីតាំងពីសតវត្សរ៍ទី២​នៃគ.ស។ កោះនេះដើមឡើយជាដែនដីរបស់ ចក្រភពស៊ូម៉ាត្រានស្រីវិចាយ៉ា និងមានឈ្មោះដើមជាភាសាជ្វា​ថា តេម៉ាសេក (Temasek៖ ទីក្រុងសមុទ្រ)។ តេម៉ាសេកធ្លាប់ជាតំបន់ជំនួញដ៏មមាញឹក មុននឹងធ្លាក់ចុះខ្សោយនៅចុងសតវត្សរ៍ទី១៤។ នៅរវាងសតវត្សរ៍ទី១៦និងទី១៩ កោះសិង្ហបុរីជាផ្នែកមួយនៃរាជាណាចក្រស៊ុលតង់ចូហរ។ ពួកព័រទុយហ្គាល់និងហុល្លង់ បានមកគ្រប់គ្រង​កោះនេះនៅសតវត្សរ៍ទី១៧។ ក្នុងអំឡុងពេលនោះ ប្រជាជននៅលើកោះនេះ ភាគច្រើនជាអ្នកនេសាទ។

សម័យអាណានិគម

អត្ថបទក្បោះក្បាយ៖ កំនរកំនើតសិង្ហបុរីទំនើប

រូបសំនាកលោក ថូម៉ាស់ ស្តេមហ្វដ រ៉ាហ្វល

លោក ថូម៉ាស់ ស្តេមហ្វដ រ៉ាហ្វល (Sir Thomas Stamford Raffles) ដែលបានចុះចតនៅសិង្ហបុរីនៅថ្ងៃទី ២៩ មករា ១៨១៩ បានកត់សំគាល់ឃើញថា សិង្ហបុរីជាទីតាំងជំនួញដ៏មានសក្ដានុភាពនៅអាស៊ី។ តំនាងអោយក្រុមហ៊ុន British East India លោកក៏បានចុះសន្ឋិសញ្ញាជាមួយ ព្រះចៅស៊ុលតង់ ហ៊ូសសេន ស្សាស (Sultan Hussein Shah) ក្នុងការអភិវឌ្ឍន៍សិង្ហបុរីអោយក្លាយជាទីតាំងជំនួញរបស់ចក្រភពអង់គ្លេស។ នេះជាចំនាប់ផ្ដើមសករាជទំនើបរបស់សិង្ហបុរី។ នៅឆ្នាំ ១៨៦៧ សិង្ហបុរីបានក្លាយជាដែនដី​អាណានិគមរបស់ចក្រភពអង់គ្លេស។

ការគ្រប់គ្រងនគរូបនីយកម្មរបស់សិង្ហបុរីនៅសម័យអាណានិគមមានលក្ខណៈជា «ការបែកចែកដើម្បីគ្រប់គ្រង»។ មានន័យថាក្រុមមនុស្សប្រភេទផ្សេងគ្នារស់នៅតាមតំបន់ផ្សេងគ្នា។ ស្ទឹងសិង្ហបុរីដែលជាតំបន់ពាណិជ្ជកម្មដ៏ធំ ជាទីតាំងនៅរបស់ពួកពាណិជ្ជករ ម្ចាស់ធនាគារចំរុះជាតិសាសន៍ និងកម្មករលើកដាក់ទំនិញជនជាតិចិននិងឥណ្ឌា។ ជនជាតិម៉ាឡេ ដែលភាគច្រើនជាអ្នកនេសាទនិងអ្នកដើរសមុទ្រ រស់នៅប៉ែកអាគ្នេយ៍ខាងចុងស្ទឹង ជាមួយពាណិជ្ជករនិងបញ្ញាវ័នជនជាតិអារ៉ាប់។ ជនជាតិអឺរ៉ុបដែលមានតិចតួចនៅឡើយ​នាពេលនោះ រស់នៅម្ដុំ Fort Canning Hill និងនៅខាងដើមស្ទឹងសិង្ហបុរី។

សម័យសង្គ្រាមលោកលើកទី២

អត្ថបទក្បោះក្បាយ៖ ការកាន់កាប់សិង្ហបុរីពីសំនាក់ជប៉ុន

នៅក្នុងសង្គ្រាមលោកលើកទី២ កងទ័ពព្រះចៅអធិរាជជប៉ុនបានឈ្លានពានតំបន់ម៉ាឡាយ៉ា និងបានបំផ្ទុះសមរភូមិសិង្ហបុរី។ កងទ័ពអង់គ្លេសដែលមិនបាន​ត្រៀមខ្លួន​ជាមុនបានចុះចាញ់​ក្នុងរយៈពេល៦ថ្ងៃនៃការប្រយុទ្ឋ គឺនៅថ្ងៃទី១៥ កុម្ភៈ ១៩៤២។ កងទ័ពជប៉ុនបានប្ដូរឈ្មោះសិង្ហបុរី​ទៅជា ស្សូណាន់តូ (昭南島 ជាពាក្យកាត់នៃពាក្យ 和の時代に得た បានន័យថា កោះនៅភាគខាងត្បូងដែលបានមកនៅសករាជស្សូវ៉ាក់)។ រយៈពេល១ខែ​ក្រោយពីជប៉ុន​ចាញ់សង្គ្រាមលោក ពួកអង់គ្លេសបានវិលត្រលប់មកវិញនៅថ្ងៃទី១២ កញ្ញា ១៩៤៥។

ការប្រកាសឯករាជ្យ

អត្ថបទក្បោះក្បាយ៖ ប្រវត្តិសាស្ត្រនៃសាធារណរដ្ឋសិង្ហបុរី

សិង្ហបុរីក្លាយជារដ្ឋស្វ័យគ្រប់គ្រងក្នុងចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៥៩។ នាយករដ្ឋមន្ត្រីដំបូងគេគឺ​លោក លី ក្វាន់យូ (Lee Kuan Yew)។ សិង្ហបុរីប្រកាសឯករាជ្យ​ជាឯកត្តោភាគីនៅខែសីហា ១៩៦៣ មុនពេលចូលជាសមាជិកសហព័ន្ឋម៉ាឡេស៊ីក្នុងខែកញ្ញា។ រយៈពេល២ឆ្នាំក្រោយមក សិង្ហបុរីបាន​ដើរចេញពីសហព័ន្ឋ បន្ទាប់​ពី​មានការខ្វែងគំនិតយ៉ាងក្ដៅគគុគជាមួយរដ្ឋាភិបាលសហព័ន្ឋ។ សិង្ហបុរីបានទទួលអធិបតេយ្យភាពជាផ្លូវការនៅថ្ងៃទី ៩ សីហា ១៩៦៥។ លោក យូសូហ្វ ប៊ីន អ៊ីស្សាក (Yusof bin Ishak)បានចូលស្បថកាន់តំនែងជាប្រធានាធិបតី ដោយលោក លី ក្វាន់យូ នៅតែជានាយករដ្ឋមន្ត្រី។

រដ្ឋដ៏ក្មេងខ្ចីនេះបានជួបនឹងវិបត្តិជាច្រើនដូចជា ភាពខ្វះការងារធ្វើយ៉ាងធ្ងន់ធ្ងរ កង្វះលំនៅដ្ឋាន និងកង្វះផ្ទៃដីដាំដុះនិងធនធានធម្មជាតិ។ នៅក្នុងអាណត្តិ​របស់​លោក លី ក្វាន់យូ ពីឆ្នាំ ១៩៥៩ ដល់ឆ្នាំ ១៩៩០ រដ្ឋាភិបាលរបស់លោកបានលុបបំបាត់ភាពអត់ការងារធ្វើមួយភាគធំ លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន និងបានបង្កើតអោយមានកម្មវិធីផ្ដល់ជំរកសាធារណៈក្នុងទ្រង់ទ្រាយធំ។ សេដ្ឋកិច្ច និង ហេដ្ឋារចនាសម្ព័ន្ឋត្រូវបានអភិវឌ្ឍ។ ភាពតានតឹងនៃជំលោះជាតិសាសន៍​បានធូរស្រាល។ សិង្ហបុរីបានបង្កើតអោយមានប្រព័ន្ឋការពារឯករាជ្យជាតិ តាមរយៈការបង្កើតច្បាប់ស្ដីអំពីកាតព្វកិច្ចយោធាចំពោះបុរសៗ។

នៅឆ្នាំ១៩៩០ លោក ហ្គោស ចុកតុង (Goh Chok Tong) បានបន្ដតំនែងពីលោក លី ក្វាន់យូ។ ក្នុងអាណត្តិរបស់លោក សិង្ហបុរីក៏ដូចជាប្រទេសនៅ​អាស៊ីមួយ​ចំនួន បានជួបនឹងវិបត្តិហិរញ្ញវត្ថុឆ្នាំ១៩៩៧ ការរីករាលដាលនៃជំងឺសារស៍ (SARS)នៅឆ្នាំ២០០៣ និងការគំរាមគំហែងភារវកម្មពីក្រុមចាម៉ាស់ អ៊ីស្លាមីយ៉ាស។ នៅឆ្នាំ២០០៤ លោក លី សៀនលូង (Lee Hsien Loong) ដែលជាកូនប្រុសច្បងរបស់លោក លី ក្វាន់យូ បានក្លាយជានាយករដ្ឋមន្ត្រីទី៣របស់សិង្ហបុរី។ លោកបានបង្កើតអោយមានគំរោងសាងសង់បនល្បែង (កាស៊ីណូ) ដើម្បីទាក់ទាញទេសចរណ៍បរទេស​អោយបានច្រើនថែមទៀត។

នយោបាយ

អត្ថបទក្បោះក្បាយ៖ នយោបាយសិង្ហបុរី

ឯកសារ:Singapore Parliament House.jpg
អាគារសភាសិង្ហបុរី

សិង្ហបុរីកាន់របបប្រជាធិបតេយ្យអាស្រ័យសភា។ អំណាចនីតិប្រតិបត្តិស្ថិតនៅក្នុងដៃគណរដ្ឋមន្ត្រី ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី។ ប្រធានាធិបតីដែលជាប្រវត្តិសាស្ត្រគ្រាន់តែជានិមិត្តរូប មានអំនាចខ្លះដែរដូចជាការប្រើសិទ្ឋិវេតូក្នុងការសំរេចចិត្តថ្នាក់ជាតិសំខាន់ៗ (ឧ៖ឆ្នាំ១៩៩១ ប្រធានាធិបតីបានប្រើសិទ្ឋិវេតូក្នុងការសំរេចស្ដីអំពីការប្រើប្រាស់ថវិកាជាតិ) និងការជ្រើសតាំងតំនែង​នានាក្នុងប្រព័ន្ឋតុលាការ។ អំនាចនីតិបញ្ញត្តិគឺសភា។

វិស័យនយោបាននៅសិង្ហបុរីត្រូវបានគ្រប់គ្រងដោយ គណបក្សសកម្មភាពប្រជាជន (People's Action Party ហៅកាត់ថា PAP) តាំងតែពីពេលក្លាយជា​រដ្ឋស្វ័យគ្រប់គ្រង។ ហេតុនេះគណបក្សប្រឆាំង​ផ្សេងទៀតដូចជា គណបក្សកម្មករសិង្ហបុរី (Workers' Party of Singapore) គណបក្សប្រជាធិបតេយ្យសិង្ហបុរី (Singapore Democratic Party ហៅកាត់ថា SDP) និង សំព័ន្ឋអ្នកប្រជាធិបតេយ្យសិង្ហបុរី (Singapore Democratic Alliance ហៅកាត់ថា SDA) បានហៅប្រទេសសិង្ហបុរីថាជា រដ្ឋមានគណបក្សតែ១។ ទោះបីជាមានការបោះឆ្នោតដោយសេរី និងមានតំលាភាព យ៉ាងណាក៏ដោយ ក៏សិង្ហបុរី​មិនទាន់​ជារដ្ឋប្រជាធិបតេយ្យ១០០%ទេ។ មានការរិះគន់តុលាការសិង្ហបុរីដែលមាននិន្នាការនិយមទៅគណបក្ស PAP។ អំណាចតុលាការមិនត្រូវបានដាក់អោយឯករាជ្យទេ។ តែទោះជាយ៉ាងណា​ក៏ដោយ សិង្ហបុរីនៅតែជាប្រទេសមានអំពើពុករលួយតិចតួចជាងគេនៅអាស៊ី។

សេដ្ឋកិច្ច

អត្ថបទក្បោះក្បាយ៖ សេដ្ឋកិច្ចសិង្ហបុរី និង វិស័យទេសចរណ៍នៅសិង្ហបុរី

មើរឡាយអិន(the Merlion)៖និមិត្តិរូបសិង្ហបុរី
ទិដ្ឋភាពសិង្ហបុរី
ផ្លូវអរគីដេនារាត្រីបុណ្យណូអែល

សិង្ហបុរីស្ថិតក្នុងចំនោមកូននាគទាំង៤នៅអាស៊ី ដែលក្នុងនោះមាន ហុងកុង កូរ៉េខាងត្បូង និង តៃវ៉ាន់ ផងដែរ។ សេដ្ឋកិច្ចសិង្ហបុរីពឹងផ្អែកលើការធ្វើពាណិជ្ចកម្ម និងការនាំចេញផលិតផលសំរេចជាពិសេសផលិតផលឧស្សាហកម្ម។ វិស័យឧស្សាហកម្មចែកចេញជា វិស័យអេឡិចត្រូនិច ការចំរាញ់ប្រេងកាត វិស័យគីមី វិស្វកម្មមេកានិក និង បច្ចេកទេសជីវវេជ្ជសាស្ត្រ។ សិង្ហបុរីជាកំពង់ផែមមាញឹកជាងគេក្នុងពិភពលោក។ សិង្ហបុរីជាមជ្ឍមណ្ឌលពាណិជ្ជកម្មរូបិយប័ណ្ឌបរទេស ធំទី៤លើពិភពលោក បន្ទាប់ពី ឡិនដិន ញូយ៉ក និង តូក្យូ

ផលិតផលក្នុងស្រុកសរុប(GDP)នៅក្នុងឆ្នាំ២០០៦កើនដល់ ២៩៤៧៤ US$។ អត្រានៃភាពអត់ការងារធ្វើក្នុងឆ្នាំ២០០៧គឺ ១,៧%។ កំនើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០០៧គឺ ៧,៥%។


សិង្ហបុរីបានបង្កើតអោយមានពន្ឋលើទំនិញនិងសេវ៉ា(Goods and Service Tax ហៅកាត់ថា GST) តាំងពីថ្ងៃទី១ មេសា ១៩៩៤។ នៅពេលនោះវាមានអត្រាតែ៣% តែបានរកចំនូលអោយរដ្ឋភិបាលបាន ១៦០០លានដុល្លាសិង្ហបុរី និងជួយផ្ដល់លំនឹងហិរញ្ញវត្ថុដល់រដ្ឋ។ ពន្ឋនេះបានកើនឡើងដល់ ៤%ក្នុងឆ្នាំ២០០៣ ៥%ក្នុងឆ្នាំ២០០៤ និង ៧%ក្នុងឆ្នាំ២០០៧។

វិស័យទេសចរណ៍ជាឧស្សាហកម្មដ៏ធំមួយរបស់សិង្ហបុរី។ សិង្ហបុរីជាគោលដៅទេសចរណ៍ដ៏ពេញនិយម។ ទេសចរណ៍ជិត១០លាន​នាក់បានមកទស្សនាសិង្ហបុរី​ក្នុងឆ្នាំ ២០០៦។ កន្លែងដែលទាក់ទាញទេសចរណ៍ល្បីជាងគេនៅសិង្ហបុរីគឺ ទីប្រជុំហាងលក់ទំនិញនៅផ្លូវអរគីដេ (Orchad Road shopping districts)។ ដើម្បីទាក់ទាញ​ទេសចរណ៍បន្ថែម រដ្ឋាភិបាលបានសំរេចចិត្ត ក្នុងឆ្នាំ២០០៥ ក្នុងការអោយការលេងល្បែងស៊ីសងក្លាយជាស្របច្បាប់។ រដ្ឋបានអនុញ្ញាត​អោយមាន​ការបើកបនល្បែង២នៅ តំបន់ម៉ារីណាខាងត្បូង(Marina South) និង តំបន់សេនតូសា(Sentosa)។ ដើម្បីប្រកួតប្រជែងជាមួយទីក្រុងផ្សេងទៀតក្នុងតំបន់ដូចជា ហុងកុង តូក្យូ និង សៀងហៃ រដ្ឋបានប្រកាសបង្កើនភាពទាក់ទាញតាមរយៈការបំភ្លឺលំអអាគារនានា។

សិង្ហបុរីមានភាពរហ័សរហួន​ក្នុងការប្រែក្លាយខ្លួនជាគោលដៅទេសចរណ៍វេជ្ជសាស្ត្រ។ មានអ្នកទេសចរណ៍ប្រមាណ២សែននាក់ក្នុងមួយឆ្នាំ ចូលមកស្វែងរកសេវា​សុខាភិបាល​ក្នុង​ប្រទេសសិង្ហបុរី។ សិង្ហបុរីមានបំនងពង្រីកសេវាសុខាភិបាលអោយមានលទ្ឋភាពទទួល​អ្នកជំងឺបរទេស១លាននាក់ក្នុងមួយឆ្នាំ អោយបានមុន ឆ្នាំ២០១២ ដែលអាចរកថវិកាជូនរដ្ឋចំនួន ៣០០០ USD។ រដ្ឋាភិបាលសង្ឃឹមថាការផ្ដួចផ្ដើមនេះនឹងផ្ដល់ការងារថ្មី ១៣០០០ ការងារទៀតក្នុងវិស័យសុខាភិបាល។

រូបិយវត្ថុ

សូមមើលផងដែរ ដុល្លារសិង្ហបុរី

រូបិយវត្ថុសិង្ហបុរីគឺ ដុល្លាសិង្ហបុរី ដែលមាននិមិត្តសញ្ញា S$ និងមានអក្សរកាត់ថា SGD។ ធនាគារកណ្ដាលនៃសិង្ហបុរី (The Central Bank of Singapore) ជាអាជ្ញាធររូបិយប័ណ្ឌសិង្ហបុរី ដែលមាននាទីបោះផ្សាយក្រដាស់ប្រាក់។ សិង្ហបុរីបោះពុម្ភកាក់និងក្រដាសប្រាក់លើកដំបូង​នៅឆ្នាំ១៩៦៧។

យោធា

ក្រសួងការពារជាតិសិង្ហបុរី​គ្រប់គ្រោងលើ កងយោធពលសិង្ហបុរី រួមមាន កងទ័ពជើងគោកសិង្ហបុរី កងទ័ពជើងទឹកនៃសាធារណរដ្ឋសិង្ហបុរី និង កងទ័ពជើងអាកាសនៃសាធារណរដ្ឋសិង្ហបុរី ដោយមានការទ្រទ្រង់ដោយស្ម័គ្រចិត្ត​ពីសំនាក់ក្រុមហ៊ុនឯកជនមួយចំនួន។ កងកំលាំងប្រដាប់អាវុធសិង្ហបុរី​មាននាទីចំបងក្នុងការ​ប្រឆាំងជាមួយអ្នកឈ្លានពាន​និងផ្ដល់នូវ​ជំនួយការមនុស្សធម៌ទៅបណ្ដាប្រទេសដទៃ។ សិង្ហបុរីមានកតិកសញ្ញាការពារជាតិទៅវិញទៅមក​ជាមួយប្រទេសជាច្រើនជាពិសេស​ប្រទេសហត្ថលេខីក្នុង​ Five Power Defence Arrangements។ សិង្ហបុរីមានមូលដ្ឋានហ្វឹកហ្វឺន​រាយប៉ាយនៅបរទេសដូចជានៅ សហរដ្ឋអាមេរិក អូស្ត្រាលី តៃវ៉ាន់ ញូហ្សៀលែន បារាំង ថៃ ប្រ៊ុយណេ ឥណ្ឌា និង អាហ្វ្រិកខាងត្បួង។ តាំងពីឆ្នាំ១៩៨០ សិង្ហបុរីបានបញ្ជូលគោលគតិ​ក្នុងការពង្រឹងសន្តិសុខ ដើម្បីការពារខ្លួនពីការប៉ុនប៉ងគ្រប់រូបភាព។

ធនធាននានារបស់កងកំលាំងការពារជាតិសិង្ហបុរី​ត្រូវបានប្រើផងដែរក្នុងបេសកកម្មជំនួយមនុស្សធម៌អន្តរជាតិ​នានារួមមាន កិច្ចការពារសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេស១១។ នៅខែកញ្ញា ២០០៥ កងទ័ពជើងអាកាសនៃសាធារណរដ្ឋសិង្ហបុរី​បានបញ្ជួនឧទ្ឋម្ភាគចក្រ CH-47 Chinook ៣គ្រឿងទៅរដ្ឋល្វីសៀណា (ស.រ.អា) ក្នុងប្រតិបត្តិការជួយក្នុងគ្រោះធម្មជាតិ​ខ្យល់ព្យុះកាទ្រីណា

កងយោធពលសិង្ហបុរី

កងយោធពលសិង្ហបុរីជាកំលាំងយោធារបស់សិង្ហបុរី មាននាទីការពារប្រទេសក្នុងគ្រប់វិស័យ។ វាចែកចេញជា៣ផ្នែកគឺ កងទ័ពជើងគោកសិង្ហបុរី កងទ័ពជើងទឹកនៃសាធារណរដ្ឋសិង្ហបុរី និង កងទ័ពជើងអាកាសនៃសាធារណរដ្ឋសិង្ហបុរី។ កងទ័ពជើងគោកសិង្ហបុរី​គ្រប់គ្រងដោយអគ្គបញ្ជាការកងទ័ពជើងគោក មានតូនាទីអភិវឌ្ឍបច្ចេកវិទ្យាអាវុធនិងយុទ្ឋសាស្ត្រ។ កងទ័ពជើងទឹកនៃសាធារណរដ្ឋសិង្ហបុរីមាននាទីការពារសិង្ហបុរី​ ពីការគំរាមគំហែងលើផ្ទៃសមុទ្រ និង ការពារផ្លូវដឹកជញ្ជូនសមុទ្រ​របស់ខ្លួន។ កងទ័ពជើងអាកាសនៃសាធារណរដ្ឋសិង្ហបុរីមាននាទីការពារដែនអាកាសសិង្ហបុរី។

កំលាំងនគរបាលសិង្ហបុរី

កំលាំងនគរបាលសិង្ហបុរី​ជាភ្នាក់ងារសំខាន់ក្នុងការរក្សាច្បាប់និងសណ្ដាប់ធ្នាប់ក្នុងប្រទេស។

កំលាំងការពារស៊ីវិលសិង្ហបុរី

កំលាំងការពារស៊ីវិលសិង្ហបុរីមាននាទីក្នុងការផ្ដល់នូវសេវាកម្មពេលមានអាសន្ន រួមមានរថគិលានសង្គ្រោះ(ឡានពេទ្រ) ឡានទឹក និង សេវាកម្មឆ្លើយតបពេលមានគ្រោះថ្នាក់ផ្សេងៗទៀត។

កាតព្វកិច្ចយោធា

តាមច្បាប់សិង្ហបុរី ពលរដ្ឋសិង្ហបុរីជាបុរសនិងកូនចៅជំនាន់ទី២របស់អ្នកមានសិទ្ឋរស់នៅអចិន្ត្រៃយ៍ ដែលមានកាយសម្បទាមរឹងមាំ ចាំបាច់ត្រូវតែទទួលយកកាតព្វកិច្ចយោធាយ៉ាងតិច២ឆ្នាំ បន្ទាប់ពីគេមានអាយុ១៨ឆ្នាំ ឬ បញ្ចប់ការសិក្សា (មួយណាដែលដល់មុន)។ ករណីលើកលែងមានចំពោះមូលហេតុសុខភាព។ បន្ទាប់ពីរយៈពេល២ឆ្នាំនោះ បុរសទាំងអស់ត្រូវចាត់ទុកថាមានសមត្ថភាពពេញលេញ និង រួចរាល់ក្នុងការចូលបំរើយោធាវិញរហូតដល់អាយុ៤០ឆ្នាំ(៥០ឆ្នាំសំរាប់មេបញ្ជាការ)។

ប្រជាសាស្ត្រ

អត្ថបទក្បោះក្បាយ៖ ប្រជាជនសិង្ហបុរី

តាមស្ថិតិរបស់រដ្ឋាភិបាលសិង្ហបុរី ប្រជាជនសិង្ហបុរីនៅឆ្នាំ២០០៧ មានចំនួន ៤,៥៩លាននាក់ ដែលនៅក្នុងនោះពលរដ្ឋសិង្ហបុរីមានចំនួន ៣,៥៨លាននាក់ ហើយសល់ពីនោះជាអ្នកមានសិទ្ឋិរស់នៅអចិន្ត្រៃយ៍។ អ្នកមានសិទ្ឋិរស់នៅអចិន្ត្រៃយ៍ ៧៥,៣%ជាជនជាតិចិន ១៣,៦%ជាជនជាតិម៉ាឡេ ៨,៨%ជាជនជាតិឥណ្ឌា និង ២,៤%ជាជនជាតិដទៃ។

នៅឆ្នាំ២០០៦ អត្រាកំនើតគឺ ១០,១លើ១០០០ អត្រាមរណៈគឺ ៤,៣លើ១០០០ (តិចជាងគេក្នុងតំបន់)។ កំនើនប្រជាជនសរុបគឺ ៤,៤% និងកំនើនអ្នកមានសិទ្ឋិរស់នៅអចិន្ត្រៃយ៍​គឺ ១,៨%។ អត្រាបង្កើតកូនសំរាប់ស្ត្រីម្នាក់គឺ ១,២៦នាក់ តិចជាងគេលំដាប់ទី៣លើពិភពលោក។ អត្រានេះមិនគ្រប់គ្រាន់ក្នុងការរក្សាកំនើនប្រជាជនទេ។ ហេតុនេះរដ្ឋាភិបាលមានវិធានការលើកទឹកចិត្តជនបរទេសអោយធ្វើអន្តោប្រវេសន៍​មកសិង្ហបុរី។

សាសនា

អត្ថបទក្បោះក្បាយ៖ សាសនានៅសិង្ហបុរី

ព្រះវិហារចិនមួយនៅសិង្ហបុរី

សិង្ហបុរីជាប្រទេសចំរុះសាសនា។ តាមស្ថិតិ អ្នកប្រតិបត្តិ សាសនាព្រះពុទ្ឋមាន៤២,៥% អ្នកគ្មាន​សាសនា១៤,៨% សាសនាគ្រិស្ត១៤,៦% សាសនាឥស្លាម១៣,៩% សាសនាតាវ៨,៥% សាសនាហិណ្ឌូ៤% និងផ្សេងទៀត១,៦%។ សំភារៈសាសនា​និងពិធីប្រតិបត្តិសាសនាមួយចំនួនត្រូវបានហាមប្រាមនៅសិង្ហបុរី។

វិស័យអប់រំ

ភាសាអង់គ្លេសជាភាសាទី១ដែលក្មេងៗពាក់កណ្ដាល​រៀននៅអាយុមុនចូលសាលា។ ចាប់ពីសាលាបឋមទៅ ភាសាអង់គ្លេសត្រូវបានប្រើជាភាសាយាន្តក្នុងការបង្រៀន។ ទោះជាយ៉ាងណាក៏ដោយភាសាកំនើតក៏ត្រូវបានគេបង្រៀនដែរ។ កុមារភាគច្រើនចូលរៀនសាលាមុនបឋមឯកជាន​មុនពេលចូលរៀនសាលាបឋមនៅអាយុ៦ឆ្នាំ។ កម្មវិធីសិក្សាស្តង់ដារ​ត្រូវបានរៀបចំឡើងដោយក្រសួងអប់រំ។ គេមិនសូវខ្វល់ខ្វាយថាតើសាលាមួយជាសាលាឯកជនឬសាលារដ្ឋទេ។ មានសាកលវិទ្យាល័យរដ្ឋចំនួន៤នៅសិង្ហបុរីគឺ

សាលាពហុបច្ចេកទេសមាន៥គឺ សាលាពហុបច្ចេកទេសតេម៉ាសេក សាលាពហុបច្ចេកទេសសិង្ហបុរី សាលាពហុបច្ចេកទេសងីអាន់ សាលាពហុបច្ចេកទេសណានយ៉ាង និង សាលាពហុបច្ចេកទេសសាធារណរដ្ឋ

ទំនាក់ទំនងការបរទេស

សិង្ហបុរីរក្សាទំនាក់ទំនងការទូតជាមួយប្រទេស១៧៥ ទោះជាវាមិនមានឧត្តមស្នងការជាន់ខ្ពស់ឬស្ថានទូតនៅ​បណ្ដាប្រទេសមួយចំនួនក្នុងចំនោមនោះក៏ដោយ។ វាជាសមាជិករបស់ អង្គការសហប្រជាតិ កុំមិនវ៉ែល អាស៊ាន និង ចលនាមិនចូលបក្សសំព័ន្ឋ។ ដោយសារលក្ខខណ្ឌភូមិវិទ្យា ទំនាក់ទំនងជាមួយម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីមានសារសំខាន់ណាស់។ សិង្ហបុរីមានទំនាក់ទំនងស្អិតរមួតជាមួយប្រទេសនៅអឺរ៉ុបជាពិសេសបារាំង អាល្លឺម៉ង់និងអង់គ្លេស។ ទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក​ផ្ដល់អោយសិង្ហបុរីនួវការរក្សាលំនឹងជាមួយកំលាំងយោធាក្នុងតំបន់។

សិង្ហបុរីគាំទ្រនូវគោលគំនិងតំបន់អាស៊ីអាគ្នេយ៍និយម និងដើរតួទានីសំខាន់ក្នុងអាស៊ាន ដែលសិង្ហបុរីជាប្រជាជាតិស្ថាបនិកមួយរបស់អាស៊ាន។ សិង្ហបុរីក៏រក្សាទំនាក់ទំនងជិតស្និទ្ឋជាមួយប្រ៊ុយណេ ដោយរក្សាទុកអោយមាន​បរិក្ខាហ្វឹកហាត់យោធានៅក្នុងរដ្ឋស៊ុលតង់មួយនេះ។

ជំលោះ

សិង្ហបុរីមានជំលោះជាច្រើនលើកនិងយូរអង្វែងជាមួយម៉ាឡេស៊ី​ជុំវិញបញ្ហាមួយចំនួនដូចជា៖

  • ការផ្គត់ផ្គង់ទឹកមកសិង្ហបុរី
  • ព្រំដែនទឹក
  • ផ្លូវអាកាសរវាងអាកាសយានដ្ឋានចាងហ្គី និង អាកាសយានដ្ឋានកូឡាឡាំពួរ
  • កោះប៉េដ្រា ប្រង់កា
  • ការប្ដូរទីតាំងស្ថានីយ៍សិង្ហបុរី របស់ក្រុមហ៊ុនផ្លូវដែកកេរេតាពី តាណាស់ ម៉ាឡាយូ របស់ម៉ាឡេស៊ី

ភាសា

អត្ថបទក្បោះក្បាយ៖ ភាសានៅសិង្ហបុរី

ភាសាជាតិរបស់សិង្ហបុរីគឺភាសាម៉ាឡេ ដោយសារហេតុផលប្រវត្តិសាស្ត្រ។ ភាសាម៉ាឡេត្រូវបានប្រើនៅក្នុងចំរៀងជាតិសិង្ហបុរី។ ភាសាផ្លូវការមានភាសាអង់គ្លេស ភាសាម៉ាឡេ ភាសាចិនកុកងឺ និងភាសាតាមិល។ ភាសាអង់គ្លេសត្រូវបានគេជ្រើសរើសធ្វើជាភាសា​ប្រើក្នុងរដ្ឋបាលជាតិតាំងពី​ពេលបានឯករាជ្យ។ ភាសាអង់គ្លេសសិង្ហបុរីក្លាយពី​ភាសាអង់គ្លេសដើមលាយឡំនិងភាសាអង់គ្លេសអាមេរិកខ្លះៗ។ ភាសាអង់គ្លេសបានរីកសាយភាយ​នៅសិង្ហបុរី​ចាប់ពីពេលមានការដាក់អោយប្រើប្រាស់ភាសាអង់គ្លេសជាភាសាយាន្ត​ក្នុងវិស័យអប់រំ។ នៅសាលាសិស្សានុសិស្សត្រូវតែរៀនភាសាអង់គ្លេសជាចាំបាច់​ បូកបន្ថែមភាសា១ក្នុងចំនោមភាសាផ្លូវការ៣ផ្សេងទៀត។

វប្បធម៌

អត្ថបទក្បោះក្បាយ៖ វប្បធម៌សិង្ហបុរី

សិង្ហបុរីជាប្រទេសមានវប្បធម៌ចំរុះ លាយឡំរវាងវប្បធម៌ចិន ម៉ាឡេ និង ឥណ្ឌា។

ម្ហូបអាហារ

ម្ហូបអាហារនៅសិង្ហបុរី​ជាឧទាហរណ៍មួយនៃភាពសំបូរបែប និងការរលាយចូលគ្នានៃវប្បធម៌ចិន ឥណ្ឌា ម៉ាឡេ និង តាមិល។ ជាក់ស្ដែង នៅមជ្ឍមណ្ឌលម្ហូបអាហារ គេអាចឃើញស្តង់អាហារម៉ាឡេលក់ម្ហូបហាឡាល់(ម្ហូបប្រតិបត្តិតាមច្បាប់ឥស្លាម) ក្នុងរូបភាពជាអាហារតាមិល។ ស្ដង់អាហារចិន​អាចមានប្រើគ្រឿងផ្សំម៉ាឡេនិងរបៀបចំអិនម្ហូបរបស់ម៉ាឡេ។ កត្តានេះធ្វើអោយម្ហូបអាហារសិង្ហបុរីក្លាយជាកត្តាទាក់ទាញ​ទេសចរណ៍វប្បធម៌យ៉ាងសំខាន់ផងដែរ។

ម្ហូបអាហារក្នុងស្រុកមានភាពសំបូរបែប មានតាំងពីបាយមាន់ហៃណានដល់សាច់ចង្កាក់អាំង។ ប្រជាជនសិង្ហបុរីក៏ចូលចិត្តទទួលទានអាហារសមុទ្រមានក្ដាម គ្រំ មឹកយក្ស ងាវ ជាដើមផងដែរ។

ការសំដែងសិល្បៈ

តាំងពីទសវត្សរ៍ឆ្នាំ៩០ រដ្ឋភិបាលបានប្រឹងប្រែងក្នុងការជំរុញសិង្ហបុរី​អោយក្លាយជាមជ្ឍមណ្ឌលសិល្បៈនិងវប្បធម៌ និងប្រែក្លាយសិង្ហបុរីអោយក្លាយជាក្លោងទ្វារសកល​រវាងវប្បធម៌បស្ចិមនិងវប្បធម៌បូព៌ា។

បុណ្យវប្បធម៌មួយត្រូវបានក្រុមប្រឹក្សាសិល្បៈជាតិធ្វើឡើងជារៀងរាល់ឆ្នាំ ដោយរៀបចំអោយមានការសំដែងសិល្បៈមហោស្រព របាំ តន្ត្រី ...។

កីឡានិងការកំសាន្ត

អត្ថបទក្បោះក្បាយ៖ កីឡានៅសិង្ហបុរី

លីជែវ៉ី៖ កីឡាករ​វាយកូនឃ្លីលើតុ​សិង្ហបុរី

ប្រជាជនសិង្ហបុរីរីករាយក្នុងសកម្មភាពកីឡានិងកំសាន្តច្រើនសណ្ឋាន។ កីឡាពេញនិយមមាន បាល់ទាត់ គ្រីកខិត ហែលទឹក វាយសី បាល់បោះ បាល់អោប បាល់ទះ និង វាយកូនឃ្លីលើតុ។ កីឡាលើទឹកដូចជា ជិះទូកក្ដោង ប្រណាំងទូកកាយ៉ាក់ និង ជិះស្គីលើទឹក ក៏ត្រូវបានគេនិយមលេងដែរ។ ក្រៅពីនេះ ការជ្រមុជទឹកលេងកំសាន្តជាការពេញនិយមនៅតាមបណ្ដាកោះភាគខាងត្បូង។

កីឡាវាយកូនហ្គោលកំពុងចាប់ផ្ដើមមានប្រជាប្រិយភាព​ក្នុងចំនោមប្រជាជនសិង្ហបុរី។ មានក្លឹមវាយកូនហ្គោល១៥កន្លែងនៅសិង្ហបុរី។ អ្នកលេងហ្គោលខ្លះចូលចិត្តធ្វើដំនើរទៅលេង​នៅតំបន់ផ្សេងដូចជានៅ ចុហរ(ម៉ាឡេស៊ី) ដោយសារទីនោះយក​ថ្លៃសមាជិកភាពតិចជាង។

ស្ថាបត្យកម្ម

ធនធានធម្មជាតិ

ធនធានទឹក

ដោយសារគ្មានទឹកសាបពីបឹងបួរឬទន្លេ ទឹកភ្លៀងជាប្រភពផ្គត់ផ្គង់ទឹកសាប​ក្នុងស្រុកជាបឋម នៅសិង្ហបុរី។ ទឹកពាក់កណ្ដាលនៅសិង្ហបុរីបានពីទឹកភ្លៀងដែលត្រូវបានគេត្រងនិង​រក្សាទុកក្នុងអាង ហើយសល់ពីនោះជាទឹកនាំចូលពីម៉ាឡេស៊ី។ ក៏ប៉ុន្តែកិច្ចសន្យាស្ដីពីផ្គត់ផ្គង់ទឹក​២ និងត្រូវអស់សុពលភាពនៅឆ្នាំ២០១១ និងឆ្នាំ២០១៦ ជាបន្ដបន្ទាប់។ ភាពមិនចុះសំរុងពីតំលៃទឹក ធ្វើអោយរដ្ឋាភិបាលសិង្ហបុរីងាកមករកវិធានការដោះស្រាយការខ្វះខាតទឹកផ្សេងទៀត។ បច្ចុប្បន្នរដ្ឋកំពុងសាងសង់ តំបន់ត្រងទឹកភ្លៀង រោងចក្រសំអាតទឹក និង រោងចក្រកែច្នៃទឹកសមុទ្រជាទឹកសាប បន្ថែមទៀត។

វិស័យគមនាគមន៍និងដឹកជញ្ជូន

អត្ថបទក្បោះក្បាយ៖ គមនាគមន៍នៅសិង្ហបុរី

ក្នុងស្រុក

ផែនទីបណ្ដាញផ្លូវដែកនៅសិង្ហបុរី
រថភ្លើងនៅសិង្ហបុរី

ហេដ្ឋារចនាសំព័ន្ឋគមនាគមន៍ក្នុងស្រុកមាន​បណ្ដាញផ្លូវគមនាគមន៍ពាសពេញកោះទាំងមូល រាប់បញ្ចូលទាំងបណ្ដាញផ្លូវអិចស្ព្រេសវេយផងដែរ។ បណ្ដាញដឹកជញ្ជួនសាធារណៈ​បំរើការដោយ សេវ៉ាកម្មឡានក្រុងរបស់រដ្ឋ និងក្រុមហ៊ុនតាក់ស៊ីមានអាជ្ញាបណ្ឌមួយចំនួន។ ប្រជាជនសិង្ហបុរី​អាស្រ័យខ្លាំងលើសេវ៉ាកម្មឡានក្រុង ក្នុងការធ្វើដំនើរទៅសាលាឬកន្លែងធ្វើការ។ បណ្ដាញផ្លូវដែកចែកចេញជា MRT(បណ្ដាញដឹកជញ្ជូនផ្លូវដែកខ្នាតធំ) និង LRT(បណ្ដាញដឹកជញ្ជូនផ្លូវដែកខ្នាតតូច)។ ជារៀងរាល់ថ្ងៃ ប្រជាជន២.៨៥លាននាក់ប្រើប្រាស់ឡានក្រុង ១,៥លាននាក់ប្រើប្រាស់ LRT ឬ MRT និងប្រហែល១លាននាក់ប្រើប្រាស់តាក់ស៊ី។ ការប្រើប្រាស់មធ្យោបាយធ្វើដំនើរឯកជន​មិនត្រូវបានគេលើកទឹកចិត្តទេ ដោយរដ្ឋបានដាក់អោយមានប្រព័ន្ឋប្រមូលថ្លៃប្រើប្រាស់ផ្លូវអេឡិកត្រូនិក នៅម៉ោងដែលមានចរាចរណ៍មមាញឹក បង្ខំអោយបង់ពន្ឋយានយន្តក្នុងតំលៃថ្លៃ និងដាក់អោយមានកូតាក្នុងការទិញយានយន្ត។

អន្តរជាតិ

កំពង់ផែសិង្ហបុរី
យន្តហោះរបស់​ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី
ចូហរ-សិង្ហបុរី ខសវេយ

សិង្ហបុរីជាមជ្ឍមណ្ឌលដឹកជញ្ជូនយ៉ាងសំខាន់មួយនៅអាស៊ី ដោយប្រទេសនេះស្ថិតនៅចំលើផ្លូវជំនួញតាមសមុទ្រ​និងអាកាសជាច្រើន។

កំពង់ផែសិង្ហបុរីជាកំពង់ផែមមាញឹកជាងគេលើពិភពលោកនៅឆ្នាំ២០០៥។ កំពង់ផែនេះគ្រប់គ្រងដោយក្រុមហ៊ុងប្រតិបត្តិការកំពង់ផែចំនួន២គឺ ក្រុមហ៊ុន ភីអេសអេ អ៊ីនធឺណាស្សិណល (PSA Internatinal) និង ក្រុមហ៊ុនជូរុងផត (Jurong Port)។

សិង្ហបុរីជាច្រកឆ្លងកាត់អាកាស​សំរាប់តំបន់អាស៊ីអាគ្នេយ៍ និងជាកន្លែងផ្ទេរយន្ដហោះនៅលើផ្លូវកង់ហ្គារូ រវាងប្រទេសអូស្ត្រាលីនិងអឺរ៉ុប។ អាកាសយានដ្ឋានចាងហ្គីសិង្ហបុរី​មានបណ្ដាញក្រុមហ៊ុនអាកាសចរណ៍៨១ តភ្ជាប់សិង្ហបុរីទៅទីក្រុង១៨៥ក្នុង៥៨ប្រទេស។ វាត្រូវបានគេចាត់ថ្នាក់ជា​អាកាសយានដ្ឋានអន្តរជាតិល្អជាងគេ១ ដោយទស្សនាវដ្ដីធ្វើដំនើរអន្តរជាតិនានា និងត្រូវបានទីភ្នាក់ងារស្កាយត្រាក់(Skytax)ចាត់ថ្នាក់ជា​អាកាសយានដ្ឋានអន្តរជាតិល្អផុតគេនៅឆ្នាំ២០០៦។ រដ្ឋាភិបាលកំពុងធ្វើដំនើរទៅរកឯកជននីយកម្មអាកាសយានដ្ឋាននេះ។ ក្រុមហ៊ុនអាកាសចរណ៍ជាតិគឺ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី

សិង្ហបុរីតភ្ជាប់ទៅចូហរ(ម៉ាឡេស៊ី) តាមរយៈផ្លូវកាត់សមុទ្រ ចូហរ-សិង្ហបុរី ខសវេយ និង ស្ពានទួស ក៏ដូចជាក្រុមហ៊ុនផ្លូវដែកកេរ៉េតាពី តាណាស់ ម៉ាឡាយូ របស់ម៉ាឡេស៊ី។ គេក៏ឃើញមានសាឡាងជាច្រើនសំរាប់ដឹកជញ្ជូនទៅកំពុងផែឥណ្ឌូនេស៊ីក្បែរៗនោះផងដែរ។

ឯកសារយោង

សូមមើលផងដែរ

01°22′N 103°48′E / 1.367°N 103.800°E / 1.367; 103.800