ព្រះសុពណ៌បាទុកា

ពីវិគីភីឌា

ព្រះសុពណ៌បាទុកា ឬដែលហៅជាភាសាសាមញ្ញថាស្បែកជើងមាស(សុពណ៌មានន័យថាមាស)នេះគឺជាគ្រឿងឆ្លងព្រះបាទពិសេសមួយសម្រាប់អង្គព្រះមហាក្សត្រ ដែលត្រូវបានរាប់បញ្ចូលក្នុងចំណោមគ្រឿងបញ្ចកកុធភណ្ឌទាំង៥ ជាវត្ថុមង្គលសម្រាប់ព្រះរាជាធិរាជដើម្បីទ្រង់គ្រងព្រះបរមសិរីរាជសម្បត្តិពេញបរិបូណ៌ដោយខ្វះពុំបាន។ ត្បិតថាប្រទេសកម្ពុជាយើងនៅសម័យបុរាណពុំនិយមក្នុងការប្រើប្រាស់ស្បែកជើងយ៉ាងក្តី តែដោយឥទ្ធិពលជំនឿនៃព្រហ្មញ្ញសាសនាក៏ដូចជាព្រះពុទ្ធសាសនា ទើបធ្វើអោយព្រះសុពណ៌បាទុកា ក៏ដូចជាគ្រឿងរាជកកុធភណ្ឌនានា ត្រូវបានចាត់ទុកជាវត្ថុសំខាន់ក្នុងព្រះរាជពិធីបរមរាជាភិសេកនៃព្រះមហាក្សត្រកម្ពុជាយើងតាំងពីបុរាណមក។

ព្រះសុពណ៌បាទុកា មានរាងជាស្បែកជើងប្រអប់សាងអំពីមាសប្រកបដោយក្បាច់ភ្ញីរចនាយ៉ាងវិចិត្រ ផ្នែកខាងក្នុងមានពាសដោយក្រណាត់ទន់ ឯនៅផ្នែកខាងចុងឆ្លងព្រះបាទវិញមានលក្ខណៈងឡើងទៅលើបន្តិច។ តាមទំនៀមពីបុរាណមកនៅក្នុងថ្ងៃព្រះរាជពិធីបរមរាជាភិសេកគ្រងរាជសម្បត្តិ បន្ទាប់ពីទទួលព្រះមហាមកុដរាជ្យ និងព្រះខ័នរាជ្យពីសំណាក់សម្តេចព្រះឥសីភ័ទ្ទនាធិបតីដែលជាធំលើអស់ពួកព្រាហ្មណ៍រួចហើយនោះ តំណាងសេនាបតីនិងក្រសួងទាំងឡាយនឹងបំពាក់ថ្វាយអង្គព្រះមហាក្សត្រនូវព្រះសុពណ៌បាទុកានេះឯងជាកិច្ចបន្ទាប់។ក្នុងការប្រើប្រាស់ព្រះសុពណ៌បាទុកាក្រៅអំពីប្រើប្រាស់ក្នុងព្រះរាជពិធីបរមរាជាភិសេកគ្រងរាជ្យសម្បត្តិ យើងក៏សង្កេតឃើញមានការអញ្ជើញព្រះសុពណ៌បាទុកានេះថ្វាយព្រះមហាក្សត្រទ្រង់នៅក្នុងឱកាសពិធីប្រទក្សិណព្រះនគរនៃព្រះរាជពិធីបរមរាជាភិសេក និងការថតព្រះឆាយាល័ក្ខណ៍រាជានុស្សាវរីយ៍ផ្សេងៗផងដែរ។

អត្ថន័យនៃព្រះសុពណ៌បាទុកានេះគឺគេប្រដូចទៅនឹង ផែនដីដែលជាទីរងនូវភ្នំព្រះសុមេរុរាជ និងជាទីអាស្រ័យរបស់ប្រជានុរាស្ត្រទាំងដោយព្រះយសព្រះតេជៈនៃអង្គព្រះមហាក្សត្រ។ ហើយក៏តំណាងដល់ការយាងចេញព្រះរាជដំណើររបស់ព្រះរាជាទៅកាន់គ្រប់ទីកន្លែងក្នុងព្រះរាជអាណាចក្រដើម្បីពិនិត្យនិងទំនុកបំរុងអស់អាណាប្រជានុរាស្ត្រក្នុងដែនដីរបស់ព្រះអង្គផងដែរ។ នៅក្នុងព្រះរាជសង្ហារដែលជានិមិត្តសញ្ញាតំណាងស្ថាប័នព្រះមហាក្សត្ររបស់ប្រទេសយើងក៏មានរូបតំណាងព្រះសុពណ៌បាទុកាដែរ តែត្រូវបានពណ៌នាក្នុងរូបភាពជារូបគជសីហ៍និងរាជសីហ៍វិញ ខុសពីគ្រឿងបញ្ចកកុធភណ្ឌនានាដែលត្រូវបានពណ៌នាក្នុងរូបរាងដើមរបស់ខ្លួន។

ឆ្លងកាត់សម័យកាលសង្គ្រាមដ៏ខ្លោចផ្សានាទស្សវត្សកន្លងមកគ្រឿងរាជបញ្ចកកុធភណ្ឌទាំងឡាយ រួមទាំងព្រះសុពណ៌បាទុកាផងនោះ បានបាត់ដំណឹងសូន្យឈឹងគួរអោយសោកស្តាយក្រៃលែង ជាហេតុដែលនៅសម័យក្រោយមក ក្នុងពេលដែលព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ស្តេចយាងនិវត្តន៍ត្រឡប់មកគ្រងព្រះបរមសិរីរាជសម្បត្តិជាលើកទីពីរ ត្រូវអវត្តមាននូវគ្រឿងរាជ្យដ៏សំខាន់ទាំងនេះ។ លុះរហូតមកដល់ក្នុងព្រះរាជពិធីបរមរាជាភិសេកព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្របច្ចុប្បន្ននៃព្រះរាជាណាចក្រកម្ពុជាយើង ទើបមានការសាងគ្រឿងបញ្ចកកុធភណ្ឌ ក៏ដូចជាព្រះសុពណ៌បាទុកាជាថ្មីឡើងវិញ[១]

ឯកសារយោង[កែប្រែ]

  1. បុរាណាចារ្យ