ភូមិសាស្ត្ររដ្ឋបាលនៃកម្ពុជាប្រជាធិបតេយ្យ

ពីវិគីភីឌា
ភូមិសាស្រ្តរដ្ឋបាលនៃកម្ពុជាប្រជាធិបតេយ្យ

នៅឆ្នាំ១៩៧៦ បក្សកុម្មុយនិស្តកម្ពុជាបានបែងចែកកម្ពុជាប្រជាធិបតេយ្យទៅជា ៦ ភូមិភាគ ដែលរួមមាន ៣២តំបន់។ ភូមិភាគនីមួយៗយកខេត្តពីរ ឬច្រើនមកបញ្ចូលគ្នា ឬកាត់ស្រុកមួយ ឬច្រើនចេញពីខេត្តនេះខ្លះ ឬខេត្តនោះខ្លះមកបញ្ចូលគ្នា។ ភូមិភាគ និងតំបន់ទាំងអស់សុទ្ធតែដាក់កំណត់សម្គាល់ជាលេខ។ ភូមិភាគនីមួយៗ ចែកចេញជាច្រើនតំបន់ ហើយតំបន់នីមួយៗ ចែកចេញជាស្រុក ឃុំ និងសហករណ៍។

ទី១ ភូមិភាគនិរតី ឬភូមិភាគ៤០៥[កែប្រែ]

ភូមិភាគនៃសម័យកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហម

យោងតាមលោកស្រី អេលីហ្សាបេត បិខខឺ(Elizabeth Becker) ភូមិភាគ​និរតី​គឺ​ជា​ភូមិភាគ​ធំ​ជាង​គេ មាន​ប្រជាជន​ក្រីក្រ​ជាង​គេ ប៉ុន្តែ មាន ​កងទ័ព​ខ្លាំង​ជាង​គេ។ លេខា​ភូមិភាគ​និរតី គឺ​ឈិត ជឿន ហៅ​តាម៉ុក។ ភូមិភាគ​នេះ​រួម​មាន​ខេត្ត​កំពត និង​ខេត្ត​តាកែវ​ទាំង​មូល ស្រុក​ពីរ​ក្នុង​ខេត្ត​កំពង់​ស្ពឺ គឺ​ស្រុក​សំរោង​ទង និង​ស្រុក​គង​ពិសី និង​ស្រុក​ប្រាំ​ក្នុង​ខេត្ត​កណ្តាល គឺ​ស្រុក​កណ្តាល​ស្ទឹង ស្រុក​ស្អាង ស្រុក​កោះធំ ស្រុក​កៀន​ស្វាយ និង​ស្រុក​លើក​ដែក។ ភូមិភាគ​នេះ​ចែក​ចេញ​ជា​បួន​តំបន់ គឺ​តំបន់​១៣ តំបន់​៣៣ តំបន់​៣៥ និង​តំបន់២៥

ទី២ ភូមិភាគបូព៌ា ឬភូមិភាគ២០៣[កែប្រែ]

ភូមិភាគ ​នេះ​ដឹកនាំ​ដោយ សោ ភឹម ដែល​បាន​ធ្វើ​អត្តឃាត​ នៅ​ឆ្នាំ​១៩៧៨ នៅ​ពេល​ដែល​ប៉ុល ពត បញ្ជូន​ទាហាន​ឲ្យ​មក​ចាប់​ខ្លួន​។ ភូមិភាគ​នេះ​រួម​មាន ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង​ទាំង​មូល ស្រុក​ទាំងអស់​ដែល​ស្ថិត​នៅ​ត្រើយ​ខាង​កើត​ទន្លេរ​មេគង្គ ក្នុង​ខេត្ត​កំពង់ចាម ស្រុក​ឆ្លូង​ក្នុង​ខេត្ត​ក្រចេះ និង​ស្រុក​បី​ទៀត​ក្នុង​ខេត្ត​កណ្តាល គឺ​ស្រុក​ខ្សាច់​កណ្តាល ស្រុក​ល្វាឯម និង​ស្រុក​មុខ​កំពូល។ ភូមិភាគ​នេះ​ចែក​ចេញ​ជា​៥​តំបន់ គឺ​តំបន់​២០ តំបន់​២១ តំបន់​២២ តំបន់​២៣ និង​តំបន់​២៥

ទី៣ ភូមិភាគពាយ័ព្យ ឬភូមិភាគ៥៦០[កែប្រែ]

លេខា ​ភូមិភាគ​ពាយ័ព្យ​ គឺ​ញឹម រស់។ ភូមិភាគ​នេះ​រួម​មាន​ខេត្ត​ពោធិសាត់ និង​បាត់ដំបង​ទាំង​មូល ហើយ​ចែក​ចេញ​ជា​៧​តំបន់ ពី​តំបន់​១ ដល់​តំបន់​៧

ទី៤ ភូមិភាគឧត្តរ ឬភូមិភាគ៣០៣[កែប្រែ]

ចាប់ពីឆ្នាំ១៩៧០ រហូត​ដល់​ឆ្នាំ​១៩៧៦​ ភូមិភាគ​នេះ​ដឹកនាំ​ដោយ កុយ ធួន ហៅ ធុច។ ក្រោយ​ពី កុយ ធួន ត្រូវ​បាន​ចាប់ខ្លួន និងសម្លាប់នៅគុកទួលស្លែង នៅ​ឆ្នាំ​១៩៧៦ កែ ពក ត្រូវ​បាន​តែង​តាំង​ជា​លេខា​ភូមិភាគ​នេះ​ជំនួស​ កុយ ធួន។ នៅ​ឆ្នាំ​១៩៧៧ ភូមិភាគ​ឧត្តរ​នេះ ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅ​ភូមិភាគ​កណ្តាល​វិញ។ ចំណែកភូមិភាគ​ឧត្តរ​ចាស់​ត្រូវ​បាន​រើ ទីតាំង​ទៅ​តាំង​នៅ​ខេត្ត​ ខេត្តសៀមរាប ឧត្តរ​មានជ័យ និង​ខេត្ត​ព្រះវិហារ​វិញ។ ភូមិភាគ​ឧត្តរ​ថ្មី​នេះ​ដឹកនាំ​ដោយ កង ចាប

ទី៥ ភូមិភាគ​កណ្តាល[កែប្រែ]

គឺ ​ជា​ភូមិភាគ​បង្កើត​ថ្មី ដោយ​មាន​ទីតាំង​នៅ​ត្រង់​ភូមិភាគ​ឧត្តរ​ចាស់ ពោល​គឺ​រួមមាន​​ខេត្ត​កំពង់ធំ​ទាំងមូល ស្រុក​ទាំង​អស់​ដែល​ស្ថិត​នៅ​ត្រើយ​ខាង​លិច​ទន្លេរ​មេគង្គ ក្នុង​ខេត្ត​កំពង់ចាម និង​ស្រុក​ព្រែកប្រសប់ ក្នុង​ខេត្ត​ក្រចេះ។ ភូមិភាគ​នេះ​ត្រូវ​បាន​បែងចែក​ជា​បី​តំបន់ គឺ​តំបន់​៤១ តំបន់​៤២ និងតំបន់​៤៣។ លេខាភូមិភាគ​កណ្តាល គឺ កែ​ ពក។

ទី៦ ភូមិភាគបស្ចិម ឬភូមិភាគ៤០១[កែប្រែ]

ភូមិភាគ ​នេះ​ដឹកនាំ​ដោយជូ ជេត ហើយ​​រួមមា​នខេត្ត​កោះកុង និង​ខេត្ត​កំពង់ឆ្នាំង​ទាំង​មូល និង​ផ្នែក​ខ្លះ​នៃ​ខេត្ត​កំពង់ស្ពឺ។ ភូមិភាគ​នេះ​បែង​ចែក​ជា​៤តំបន់ គឺ​តំបន់​៣១ តំបន់​៣២ តំបន់​៣៧ និង​តំបន់​១១

ទី៧ ភូមិភាគឥសាន្ត ឬភូមិភាគ១០៨[កែប្រែ]

ណៃ សារ៉ាន់ ហៅ យ៉ា បាន​កាន់​តំណែង​ជា​លេខា​ភូមិភាគ​ឥសាន្ត​រហូត​ដល់​ខែ​កញ្ញា ឆ្នាំ​១៩៧៦ ពេល​ដែល ណៃ សារ៉ាន់ ត្រូវ​បាន​ចាប់​ខ្លួន​យក​ទៅ​ដាក់​ក្នុង​គុក​ទួល​ស្លែង។ ម៉ែន សាន ត្រូវ​បាន​តែងតាំង​ជា​លេខា​ភូមិភាគ​ជំនួស ណៃ សារ៉ាន់។ ភូមិភាគឥសាន្ត​រួមមាន ខេត្ត​ស្ទឹងត្រែង ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី​ទាំង​មូល និង​ផ្នែក​ខ្លះ​នៃ​ខេត្ត​ក្រចេះ។ ភូមិភាគ​នេះ​បែង​ចែក​ជា​៦​តំបន់ គឺ​តំបន់​១០១ តំបន់​១០២ តំបន់​១០៤ តំបន់​១០៥ តំបន់​១០៧ និង​តំបន់​៥០៥

ក្រៅពីនេះ មាន​តំបន់​មួយ​ចំនួន​ត្រូវ​បាន​ផ្តាច់​ចេញ​ពី​ភូមិភាគ ឲ្យ​ទៅ​ជា​តំបន់​ស្វយ័ត​វិញ។ តំបន់​ទាំង​នោះ​រួម​មាន តំបន់​សៀមរាប-ឧត្តរមានជ័យ ឬ​តំបន់១០៦ និង​តំបន់​ព្រះវិហារ ឬតំបន់១០៣ ដែល​ពី​មុន​ស្ថិត​ក្នុង​ភូមិភាគ​ឧត្តរ តំបន់​ក្រចេះ ឬ​តំបន់៥០៥ និង​តំបន់​មណ្ឌលគិរី ឬ​តំបន់​១០៥ ពី​មុន​ស្ថិត​ក្នុង​ភូមិភាគ​ឥសាន្ត។ តំបន់​កំពង់សោម​ក៏​ត្រូវ​បាន​ចាត់​ជា​តំបន់​ស្វយយ័ត​ដែរ៕

ឯកសារយោង[កែប្រែ]

ដោយ សេង ឌីណា

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 03/01/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 03/01/2009 14:13 ម៉ោងសកល

តំណភ្ជាប់ក្រៅ[កែប្រែ]

ភូមិសាស្ត្ររដ្ឋបាលនៃកម្ពុជាប្រជាធិបតេយ្យ ដោយសេងឌីណា Archived 2011-06-03 at the វេយប៊ែខ ម៉ាស៊ីន.