មហាសេនាសួស

ពីវិគីភីឌា
មហាសេនាសួស
ឧកញ៉ាមហាសេនានៃកម្វុជទេឝ
ក្នុងការិយាល័យ
ក្នុងតំណែង ប្រ.គ.ស. ១៣៦៩
ព្រះមហាក្សត្រស្រីសុរិយោទ័យទី១
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត
វង្ស

ខែត្រមហានគរ

ឧកញ៉ាមហាសេនាសួស លោកជាមន្ត្រីបំរើការក្នុងរាជ្យព្រះបាទស្រីសុរិយោទ័យទី១។ គេមិនដឹងថាលោកមានប្រវត្តិពីមុនមកយ៉ាងណាទេគ្រាន់តែលោកត្រូវបានចារក្នុងពង្សាវតារខ្មែរជាមេទ័ពរងអម ព្រះមហាឧបរាជ និង ឧកញ៉ាចក្រីវង្ស ក្នុងបេសកម្មការពារនគរពីពួកសៀមឈ្លានពាន។

ប្រវត្តិក្នុងរឿងនិទាន[កែប្រែ]

រៀបចំ​កងពល​សេនា​បាន​ល្អិតល្អន់​ សព្វគ្រប់​កាលណា​ ​ស្ដេច​សៀម​ចេញ​បញ្ជា​ឲ្យ​លើកទ័ព​ចេញ​ទៅ​វាយប្រហារ​ស្រុក​ខ្មែរ​ម្ដងទៀត​ជា​ លើក​ទី​ពីរ។​ ​គឺ​នៅ​ក្នុង​ឆ្នាំរោង​ ​មួយ​ឆ្នាំ​ក្រោយ​ការ​វាយប្រហារ​លើក​ទី​១។​ ​នា​សម័យ​នោះ​ ​ព្រះមហាក្សត្រ​ខ្មែរ​មិន​បាន​ទទួល​ដំណឹង​ ​ដឹង​អ្វី​ជា​មុន​សោះឡើយ។​ ​កាលបើ​កងទ័ព​សៀម​ ​បាន​វាយ​សំរុកចូល​មក​ដល់​ខេត្ដ​បស្ចិមបូរី​ ​ទើប​ព្រះ​អង្គ​ចេញ​បញ្ជា​ឲ្យ​ព្រះ​មហាឧបរាជ​លើកទ័ព​ចេញ​ទៅ​ទប់ទល់​នឹង​ខ្មាំង។​ ​ការ​ប្រយុទ្ធ​គ្នា​មាន​សន្ទុះ​យ៉ាង​ខ្លាំងក្លា​ ​មាន​មនុស្ស​ស្លាប់​ ​និង​របួស​ជា​ច្រើន​ ​ដេក​ដួល​រនាល​ពាសពេញ​ដី​ ​តែ​ម្ខាងៗ​ពុំ​ទាន់​មាន​ប្រៀប​ឈ្នះ​ ​ចាញ់​ស៊ីសង​លើ​គ្នា​ឡើយ។​ ​ជួន​ចំ​ជា​រដូវវស្សា​ ​បាន​ចូល​មក​ដល់។​ ​កងទ័ព​សៀម​បាន​បោះជំរំ​ការពារ​នៅ​ខេត្ដ​បស្ចិមបុរី។​ ​ចំណែក​ខាង​ខ្មែរ​វិញ​ ​កងទ័ព​ទាំងអស់​ត្រូវ​វិល​ត្រលប់​ចូល​ក្នុង​នគរ​វិញ។​ ​ពល​រេហ៍​ទាំង​ប៉ុន្មាន​ ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិល​ត្រលប់​ទៅ​តាម​គ្រួសារ​ ​ផ្ទះសំបែង​ភូមិស្ថាន​រៀងៗ​ខ្លួន​ ​ដើម្បី​ប្រកប​របរ​កសិកម្ម​ ​ធ្វើស្រែចំការ​ ​ចិញ្ចឹមជីវិត​ដូច​ប្រក្រតី។​ ​ឯកសារ​ពង្សាវតារ​ខ្មែរ​បាន​បញ្ជាក់​ថា​ ​កាយវិការនេះ​ជា​ការ​ធ្វេសប្រហែស​ ​និង​ជា​កំហុស​មួយ​យ៉ាង​ធំ​របស់​ខ្មែរ​អ្នកដឹកនាំ​ប្រទេស​ជាតិ។ ថ្ងៃ ​៥​កើត​ ​ខែ​មិគសិរ​ ​ឆ្នាំរោង​ ដដែល​ ​មេទ័ព​សៀម​ព្រះ​បរមរាជា​ ​បាន​លើកទ័ព​យ៉ាងច្រើន​មហិមា​ ​ចូល​មក​ស្រុក​ខ្មែរ​ម្ដងទៀត។​ ​កងទ័ព​ឈ្លានពាន​សៀម​ ​បាន​បោះ​ជំហាន​ជិត​មក​ដល់​មហានគរ​ហើយ​ ​ទើប​ដំណឹង​នេះ​ត្រូវ​បាន​គេ​យក​មក​ទូល​ព្រះមហាក្សត្រ។​ ​ព្រះ​ស្រីសុរិយោទ័យ​ ​ក្សត្រ​ខ្មែរ​មានការ​ភ្ញាក់ផ្អើល​ ​ភ័យ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ​ចំពោះ​ស្ថានការណ៍​ ​និង​ព្រឹត្ដិការណ៍​ដែល​មិន​បាន​ព្រាង​ទុក​មុខ​​នេះ។​ ​ពីព្រោះ​ចំ​ជា​រដូវវស្សា​ ​ប្រជានុរាស្ដ្រ​កំពុង​តែ​ជាប់ដៃ​ធ្វើស្រែ​ចំការ​ ​ព្រះ​អង្គ​ពុំ​មាន​លទ្ធភាព​អាច​នឹង​ប្រមូល​កេណ្ឌ​ទ័ព​បាន​ច្រើន​ដូច​បំណង​ឡើយ។​ ​ទ័ព​ដែល​ប្រមែប្រមូល​រៀបចំ​បាន​ប៉ុន្មាន​ ​ព្រះរាជា​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​បញ្ជាកា​របស់​ព្រះ​មហាឧបរាជ​ ​ដោយ​មាន​ឧកញ៉ា​ចក្រីវង្ស​ ​និង​ឧកញ៉ា​មហាសេនា​សួស​ ជា​មេទ័ព​រង។​ ​បេសកកម្ម​ធំ​ដំបូង​ ​គឺ​ត្រូវ​ទៅ​ទប់ទល់​កងទ័ព​សៀម​នៅ​ក្នុង​ខេត្ដ​នគររាជសីមា។​ ​នៅ​លើ​សមរភូមិ​ ​កងទ័ព​ខ្មែរ​ដែល​ហ្វឹកហ្វឺន​មិន​បាន​មាំមួន​ ​ពិតប្រាកដ​ពី​ដើម​ទី​ ​ហើយដោយ​មាន​ចំនួន​តិច​ជាង​សត្រូវ​ ​ត្រូវ​ទទួល​បរាជ័យ​យ៉ាង​ដំណំ​ ​បាក់ទ័ព​ដក​ឃ្លា​រត់​មក​បោះ​ជំរំ​នៅ​ខេត្ដ​នាងរោង។​ ​តែ​កងទ័ព​សៀម​បាន​ដេញ​ប្រកិត​ជាប់​ពីក្រោយ។​ ​ការ​ប្រយុទ្ធ​កាប់​ចាក់​គ្នា​មាន​សភាព​សាហាវ​ឃោរឃៅ​អស្ចារ្យ។​ ​មនុស្ស​ស្លាប់​ និង​របួស​មាន​ច្រើន​ឥត​គណនា។​ ​ទ័ព​ខ្មែរ​មួយ​ចំនួន​ ​ដោយ​ដឹងខ្លួន​ថា​មិន​អាច​ឈ្នះសត្រូវ ​បាន​នាំ​គ្នា​រត់​ចាកចោល​ជួរ​ ​យក​ឲ្យ​រួច​តែ​ជីវិត។​ ​ទោះបីជា​ដូច្នេះ​ក៏​ដោយ​ ​ក៏​ទ័ព​ខ្មែរ​នៅ​តែ​គ្មាន​តក់ស្លុត​ ​ខំ​តស៊ូ​ប្រយុទ្ធ​ដោយ​អង់អាច​ក្លាហាន​ដដែល។​ មេទ័ព​ខ្មែរ​ពីរ​នាក់ ព្រះមហាឧបរាជ និង​ឧកញ៉ាចក្រី​វង្ស ត្រូវ​បាន​បូជា​ជីវិត​នៅ​លើ​សមរភូមិ។ ​ចំណែក​លោក​មេទ័ព​ឧកញ៉ា​មហាសេនា​សួស​ ​នៅ​តែ​ខំប្រឹង​តស៊ូ​ ​ច្បាំង​ទប់ទល់​នឹង​ខ្មាំង​ដោយ​ឥត​សំចៃ​ដៃ​ដដែល។​ ​ដោយ​ទ្រាំទ្រ​ទប់ទល់​បច្ចាមិត្ដ​តទៅ​ទៀត​មិន​បាន​ ​លោក​ឧកញ៉ា​មហា​សេនាសួស​ ​ក៏​ប្រមូលផ្ដុំ​ទ័ព​ ​ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន​ ​វាយ​ប្រយុទ្ធ​សំរុក​ដកឃ្លា​នាំ​សាកសព​ព្រះ​មហាឧបរាជ​ ​និង​លោក​ឧកញ៉ាចក្រីវង្ស​ចូល​មហានគរ​វិញ។​ ​ទ័ព​សៀម​នៅ​តែ​វាយប្រហារ​កាប់សំលាប់​យ៉ាង​សាហាវ​ ​ហើយ​ដេញ​តាម​ជាប់​ប្រកិត​ពីក្រោយ​ខ្នង​ជា​ដរាប។​ ​ទ័ព​ខ្មែរ​ចេះ​តែ​វាយ​ដកថយ​ចូលមហានគរ​ជា​លំដាប់។​ ​នៅ​ទីបំផុត​ ​ទ័ព​សៀម​បាន​លើក​ចូល​មក​ដល់​ប្រឈមមុខ​ទល់​នឹង​មហានគរ។​ ​មេទ័ព​សៀម​បរមរាជា​បាន​បញ្ជា​ឲ្យ​កងទ័ព​ទាំងអស់​បញ្ឈប់​ដំណើរ​ ​ហើយ​បោះជំរំព័ទ្ធ​ជិតជុំ​វិញ​ព្រះ​មហានគរ។​ ​ក្រោយ​ដែល​បាន​ពិនិត្យ​ស្ថានការណ៍​សឹក​អស់​បី​ថ្ងៃ​មក​ ​ស្ដេច​សៀម​បរមរាជា​ក៏​ចេញ​បញ្ជា​ឲ្យ​ទ័ព​សៀម​តូច​ធំ​ ​រៀបចំ​ខ្លួន​ដើម្បី​ចូល​វាយ​សម្រុក​ ​លុកលុយ​ដណ្ដើម​យក​ព្រះរាជធានី​ខ្មែរ។​ ​កូន​ស្ដេច​សៀម​ ​ព្រះ​រាមេសូរទទួល​បេសកកម្ម​វាយប្រហារ​ពី​ទិស​ខាងជើង​ ​ចៅប៉ាសាត​វាយ​ពី​ទិស​ខាងកើត​ ​ចៅប៉ាអាត​ពី​ទិស​ខាងត្បូង​ ​និង​ចៅដំបងពិសី​ពី​ទិស​ខាងលិច។​ ​ការ​ប្រយុទ្ធ​កាប់​ចាក់​គ្នា​ ​មាន​សភាព​សាហាវ​ខ្លាំងក្លា​ជា​រៀងរាល់ថ្ងៃ។​ ​ពលទាហាន​ទាំង​សងខាង​មាន​របួស​ និង​ស្លាប់​ច្រើន​ពាសពេញ​ ​ដេក​រនាលរណែល​តាម​ជើង​កំពែង​មហានគរ។​ ​តែ​សៀម​នៅ​តែ​ដណ្ដើម​យក​មហានគរ​មិន​ទាន់​បាន។ លោក​ឧកញ៉ា​មហា​សេនាសួស​ ​បាន​ទ​ទួ​បញ្ជា​ចេញ​ទៅ​វាយឆ្មក់​សត្រូវ​សៀមពីរ​ដង​ដែរ​ ​តែ​មិន​បាន​ជោគជ័យ​ឡើយ​ ​នេះ​បើ​តាម​ពង្សាវតារ​សម្ដេច​វាំង​ជួន។​ ​ពង្សាវតារ​វត្ដ​ទឹកវិល​ ​បាន​សរសេរ​បន្ថែម​ទៀត​ថា​ ​កងទ័ព​ខ្មែរ​បាន​បើកទ្វារ​ចេញពី​មហានគរ​ជា​ញឹកញាប់​ ​ដើម្បី​វាយឆ្មក់​ទ័ព​សៀម។​ ​ឯ​ចៅហ្វាយខេត្ដ​ ​និង​មេទ័ព​ខ្មែរ​ ​ដែល​ស្ថិត​នៅ​ខេត្ដ​ខណ្ឌ​ជិត​ឆ្ងាយ​ ​ក៏​បាន​លើកទ័ព​ពល​រេហ៍​ ​ចេញ​មក​ជួយ​វា​ប្រហារ​ទប់ទល់​ ​នឹង​ទ័ព​សៀម​ ​នៅ​មហានគរ​ដែរ។​ ​តែ​ប្រតិបត្ដិការ​សឹក​ទាំង​ប៉ុន្មាន​ មិន​បាន​ទទួល​ជ័យ​ជំនះ​ឡើយ។​ ​គ្រានោះ​កងទ័ព​សៀម​បាន​នាំ​គ្នា​ដើរ​លួច​ប្លន់​ទ្រព្យសម្បត្តិ​ ​ច្រូត​កាត់​ស្រូវ​ ដឹក​ជញ្ជូន​ភោគផល​កសិកម្ម​ ​និង​ដុត​បំផ្លាញ​ផ្ទះសំបែង ​ភូមិស្ថាន​ប្រជាពលរដ្ឋ​ខ្មែរ។​ ​ប្រជានុរាស្ដ្រ​ខ្មែរ​ជា​ច្រើន​ ​ត្រូវ​ទ័ព​សៀម​ដេញ​តាម​កាប់​ចាក់​សំលាប់​ ​ធ្វើបាប​ ​ចាប់​យក​ធ្វើ​ជា​ឈ្លើយ។​ ​ដើម្បី​ឲ្យ​រួច​រស់រាន​មានជីវិត​ ​ផុត​អំពី​ការ​ចាប់ចង​ ​កាប់សំលាប់ ​ធ្វើទុក្ខបុកម្នេញ​ជិះជាន់​របស់​ទ័ព​សៀម​ ​រាស្ដ្រ​ខ្មែរ​ស្លូតត្រង់​ ​ទាំងស្រី​ទាំងប្រុស​ ​ទាំង​ក្មេង​ទាំង​ចាស់​ ​នាំ​គ្នា​រត់​គេចវេះ​ ​លាក់ខ្លួន​ពួន​អាត្មា​ ​រស់នៅ​តាម​ព្រៃ​ភ្នំ​ក្រម​ថ្ម។

យសស័ក្ដិខ្មែរ
មុនដោយ
មិនស្គាល់
ឧកញ៉ាមហាសេនានៃកម្វុជទេឝ
ក្នុងតំណែង ប្រ.១៣៦៩
តដោយ
មិនស្គាល់