វត្តទ័ពចំបក់មាស

ពីវិគីភីឌា

វត្តទ័ពចំបក់មាស ស្ថិតនៅនឹងភូមិមួយ ឈ្មោះភូមិទាន សង្កាត់ព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ចម្ងាយពីតាខ្មៅប្រមាណជា ១៣ សហាតិមាត្រ ជិតទៅដល់កំពង់កន្ទួតនោះ មានវត្ដមួយឈ្មោះ វត្ដទ័ពចំបក់មាស។ ​* វត្ដនេះនៅខាងកើតថ្នល់ប្រមាណ ២០០ ម៉ែត្រ។ វត្ដនេះមានវិហារពីរ គឺវិហារមួយសង់តាមសម័យថ្មីនៅពីខាងជើង វិហារមួយចាស់ទ្រុឌទ្រោម សម័យបុរាណនៅពីខាងត្បូង។ វិហារខាងជើង មានកុដិ សាលាព្រះសង្ឃតាមរបៀបធម្មតា ឯវិហារខាងត្បូងសង់នៅលើទួល នៅតែឯកឯងកណ្ដោចកន្ដែងកណ្ដាលជំរំត្នោត និងព្រៃទន្ទ្រានខេត្ដ។ វិហារទាំងពីរនេះនៅឆ្ងាយពីគ្នាប្រមាណជា ៥០០ ម៉ែត្រ ហើយផ្លូវដែលទៅកាន់វិហារចាស់នោះ គឺជាផ្លូវរទេះ និងភ្លឺស្រែដ៏មានកន្ទ្រប់ព្រៃម្ដុំៗតាមនោះផង។

អាស្រ័យដោយមានឈ្មោះប្លែក និងមានវិហារបុរាណផងដូច្នោះ វត្ដនេះប្រាកដជាមានប្រវត្ដិទាក់ទងនឹងពង្សាវតា ត្រង់រជ្ជកាលណាមួយពុំលែងឡើយ។

ប្រវត្តិ[កែប្រែ]

ទ័ពចំបក់មាស បើតាមនាមនេះពីបុរាណកាល ប្រហែលជាមានដើមចំបក់មាសមួយជ្រុំដុះនៅត្រង់ទីនេះ ដែលគេទុកដូចជាកងទ័ពនៃដើមចំបក់មាសមួយកង។ ប៉ុន្ដែតាមការពិតពុំដូច្នោះទេ បន្ទាប់ពីសង្កេតទិដ្ឋភាពវត្ដនេះ ព្រមទាំងត្រឡប់មកបើកមើលពង្សាវតាដោយល្អិតល្អន់ទៅ យើងក៏បានដឹងថា វត្ដនេះគឺព្រះករុណាព្រះបានអង្គចន្ទរាជា ទ្រង់បានកសាងក្នុងរវាងគ.ស ១៥៣៥ ជាលើកដំបូង ហើយទ្រង់ប្រទាននាមបញ្ញត្ដិថា វត្ដទ័ពព័ទ្ធចំបក់។ បានជាហៅថាវត្ដទ័ពព័ទ្ធចំបក់ ពីព្រោះកាលណោះមានកងទ័ពមកឈរព័ទ្ធដើមចំបក់នៅទីនេះពិតប្រាកដមែន។ កាលនោះ ដើមចំបក់នោះមានគេលាក់ទុកនូវគ្រឿងព្រះខ័នរាជ្យ។ គ្រានោះគេត្រូវសុំយាងព្រះខ័នរាជ្យអោយចុះចាកដើមចំបក់ ហើយដោយមានសេចក្ដីគោរពដ៏មុតមាំចំពោះព្រះខ័នរាជ្យ គេក៏ចាត់អោយកងសេនាឈរព័ទ្ធជុំវិញដើមចំបក់ ដើម្បីសម្ដែងការគោរព ពេលដែលព្រះខ័នរាជ្យត្រូវគេសុំយាងចុះនោះ។ រឿងនេះតំណាលដូចតទៅ ៖

កាលពីគ.ស ១៥១២ រជ្ជកាលព្រះស្រីសុគន្ធបទជាម្ចាស់ផែនដី កាលនោះមានមន្ដ្រីម្នាក់ឈ្មោះ កន ងារជាឃុនហ្លួងព្រះស្ដេច បានតាំងចិត្ដក្បត់នឹងព្រះស្រីសុគន្ធបទ។ កាលណោះ ព្រះអង្គចន្ទរាជាជាព្រះអនុជនៃព្រះស្រីសុគន្ធបទ ក៏ត្រូវភៀសខ្លួនទៅប្រទេសសៀម ដោយចាញ់ឧបាយកលរបស់ជនក្បត់ឈ្មោះ កន នេះដែរ។ ក្រោយពេលដែលព្រះអង្គចន្ទភៀសខ្លួនទៅប្រទេសសៀមហើយនោះ ឃុនហ្លួងព្រះស្ដេចកន ក៏លើកទ័ពសន្ធាប់ចូលធ្វើគុតព្រះស្រីសុគន្ធបទបាន ក្នុងស្ទឹងសែន ខេត្ដកំពង់ស្វាយ (កំពង់ធំ)។

គ្រានោះមានមន្ដ្រីចាស់ទុំមួយរូប ឈ្មោះ សួស ងារជាព្រះឥសីភ័ទ្ធ ជាអ្នករក្សានូវគ្រឿងរាជ្យ ៥ យ៉ាង មានព្រះខ័នរាជ្យជាដើម។ គ្រាដែលគាត់ដឹងថា ទ័ពព្រះរាជាទទួលបរាជ័យចាញ់ដៃពួកក្បត់ហើយ ក៏តាំងប្រញាប់ខ្ទប់វេចគ្រឿងរាជ្យទាំងនោះ យកចេញភ្លាមមួយរំពេច មិនអោយធ្លាក់ទៅក្នុងកណ្ដាប់ដៃពួកក្បត់ឡើយ។ គ្រានោះ ព្រះស្រីសុគន្ធបទមានព្រះរាជបុត្រមួយអង្គព្រះនាម ពញាយស ព្រះពញាយសពេលនោះក៏នាំសេនាយោធាដែលសេសសល់ចុះទូកអ៊ុំចែវតាមទន្លេសាបសំដៅទៅប្រទេសសៀម ដើម្បីក្រាបបង្គំទូលព្រះអង្គចន្ទរាជាជាព្រះបិតុលា។ ក្នុងដំណើរនោះ ក៏ត្រូវដោយទាំងព្រះឥសីភទ្ទសួសទៅផង។ ព្រះឥសីភទ្ទសួសមានការសោកស្ដាយ និងស្រងាកចិត្ដដ៏ខ្លាំង ពីព្រោះគាត់មានទស្សនៈវែងឆ្ងាយយល់ថា ៖ បើគាត់នៅស្រុកសៀមគ្រឿងរាជ្យក៏ប្រាកដជានឹងទៅស្រុកសៀមដែរ បើគ្រឿងរាជ្យទៅដល់ស្រុកសៀមហើយសមគ្រឿងរាជ្យទាំងមិនបានមកនៅនឹងស្រុកខ្មែរវិញទេ ព្រោះស្ដេចសៀមមុខជាមិនបើកឲ្យនាំគ្រឿងនេះមកស្រុកខ្មែរជាដាច់ខាត។ ព្រះឥសីភទ្ទសួសនឹកស្ដាយណាស់ដែលខំនាំព្រះខ័នរាជ្យគេចផុតពីពួកក្បត់បានហើយ បែរជាត្រូវនាំចូលទៅស្រុកសៀមដូច្នេះ។ គាត់ប្ដេជ្ញាក្នុងចិត្ដថានឹងរក្សាព្រះខ័នរាជ្យនេះឲ្យស្ថិតនៅក្នុងផ្ទៃនៃប្រទេសខ្មែរជាដរាប សម្រាប់ក្សត្រខ្មែរអង្គណាមួយទៀត ដែលមានសមត្ថភាពមានជ័យជំនះកំចាត់ពួកក្បត់បានទៅវិញ។ គ្រានោះទូកដែលគាត់ជិះក៏បានទៅដល់ទីមួយដែលមានព្រៃល្មមនឹងចុះដោះអាត្មាបាន។ ទើបគាត់បញ្ឆោតទៅអ្នកចែវទូកថា ៖ គាត់ឈឺពោះចង់បន្ទោរបង់ឧច្ចារៈយ៉ាងខ្លាំង ឲ្យចូលទូកទៅគោកដាក់គាត់ត្រង់ព្រៃមួយដុំ។ ព្រះឥសីភទ្ទមានទាសាជាទីទុកចិត្ដម្នាក់ឈ្មោះ សូរ ។ គ្រាដែលចូលទៅដល់ព្រៃគោកភ្លាម ព្រះឥសីភទ្ទសួសក៏ប្រាប់ទៅនាយសូរឲ្យយកគ្រឿងរាជ្យចុះពីទូកភ្លាមឥតបង្អង់។ ព្រះឥសីភទ្ទសួស និងឈ្មោះសូរជាទាសាបាននាំគ្នារត់នឹងដើរកាត់ព្រៃទាំងយប់ ទាំងថ្ងៃសំដៅខេត្ដបាទី។ ខេត្ដបាទីកាលណោះគឹស្ថិតនៅនឹងស្រុកកណ្ដាលស្ទឹងនេះឯង។ ទាំងពីរនាក់ប្រញប់ណាស់ពីព្រោះណាមួយខ្លាចពួកក្បត់តាមរកផង ណាមួយខ្លាចព្រះពញាយសដឹង ឲ្យគេតាមមកយកព្រះខ័នរាជ្យទៅវិញផង។ ដំណើររបស់អ្នកទាំងពីរកាលនោះបានចប់នៅត្រង់ស្ទឹងបាទី គឺត្រង់ទីវត្ដសព្វថ្ងៃនេះ។ ព្រះឥសីភទ្ទទើបរកកន្លែងលាក់ទុកព្រះខ័នរាជ្យ គាត់ក៏ឃើញដើមចំបក់មួយធំអស្ចារ្យមានរន្ធមានប្រគាបល្មមនឹងលាក់ទុកនូវគ្រឿងពិសិដ្ឋនេះ បាត់ទើបគាត់និងឈ្មោះសូរជាទាសាបាននាំគ្នាយកគ្រឿងទាំងនោះឡើងទៅលាក់ទុកក្នុងរន្ធប្រគាបដើមចំបក់នោះទៅ។ រួចហើយគាត់គាត់ក៏នាំទាសាចុះមកវិញ មកសុំគេរស់នៅនឹងស្រុកភូមិគេ។ ពេលនោះអាត្មានរណាដឹងថាគាត់ជាមន្ដ្រីភៀសខ្លួនទេ។ ព្រះឥសីភទ្ទសួសគាត់បានលាក់ខ្លួននៅនឹងគេ នៅបាទីនោះទៅ។ប៉ុន្ដែជាអកុសល គាត់ពុំបានរស់នៅយឺនយូរឡើយ ព្រោះគាត់មានជម្ងឺបៀតបៀនដោយជរាភាព។ គ្រាដែលគាត់ដឹងថា គាត់អស់មានជីវិតដើម្បីនឹងថែរក្សាព្រះខ័នរាជ្យតទៅទៅទៀតហើយនោះ ក៏ហៅទៅនាយសូរជាទាសាមកផ្ដាំជាបច្ឆិមវាចាថា ៖ "នែអាសូរព្រះខ័នរាជ្យដែលអញនិងឯងបានលាក់ទុកនៅលើដើមចំបក់នោះគ្មាននរណាដឹងទេ អត់អំពីអញទៅចូរឯងប្រុងប្រយ័ត្នថែរក្សាតទៅទៀតផង ! ហើយចាំព្រះករុណាអង្គចន្ទរាជាស្ដេចចេញពីស្រុកសៀមមកយករាជសម្បត្ដិអំពីពួកក្បត់វិញ ចូរឯងយកគ្រឿងរាជ្យនេះទៅថ្វាយព្រះអង្គចុះ... នុះឯងនឹងបានធ្វើជាមន្ដ្រីធំពុំខានឡើយ"។ ផ្ដាំតែប៉ុណ្ណោះគាត់ក៏ដាច់ខ្យល់ទទួលអនិច្ចកម្មទៅ។ ដោយជវ័នចិត្ដជាប់នឹងគ្រឿង ព្រះខ័នរាជ្យមុតមាំពេក ព្រលឹមគាត់នៅវិលវល់កើតជាបិសាចនៅថែរក្សាដើមចំបក់ និងព្រះខ័នរាជ្យនោះទៅ។

និយាយពីឃុនហ្លួងព្រះស្ដេចកន កាលបើធ្វើគុតសម្ដេចព្រះស្រីសុគន្ធបទបានហើយ ក៏តាំងប្រកាសឲ្យរកព្រះខ័នរាជ្យ ដើម្បីយកមករៀបចំអភិសេកខ្លួនឲ្យទៅជាម្ចាស់ផែនដីពេញលក្ខណៈ។ លុះរកក្នុងវាំងមិនឃើញក៏តាំងប្រកាសជាសាធារណៈថា "បើនរណារកព្រះខ័នរាជ្យឃើញយកមកឲ្យខ្លួន ខ្លួននឹងឲ្យធ្វើជានាម៉ឺនធំ ព្រមទាំងឲ្យមាសចំនួន ៥០០ តម្លឹងផង"។

ចំណែកនាយសូរជាទាសារបស់ព្រះឥសីភទ្ទសួស គ្រាដែលបានឮប្រកាសនេះមានសេចក្ដីរំភើបសប្បាយចិត្ដអស្ចារ្យ ភ្លេចបណ្ដាំព្រះឥសីភទ្ទសួសអស់មានចិត្ដលោភចង់បានមាស និងចង់ធ្វើនាម៉ឺនធំមួយរំពេច។ ទាសានេះ គិតយល់ថា ព្រះអង្គចន្ទរាជាពុំងាយនឹងយាងមកវិញទេ ហើយបើយាងមកវិញក៏មិនងាយនឹងច្បាំងឈ្នះឃុនហ្លួងព្រះស្ដេចកនដែរ ដូច្នេះគួរតែអញយកគ្រឿងរាជ្យនេះទៅឲ្យសេ្ដចកនឲ្យហើយទើបអញនឹងមានយសសក្ដិមាសប្រាក់។ គិតហើយក៏តាំងលបចូលទៅក្នុងព្រែនោះ ដល់ដើមចំបក់ដែលលាក់ព្រះខ័នរាជ្យនោះ ហើយ ក៏តាំងឡើងទៅយក... ប៉ុ​ន្ដែមិនទាន់បានប៉ះពាល់ដល់ព្រះខ័នរាជ្យនោះផង គ្រាន់តែទៅដល់ប្រគាបឈើនោះស្រាប់តែមានពស់វែកមួយធំអស្ចារ្យ បើពពារភ្លែតលោតមកប្រុងចឹក នាយសូរក៏ភ្ញាក់ក្រញាងរបូតដៃផ្ងាក្រោយធ្លាក់មកដីលាន់ភឹង ឆ្អឹងឆ្អែងបាក់ខ្ទេចប្រកាច់ដាច់ខ្យល់ស្លាប់តៃហោងទៅមួយរំពេច!។ គួរយល់ថា ពស់នោះគឺជារូបនិម្មិតរបស់ព្រលឹងព្រះឥសីភទ្ទសួសដោយពិត។

តាំងពីពេលនោះមក ព្រះខ័នរាជ្យក៏សម្ងំក្នុងរន្ធប្រគាបចំបក់នោះយ៉ាងជិតឈឹង គ្មាននរណាដឹងសោះឡើយ។ ហើយចម្លែកអស្ចារ្យទៅទៀត តាំងពីអាសូរជាទាសាព្រះឥសីភទ្ទសួសស្លាប់បាត់ទៅ ព្រៃចំបក់ដែលដើមជាព្រៃធម្មតាគេអាចចេញចូលបាន ស្រាប់តែក្លាយជាព្រៃកាចរអារអូមគ្មាននរណាហ៊ានទៅជិតសោះឡើយ ឲ្យតែហ៊ានទៅជិតនឹងបណ្ដាលឲ្យឈឺចុកពោះ គ្រុនក្ដៅ និងជម្ងឺផ្សេងៗពុំខាន។ ការនេះជាក់ជាព្រលឹងព្រះឥសីភទ្ទសួសនិងអាសូរជាទាសារួមគ្នាកើតជាបិសាចនៅរក្សាព្រៃនោះតែម្ដង។ តាំងពីនោះមក ព្រៃចំបក់គឺត្រូវគេបោះបង់ចោលទុកដូចជាព្រៃស្មសានដូច្នេះ។

ពេលវេលាកន្លងផុតទៅជាលំដាប់។ ព្រះបាទអង្គចន្ទ ស្ដេចត្រឡប់មកពីប្រទេសសៀមវិញ ស្ដេចធ្វើសង្គ្រាមបង្ក្រាបពួកក្បត់ គឺឃុនហ្លួងព្រះស្ដេចកនបាន។ នៅគ.ស ១៥២៩ សេ្ដចត្រូវធ្វើប្រាប្ដាភិសេកជាម្ចាស់ផែនដី ក៏ត្រូវគេស្វែងរកព្រះខ័នរាជ្យជាថ្មីទៀត។ ទ្រង់អំពាវនាវថា ៖ "បើនរណារកព្រះខ័នរាជ្យនោះឃើញយកទៅថ្វាយ ព្រះអង្គនឹងតាំងឲ្យធ្វើជានាម៉ឺនធំ"។

តើនរណានឹងរកឃើញ បើអ្នកលាក់នោះស្លាប់បាត់អស់ទៅហើយ? តើនរណានឹងហ៊ានចូលព្រៃចំបក់នោះ បើព្រៃនោះកាចសាហាវដូច្នេះ? ហើយតាមដោយពិតគ្មានជនណាម្នាក់នឹងសង្ស័យថាព្រៃចំបក់នោះមានលាក់ទុកនូវគ្រឿងពិសិដ្ឋនោះ៖

ប៉ុន្ដែគ្រានោះ មានមាណពម្នាក់ឈ្មោះ សួស​ (ឈ្មោះនេះដូចឈ្មោះព្រះឥសីភទ្ទដែរ)។ ឈ្មោះសួសនេះ ពីដើមធ្វើរាជការមានងារជាក្រឡាពាស ពោលគឺជាស្មៀនស្មេរនាសម័យនោះ។ ដោយខុសទាស់នឹងចៅហ្វាយនាយ ក៏ត្រូវគេបញ្ឈប់ពីតំណែងទៅ គេហៅថា ក្រឡាពាស រហូតមក។ នកគឺនៅក្រៅតំណែងរាជការ។ ឈ្មោះសួសនេះជាមនុស្សដឹងគុណមាតាបិតាណាស់ អត់អំពីឪពុកម្ដាយទៅតែងរកស៊ី ដាក់មង ចងសន្ទូច តាមដងស្ទឹងបាទីនេះយកត្រីសាច់លក់ដូរចិញ្ចឹងម្ដាយជាធម្មតា។

យប់មួយនោះបុរសកំសត់នោះ ក៏ស្រាប់តែយល់សប្ដិឃើញមានគេមកប្រាប់ថាឲ្យទៅយកព្រះខ័នរាជ្យនៅលើមែកចំបក់នោះទៅថ្វាយព្រះរាជាចុះ ព្រះខ័នរាជ្យនោះនៅនឹងដើមចំបក់ក្នុងព្រៃចំបក់នោះ។ អ្នកមកពន្យល់សប្ដិនេះ គឺជាទេវតារក្សាព្រះខ័នរាជ្យនិងព្រលឹងឥសីភទ្ទសួសនោះឯង។ ដោយនឹកអាណិតចំពោះនាយសួសដែលមានចិត្ដកត្ដញ្ញូចំពោះម្ដាយ ក៏បានមកពន្យល់សប្ដិប្រាប់នូវកន្លែងព្រះខ័នរាជ្យនោះទៅ។ បុរសសួសនឹកអរណាស់ សំពះម្ដាយចូលទៅក្នុងព្រៃនោះ ហើយឡើងទៅពិនិត្យដើមចំបក់ដែលទេវតាប្រាប់ ក៏បានឃើញគ្រឿងពិសិដ្ឋនោះមែន។ នាយសូរប្រញាប់ចុះមកវិញ យកសេចក្ដីទៅជម្រាបលោកអភិបាលស្រុកបាទី លោកអភិបាលស្រុកបាទីក៏នាំដំណឹងទៅក្រាបថ្វាយបង្គំទូលព្រះករុណាអង្គចន្ទរាជា ឯក្រុងលង្វែក ព្រះករុណាអង្គចន្ទរាជាស្ដេចចាត់មន្ដ្រីម្នាក់ឈ្មោះ ជ័យ ងារជាព្រះធម្មរិទ្ធឲ្យទៅពិនិត្យដល់ទីកន្លែង។ ព្រះធម្មរិទ្ធិជ័យ ក៏នាំពួកពលចេញទៅខេត្ដបាទី មើលព្រះខ័នរាជ្យនោះ។ លុះបានឃើញពិតហើយមានអំណរណាស់ព្រះធម្មរិទ្ធិជ័យក៏តាំងរៀបពលិការបូជាចំពោះព្រះខ័នរាជ្យ ដើម្បីសូមយាងចុះចាកដើមចំបក់នោះ​មកវិញ។ ហើយដោយគាវរភាពដ៏មុតមាំចំពោះព្រះខ័នរាជ្យឲ្យចុះចាកដើមចំបក់ ព្រះធម្មរិទិ្ធជ័យបានឲ្យកងទ័ពឈរព័ទ្ធជុំវិញដើមចំបក់ ចាំសម្ដែងសេចក្ដីគោរពទទួលព្រះខ័នរាជ្យផង។ ព្រះខ័នរាជ្យដែលបានបាត់បង់អស់កាលដ៏យូរ ហើយគ្មានសង្ឈឹមថានឹងរកឃើញសោះនោះ ត្រូវបានរកឃើញឡើងវិញ រួចបន្ទាប់មកមានការដង្ហែរព្រះខ័នរាជ្យយ៉ាងអឹងធឹក ឆ្ពោះទៅកាន់ព្រះរាជាធានីលង្វែកដែលនៅទីនោះព្រះករុណាអង្គចន្ទរាជាស្ដេចមានអំណរដ៏ក្រៃលែង យាងចេញមកទទួលព្រះខ័នរាជ្យយកទៅតម្កល់លើបញ្ចក្សត្រដោយសេចក្ដីគោរពផង។ គឺដោយសារព្រះខ័នរាជ្យនេះ​ឯងទើបព្រះអង្គចន្ទស្ដេចបានរៀបចំប្រាប្ដាភិសេកតាមទំនៀមទម្លាប់ជាក្សត្របាន។ ក្រោយនោះទ្រង់ប្រទានយសសក្ដិនាយសួស អ្នកឃើញព្រះខ័នរាជ្យនោះជាសម្ដេចជហ្វាទឡៈ ហើយព្រះធម្មរិទ្ធិជ័យក៏ឡើងជាសម្ដេចព្រះឥសីភទ្ទថែរក្សាព្រះខ័នរាជ្យមកទៀត។ តាមទំនៀមទម្លាប់ ការៀបអភិសេកក្សត្រនៅប្រទេសខ្មែរ ត្រូវមានជាចាំបាច់នូវព្រះខ័នរាជ្យនេះក្សត្រណាសោយរាជ្យដោយគ្មានព្រះខ័នរាជ្យនេះ ក្សត្រណាសោយរាជ្យដោយគ្មានព្រះខ័នរាជ្យជាគ្រឿងទ្រង់ នៅពេលឡើងសោយរាជ្យនោះ មិនពេញលក្ខណៈជាក្សត្រទេ។ ព្រះខ័នរាជ្យសាងឡើងតាំងពី សតវត្សទី ៨ នៃគ.ស គឺក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ២ ដែលប្រជាជនខ្មែរយើងជឿថាជាំព្រះកេតុមាលា បុត្រាព្រះឥន្ទ្រាធិរាជ។ ហេតុដូច្នេះហើយ ទើបក្សត្រខ្មែរដែលត្រូវឡើងសោយរាជ្យ ត្រូវការខានពុំបាននូវព្រះខ័នរាជ្យនោះ។

ទេសចរណ៍[កែប្រែ]

ឯកសារយោង[កែប្រែ]