វាំងស្រី

ពីវិគីភីឌា
វាំងស្រី
ឧកញ៉ាវាំងនៃកម្ពុជាធិបតី
ក្នុងការិយាល័យ
គ.ស. ១៥១៦ – ១៥៦៧
ព្រះមហាក្សត្រចន្ទរាជា
ហ្លួងឧត្តមចិន្តានៃក្រុងមានជ័យ
ក្នុងការិយាល័យ
គ.ស.១៥១៦
ព្រះមហាក្សត្រចន្ទរាជា
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត
ស្រី

ឧកញ៉ាវាំងស្រី (កាន់.គស.១៥១៦-ប្រ.១៥៦៧) មុនឡើងជាមន្ត្រីចតុស្ដម្ភ លោកជាព្រះភីលៀងនៃព្រះបាទចន្ទរាជាដែលមានយសសក្ដិជា ហ្លួងឧត្តមចិន្តា ដែលតាមដង្ហែព្រះអង្គតាំងពីការចេញពីនគររហូតត្រឡប់ចូលស្រុក។

សមរភូមិស្រឡប់ដូនតីពិជ័យព្រៃនគរ គ.ស. ១៥២៤[កែប្រែ]

សម្ដេចព្រះ​បរមបពិត្រ​ខត្តិយា​ចន្ទរាជា ជា​អម្ចាស់​ជីវិតលើត្បូង ព្រះ​អង្គ​លើក​ពិជ័យសង្គ្រាម​មក​ដល់​ស្រុក​ឧដុង្គ​ហើយ ស្ដេច​ទៅ​ថ្វាយបង្គំ​ព្រះ​ចេតិយ ព្រះ​បដិមា ហើយ​ស្ដេច​ត្រឡប់​មក​គង់​ព្រះ​ពន្លា​វិញ ហើយ​ទ្រង់​ត្រាស់​ចាត់​កងទ័ព​ជា​ច្រើនកង

  • ឲ្យ​ចៅពញា​តេជោ ចៅហ្វាយ​ស្រុក​សំរោងទង​ជា​មេទ័ព​មុខកាន់​ពល ​២០០០០ ​នាក់ជា​ទ័ពស្រួច
  • ឲ្យ​ឧកញ៉ា​មនោមេត្រីកាន់​ពល ១០០០០ ​នាក់ជា​មេទ័ព​ស្ដាំ។
  • ឲ្យ​ឧកញ៉ា​រាជា​មេត្រី ជា​មេទ័ព​ឆ្វេងកាន់​ពល ​១០០០០ ​នាក់។
  • ឲ្យ​ឧកញ៉ា​សួគ៌ាលោក​”សុខ” កូនចៅពញា​មឿង កាន់​ពល​៣០០០០ ​នាក់​ជា​ទ័ព​មុខ។
  • ឲ្យ​សម្ដេចចៅពញា​យសរាជាជា​ព្រះរាជ​ភគិនេយ្យោជា​មេទ័ព​ហ្លួងឃុំ​ពល ​៥០០០០ ​នាក់ឆ្លង​ទៅ​ព័ទ្ធ​ពី​ខែត្រព្រៃវែងស្ទាក់ផ្លូវ​កុំឲ្យ​សម្ដេចចៅហ៊្វា​កៅ​មក​សួរ​គ្នា​បាន។ ទើប​ទ្រង់​ចាត់​ទ័ព​មួយ​ផ្លូវ​ទៀត៖
  • ឲ្យ​ឧកញ៉ា​ឧទ័យធិរាជ ចៅហ្វាយស្រុក​អាសន្ទុកជា​មេទ័ព​មុខ
  • ចៅពញា​ពេជ​តេជោ ជា​មេទ័ព​ឆ្វេង។
  • ចៅពញា​ស្រែន្យ​ខាំងហ្វាជា​មេកង​ទ័ព​ស្ដាំ។
  • ចៅពញា​មន្ដ្រី​ភក្ដីជា​កងទ័ព​ក្រោយ។

ទាំង ​៤​ កងឃុំ​ពល ​៥០០០០ ​នាក់​លើក​ជា​ទ័ពជើងគោក​ទៅ​ ខែត្រ​កំពង់សៀមឆ្លង​ទៅ​មាត់​ឃ្មុង និង​ភ្នំ​ពានជាំងស្ទាក់ផ្លូវ​កុំឲ្យ​សម្ដេចចៅពញា​កំហែងជា​ឪពុកក្មេក​ ព្រះស្ដេច​កនលើក​ទៅ​ជួយ​ព្រះស្ដេច​កន​បាន។ ទើប​ព្រះ​អង្គ​ចាត់​ទ័ព​មួយ​ផ្លូវ​ទៀត៖

  • ឧកញ៉ា​ចក្រី​“ទេព” កូន​ទី​៣ ​ពញា​មឿង ឃុំ​ពល​ ២០០០០​ នាក់ជា​មេកង​ទ័ព​មុខ។
  • ឧកញ៉ា​យមរាជឃុំ​ពល​ ១០០០០ ​នាក់​ជា​ទ័ព​ឆ្វេង។
  • ឧកញ៉ា​ក្រឡាហោម​ ឃុំ​ពល​ ១០០០០​ នាក់ជា​ទ័ព​ស្ដាំ។
  • ព្រះ​អង្គ​ឯង​ទ្រង់​ពល​ ៤០០០០ ​នាក់ជា​ទ័ព​ហ្លួង។

ឧកញ៉ា​មហាមន្ដ្រី ឃុំ​ពល ​៥០០០​ នាក់ជា​ទ័ព​បង្កប់ ហើយ​ទ្រង់​ត្រាស់​ផ្ដាំ​ឲ្យ​ធ្វើ​តាម​គ្រប់​ប្រការ។ ព.ស ​២០៦៨, គ.ស​ ១៥២៤, ម.ស​ ១៤៤៦, ច.ស ​៨៨៦ ឆ្នាំវក ​ឆស័ក សម្ដេចព្រះ​បរមខត្តិយាមហា​ចន្ទរាជា លុះ​ទ្រង់​ចាត់​ទ័ព​ស្រេច​ហើយ ស្ដេច​ចូល​ស្រង់​ទ្រង់គ្រឿង​រង្គ​សង្គ្រាម​យុទ្ធ​បរិសុទ្ធ​នូវ​គ្រឿង​កកុធភ័ណ្ឌ ព្រះ​ហោរា​ថ្វាយ​ពិជ័យ​ឫក្ស​ព្រះរាជ​គ្រូ​បុរោហិត ថ្វាយ​ទឹក​ស័ង្ខ ទឹក​កុណ្ឌី ទឹក​ក្លស់ ផ្លុំ​ត្រៃ​ស័ង្ខ ក្រុម​សុរិយា​តូរ្យតន្ដ្រី វាយគង ទូងស្គរ ខ្ទ័រ​ខ្ទារ ទាំង​ក្រឡា​ប្រឹថពី ស្ដេច​គង់​ព្រះ​រាជយានព្រម​ដោយនូវ​ស្វេតច្ឆត្រ​ស​ ៩ ​ជាន់ និង​ចាមរបៃមន់ សែនត្វាន់ ទង់ ឆត្រ​លឿង ខៀវ ព្រាតឆ្លុះ​ស​សែង ព្រះ​សុរិយា​ស្ដេច​យាង​គង់​ព្រះ​ទីនាំង​ចក្រពត្ដិ​សារាយអណ្ដែត។ ឯ​អស់​មន្ដ្រី​សេនារេហ៍ពល​សឹង​ជិះទូក​ហ៊ោ​ទូក-​ង មួង យោង​ពីមុខនៅ​ពីក្រោយតាម​អណ្ដាប់​អណ្ដោយលើក​ចេញ​ទៅ​ប្រថាប់​ទ័ព​នៅ​ព្រះ​ប្រសប់ឈប់​ចាំ​ស្ដាប់​សូរសព្ទ​គ្រប់​កង​ដែល​លើក​ទៅ។ ផ្លូវ​ខាង​ណា​ទន់​នឹង​បាន​ទៅ​ជួយ​ខាង​នោះ។

រីឯ​សម្ដេចព្រះ​ស្រីជេដ្ឋា ម្ចាស់​ត្រើយ​ខាងកើតដែល​ទ្រង់​ចាត់​ឲ្យ​ចៅហ៊្វា​កៅ​នាំ​គ្រប់​គ្រួ​ទៅ ហើយ​ត្រាស់​បង្គាប់​ចៅពញា​វៀង ចៅពញា​វាំង ចៅពញា​ស្រាល ចៅពញា​លំពាំង កេណ្ឌ​កងទ័ព​មក​ឲ្យ​រក្សា​ព្រះ​នគរ​បាន​តែ​ ១០០០០ ​នាក់នោះ​នាយគយ​ខាង​ពាម​ផ្កាយ​សម្រេច​១ នាយគយ​ខាង​ខែត្រ​ព្រៃវែង​១ នាយគយ​ខាង​ពាមរ​១ ទាំង ​៣​ មេ​គយ​នេះ​យល់​កងទ័ព​ទាំង​បី​ផ្លូវ​លើក​មក​ដល់​ហើយ​ក៏​ភិតភ័យឡើង​សេះ​ចូល​ទៅ​ប្ដឹង​សេនាបតី​ឲ្យ​យក​សេចក្ដី​ក្រាប​បង្គំ​ទូល​សម្ដេចព្រះ​ស្រីជេដ្ឋា សម្ដេចព្រះ​ស្រីជេដ្ឋា​ត្រាស់​ថា យើ! ពញា​ចន្ទរាជាអញ​ស្មានថាបាន​ផែនដី​តែ​ប៉ុណ្ណោះ​ក៏​នឹង​គិត​នៅ​ស្ងៀម​រក្សា​ផែនដី ដោយ​ខ្លួនឯង​ឲ្យ​រាស្ដ្រ​រកស៊ី​ឲ្យ​សុខ​សប្បាយ​ទៅ​ហើយ ឥឡូវ​រុករាន​ទន្ទ្រាន​លើក​យោធា​ទាហាន​តាម​មក​ទៀត។ ខណៈនោះ​ទ្រង់​ត្រាស់​សេនាបតី​ទាំង ​៤ ​ឲ្យ​តឿន​ពល​ឡើង​រក្សា​នាទី​ភាគ​បន្ទាយ តែ​កាល​ពិនិត្យ​រេហ៍ពល​ទៅ​ឃើញ​បាន​ចំនួន​បាន​តែ​ ១០០០០ ​នាក់ទ្រង់​យល់​ថានឹង​ទប់​រក្សា​បន្ទាយ​ព្រះរាជវាំង​នោះ​ពុំ​បាន ទើប​ទ្រង់​ត្រាស់​ឲ្យ​កៀរ​គ្រួ​លើកចោល​បន្ទាយ​បាសាន។ លុះ​ធ្វើ​ដំណើរ​មក ទ័ព​ព្រះ​ស្រីជេដ្ឋា​ក៏​មក​ជួប​ប្រទះ​នឹង​កងទ័ព​ចៅពញា​សួគ៌ាលោក​សុខ កូន​ពញា​មឿង។ ទ័ព​ទាំង​សងខាង​ក៏​បាន​ច្បាំង​គ្នា​ពី​ព្រឹក​លុះ​ថ្ងៃត្រង់ តែ​ពុំ​ទាន់​ឈ្នះ​ចាញ់។ ឧកញ៉ា​ចក្រី​ទេព​កូន​ទី​៣​របស់​ចៅពញា​មឿង និង​ចៅពញា​តេជោ ចៅហ្វាយស្រុក​ខែត្រ​សំរោងទង​បានដឹង​ថា ព្រះស្ដេច​កន​ និង​មុខមន្ដ្រី​រេហ៍ពល​រត់​ចោល​បន្ទាយ​ដូច្នោះ​ហើយ ព្រមទាំង​ឮ​សូរ​កាំភ្លើង​កំពុង​ច្បាំង​គ្នា​យ៉ាង​ខ្លាំង​ណាស់​ទៀត ក៏​តឿន​កងទ័ព​ស្រូត​តាម​ទៅ​ហើយ​បាន​ទាន់​កំពុង​ច្បាំង​គ្នា។ មេទ័ព​ខាងលិច​ទាំង​ពីរ​កង​ក៏​ដេញ​ពល​ឲ្យ​ចូល​ជួយ​ច្បាំង​ប្រកាប់​គ្នា​យ៉ាង​ សាហាវ ពល​ខ្មាំង​ស្លាប់​ជា​ច្រើន។ មេទ័ព​ត្រើយ​ខាងលិច​ព្រួត​គ្នា​ចូល​ទៅ​ប្រយុទ្ធ​នឹង​ព្រះស្ដេច​កន​ទៀត តែ​ស្ដេច​កន​ខំ​បរពល​វាយ​ទំលាយ តែ​ពុំ​រួច​ក៏​ថយ​ទ័ព និង​គ្រប់​គ្រួ​ចូល​ទៅ​ក្នុង​បន្ទាយ​ស្រីសឈរ​វិញ ហើយ​ឲ្យ​បិទទ្វារ​បន្ទាយ​ឲ្យ​រេហ៍ពល​ឡើង​រក្សា​បន្ទាយ​ជា​មាំមួន។ ឯ​ស្នា​ព្រះ​អង្គជា​ក្មួយ​ព្រះស្ដេច​កនឃុំ​ពល​ ៥០០​ នាក់​នៅ​ក្រៅ​បន្ទាយលុះ​ឃើញ​ព្រះស្ដេច​កន​ជាប់​ចំណង​ហើយនាំ​ពល​ ៥០០​ នាក់​នោះ​វាយ​ជ្រែកចូល​ទៅ​ក៏​ពុំ​បាន ទើប​ស្នា​ព្រះ​អង្គ​ជិះសេះ​បរជា​ប្រញាប់​ទៅ​ជំរាប​សម្ដេចចៅហ៊្វា​កៅ​នៅ​ បន្ទាយ​ពិជ័យ​ព្រៃនគរតាម​ហេតុ​គ្រប់​ប្រការ។ សម្ដេច​ចៅហ៊្វា​កៅលុះ​បានដឹង​ហើយក៏​និយាយ​នឹង​សម្ដេច​ចៅពញា​ហែងជា​បិតាក្មេក​ស្ដេច​កន និង​ឧកញ៉ា​ចក្រីជា​មា​ព្រះស្ដេច​កន​ ពញា​ស្នងធ្នឹម​ព្រះ​នគរ​“ផាលង់” ជា​ប្អូនថ្លៃ​ព្រះស្ដេច​កន​ថាឲ្យទៅ​ត្រួត​បន្ទាយ​ឲ្យ​មាំមួន​កុំឲ្យ​ធ្វេសប្រហែស។ កាល​មន្ដ្រី​ទាំង​ ​៣ ​នាយ​ទទួល​ពាក្យ​ហើយ សម្ដេចចៅហ៊្វា​កៅ​ក៏​ឡើង​ជិះសេះ​នាំ​ពល​ ៥០០០០​ នាក់​លើក​ស្រូត​ទៅ​ជួយ​ព្រះស្ដេច​កន។ លុះ​ឃើញ​ទ័ព​ខាងលិច​កំពុង​ចោម​បន្ទាយ​ដូច្នោះ ក៏​បរពល​វាយ​ជ្រែកចូល​ទៅ។ សម្ដេចព្រះ​ស្រីជេដ្ឋា​ព្រះស្ដេច​កន​នៅ​លើ​ក្បាល​បន្ទាយ​ឃើញ​មាន​កងទ័ព​វាយ​ចូល​មកអរ​ណាស់​ក៏​នាំ​ចៅពញា​វៀង ចៅពញា​វាំង ចៅពញា​ស្រាល ចៅពញា​លំពាំង វាយ​ជ្រែក​ចំណោម​ចេញ​ទៅ តែ​វាយ​បាន​​ ៣​ ថ្ងៃ​ហើយ​ក៏​នៅ​តែ​ចេញ​ពុំ​រួច។ ឯ​សម្ដេចព្រះ​ឧត្ដម​បរមខត្តិយាមហា​ចន្ទរាជាធិរាជ ព្រះ​អង្គ​លើកទ័ព​ចេញ​ទៅ​ដល់​ភូមិ​ស្វាយ​ឫស្សីស្រុក ហើយ​ទ្រង់​ជ្រាប​ថា មេទ័ព​ទាំង​បី​ចោម​បន្ទាយ​ព្រះស្ដេច​កន ​៣ ​ថ្ងៃ​ហើយ​ពុំ​បែកចាប់ខ្លួន​ពុំ​បានពុំ​ទាន់​ឈ្នះ​ចាញ់ ទើប​ទ្រង់​ត្រាស់​ប្រើ​សម្ដេចចៅហ៊្វាទឡ្ហៈ​ឲ្យ​លើកទ័ព​ទៅ​ជួយ​ថែម​ទៀត ហើយ​ព្រះ​អង្គ​លើកទ័ព​ទៅ​តាំង​បន្ទាយ​ឈប់​ទ័ព​នៅ​ទន្លេ​បិទ ​ខែត្រ​ត្បូងឃ្មុំ។ ស្រេច​ហើយ​ទ្រង់​ចាត់​ឧកញ៉ា​មហាមន្ដ្រី​ឲ្យ​ឃុំ​ពល ​១០០០០ ​នាក់​ឲ្យ​លើក​ទ័ព​ចេញ​ទៅ​បង្កប់​ក្នុង​ព្រៃ​រំលោង​ប្របផ្លូវ​ចង្អៀត ទ្រង់​ផ្ដាំ​ថា បើ​ឃើញ​ទ័ព​អា​ខ្មាំង​លើក​ទៅ​ជួយ ឬ​លើក​រត់​ចេញពី​បន្ទាយ​មកឲ្យ​លើកទ័ព​ទៅ​បោះ​ស្កាត់​ពីមុខ​វាចាប់​វា​ឲ្យ​បានកុំឲ្យ​អា​ខ្មាំង​រត់​រួច។ ទ្រង់​ត្រាស់​បង្គាប់​ព្រះ​សុទត្ដ​ឲ្យ​ឃុំ​ពល​កាំភ្លើង​តូច​ ២៥០ ​នាក់​ឲ្យទៅ​បង្កប់​ចាំមើលឃើញ​កងទ័ព​ខ្មាំង​ចុះចូល​ក្នុង​ផ្លូវ​រំលោង ហើយ​ទ្រង់​ផ្ដាំ​ថាឲ្យ​ព្រួត​គ្នា​បាញ់​កុំឲ្យ​អា​ខ្មាំង​រត់​រួច ទើប​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ឧកញ៉ា​មហាទេព​ឲ្យ​ឃុំ​ពល ​៤០០​ នាក់​ទៅ​ពួន​ចាំ​មើល​លើ​ភ្នំ​ពានជាំង​ថា បើ​ឃើញ​ខ្មាំងសត្រូវ​ចូល​មក​ដល់​ឲ្យ​ព្រួត​គ្នា​បាញ់​កាំភ្លើង​ធំ និង​ព្រួត​គ្នា​ប្រមៀល​ដុំ​ថ្មទំលាក់​ឲ្យ​ត្រូវ​ពួក​ខ្មាំង​ចាប់​ខ្មាំង​ឲ្យ​បាន។ មេកង​ទាំង​បី​ក៏​ថ្វាយបង្គំ​លា​ធ្វើ​តាម​ត្រាស់​បង្គាប់។ ចៅពញាតេជោ មេទ័ព​ខាងលិច​យល់​ទ័ព​ខ្មាំង​វាយ​ផ្ទប់​ទាំង​សងខាង​នឹង​ទ្រាំ​ទៅ​មុខ​មិន​បាន ទើប​ស្រែក​ឲ្យ​ពល​បើកផ្លូវ​ឲ្យ​ខ្មាំង​ចេញ​ទៅ។ ឯ​ព្រះស្ដេច​កនយល់​ឃើញ​ដូច្នោះ​ហើយ ​ក៏​នាំ​រេហ៍ពល​ចេញពី​បន្ទាយ​ទៅ​ទំលាយ​ទ័ព​ដែល​ព័ទ្ធ​ចេញ​ទៅ​បាន។ ក្នុង​គ្រានោះ មេទ័ព​ទាំង​បី​កង​ក៏​ដេញ​ពល​សត្រូវ​ចាក់​កាប់សំលាប់​ពល​ខ្មាំងសត្រូវ​អស់​ជាង ​១០០០០ ​នាក់។ ស្ដេច​កន និង​ចៅហ៊្វា​កៅខំ​បរពល​ស្រូតរូត​ឆ្លង​ទន្លេតូច​ទៅ​តាម​ផ្លូវ​មេស​ព្រះ​ចន្ទ​កាត់តំរង់​ទៅក្រុង​ពិជ័យ​ព្រៃនគរ។ ពេល​នោះ​ សម្ដេចចៅពញា​បែន មេទ័ព​ខាងលិច​លើក​ទៅ​ប្រទះ​នឹង​ទ័ព​ខាងកើត​ដែល​បែក​ខ្ចាត់ខ្ចាយ​ដូច្នោះ ក៏​បរពល​ឲ្យ​ចូល​កាប់​ចាក់​សត្រូវ​អស់​ជា​ច្រើន ហើយ​សម្ដេច​បែន​ជិះសេះ​រាំ​ដាវ​បរដេញ​ទៅ​ទាន់​សម្ដេច​ចៅហ៊្វា​កៅ។ សម្ដេចចៅហ៊្វា​កៅ​ឲ្យ​ព្រះស្ដេច​កន​បរសេះរត់ទៅ​មុន ឯ​ចៅហ៊្វា​កៅ​បែរមក​ប្រកាប់​ប្រចាក់​គ្នា​មួយ​ស្របក់ តែ​ទទួល​ជា​ពេល​នោះ សេះ​សម្ដេចចៅពញា​បែន​ស្រុត​ជើង​ក្នុង​អន្លង់ សម្ដេច​បែន​ក៏​ធ្លាក់​អាវុធ​ពី​ដៃ ដូច្នេះ​សម្ដេចចៅហ៊្វា​កៅ​យល់​បានការ​ហើយ ក៏​ពួយ​មួយ​លំពែង​ទៅ​ត្រូវ​សម្ដេច​ពញា​បែន​ធ្លាក់​ពី​សេះ​ស្លាប់​មួយ​រំពេច។ ឯ​មេទ័ព​ខាងលិច​ទាំង​បី​កង​លើក​ទៅ​ដល់​ក៏​បរពល​ចូល​ច្បាំង។ សម្ដេច​ចៅហ៊្វា​កៅ​ឃើញ​ទ័ព​ខាងលិច​ច្រើន​លើសលប់​កំលាំង​ក៏​បរសេះ​រត់ទៅ​តាម​ព្រះស្ដេច​កនកំពុង​រត់​ក្នុង​ផ្លូវ​រំលោង លុះ​ឃើញ​សម្ដេចចៅហ៊្វា​កៅ​មក​ដល់​ហើយ​ក៏​នាំ​ស្រូត​ទៅ។ រំពេច​នោះ​ឧកញ៉ា​មហាមន្ដ្រី យល់​ទ័ព​ខ្មាំង​នៅ​ក្នុង​រំលោង ហើយ​ក៏​បរពល​ស្កាត់​ស្ទាក់​ពីមុខ​ភ្លាម។ ទ័ព​ខ្មាំង​នឹង​វាយទំលាយ​ទៅ​ក៏​ពុំ​រួចនឹង​ងាកឆ្វេង​ស្ដាំ​ក៏​ពុំ​បាន ព្រោះ​ទើស​ច្រាំង​ខ្ពស់​ណាស់ និង​ថយក្រោយ​ក៏​ពុំ​បាន​ឡើយ ហើយ​កងទ័ព​ពីក្រោយ​ក៏​ដេញ​មក​ដែរ។ ឃុន​ហ្លួង​ព្រះស្ដេច​កន​ភ័យ​ណាស់ ទើប​ប្រឹក្សា​នឹង​សម្ដេចចៅហ៊្វា​កៅ​ថា យើង​ម្ដងនេះ​នឹង​រត់ទៅ​ខាង​ណា​ក៏​ពុំ​បាន ព្រោះ​សងខាង​មាន​ច្រាំង​ខណ្ឌ​ខាង​មុខ​មាន​គេ​បោះ​ស្កាត់ខាងក្រោយ​ទ័ព​គេ​ដេញ​នឹង​ជ្រែក​ទៅ​ខាង​ណា​ក៏​ពុំ​រួច​ដែរ យើង​មុខជា​ស្លាប់​នៅ​ទី​នេះ​ពុំខាន។ និយាយ​រួច​ហើយ​ហើយ​ស្ដេច​កន​ ក៏​ក្រាប​យំ​លើ​ខ្នង​សេះ។ សម្ដេច​កៅ​យល់​ដូច្នោះ​ហើយ ក៏​ចាប់ដៃ​ទាញ​ឡើង​ហើយ​ថាបើ​មា​ស្លាប់សុំ​ក្មួយ​ស្លាប់​តាម។ បើ​មា​មាន​ជីវិត​រស់​ទេ ក្មួយ​នឹង​ភ័យ​ខ្លាច វា​ថ្វី​ថា​ហើយ​ចៅហ៊្វា​កៅ​ក៏​បោល​សេះទំលាយ​ចេញ​ទៅ។ ឯ​ព្រះ​សុទត្តយល់​ទ័ព​ខ្មាំង​ជាប់​ចំណោម​ហើយ​ក៏​បរពល​កាំភ្លើង ​២៥០ ​នាក់​ទៅ​ឈរ​បាញ់​ពី​មាត់ច្រាំង​ត្រូវ​ពល​ខ្មាំង​ស្លាប់​ជា​ច្រើន​ណាស់។ សម្ដេច​កៅ​យល់​ដូច្នោះ​ហើយ​ក៏​ស្រែក​ប្រកាស​ថា បើ​យើង​មិន​ខំប្រឹង​គង់​នឹង​ស្លាប់​គ្រាប់​កាំភ្លើង​គេ​ទាំងអស់​ជា​មិន​ខាន យើង​ស៊ូ​ចូល​ទៅ​ប្រកាប់ បើ​ស្លាប់​នឹង​ប្រយុទ្ធ​គេ​យើង​ក៏​មាន​កេរ្តិ៍​ឈ្មោះ​ដែរ បើ​រស់​យើង​ក៏​រស់​បាន​រួច​ទៅ​ដល់​បន្ទាយ​ជួប​ប្រពន្ធ​កូន​ជា​មិន​ខាន។ ឯ​អស់​ពួក​ខ្មាំង​ស្ដាប់​ឮ​អស់​ហើយ​ក៏​ចូល​ចិត្ដ​ពួតដៃគ្នាចូល​វាយ​ទំលាយ​ទ័ព​មុខ​ត្រាតែ​រួច​ចេញ​មក​នៅ​សល់​តែ​មនុស្ស ​៥០០០​ នាក់ក្រៅពី​នោះ​ស្លាប់​អស់។ កងទ័ព​ទាំងនោះ​ក៏​ខំ​ស្រូត​រូត​រត់ទៅ​ដល់​ច្រក​ចង្អៀត​ផ្លូវ​ភ្នំ​ពានជាំងអស់កំលាំង​ណាស់​ក៏​នាំ​គ្នា​ឈប់​ដាំបាយ​ស៊ី។ ឧកញ៉ា​មហាទេព​ឃើញ​ហើយ​ក៏​ប្រមៀល​ដុំ​ថ្ម​បាញ់​កាំភ្លើង​ ធ្នូ ស្នាត្រូវ​ពួក​ស្ដេច​កន​ស្លាប់​ជា​ច្រើន​នាក់​ទៀត។ ព្រះស្ដេច​កន និង​ចៅហ៊្វា​កៅព្រមទាំង​ពល​ទាហាន ​៥០០០​ នាក់នាំ​គ្នារត់ទៅ​ទៀត។ ឧកញ៉ា​មហាទេព​ដេញ​តាម​ទៅ​ឃើញ​ច្រក​ចង្អៀត​ណាស់ ក្រែង​ចាញ់​កលឧបាយ​សត្រូវក៏​វាយ​ស្គរ​ហៅ​ពល​ថយ​មក​ជួប​នឹង​កងទ័ព​ទាំង​ ៥ ​កង​វិញ​ហើយ​នាំ​គ្នា​ទៅ​ក្រាប​បង្គំ​ទូល​សម្ដេច​បរមខត្តិយាមហា​ចន្ទរាជា​សូម​ទ្រង់ជ្រាប​គ្រប់​ប្រការ។ សម្ដេចព្រះ​បរមខត្តិយាមហា​ចន្ទរាជា ទ្រង់​ត្រាស់​ថា៖ សម្ដេចចៅពញា​បែន​ស្លាប់ចាប់​ខ្មាំង​មិន​បាន ហើយ​ទ្រង់​ស្ដាយ​ណាស់ ទ្រង់មាន​ព្រះ​បន្ទូល​ថា ចៅពញា​បែន​មិន​គួរ​ជា​ស្លាប់​ក្នុង​ដៃ​អា​ខ្មាំង​ឡើយ។ ទ្រង់​ព្រះ​ពិរោធ​នឹង​ពួក​អា​ខ្មាំង​ណាស់ ទើប​ទ្រង់​ត្រាស់​ឲ្យ​ឧកញ៉ា​យមរាជ​សួសឃុំ​ពល​ ២០០០០ ​នាក់ទៅ​វាយ​បន្ទាយ​ពិជ័យ​នគរ ឧកញ៉ា​វាំងឃុំ​ពល​ ២០០០០​ នាក់ទៅ​វាយ​ទិស​ខាងលិច​ ឲ្យ​សម្ដេចព្រះ​ភគិយ្យោ​យសរាជាជា​កែវ​នាយក​មេទ័ព​ធំ​ត្រួតត្រា​លើ​មេទ័ព​ទាំងអស់។ មេទ័ព​ទាំង​បី​កង​ក៏​លើក​ពល​ចោម​បន្ទាយ​តាម​ត្រាស់​បង្គាប់​រៀងៗ​ខ្លួន​ពុំ​មាន​ធ្វេសប្រហែស​ឡើយ។ (សាស្ដ្រា​ទាំង​ប៉ុន្មាន​និយាយ​ថា ព្រះ​បរម​ខិត្ដិយាមហា​ចន្ទរាជា​ឲ្យ​លើកទ័ព​ទៅ​ប្រាំ​កង តែ​រាប់​ឈ្មោះ​មេទ័ពឃើញ​តែ​បី​កង)។

សម្ដេចចៅហ៊្វា​កៅ​ដែល​ នាំ​ព្រះ​ស្រីជេដ្ឋា​ព្រះស្ដេច​កន​រត់​ទៅ​នោះ​លុះរត់ទៅ​ដល់​បន្ទាយ​ហើយ ក៏​រួបរួម​នឹង​សម្ដេចចៅពញា​ហែង ចៅពញា​ចក្រី និង​ចៅពញា​ស្នង​ធ្នឹម​ព្រះ​នគរជាលន់នឹង​ចៅពញា​វាំង ចៅពញា​ស្រាល ចៅពញា​លំពាំងតាំង​ឲ្យ​ត្រួតត្រា​រក្សា​ពុំ​ហ៊ាន​ធ្វេសប្រហែស​ទាំង​យប់​ទាំង​ថ្ងៃ។ មេទ័ព​ទាំង​បី​កង​ខាង​ព្រះ​បរមខត្តិយាមហា​ចន្ទរាជា លុះ​លើក​ទៅ​ដល់​បង្គាប់​ពល​ឲ្យ​ឡើង​ក្បាល​បន្ទាយ​ខាង​សត្រូវអត់​មាន​បង្អែបង្អង់​ឡើយ។ ពួក​ពល​ខ្មាំង​ក៏​ពួយ​នឹង​លំពែង បាញ់​នឹង​កាំភ្លើង ប្រមៀល​ដុំ​ថ្មទំលាក់​មក​ត្រូវ​អស់​រេហ៍ពល​មេទ័ព​ខាងលិចបណ្ដាល​ឲ្យ​ស្លុត​ស្លាប់​អស់​ជា​ច្រើន។ មេទ័ព​ខាងលិច​យល់​ថា ទ្រាំ​ពុំ​បាន​ហើយ​ក៏​វាយ​ស្គរ​បរពល​ថយ​មក​វិញ មេទ័ព​ខាងលិច​ព្យាយាម​បរពល​ឲ្យ​ចូល​ចោម​បន្ទាយ​ព្រះស្ដេច​កន​ឥត​មាន​ឈប់​ឈរ តែ​ឡើង​បន្ទាយ​នោះ​ពុំ​បានត្បិត​បន្ទាយ​នោះ​ធំ​ហើយ​ខ្ពស់​ណាស់។

សមរភូមិស្រឡប់ដូនតីពិជ័យព្រៃនគរ (១៥២៥)[កែប្រែ]

ព្រះរាជពង្សាវតារភាគបី របស់ព្រះរាជបណ្ណាល័យលេខ គ. ៥៣-៣ មានសេចក្ដីថា : ព្រះចន្ទរាជា ទ្រង់ចាត់សេនាបតីឱ្យលើកទ័ព ទៅចោមបន្ទាយស្រឡប់ពិជ័យនគរទៀត ចោមព័ទ្ធ ៣ ខែ តែវាយមិនបែក ដ្បិតបន្ទាយនោះ ធំខ្ពស់ ហើយនៅលើភ្នំផង។ ទើបទ្រង់តំរិះថា : បន្ទាយនេះ ធំខ្ពស់កាលណានឹងវាយបានងាយ មានតែធ្វើកលឧបាយទើបវាយបាន។ ទ្រង់ព្រះតំរិះដូច្នេះហើយ ស្ដេចឱ្យចាប់រាស្ត្រអ្នកស្រុកមកសួរថា : ឯងមានញាតិសន្តាននៅក្នុងបន្ទាយខ្លះឬទេ មនុស្សទាំងនោះទូលថា : មាន។ ទ្រង់ត្រាស់ថា : បើមានចូរឯងទៅប្រាប់ញាតិរាល់គ្នាចុះថា : ស្ដេចកន វានៅមានបុណ្យតែ ៣ ថ្ងៃទៀតទេ ដល់ថ្ងៃជាគំរប់ ៤ ស្ដេចនឹងចាប់យកមកកាត់ក្បាលដោយជាបម្រាមពិតប្រាកដ ឯងរាល់គ្នាទៅប្រាប់ញាតិសន្តាននៅក្នុងបន្ទាយស្ដេចកន ជាឆាប់។ រាស្ត្រទាំងនោះ នាំគ្នាទៅប្រាប់ញាតិសន្តានជាប្រញាប់។ អ្នកទាំងនោះ បានស្ដាប់ហើយ ភិតភ័យបារម្ភណាស់ ថាយើងនឹងនៅទ្រាំចាំច្បាំងពុំបាន ក៏នាំគ្នាបើកទ្វារបន្ទាយរត់ចេញមក។ កងទ័ពហ្លួង យល់បានការណ៍ហើយ ក៏នាំគ្នាវាយទំលាយចូលកាប់សម្លាប់អាក្បត់​ ស្លាប់ពាសពេញ រួចលើកគ្រាចូលទៅក្នុងវាំង ហើយបានកាប់សម្លាប់នាយទាហានខ្មាំងច្រើន។ ឯចៅហ្វាកៅ លុះឮកលាហលជាខ្លាំង ក៏ចាប់រាវលំពែងចេញមកដល់មាត់ទ្វារជាន់ក្នុងប្រទះនឹងឧកញ៉ាចក្រី ឧកញ៉ាចក្រីបានឃើញហើយ ក៏ស្ទុះទៅកាប់នឹងដាវដាច់ក ស្លាប់មួយរំពេច។ ឧកញ៉ាវាំងនាយទាហានវាយទំលាយទ្វារចូលទៅខាងក្នុងបាន ឃើញស្ដេចកនកំពុងអង្គុយ ជាមួយនឹងស្រីស្នំក៏ពួយនឹងលំពែង​ ត្រូវដើមដៃស្ដេចកនដួល ឧកញ៉ាវាំងស្ទុះទៅចាប់ចងសេក ប្រគល់ឱ្យទាហានរក្សាទុក ក្នុងវេលាយប់នោះ។ លុះព្រឹកឡើងមេទ័ព ត្រើយខាងលិច ប្រមូលរបស់ទ្រព្យគ្រប់គ្រឿងសស្ត្រាវុធ និង ស្រីដែលជាប្រពន្ធធំតូចចំនួន ៥០០ នាក់។ លុះយកបញ្ជីស្រេចហើយ មេទ័ពទាំងនោះ ក៏លើកទ័ពនាំស្ដេចកន និងស្រី៥០០នាក់ ព្រមទាំងរបស់ទ្រព្យទាំងនោះ យកមកក្រាបបង្គំទូលថ្វាយសម្ដេចព្រះបរមបពិត្រទ្រង់ជ្រាបថា ចាប់អាខ្មាំងបានហើយ ទ្រង់ព្រះអំណរពន់ប្រមាណណាស់ ស្ដេចឱ្យយកកូនប្រពន្ធស្ដេចកន និងស្ម័គ្របក្សពួក ដែលរួមគំនិតទាំងប៉ុន្មាន ប្រហារជីវិតទាំងអស់។ ឯស្ដេចកន ស្ដេចឱ្យបណ្ដើរអាក្រោស៣ថ្ងៃ រួចប្រហារជីវិតបង់ យកក្បាលវាទៅដោត នៅប្របផ្លូវទ្វារមុខបន្ទាយស្រឡប់ពិជ័យនគរ កុំឱ្យជនទាំងពួងយកបែបយ៉ាងតទៅ។" ក្រោយនោះទ្រង់ប្រកាសប្រាប់អស់បណ្ដារាស្ត្រ កុំឱ្យភ្ញាក់ផ្អើល ឱ្យទៅនៅរកស៊ីតាមភូមិលំនៅវិញ។ កាលសម្លាប់ស្ដេច កនបាននោះនៅក្នុងឆ្នាំរកាសប្តស័ក ព.ស. ២០៦៩, គ.ស. ១៥២៥។ សិរីរាជ្យសម្បត្តិស្ដេចកន បាន១៤ឆ្នាំ ព្រះជន្ម ៤២ឆ្នាំសុគត។

[១]

ឯកសារយោង[កែប្រែ]

យសស័ក្ដិខ្មែរ
មុនដោយ
មិនស្គាល់
ឧកញ៉ាវាំងនៃកម្ពុជាធិបតី
គ.ស.១៥១៦-ប្រ.១៥៦៧
តដោយ
មិនស្គាល់
មុនដោយ
មិនស្គាល់
ហ្លួងឧត្តមចិន្តានៃក្រុងមានជ័យ
គ.ស.១៥១៦
តដោយ
មិនស្គាល់
  1. វិគីសៀវភៅ