សង្កាត់បឹងត្របែក

ពីវិគីភីឌា
បឹងត្របែក
សង្កាត់
ប្រទេស កម្ពុជា
រាជធានីភ្នំពេញ
ខណ្ឌខណ្ឌចំការមន
ភូមិ?
ល្វែងម៉ោងម.ស.ស.+០៧

សង្កាត់បឹងត្របែកជាសង្កាត់មួយស្ថិតក្នុងខណ្ឌចំការមន

និរុត្តិសាស្ត្រ[កែប្រែ]

បើតាមរូបសព្ទយើងអាចដឹងបានថាទីតំបន់នោះមានឈ្មោះ បឹងមួយដែលឈ្មោះថាត្របែក បានសេចក្ដីបឹងដែលមានដើមត្របែក ដូច្នេះទីត្រង់ម្ដុំសង្កាត់នេះធ្លាប់មានឈ្មោះបឹងថា បឹងត្របែក ដូច្នេះសង្កាត់នេះក៏យកឈ្មោះតាមបឹងនេះទៅ។

ប្រវត្តិតាមបែបរឿងនិទាន[កែប្រែ]

ព្រះបាទ​ជ័យជេដ្ឋា (អង្គ​សូរ) ព.ស​២២១៩ គង់​នៅ​ឧដុង្គឮជ័យ បាន​សាង​វាំង​មួយ​ទៀត​នៅ​ទួលឪជ្រឹង ស្រុក​សំរោងទង​សព្វ​ថ្ងៃ។ ព្រះអង្គ​រើ​ព្រះរាជវាំង​ពី​ឧដុង្គឮជ័យ មក​គង់​នៅ​ព្រះរាជវាំង​ទួលឪជ្រឹង ទុក​ព្រះមាតា​សម្ដេច​ព្រះទាវ​ ឲ្យ​គង់​នៅ​ឯ​ព្រះរាជវាំង​ឧដុង្គឮជ័យ ។

ឯ​សម្ដេច​ព្រះបទុម ជា​មហា​ឧបរាជ​ទ្រង់​ជ្រាប​ព័ត៌មាន​ហើយ ក៏​មាន​ព្រះទ័យ​ត្រេកអរ​ពន់​ពេក ហើយ​ប្រឹក្សា​ជាមួយ​អុង​យួន​ថា​លើក​ទ័ព​ខ្មែរ​យួន​ទៅ​លុក​វាំង​ឧដុង្គឮជ័យ ហើយ​ចាប់​យក​សម្ដេច​ព្រះទាវ ជា​ព្រះវររាជ​មាតានៃ​ព្រះជ័យជេដ្ឋា និង​នាង​អាំ ជា​សាវឡឹក​ទៅ​នៅ​ឯ​បន្ទាយ​ជ្រោយចង្វា

ព្រះជ័យជេដ្ឋា​គង់​នៅ​ឯ​វាំង​ទួលឪជ្រឹង ទ្រង់​ជ្រាប​ការណ៍​នេះ​ហើយ ទ្រង់​ព្រះកន្សែង​សោក​អាឡោះ​អាល័យ​ពី​ការ​និរាស​ពី​ព្រះវរមាតា ទើប​ព្រះអង្គ​រើ​ព្រះដំណាក់​ពី​ព្រះ​រាជវាំង​ទួលឪជ្រឹង ទៅ​គង់​នៅ​ឧដុង្គឮជ័យ​វិញ។ ព្រះអង្គ​ទ្រង់​បាន​ប្រឹក្សា​ជាមួយ​សេនាបតី នាម៉ឺន​សព្វ​មុខ​មន្ត្រី​ឲ្យ​ប្រមូល​ទ័ព​ទៅ​ច្បាំង​ជាមួយ​ទ័ព​ខ្មែរ​យួន​ដែល ​នៅ​ជ្រោយចង្វា ដើម្បី​ដណ្ដើម​យក​ព្រះវរមាតា​មក​វិញ។ មន្ត្រី​ចាត់ការ​ប្រមូល​ទ័ព​បាន​គ្រប់​ចំនួន​ហើយ ព្រះអង្គ​ទ្រង់​ព្រះចិន្ដា​ថា ការ​លើក​ទ័ព​ទៅ​វាយ​យួន​ដែល​មាន​ព្រះ​វរមាតា​នៅ​ជាមួយ​ផង​នោះ​មិន​ស្រួល​ ទេ។ គិត​ដូច្នោះ ព្រះអង្គ​ទ្រង់​កែ​ព្រះរាជ​មធ្យោបាយ​វិញ។ ព្រះអង្គ​ទ្រង់​ប្រឹក្សា​ជាមួយ​ចៅ​ពញា​មន្ត្រី​សង្គ្រាមសួស ដើម្បី​ទៅ​យក​ព្រះរាជមាតា ។ ចៅពញា​មន្ត្រី​សង្គ្រាម​សួស​ថ្វាយ​ព្រះរាជ​យោបល់​ថា មាន​តែ​ប្អូន​ទូលបង្គំ​ឈ្មោះ​ពញា​ភក្ដី​សង្គ្រាម​ហុក ទេ​ដែល​មាន​ថ្វីដៃ​អាច​ទៅ​យក​បាន។

ចៅពញា​ភក្ដី​សង្គ្រាម​ហុក​ទទួល​ព្រះរាជ​បញ្ជា​ហើយ ក៏​សន្យា​នឹង​ព្រះជ័យជេដ្ឋា​ថា តែ​៧​ថ្ងៃ​នឹង​ធ្វើ​ការ​នេះ​ឲ្យ​បាន​សម្រេច ហើយ​សូម​ឲ្យ​ព្រះអង្គ​ឲ្យ​ទ័ព​នៅ​ចាំ​ទទួល​ផង។ ចៅពញា​ភក្ដី​សង្គ្រាម​ហុក​សុំ​យក​ទាសា​ជំនិត​តែ​ម្នាក់​ឈ្មោះ គោ និង​សុនខ​មួយ​ឈ្មោះ អាស្រគំ ទៅ​ជាមួយ។

ចៅពញា​ភក្ដី​សង្គ្រាម​ធ្វើ​ដំណើរ​ទៅ​ដល់​ភ្នំពេញ​ហើយ ​ទៅ​ស៊ើប​ការណ៍​រហូត​ដល់​បាន​ព័ត៌មាន​ថា ទ័ព​ខ្មែរ​យួន​ទុក​សម្ដេច​ព្រះទាវ​ក្នុង​ទូក​នៅ​ឯ​ជ្រោយចង្វា។

នៅ​វេលា​យប់​ស្ងាត់ មេឃ​ងងឹត​រក​កល់​ចង់​ភ្លៀង​ផង ចៅពញា​ភក្ដី​ហុក​យក​ទៀន​ធូប​ផ្កា​ខ្លះ លប​ចូល​ទៅ​ក្នុង​ព្រះវិហារ​ស្រកាលេញ (វត្ត​ពាមផ្លុង ម្ដុំ​ផ្សារ​ចាស់​បច្ចុប្បន្ន) ហើយ​តាំង​អធិដ្ឋាន​ថា «ខ្ញុំ ​ព្រះអង្គ​នេះ​មាន​ចិត្ត​កតញ្ញូ​នឹង​ព្រះបាទ​ជាម្ចាស់ ស៊ូ​លះបង់​ជីវិត​មិន​គិត​ស្លាប់ ទទួល​អាសា​មក​អញ្ជើញ​សម្ដេច​ព្រះទាវ​ព្រះវររាជ​មាតា​ពី​កណ្ដាប់​ដៃ​នៃ​ រាជសត្រូវ បើ​សម្ដេច​ព្រះជ័យជេដ្ឋា​ជា​ម្ចាស់​ខ្ញុំ ស្ដេច​នឹង​បាន​សោយរាជ​សម្បត្តិ​ក្នុង​ក្រុង​កម្ពុជាធិបតី​នេះ សូម​កុំ​ឲ្យ​ទ័ព​យួន​ឃើញ​ស្គាល់​ខ្ញុំ​អម្ចាស់​ឡើយ ដោយ​សេចក្ដី​កតញ្ញូ​របស់​ខ្ញុំ សូម​កុំ​ឲ្យ​មាន​អន្តរាយ​អ្វី សូម​ទេវតា​ជួយ​ទំនុក​បម្រុង​ឲ្យ​ខ្ញុំ​ទៅ​អញ្ជើញ​សម្ដេច​ព្រះទាវ​ជា​ ព្រះវររាជ​មាតា​ពី​ក្នុង​ចំណោម​រាជសត្រូវ​បាន​ដោយ​ងាយ»។

លុះ​ចប់​ការ​តាំង​អធិដ្ឋាន​ហើយ ចៅពញា​ភក្ដី​សង្គ្រាម​ហុក នាំ​នាយ​គោ​ចេញ​ពី​ព្រះវិហារ ហើយ​ផ្ដាំ​ឲ្យ​អាស្រគំ​ឲ្យ​នៅ​ចាំ​មុខ​ព្រះវិហារ​នេះ។ អ្នក​ផ្សង​សំណាង​ទាំង​ពីរ​នាក់​ផ្លាស់​សម្លៀក​បំពាក់​រួច​ស្រេច​ហើយ ទើប​យក​កាំបិត​ស្នៀត​សៀត​នឹង​ចង្កេះ​ដើរ​រក​ឫស្សី​តោង​ហែល​ឆ្លង​ទៅ​ ជ្រោយចង្វា។ ចៅពញា​ភក្ដី​ឆ្លង​ដល់​ត្រើយ​ហើយ​ពួន​តាម​មាត់​ទឹក​តម្រង់​ទៅ​រក​ទូក​ យួន។ លូន​បណ្ដើរ​សេកមន្ត​គាថា​សណ្ដំ​ទ័ព​យួន​បណ្ដើរ ចៅពញា​ភក្ដី​សង្គ្រាម​ហុក​បាន​ទៅ​ដល់​ទូក​ដែល​សម្ដេច​ព្រះទាវ​ទ្រង់​ ផ្ទំ។ លោក​បាន​ឃើញ​សម្ដេច​ព្រះទាវ​ហើយ ក៏​ចូល​ទៅ​ដាស់​ព្រះអង្គ ហើយ​ថ្វាយ​ចិញ្ចៀន​ព្រះទម្រង់​ដែល​ព្រះជ័យជេដ្ឋា​បាន​ផ្ញើ​ឲ្យ​យក​ទៅ​ថ្វាយ​ ព្រះមាតា។

សម្ដេច​ព្រះទាវ​ទត​ឃើញ​សេនា​ព្រះអង្គ​មាន​សេចក្ដី​ រំភើប​ជាទី​បំផុត។ ចៅពញា​ភក្ដី​សង្គ្រាម​ហុក​តឿន​ព្រះអង្គ​ឲ្យ​ចេញ​ពី​ទូក​យួន​ជា​ ប្រញាប់។ តែ​ព្រះអង្គ​មាន​ព្រះរាជ​សាវនីយ​ទៅ​កាន់​ចៅពញា​ភក្ដី​សង្គ្រាម​ថា «ឲ្យ​ទៅ​យក​នាង​អាំ​ទៅ​ជាមួយ​ផង ព្រោះ​ធ្លាប់​កំសត់​កម្រ​ជាមួយ​ព្រះអង្គ»។

ចៅពញា​ភក្ដី​សង្គ្រាម​ហុក នាំ​ព្រះទាវ និង​នាង​អាំ​ចេញ​ពី​ទូក​បាន​ហើយ​ដោយ​សារ​មន្ត​អាគម​គាថា​ដែល​សេក​បណ្ដំ​ទ័ព​ យួន មេឃ​ងងឹត​ឈឹង​រក​ទិស​ដៅ​មិន​ឃើញ ក៏​បញ្ជា​ឲ្យ​នាយ​គោ​ផ្ទៀង​ចាំ​ស្ដាប់​សំឡេង​អាស្រគំ​លូ។ ផ្ទៀង​ស្ដាប់​សំឡេង​ឆ្កែ​លូ​ជាក់​ច្បាស់​ហើយ ចៅពញា​ភក្ដី​សង្គ្រាម​ហុក​នាំ​គ្នា​ហែល​ឆ្លង​មក​ត្រើយ​ភ្នំពេញ​វិញ។ លុះ​ដល់​ត្រើយ​ហើយ សម្ដេច​ព្រះទាវ​យាង​ទៅ​សម្រាក​ព្រះកាយ​បន្តិច​ក្នុង​វត្ត​ស្រកាលេញ ហើយ​បន្ត​ព្រះរាជ​ដំណើរ​ទៅ​ទៀត។ ចៅពញា​ភក្ដី​សង្គ្រាម​ហុក​បញ្ជិះ​សម្ដេច​ព្រះ​ទាវ ហើយ​ឲ្យ​នាយ​គោ នាង​អាំ អាស្រគំ​ដើរ​ទៅ​មុខ​តម្រង់​ទៅ​ឧដុង្គឮជ័យ តែ​ពេល​នោះ​មេឃ​ងងឹត​ពេក ចៅពញា​ភក្ដី​សង្គ្រាម​ចេញ​ពី​វត្ត​ស្រកាលេញ​ទៅ​តាម​លំអាន​ផ្លូវ ទៅ​ដល់​បឹងត្របែក​សព្វ​ថ្ងៃ​នេះ មាន​ផ្លូវ​បែក​គ្នា នាយ​គោ​ងាក​មក​សួរ​ចៅហ្វាយ​នាយ​ថា តើ​ត្រូវ​ដើរ​ទៅ​តាម​ផ្លូវ​ណា។ ចៅពញា​ភក្ដី​សង្គ្រាម​ហុក​ក៏​បញ្ជា​ឲ្យ​នាយ​គោ​បែរ​ទៅ​ខាង​ស្ដាំ កន្លែង​ដែល​មាន​ផ្លូវ​បែក​នេះ មាន​សភាព​ទំនាប​ជា​បឹង​ទើប​ហៅ​ថា «បឹង​ត្រង់​បែក»។ ពាក្យ​ថា «បឹង​ត្រង់​បែក» នេះ អ្នក​ស្រុក​និយាយ​រហ័ស​ក៏​ឮ​តែ «បឹងត្របែកៗ» ទៅ​វិញ ។ សម្ដី​នេះ​ក៏​ចេះ​តែ​ក្លាយ​ទៅៗ រហូត​ដល់​ទៅ​បាត់​ន័យ​ដើម​របស់​ពាក្យ​ទៅ​វិញ។

លុះ​ភ្លឺ​ឡើង ទៅ​ដល់​ស្ទឹង​ព្រែកត្នោត ចៅពញា​ភក្ដី​សង្គ្រាម​ដឹង​ថា​វង្វេង​ផ្លូវ ទើប​នាំ​គ្នា​បែរ​ទៅ​រក​ទិស​ទៅ​កាន់​ឧដុង្គឮជ័យ​វិញ។ បច្ចុប្បន្នក៏មានសាលាមួយឈ្មោះថាសាលាបឋមសិក្សាចៅពញាហុកដែរ ដែលសាលានេះស្ថិតនៅក្បែរផ្សារបឹងកេងកងសព្វថ្ងៃនេះ៕

ប្រវត្តិសាស្ត្រ[កែប្រែ]

កាលពីជំនាន់ប៉ុលពត សាលាបឹងត្របែកដែលស្ថិតក្នុងសង្កាត់នេះសព្វថ្ងៃធ្លាប់ជាគុកដែលពួកខ្មែរក្រហមធ្វើទារុណកម្ម និងសួរចម្លើយអ្នកទោស។

រដ្ឋបាល[កែប្រែ]

ស្ថាប័នរដ្ឋ[កែប្រែ]

ក្រសួងរៀបចំដែនដីនិងនគរូបនីយកម្ម

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន ​និងយុវនីតិសម្បទា

ស្ថានទូត[កែប្រែ]

អប់រំ[កែប្រែ]

សុខាភិបាល[កែប្រែ]

ផ្សារ[កែប្រែ]