សារមន្ទីរវាលពិឃាតជើងឯក

ពីវិគីភីឌា

ព័ត៌មានទូទៅ[កែប្រែ]

ទីតាំងប្រវត្តិសាស្ត្រទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ សារមន្ទីរវាលពិឃាត ជើងឯក( មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក) មានទីតាំងស្ថិតនៅចម្ងាយប្រមាណ១៥គីឡូម៉ែត្រ នាប៉ែកនិរតីនៃរាជធានីភ្នំពេញ ស្ថិតនៅក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាទីតាំងប្រវត្តិសាស្ត្រមួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចង់ទៅទស្សនាផ្ទាល់នូវកន្លែងពិឃាដមនុស្សយ៉ាងព្រៃផ្សៃ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត...។ តាមឯកសារបានឲ្យដឹងថា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម តំបន់វាលពិឃាតនេះ ជាកន្លែងទទួលសម្លាប់មនុស្ស ដែលត្រូវបញ្ជូនមកពីទួលស្លែង ឬមន្ទីរ ស២១ ហើយក៏ជាកន្លែងសម្រេចផែនការសម្លាប់មនុស្ស ដែលពួកខ្មែរក្រហមចោទថា ខ្មាំងប្រឆាំងនឹងអង្គការ។ តាមប្រភពពីប្រជាពលរដ្ឋនៅតំបន់ជើងឯក ដែលមានសំណាងបានគេចផុតពីការស្លាប់ក្នុងរបបខ្មែរក្រហម ហើយបានវិលមកស្រុកកំណើតវិញ បានឲ្យដឹងថា តំបន់ដីទួលក្នុងភូមិរលួស ឈ្មោះបឹងជើងឯកដែលជាអតីតកន្លែងបញ្ចុះសពជនជាតិចិន និងមួយភាគជាចម្ការមៀនរបស់ភូមិ ទំហំប្រមាណជាង២ហិកតារនោះ ត្រូវពួកខ្មែរក្រហមហ៊ុមព័ទ្ធដោយរបងស័ង្កសី និងបន្លាលួសកម្ពស់ផុតក្បាល ជាកន្លែងសម្រាប់ពិឃាតមនុស្ស ដែលជាអ្នកទោសយកមកពីគុកទួលស្លែង ដែលគ្រប់គ្រងដោយមេគុកទួលស្លែង លោក កាំងហ្គេកអ៊ាវ ហៅឌុច ដោយមិនឲ្យអ្នកណាម្នាក់ទៅជិតឡើយ។ ទីពិឃាតមនុស្សនេះ ស្ថិតនៅជាអាថ៌កំបាំងពីឆ្នាំ១៩៧៥ ដល់១៩៧៩ ប៉ុន្តែជាញឹកញាប់តែងតែឮបទចម្រៀងបដិវត្តន៍ចាក់តាមមីក្រូ ចេញពីកន្លែងពិឃាតមនុស្សនេះ ដើម្បីបន្លប់កុំឱ្យឮសំឡេងស្រែកថ្ងូរឈឺចាប់របស់អ្នកទោស ដែលគេធ្វើទារុណកម្ម និងវាយសម្លាប់ក្នុងបរិវេណនោះ។ thumb ក្រោយថ្ងៃរំដោះ ៧មករា ទើបដឹងថា នៅក្នុងបរិវេណខាងលើនេះជាកន្លែងពិឃាតមនុស្ស ហើយនៅពេលកាយសាកសពចេញពីរណ្តៅ ឃើញមានដំបង គល់ឫស្សី បំពង់ទីប ត្បូងចប ស្នាមឈាមប្រឡាក់ត្បូងចប ដំបង ហើយរណ្តៅកប់សាកសពខ្លះស្រុត ខ្លះពុលឡើង រណ្តៅខ្លះមិនទាន់កប់សព។ សាកសពខ្លះត្រូវរុំមុខ ចងស្លាបសេកដៃ ស្អុយពាសពេញរណ្តៅ ហើយនៅក្នុងបរិវេណនេះ មានគុកមួយផងដែរ។ ជនរងគ្រោះស្លាប់នៅទីនេះ គឺភាគច្រើនជាអ្នកចេះដឹង ហើយការធ្វើឃាតនេះ ច្រើនឆក់ខ្សែភ្លើង ថ្នាំពុល វាយនឹងត្បូងចប គល់ឫស្សី។ល។តាមឯកសារ បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវបានយកមកសម្លាប់នៅជើងឯក មានចំនួនប្រមាណជិត២ម៉ឺននាក់។ ឯកសាររបស់មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក បានពិពណ៌នាថា ការសម្លាប់រង្គាលមនុស្សនៅក្នុងរបបខ្មែរក្រហមនេះ គឺជាឋាននរកប្រចាំសតវត្សរ៍ទី២០។ ឯកសារដដែលបង្ហាញថា ពីឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៨ មានកសិករ មន្ត្រី ទាហាន បញ្ញាវន្ត អង្គទូត ជនបរទេស កុមារ និងស្ត្រីប្រមាណជិតពីរម៉ឺននាក់ ត្រូវបានខ្មែរក្រហមសម្លាប់នៅក្នុងតំបន់ជើងឯកនេះ។ តំបន់ជើងឯកនេះត្រូវបានរកឃើញរណ្តៅសាកសពរួម មានប្រមាណ១២៩រណ្តៅ ដែលត្រូវជីកកាយតាមមាត់ស្រះ ស្ថិតប្របនឹងមារ់បឹងជើងឯកនៅឆ្នាំ១៩៨០។ ប៉ុន្តែកាលនោះ គាស់កកាយបានត្រឹមតែ៨៦រណ្តៅប៉ុណ្ណោះ ដែលមានសាកសពចំនួនប្រមាណ៨៩៨៥នាក់។ ក្នុងនោះដែរ ឃើញមានរណ្តៅកប់សាកសពរួមធំមួយ ដែលមានចំនួន៤៥០នាក់។ ក្រៅពីនោះ មានរណ្តៅសាកសពសម្រាប់ស្ត្រី និងកុមារចំនួន១០០នាក់ ស្ថិតនៅជាប់នឹង ដើមអម្ពិលបារាំង ឬដើមចន្ទគិរី ប៉ែកខាងក្រោយមណ្ឌលពិឃាតមនុស្ស បឹងជើងឯក ដែលសាកសពក្មេងៗទាំងនោះ ត្រូវពេជ្ឈឃាតសម្លាប់ដោយបោកនឹងគល់ឈើ។ រណ្តៅសាកសពមួយទៀតមានចំនួន ១៦៦នាក់ ដែលសាកសពទាំងនោះសុទ្ធតែ ពុំមានក្បាល។នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ នៅពេលអ្នកភូមិវិលមកវិញ បានទៅមើលកន្លែង ពិឃាតមនុស្សនោះ ឃើញមានទិដ្ឋភាពស្ងាត់ជ្រងំ មានក្លិនអសោច ឆ្អាបដោយក្លិនឈាម។ នៅទីនោះ ឃើញមានគុកងងឹតមួយ សង់ពីឈើប្រក់ស័ង្កសី មាន២ជាន់ សម្រាប់ឃុំអ្នកទោស ដែលយកមកពីគុកទួលស្លែង មុនពេល ពេជ្ឈឃាតសម្លាប់។ ក្រៅពីនោះ មានរោងដាក់សារធាតុពុល សម្រាប់បញ្ចប់ជីវិតចុងក្រោយរបស់អ្នកទោស និងសម្រាប់ស្រោចទៅលើសាកសព កុំឲ្យសាយក្លិនស្អុយចេញទៅក្រៅ។ ឆ្នាំ១៩៨៩ ជើងឯក បានប្រែក្លាយជាមជ្ឈមណ្ឌលជាតិ សម្រាប់ថែរក្សាទុកភ័ស្តុតាង នៃអំពើកាប់សម្លាប់មនុស្សយ៉ាងព្រៃផ្សៃ និងអមនុស្សធម៌របស់ខ្មែរក្រហម និងជាសារមន្ទីរប្រវត្តិសាស្ត្រសម្រាប់មនុស្សជាតិ។ លលាដ៍ក្បាលប្រមាណ ៥ពាន់ ដែលត្រូវបានតម្កល់នៅស្តូបកម្ពស់ប្រហែល ៣០ម៉ែត្រ ទទឹងប្រហែល ២០ម៉ែត្រ ត្រូវបានចាក់កំដរដោយបទភ្លេងខ្មែរយ៉ាងស្រងេះស្រងោចជាប្រចាំ។ អ្នកទេសចរជាតិ និងអន្តរជាតិ ដែលបានទៅដល់ទីនោះ តែងមានការនឹកសង្វេគ អាណិត ដល់ជនរងគ្រោះ ដែលត្រូវបានពួកខ្មែរក្រហមធ្វើទារុណកម្ម និងសម្លាប់ យ៉ាងឃោឃៅ។គួរបញ្ជាក់ដែរថា នៅក្នុងបរិវេណសារមន្ទីរវាលពិឃាតជើងឯកនោះ ក៏មានសាលពិព័រណ៍មួយ ដាក់តាំងរូបថតមេគុកទួលស្លែង កាំង ហ្គេចអៀវ សម្លៀកបំពាក់ពួកខ្មែរក្រហម ឧបករណ៍ធ្វើទារុណកម្ម និងសម្លាប់មនុស្ស និងសាលភាពយន្ត សម្រាប់ចាក់ភាពយន្តឯកសារ ស្តីអំពីរបបវាលពិឃាត កម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម។ល។ ជូនភ្ញៀវទេសចរទស្សនាផងដែរ[១]

ឯកសារយោង[កែប្រែ]

  1. ដកស្រង់ពី ទស្សនាវដ្តី«អង្គរធំ» លេខ៦៦៧ ថ្ងៃទី០១-១៤ តុលា ២០១៨។